លោកជំទាវ ប៊ូ ជៀនហ្គោ អគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៃព្រះរាជាណាចក្រកម្ពុជា,
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកយាយ លោកតា លោកអ៊ំ មា មីង បងប្អូនជនរួមជាតិទាំងអស់ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះជាទីមេត្រី
ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកចាក់បេតុងភ្ជាប់តំណស្ពានមិត្តភាពកម្ពុជា-ចិន នៅកោះធំ ដែលមានប្រវែង ៤១៥ ម៉ែត្រ ឆ្លងកាត់ទន្លេបាសាក់ នៅភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ត្រើយខាងលិច។ អម្បាញ់មិញនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏ដូចជាលោកជំទាវអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន បានធ្វើរបាយការណ៍ជូនរួចហើយ និងផ្តល់សារសំខាន់អំពីបញ្ហាទាក់ទងនឹងស្ពាននេះ។ ខ្ញុំនៅចាំបានថា ពិធីបើកការដ្ឋានគឺបានធ្វើតាំងពីថ្ងៃ ២៥ ខែ មីនា ឆ្នាំ ២០០៨ ហើយការសាងសង់ក៏បានចាប់ផ្តើមមួយរយៈកាលមកនេះ។ សង្ឃឹមថា ឆ្នាំនេះ ស្ពាននេះនឹងត្រូវបានតភ្ជាប់ដើម្បីបង្កើតនូវស្ថានភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋរបស់យើង។
ស្ពាន ថ្នល់ កាត់បន្ថយការលំបាក ភាពក្រីក្រប្រជាពលរដ្ឋ
ខ្ញុំសូមអភ័យទោសទុកជាមុន ចំពោះអ្នករត់ទូកដទាំងឡាយ សូមមេត្តាអភ័យទោស ដោយសារតែកន្លងទៅនេះ ជីវិតអ្នករត់ទូកដ តាមព្រែក ឬតាមទន្លេ បានបាត់បង់ជាបណ្តើរៗ ហើយការបាត់បង់នេះនឹងមានជាបន្តទៀត នៅពេលដែលស្ពានទាំងឡាយត្រូវបានធ្វើឆ្លងកាត់ព្រែក ឬទន្លេរបស់យើងនេះ។ មិត្តចិនបានចូលរួមកសាងស្ពានចំនួន ៧ រួចមកហើយ ហើយក្នុងនោះមាន ៦ ដែលបានដាក់ឲ្យប្រើប្រាស់រួចហើយ។ អម្បាញ់មិញ លោកជំទាវបានលើកឡើងថា កម្ពុជាត្រូវការស្ពាន ២ បន្ថែមទៀត តែនេះគ្រាន់តែជាគម្រោងសម្រាប់ឆ្នាំ ២០១៦-១៨ តែប៉ុណ្ណោះទេ។ ប៉ុន្តែ យើងត្រូវការស្ពានច្រើនជាងនេះ គ្រាន់តែទន្លេបាសាក់នេះ ក្រៅពីស្ពានកោះធំនៅថ្ងៃនេះ យើងនៅមានគម្រោងសាងសង់ស្ពាននៅស្អាងមួយទៀត។ នេះជាភាពអំណោយផលសម្រាប់ប្រជាពលរដ្ឋ របស់យើង ដែលមុននេះបានឆ្លងកាត់នូវការលំបាក គឺត្រូវរង់ចាំទូកដ ហើយប្រសិនជាមានការបន្ទាន់ណាមួយ ក៏មិនអាចធ្វើទៅបានដែរ បើសិនជាទូកដមិនអាចចម្លង ជាពិសេស គឺក្នុងពេលយប់តែម្តង ស្ត្រីឆ្លងទន្លេ អ្នក មានជម្ងឺធ្ងន់ ក៏មិនអាចឆ្លងកាត់បានដែរ។
ក្នុងនោះ ខ្ញុំក៏សូមនិយាយបន្តិចទៅចុះ មុននេះ ខ្ញុំបាននិយាយថា អភិវឌ្ឍន៍ខាងលិច មិនភ្លេចខាងកើត ព្រែកថ្មីល្អឆើត អើតមើលព្រែកធន់។ តែបញ្ហាដែលសំខាន់គឺមានរឿងមួយ អាហ្នឹងរឿងក្រមុំ កម្លោះ គឺនៅពេលដែលគេចង់ជួបគ្នា ខាងស្រីគេថាចាំព្រឹក ខាងប្រុសគេថាចង់ជួបឲ្យបានឆាប់ ខាងស្រីថាឆាប់យ៉ាងម៉េច បើអត់ទូកដឆ្លង។ ប៉ុន្តែ តទៅចាប់ពីស្ពាននេះបានតភ្ជាប់ គេជួបគ្នាម៉ោងណាក៏បានដែរ។ អាហ្នឹងជារឿងពិតនៃជីវិតរបស់ក្រ មុំកម្លោះ. ចាំដល់ថ្ងៃស្អែក វាពិបាកណាស់ អើតមើលត្រឹមដំបូលផ្ទះ អាហ្នឹងគឺវាមិនអស់ចិត្ត គេចង់ជួបគ្នា តែថា ចាំទូកដឆ្លងសិន។ ជួនកាល ទ្រាំវាមិនបាន