“ខ្ញុំនឹងបន្តទៅគ្រប់ខេត្តទាំងអស់ ពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈមត្រូវដោះស្រាយ …,” ថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០១៦
ពេលនេះ ខ្ញុំវិលត្រឡប់មកកាន់ទីក្រុងភ្នំពេញវិញ បន្ទាប់ពីចំណាយពេល ៣ ថ្ងៃដើម្បីចូលរួមសម្ពោធដាក់ឱ្យ ប្រើប្រាស់ផ្លូវជាតិលេខ ៤៤ និងពិនិត្យការងារនៅ ខេត្តកំពត ខេត្តកែប ខេត្តព្រះសីហនុ និងព្រឹកនេះនៅខេត្តកំពង់ស្ពឺ។ មកដល់ពេលនេះ មានខេត្ត ៨ ក្នុងចំណោមខេត្ត និងរាជធានីចំនួន ២៥ ដែលខ្ញុំបានចុះ ទៅពិនិត្យការងារ និងជួបសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ។ ខ្ញុំនឹងបន្តទៅគ្រប់ខេត្តទាំងអស់ ដើម្បីពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈមដែលនៅសល់ត្រូវដោះស្រាយ។ ថ្ងៃស្អែក ៥ សីហា ខ្ញុំមានអាយុគ្រប់ ៦៤ និងឈានចូល ៦៥ ឆ្នាំ (៥ សីហា ១៩៥២- ៥ សីហា ២០១៦)។ សូមថ្លែង អំណរគុណបងប្អូនជនរួមជាតិដែលតែងផ្ដល់នូវការគាំទ្ររៀងរហូតមក៕
“… គ្មានការសង់ព្រលានយន្តហោះនៅកំពង់ស្ពឺ, ទុកបេនឡានចាស់មិនប៉ះពាល់ …,” កំពង់ស្ពឺ, ថ្ងៃទី ៤ ខែ សីហា ឆ្នាំ ២០១៦
នៅខេត្តកំពង់ស្ពឺថ្ងៃនេះ ខ្ញុំបានដោះស្រាយបញ្ហានានា មួយចំនួនធំ រួមទាំងបញ្ហាធំៗ ចំនួន២៖
១) បដិសេធចោលទាំងស្រុងរាល់ការពិភាក្សារឿងព្រលានយន្តហោះ គឺគ្មានការធ្វើព្រលានយន្តហោះនៅខេត្តកំពង់ស្ពឺនេះទេ។
២) ចំពោះបេនឡានចាស់ គឺទុកនៅដដែលអោយប្រជាពលរដ្ឋលក់ដូរតកូនចៅរៀងរហូត។ និរាករណ៍ចោលទាំងអស់នូវលិខិតស្នាមពាក់ព័ន្ធបេនឡានចាស់នេះ។ ទន្ទឹមនឹងនេះ អាជ្ញាធរខេត្តត្រូវពិភាក្សាផ្តល់ភាពអនុគ្រោះមួយចំនួនជូនវិនិយោគិន (ដែលមានគម្រោងរៀបចំ)បេនឡានថ្មី …។
“កងទ័ពជើងទឹកត្រូវល្បាតរួមគ្នាលើតំបន់ត្រួតស៊ីគ្នា ជាមួយវៀតណាម និងថៃ …,” ព្រះសីហនុ, ថ្ងៃទី ៣ ខែសីហា ឆ្នាំ២០១៦
ថ្ងៃនេះ បន្ទាប់ពីបានបញ្ចប់ការសំណេះសំណាលជាមួយមន្ត្រីរាជការក្នុងខេត្តកែប សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញបន្តដំណើរមកកាន់ខេត្តព្រះសីហនុ ដើម្បីជួបសំណេះសំណាលជាមួយបងប្អូនមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធនៅទីនេះ។ ចំពោះផ្សារខេត្តព្រះសីហនុដែលឆេះពីមុន ហើយដែលសម្តេចតេជោបានជួយសាងសង់ គឺអាជ្ញាធរខេត្តត្រូវធ្វើលិខិតផ្លូវការបញ្ជាក់ជូនបងប្អូនអាជីវករទាំងអស់ថាអោយពួកគាត់លក់ដូរជារៀងរហូតតកូនតចៅ។
