សូមក្រាបថ្វាយបង្គំសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី សម្តេចព្រះសង្ឃរាជ
សម្តេចព្រះរាជាគណៈ និងព្រះថេរានុថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ
សម្តេច ឯកឧត្តម លោកជំទាវ លោកស្រី អស់លោក ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ
សមាជិក សមាជិកានៃអង្គមីទ្ទិញ និងជនរួមជាតិទាំងអស់ជាទីគោរពស្នេហា !
ថ្ងៃនេះ ជាទិវាដ៏ឧឡារិកគម្រប់ខួបអនុស្សាវរីយ៍លើកទី ៦៥ នៃការបង្កើតគណបក្សប្រជាជនកម្ពុជាដែលនៅគ្រាដំបូងមានឈ្មោះថា “បក្សប្រជាជនបដិវត្តន៍ខ្មែរ” ដែលមានប្រវត្តិ និង ប្រពៃណីដ៏ថ្លៃថ្លាក្នុងការបម្រើប្រទេសជាតិ និងប្រជាជន ដោយរក្សាខ្ជាប់នូវគោលបំណង និង ឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជន រួមសុខ រួមទុក្ខជាមួយប្រជាជននៅគ្រប់កាលៈទេសៈ ប្រឹងប្រែងជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរួញរា ដើម្បីប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។ លើកំណាត់ផ្លូវដ៏វែងនេះ បន្ទាប់ពីបាន បដិសន្ធិឡើងនាថ្ងៃ ២៨ ខែ មិថុនា ឆ្នាំ ១៩៥១ គណបក្សបានដឹកនាំការតស៊ូរំដោះជាតិ ប្រឆាំងការ ឈ្លានពានត្រួតត្រារបស់បរទេសយ៉ាងអង់អាចបំផុត ជាពិសេសការតស៊ូសង្រ្គោះជាតិពីរបប ប្រល័យពូជសាសន៍ប៉ុល ពត ដ៏យង់ឃ្នងហើយបានបន្តដឹកនាំប្រទេសសម្រេចបានជោគជ័យ យ៉ាងធំធេង ធ្វើឲ្យប្រជាជាតិ និងមាតុភូមិ បានរស់ឡើងវិញ ស្ថិតស្ថេរគង់វង្ស និងរីកចម្រើនដូច បច្ចុប្បន្ននេះ ។
យើងប្រារព្ធពិធីនេះឡើង ក្នុងស្មារតីគោរពនិងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ កម្មាភិបាល យុទ្ធជន យុទ្ធនារី និងអ្នកស្នេហាជាតិដ៏បរិសុទ្ធគ្រប់ជំនាន់ដែលបានតស៊ូប្រយុទ្ធ យ៉ាងប្តូរផ្តាច់ឥតរាថយនៅគ្រប់ដំណាក់កាល ដើម្បីបុព្វហេតុជាតិដ៏ឧត្តុង្គឧត្តមបំផុត ធ្វើឲ្យយើង មានអ្វីៗសព្វយ៉ាងនៅថ្ងៃនេះ និងមានក្តីសង្ឃឹមជឿជាក់ចំពោះអនាគត ។ ដើម្បីបន្តនូវគំរូវីរភាព ដ៏ថ្លៃថ្លានេះ យើងទាំងអស់គ្នាប្តេជ្ញាការពារមាតុភូមិ ថែរក្សារាល់សមិទ្ធផលសង្គមជាតិឲ្យស្ថិតស្ថេរ គង់វង្ស បន្តប្រឹងប្រែងកសាងទឹកដីឲ្យបានរីកចម្រើនរុងរឿងក្នុងឯករាជ្យ សន្តិភាព ស្ថិរភាព និង ការរួបរួមជាតិ ដែលគ្មានការកើតឡើងជាថ្មីទៀតនូវសោកនាដកម្ម និងគ្រោះមហន្តរាយដូចពី អតីតកាល ។
នៅក្នុងឱកាសដ៏វិសេសវិសាលនេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាសូមសម្តែងគារវភក្តីភាព និងកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និង សុភមង្គល ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលកំពុងគង់ប្រថាប់ក្នុងព្រះបរមសិរីរាជសម្បត្តិ និង ជាម្លប់ដ៏ត្រជាក់នៃប្រជារាស្រ្តខ្មែរគ្រប់ៗរូប ។ សូមថ្វាយព្រះពរព្រះករុណាជាអម្ចាស់ជីវិត លើត្បូង និងសម្តេចព្រះវររាជមាតាជាតិ ជាទីសក្ការៈ សូមមានព្រះរាជសុខភាពបរិបូណ៌ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា និងព្រះជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំនាវាកម្ពុជា ឆ្ពោះទៅកាន់ត្រើយវឌ្ឍនភាពដ៏រុងរឿង ។