ក៏ចែវទូកកាត់ទន្លេទាំងយប់ហ្នឹងទៅ។ ពេលមុនឆ្លងទូកដ យើងចំ ណាយប្រាក់ទាំងទៅទាំងមក ហើយក៏ធ្វើដំណើរដោយប្រថុយប្រថានផងដែរ តែចាប់ពីពេលយើងមានស្ពាននៅ គ្រប់ទីកន្លែង គឺដូចៗគ្នា យើងចង់ឆ្លងប៉ុន្មានដង ចង់ឆ្លងម៉ោងប៉ុន្មានក៏ស្រេចតែចិត្តរបស់យើងដែរ។ នៅប្រទេស កម្ពុជា គ្មានការប្រកាសគ្រាមានអាសន្ន ហើយត្រូវមានបំរាមគោចរក្នុងការធ្វើដំណើរក្នុងពេលយប់ទេ ដោយ សារប្រទេសរបស់យើងមានសុខសន្តិភាពរួចទៅហើយ។
ខ្ញុំពិតជាមានមោទនភាពដោយថ្ងៃនេះ យើងមកតភ្ជាប់នូវស្ពានមិត្តភាពកម្ពុជា-ចិន នៅកោះធំ ដែលមានប្រវែងជាង ៤១៥ ម៉ែត្រ។ កាលពីអាទិត្យមុននេះ យើងក៏បានដាក់សម្ពោធឲ្យប្រើប្រាស់នូវផ្លូវចំនួន ១៤០ គីឡូម៉ែត្រ នៅក្នុងខេត្តកំពង់ស្ពឺ ដែលហៅថាផ្លូវលេខ ៤៤។ សង្ឃឹមថា សមិទ្ធផលដែលយើងទទួលនៅថ្ងៃនេះ នឹងរួមចំណែកកាត់បន្ថយការលំបាក នូវភាពក្រីក្ររបស់ប្រជាជន និងបង្កើនការងាយស្រួលសម្រាប់ប្រជាពលរដ្ឋរបស់យើង។ ពីមុននេះ យើងធ្លាប់ឆ្លងកាត់ដោយលំបាក និងបង់ប្រាក់កាស ទៅលើអ្នកចម្លងទូកដ និងចំណាយពេលវេលាដ៏ច្រើន ប៉ុន្តែ សង្ឃឹមថាស្ពាននេះបានធ្វើរួចរាល់ នឹងផ្តល់ឱកាសសម្រាប់ប្រជាពលរដ្ឋរបស់យើងបានឆ្លងកាត់ទៅមករកគ្នា ហើយក៏សម្រួលទៅការដឹកជញ្ជូនឆ្លងកាត់តភ្ជាប់រវាងត្រើយខាងលិច និងត្រើយខាងកើតផងដែរ។
ផ្លូវលេខ ២១ ភ្នំពេញ តាខ្មៅ កោះធំ វៀតណាម/ស្ពានឆ្លងទៅវៀតណាម សម្រាប់ពាណិជ្ជកម្ម និងតភ្ជាប់អគ្គិសនី
ការដ្ឋានសាងសង់ផ្លូវជាតិ ២១ កំពុងតែត្រូវបានធ្វើ។ សុំប្រជាពលរដ្ឋរបស់យើងនៅតាមដងផ្លូវ អធ្យាស្រ័យយោគយល់ ព្រោះយើងត្រូវការពង្រីកផ្លូវឲ្យបានធំជាងនេះ។ ផ្លូវពីមុនវាមានហើយ ក៏ប៉ុន្តែ វាតូចណាស់ វាមិនសក្តិសមជាមួយនឹងសមត្ថភាពនៃការដែលយើងកំពុងតែអភិវឌ្ឍប្រទេសនោះទេ។ ដូច្នេះ យើងតភ្ជាប់ ពីទីក្រុងភ្នំពេញ ពីតាខ្មៅ ហើយមកកាន់កោះធំរបស់យើងនេះ នឹងមានស្ពានតភ្ជាប់ជាមួយនឹងប្រទេសវៀតណាមតែម្តង។ ដូច្នេះ របៀងដឹកជញ្ជូនតភ្ជាប់ពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម ដែលមិនមែនគ្រាន់តែជាបញ្ហាឆ្លងទូកដ និងឆ្លងសាឡាង ដូចពីពេលមុនទេ ក៏ប៉ុន្តែ ការឆ្លងកាត់សម្រាប់ទៅមករកគ្នា ក្នុងពាណិជ្ជកម្មរវាងប្រជាពលរដ្ឋ ក៏មានការងាយស្រួល ជាមួយនឹងការទាញភ្លើងមកប្រើប្រាស់សម្រាប់តំបន់តភ្ជាប់ ទាំងបណ្តាញអគ្គិសនី និងទាំងការដឹកជញ្ជូនផងដែរ។
យើងរួមគ្នាកសាងឡើងនេះ គឺសម្រាប់យើងទាំងអស់គ្នា មិនមែនសម្រាប់នរណាម្នាក់នោះទេ។ ប៉ុន្តែ អ្នកដែលទទួលផលមុនគេ គឺប្រជាពលរដ្ឋដែលរស់នៅសងខាងទន្លេនេះ ដែលនឹងទទួលផល ហើយមិនមែនគ្រាន់តែប៉ុណ្ណឹងទេ គឺវារីកធំជាងនេះទៅទៀត ទៅតាមរយៈនៃការបង្កើនចំណូល កាត់បន្ថយចំណាយ ដែលមុននេះ ត្រូវបង់ថ្លៃទូកដ និងចំណាយពេលវេលាយ៉ាងច្រើនសម្រាប់រង់ចាំទូកដ។ សង្ឃឹមថា បើសិនជាបញ្ចប់នៅក្នុងឆ្នាំនេះ វានឹងបង្កើតឱកាសងាយស្រួលសម្រាប់ប្រជាពលរដ្ឋ របស់យើងឆ្លងកាត់ទៅមករកគ្នា សង្ឃឹមថា ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់របស់ចិន និងក្រុមហ៊ុនត្រួតពិនិត្យគុណភាពជម្រុញការសាងសង់ ហើយប្រសិនបើរួច អាចដាក់ឲ្យប្រើប្រាស់ ក្នុងដំណាក់កាលនៃរដូវបុណ្យអុំទូកនៅពេលខាងមុខ ហើយជាពិសេសនៅបុណ្យកឋិន ហ្នឹងស្រួលតែម្តង។ ពីដើមយើងឆ្លងកាត់កឋិនពីត្រើយខាងនេះ ទៅត្រើយខាងនោះ ត្រូវឆ្លងទូក ឥឡូវមិនត្រូវឆ្លងទូកទៀតទេ ត្រូវធ្វើដោយការដង្ហែរឆ្លងកាត់។ ប៉ុន្តែយ៉ាងណាក៏ដោយ យើងគោរពលក្ខខណ្ឌបច្ចេកទេស …។
