ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណ ព្រះអនុគណ ព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គជាទីសក្ការៈ, ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី នាងកញ្ញា ដែលបានចូលរួមក្នុងឱកាសនេះ, សូមគោរពលោកយាយ លោកតា លោកអ៊ំ មា មីង បងប្អូន ជនរួមជាតិទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងឱកាសនេះ ទាំងមកពីខេត្តកំពង់ស្ពឺ និងមកពីខេត្តកំពង់ឆ្នាំង
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមសាជាថ្មីម្តងទៀត នៅក្នុងទិវាមច្ឆជាតិលើកទី ១៤ ហើយមកចំកន្លែងមួយ ដែលជាតំបន់មានលក្ខណៈហៅថាប្រព័ន្ធស្រោចស្រពនៅខាងជើងទីក្រុងភ្នំពេញ។ សូមអភ័យទោស ពេលដែលខ្ញុំព្រះករុណាខ្ញុំកំពុងនិយាយនេះ គឺខ្ញុំព្រះករុណាខ្ញុំកំពុងគ្រុន ហើយក៏សូមអភ័យទោសពីអង្គទូតនានាផងដែរ ដែលយើងធ្វើកម្មវិធីមុនការគ្រោងទុក។ យប់មិញនេះ គឺដេកអត់បានបន្តិចសោះ ហើយជ្រុលនឹងបាល់ទាត់ផង ក៏បង្ហើយទៅ។ ដល់ចប់បាល់ទាត់ទៅ ក៏លុបមុខលុបមាត់ រួចហើយក៏ចេញដំណើរមក។ អង្គរក្សក៏មកមិនទាន់ដែរ។ មកតាមផ្លូវនេះ (គេង)លក់រហូត មិនមែនលក់តិចទេ បើតាមមើលទៅ ១ ម៉ោង ព្រោះធ្វើដំណើរដូចជា ជាង ១ ម៉ោង កន្លះ សួរ(តៃកុង)ថាដល់នៅ? បើដល់ឈប់ឡានសិន លុបមុខសិន។ យ៉ាងណាក៏ដោយ ក៏មិនធ្វើឲ្យខ្ញុំព្រះករុណាខ្ញុំវង្វេងនោះទេ គ្រាន់តែថាស្អក។ ធម្មតាទេកាលណាយើងមានជម្ងឺ គឺវាតែងមានបញ្ហាហើយ។
ព្រលែងកូនត្រីទៀងទាត់ មួយឆ្នាំម្តង/ស្ថានភាពទឹករាក់ ត្រីតិច ប្រជាជនច្រើន នាំឲ្យយើងត្រូវចិញ្ចឹមត្រីបន្ថែម
ថ្ងៃនេះ គឺយើងរួមគ្នាដើម្បីព្រលែងកូនត្រី និយាយឲ្យចំគឺ មច្ឆជាតិ ដែលយើងបានធ្វើទាំងឆ្នាំនេះគឺ ១៤ ឆ្នាំ ហើយ។ នេះគឺជាគំនិតផ្តួចផ្តើមរបស់ខ្ញុំព្រះករុណាខ្ញុំ ដែលធ្វើសកម្មភាពចាប់ផ្តើមពីតំបន់ក្រាំងយ៉ូវ នៅឯខេត្តកណ្តាល។ យើងជ្រើសរើសថ្ងៃ ១ ខែ កក្កដា រៀងរាល់ឆ្នាំដើម្បីធ្វើទិវាព្រលែងកូនត្រី។ នៅថ្ងៃទី ៩ ខែ កក្កដា ក្រោយរយៈពេលនេះ ត្រឹមតែ ៨ ថ្ងៃ តែប៉ុណ្ណោះ នឹងមានទិវាមួយទៀត ដែលព្រះមហាក្សត្រទ្រង់យាងជាអធិបតីនៅក្នុងពិធីនោះ គឺពិធីដាំដើមឈើ ដើម្បីការពាររុក្ខជាតិ និងបង្កើនព្រៃឈើរបស់យើង។ និយាយដល់បញ្ហាលែងកូនត្រីនេះ យើងគួរតែចាប់ផ្តើមថា ហេតុអ្វីទៅបានជាត្រូវចិញ្ចឹមត្រី? បើប្រទេសយើងជាប្រទេសដែលមានត្រីហើយស្រាប់។ បញ្ហាស្ថិតនៅត្រង់ថា ឥឡូវនេះ យើងលែងពឹងពាក់បានតទៅទៀតហើយ ទៅលើធនធានត្រីធម្មជាតិ។ បញ្ហាវាបានកើតត្រង់អញ្ចេះ ស្ថានភាពវាមិនដូច ៥០-៦០ ឆ្នាំមុន ឬ ១០០ ឆ្នាំ មុនទេ។ បើខ្ញុំព្រះករុណាខ្ញុំមិនច្រឡំទេ នៅក្នុងឆ្នាំ ១៩០៨ ក្នុងរជ្ជកាលព្រះបាទ ព្រះស៊ីសុវត្ថិ ព្រះអង្គបានបង្កើតនូវឡូត៍នេសាទ ដើម្បីប្រគល់ឡូត៍នេសាទនោះ ទៅឲ្យពួកថៅកែគ្រប់គ្រង ក៏មានចលនាតស៊ូខ្លះ នៅតំបន់ខ្លះ ដូចជា ខេត្តព្រៃវែង ដើម្បីទាមទារសិទ្ធិនៅក្នុងការគ្រប់គ្រងក្នុងការធ្វើនេសាទ។ ក៏មានការបន្ថូរបន្ថយខ្លះ ទៅលើស្ថានភាពកាត់បន្ថយឡូត៍នេសាទ ប៉ុន្តែក៏នៅរបៀបចំបាំងរាំងជល់អីច្រើនណាស់។
ដំណាក់កាលនោះ យើងអាចនិយាយបានថាជាដំណាក់កាលទឹកជ្រៅ ត្រីច្រើន តែប្រជាជនតិច។ នៅពេលដែលខ្ញុំព្រះករុណាខ្ញុំធំដឹងក្តី ក៏ខ្ញុំព្រះករុណាខ្ញុំ បានស្គាល់នូវអ្វីដែលហៅថា ធនធានត្រីច្រើន នៅក្នុងកាលៈទេសៈនោះ។ គ្រាន់តែនៅក្រោយភូមិខ្ញុំព្រះករុណាខ្ញុំ មានបឹង ៤-៥ ដែលសម្បូរទៅដោយត្រី ហើយមិនដែលរីងទេ ប៉ុន្តែ បឹងទាំងនោះមកដល់ពេលនេះ គឺរីងអស់ហើយ។ អញ្ចឹងស្ថានភាពវាខុសគ្នាដាច់ស្រឡះ។ កាលពីដើម ទឹកជ្រៅ ត្រីច្រើន ប្រជាជនតិច ប៉ុន្តែ ឥឡូវនេះ យើងទឹករាក់ ត្រីតិច ប្រជាជនច្រើន។ ចំណុចកន្លែងនេះឯង (ដែល)យើងមិនអាចពឹងពាក់តែទៅលើបញ្ហាត្រីធម្មជាតិបានតទៅទៀតទេ។ អញ្ចឹងទេ បានជាមានតម្រូវដោយមានការចាំបាច់ ក្នុងការចិញ្ចឹមត្រីតាមរយៈនៃការព្រលែងកូនត្រីនៅតាមបឹងបួរ តាមទន្លេផង ការចិញ្ចឹមត្រីនៅតាមស្រះរបស់ប្រជាពលរដ្ឋផង ការចិញ្ចឹមត្រីទៅតាមតំបន់នានា ដែលអាចចិញ្ចឹមបាន រាប់ទាំងការចិញ្ចឹមត្រីតាមស្រែរបស់ប្រជាពលរដ្ឋ ដែលបានទទួលផលរួចមកហើយ ទាំងពេលដែលទទួលផលពីស្រូវផង ក៏ទទួលផលផងដែរអំពីត្រី ដែលខ្លួនបានចិញ្ចឹម។ ច្រូតស្រូវផង ចាប់ត្រីផងទៅជាមួយគ្នា ដែលនេះជាការទទួលផលមួយបែបរបស់ប្រជាពលរដ្ឋរបស់យើង។
ការគោករាក់បឹងបួរ និងព្រែក នាំឲ្យបាត់បង់កូនត្រីធម្មជាតិ
យើងត្រូវឃើញថា ប្រទេសយើងគឺជាប្រទេសដែលមានរបបទឹកភ្លៀង និងមានរបបទឹកជំនន់។ ការគោករាក់ មិនមានអ្នកណានាំគ្នាទៅលប់បឹងនោះទេ ក៏ប៉ុន្តែ ដីល្បាប់ពីមួយឆ្នាំទៅមួយឆ្នាំ វាបានធ្វើឲ្យគោករាក់នូវទន្លេ គោករាក់នូវបឹងទាំងនោះ អមទៅដោយស្លឹកត្រស់ ស្លឹងទ្រាំង សូម្បីតែទន្លេសាបសព្វថ្ងៃនេះ គឺវាបានគោករាក់ច្រើនណាស់ទៅហើយ។ គោករាក់នៅតាមបឹងផ្នែកខាងលើ ដូច្នេះហើយបានជារៀងរាល់ឆ្នាំ នៅតាមទន្លេមេគង្គរបស់យើង ពុំមានស្ថានភាពដែលទាញយកទឹកចូលទៅក្នុងអាងនៅផ្នែកខាងក្រោម ខាងក្រោយទន្លេបានទៀតទេ។ កាលពីត្រឹម ៣០ ឆ្នាំមុន ឬ ៤០ ឆ្នាំមុននេះ ត្រីរបស់យើងវាពងនៅឯខាងលើនោះ ផ្នែកទន្លេមេគង្គខាងលើ រួចហើយកូនត្រីហ្នឹងវាហូរមក ដោយសារទន្លេមេគង្គរបស់យើងមានព្រែក និងមានបឹងនៅពីក្រោយ ដូច្នេះ ទឹកហូរគួចទាញ(កូនត្រី)ទឹកចូលទៅផ្នែកខាងក្នុង ចូលទៅតាមបឹងនានា តាមដងទន្លេមេគង្គ តាមដងទន្លេបាសាក់របស់យើង។ ក៏ប៉ុន្តែ ឥឡូវនេះ ដោយសារបឹងបួរទាំងនោះ ដោយសារព្រែកគោករាក់អស់ទៅហើយនោះ ស្ថានភាពកូនត្រីទាំងឡាយ ដែលវាកើតពីខាងលើមក វាមិនអាចទាញចូលទៅតាមបឹងបួរបានតទៅទៀតទេ ប៉ុន្តែវាធ្លាក់ទៅខាងក្រោម ផុតពីទន្លេមេគង្គក្នុងទឹកដីកម្ពុជា ចូលទៅក្នុងទន្លេមេគង្គក្នុងទឹកដីវៀតណាម ហើយវាធ្លាក់ទៅប៉ះនឹងទឹកសមុទ្រ ទឺកជូរ(ធ្វើអោយ)ស្លាប់កូនត្រីមួយឆ្នាំៗ មិនដឹងជាប៉ុន្មានលានកូននោះទេ។ បន្ថែមទៅដោយ មុខព្រះបរមរាជវាំងរបស់យើងមានការគោករាក់ ទឹកដែលហូរចូលក្នុងទន្លេសាប ដែលធ្លាប់កួចទាញកូនត្រីចូលមកក្នុងទន្លេសាប វាក៏កាត់បន្ថយ។ ដូច្នេះហើយបានជាយើងកំពុងប្រឹងប្រែង ដើម្បីស្តារ និងបូមឲ្យជ្រៅនៅតំបន់មុខព្រះបរមរាជវាំង ដើម្បីឲ្យទឹកទាញចូលទៅក្នុងទន្លេសាប ហើយទាញទាំងកូនត្រីទៅជាមួយ។