រយៈពេល ៦៥ ឆ្នាំ ក្នុងការបំពេញបេសកម្មបម្រើជាតិ ទោះបីត្រូវប្រឈមនឹងការវិវត្តន៍ ប្រែប្រួលយ៉ាងស្មុគស្មាញបំផុតនៃសភាពការណ៍ជាតិ និងអន្តរជាតិយ៉ាងណាក្តី ក៏គណបក្ស ប្រជាជនកម្ពុជាបានស្ថិតនៅ និងបានផ្សារភ្ជាប់ខ្លួនជានិច្ចជាមួយប្រជាជន ពុះពារឆ្លងកាត់បណ្តា ដំណាក់កាលធំៗជាប្រវត្តិសាស្រ្តរបស់ប្រទេសជាតិ រួមមាន : ការតស៊ូប្រឆាំងរបបអាណានិគម និយម ដើម្បីឯករាជ្យជាតិ , សង្គ្រាមដែលបង្កឡើងដោយរបបសាធារណរដ្ឋខ្មែរ និងពួកបរទេស ឈ្លានពានពីឆ្នាំ ១៩៧០ ដល់ឆ្នាំ ១៩៧៥ ជាពិសេសការតស៊ូសង្គ្រោះជាតិពីរបបប្រល័យពូជ សាសន៍ប៉ុល ពត ដែលទទួលបានមហាជ័យជម្នះជាប្រវត្តិសាស្រ្តនាថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩។ លើមូលដ្ឋានមហាជ័យជម្នះនេះ កម្ពុជាបានបិទទំព័រសករាជដ៏ខ្មៅងងឹតរបស់ខ្លួន ហើយបើក ឡើងនូវសករាជថ្មី គឺ ឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ។ ក្នុងរយៈពេល ៣៧ ឆ្នាំ មកនេះ បន្ទាប់ពីថ្ងៃជ័យជម្នះ ៧ មករា ដោយឈរយ៉ាងរឹងមាំលើគោលការណ៍ប្រជា– ធិបតេយ្យប្រជាជន គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសជម្នះរាល់ឧបសគ្គ និងការ លំបាកយ៉ាងច្រើនឥតគណនា សម្រេចបានសមិទ្ធផលធំៗជាប្រវត្តិសាស្រ្ត ដែលបាននាំប្រជា- ជាតិឲ្យចេញផុតពីស្រមោលនៃអតីតកាលដ៏ឈឺចាប់ និងកំពុងបោះជំហានទៅមុខយ៉ាងស្វាហាប់ នៅលើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍ប្រកបដោយមោទនភាព និងភាពជឿជាក់ ។ ការភ័យខ្លាច , សោកនាដកម្ម , ការបែកបាក់ជាតិ និងការបាត់បង់ ដែលប្រជាជនយើងធ្លាប់បាន ជួបប្រទះកាលពីអតីតកាល ត្រូវបានបញ្ចប់ហើយ យើងកំពុងរស់នៅលើមាតុភូមិរបស់យើងដែល មានសុខសន្តិភាពពេញលេញ, មានខឿនឯករាជ្យ អធិបតេយ្យ និងបូរណភាពដែនដីដែលត្រូវបាន ការពារយ៉ាងគត់មត់, មានការគោរពចំពោះសិទ្ធិ សេរីភាព និងសេចក្តីថ្លៃថ្នូររបស់ពលរដ្ឋគ្រប់ៗ រូប, មានការបង្រួមបង្រួមជាតិក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ, សង្គមជាតិទាំងមូលកំពុងមាន វឌ្ឍនភាពលើគ្រប់វិស័យ ព្រមជាមួយនោះ កិត្តិយស កិត្យានុភាពជាតិក៏ត្រូវបានលើកកម្ពស់ ឡើងវិញលើឆាកអន្តរជាតិ ។ ឆ្លងតាមសមិទ្ធផលដ៏វិសេសវិសាលទាំងអស់នេះ បានកសាង និងពង្រឹងមូលដ្ឋានខាងស្មារតីនិងសម្ភារៈរបស់ប្រជាជាតិយើង ក្នុងការបន្តការពារមាតុភូមិ និង កសាងអនាគតដ៏រុងរឿងរបស់ខ្លួន ។
គួររំឭកថា ជាមួយនឹងដំណើរវិវត្តន៍របស់ជាតិ ដើម្បីធានាសម្រេចជោគជ័យក្នុងការបម្រើ ប្រទេសជាតិ គណបក្សបានកសាង ពង្រឹង និងពង្រីកខ្លួនឥតឈប់ឈរ ស្របតាមសំណូមពរ នាដំណាក់កាលនីមួយៗ តាំងពីមានសមាជិកនៅសេសសល់ពីការកាប់សម្លាប់របស់ពួក ប៉ុល ពត តែជាង ២០០នាក់ បច្ចុប្បន្នមានសមាជិករាប់លាននាក់ និងមានអង្គការចាត់តាំងនៅគ្រប់ថ្នាក់ នៅគ្រប់មូលដ្ឋាន ផ្សារភ្ជាប់ជាមួយប្រជាជន ។ សមិទ្ធផលនៃការកសាងគណបក្ស និង សមិទ្ធផលនៃសង្គមជាតិ មានទំនាក់ទំនងផ្សារភ្ជាប់គ្នា និងបំពេញឲ្យគ្នាទៅវិញទៅមកនៅក្នុង ដំណើរការកសាង និងការពារមាតុភូមិ ។
រាល់សមិទ្ធផលដែលគណបក្សប្រជាជនកម្ពុជាសម្រេចបានទាំងអស់នេះ គឺអាស្រ័យ ដោយគណបក្សមានការដឹកនាំត្រឹមត្រូវខាងនយោបាយនៅគ្រប់កាលៈទេសៈ និងគ្រប់ស្ថានភាព , មានការគាំទ្រដ៏ទូលំទូលាយពីប្រជាជនមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ , មានវិន័យម៉ឺងម៉ាត់ និងរបៀបរបបធ្វើការម៉ត់ចត់ , មានធនធានមនុស្សច្រើនកុះករប្រកបដោយ គុណធម៌ សមត្ថភាព និងមនសិការទទួលខុសត្រូវ និងមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងដ៏រឹងមាំ។ ទាំងនេះ គឺជាកត្តានៃជ័យជម្នះផង និងជាមេរៀនពិសោធន៍នៃការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាផង ដែលគណបក្សទាំងមូលត្រូវក្តាប់ឲ្យជាប់ ហើយខិតខំពង្រឹងពង្រីកថែមទៀត ដើម្បី សម្រេចបាននូវសមិទ្ធផលធំៗថ្មីៗទៀតឥតឈប់ឈរជូនជាតិ ។
ជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យជា បន្តបន្ទាប់កន្លងមកនេះ ទាំងការបោះឆ្នោតថ្នាក់ជាតិ និងក្រោមជាតិ ទាំងការបោះឆ្នោតសកល និងអសកលបានបង្ហាញយ៉ាងច្បាស់ថា ប្រជាជនកម្ពុជាត្រូវការនូវតួនាទីដឹកនាំរបស់គណបក្ស ប្រជាជនកម្ពុជា ដើម្បីធានាការការពារ លើកស្ទួយ និងសម្រេចនូវផលប្រយោជន៍ជាសារវ័ន្ត និងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ខ្លួន ។ ឆ្លើយតបទៅនឹងជំនឿទុកចិត្តរបស់ប្រជាជន គណបក្ស កំពុងជំរុញអនុវត្តយ៉ាងសកម្មនូវកម្មវិធីនយោបាយដែលបានប្រកាសជូនជនរួមជាតិនៅក្នុងការបោះឆ្នោតសកលនាឆ្នាំ ២០១៣ កន្លងមកឲ្យសម្រេចបានលទ្ធផលល្អលើគ្រប់វិស័យ ។ ការធានា បាននូវសន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ បានបង្កលក្ខណៈអំណោយផលដល់ ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងភាពសុខសាន្តរបស់ប្រជាជន , ដំណើរការរីកចម្រើននៃលទ្ធិ ប្រជាធិបតេយ្យ ការគោរពសិទ្ធិ សេរីភាពរបស់ពលរដ្ឋ និងនីតិរដ្ឋកំពុងស្ថិតនៅលើគន្លងដ៏ត្រឹមត្រូវ, គ្រប់ស្ថាប័នរដ្ឋកំពុងបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនតាមច្បាប់ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ , រាល់កំណែទម្រង់របស់រដ្ឋកំពុងត្រូវបានបន្តជំរុញប្រកបដោយផ្លែផ្កា ។ ព្រមជាមួយនោះ សកម្មភាពនយោបាយរបស់បណ្តាគណបក្សឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៤ ក៏កំពុងស្តែងឡើងយ៉ាងរស់រវើក ។ ប្រការនេះ សបញ្ជាក់ថា នៅកម្ពុជាពុំមានវិបត្តិអ្វីឡើយ ឯការខិតខំប្រកូកប្រកាសរបស់មនុស្សខ្លះថា កម្ពុជា កំពុងមានវិបត្តិ ឬកម្តៅនយោបាយនោះ គឺក្នុងឧបាយកលទុច្ចរិត ប៉ុនប៉ងបំភាន់សាធារណមតិ ប៉ុណ្ណោះ ធាតុពិតជាវិបត្តិផ្ទាល់ខ្លួនរបស់មនុស្សមួយចំនួនតូច ដែលបានប្រព្រឹត្តខុស បំពានលើ ច្បាប់ ហើយត្រូវចោទប្រកាន់តាមផ្លូវតុលាការ គឺមិនមែនជាបញ្ហានយោបាយនោះទេ ។ ដូច្នេះ គណបក្ស ក៏ដូចអង្គការសង្គមមួយចំនួនមិនគប្បីភ្ជាប់ខ្លួនជាមួយបុគ្គលដែលបានប្រព្រឹត្តខុស ច្បាប់ទាំងនោះឡើយ ។
ចំពោះវិស័យសេដ្ឋកិច្ច នៅក្នុងឆ្នាំ ២០១៦ អាចនឹងសម្រេចបានកំណើនក្នុងរង្វង់ ៧,១% ។ អតិផរណាត្រូវបានរំពឹងថា នឹងស្ថិតក្នុងកម្រិតទាបក្នុងរង្វង់ ១,៩% ស្ថានភាពពាណិជ្ជកម្មកាន់ តែមានភាពប្រសើរឡើង ដោយសារកំណើនលឿននៃការនាំចេញធៀបនឹងការនាំចូល ។ ទុន បម្រុងអន្តរជាតិនឹងកើនដល់ប្រមាណ ៥.៤៥០ លានដុល្លារ ដែលអាចធានាការនាំចូលបាន ប្រមាណ ៤,៥ ខែ និងអាចទប់ទល់នឹងបច្ច័យអាក្រក់ពីវិបត្តិខាងក្រៅ ។ ជាមួយនេះ ការប្រើប្រាស់ ទំនិញក្នុងស្រុកមាននិន្នាការកើនឡើង ដោយសារការវិនិយោគក្នុងស្រុក និងការវិនិយោគផ្ទាល់ ពីបរទេស ដែលបានបង្កើតការងារធ្វើ បង្កើនប្រាក់ចំណូលរបស់ប្រជាជន។ ជាក់ស្តែងចំណូល មធ្យមរបស់ប្រជាជនម្នាក់ៗ បានកើនដល់ ១.២១៥ ដុល្លារ ក្នុងឆ្នាំ ២០១៥ ហើយអាចនឹងបន្ត កើនដល់ ១.៣០១ ដុល្លារ ក្នុងឆ្នាំ ២០១៦ ។