គណៈកម្មការអន្តរជាតិទន្លេមេគង្គទៅរួមគ្នានៅឡាវ, រក្សាមជ្ឈមណ្ឌលកាត់បន្ថយជំនន់
ថ្ងៃនេះខ្ញុំព្រះករុណាខ្ញុំក៏សូមនិយាយបន្តិច ម្សិលមិញនៅម៉ោងនេះ មិនទាន់ចេញពីសណ្ឋាគារនៅទីក្រុងវៀង ច័ន្ទន៍ទេ ប៉ុន្តែថ្ងៃនេះមានមុខនៅកោះធំឯណេះទៅវិញ ព្រោះថា ខ្ញុំព្រះករុណាខ្ញុំ មានបេសកកម្មមួយទៅប្រទេស ឡាវ ដែលមានការពិភាក្សាទ្វេរភាគីជាមួយនឹងមិត្តឡាវផង ហើយក៏សូមយកឱកាសនេះ ជម្រាបជូនប្រជាពល រដ្ឋយើងថា លេខាធិការដ្ឋានគណៈកម្មការជាតិ គណៈកម្មការអន្តរជាតិទន្លេមេគង្គ ដែលស្ថិតក្នុងសម័យ ប្រទេសថៃ ប៉ុន្តែក្រោយមកស្ថិតនៅក្នុងប្រទេសឡាវម្តងទៅ ហើយមកនៅកម្ពុជាម្តងទៅ។ ដល់បន្ទាប់ទៅ គឺ យើងបានចែកជាពីរផ្នែក គឺមួយផ្នែកនៅឯប្រទេសឡាវ និងមួយផ្នែកនៅឯប្រទេសកម្ពុជា។ … ខ្ញុំនិយាយលេងជា មួយនឹងប្រធានាធិបតីឡាវ ក៏ដូចជានាយករដ្ឋមន្ត្រីឡាវថា ពីរនាក់បងប្អូនរបស់យើងដណ្តើមសំបកក្តាម។ បាន សេចក្តីថា លេខាធិការដ្ឋានគណៈកម្មការជាតិ គណៈកម្មការអន្តរជាតិទន្លេមេគង្គ មាន ៤ ផ្នែក ពីរ ផ្នែកនៅវៀងច័ន្ទន៍ ពីរផ្នែកនៅភ្នំពេញ។ អញ្ចឹងទេ យើងក៏បានសូមប្រគល់អាហ្នឹងទៅឲ្យឡាវគ្រប់គ្រងចុះ ក៏ប៉ុន្តែយើងទុកនូវមជ្ឈមណ្ឌលកាត់បន្ថយជំនន់ ដែលទាក់ទងនឹងការព្យាករណ៍ទឹកជំនន់នៅតាមដងទន្លេបាសាក់ របស់យើងនេះ។ នេះជាការព្រមព្រៀងមួយ ដែលឯកឧត្តម លឹម គានហោ ក្នុងឋានៈរដ្ឋមន្ត្រីក្រសួងធនធានទឹក និងប្រធានគណៈកម្មការទន្លេមេគង្គអន្តរជាតិ និងបន្តការពិភាក្សាលើបញ្ហានេះ ដើម្បីនាំយកលេខាធិការដ្ឋាននេះឲ្យនៅជុំគ្នា។ ឥឡូវថា ស្រុះស្រួលគ្នាដាក់ទៅវៀងច័ន្ទទៅ ឯកម្ពុជាគឺនឹងទទួលបាននូវការគាំទ្រទាំងឡាយនៅក្នុងក្របខណ្ឌមិត្តភក្តិអាស៊ានរបស់យើង ស្តីអំពីមជ្ឈមណ្ឌលមីនរបស់អាស៊ាននៅទីក្រុងភ្នំពេញវិញ។
នេះគឺជាការជួយគ្នាទៅវិញទៅមក។ ក្នុងនោះខ្ញុំក៏បានចូលរួមនៅក្នុងវេទិការភាពជាអ្នកដឹកនាំរបស់អាស៊ី និងបានទទួលនូវពានរង្វាន់សមិទ្ធផលអាស៊ានមួយជីវិត ហើយដែលនេះមិនមែន ជារបស់ ហ៊ុន សែន ដាច់ដោយឡែកទេ ក៏ប៉ុន្តែជារបស់រួមរបស់ប្រជាជនកម្ពុជារបស់យើង ដែលបាន គាំទ្រខ្ញុំឲ្យដឹកនាំប្រទេសកម្ពុជាចូលទៅក្នុងក្របខណ្ឌអាស៊ាន។ បើយើងមិនមែនជាសមាជិកអាស៊ាន គេក៏មិនផ្តល់ឲ្យយើងដែរ។ ដូច្នេះប្រជាពលរដ្ឋដែលបានគាំទ្រគណបក្សប្រជាជន គាំទ្រឲ្យខ្ញុំដឹកនាំ ហើយនាំប្រទេសកម្ពុជាចូលទៅក្នុងអាស៊ាន និងគាំទ្រឲ្យប្រទេសកម្ពុជាធ្វើកិច្ចការនៅក្នុងក្របខណ្ឌអាស៊ាន គឺពិតជា បានបង្កើតនូវសមិទ្ធផលជាច្រើន ទាំងយើង ទាំងក្របខណ្ឌអាស៊ាន ដែលនោះសូមឧទ្ទិសពានរង្វាន់នេះ ជូនប្រជាពលរដ្ឋកម្ពុជានៅក្នុងក្របខណ្ឌទូទាំងប្រទេស ។
សូមជួយថែទាំស្ពាន