វារីវប្បកម្ម កើតតាំងពីទសវត្សរ៍ទី ៨០
ស្ថានភាពនៅក្នុងប្រទេសរបស់យើងវាបែបនេះឯង ដែលទាមទារឲ្យយើងមិនអាចពឹងពាក់បានតទៅទៀត។ ពឹងពាក់ក៏នៅតែពឹងពាក់ ក៏ប៉ុន្តែ ឲ្យពឹងពាក់ទាំងស្រុងទៅលើធនធានត្រីក្នុងទន្លេសាប ទន្លេមេគង្គ និងទន្លេ បាសាក់ និងបឹងបួរដទៃទៀត មិនគ្រប់គ្រាន់នោះទេ។ ដូច្នេះហើយបានជារឿងនេះ ខ្ញុំព្រះករុណាខ្ញុំ សូមបញ្ជាក់បន្តិច សម្រាប់គណបក្សប្រជាជនមិនមែនជារឿងថ្មីទេ ក្នុងរយៈកាលដែលខ្ញុំព្រះករុណាខ្ញុំចូលកាន់ដំណែងជានាយករដ្ឋមន្រ្តីនៅក្នុងដើមឆ្នាំ ១៩៨៥ បន្ទាប់មកប៉ុន្មានខែ យើងក៏ធ្វើមហាសន្និបាតលើកទី ៥ របស់គណបក្សប្រជាជន។ នៅក្នុងមហាសន្និបាតនោះ យើងដាក់ចេញនូវកម្មវិធីនៅក្នុងមហាសន្និបាតគណបក្ស ទាក់ទងនឹងការធ្វើវារីវប្បកម្ម ដូច្នេះ គំនិតផ្តួចផ្តើមទាក់ទិននឹងការជម្រុញការចិញ្ចឹមត្រី គឺបានកើតឡើងតាំងពីទសវត្សរ៍ទី ៨០ នៅក្នុងកាលៈទេសៈ ដែលប្រទេសយើងមានសន្តិភាពផង មានសង្គ្រាមផង។ ដោយសារស្ថានភាពប្រទេសរបស់យើងមានសង្គ្រាមមិនទាន់ចប់ ការធ្វើដំណើរការអំពីការជម្រុញការចិញ្ចឹមត្រី និងព្រលែងកូនត្រីធ្វើមិនទាន់បានហ្មត់ចត់ គត់មត់នោះទេ។ តែក្រោយមក ជាបណ្តើរៗ យើងពង្រីកនូវចលនានេះ បានធំទូលាយជាងមុន ស៊ីជម្រៅជាងមុន និងប្រសិទ្ធិភាពជាងមុន តាមរយៈកសិករជាច្រើន បានធ្វើមុខរបរចិញ្ចឹមត្រី។
ឥឡូវ ដូចដែលឯកឧត្តម វ៉េង សុខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងអម្បាញ់មិញ ទាក់ទិនជាមួយបញ្ហាដែលការចិញ្ចឹមត្រី ក្នុងមួយឆ្នាំៗ យើងត្រូវព្រលែងកូនត្រី ហើយចិញ្ចឹមត្រីទៅតាមវាលស្រែ។ ចំនួនកសិករដែលភ្ញាស់ ឥឡូវឈានដល់កសិករចេះភ្ញាស់ពូជត្រី និងអាចចែកចាយពូជត្រីដល់អ្នកដែលត្រូវការ។ យើងមិនត្រឹមតែមានលទ្ធភាពភ្ញាស់កូនត្រីទេ ឥឡូវមានលទ្ធភាពដល់ទៅភ្ញាស់បង្កង ដើម្បីលក់ជូនទៅអ្នកដែលត្រូវការចិញ្ចឹមបង្កង ឬក៏ចិញ្ចឹមខ្លួនឯងទៀតផង។ ដោយមានការសហប្រតិបត្តិការបច្ចេកទេសពីសំណាក់អង្គការ JICA របស់ជប៉ុន ជាដើម។ អញ្ចឹង ចំនួនត្រីដែលយើងបានចិញ្ចឹមនេះ គឺមានចំនួនច្រើនទៅៗ តាមរយៈការចិញ្ចឹមរបស់ប្រជាជនដោយខ្លួនឯង ហើយអាចនិយាយបានថា នៅខេត្តស្វាយរៀង គឺជាខេត្តដែលជោគជ័យមុនគេ ទៅលើការចិញ្ចឹមត្រីតាមស្រះ ឥឡូវនេះ។
ប្រវត្តិត្រីអ្នកស្វាយរៀង និងគ្រោះរាំងស្ងួតឆ្នាំនេះ
ប៉ុន្តែ អ្នកស្វាយរៀងឆ្នាំនេះ ត្រូវរកត្រី។ ប៉ុន្តែត្រីអ្នកស្វាយរៀង តាមតា (ហេង សំ)កៃ និយាយ កាលពីនៅរស់ ថា អ្នកស្វាយរៀងគឺស្រួលណាស់។ ត្រីអ្នកស្វាយរៀងគឺពូកែ ពូកែត្រង់អញ្ចេះ អ្នកស្វាយរៀងចិញ្ចឹមត្រីក្នុងស្រះ ប៉ុន្តែគាត់មិនបានធ្វើព្រួលរាំងត្រីគាត់ចេញទៅណាទេ គាត់ថាអញ្ចេះ នៅពេលដែលទឹកឡើងខ្លាំង ត្រីនៅក្នុងស្រះរបស់គាត់វាចេញទៅបាត់ទៅ មានត្រីរ៉ស់ ត្រីផ្ទក់ ត្រីអណ្តែង ត្រីក្រាញ់។ ដល់ពេលធ្លាក់ខ្យល់ពីជើង ទឹកជិតអស់ អានេះវាដឹងខ្លួនវា វានាំសង្សារនៅក្រៅ មានកូនមានចៅនៅខាងក្រៅ មានតែសង្សារទៀត នាំចូលមកក្នុងស្រះហ្នឹងវិញ។ អកុសលឆ្នាំនេះ អាចនឹងមានស្រះខ្លះរបស់អ្នកស្វាយរៀងនៅសល់ ប៉ុន្តែស្រះមួយចំនួនមិនសល់ទេ ដោយសារតែប៉ុន្មានខែមុននេះ យើងបានដឹងទាំងអស់គ្នាហើយថា ការគោករាក់ស្រះ ការគោករាក់ទាំងទឹក រហូតដល់យើងប្រើយុទ្ធនាការ ៦០ ថ្ងៃក្នុងការចែកចាយទឹកជូនប្រជាពលរដ្ឋប្រើប្រាស់ ដោយសារតែខ្វះភ្លៀង។ ឥឡូវ ភ្លៀងធ្លាក់ច្រើនណាស់រួចមកហើយ កន្លែងខ្លះមានដល់ជំនន់ទឹកភ្លៀងបានកើតឡើង ដូចជានៅខេត្តមណ្ឌលគីរី ជាដើម។ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការពេញចិត្តជាមួយនឹងការខិតខំទាំងអស់ដែលយើងបានប្រឹងប្រែងធ្វើ ហើយយើង ត្រូវធ្វើបន្ត មិនមែនព្រលែងកូនត្រីតែថ្ងៃ ០១ ខែកក្កដានោះទេ ត្រូវខិតខំព្រលែងកូនត្រីនៅគ្រប់ទីកន្លែងទាំងអស់ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង ដែលអាចធ្វើទៅបាន។
បញ្ហាឡូត៍នេសាទ
ខ្ញុំព្រះករុណាខ្ញុំ ក៏សប្បាយរីករាយដោយសារតែការកែទម្រង់ឡូត៍នេសាទ ដែលមុននេះជួបការលំបាកណាស់។ អ្វីដែលបានកើតឡើងជាង ១០០ ឆ្នាំ គឺតាំងពីបារាំងបង្កើតឲ្យមានឡូត៍នេសាទ ជារឿងឈឺក្បាលមួយរបស់រាជរដ្ឋាភិបាល។ ឯកឧត្តម វ៉េង សុខុន បានលើកឡើងក្នុងរបាយការណ៍អម្បាញ់មិញ ឆ្នាំ ២០០០ យើងបានកាត់ឡូត៍នេសាទ ដែលពេលនោះ ឯកឧត្តម ចាន់ សារុន យកចេញពីសភាមកជួបខ្ញុំពីការកាត់ឡូត៍នេសាទ ហើយក្រោយមកទាំងអស់គ្នា យើងកាត់ ៥៦% ចេញដើម្បីផ្តល់ឲ្យប្រជាពលរដ្ឋ។ ប៉ុន្តែទោះបីកាត់អស់ ៥៦% ហើយក៏ដោយ ការឈឺក្បាលសម្រាប់នាយករដ្ឋមន្ត្រី សម្រាប់រដ្ឋមន្ត្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជាសម្រាប់អាជ្ញាធរនៅតែជួបការលំបាក លំបាកត្រង់ថា ឡូត៍នេសាទនេះ វាបង្កើតនូវស្ថានភាពមួយលំបាកដល់ប្រជាពលរដ្ឋ។ ពេលដែលប្រជាពលរដ្ឋឆ្លងកាត់តំបន់ឡូត៍នេសាទនោះ ជួនកាល ត្រូវម្ចាស់ឡូត៍នេសាទចាប់ ឬក៏ចូលទៅក្នុងតំបន់ឡូត៍នេសាទនោះ ត្រូវគេចាប់។ ជម្លោះរវាងអ្នកធ្វើឡូត៍នេសាទ ជាមួយអ្នកធ្វើស្រែប្រាំង គឺតែងកើតឡើងជារឿយៗ ហើយស្ទើរតែគ្រប់កន្លែងមានស្រែប្រាំង គឺមានជម្លោះរវាងអ្នកធ្វើឡូត៍នេសាទគឺត្រូវការព្រលែង ត្រូវការដោះទឹកចេញ និងអ្នកធ្វើស្រែប្រាំង ត្រូវការរក្សាទុកទឹកដើម្បីស្រោចស្រព។