សម្រាប់ប៉ុន្មានខែដើមឆ្នាំ ២០១៦ នេះ សកម្មភាពសេដ្ឋកិច្ចកម្ពុជាមានកំណើនល្អ ដែលនាំមុខដោយវិស័យសេវាកម្ម វិស័យឧស្សាហកម្មកាត់ដេរ និងសំណង់ ។ ដោយឡែក ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក៏បន្តបង្កើនបានប្រសិទ្ធភាព ដោយការប្រមូលចំណូលគ្រប់ ប្រភេទមានការកើនឡើង ឯនីតិវិធីក្នុងការអនុវត្តចំណាយក៏ត្រូវបានពង្រឹងថែមទៀត ។ ជាក់ស្តែង ក្នុងរយៈពេល ៥ ខែដើមឆ្នាំ ចំណូលគយសម្រេចបាន ៧៦៣ លានដុល្លារ កើនឡើង ២២% , ចំណូលពន្ធដារសម្រេចបាន ៧០៨ លានដុល្លារ កើនឡើង ២១,៦៨% ធៀបនឹងរយៈពេលដូច គ្នាឆ្នាំមុន ។ ការបែងចែកចំណាយរបស់រដ្ឋកាន់តែមានប្រសិទ្ធភាពតាមរយៈការសន្សំសំចៃ និង ការដោះស្រាយបញ្ហាសំខាន់នានាបានល្អ ។ ចំណាយថវិកាជាតិត្រូវបានបង្កើន សម្រាប់គាំទ្រ ដល់ការកែទម្រង់នានា និងសកម្មភាពការងារសំខាន់ៗ ដើម្បីបង្កើនគុណភាពសេវាសាធារណៈ ព្រមទាំងការវិនិយោគលើការពង្រឹងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត, លទ្ធភាពប្រកួតប្រជែង, ផលិតភាពសេដ្ឋកិច្ច និងការទ្រទ្រង់កំណើន ។ ព្រមជាមួយនេះ បៀវត្សត្រូវបានដំឡើង និង បើកទាន់ពេលវេលាតាមប្រព័ន្ធធនាគារជូនមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងនិវត្តជន ។
នៅក្នុងវិស័យការងារ ក្នុងត្រីមាសទី ១ កម្ពុជាបានបង្កើតការងារថ្មីចំនួន ២៧.៩២១ កន្លែង ទាំងនៅក្នុងប្រទេស ទាំងទៅធ្វើការនៅក្រៅប្រទេស ។ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ កម្មការិនីរោងចក្រកាត់ដេរ និងវាយនភណ្ឌ ត្រូវបានដំឡើងពី ១២៨ ដល់ ១៤០ ដុល្លារ ហើយ យន្តការពិភាក្សាប្រាក់ឈ្នួលកម្មករ ឆ្នាំ ២០១៧ ក៏កំពុងតែដំណើរការបន្តទៀត ។ និយាយរួម ចលនការនៃកំណែទម្រង់គ្រប់ផ្នែក គ្រប់វិស័យកំពុងធ្វើដំណើរក្នុងទិសដៅដ៏ត្រឹមត្រូវ និងផ្តល់ លទ្ធផលជាផ្លែផ្កា ជីវភាពរបស់ប្រជាជនក៏កាន់តែបានប្រសើរឡើង ។
ការរស់ឡើងវិញដ៏អស្ចារ្យរបស់ប្រជាជាតិយើងចាប់ពីថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ មកគឺជា “ការផ្លាស់ប្តូរ” ដ៏មានអត្ថន័យជ្រាលជ្រៅបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជា ។ នោះគឺជា “ការផ្លាស់ប្តូរ” ពីប្រជាជាតិមួយដែលបានបែកបាក់សាមគ្គីយ៉ាងធ្ងន់ធ្ងរ និងហែកហួរដោយសង្រ្គាម មកមានសន្តិភាពឯកភាពជាតិ ឯកភាពទឹកដី, ពីទឹកដីមរណៈមួយដែលគ្របដណ្តប់ដោយ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍របស់ពួកប៉ុលពត មកមានជីវិតរស់ឡើងវិញ មានសេរីភាព ប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋ , ពីសង្គមមួយដែលមានតែភាពខ្ទេចខ្ទាំវិនាស អន្តរាយ មកជាសង្គមមួយដែលកំពុងមានការរីកចម្រើនប្រកបដោយជវភាព និងពីសង្គមមួយ ដែលត្រូវគេឯកោ និងប្រមាថ មកជាសង្គមមួយដែលមានកិត្តិយស ស្មើសិទ្ធិ និងស្មើភាព ជាមួយ បណ្តាប្រទេសនៅលើពិភពលោក។ នេះជាដំណើរការផ្លាស់ប្តូរដ៏ត្រឹមត្រូវ ដែលមានចរិតជឿន លឿន ស្របតាមក្រឹត្យក្រមរីកចម្រើននៃសង្គមជាតិ ។ គណបក្សប្រជាជនកម្ពុជាបានដឹកនាំ ការផ្លាស់ប្តូរនេះ និងកំពុងបន្តដឹកនាំការផ្លាស់ប្តូរទៅមុខទៀត ដើម្បីធានាភាពស្ថិតស្ថេរ និងរីក ចម្រើននៃសង្គមជាតិ ។