ស្ថានភាពថ្ងៃនេះរបស់ខ្ញុំ គឺខ្ញុំគិតថា មិននិយាយច្រើនទេ ដោយសារតែនិយាយច្រើនហើយ ហើយត្រូវមានឱ កាសមកនិយាយនៅកន្លែងនេះទៀត នៅពេលដែលសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពាននេះ ប៉ុន្តែពេលបើក ឯក ឧត្តម ផាន គ័ងស៊ា ប៉ុន្តែពេលតភ្ជាប់គឺលោកជំទាវអគ្គរដ្ឋទូត ដល់ពេលសម្ពោធដាក់ឲ្យប្រើប្រាស់ នឹងមានទូតថ្មីមកទៀត។ អញ្ចឹងស្ពាននេះ ឆ្លងកាត់ដំណាក់កាល ៣ អគ្គរដ្ឋទូត។ … ស្ពាននេះគឺជាស្ពានឆ្លងទន្លេ មិនអាចនឹងធ្វើខ្ជីខ្ជាបានទេ។ ស្ពាននេះ មិនមែនប្រើក្នុងមួយឆ្នាំ ឬពីរឆ្នាំ ឬដប់ឆ្នាំនោះទេ ត្រូវឆ្លងច្រើនជំនាន់មនុស្សថែមទៀត។ មិនមែនគ្រាន់តែប៉ុណ្ណឹងទេ គ្រាន់តែស្រុកកោះធំមួយ នៅខ្វះស្ពាន នៅខ្វះផ្លូវច្រើនណាស់ ហើយខ្ញុំផ្តល់ឲ្យឯកឧត្តម ស៊ុន ចាន់ថុល ដែលជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមកស្រុកកោះធំ ហើយក៏ជាប្រធានក្រុមការងារនៃគណបក្សប្រជាជនកម្ពុជានៅស្រុកកោះធំនេះ នឹងធ្វើការដោះស្រាយជាបន្ត បន្ទាប់ទៅលើសំណូមពរទាំងឡាយទាក់ទងជាមួយនឹងស្ពានបាឡេ ជំនួសដោយស្ពានឈើនៅតំបន់មួយចំនួន តាមសំណើររបស់មូលដ្ឋាន … ដូចជានៅក្នុងក្របខណ្ឌទូទាំងប្រទេស …។ ប្រទេសកំពុងអភិវឌ្ឍគឺអីចឹង។ បើប្រទេសគេអភិវឌ្ឍហើយនោះ ក៏គង់នៅត្រូវការបន្តដែរ បើហោចណាស់បន្តស្ពាន ឬផ្លូវ ដែលបានធ្វើហើយ ក៏ត្រូវធ្វើការជួសជុល។ … យើងត្រូវធ្វើការថែទាំនូវស្ពានទាំងឡាយ មិនថាស្ពានតូច ឬស្ពានធំ ស្ពានឆ្លងដៃព្រែក ស្ពានឆ្លងទន្លេនោះទេ ត្រូវធ្វើការថែទាំ។
សូមអ្នកផ្សាយថា ហ៊ុន សែន ឈឺ គិតពីសុខភាពក្រុមគ្រួសារ និងខ្លួនវិញ
ថ្ងៃនេះមកទីនេះ ថ្ងៃស្អែកនឹងធ្វើដំណើរទៅតាមខេត្តដទៃទៀត។ អ្នកមួយចំនួនបានត្អូញត្អែរថាឈឺខ្លួនហើយ បន្ទាប់ពីធ្វើដំណើរបានជាង ២០០០ គីឡូម៉ែត្រ។ ក៏ប៉ុន្តែពីពេលនេះទៅ គឺទៅបន្ត។ មានរឿងមួយយប់មិញ និយាយបន្តិចទៅចុះ។ មានវីដេអូមួយនិយាយថា លោក ហ៊ុន សែន កំពុងដាច់សរសៃឈាម កំពុងយកទៅសង្គ្រោះនៅសាំងហ្គាពួរ។ រឿងប៉ុន្មានឆ្នាំមុន រឿងពីរឆ្នាំមុន។ អញ្ចឹងវីដេអូនោះ គេថា លោក ហ៊ុន សែន អង្គុយនៅវិមានឯករាជ្យ ដាច់សរសៃឈាម ហើយយកទៅពេទ្យកាលម៉ែត កាលម៉ែតសង្គ្រោះមិនបាន គឺបញ្ជូនទៅប្រទេសសាំងហ្គាពួរ ហើយឥឡូវមិនដឹងថាស្ថានភាពយ៉ាងណា និងមានការរាយការណ៍ជាបន្តបន្ទាប់ ហើយអ្នករាយការណ៍ពិសេសទៀត។ ឯកឧត្តម ផៃ ស៊ីផាន បានថា ពេលនេះម៉ោងនេះ នាយករដ្ឋមន្ត្រីកម្ពុជាកំពុងតែលេងកូនគោលនៅឡើយ មិនអាចបញ្ជាក់បានទេ រូបថតនេះជារូបថតចាស់។
សូមផ្តាំទៅវិញ នេះជាអំពើបាបជាការប្រមាថ។ សូមក្មួយយកចិត្តទុកដាក់ អំពីសុខភាពខ្លួនឯង សុខភាពឪពុកម្តាយខ្លួនឯង ជីដូនជីតាខ្លួនឯងទៅគ្រប់គ្រាន់ហើយ។ មិនចាំបាច់ យកចិត្តទុកដាក់ដល់សុខភាពនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះទេ។ ខ្ញុំគ្មានពូជដាច់សសៃឈាមក្នុងខួរក្បាលនោះទេ ពូជឡប់ក៏អត់ដែរ បើសិនជាអស់លោកឡប់ ក៏ឡប់តែគ្នាឯងចុះ ហើយកុំបំភ័យប្រជាពលរដ្ឋ។ ប៉ុន្តែពេលហ្នឹងខ្ញុំចាំបានថា មានតំណាងរាស្រ្តនៃបក្សប្រឆាំងពីរនាក់ថា បើសិនជាដូច្នោះមែន យើងត្រូវវេចបង្វិចទុកឲ្យហើយ ព្រោះអ្នកតំណាងរាស្រ្តបែជាដឹងថា បើអវត្តមាននៃនាយករដ្ឋមន្ត្រី