ដូច្នេះ ខ្ញុំព្រះករុណាខ្ញុំ បានសម្រេចចិត្តមួយយ៉ាងដាច់ខាត ហើយពេលនោះថា បើសិនមានអ្នកណាមួយប្រឆាំង ខ្ញុំព្រះករុណាខ្ញុំ គ្មានជម្រើសក្រៅពីដកគេចេញពីរាជរដ្ឋាភិបាល នោះគឺការលុបចោលឡូត៍នេសាទទាំងអស់នៅក្នុងផ្ទៃប្រទេស ហើយប្រគល់ឡូត៍នេសាទនោះ តំបន់នោះ ឲ្យប្រជាពលរដ្ឋដើម្បីគាត់នេសាទ។ តាំងពីពេលនោះមក ខ្ញុំព្រះករុណាខ្ញុំ លែងឈឺក្បាលទៀត ហើយលែងមានជម្លោះរវាងអ្នកនេសាទជាមួយម្ចាស់ឡូត៍នេសាទ និងមានលែងមានជម្លោះរវាងអ្នកធ្វើស្រែប្រាំង ជាមួយនឹងអ្នកឡូត៍នេសាទ ព្រោះដូចជាសហគមន៍មួយ ឡូត៍នេះជាឡូត៍របស់ពួកគាត់ទាំងអស់គ្នា ដូច្នេះពួកគាត់សម្រុះសម្រួលគ្នាទៅ ពេលណាត្រូវទម្លាក់ទឹក ពេលណាត្រូវទុកទឹកធ្វើស្រែប្រាំង។ ប៉ុន្តែជាសំណាងល្អ មន្ត្រីទាំងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជាផ្នែកដទៃទៀត មិនមានការជំទាស់លើបញ្ហានេះទេ។ ដូច្នេះបានជាប្រជាពលរដ្ឋរបស់យើង រដ្ឋបាត់បង់ចំណូលពន្ធដែលទទួលបានពីថ្លៃឡូត៍នេសាទ ប៉ុន្តែប្រជាជនគឺជាអ្នកទទួលផលពិតប្រាកដ ដែលតំបន់ដែលត្រូវនេសាទ គឺនេសាទធំទូលាយជាងមុន ហើយអ្វីដែលរដ្ឋត្រូវការ គឺរក្សាទុកតំបន់អភិរក្សមួយចំនួនសម្រាប់ឡូត៍នេសាទ។
ធ្វើស្រះក្នុងស្រះ ស្រះក្នុងបឹង
អម្បាញ់មិញ ឯកឧត្តម វេង សុខុន ក៏បាននិយាយអំពីបញ្ហាការងាប់ត្រី ហើយងាប់ត្រីនេះប្រហែលជា ២ ឬ ៣ ឆ្នាំជាប់គ្នាហើយ។ ខ្ញុំសូមធ្វើការដាស់តឿនធ្វើស្រះក្នុងស្រះ ឬធ្វើស្រះក្នុងបឹង។ បើយើងដឹងថា តំបន់ហ្នឹងជាតំបន់ដែលធ្លាប់មេត្រី ហើយធ្លាប់តែគោករាក់ អញ្ចឹងទេ យើងត្រូវជីកកន្លែងហ្នឹងឲ្យវាជ្រៅទៅ កុំឲ្យឆ្នាំណាក៏ឆ្នាំងាប់ ព្រោះងាប់ដូចជា ៣-៤ ឆ្នាំហើយជាប់គ្នា។ អញ្ចឹងល្មមហើយ ដើម្បីប្រើទុនមួយចំនួនទៅតំបន់នោះ ជីកតំបន់ហ្នឹងឲ្យជ្រៅ។ បើសិនជាទឹកវារីង ក៏មានតំបន់ដែលត្រីហ្នឹងទៅផ្តុំនៅកន្លែងហ្នឹង ហើយប្រជាពលរដ្ឋកុំទៅចាប់ត្រីក្នុងតំបន់ហ្នឹង ទុកឲ្យវាធំធាត់នៅកន្លែងហ្នឹង ដល់ពេលវាហែលចេញពីកន្លែងហ្នឹង មកដល់កន្លែងយើងវាជាប់មងរបស់យើងហើយ។ បើទៅលួចចាប់អាក្នុងហ្នឹងគឺថា អាហ្នឹងអន្តរាយហើយ។ អស់កន្លែងពូជត្រីតែម្តង ចាត់ទុកថាតំបន់នោះ ជាតំបន់ចិញ្ចឹមត្រីទុក សម្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋយើង ពេលដែលវាហែលចេញមក គឺបងប្អូនចាប់ចុះ។ ពេលដែលវានៅក្នុងហ្នឹងកុំទៅចាប់វា យើងចិញ្ចឹមវានៅក្នុងទន្លេសាប នៅក្នុងតំបន់មួយចំនួនផ្សេងទៀត។
ការបែងចែកមុខងាររបស់ក្រសួងកសិកម្ម និងក្រសួងបរិស្ថាន
ប៉ុន្តែក៏សូមបញ្ជាក់ដែរថា កន្លងទៅមានការបែងចែកមុខងាររវាងក្រសួងកសិកម្ម និងក្រសួងបរិស្ថាន ទៅលើ បញ្ហាការគ្រប់គ្រងធនធានព្រៃឈើ និងធនធានតំបន់ដែលត្រូវអភិរក្ស។ អញ្ចេះ បែងចែកមុខងារនៅក្នុងក្រប ខណ្ឌថា ផ្នែកខាងលើដីសម្បទានសេដ្ឋកិច្ចដែលមុននេះមានមួយផ្នែកគ្រប់គ្រងដោយក្រសួងកសិកម្ម មួយផ្នែកគ្រប់គ្រងដោយក្រសួងបរិស្ថាន ឯតំបន់ព្រៃអភិរក្សក៏មានមួយផ្នែកគ្រប់គ្រងដោយក្រសួងកសិកម្ម មួយផ្នែកគ្រប់គ្រងដោយក្រសួងបរិស្ថាន។ បើអញ្ចឹង ត្រូវរៀបចំឡើងវិញ តាមរយៈគំនិតផ្តួចផ្តើមរបស់រដ្ឋមន្ត្រីក្រសួង ទាំងពីរ ពិសេសគឺរដ្ឋមន្ត្រីក្រសួងបរិស្ថានតែម្តងថា ដីដែលក្រសួងបរិស្ថានបានផ្តល់សម្រាប់ការវិនិយោគត្រូវប្រ គល់ទៅឲ្យក្រសួងកសិកម្មគ្រប់គ្រង ឯក្រសួងកសិកម្មគ្រប់គ្រងតំបន់ព្រៃអភិរក្ស ត្រូវប្រគល់មកឲ្យក្រសួងបរិ ស្ថានគ្រប់គ្រង។ តែពេលនោះ ក្រសួងទាំងពីរបានដើរហួសពីនេះទៅទៀត នាយករដ្ឋមន្ត្រីយល់ព្រម ប៉ុន្តែនៅ សល់តំបន់អភិរក្សឡូត៍នេសាទនេះ តើអ្នកណាគ្រប់គ្រង? ស្រាប់តែប្រគល់ទៅឲ្យក្រសួងបរិស្ថានដែរ។ អញ្ចឹង បានជាប្រគល់ឲ្យឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ ដឹកនាំប្រជុំឡើងវិញ។ កន្លែងហ្នឹងមួយ ខ្ញុំព្រះករុណាខ្ញុំ មិនយល់ស្របទេ នៅត្រង់អញ្ចេះ ត្រង់ថា ដូចជានៅក្នុងបឹងទន្លេសាប មានជិត ៦០ ម៉ឺនហិកតាដែលយើងថាមាន តំបន់អភិរក្ស ១០ ម៉ឺនចុះ។ ហើយនៅត្រង់នេះបន្តិច ត្រង់នោះបន្តិច ឥឡូវតើវាសមហេតុសមផលទេ នៅពេលដែលតំបន់ព្រៃអភិរក្សនេះ គឺមន្ត្រីបរិស្ថានទៅនៅក្នុងហ្នឹង? នៅជុំវិញហ្នឹងគឺរដ្ឋបាលជលផល។ អញ្ចឹងទេ បានជាត្រូវទុកតំបន់អភិរក្សនោះ ឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ បន្តគ្រប់គ្រងបន្តទៀត រាប់ទាំងអន្លង់ផ្សោតនៅខេត្តស្ទឹងត្រែង និងក្រចេះ។
សម្តេចសំណេះសំណាលផ្ទាល់ជាមួយប្រជានេសាទ អំពីការចាប់ត្រីប្រចាំថ្ងៃ
អញ្ចឹងទេ យើងត្រូវបន្ត រឿងនេះត្រូវបន្តទៅទៀត។ ជម្រុញធ្វើយ៉ាងណាចិញ្ចឹមត្រី ប៉ុន្តែមិនមែនគ្រាន់តែព្រលែង កូនត្រីតូច នាំគ្នាបំផ្លាញត្រីធំនៅក្នុងរដូវត្រីពងទេ។ ខ្ញុំព្រះករុណាខ្ញុំ បានធ្វើគ្រប់យ៉ាងហើយ ដើម្បីឲ្យប្រជាពល រដ្ឋអាចទទួលបានផលច្រើន ប៉ុន្តែអម្បាញ់មិញនៅពេលដែលឯកឧត្តម វ៉េង សុខុន បានលើកឡើងថា ប្រជា ពលរដ្ឋអាចនេសាទមួយថ្ងៃបាន ២៥០ គីឡូក្រាម ស្រាប់តែឮសូរប្រជាជនស្រែកអ៊ូតែម្តង ប្រហែលដូចជាមិន មែន បានជាគាត់ដូចមិនយល់ស្រប មានបងប្អូននេសាទមកទីនេះទេ សូមអញ្ជើញដើម្បីធ្វើការសន្ទនាបន្តិច ព្រោះវាដូចជាច្រើនពេក។ (សម្តេចហៅបងប្អូនប្រជានេសាទដើម្បីសួរនាំ) ឥឡូវ នេសាទមួយថ្ងៃបានប៉ុន្មានគីឡូ? (ចំលើយ) បើត្រីត្រូវបាន ១០ គីឡូម្នាក់ បើត្រីអត់ត្រូវបាន ៦ ខាំ។ (សំណួរ) ប្រើឧបករណ៍អី? ដាក់មង! មងក្រឡាប៉ុន្មាន? ក្រឡា ៧ ផឹង, ៣ ផឹង, ៤ ផឹង, ១៣ ផឹង អត់មានក្រឡាតូចដាក់ទេ ប៉ុន្តែបានដាក់ក្នុងអន្លង់ជ្រៃហ្នឹង? ឥឡូវលែងមួយលានកូនត្រីក្នុងហ្នឹង សង្ឃឹមបានច្រើនហើយ? សប្បាយចិត្តដែរសម្តេចមកព្រលែង(ត្រីដូច)ចិញ្ចឹមប្រជាពលរដ្ឋដែរហើយ។ ប៉ុន្តែទាល់តែ យើងជាអ្នកនេសាទចូលរួមចំណែកដើម្បីការពារឡូត៍នេសាទកុំអោយគេបំផ្លាញ តាមរយៈ (ការប្រើប្រាស់ឧបករណ៍)ឆក់ អីអាមងក្រឡាញឹក ស្បៃមុង អីនោះ។