ក្នុងដំណើរទៅមុខទៀត ដើម្បីសម្រេចភារកិច្ចនៃដំណាក់កាលប្រជាធិបតេយ្យប្រជាជន ឈានទៅកាន់ដំណាក់កាលនៃការអភិវឌ្ឍដ៏ខ្លាំងក្លាលើគ្រប់វិស័យសម្រាប់ប្រជាជនគ្រប់ៗរូប គណបក្សប្រជាជនកម្ពុជាប្រកាន់ជំហររឹងមាំក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពនយោបាយ ដែលជាលក្ខខណ្ឌចាំបាច់សម្រាប់ការអភិវឌ្ឍ និងភាពសុខសាន្តរបស់ប្រជាជន បន្តជ្រោងខ្ពស់ទង់មហាសាមគ្គីជាតិសំដៅប្រមូលកម្លាំងប្រជាជាតិទាំងមូល រួមគ្នាកសាង និងការពារមាតុភូមិនៅក្រោមរដ្ឋធម្មនុញ្ញរបស់ជាតិយើង និងបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ហើយរាំងស្កាត់រាល់សកម្មភាពទាំងឡាយណាដែលធ្វើឲ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពនយោបាយបច្ចុប្បន្ន។ ក្នុងស្មារតីនេះដែរ គណបក្សប្រជាជនកម្ពុជាបន្តប្រកាន់យកវប្បធម៌សន្ទនាជាមួយគ្រប់មជ្ឈដ្ឋាននយោបាយ និងសង្គម ដើម្បីពង្រឹងបរិយាកាសដ៏ល្អប្រសើរសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ដោយឈរលើមូលដ្ឋានភាពស្មោះត្រង់ ស្មារតីផ្សះផ្សារជាតិ គោលការណ៍ប្រជាធិបតេយ្យ និងនីតិរដ្ឋ ។ ទន្ទឹមនោះគេក៏ត្រូវយល់ឲ្យច្បាស់ថា គ្មានគណបក្សណាមួយ ឬអង្គការសង្គមណាមួយ ឬមនុស្សណាម្នាក់ ទោះកំពុងស្ថិតក្នុងឋានៈនាទីណាក៏ដោយអាចស្ថិតនៅក្រៅរង្វង់ច្បាប់បានឡើយ អ្នកប្រព្រឹត្តកំហុស ទោះជារូបវន្តបុគ្គល ឬនីតិបុគ្គល ត្រូវតែទទួលទោសតាមច្បាប់ ព្រោះកម្ពុជាជានីតិរដ្ឋ និងជារដ្ឋដែលមានអធិបតេយ្យពេញលេញ ។ ដូច្នេះ គេមិនត្រូវកាឡៃរឿងឯកជនរបស់បុគ្គលដែលធ្វើខុសឲ្យទៅជារឿងនយោបាយ និងដាក់សម្ពាធលើស្ថាប័នតុលាការឡើយ ទង្វើបែបនេះ គឺជាអំពើប្រមាថដល់ប្រជាជន ដល់ស្ថាប័នរដ្ឋ និងជាអំពើផ្សងព្រេងដ៏គ្រោះថ្នាក់សម្រាប់ជាតិ ។ ព្រមជាមួយនោះ យើងសង្ឃឹមថា មជ្ឈដ្ឋានបរទេសមួយចំនួនដែលមិនបានយល់អំពីសភាពការណ៍ពិតនៅកម្ពុជា សូមបន្តស្វែងយល់ឲ្យបានច្បាស់លាស់ ត្រឹមត្រូវ ហើយផ្តល់នូវការគាំទ្រចំពោះដំណើរការជាវិជ្ជមាននៃការអនុវត្តនីតិរដ្ឋរបស់កម្ពុជា ជាមួយនឹងការគោរពដល់អធិបតេយ្យរបស់កម្ពុជា ។
គណបក្សប្រជាជនកម្ពុជា បន្តជំរុញកំណែទម្រង់លើគ្រប់វិស័យដែលបានកំណត់ក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី ៣ របស់រាជរដ្ឋាភិបាល ដោយការប្តេជ្ញាចិត្តខ្ពស់ សំដៅធានាការជំរុញកំណើនសេដ្ឋកិច្ច ការបង្កើតការងារជូនពលរដ្ឋ ការពង្រឹងយុត្តិធម៌ សមធម៌ក្នុងសង្គម និងការបង្កើនប្រសិទ្ធភាពនៃសេវាសាធារណៈគ្រប់ប្រភេទ ។ នេះជាដំណើរការដែលជំរុញនូវការផ្លាស់ប្តូរឥតឈប់ឈរ ដើម្បីឲ្យប្រទេសជាតិមានការរីកចម្រើនប្រកបដោយចីរភាព។ យើងប្រឆាំងដាច់ខាតនូវឧបាយកលគ្រប់ប្រភេទ ដែលចង់ផ្លាស់ប្តូរសង្គមតាមរយៈការបំផ្ទុះនូវបដិវត្តន៍ពណ៌ ឬតាមមធ្យោបាយពិសពុលផ្សេងៗទៀត ដែលនឹងនាំឲ្យប្រទេសជាតិបាត់បង់សន្តិភាព ស្ថិរភាព ឯកភាពជាតិ និងធ្លាក់ក្នុងគ្រោះមហន្តរាយជាថ្មីម្តងទៀត ។ សន្តិភាព ស្ថិរភាពនយោបាយ និងរាល់សមិទ្ធផលដែលយើងមានមកដល់ពេលនេះ គឺបានមកពីការយកជីវិតធ្វើជាដើមទុន ពីពលិកម្មដ៏ធំធេង និងមិនអាចកាត់ថ្លៃបានរបស់កម្មាភិបាល យុទ្ធជន យុទ្ធនារី សមាជិក សមាជិកាគណបក្ស និងជនរួមជាតិយើងរាប់លាននាក់ ដូច្នេះ យើងមិនអនុញ្ញាតឲ្យជនណា ឬមជ្ឈដ្ឋានណាមកបំផ្លាញបានឡើយ ។
គណបក្សប្រជាជនកម្ពុជា គាំទ្រពេញទំហឹងការខិតខំរបស់រាជរដ្ឋាភិបាលក្នុងការបន្តជំរុញអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី ៣ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ឆ្នាំ ២០១៤-២០១៨ និងគោលនយោបាយទាំងឡាយឲ្យបានសម្រេចជោគជ័យ ក្នុងនោះ មានការងារសំខាន់ៗជាអាទិ៍ ៖