ហើយបើនាយករដ្ឋមន្ត្រីបាត់បង់ការចង់ចាំរហូតដល់ស្លាប់ គឺមិនដឹងថាអ្នកណាត្រួតត្រាអ្នកណាទេពេលនោះ។ សូមផ្តាំទៅក្មួយដែលនិយាយរឿងនេះ សូមយកចិត្តទុក ដាក់សុខភាពខ្លួនឯង សុខភាពម៉ែឪខ្លួនឯង ជីដូនជីតាខ្លួនឯងគ្រប់គ្រាន់ហើយ មិនចាំបាច់គិតពីរឿង ហ៊ុន សែន ទេ។ មាំណាស់ ពេលខ្លះគិតច្រលំថាខ្លួនឯង អាយុ ២៥ ឆ្នាំ។ ឥឡូវអត់(បាន)ទេ ជើងសក់តែរាងសបន្តិច លាបភា្លម ហើយបើចង់រាំញីកែងជើង ក៏អត់បញ្ហា។
បើក្មួយចង់ផ្សាយ ផ្សាយអញ្ចេះវិញ ដំណឹងពិសេស លោកនាយករដ្ឋមន្ត្រីកំពុងព្រួយបារម្ភពីរឿងដុះក្បាលពោះ កុំនិយាយពីរឿងលោកនាយករដ្ឋមន្ត្រីដាច់សសៃឈាម (តែ)ថាលោកនាយករដ្ឋមន្ត្រីកំពុងព្រួយបារម្ភពីរឿង ឡើងទម្ងន់ និងដុះក្បាលពោះ ដែលធ្វើអោយស្វីងកូនគោលមានការលំបាក។ ពីដើមលេង driver ដល់ ៤៨ Inch ឥឡូវវ៉ៃតែ ៤៥ ខ្លាំងណាស់។ ប៉ុន្មានថ្ងៃនេះមិនដឹងយ៉ាងមិញ ចុះខេត្តកាន់តែច្រើន គេឈឺខ្លួនគ្រប់គ្នា យើងក៏ឈឺដែរ ស្រាប់តែឡើង ៣ គីឡូមកវិញ។ វាមិនដឹងយ៉ាងមិញ អោយតែឡើងឡានដឹងតែលក់ហ្មង។ គ្រាន់តែយន្តហោះឡើងមិនទាន់ផុតផងលក់បាត់ ស្រាប់តែភ្ញាក់ឡើងគេថាដល់ភ្នំពេញទៅហើយ។ អញ្ចឹងទេ បើផ្សាយពីសុខភាព ហ៊ុន សែន ថាលោក ហ៊ុន សែន កំពុងព្រួយបារម្ភពីការឡើងទម្ងន់ និងដុះក្បាលពោះ។
និយាយចំហរតាមទូរទស្សន៍អំពីចំណុចខ្វះខាត(របស់រដ្ឋាភិបាល)
ឃើញវីឌីអូមួយទៀតរបស់ ក្មួយប្រុសម្នាក់នៅឯកូរ៉េ មិនដឹងគេផ្សាយពីត្រង់ណាមកទេ ប៉ុន្តែគាត់ ឆ្លើយតបថា ចុះលោក ហ៊ុន សែន ម៉េចមិនដែលផ្សព្វផ្សាយពីចំណុចខ្វះខាតនៅក្នុងហ្វេសប៊ុករបស់ខ្លួន? ក្មួយនោះគាត់ក៏ឆ្លើយត្រឡប់ទៅវិញថា «ខ្ញុំទទួលស្គាល់ថាមិនឃើញគាត់ផ្សាយអាហ្នឹងមែន(ពីចំណុចខ្វះខ្វាត)» ហើយគាត់ក៏ឆ្ងល់ទៅវិញថា «ហេតុអីក៏ មិនដែលឃើញមេបក្សប្រឆាំងផ្សព្វផ្សាយពីសមិទ្ធផលរបស់រដ្ឋាភិបាលធ្វើ?»។ (ខ្ញុំ)សូមកោតសរសើរនូវអ្នកដែលផ្តល់ចម្លើយ រឿងបញ្ហាដែលខ្ញុំមិនផ្សាយ(ក្នុងហ្វេសប៊ុក) ព្រោះខ្ញុំបាននិយាយចំហរដាក់ទូរទស្សន៍ … គ្រាន់តែថ្ងៃមុននិយាយផ្អើលចង់មួយប្រទេស និយាយរឿងធ្វើអត្តសញ្ញាណប័ណ្ណ ហើយចាំថតដាក់ទូរទស្សន៍ … ម៉េចបានមិនមើល។ ឥឡូវ អត្តសញ្ញាណប័ណ្ណគ្រាន់តែទៅដល់ គេដើរចែកៗ ដូច្នោះគេនិយាយពី ចំណុចខ្វះខាតតើ។
មិននិយាយ នៅក្នុងហ្វេសប៊ុកហ្នឹងទេ តែគេនិយាយនៅក្នុងទូរទស្សន៍ ប៉ុន្តែនៅក្នុងហ្វេសប៊ុកក៏មានចំណុចខ្លះ ដែលខ្ញុំនិយាយនៅក្នុងហ្នឹង។ ដូចជាការដោះស្រាយ បញ្ឃប់អោយមានប័ណ្ណបើកបរម៉ូតូអាហ្នឹងស្អីទៅ! ខ្ញុំស្រាវជ្រាវ ហើយបើសិនខ្ញុំមិនបញ្ឈប់ទេ អ្នកទាំងអស់គ្នានឹងវេទនានៅកន្លែងនេះ រាប់ទាំងមន្ត្រីរាជការ មួយចំនួន គឺសុទ្ធតែវេទនាទាំងអស់។ ប័ណ្ណបើកបរម៉ូតូ នេះជាការរំខានដល់ប្រជាពលរដ្ឋតែម្តង ខ្ញុំព្រះករុណាខ្ញុំ ទទួលខុសកន្លែងហ្នឹងដោយសារខ្ញុំព្រះករុណាខ្ញុំ ជឿពេកទៅលើអ្នកជំនាញខាងក្រោម។ គេថាអ្នកបើកបរយានយន្តគ្រប់ប្រភេទចាប់ពី ៤៩ សេសេ ឡើង ត្រូវមានប័ណ្ណបើកបរទាំងអស់ បើអញ្ចឹងជាប់ទាំងអស់អ្នកជិះម៉ូតូ តាំងពី CUB អញ្ចឹងអ្នកជិះម៉ូតូប៉ុន្មានត្រូវធ្វើប័ណ្ណ បើកបរទាំងអស់។ ផ្ទះខ្លះមានម៉ូតូតែ ១ គ្រឿង ប៉ុន្តែមានអ្នកជិះ ៥ នាក់ ឪពុក ១ នាក់ កូន ៤ នាក់ សុទ្ធតែចេះជិះម៉ូតូ ត្រូវទៅធ្វើទាំង ៥ នាក់ ម៉ូតូអាចខ្ចីគ្នាបាន តែប័ណ្ណបើកបរមិនអាចខ្ចីគ្នាបានទេ ត្រូវចំណាយប្រាក់កាស និងពេលវេលាយ៉ាងច្រើន ណាត្រូវទៅពិនិត្យសុខភាព ណាទៅរៀន។