ខ្ញុំសូមអានឡើងវិញកន្លែងនេះ «អាងទឹកនេះបានផ្តល់ថាមពលវារីអគ្គិសនី ១៧០ គីឡូវ៉ាត់ និងមានអ្នកនេសាទ ២៥០ គ្រួសារ អាចចាប់ត្រីបានប្រមាណ ២៥០ គីឡូក្រាមក្នុង ១ ថ្ងៃ (សម្តេចសួរ ខុសឬត្រូវ?) ខ្ញុំយល់ថាមិនត្រូវដែរ អស់លោកបានតួលេខអញ្ចឹងៗ យកមកអានអោយប្រជាជនស្តាប់ ប្រជាពលរដ្ឋមាន ២៥០ គ្រួសារ ទទួលផលពីការនេសាទ បើលោកឯងមិនងាប់ អញ្ចឹងបានលឺសូរ(ប្រជាពលរដ្ឋ)ស្រែកអម្បាញ់មិញ។ ឥឡូវមកថែមទៀតមក ខ្ញុំចង់លេងរដ្ឋមន្រ្តីនៅមុខហ្នឹងតែម្ដង។ (សម្តេចហៅអ្នកនេសាទឡើងមកម្តងទៀត) មានអ្នកណាមួយថ្ងៃបាន ២៥០ គីឡូទេ (អ្នកនេសាទឆ្លើយថាអត់បាន) ២៥០ គីឡូ។ ច្រើនណាស់។ (អ្នកឆ្លើយបំភ្លឺថា មួយថ្ងៃបាន ១ គីឡូ ១ គ្រួសារ ដូចនេះ ២៥០ គ្រួសារបាន ២៥០ គឺឡូ)។ សូមទោស គេសរសេរត្រូវ! ល្អឡើងវិញ។ មិនមែន ១ នាក់ ចាប់បាន ២៥០ គីឡូក្រាមទេ គឺ ២៥០ គ្រួសារ ចាប់បានតែ ២៥០ គីឡូទេ ក្នុង ១ ថ្ងៃ។ អញ្ចឹង ម្នាក់បាន(ចាប់ត្រី)អត់បានដល់ ១ គីឡូទេ គេគិតជាមធ្យម។ ពេលខ្លះបាន ៨ ខាំ ពេលត្រូវត្រូវបាន ១០ គីឡូ (ពេលត្រីត្រូវ) ចាត់ទុកថាគ្រាន់បើ គ្រាន់បានចិញ្ចឹមឆ្នាំង។ (ប្រជានេសាទថា ខែនេះដាក់អត់បានត្រី សម្តេចថា ខែនេះជារដូវត្រីពងហើយ)។ ហើយខ្ញុំសុំសួរអោយត្រង់(សួរប្រជានេសាទ) រដ្ឋបាលជលផល មន្ត្រីជលផល មានទៅគៀបយកលុយទេ? (ប្រជានេសាទឆ្លើយថា អត់ទេ! គ្រាន់តែគាត់ហាមឃាត់ដែរថា ទឹកតិចខ្លាចដាក់ដាច់ពូជត្រី ហើយរដូវត្រីពង នាំគ្នាផ្អាកដាក់ខ្លះ។) ប៉ុន្តែ គាត់(មន្រ្តីជលផល)អត់ដែលទៅថា មងមួយហ្នឹងអោយខ្ញុំប៉ុណ្ណេះលុយ ប៉ុណ្ណោះលុយទេ? គាត់អត់ទេ។
អរគុណណាស់ ឥឡូវភ្លៀងធ្លាក់ហើយ ប៉ុន្តែយ៉ាងណាក៏មានរោងដែរ សុំទៅកន្លែងចុះ។ និយាយបានល្អ វេទិកាសាធារណៈរវាងនាយករដ្ឋមន្ត្រី និងពលរដ្ឋតែម្តង។ ឥឡូវសួរច្បាស់ហើយ។ នេះជាទំនាក់ទំនង ហ៊ុន សែន និងប្រជាពលរដ្ឋ ហើយវាមិនមែនជារឿងថ្មីរបស់ ហ៊ុន សែន ទេ។ តាំងពីដើម ហ៊ុន សែន ដើរតាមវាលស្រែ សួរឆ្លងឆ្លើយគ្នារហូតគ្រាន់តែពីដើមគ្មានហ្វេសប៊ុក ដល់ឥឡូវមានហ្វេសប៊ុកគឺថាគេធ្វើអញ្ចឹង។ ប៉ុន្តែពីដើម យកឯកសារឡើងមកវិញ ហ៊ុន សែន ធ្វើវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋតាមវាលស្រែច្រើនណាស់។ អម្បាញ់មិញ មិនមែនបងខ្ញុំទេ(ប្រជានេសាទ) គឺប្អូនហើយ និយាយបានត្រឹមត្រូវ ហើយប្រឹងការពារ ថាយកត្រីមកកន្លែងហ្នឹង ច្បាស់ជាជួយចិញ្ចឹមប្រជាជនហើយ។
សំណូមពរ ៧ ចំណុច
ហើយ ខ្ញុំព្រះករុណាខ្ញុំនៅក្នុងទិវាម្តងៗ តែមានសំណូមពរ អ្វីដែលជាសំណូមពររបស់ខ្ញុំព្រះករុណាខ្ញុំ នៅតែមិនបោះបង់ចោលនូវអ្វីដែលខ្ញុំបានស្នើសុំពីប្រជាពលរដ្ឋត្រឡប់មកវិញ ក្នុងពេលដែលខ្ញុំព្រះករុណាខ្ញុំ លុបចោលឡូត៍នេសាទទូទាំងប្រទេស ខ្ញុំព្រះករុណាខ្ញុំបានសុំប្រជាពលរដ្ឋ ៧ ចំណុច៖
ទី ១៖ សូមប្រជាពលរដ្ឋកុំប្រើឧបករណ៍ខុសច្បាប់ក្នុងការធ្វើនេសាទ ឧបករណ៍ខុសច្បាប់នោះ វាគ្រោះថ្នាក់ខ្លាំងណាស់ចំពោះប្រជាពលរដ្ឋ និងធនធានត្រីរបស់យើង។ នេះជាការបំផ្លាញដល់ឫសគល់(នៃពូជត្រី)តែម្តង។
ទី ២៖ សូមកុំចាប់ត្រីក្នុងរដូវហាមឃាត់ គឺក្នុងរដូវត្រីពង។ រយៈកាលនេះ ក្នុងដំណាក់កាលត្រីពង ត្រូវខិតខំរក្សាត្រីនេះ។ យើងទទួលទានត្រីមួយក្បាលដែលវាមានពង មិនមែនអស់តែមួយក្បាលទេ វាអស់រាប់សែន រាប់ម៉ឺនក្បាលឯណោះ។ ប៉ុន្តែ បើទុកឲ្យវាញាស់ទៅជាកូនត្រី រង់ចាំពេលរដូវនេសាទមកដល់ ពីត្រីមួយក្លាយទៅជា ១ ម៉ឺនត្រី យើងថាប៉ុណ្ណឹងទៅចុះ។ ឯកឧត្តម ណៅ ធួក តើត្រីមួយក្បាលជាធម្មតាពងប៉ុន្មាន ? ត្រីឆ្ពិនទម្ងន់ ១ គីឡូ ពងបានកន្លះលាន អញ្ចឹងទេ បើយើងស៊ីត្រីឆ្ពិនមួយក្បាលនេះ វានឹងសម្លាប់កូនត្រីអស់កន្លះលាន តែបើយើងទុកត្រីមួយក្បាលនេះ អោយវាកូនហើយ ពេលរដូវ(នេសាទ)ត្រីមកដល់យើងនឹងបានត្រីកន្លះលាន និង ១ ក្បាល រាប់ទាំងមេវានោះ។ អញ្ចឹង រឿងនេះរឿងយើងទាំងអស់គ្នា។
ទី ៣៖ សូមកុំកាប់ព្រៃលិចទឹកដែលជាជម្រកត្រីពង និងសូមជួយដាំព្រៃលិចទឹក។ ឥឡូវនេះ ចលនាដាំព្រៃលិចទឹក ទាំងនៅទន្លេសាបក៏មាន ទាំងនៅមាត់សមុទ្រក៏មាន ក៏ប៉ុន្តែ ការកាប់ព្រៃលិចទឹកនៅទន្លេសាបក៏មាន ការកាប់ព្រៃកោងកាងនៅតាមតំបន់ឆ្នេរសមុទ្រក៏មាន។ អញ្ចឹង ទូទាត់ទៅ វាអត់ចំណេញទេ ផ្នែកខាងក្រោម ខ្ញុំព្រះករុណាខ្ញុំ នឹងនិយាយទៅដល់ការចូលរួមដែល ឯកឧត្តម វ៉េង សុខុន បានលើកឡើង។
ទី ៤៖ សូមជួយការពារតំបន់អភិរក្ស រាប់ទាំងការជួយផ្តល់ព័ត៌មាន អំពីជនខិលខូច ឬមន្ត្រីខិលខូចចូលទៅបំផ្លាញក្នុងតំបន់អភិរក្ស និងត្រូវបោះបង្គោលនៅក្នុងតំបន់អភិរក្សនោះ។ អញ្ចឹងទេ សូមប្រជាពលរដ្ឋជួយការពារតំបន់អភិរក្ស រាប់ទាំងជួយផ្តល់ព័ត៌មានអំពីពួកខិលខូច និងមន្ត្រីខិលខូច ដែលចូលទៅបំផ្លាញតំបន់អភិរក្សនោះ។ នៅក្នុងតំបន់អភិរក្ស គេឆក់ឱកាសតែ ៣ ម៉ោង ធ្វើសកម្មភាព គឺស្មើនឹងអ្នកចាប់ត្រីនៅខាងក្រៅ ១ ឆ្នាំ ឯណោះ ព្រោះតំបន់នោះសុទ្ធតែត្រី ហើយត្រីធំទៀត។ សម័យឥឡូវ ឧបករណ៍វាទំនើបណាស់ ឧបករណ៍ខាងផ្នែកនេសាទក៏ទំនើប ឧបករណ៍កាប់ឈើក៏ទំនើប។ ពីដើម កាប់ឈើអត់មានអីផង មានតែពូថៅ ផូងៗ ប៉ុន្តែឥឡូវរណារយន្តទៅតែម្តងនិយាយពីលឿន។ អញ្ចឹងទេ ត្រូវជួយគ្នាការពារតំបន់អភិរក្សនោះ ការពារតំបន់ហ្នឹង ដូចជាការពារត្រីរបស់យើងសម្រាប់ពេលយើងចាប់ នៅពេលដែលវាហែលចេញពីតំបន់នោះ។