-បន្តជំរុញអភិវឌ្ឍតាមវិស័យ ដូចជា ឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម ទេសចរណ៍ ដីធ្លី សំណង់ ហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធ ។ល។ សំដៅបង្កើនផលិតភាព និងតម្លៃបន្ថែម , កៀរគរធនធានហិរញ្ញវត្ថុដើម្បីបម្រើដល់តម្រូវការហិរញ្ញប្បទាន , ធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ច ដែលនឹងធានាបាននូវកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំ, បន្តរក្សាលំនឹងអត្រាប្តូរប្រាក់ រក្សាអត្រាអតិផរណាក្នុងកម្រិតទាប និងជំរុញការនាំចេញ ។
-ជំរុញការអនុវត្តគោលនយោបាយជាតិ ស្តីពីមុខរបរ និងការងារ ឆ្នាំ ២០១៥-២០២៥ សំដៅលើកកម្ពស់ជីវភាព និងភាពថ្លៃថ្នូររបស់ប្រជាជនគ្រប់រូប ។ តាមរយៈការអនុវត្តគោលនយោបាយនេះ ខិតខំកែលម្អ និងបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងការទាក់ទាញសកម្មភាពវិនិយោគ លើកកម្ពស់លក្ខខណ្ឌការងារតាមបទដ្ឋានការងារអន្តរជាតិ ពង្រឹងយន្តការសម្រាប់ពិនិត្យកំណត់ប្រាក់ឈ្នួលអប្បបរមា ធានារ៉ាប់រងអត្ថប្រយោជន៍របស់កម្មករ និយោជិតជាដើម ។
-បន្តពង្រឹងនូវសកម្មភាពនានាដែលគាំទ្រគោលដៅកាត់បន្ថយភាពក្រីក្រ និងធានាសមធម៌នៃការបែងចែកផ្លែផ្លានៃកំណើនសេដ្ឋកិច្ច ជាអាទិ៍ ការបន្តបែងចែកដីធ្លី តាមរយៈការអនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ច និងការប្រើប្រទានកម្មជូនប្រជាជនក្រីក្រ យោធិនពិការ គ្រួសារយោធិនពលី និងមរណៈ និងអតីតកងកម្លាំងប្រដាប់អាវុធដែលគ្មាន ឬខ្វះដីពិតប្រាកដ , ការបន្តអនុវត្តគោលនយោបាយមិនយកពន្ធលើដីកសិកម្មជាលក្ខណៈគ្រួសារ , ការបន្តអនុវត្តការតភ្ជាប់បណ្តាញអគ្គិសនីនៅជនបទ ដើម្បីឈានទៅសម្រេចគោលដៅគ្រប់ភូមិទាំងអស់នឹងមានការផ្គត់ផ្គង់អគ្គិសនីនៅឆ្នាំ ២០២០ , ការពង្រីកសេវាមីក្រូហិរញ្ញវត្ថុ ដែលកាន់តែមានភាពអនុគ្រោះ , ការបន្តពង្រីកមូលនិធិសមធម៌និងការបង់ថ្លៃជួស សម្រាប់ប្រជាជនក្រីក្រក្នុងការទទួលបានសេវាពិនិត្យ និងព្យាបាលជំងឺតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែករបស់រដ្ឋ ។ល។
-បន្តពង្រឹងការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីជំរុញការប្រមូលចំណូលរបស់រដ្ឋឲ្យមានការកើនបន្តទៀត និងបន្តធ្វើវិចារណកម្មចំណាយឲ្យចំទិសដៅ និងមានប្រសិទ្ធភាព។ ព្រមជាមួយនេះ បន្តពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាជន ទាំងសេវាតម្រូវការ និងសេវាបម្រើប្រកបដោយគុណភាព វិសាលភាព និងមានការជឿទុកចិត្តពីប្រជាជន ។
គណបក្សប្រជាជនកម្ពុជា ចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល និងគណបក្សនានា នៅក្នុងការបង្កើតបរិយាកាសនយោបាយសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាពេលខាងមុខនេះឲ្យមានលក្ខណៈអព្យាក្រឹត សេរី ប្រជាធិបតេយ្យ និងសុខសាន្ត ដែលជាលក្ខខណ្ឌចាំបាច់នៃការបោះឆ្នោតដោយសេរី និងយុត្តិធម៌ លើមូលដ្ឋានអនុវត្តតាមច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ។ ទន្ទឹមនេះ សូមអំពាវនាវដល់ប្រជាជនគ្រប់ៗរូបដែលគ្រប់អាយុបោះឆ្នោត សូមទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា តាមការណែនាំរបស់គណៈកម្មា-ធិការជាតិរៀបចំការបោះឆ្នោត ។