ឥឡូវ អត្តសញ្ញាណប័ណ្ណ ដែលប្រជាពលរដ្ឋធ្វើមិនទាន់គ្រប់ផង នៅខ្វះជាង ១ លានទៀត តាមរបាយការណ៍របស់សម្តេចក្រឡាហោម ស ខេង។ អីណា ឯងនាំគ្នាទៅធ្វើប័ណ្ណបើកបរម៉ូតូ។ អញ្ចឹងបាន ខ្ញុំព្រះករុណាខ្ញុំរកឃើញចំណុចនេះ បញ្ឈប់ការធ្វើប័ណ្ណបើកបរម៉ូតូនេះតទៅទៀតចាប់ពី ១២៥ សេសេ ចុះក្រោម ហើយ ១២៦ សេសេឡើងលើ ធ្វើប័ណ្ណបើកបរទៅ វាតិចតួចទេចំណុចហ្នឹង តម្លៃត្រូវកាត់បន្ថយពាក់កណ្តាល ហើយសេវាបច្ចុប្បន្នគឺលឿនរហ័ស ដោយមានផ្សារអេអន (គឺ)ធ្វើនៅហ្នឹងថែមទៀតផង។ នេះជាកំណែទម្រង់មួយ។ ដោយមើលឃើញពីចំនុចខ្វះខាតហ្នឹងហើយ បានគេធ្វើអាហ្នឹង។ ប៉ុន្តែអ្វីដែល ខ្ញុំសុំត្រឡប់មកវិញគឺអញ្ចេះ គឺចាំចេះជិះ ចាំបើកម៉ូតូ បើកបរត្រូវពាក់មួកសុវត្ថិភាព។ ខ្ញុំព្រះករុណាខ្ញុំ ប៉ូលីសផាកម្ដងហើយ (ត្រូវតែ)ផាក យើងធ្វើគំរូគេ ត្រូវតែអោយគេផាក ត្រឹមតែសុំទោស វាមិនគ្រប់គ្រាន់ទេ ប៉ុន្តែខ្ញុំ សុំទោសប្រជាពលរដ្ឋ រួចហើយយកលុយទៅបង់ពិន័យត្រឹមត្រូវតាមច្បាប់ ព្រោះគ្មានអ្នកធំ គ្មានតូចទេ តែធ្វើដំណើរ ត្រូវតែគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។ អត់មានសិទ្ធអទិភាពទេ។
បើកបរកុំនៅក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង បើស្រវឹង កុំបើកបរ, បើកបរ កុំស្រវឹង កុំផឹក(ស្រាបៀរ) ចាំដល់កន្លែងណាមួយ ហើយបើផឹករួចហើយ គឺអោយអ្នកមិនស្រវឹងគេឌុបទៅ ប៉ុន្តែដល់រួចហើយស្រវឹងទាំងពីរហ្នឹង។ ឥឡូវនេះ យើងកំពុងបើកយុទ្ធនាការ ដើម្បីនឹងបិទផ្លាកសុវត្ថិភាចរាចរណ៍។ នៅស្រុកកោះធំនេះ ឯកឧត្តម ស៊ុន ចាន់ថុល រាយការណ៍អម្បាញ់មិញ គឺថា បាន ១៨.០០០ ហើយ ក្នុងចំណោម ៣,៤ លាន។ ហើយក្នុងហ្នឹង គ្រាន់តែកង់, កង់ហ្នឹងក៏វាគ្រោះថ្នាក់ដែរ ព្រោះនៅពេលដែលជិះកង់ទៅ ហើយឡាន ឬក៏ម៉ូតូមកពីក្រោយ មិនអាចមើលឃើញពន្លឺចាំង គឺអាចបុក គ្រោះថ្នាក់ទាំងអ្នកជិះម៉ូតូ ទាំងអ្នកជិះឡាន និងទាំងអ្នកជិះកង់។ អញ្ចឹងទេ ត្រូវបិទទាំងអស់ដែលធ្វើចរាចរណ៍តាមផ្លូវក្នុងពេលយប់ ទាំងរទេះសេះ ទាំងរ៉ឺម៉កស្អីហ្នឹង សូមមេត្តាបន្តធ្វើរឿងនេះតទៅទៀត។
សូមប្រជាពលរដ្ឋអញ្ជើញចុះឈ្មោះបោះឆ្នោតនៅថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ ២០១៦
ខ្ញុំសូមយកឱកាសនេះ អំពាវនាវចំពោះប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា អញ្ជើញទៅចុះឈ្មោះបោះឆ្នោតនៅថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០១៦ ខាងមុខនេះ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនឹងធ្វើការចុះឈ្មោះបោះឆ្នោត សូមប្រជាពលរដ្ឋរបស់យើងមេត្តាយល់អោយបានច្បាស់ កុំគិតថាខ្ញុំធ្លាប់បោះឆ្នោត ៥ ដងហើយ ខ្ញុំមានឈ្មោះរួចស្រេចទៅហើយ (មិនទៅចុះឈ្មោះ)មិនបានទេ។ តម្រូវការនៅពេលនេះ គឺត្រូវធ្វើបញ្ជីបោះឆ្នោតមួយថ្មី