ទី ៥៖ សូមកុំយកបឹង ព្រែក ប្រើខុសគោលដៅនេសាទគ្រួសារ ដូចជាយកដាំឈូក ចាក់លុបដី និងសាងសង់សំណង់ផ្សេងៗ។ បឹងជាច្រើនរបស់យើង ត្រូវបានប្រើប្រាស់ខុសគោលដៅ តាមរយៈ ជួនកាលកន្លែងខ្លះយកទៅដាំឈូក។ អាដាំឈូកនឹងឆាប់រាក់ណាស់ បឹងអាករឃុំជាច្រើន ដែលនៅក្រោយភូមិ ក្លាយទៅជាកន្លែងដំាឈូក ឬក៏ទៅធ្វើអ្វីផ្សេង ហើយកន្លែងខ្លះចាក់លុបយកដីនឹងថែមទៀត ដើម្បីទន្ទ្រានយកដី។ នេះគឺជាចំណុចដែលគួរត្រូវជៀសវាង បើយើងធ្វើអោយជ្រៅ អាហ្នឹងបង្កើតទៅជាអាងស្តុបទឹកសម្រាប់ប្រើប្រាស់ផង និងសម្រាប់ត្រីផងដែរ ដែលយើងត្រូវខិតខំធ្វើនូវកិច្ចការងារនេះ។
ទី ៦៖ សុំកុំអោយមានទំនាស់ប្រជាជន និងប្រជាជន លើបញ្ហានេសាទ។ ប្រជាជន និងប្រជាជន លើបញ្ហាអ្នកនេសាទ ជាមួយអ្នកធ្វើស្រែប្រំាង និងទំនាស់ដែនទឹក ឃុំ ស្រុក ខេត្ត។ ចំណុចនេះ ជាចំណុចដែលខ្ញុំព្រះករុណាខ្ញុំ អំពាវនាវ ព្រោះវាមានទំនាស់បានកើតឡើង។ ទោះបីបានកាត់បន្ថយហើយក្តី ក៏ប៉ុន្តែនូវសេសសល់ទំនាស់ខ្លះ ដោយសារការប្រកាន់ភូមិ ឃុំ។ ឡូត៍អាករឃុំនៅឃុំមួយ ប្រជាជននៅក្នុងភូមិនេះ មិនស្វាគមន៍ប្រជាជនមកពីតំបន់ផ្សេងមកនេសាទនៅកន្លែងនេះទេ។ ដូចជាអ្នកនៅតំបន់អន្លង់ជ្រៃនេះ ប្រហែលជាមិនស្វាគមន៍អ្នកដែលមកពីចម្ងាយទេ យើងកុំប្រកាន់យ៉ាងដូច្នេះ។ ម្យ៉ាងទៀត ទំនាស់ដែនទឹករវាងខេត្តមួយ ស្រុកមួយ ឃុំមួយ កុំអោយមាន ព្រោះនេះមិនមែនសមុទ្រចិនខាងត្បូងទេ ដែលគេទាស់គ្នា ដណ្តើមគ្នា ហើយក៏មិនមែនជាទំនាស់ដែនទឹកប្រទេសនេះ និងប្រទេសនោះ ដែលតែងមាននៅលើពិភពលោកនោះទេ គ្រាន់តែជាតំបន់រដ្ឋបាលតែប៉ុណ្ណោះ អ្នកនៅខេត្តនេះ អ្នកនៅខេត្តនោះ គឺប្រជាជនខ្មែរដូចតែគ្នាទេ គ្រាន់តែជាតំបន់រដ្ឋបាលគ្រប់គ្រងតែប៉ុណ្ណោះ។
ទី ៧៖ សូមចូលរួមទិវាមច្ឆជាតិ ១ កក្តដា និងជម្រុញការចិញ្ចឹមត្រី ធ្វើវារីវប្បកម្ម រក្សាទុកត្រីធំៗ ឬជិតផុតពូជ ឬការភ្ញាស់កូនត្រី បង្កង ត្រីខ្លះវាជិតផុតពូជ។ ហើយអរគុណផងដែរអ្នកនេសាទមួយចំនួនពេលដែលចាប់បានត្រីធំ គាត់អត់សម្លាប់អាត្រីហ្នឹងទេ គាត់រាយការណ៍អោយមន្ត្រីជលផល ហើយប្រគល់អោយយើងយកទៅលែង ជាការអរគុណណាស់ ត្រីរាជ ត្រីអីខ្លះចាប់បានអាធំៗគាត់ខិតខំថែរក្សា ហើយគាត់ប្រគល់មកអោយយើង ដើម្បីព្រលែងត្រឡប់ទៅវិញ។
ខ្ញុំព្រះករុណាខ្ញុំ នៅតែទទូចអោយប្រជាពលរដ្ឋចូលរួម ហើយប្រជាពលរដ្ឋដែលចិញ្ចឹមត្រី ឬចិញ្ចឹមបង្កង អ្នកណាដែលទទួលផល មិនមែនរដ្ឋជាអ្នកទទួលផលទេ ហើយមិនមែនគ្រួសារអ្នកដទៃមកទទួលផលទេ គឺប្រជាពលរដ្ឋខ្លួនឯងជាអ្នកទទួលផល។ ហើយទីផ្សារលក់ត្រី គឺវាមិនចំណោទទេ បើខ្ញុំព្រះករុណាខ្ញុំ គឺប្រើត្រីច្រើនណាស់។ ម្នាក់ឯង មួយថ្ងៃជាមធ្យម អស់ត្រីមួយក្បាល មធ្យម។ ឥឡូវគិតថា មួយឆ្នំា ៣៦៥ ថ្ងៃ គឺអស់ត្រី ៣០០ ក្បាលចុះ ដោយសារថ្ងៃខ្លះ ប្រពន្ធធ្វើបាញ់ឆែវ ឬក៏ធ្វើបាញ់ហយ អញ្ចឹងយើងអត់ប្រើប្រាស់ត្រីទេ ប៉ុន្តែស្ទើរតែជាទំលាប់ទៅហើយ។ ព្រឹកត្រីចៀនមួយ អាត្រីឆ្ពិនរបស់យើងចិញ្ចឹមហ្នឹង។ ព្រោះស្រះខ្ញុំខ្វះអីត្រី។ និយាយរឿងដល់បញ្ហាត្រីព្រះតេជព្រះគុណ លោកយាយ លោកតា នៅអោយតែស្ងៀមទៅ ព្រោះគេហាម ហើយ តែហាមតែត្រីរស់ទេ រឿងត្រីស្លាប់អត់អីទេលោកយាយ។
រឿងមិនធ្វើខ្លួនឯង ញុះអោយអ្នកដទៃធ្វើ
ប៉ុន្តែករណីនេះ ខ្ញុំព្រះករុណាខ្ញុំ ធ្លាប់និយាយលេង រឿង «បូញមាត់ បត់ដុំដៃ» ប្រហែលជានិយាយដូចជាច្រើនឆ្នំាហើយដែរ។ គួររំលឹកម្តងឡើងទៀត អ្វីទៅដែលហៅថា «បូញមាត់ បត់ដុំដៃ» នេះ។ ជាគតិលោកមួយ។ មិនធ្វើខ្លួនឯង តែញុះអោយគេធ្វើ។ រឿងពីរទៅចុះ៖ រឿងទី ១ ព្រះសង្ឃមួយអង្គធ្វើដំណើរមកពីចំងាយ កាត់ទំពាំងមួយ នៅក្នុងខែចេត្រ។ ត្រពាំងហ្នឹងវារីង ដល់អញ្ចឹងមើលទៅសុទ្ធតែត្រី មានអណ្ដែង ត្រីរស់ ត្រីក្រាញ់ ត្រីគ្រប់មុខនៅពេញហ្នឹង (ក៏នឹកថាបើ)អញចាប់ខ្លួនឯងក៏វាមិនកើត អញ្ចឹងធ្វើជាដាក់ឆ័ត្រមួយចោលនៅត្រពាំងហ្នឹង (ហើយ)មកដល់វត្ត ប្រាប់កូនសិស្សថា អាត្មាភ្លេចឆ័ត្រមាត់ត្រពាំង។ ដល់កូនសិស្សទៅ ឃើញឆ័ត្រ វាមិនមែនសម្លឹងតែឆ័ត្រហ្នឹងណា វាឃើញត្រីហ្នឹង ក៏កាយយកមក។ ព្រឹកឡើងបានលោកបាត់។ រឿងហ្នឹងមានបាបលោកឯងណា? ហ្នឹងហើយព្រះសង្ឃមិនធ្វើខ្លួនឯងទេ។ រឿងមួយទៀត បានទៅដល់ដូនជី និងតាជី ទៅសុំសីល វាគាប់ជូនមុនពេលដែលទៅសុំសីលយប់ហ្នឹងវាភ្លៀង ហើយត្រីវាឡើង វាមានត្រីអណ្ដែង ត្រីក្រាញ់ វាឡើងហើយវាចុះទៅវិញមិនទាន់អស់។ គាត់ទៅវត្ត។ មកវិញឃើញត្រីហ្នឹងនៅតាមហ្នឹង។ គាត់ក៏ដាក់សាជីមួយចោលនៅហ្នឹង មកដល់ផ្ទះ ក៏ហៅចៅថា យាយតាភ្លេចសាជីនៅក្បែរស្រះ ឬក្បែរត្រពាំង។ ចៅនោះក៏មករក ដល់មករក វាឃើញត្រី កាច់កយកទៅស្ងោរអោយយាយតាថ្ងៃហ្នឹងបណ្ដោយ។ រឿងវាអញ្ចឹង។
ករណីនេះ អ្នកនយោបាយក៏ដូចគ្នា បានវាទៅមានរឿង។ មិនធ្វើខ្លួនឯងទេ ញុះអោយអ្នកដទៃធ្វើ។ និយាយដល់រឿងកន្លែងហ្នឹង ខ្ញុំព្រះករុណាខ្ញុំ សុំសួរដូចជាល្ងង់បន្ដិចទៅចុះ សុំសួរដល់អ្នកសុំសីលតែម្ដង៖ មានមនុស្សពីរនាក់ ឥឡូវខ្ញុំព្រះករុណាខ្ញុំ និយាយថា ឯកឧត្តម យឹម ឆៃលី និងឯកឧត្តម ចាន់ សារុន ទៅចុះ។ និយាយពីរនាក់ហ្នឹង ឯកឧត្តម យឹម ឆៃលី គាត់ទៅចាក់ក្រឡេកបង ចាន់ សារុន។ បង ចាន់ សារុន ភ្ញាក់ក្រវៀសដៃមកបាក់ធ្មេញរបស់ យឹម ឆៃលី។ ឥឡូវសុំសួរបន្តិច តើអ្នកចាក់ក្រឡេកខុស ឬអ្នកភ្ញាក់ធ្វើអោយគេបាក់ធ្មេញខុស? សុំសួរលោកតា លោកយាយ។ ខុសអាអ្នកចាក់ក្រឡេកគេ ឬខុសអាអ្នកភ្ញាក់? សុំអ្នកទំាងអស់គ្នាកត់ត្រាទុក។ សូមអ្នកអង្គទូតស្តាប់ ព្រោះចាស់ៗ ឆ្លើយថា អ្នកចាក់ក្រឡេកគេជាអ្នកខុស។ អាហ្នឹង ខ្ញុំព្រះករុណាខ្ញុំ សុំកត់ត្រាមួយ។