ខេត្តព្រះសីហនុ គឺជាមាត់ច្រកសេដ្ឋកិច្ចដ៏សំខាន់បន្ទាប់ពីក្រុងភ្នំពេញ និងខេត្តសៀមរាប។ ខេត្តនេះ អាស្រ័យលើវិស័យសេវាកម្មប្រមាណ ៧០% គិតចូលទាំងសេវាទេសចរណ៍ ឧស្សាហកម្ម និងការដឹកជញ្ជូន ដោយសារយើងមានកំពង់ផែ(សមុទ្រទឹកជ្រៅ)។ នយោបាយឈ្នះ-ឈ្នះ ដែលបានបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង នាំមកនូវសន្តិភាពពេញលេញ និងការរីកចម្រើននៅទូទាំងខេត្តព្រះសីហនុ។ ចំពោះគម្រោងចិញ្ចឹមត្រីដែលស្នើដោយក្រុមហ៊ុនឯកជន ប្រសិនបើប៉ះពាល់ដល់ការប្រកបរបរទទួលទានរបស់ប្រជាពលរដ្ឋ គឺមិនអនុញ្ញាតអោយទេ។
អំពីករណីកងពលតូចអន្តរាគមន៍លេខ ៧០ ដែលប៉ះពាល់ដល់ដីធ្លីប្រជាពលរដ្ឋនៅខេត្តកំពត សម្តេចតេជោ បានណែនាំអោយសាម៉ីអង្គភាពពិនិត្យដោះស្រាយជូនប្រជាពលរដ្ឋ មិនអោយប៉ះពាល់ដីធ្លីពួកគាត់។ សម្តេចតេជោមានប្រសាសន៍ថា មន្រ្តីយើងត្រូវយកចិត្តទុកដាក់ការពារព្រៃឈើ ធនធានត្រី ព្រៃលិចទឹក និងការពារដែនកោះ ដែនសមុទ្រអោយបានរឹងមាំល្អ។ ចំពោះការស្នើសុំដីសម្រាប់អង្គភាពយោធានីមួយៗ គឺត្រូវឈប់ចាប់ពីថ្ងៃនេះ ដោយសម្តេចតេជោ បញ្ជាក់ថា “គ្រប់កងពលទាំងអស់ហាមសុំដីបន្តទៅទៀត ហើយត្រូវពិនិត្យ និងចុះបញ្ជីសារពើភ័ណ្ឌដីរបស់រដ្ឋអោយបានត្រឹមត្រូវកុំអោយធ្លាក់ទៅលើដៃឯកជនមួយចំនួន”។
នៅខេត្តព្រះសីហនុ (សម្តេចតេជោបានលើកឡើងថា) ត្រូវត្រួតពិនិត្យបញ្ហាបូមខ្សាច់ផងដែរ ព្រោះអាចធ្វើអោយជម្រេលបាក់ធ្លាក់បណ្តាលអោយបាក់ខូចឆ្នេរ។ សម្តេចតេជោបានបញ្ជាក់ថា ត្រូវពិនិត្យដកយកមកវិញ នូវគម្រោងវិនិយោគកោះដែលគ្មានសកម្មភាព ជាពិសេស គម្រោងដែលជនមួយចំនួនយកអាជ្ញាប័ណ្ណ (License)ដើរលក់។ ចំពោះករណី ពយកំពេញ ដែលមានប្រជាពលរដ្ឋ ១០៣ គ្រួសារ ត្រូវចុះវាស់វែងប្រគល់ប្លង់ស្របច្បាប់ជូនប្រជាពលរដ្ឋដែលបានមករស់នៅទីនោះជាយូរមកហើយៗ ត្រូវកាត់ចេញពីបញ្ជីសារពើភ័ណ្ឌរបស់រដ្ឋ ដើម្បីពួកគាត់មានកម្មសិទ្ឋិ និងមានឱកាសបានកសាងផ្ទះសម្បែងអោយបានល្អសមរម្យ។