ហើយចុះឈ្មោះសាជាថ្មី សម្រាប់អ្នកដែលមានសិទ្ធបោះឆ្នោត។ ដូច្នេះ សូមឆ្លៀតពេលវេលា ដើម្បីទៅចុះឈ្មោះបោះឆ្នោត។ បើសិនជាយើងមិនទៅចុះឈ្មោះបោះឆ្នោតទេ យើងមិនបានប្រើប្រាស់សិទ្ធិរបស់យើងក្នុងការបោះឆ្នោតជ្រើសរើសតំណាងរបស់យើងទាំងថ្នាក់ឃុំ/សង្កាត់ ដែលនឹងត្រូវបោះឆ្នោតនៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០១៧ និងការបោះឆ្នោតនៅក្នុងខែកក្កដា នៅឆ្នាំ ២០១៨។
ពិតណាស់ហើយ ខ្ញុំនឹងត្រៀមប្រកាស ព្រោះឥឡូវគេទុកសិទ្ធិអោយនាយករដ្ឋមន្រ្តីជាអ្នកប្រកាស។ ការបោះឆ្នោតឃុំ/សង្កាត់ នាយករដ្ឋមន្រ្តីបានប្រកាសរួចហើយ តាមសំណើរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ គឺយកថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០១៧ គឺជាថ្ងៃបោះឆ្នោត។ ច្បាប់បោះឆ្នោតកាលពីមុន បានកំណត់ថា រៀងរាល់ ៥ ឆ្នាំម្ដង នាថ្ងៃអាទិត្យ នៃសប្ដាហ៍ទី ៤ នាខែកក្កដា នឹងធ្វើការបោះឆ្នោត។ នេះយោងតាមច្បាប់ពីមុន។ ប៉ុន្តែច្បាប់បច្ចុប្បន្ន គឺបានទុកសិទ្ធិអោយនាយករដ្ឋមន្រ្តីធ្វើការប្រកាសថ្ងៃបោះឆ្នោត។ អញ្ចឹងទេ ដើម្បីធានាគោរពទៅដល់រដ្ឋធម្មនុញ្ញថា សភាមានអាណតិ្ត ៥ ឆ្នាំ, សភាមិនអាចរំលាយមុនអាណត្តិបានទេ លើកលែងតែសភារំលាយរដ្ឋាភិបាល ២ ដង ក្នុងរយៈពេល ១២ ខែ, ដើម្បីគោរពទៅដល់អាណត្តិរបស់សភាដែលមានចែងទៅក្នុងរដ្ឋធម្មនុញ្ញ ខ្ញុំត្រៀមប្រកាសយកថ្ងៃអាទិត្យទី ៤ នាខែកក្កដាដដែល ដែលក្នុងនោះ បានរកឃើញថា ថ្ងៃទី ២៩ ព្រោះមានថ្ងៃអាទិត្យមួយ នៅថ្ងៃទី ២២ អាហ្នឹងនៅចុងអាទិត្យទី ៣ ដល់ចុងអាទិត្យទី ៤ នោះ វានៅថ្ងៃទី ២៩។ រាល់ដង ២៦ ២៧ ២៨ (បោះឆ្នោត) ប៉ុន្តែឆ្នាំ ២០១៨ គឺនៅថ្ងៃទី ២៩ អានេះបើតាមមើលប្រតិទិន។
នេះជាការធានា គោរពអាណត្តិរបស់សមាជិកសភា បើមិនអញ្ចឹង ត្រូវទៅ(ធ្វើ)វិសោធនកម្មរដ្ឋធម្មនុញ្ញវិញ ដើម្បីកំណត់ ព្រោះមិនអញ្ចឹង យើងបំពានលើរដ្ឋធម្មនុញ្ញតែម្ដង។ សូមកុំអោយស្រមើស្រមៃថា មានការបោះឆ្នោតមុន មានការបោះឆ្នោតក្រោយស្អីៗ គឺបញ្ជាក់អោយហើយអំពីបញ្ហានេះ។ អញ្ចឹងទេ យកឱកាសនេះ អំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើង ទៅចុះឈ្មោះបោះឆ្នោត ដើម្បីប្រើប្រាស់សិទ្ធិធ្វើជាម្ចាស់របស់ប្រទេស បោះឆ្នោតអោយបក្សនយោបាយណាដែលខ្លួនពេញចិត្ត។ នេះជាចំណុចមួយ ដែលខ្ញុំសូមអំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើង។ ការចុះឈ្មោះ មានរយៈពេល ៣ ខែ។ សូម្បីតែខ្ញុំក៏ត្រូវទៅចុះឈ្មោះឡើងវិញដែរ បើមិនទៅចុះឈ្មោះទេ មិនត្រឹមតែបាត់បង់សិទ្ធិបោះឆ្នោតទេ បាត់បង់សិទ្ធឈរឈ្មោះ។ ដូច្នេះ ខែកញ្ញានេះ ចាប់ផ្ដើមនៅថ្ងៃទី ១ … ចុះឈ្មោះបោះឆ្នោតអោយហើយ ចាំទៅប្រជុំអាស៊ាន។ ថ្ងៃទី ១ (ខែកញ្ញា) ដាក់កម្មវិធីមកបើកឆាកចុះឈ្មោះបោះឆ្នោត។
ធ្វើការនៅខេត្តក្រុងណា អាចចុះឈ្មោះបោះឆ្នោតនៅកន្លែងហ្នឹងបាន