ឆ្លៀតយកឱកាសនេះ គណបក្សប្រជាជនកម្ពុជា សូមគូសបញ្ជាក់អំពីគោលជំហររបស់ខ្លួនលើបញ្ហាសមុទ្រចិនខាងត្បូងដូចតទៅ :
១- គណបក្សប្រជាជនកម្ពុជាគាំទ្រគោលជំហររបស់រាជរដ្ឋាភិបាលដែលប្រកាសដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០១៦ និងសេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា នាថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០១៦ លើបញ្ហាសមុទ្រចិនខាងត្បូង។
២- គណបក្សប្រជាជនកម្ពុជា មិនត្រឹមតែមិនគាំទ្រ ថែមទាំងប្រឆាំងនឹងការចេញសេចក្តីថ្លែងការណ៍ណាមួយរបស់អាស៊ានគាំទ្រដល់សាលដីកាតុលាការមជ្ឈត្តកម្មពាក់ព័ន្ធនឹងជម្លោះនៅសមុទ្រចិនខាងត្បូង ដែលប្រទេសនៅក្រៅតំបន់ខ្លះបានធ្វើសកម្មភាពអូសទាញ និងគាបសង្កត់ឲ្យប្រទេសសមាជិកអាស៊ានគាំទ្រមុនពេលដែលមិនទាន់ដឹងថាតុលាការចេញសាលដីកាបែបណាមួយនោះផង។ គណបក្សប្រជាជនកម្ពុជាមើលឃើញនូវចំណុចនេះ ហើយចាត់ទុកថានេះជាការឃុបឃិតខាងនយោបាយដ៏អាក្រក់បំផុតក្នុងក្របខ័ណ្ឌនៃនយោបាយអន្តរជាតិដែលលទ្ធផលរបស់វានឹងនាំទៅដល់ការបែកបាក់រវាងអាស៊ានគ្នាឯងផង និងរវាងអាស៊ាននឹងចិនផង។ ការខិតខំរបស់ប្រទេសក្រៅតំបន់ខ្លះដើម្បីប្រមូលកម្លាំងប្រឆាំងចិន វានឹងផ្តល់នូវផលអវិជ្ជមានសម្រាប់អាស៊ាន និងផ្តល់ផលអាក្រក់សម្រាប់សន្តិភាពក្នុងតំបន់។
៣- គណបក្សប្រជាជនកម្ពុជា ចាត់ទុកបញ្ហាសមុទ្រចិនខាងត្បូងជាបញ្ហារវាងបណ្តាប្រទេសដែលមានការពាក់ព័ន្ធជាមួយគ្នា លើបញ្ហាអធិបតេយ្យ ហើយមិនមែនជាបញ្ហារវាងអាស៊ាន នឹងចិន នោះទេ ។ ក្នុងន័យនេះ គណបក្សប្រជាជនកម្ពុជា អំពាវនាវឲ្យបណ្តាប្រទេសដែលមានការពាក់ព័ន្ធដោះស្រាយជាមួយគ្នាដោយសន្តិវិធី។ មានតែប្រទេសពាក់ព័ន្ធតែប៉ុណ្ណោះដែលមានលទ្ធភាពដោះស្រាយបញ្ហានេះ អាស៊ានគ្មានលទ្ធភាពនឹងធ្វើជំនួសឲ្យប្រទេសដែលមានការពាក់ព័ន្ធនោះឡើយ។
៤- អាស៊ាន-ចិន មានយន្តការដោះស្រាយតាមរយៈសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង ហៅកាត់ថា DOC ដែលចុះហត្ថលេខានៅទីក្រុងភ្នំពេញ នៅឆ្នាំ ២០០២ ។ គណបក្សប្រជាជនកម្ពុជាអំពាវនាវឲ្យភាគីពាក់ព័ន្ធទាំងអស់អនុវត្តឲ្យបានត្រឹមត្រូវនូវស្មារតីនៃ DOC ព្រមទាំងរួមគ្នារវាងអាស៊ាន-ចិន ដើម្បីឈានទៅសម្រេចនូវក្រមប្រតិបត្តិ COC ។
៥- គណបក្សប្រជាជនកម្ពុជា អំពាវនាវឲ្យប្រទេសនៅក្រៅតំបន់បញ្ឈប់ការជ្រៀតជ្រែកលើបញ្ហាសមុទ្រចិនខាងត្បូង។ គណបក្សប្រជាជនកម្ពុជាក៏សូមអំពាវនាវផងដែរដល់បណ្តាប្រទេសដែលមានការពាក់ព័ន្ធ និងដែលយកចិត្តទុកដាក់ចំពោះសមុទ្រចិនខាងត្បូង សូមបញ្ឈប់ការប្រើប្រាស់សមុទ្រចិនខាងត្បូងធ្វើជាឧបករណ៍តថ្លៃ ឬជាចំណាប់ខ្មាំងនៃសម័យប្រជុំថ្នាក់តំបន់ និងអន្តរជាតិ ដែលលទ្ធផលរបស់វាក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ គឺការបែកបាក់។ កម្ពុជាធ្លាប់ជាជនរងគ្រោះនៃបញ្ហាសមុទ្រចិនខាងត្បូងម្តងហើយម្តងទៀត តាមរយៈការចោទប្រកាន់ដោយអយុត្តិធម៌ ហើយសង្ឃឹមថា ប្រទេសផ្សេងទៀតដែលគ្មានការពាក់ព័ន្ធនឹងមិនទទួលរងភាពអយុត្តិធម៌ដូចកម្ពុជានោះទេ។ កម្ពុជាសង្ឃឹមថា នាពេលខាងមុខ ប្រសិនបើបញ្ហាសមុទ្រចិនខាងត្បូងមិនត្រូវបានលើក ដើម្បីរំខាន ឬធ្វើជាឧបសគ្គនៅក្នុងសម័យប្រជុំនានាចាប់ពីថ្នាក់ឧត្តមមន្រ្តីរហូតដល់ថ្នាក់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៅតាមវេទិកាតំបន់ និងអន្តរជាតិទេនោះ លទ្ធផលនៃការប្រជុំនឹងល្អជាងមុន ស្មារតីសាមគ្គីភាពក៏នឹងប្រសើរជាងមុន ហើយក៏នឹងមិនមានសេចក្តីថ្លែងការណ៍វាយប្រហារគ្នា ឬទម្លាក់កំហុសឲ្យគ្នាក្រោយការប្រជុំនោះផងដែរ។