អាជ្ញាធរខេត្តព្រះសីហនុ ត្រូវខិតខំថែរក្សាតំបន់ឆ្នេរ និងបរិស្ថានអោយបានល្អដើម្បីទាក់ទាញទេសចរណ៍។ ក្រសួងបរិស្ថានត្រូវចូលរួមពិនិត្យការប្រើប្រាស់ និងបង្ហូរទឹកចូលសមុទ្រកុំអោយប៉ះពាល់ដល់បរិស្ថាន។ ជាចុងក្រោយ ខេត្តត្រូវខិតខំរក្សាមិត្តភាព និងសហប្រតិបត្តិការជាមួយប្រទេសជិតខាង ដែលមានព្រំដែនសមុទ្រជាប់គ្នា ដើម្បីសន្តិភាព និងផលប្រយោជន៍រួមគ្នា។ កងទ័ពជើងទឹកយើង ត្រូវល្បាតរួមគ្នាលើតំបន់ត្រួតស៊ីគ្នាជាមួយវៀតណាម និងថៃ ដើម្បីទប់ស្កាត់កុំអោយមានអំពើរត់ពន្ឋគ្រឿងញៀន, ការជួញដូរមនុស្ស, ការប្រើប្រាស់ជាជម្រកនៃចោរសមុទ្រ និងបង្ការការប៉ះទង្គិចគ្នារវាងទូកនេសាទជាដើម។ល។ …
“… រីករាយ ដែលឃើញការរកទទួលទានរបស់បងប្អូននៅតំបន់ឆ្នេរសមុទ្រកំពុងដំណើរការល្អ …,” កែប, ថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០១៦
… បញ្ចប់ការសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធក្នុងខេត្តកែបរួចមក ខ្ញុំបានឆ្លៀត ចូលជួបជាមួយបងប្អូនអ្នកលក់ដូរក្នុងផ្សារក្តាម ខេត្តកែប ជាបន្តទៀត។ បងប្អូនអាជីវករនៅក្នុងផ្សារក្តាមនេះ ភាគច្រើនលក់ម្ហូបអាហារគ្រឿងសមុទ្រ ដូចជាក្តាម មឹក បង្គារ ត្រី ដែលមានទាំងស្រស់ៗ លើកពីទឹក និងមានចម្អិនឆ្អិនស្រា។ មានការលក់របស់របរវត្ថុអនុស្សវរីយ៍ផ្សេងៗទៀតផងដែរ ដើម្បីបម្រើភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។
ខ្ញុំពិតជាជារីករាយ ដែលឃើញមុខរបររកទទួលទានរបស់បងប្អូននៅតំបន់ឆ្នេរសមុទ្រកំពុងដំណើរការល្អប្រសើរ មមាញឹក បម្រើសេវាកម្មជូនភ្ញៀវទេសចរណ៍មកកម្សាន្តនៅទីនេះ។ សូមជូនពរបងប្អូនអាជីវករទាំងអស់ជួបតែសំណាងល្អ និងរកទទួលទានមានបានគ្រប់ៗគ្នា។ ពេលនេះខ្ញុំបន្តដំណើរទៅកាន់ខេត្តព្រះសីហនុ ដើម្បីបន្តជួបសំណេះសំណាលជាមួយមន្រ្តីរាជការ និងកងប្រដាប់អាវុធនៅទីនោះ …៕
“ … នឹងនិរាករណ៍ចោលគម្រោងទាំងឡាយណា មានផលប៉ះពាល់បរិស្ថាន …,” កែប, ថ្ងៃទី ៣ ខែ សីហា ឆ្នាំ ២០១៦
ថ្ងៃទី ៣ ខែ សីហា សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយបងប្អូនមន្រ្តីរាជការ អាជ្ញាធរក្រុមប្រឹក្សាឃុំ សង្កាត់ និងកងកម្លាំងប្រដាប់អាវុធនៅខេត្តកែប។ ក្រុងកែបបានផ្លាស់ប្តូរមកជាខេត្តកែបនៅឆ្នាំ ១៩៩៣។ យើងសង្កេតឃើញថា ស្ថានភាពផ្លូវថ្នល់ ស្ពាន និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តនេះ មានភាពល្អកាន់តែល្អប្រសើរឡើង។ ទឹក គឺជាបញ្ហាចំបងមួយ ដែលខេត្តកែបត្រូវតែយកចិត្តទុកដាក់ដោះស្រាយ ដោយត្រូវស្វែងរកដៃគូវិនិយោគ ដើម្បីអភិវឌ្ឍវិស័យទឹកស្អាតអោយបានទាន់ពេលវេលា។ សម្តេចតេជោ បានណែនាំថា ត្រូវប្រគល់អាកាសចរស៊ីវិលនៅខេត្តកែប ទៅអោយខេត្តជាអ្នកគ្រប់គ្រងទាំងស្រុង ចាប់ពីពេលនេះតទៅ។