ថ្ងៃមុន ក្មួយ(អ្នកបម្រើការកន្លែង)វាយកូនគោល សួរ លោកពូ តើខ្ញុំអាចចុះឈ្មោះនៅក្បែរហ្នឹង ដើម្បីបោះឆ្នោតនៅហ្នឹងបានអត់? កាលពីមុន គាត់ត្រូវទៅចុះឈ្មោះនៅឯស្រុកកំណើត។ ឥឡូវអញ្ចេះ ចុះឈ្មោះនៅកន្លែងណាដែលខ្លួនធ្វើការនៅក្បែរហ្នឹង។ អាហ្នឹងជាការងាយស្រួលមួយ។ ពីមុន ចុះឈ្មោះនៅឯស្រុក ខ្លួនមកធ្វើការនៅភ្នំពេញ ខ្លួនធ្វើការនៅភ្នំពេញ តែស្រុកកំណើតនៅកោះធំ អញ្ចឹងពេលបោះឆ្នោតត្រូវប្រញាប់ប្រញាល់មកកោះធំ ដើម្បីបោះឆ្នោត។ ឥឡូវនេះ មិនចាំបាច់មកចុះឈ្មោះនៅកោះធំទេ បើធ្វើការនៅរោងចក្រ ឬធ្វើការនៅភ្នំពេញចុះឈ្មោះនៅភ្នំពេញតែម្ដងទៅ … ហើយបោះឆ្នោតរួច កុំអាលផឹក គេហាមផឹក។ ថ្ងៃបោះឆ្នោតគេហាមផឹករហូតដល់ ២៤ ម៉ោង។ គេហាមផឹកស្រា ដើម្បីចៀសវៀងការប្រកាប់ប្រចាក់គ្នា។ សូមប្រជាពលរដ្ឋ សូមកម្មករ កម្មការិនី ក៏ដូចជាអ្នកធ្វើការទាំងឡាយ ចុះឈ្មោះ នៅកន្លែងណាក៏បាន មិនប្រកាន់ថាសម្រាប់តែទៅស្រុកនោះទេ។
សំខាន់បំផុតមានអត្តសញ្ញាណប័ណ្ណ។ អាជ្ញាធរត្រូវពន្លឿនការធ្វើអត្តសញ្ញាណប័ណ្ណដែលនៅសេសសល់។ សល់មិនជាច្រើនទេ ក៏ប៉ុន្តែ យើងត្រូវតែជម្រុញល្បឿននៃការធ្វើអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋ។ … ពីមុន យើងមានអត្តសញ្ញាណប័ណ្ណផង និងមានប័ណ្ណបោះឆ្នោតផង។ ឥឡូវអត់ទេ។ អត្តសញ្ញាណប័ណ្ណមួយនេះ គឺគ្រប់គ្រាន់ ដើម្បីយកទៅបោះឆ្នោត អត់មានប័ណ្ណបោះឆ្នោតផ្សេងពីហ្នឹងទេ។ ពីមុន មានប័ណ្ណបើកបរម៉ូតូ ឥឡូវមិនបាច់ចាំមានប័ណ្ណបើកបរម៉ូតូ មានតែអត្តសញ្ញាណប័ណ្ណ បើកបរបានហើយ។ កន្លែងខ្លះ នៅខេត្តឆ្ងាយដាក់ ជាសំនួរថាម៉េច ក៏ធ្វើយូរម្ល៉េះ។ ញាតិញោមហើយ ប៉ូលីសនៅមូលដ្ឋានបានត្រឹមបំពេញបែបបទទេ ប៉ុន្តែយកទៅបោះពុម្ពនៅទីក្រុងភ្នំពេញឯណោះ ហើយយើងត្រូវផ្ទៀងផ្ទាត់ក្រយ៉ៅដៃ ព្រោះមនុស្សឈ្មោះដូចគ្នាច្រើនណាស់ ប៉ុន្តែក្រយ៉ៅដៃគឺមិនដូចគ្នាទេ។ នេះគឺដើម្បីធានាសុវត្ថិភាព ចំពោះប្រជាពលរដ្ឋរបស់យើងទាំងការសម្គាល់ខ្លួន ទាំងការកាន់កាប់ទ្រព្យសម្បត្តិ ព្រោះវាទាក់ទងនឹងក្រយ៉ៅដៃ។ ការកាន់កាប់ទ្រព្យសម្បត្តិក៏ដូចគ្នាដែរ ពឹងផ្អែក ទៅលើផ្តិតមេដៃនេះឯង ហើយមេដៃ យើងទៅលើប័ណ្ណកម្មសិទ្ធិដីធ្លី ឬផ្ទះសំបែង តើវាដូចគ្នាជាមួយនឹងអត្តសញ្ញាណប័ណ្ណ ឬអត់? អញ្ចឹងទេសុំ នេះជាការមួយ គឺសម្រេចរដ្ឋបាល គឺជម្រុញ ហើយជម្រុញខ្លាំងណាស់ ហើយរាល់ថ្ងៃនេះ ក្នុងការធ្វើអត្តសញ្ញាណប័ណ្ណ ហើយសុំបានយកមក បាន ១០ ចែក ១០ បាន ២០ ចែក ២០ កុំចាំបានច្រើន អាហ្នឹង បាននិយាយគ្នាថ្ងៃមុនហើយ។
ត្រូវមានគ្រូបំប៉នសម្រាប់សិស្សថ្នាក់ទី ១២
មួយទៀតជិតដល់ប្រឡងបាក់ឌុបហើយ … ខ្ញុំទៅកែប ខ្ញុំមានមោទនភាពខ្លាំងណាស់ វិទ្យាល័យមួយខ្ញុំធ្វើនៅកែប មានសិស្ស ៩៧ នាក់ ទៅប្រឡង ជាប់ ៩៤ ធ្លាក់តែ ៣ ទេ។ ពីមុនខ្ញុំឲ្យមួយខ្នង ២ ជាន់ ១២ បន្ទប់ ឥឡូវ ខ្ញុំឲ្យមួយខ្នង ៣ ជាន់ ១៥ បន្ទប់ ថែមទៀត លើកទឹកចិត្តរៀនពូកែ។ អញ្ចឹង ស៊ុន ចាន់ថុល កុំភ្លេចអាហ្នឹង គ្រប់ស្រុកទាំងអស់ ហើយខេត្តកណ្តាលគ្រប់ស្រុកទាំងអស់ មើលរកគ្រូបំប៉នសិស្សទី ១២ ខេត្តកណ្តាលមួយខេត្តមាននិទ្ទេសអេ ៣ មានច្រើនជាងគេ … ខេត្តខ្លះអត់មាននិទ្ទេសអេតែម្តង។ យើងដូចបាន ៣ នៅកៀនស្វាយមួយ នៅតាខ្មៅ ២ នៅកោះធំអត់មានទេ។ អញ្ចឹងឆ្នាំនេះ ក្មួយៗខាងកោះធំ ប្តេជ្ញាយកនិទ្ទេសអេអោយបាន។ ប្រឹងរៀនណា …៕