សុំសួរមួយទៀត ឥឡូវរវាង ប៊ិន ឈិន និង ជាមួយតា ងន, ពីរនាក់កំពុងតែដើរស្ងៀមស្ងាត់ ស្រាប់តែតា ងន ស្រែកថា អឺ! អា ឈិន ហែ្អងភ័យហែ្អងជិតងាប់ហើយ។ ដល់ឯណោះឆ្លើយត្រឡប់មកវិញ ស្អីអាគុក ឥឡូវសុំសួរអ្នកស្រែកមុនថា ហែ្អងភ័យហែ្អងជិតងាប់ហើយ ដល់អ្នកជេរត្រឡប់មកវិញថា អាគុក ព្រោះខ្មែរយើងច្រើន ជួនកាលអាគុក ភាសាអ្នកស្រែ និយាយរួមភាសាសាមញ្ញ គ្មានអីលើសពីអាគុកទេ។ ប៉ុន្តែឥឡូវសុំសួរ តើអ្នកដែលទៅញុះគេជាអ្នកខុស ឬអ្នកជេរហ្នឹងអ្នកខុស។ អ្នកណា អាញុះគេថា គេភ័យជិតងាប់ហ្នឹងហី្អ! អាហ្នឹងអ្នកខុស។ បើអញ្ចឹង តា ងន អ្នកខុស មិនមែន ឈិន ទេ អ្នកខុស។ សុំកត់ត្រាមួយទៀត។ ទំាងអ្នកការទូតក៏កត់ត្រាដែរ។ សុខៗ ស្រាប់តែគេមកថា។ អញ្ចឹងទេ បើកុំតែបង្កហេតុ តើអ្នកនោះគេតមកធ្វើអី។ ហ្នឹងសច្ចធម៌។ រឿងនឹងវាមានកើតអញ្ចឹង។ សុខៗ មកញុះ ដល់ពេលញុះវាភ្ញាក់ ដល់ភ្ញាក់ទៅបាក់ធ្មេញ ដល់បាក់ធ្មេញទៅ វាដួលម្នាក់ហ្នឹងទៅ …។
ឥឡូវសុំសួរដូចឆោតមួយទៀត បើសិនជា ឥឡូវខ្ញុំព្រះករុណាខ្ញុំ អត់លើកឧទាហរណ៍ទេ មានបុរសម្នាក់គាត់មានប្រពន្ធត្រឹមត្រូវ ស្រាប់តែគេចោទថាប្រពន្ធគាត់ជាស្រីសំផឹង ស្រីខូច ហើយគាត់តបតត្រឡប់ទៅវិញ អ្នកណាខុស? (ចម្លើយ) អ្នកចោទខុស។ អរគុណណាស់បានឆ្លើយ។ អញ្ចឹងមិនមែនអ្នកតបតខុសទេណា អាអ្នកចោទគេខុសហើយ។ អរគុណ។ សុំអញ្ជើញកត់ត្រាទៀត។ ព្រោះករណីនេះ វាមានករណីនៅស្រុកខ្មែររបស់យើងនេះ។ អាបូញមាត់ បត់ដុំដៃ នេះវាកើតមានហើយ។ អានេះក្លែងក្លាយ អានេះអញ្ចេះ អានោះអញ្ចុះ ខ្លួនឯងមិនធ្វើ អោយគេធ្វើ ដល់ទៅវាដោយទំាងអស់ទៅ។ អាហ្នឹងវាមានគតិលោក។ វាមានរឿងជាក់ស្តែងរបស់វា។ សុំសួរតាមផ្លូវព្រះធម៌ លោកសង្ឃដែលប្រើកូនសិស្សទៅកាច់កត្រីតាមរបៀប មិនធ្វើខ្លួនឯង តើមានបាប ឬអត់ព្រះតេជព្រះគុណ? រួចចុះយាយហើយនិងតា ប្រើចៅទៅយកសាជី កាច់កត្រីមក បាបឬអត់? អញ្ចឹង ទូទាត់លាត់សើយទៅ។ សុំសីលអត់បានការ …។
ផ្នែករដ្ឋ សង្គមស៊ីវិល ប្រជាពលរដ្ឋ និង ដៃគូអភិវឌ្ឍន៍ ចូលរួមអភិរក្សធនធានធម្មជាតិ
កន្លងទៅនេះ យើងបានធ្វើកិច្ចការងារមួយចំនួនហើយ នៅក្នុងកំណែទម្រង់ដីធ្លី កំណែទម្រង់ព្រៃឈើ កំណែទម្រង់ឡូត៍នេសាទ ប៉ុន្តែអ្វីក៏ដោយ យើងមិនអាចជោគជ័យដោយខ្វះការចូលរួមនោះទេ។ កិច្ចការពារធនធានធម្មជាតិរបស់យើង ត្រូវធ្វើឲ្យបានខ្លាំងជាងមុន (ឲ្យមាន)ប្រសិទ្ធិភាពជាងមុន និងមានការចូលរួមទាំងអស់គ្នា ទើបគង់វង្សបាន។ មិនថាបឹងបួរ ទន្លេនោះទេ ត្រូវធ្វើទាំងអស់គ្នា។ ខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះ អំពាវនាវឲ្យទាំងផ្នែករដ្ឋ សង្គមស៊ីវិល និងប្រជាពលរដ្ឋ ក៏ដូចជា ដៃគូអភិវឌ្ឍន៍ ចូលរួម នៅក្នុងការអភិរក្សធនធានធម្មជាតិរបស់យើង។ មុននេះវាហាក់ដូចជានៅម្ខាងម្នាក់ រវាងសង្គមស៊ីវិល ឬក៏សកម្មជនដែលការពារព្រៃឈើជាមួយនឹងម្ខាងទៀត។ ខាងផ្នែករដ្ឋដែលមើលមុខគ្នាមិនត្រង់ទៅវិញ គោលដៅដូចគ្នា ក៏ប៉ុន្តែ (បែរ)ជានៅម្ខាងម្នាក់។ នេះជាកំហុសមួយដែលយើងត្រូវកែប្រែឥរិយាបថ ហើយអ្នកដែលត្រូវកែប្រែឥរិយាបថ គឺផ្តើមចេញពីខាងផ្នែករាជរដ្ឋាភិបាលហ្នឹងតែម្តង។ ខ្ញុំព្រះករុណាខ្ញុំ ទទួលស្គាល់ថា មានកន្លែងខ្លះក៏សហប្រតិបត្តិការបានល្អ ដូចជា អង្គការអភិរក្សសត្វព្រៃ ជាមួយនឹងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការផ្សេងទៀត ជាមួយនឹងផ្នែករដ្ឋ ប៉ុន្តែ ក៏នៅសេសសល់ មានផ្នែក ដូចជា សមាគមន៍ ឬសហគមន៍ការពារព្រៃឡង់ ជាមួយនឹងមន្ត្រីរដ្ឋបាលព្រៃឈើ ហាក់ដូចជាមិនត្រូវគ្នា។
ខ្ញុំព្រះករុណាខ្ញុំ ក៏ចេះតែឆ្ងល់ថា ចុះបើទាំងអស់គ្នាសុទ្ធតែមានគោលដៅថា ហាមឃាត់ការកាប់ឈើ ម៉េចក៏មិនអាចធ្វើជាមួយគ្នាបាន? អញ្ចឹងទេ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ លើកគំនិតផ្តួចផ្តើមមួយចំនួនមកពិភាក្សាដល់ផ្ទះ រៀបចំដើម្បីប្រមូលមនុស្សទាំងអស់ ដែលចូលរួមការពារធនធានធម្មជាតិ ដែលចង់ការពារព្រៃឈើ ឬក៏តំបន់ឡូត៍នេសាទ ដើម្បីមកចូលរួមជាមួយយើង។ ចលនាមានច្រើនណាស់ គ្រាន់តែយើងមិនចេះប្រមូលផ្តុំកម្លាំង ហើយកម្លាំងនេះវាបែកខ្ញែក កម្លាំងរដ្ឋផ្សេងទៅ កម្លាំងប្រជាជនផ្សេងទៅ សង្គមស៊ីវិលផ្សេងទៅ។ អញ្ចឹងទេ ខ្ញុំព្រះករុណាខ្ញុំ អំពាវនាវពីផ្នែករដ្ឋត្រឡប់ទៅវិញ ឲ្យប្រមូលផ្តុំកម្លាំងទាំងនោះចូលរួមជាមួយយើង។ ដូចជាកន្លងទៅ សូម្បីតែ កញ្ញា មាស សុខសោភា គាត់ទៅបំបួសដើមឈើ ហ្នឹងជាផ្នែកមួយដែលត្រូវតែជម្រុញចលនាហ្នឹងឲ្យវាទៅមុខ។ បានអ្នកចម្រៀងដ៏ល្បីល្បាញម្នាក់ចូលរួមនៅក្នុងចលនាហ្នឹង នឹងទាញអ្នកដទៃទៀត ឲ្យចូលរួមចលនាហ្នឹងតែម្តង។ ជួនកាលអ្នកចម្រៀងល្បីៗ គាត់ចូលរួមនៅក្នុងចលនាហ្នឹង តួភាពយន្តល្បីៗគាត់ចូលរួមនៅក្នុងចលនាហ្នឹង ទៅធ្វើ Concert នៅក្នុងហ្នឹងមួយយប់អញ្ចឹងទៅ រួចហើយព្រឹកឡើងនាំគ្នាដាំដើមឈើ នាំគ្នាធ្វើអ្វីដែលវាមានផលប្រយោជន៍ឲ្យការរីកលូតលាស់ នៃដើមឈើរបស់យើង។ យើងមិនត្រឹមតែការពារព្រៃដែលកំពុងមានទេ ត្រូវដាំថែមទៀត ដូច្នេះ ប្រើគ្រប់ចលនាទាំងអស់ ដើម្បីចូលរួមនៅក្នុងការការពារព្រៃឈើ។
ពិតហើយ គាត់មិនអាចក្លាយខ្លួនជាស្វ័យប្រវត្តិទៅជាមន្ត្រីរដ្ឋបាលព្រៃឈើ ទៅជាអនុរក្សព្រៃឈើនោះទេ ហើយគាត់ក៏មិនអាចក្លាយខ្លួនទៅជានគរបាលយុត្តិធម៌មានដែរ ប៉ុន្តែ គាត់ជាជំនួយការឲ្យអាជ្ញាធរសាធារណលើកិច្ចការពារធនធានធម្មជាតិ ទាំងលើកដី ទាំងក្រោមដី និងក្រោមទឹក។ កន្លែងខ្លះបូមខ្សាច់ បូមទាល់តែខ្ទេច គ្មានការត្រួតពិនិត្យរបស់អាជ្ញាធរ មិនមែនខ្ទេចត្រឹមតែធ្វើឲ្យបាក់ច្រាំងទន្លេទេ ប៉ុន្តែ ខ្ទេចទាំងផ្លូវទៀត ព្រោះដឹកវា ធ្ងន់។ អញ្ចឹង ត្រូវរៀបចំឲ្យទៅជាចលនាជាតិ ទាំងផ្នែករដ្ឋ និងការចូលរួមរបស់ប្រជាពលរដ្ឋ ក៏ដូចជា អង្គការក្រៅរដ្ឋាភិបាល។ ឯខាងផ្នែករដ្ឋជួនកាលជាសមានចិត្តដោយសារការចូលរួមរបស់គាត់ ខែភ្លៀង អញ្ចឹង យើងប្រគល់អាវភ្លៀងជូនគាត់មួយទៅ ដែលគាត់ប្រឹងប្រែងចូលរួម វាអត់មានអីខុសទេ ដើម្បីគាត់ពាក់ទៅការពារទឹកភ្លៀង ទៅធ្វើចម្ការផង ទៅធ្វើស្រែផង ជួនកាលគាត់ចូលព្រៃផង ដើម្បីឃ្លាំមើលអ្នកលួចកាប់ឈើ ហើយគាត់រាយការណ៍មកឲ្យយើង។