សម្តេចតេជោ បានរំលឹកអាជ្ញាធរមានសមត្ថកិច្ច បន្តយកចិត្តទុកដាក់ចំពោះសន្តិសុខសណ្តាប់ធ្នាប់ ទប់ស្កាត់គ្រឿងញៀន និងឧក្រិដ្ឋកម្មផ្សេងៗ កែលម្អភាពអសកម្ម ខិតខំកសាងអំពើល្អ ផ្តល់សេវាសាធារណៈអោយមានប្រសិទ្ធិភាពល្អ (សេវាតម្រូវការចាំបាច់ និងសេវាសំណូមពរនានា) រួមសហការជាមួយគយរដ្ឋាករ ពន្ឋដារប្រមូលចំណូលសម្រាប់ជាតិ។ ត្រូវយកចិត្តទុកដាក់ដោះស្រាយទំនាស់ដីធ្លីអោយបានឆាប់ល្អជូនពលរដ្ឋ ការពារបរិស្ថាន ការពារព្រៃឈើ តំបន់ឆ្នេរ និងធនធានធម្មជាតិ ហើយត្រូវសើរើពិនិត្យគម្រោងវិនិយោគមួយចំនួនដែលប៉ះពាល់ធនធានធម្មជាតិ ដូចជាគម្រោងដាំសារ៉ាយក្នុងបាតសមុទ្រ និងគម្រោងប៉ះពាល់ព្រៃកោងកាងជាដើម ដោយ សម្តេចតេជោ ហ៊ុន សែន អះអាងថានឹងនិរាករណ៍ចោលទាំងស្រុង នូវគម្រោងទាំងឡាយណាដែលមានផលប៉ះពាល់ទាំងនោះ។ ទន្ទឹមនឹងនេះ អាជ្ញាធរខេត្តត្រូវសហការល្អជាមួយប្រទេសជិតខាង ដើម្បីផលប្រយោជន៍ដល់ប្រជាពលរដ្ឋ និងប្រទេសជាតិ។ ប្រទេសជាតិរីកចំរើនទៅបាន គឺអាស្រ័យដោយយើងមានសន្តិភាព និងទំនាក់ទំនងការបរទេសល្អ …៕
“សូមក្មយៗ ខិតខំរៀនសូត្រ ដើម្បីអនាគតរបស់ខ្លួន និងជាធនធានល្អរបស់ប្រទេសជាតិ”, កែប, ថ្ងៃទី ៣ ខែសីហា ឆ្នាំ២០១៦
ព្រឹកថ្ងៃទី ០៣ ខែ សីហា ឆ្នាំ២០១៦ ក្នុងពេលធ្វើដំណើរចេញពីខេត្តកំពត មកកាន់ខេត្តកែប ខ្ញុំបានជួបសំណេះសំណាលជាមួយក្មួយៗ សិស្សានុសិស្សនៃវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន សែន ចរិយាវង្ស សាលាបច្ចេកទេសដុនបូស្កូ ខេត្តកែប និងអនុវិទ្យាល័យសង្គមរាស្ត្រនិយមក្រុងកែប។ សាលារៀនមួយចំនួនដែលបានសាងសង់ពីពេលមុន កំពុងមានសភាពចាស់ទ្រុឌទ្រោម ស្របពេលដែលចំនួនកូនសិស្សកំពុងកើនឡើងជាបន្តបន្ទាប់។ មើលឃើញពីតម្រូវការ និងកង្វះខាតអាគារសំរាប់ក្មួយៗ នៅវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន សែន ចរិយាវង្ស ខ្ញុំ និងសប្បុរសជនមួយចំនួនបានសម្រេចចិត្តផ្តល់ជូននូវអាគារសិក្សាថ្មី ១ ខ្នង ៣ ជាន់ ស្មើនឹង ១៥ បន្ទប់ បន្ថែមទៀត។ ពេលដែលក្មួយៗ មានសាលារៀនថ្មី សូមក្មយៗ ទាំងអស់ត្រូវតែខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីអនាគតរបស់ខ្លួន និងជាធនធានល្អរបស់ប្រទេសជាតិ៕