គណបក្សប្រជាជនកម្ពុជាជឿជាក់ថា ការមិនចុះសម្រុងគ្នារវាងសមាជិកអាស៊ានខ្លះលើបញ្ហាសមុទ្រចិនខាងត្បូងមិនមែនជាការបែកបាក់របស់អាស៊ាននោះទេ។ អាស៊ានមានកិច្ចការរាប់ពាន់ជំពូកដែលត្រូវធ្វើ មិនមែនមានតែបញ្ហាសមុទ្រចិនខាងត្បូងនោះឡើយ។ រឿងបែបនេះមិនមែនមានតែក្នុងក្របខណ្ឌអាស៊ាននោះទេ តែវាក៏បានកើតឡើងផងដែរនៅក្នុងសហគមន៍អឺរ៉ុប ដូចជា បញ្ហាបំណុលក្រិក បញ្ហាទណ្ឌកម្មចំពោះរុស្ស៊ី បញ្ហាជនភៀសខ្លួន បញ្ហាប្រឆាំងភេរវកម្ម បញ្ហាគួរនៅជាសមាជិកសហភាពអឺរ៉ុប ឬមិនគួរ ដែលប៉ុន្មានថ្ងៃមុននេះ អង់គ្លេសបានធ្វើប្រជាមតិ និងបានសម្រេចចាកចេញពីសហភាពអឺរ៉ុបរួចទៅហើយ។
នៅក្នុងឱកាសដ៏ឧឡារិកនេះ ក្នុងនាមសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ សូមអំពាវនាវដល់គណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក មន្រ្តី សមាជិក សមាជិកាគ្រប់ៗរូប សូមរក្សាខ្ជាប់នូវប្រពៃណីដ៏រុងរឿងរបស់គណបក្ស ពង្រឹងចំណងសាមគ្គីភាពជុំវិញគណៈកម្មាធិការកណ្តាល បន្តឈានទៅមុខដោយឆន្ទៈមុតស្រួច ដើម្បីសម្រេចរាល់ភារកិច្ច ទាំងក្នុងភារកិច្ចកសាងពង្រឹងគណបក្ស ទាំងក្នុងភារកិច្ចបម្រើប្រជាជន ។ សូមសម្តែងនូវការគោរព និងសេចក្តីស្រឡាញ់ដ៏កក់ក្តៅបំផុតជូនជនរួមជាតិខ្មែរគ្រប់រូបដែលកំពុងរស់នៅក្នុងប្រទេស និងក្រៅប្រទេស ជាកសិករ កម្មករ និយោជិត អាជីវករ ព្រះសង្ឃ បព្វជិតនៃគ្រប់សាសនា សិស្ស និស្សិតបញ្ញវន្ត យុវជន-នារី មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានរួបរួមសាមគ្គីគ្នារួមសុខ រួមទុក្ខជាមហាគ្រួសារខ្មែរតែមួយជន តីរាជការ និងែលកំពុងរស់នៅក្នុង និងក្រៅប្រទេសានខ្លាំងក្លា ហើយបានគាំទ្រ និងចូលរួមអនុវត្តយ៉ាងសកម្មនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៣ របស់រាជរដ្ឋាភិបាល បង្កើតបានសមិទ្ធផលថ្មីៗឥតឈប់ឈរជូនជាតិមាតុភូមិយើង ។ គណបក្សប្រជាជនកម្ពុជា នឹងស្ថិតនៅជានិច្ចជាមួយប្រជាជន និងបន្តធ្វើអ្វីៗគ្រប់យ៉ាងដើម្បីប្រជាជន ។
ព្រមជាមួយនេះ ខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះបណ្តាប្រទេសជាមិត្ត ដៃគូបរទេស និងអង្គការអន្តរជាតិនានា ដែលបានរួមវិភាគទានយ៉ាងថ្លៃថ្លាជួយឧបត្ថម្ភគាំទ្រចំពោះបុព្វហេតុរបស់ប្រជាជនកម្ពុជា និងកំពុងបន្តពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការល្អជាមួយព្រះរាជាណាចក្រកម្ពុជា ដែលជាការរួមចំណែកដ៏សំខាន់មួយមិនអាចខ្វះបាន ដើម្បីសន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍរបស់កម្ពុជា ។
ជាទីបញ្ចប់ជាមួយនឹងអំណរសាទរ ខួបអនុស្សាវរីយ៍លើកទី ៦៥ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមថ្វាយព្រះពរ ប្រគេនពរសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី សម្តេចព្រះសង្ឃរាជ ព្រះរាជាគណៈ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងសូមប្រសិទ្ធពរជូនសម្តេច ឯកឧត្តមលោកជំទាវ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សមាជិក សមាជិកានៃអង្គមីទ្ទិញ និងជនរួមជាតិទាំងអស់ សូមបានប្រកបដោយពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕
សូមអរព្រះគុណ! សូមអរគុណ!