ការចូលរួមក្នុងការការពារព្រៃឈើ អត់មានអីខុសទេ ការចូលរួមការពារនូវធនធានធម្មជាតិ អត់មានអីខុសទេ អ្វីដែលខុសកុំតាំងខ្លួនធ្វើជាអាជ្ញាធរ កុំតាំងខ្លួន ធ្វើជានគរបាលយុត្តិធម៌ ដូចជា អង្គការខ្លះក្លែងខ្លួនទៅដាក់បារ៉ាស់តាមផ្លូវ ជាពិសេស ផ្លូវជាតិលេខ ៧ មានអាហ្នឹង ហើយផ្លូវជាតិលេខ ៥ នៅតំបន់កំពង់ឆ្នាំងក៏មានដែរ … មានអង្គការមួយគាត់មកតាំងខ្លួនធ្វើជាអ្នកដាក់បារ៉ាស់ចាំចាប់ពួកអ្នកដឹកឈើ។ អត់មានកាតព្វកិច្ចអ្នកឯងត្រូវធ្វើទេ។ ត្រូវរាយការណ៍ឲ្យអាជ្ញាធរ ឲ្យនគរបាលយុត្តិធម៌ជាអ្នកចាប់ មិនមែនតាំងខ្លួនជាអាជ្ញាធរបានទេ។ ហើយក៏មិនអាចក្លាយខ្លួនទៅជាមន្ត្រីរាជការទទួលបានបៀវត្សរ៍នោះទេ។ ប្រសិនបើរដ្ឋមើលឃើញថា វាមានការចាំបាច់ អាចត្រូវផ្តល់នូវមធ្យោបាយខ្លះ។
រឿងនេះ ទាមទារឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងបរិស្ថាន, ក្រសួងរ៉ែ និងថាមពល បីស្ថាប័ននេះសំខាន់ រៀបចំលិខិតបទដ្ឋានខ្លះ ឬគោលនយោបាយខ្លះ ដើម្បីដាក់ចេញហើយទាក់ទាញការចូលរួមភារកិច្ចរបស់ពួក ត្រឹមកម្រិតណា? ប្រើ(ឲ្យ)អស់សក្តានុពល … ខ្ញុំព្រះករុណាខ្ញុំ អំពាវនាវឲ្យក្លាយទៅជាចលនាជាតិ ចូលរួមទៅជាមួយគ្នា ហើយមើលគ្នាជាជនជាតិខ្មែរ ដែលរួមគ្នាការពារទឹកដី ការពារធនធានធម្មជាតិរបស់ប្រទេសរបស់យើង មិនត្រូវនៅម្ខាងម្នាក់ ហើយរហូតទៅដល់មានជម្លោះជាមួយគ្នានោះទេ។ ឥឡូវឧទាហរណ៍៖ ព្រៃ ១០ ម៉ឺន ហិកតា អនុរក្សត្រឹមតែ ១០ នាក់ ធ្វើម៉េចវាគ្រប់គ្រាន់? បើមានសង្គមស៊ីវិល ឬក៏ប្រជាពលរដ្ឋចូលរួម គឺមនុស្សកាន់តែច្រើន ដើម្បីជួយការពារ អញ្ចឹង យើងត្រូវធ្វើកិច្ចការងារនេះ។
សង្ឃឹមថា ពីពេលនេះតទៅនឹងមានកម្លាំងជាតិមួយដើម្បីរួមគ្នាការពារ។ ឥឡូវ បងប្អូនណាចង់ទៅបំបួស ដើមឈើណា (សូមអញ្ជើញ)ទៅ ព្រោះអញ្ចេះ លោកយាយ លោកតា ក្រែងយើងមិនមានភូមិទេវតា អាកាសទេវតា រុក្ខទេវតា … បានសេចក្តីថា អ្នកដែលកាប់ឈើហ្នឹងកាប់ទេវតាតែម្តង ទេវតាកាច់ណ៎ា! ភូមិទេវតា គឺដី។ អាកាសទេវតា គឺខ្យល់។ ហើយរុក្ខទេវតា គឺដើមឈើ។ ជួនកាលអ្នកខ្លះការហើយគាត់ចង់ទៅដាំដើមឈើ។ ខ្ញុំបង្កើតសួនអាពាហ៍ពិពាហ៍នៅក្រាំងយ៉ូវតាំងពីឆ្នាំ ១៩៩៥ ឯណោះ។ មកដល់ពេលនេះ ២១ ឆ្នាំហើយ។ ការមួយគូ ទៅដាំដើមឈើពីរនាក់ ម្នាក់មួយដើម ប៉ុន្តែអ្នកខ្លះដាំដើមឈើរួចហើយ មិនទាន់ទាំងដុះស្រួលបួលផងលែងគ្នាបាត់។ ចលនាដាំដើមឈើនៅតាមទីអារាមនានាដែលមានដីដាំ គឺជារឿងល្អណាស់។ តាមដឹង កញ្ញា ធី សុវណ្ណថា នេះ អ្នកលេងហ្វេសប៊ុក គាត់ធ្លាប់ដឹកនាំក្រុមធ្វើដំណើរទៅតំបន់អារ៉ែង ជាចលនាជួយការពារមួយ។ ជំរុញលើកទឹកចិត្តអោយពួកគាត់បន្តទៅ ព្រោះវាអត់មានអីខុសទេ អោយទៅជួយការពារព្រៃឈើ កុំទៅជួយកាប់ឈើ កុំទៅជួយលួចលាក់ឈើ។
ប្រជាពលរដ្ឋទាំងអស់ស្រឡាញ់ព្រៃឈើ ហើយគាត់ក៏ចូលរួមស្អប់ខ្ពើមចំពោះឈ្មួញ និងពួកអ្នកកាប់ឈើដែរ។ អញ្ចឹងសូមអោយពិនិត្យរៀបចំជាក្របខណ្ឌគោលនយោបាយខ្លះ ដើម្បីអោយទៅជាកិច្ចការមួយដែលចូលរួមទាំងអស់គ្នា ផលប្រយោជន៍ធំបំផុត គឺផលប្រយោជន៍ជាតិ។ ឥឡូវយើងមិនយល់ត្រង់ថា កន្លងទៅ យើងហាក់ដូចជាមានកំហុសលើកន្លែងហ្នឹង។ យើងថា កុំកាប់ឈើ, សង្គមស៊ីវិលថា កុំកាប់ឈើ, ប្រជាពលរដ្ឋថា កុំកាប់ឈើ, អង្គការក្រៅរដ្ឋាភិបាលថា កុំកាប់ឈើ, ដៃគូអភិវឌ្ឍថា កុំកាប់ឈើ ស្រាប់ដល់ពេលធ្វើការបែកខ្ញែកគ្នា។ រឿងកន្លែងហ្នឹង។ អញ្ចឹងបើគង់តែមានគោលដៅដូចគ្នា យើងត្រូវធ្វើសកម្មភាពរួមគ្នា។ ខ្ញុំគិតថា ប្រហែលជាឯកឧត្តម George Edgar អគ្គរដ្ឋទូតអឺរ៉ុបអាច(យល់)ស្រប ព្រោះត្រូវការពារឈើ ដាំដើមឈើ ព្រលែងកូនត្រី។ ធនធានធម្មជាតិរបស់យើងជាមាស ជារ៉ែក្រោមដី រាប់ទាំងខ្សាច់។
ការបូមខ្សាច់ស្ដារទន្លេមេគង្គ ទន្លេបាសាក់ និងទន្លេសាប
(ខ្សាច់)កន្លែងណាត្រូវបូម កន្លែងណាមិនត្រូវបូម ព្រោះអញ្ចេះ កន្លែងខ្លះជ្រុលហួស។ ជ្រុលហួសត្រង់អញ្ចេះ ទន្លេមេគង្គ ទន្លេបាសាក់ និងទន្លេសាប ទាមទារអោយបូមហើយ បើមិនបូមទេ ថ្ងៃក្រោយអត់មានចរាចរណ៍ផ្លូវទឹកបានទៀតទេ រាប់ទាំងមុខព្រះបរមរាជវាំងអត់មានកន្លែងអុំទូកងទេ ព្រោះវាគោករាក់អស់រលីង វាត្រូវតែបូមអញ្ចឹង។ បើមិនបូមវាតម្រង់ចរន្តទឹកទេ វាដុះខាងនេះ វាទៅបាក់ខាងនោះ, វាដុះខាងនោះ វាមកបាក់ខាងនេះ។ ទន្លេវាអញ្ចឹង។ ឥឡូវទន្លេបាសាក់ គឺជាទន្លេងាប់ អត់ធ្វើចរាចរណ៍បានទេ។ ក្នុងទំនាក់ទំនងចាប់តាំងពីក្នុងរង្វង់ស្អាងកោះធំ អត់ធ្វើចរាចរណ៍បានទេ។ ទន្លេហ្នឹង ខែវស្សាទើបវាមានទឹក ខែប្រាំងអញ្ចឹងវាងាប់តែម្ដង។ អញ្ចឹងទាមទារអោយបូម កាលណាបូមស្រែក រឿងហ្នឹងវាទៅជ្រុលហើយ ប៉ុន្តែកន្លែងខ្លះ បណ្ដាលមកពីអ្នកបូមហ្នឹងដែរ បានជាគាត់ស្រែក (ដែល)កំណត់អោយបូមនៅកន្លែងនេះ ថ្ងៃវាអត់បូមទេ យប់បានវាលួចបូម។ វាអញ្ចេះ។ យើងខ្វះការត្រួតពិនិត្យ អាហ្នឹងទៅទៀត។