“… ត្រូវជួសជុលស្ពានឥន្ធនូ និងដាក់អោយប្រើប្រាស់ឡើងវិញ សម្រាប់អ្នកដំណើរប្រើកង់ ម៉ូតូជាយាន និងថ្មើរជើង,” កំពត, ថ្ងៃទី ២ ខែសីហា ឆ្នាំ ២០១៦
បន្ទាប់ពីបានអញ្ជើញសម្ពោធផ្លូវជាតិលេខ ៤៤ នៅខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី ២ សីហា ដដែលនេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះជួបសំណេះសំណាលជាមួយមន្ត្រីរាជការ អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធខេត្តកំពត ដែលជាអតីតសមរភូមិក្តៅមួយដែរ។ នយោបាយឈ្នះ-ឈ្នះ បានបង្រួបបង្រួមខ្មែរគ្រប់ភាគី និងបានបញ្ចប់សង្រ្គាមទាំងស្រុង ដែលធ្វើអោយកម្ពុជាយើងឈ្នះទាំងអស់គ្នា។ សន្តិភាព សំខាន់ណាស់។ យើងត្រូវតែថែរក្សាអោយបាន។ សូមអាជ្ញាធរមានសមត្ថកិច្ចខិតខំថែរក្សាសន្តិសុខសណ្តាប់សង្គមអោយបានល្អ ហើយខិតខំដោះស្រាយ និងផ្តល់នូវសេវាសាធារណៈអោយបានល្អ និងមានប្រសិទ្ធិភាពជូនប្រជាពលរដ្ឋ ទាំងសេវាតម្រូវការចាំបាច់ និងសេវាសំណូមពរ …។ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ ជាអ្នកបម្រើប្រជាពលរដ្ឋ ដែលត្រូវតែខិតខំកសាងអំពើល្អ និងយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋអោយបានល្អ។
មន្រ្តីរាជការរួមទាំងកងកម្លាំងប្រដាប់អាវុធ និងកងនគរបាលត្រូវសហការជាមួយភ្នាក់ងារគយ និងរដ្ឋាករក្នុងការប្រមូលចំណូលអោយបានល្អ និងពិនិត្យគម្រោង វិនិយោគមួយចំនួនឡើងវិញកុំអោយប៉ះពាល់ដល់ប្រជាពលរដ្ឋ។ ត្រូវយកចិត្តទុកដាក់ដោះស្រាយបញ្ហាទំនាស់ដីធ្លីអោយបានល្អ និងត្រូវខិតខំថែរក្សាតំបន់ឆ្នេរ និងបរិស្ថានអោយបានល្អ ដើម្បីទាក់ទាញទេសចរណ៍ និងត្រូវមានទំនាក់ទំនងល្អជាមួយប្រទេសជិតខាង ដែលនាំផលប្រយោជន៍ជាច្រើន ដល់ប្រជាជាតិនៃប្រទេសទាំងពីរ។
សម្តេចតេជោ ហ៊ុន សែន បានលើកយកបញ្ហាស្ពានឥន្ធនូចាស់ កសាងពីជំនាន់បារាំង និងដែលបានទុកចោលអស់ពេលយ៉ាងយូរគួរសមដែរ(មកពិភាក្សា) ដោយលើកឡើងថា មានបងប្អូន និងកូនក្មួយសិស្សានុសិស្ស(នៅខេត្តកំពត)បានសំណូមពរមកសម្តេចតេជោ តាម Facebook អោយមានការបើកប្រើប្រាស់ស្ពានចាស់នេះឡើងវិញ ដើម្បីកាត់បន្ថយការចំណាយប្រេងសាំង និងរយៈពេលនៃការធ្វើដំណើរ។ សម្តេចតេជោ បានណែនាំថា អភិបាលខេត្តត្រូវគិតគូររៀបចំជួសជុលស្ពាននេះ និងដាក់អោយប្រើប្រាស់ឡើងវិញ សម្រាប់អ្នកដំណើរដែលប្រើកង់ ម៉ូតូជាយាន និងថ្មើរជើង …៕