ឥឡូវប្រជាជនក្នុងក្រុងភ្នំពេញ និងកន្លែងមួយចំនួនស្រែកកាន់តែខ្លាំងហើយ, (ឯកឧត្តម ឌិត) ទីណា ទទួលបន្ទុករឿងហ្នឹង។ ប្រជាជនស្រែកហើយ ប៉ុន្តែទំនាក់ទំនងស្អីក៏ដោយ បើថា វានៅតែអញ្ចឹងឈប់អោយគាត់ធ្វើទៅ។ បានសេចក្ដីថាបញ្ចប់។ ព្រោះរឿងស្អី បូមដីពីក្នុងទន្លេ យកទៅចាក់នៅកន្លែងធ្វើផ្ទះ ដើម្បីធ្វើអគារ ដីវាទាប ត្រូវចាក់ដី។ វាមិនមែនយកទៅចាក់នៅកន្លែងធ្វើផ្ទះឯណា វាចាក់លើផ្លូវ។ រួចអញ្ចឹងគគ្រិចពេញហ្នឹង។ និយាយមិនស្ដាប់ ដកលីសង់(License)ឈប់អោយធ្វើ ដកទាំងឡានហ្នឹងទៀត។ អាហ្នឹងត្រូវទទួលខុសត្រូវ។ ខ្ញុំថាទេ! ដូចចាប់ក្ដាមដាក់ចង្អេរអញ្ចេះ។ អានៅក្នុងទឹក ស្រែកចុះស្រែកឡើង បានហើយ! បន្ថយការស្រែកនៅក្រោម មកស្រែកនៅលើវិញ ស្រែករឿងអី? ស្រែកដឹកដីមកវាហុយធ្លាក់អ្នកជិះពីក្រោយ។ ត្រូវគ្របអោយវាជិត អោយវាមាំ។ ចាំអោយវាចេញ(ឡានដឹកដី)។ ជួនកាល ត្រូវត្រួតពិនិត្យពីដើមទី ប៉ុន្តែយើងមិនគួរប្រើមន្រ្តីដល់ថ្នាក់ហ្នឹងពេកទេ។ អ្នកឯងចេះរកស៊ី អ្នកត្រូវចេះទទួលខុសត្រូវ បើមិនអញ្ចឹងឈប់អោយរកស៊ីតែម្ដង …។
លោកតា ពុធ សឿន អាយុ ៨៩ ឆ្នាំ សុំប្រាក់ ១០០០ ដុល្លារសង់ផ្ទះ
ត្រូវទៅជួបជាមួយនឹងលោកពូម្នាក់ អាយុ ៨៩ ឆ្នាំ។ ឥឡូវដឹងព័ត៌មានហើយ។ រកឃើញហើយ ឬនៅ? ដឹកមកផ្ទះហើយ ឬនៅ? អោយគាត់មកពិសារបាយនៅផ្ទះ បើសិនគាត់មិនទាន់ពិសារបាយ។ ថ្ងៃហ្នឹងខ្ញុំបាយជាមួយលោកពូមួយដែលអាយុ ៨៩ ឆ្នាំ មកធាក់ស៊ីក្លូនេះ (ដែលបាន)បង្ហោះចូលហ្វេសប៊ុករបស់ខ្ញុំ សូមជួយលោកពូនេះផង គាត់អាយុ ៨៩ ឆ្នាំ ធ្វើម៉េចអោយដឹងដល់សម្ដេចតេជោ គាត់សុំលុយតែ ១០០០ ដុល្លារ ទៅធ្វើផ្ទះ។ ប៉ុន្តែឥឡូវនេះ ដោយឃើញស្ថានភាពបែបហ្នឹង ខ្ញុំចង់ដឹង។ យប់មិញ ខ្ញុំទំនាក់ទំនងទៅហ្វេសប៊ុក អោយតាមរកភ្លាម (ដែល)គេជួយដាក់លេខចូលនៅក្នុងហ្នឹង(ដើម្បីទំនាក់ទំនង) បន្តិចទៀតអ្នកហ្វេសប៊ុកម្នាក់ត្រូវជិះឧទ្ធម្ភាគចក្រទៅជាមួយខ្ញុំ។ ទាក់ទងបានហើយ ខ្ញុំជួបគាត់ផ្ទាល់ ដើម្បីសួរនាំ។ ឪខ្ញុំអាយុ ៩០ ឆ្នាំ គាត់ទទួលមរណភាព ប៉ុន្តែគាត់មានជំងឺតាំងពីគាត់អាយុ ៨៨ ឆ្នាំ។ ប៉ុន្តែ(លោកពូ)គាត់អាយុ ៨៩ ឆ្នាំ គាត់នៅធាក់ស៊ីក្លូបាន។ យប់មិញ ខ្ញុំនិយាយជាមួយប្រពន្ធថា ជំពាក់ត្រូវចិញ្ចឹមគាត់មួយជីវិត ជាការធ្វើបុណ្យចុងក្រោយសម្រាប់គាត់ ព្រោះកូនគាត់សុទ្ធតែទីទាល់ក្រ ដែលគាត់មានកូនដល់ ៨ នាក់ឯណោះ ប៉ុន្តែកូនសុទ្ធតែទីទាល់ក្រហើយ បានជាគាត់មកត្រូវធាក់ស៊ីក្លូ។ ស្ថានភាពបែបនេះ យើងគួរស្វែងយល់ ដើម្បីយើងគិតនៅក្នុងក្របខណ្ឌ ស្វែងរកដំណោះស្រាយរួមមួយ តើគួរធ្វើអ្វីសម្រាប់ក្របខណ្ឌគោលនយោបាយមនុស្សចាស់ ដែលយើងមានរួចមកហើយៗ គួរបំពេញបន្ថែមលើចំណុចអីបន្ថែមទៀត?
ពាំនាំអំណោយ
ព្រឹកមិញ លោកយាយលោកតាច្រឡំថា ខ្ញុំមកតាមឧទ្ធម្ភាគចក្រហើយ តាមពិតឡាននេះសុទ្ធ ប៉ុន្តែបានឡាន ហ្នឹងដែរ បានដេកនោះ។ ខ្ញុំព្រះករុណាខ្ញុំ និយាយប៉ុណ្ណឹងទៅចុះ។ (សម្ដេចសំណេះសំណាលជាមួយលោក ឃុន រឿង ពីស្ថានភាពគ្រួសារ កូនចៅ និងជីវិតអាពាហ៍ពិពាហ៍របស់គាត់)។
ហើយថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ បាននាំមកសម្រាប់លោកយាយលោកតាចំនួន ២០០ នាក់ ក្នុងម្នាក់ៗ ក្រណាត់ សមួយដុំ ថវិកា ១០.០០០ រៀល។ ជូនក្រុមកាយារិទ្ធិកម្ពុជាចំនួន ១០០ នាក់ ក្នុងម្នាក់ៗថវិកា ១០.០០០ រៀល។ ជូនយុវជនកាកបាទក្រហមកម្ពុជាចំនួន ១០០ នាក់ ក្នុងម្នាក់ៗថវិកា ១០.០០០ រៀល។ ជូនសិស្សានុ សិស្សចំនួន ៥៩៨ នាក់ ក្នុងម្នាក់ៗ សៀវភៅ ២ ក្បាល ប៊ិចមួយដើម និងថវិកា ៥.០០០ រៀល។ ជូនលោកគ្រូអ្នកគ្រូចំនួន ៦២ នាក់ ក្នុងម្នាក់ៗថវិកា ៣០.០០០ រៀល។ ជូនអនុវិទ្យាល័យអន្លង់ជ្រៃ ឃុំប្រាំបីមុំ ថវិកា ៥០០.០០០ រៀល។ ជូនវិទ្យាល័យ ហ៊ុន សែន អន្លង់ជ្រៃ ឃុំប្រាំបីមុំ ថវិកា ១ លានរៀល។ ជូនមណ្ឌលសុខភាពអន្លង់ជ្រៃ ថវិកា ១ លានរៀល។ ជូនសាលាស្រុកថ្ពង ថវិកា ១ លានរៀល។ ជូនក្រុមតន្រ្តីសម័យថវិកា ១ លានរៀល។
ស្នើសុំដំបូលសាលាឆាន់ ឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យ
ព្រះតេជព្រះគុណ រឿងដំបូលសាលាឆាន់កុំអាលសិន ហើយនេះ ហ៊ុន ម៉ានី កូនប្រុស ជាតំណាងរាស្រ្តនៅហ្នឹងស្រាប់ (កូន)ចុះមើលដំបូលសាលាឆាន់របស់ព្រះតេជព្រះគុណបន្ដិចមើល៎? (កូន)ទៅពីហ្នឹងទៅ ទៅមើលដំបូលសាលាឆាន់ហ្នឹង អស់ប៉ុន្មានអីប៉ុន្មាន ចាំទូទាត់ក្រោយ អោយកូនទៅមើលសិន (ដែល)ស៊ីសងមានលុយអត់ទេ។ អត់អីទេ អាចមានចៅហ្វាយស្រុកអីទៅជាមួយគ្នា ទៅមើលទៅ (ដែល)ខ្វះតែដំបូលទេ ព្រោះមិនដាច់ចិត្តទេ គ្រាន់តែមិនហ៊ានសន្យាទេ ព្រោះខ្ញុំព្រះករុណាខ្ញុំ ថាធ្វើ ធ្វើតែម្ដង តែមិនធ្វើ គឺអត់។
គោលនយោបាយឈ្នះ-ឈ្នះ នាំមកការសប្បាយដល់ប្រជាពលរដ្ឋ និងសុខសន្ដិភាព
យុវជនកាកបាទក្រហម និងកាយារិទ្ធិហ្នឹង ចេះរាំញីកែងជើងហើយឬនៅ? ចេះហើយ បន្តិចទៀត រាំញីកែងជើងទាំងអស់គ្នា បានអត់? មិនអីទេ ដល់យើងទៅព្រលែងកូនត្រីហើយ បើថា(សល់ពេល) អាចរាំបាន ដាក់មួយបទអាចធូរសរសៃបន្តិច។ សប្បាយដែរ ហើយចេះប្រឌិតថា វិបត្តិ, វិបត្តិខ្មោច។ បើវិបត្តិ អគ្គរដ្ឋទូតនានាមកដល់ហ្នឹងបាន? កន្លែងហ្នឹងជាតំបន់វ៉ៃគ្នាហ្នឹង កាលហ្នឹង George Edgar មកធ្វើអគ្គរដ្ឋទូតអង់គ្លេស តំបន់នេះមិនទាន់ស្រួលឯណា តំបន់វ៉ៃគ្នាតើ ប៉ុន្តែឥឡូវមកឈរ និងអង្គុយយ៉ាងស្រួលទាំងទូត និងមិនទូតនៅជាមួយគ្នា។ ពីដើម តំបន់វ៉ៃគ្នាសោះ ប៉ុន្តែនយោបាយឈ្នះ-ឈ្នះ ឈ្នះមែន។ (សម្ដេចនិយាយពីការប្រកួតបាល់ទាត់អឺរ៉ូ)។ ចុងបញ្ចប់ហើយ អបអរសាទរនៃការព្រលែងកូនត្រីនៅក្នុងទិវាមច្ឆជាតិ នៅក្នុងអាងទឹកអន្លង់ជ្រៃ ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ នៅថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ សូមប្រគេនពរចំពោះព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជូនពរចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងបងប្អូនជនរួមជាតិទាំងអស់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