ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី, បងប្អូនអតីតយុទ្ធជនទាំងអស់ ជាទីមេត្រី !
ជាបឋម ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្ញុំជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខ្ញុំមានសេចក្តី រីករាយដោយបានមកចូលរួមក្នុងពិធី អបអរសាទរខួបលើកទី ៩ ទិវាអតីតយុទ្ធជនកម្ពុជា ដែលត្រូវបាន ប្រារព្ធឡើង យ៉ាងអធិកអធមនាពេលនេះ។ ទិវានេះ មានអត្ថន័យដ៏ជ្រាលជ្រៅសម្រាប់សម្តែង នូវការដឹងគុណចំពោះ បងប្អូនអតីតយុទ្ធជន, ប្រជាជន និងបងប្អូនអ្នកស្នេហាជាតិ យើងដែលបានបូជាសាច់ស្រស់ឈាមស្រស់ក្នុង បុព្វហេតុការពារជាតិមាតុភូមិ និងប្រជាជនកម្ពុជាយើងនៅគ្រប់ដំណាក់កាល។
ក្នុងឱកាសជាប្រវត្តិសាស្ត្រនេះ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្ញុំជាប្រធានសមាគមអតីតយុទ្ធជន កម្ពុជា ខ្ញុំសូមលំឱនកាយគោរពចំពោះវិញ្ញាណក្ខ័ន្ធបងប្អូនអតីតយុទ្ធជន ដែលបានធ្វើពលីកម្មដើម្បី បុព្វហេតុការពារជាតិ មាតុភូមិជាទីស្នេហារបស់យើង និងសូមផ្តាំផ្ញើសួរសុខទុក្ខដល់កងកម្លាំងប្រដាប់ឤវុធគ្រប់ប្រភេទ, គ្រប់លំដាប់ថ្នាក់ដែលបាន និងកំពុងបំពេញបេសកកម្ម ដ៏ឧត្តុង្គឧត្តមក្នុងបុព្វហេតុជាតិមាតុភូមិនៅទូទាំងប្រទេស និងបំពេញបេសកកម្មថែរក្សាសន្តិភាព ក្នុងគោលដៅមនុស្សធម៌ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានរបស់សម្តេច ឯកឧត្តម លោក ជំទាវ អ្នកឧញ៉ា លោកឧញ៉ា លោក លោកស្រីជាសមាជិកគណៈកម្មាធិការកណ្តាលសមាគមអតីតយុទ្ធជនកម្ពុជា, ថ្នាក់ដឹកនាំ សមាគមអតីតយុទ្ធជនកម្ពុជារាជធានី ខេត្ត និងបងប្អូនអតីតយុទ្ធជនទាំងអស់ ដែល អញ្ជើញមកពីបណ្តារាជធានីខេត្ត ដែលមានចំនួនសរុបប្រមាណ ២ ៨៦០ នាក់ បានចូលរួមក្នុងពិធីនេះ។
ទន្ទឹមនឹងនេះ ខ្ញុំសូមសម្តែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, សមាគមអតីតយុទ្ធជនកម្ពុជា, ក្រសួង ស្ថាប័នពាក់ព័ន្ធ, ឤជ្ញាធរ រាជធានី ខេត្ត, គ្រប់កងឯកភាពនៃកងកម្លាំងប្រដាប់ឤវុធគ្រប់ប្រភេទ និងបងប្អូនអតីតយុទ្ធជនទាំងអស់ ដែលបានចូលរួម អបអរសាទរ និងគាំទ្រដំណើរការ ប្រារព្ធខួបលើកទី ៩ ទិវាអតីតយុទ្ធជនកម្ពុជា ថ្ងៃ ២១ មិថុនា ឆ្នាំ ២០១៦ នេះ នៅគ្រប់ទីកន្លែងទូទាំងប្រទេស ហើយសកម្មភាពនេះ បានបំផុសឡើងនូវចលនាប្រជាជនដ៏ទូលំទូលាយ ផ្សារភ្ជាប់ជាមួយអតីតយុទ្ធជនកម្ពុជារបស់យើងតរៀងទៅ។ ខ្ញុំក៏សូមវាយតម្លៃខ្ពស់ចំពោះកិច្ចសហការគ្នាកន្លងមករបស់បណ្តាថ្នាក់ដឹកនាំ, មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់ឤវុធ, ឤជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់, បណ្តាស្ថាប័ន, សមាគមន៍ពាក់ព័ន្ធនឹងការងារអតីតយុទ្ធជន ដែល តែងបានយកចិត្តទុកដាក់ខិតខំអនុវត្តវិធានការ និងគំនិតផ្តួចផ្តើមទាំងឡាយរបស់រាជរដ្ឋាភិបាល តាមគ្រប់រូបភាព និងមធ្យោបាយ, ហើយសម្រេចបានសមិទ្ធផលជាច្រើនលើវិស័យនេះ និងធ្វើឱ្យវិស័យនេះមានវឌ្ឍនភាពជាបន្តបន្ទាប់។
ដូចយើងទាំងអស់គ្នាបានដឹងហើយថា កម្ពុជាធ្លាប់បានហែលឆ្លងកាត់នូវដំណាក់កាលបត់បែនជាប្រវត្តិ សាស្ត្រជាច្រើន, ធ្លាប់ទទួលរងនូវមហាវិនាសកម្មបំផ្លិចបំផ្លាញ, ទុក្ខសោកដោយសង្គ្រាមរ៉ាំរ៉ៃ ពិសេសក្នុងរបប ៣ ឆ្នាំ ៨ ខែ ២០ ថ្ងៃ នៃរបបប៉ុលពត បានធ្វើឱ្យកម្ពុជាត្រូវវិនាសហិនហោចខ្ទេចខ្ទី ទាំងសេដ្ឋកិច្ច, សង្គមកិច្ច ទាំងវប្បធម៌, អរិយធម៌ជាដួងព្រលឹងរបស់ជាតិ ទាំងហេដ្ឋារចនាសម្ព័ន្ធ៘ ប្រជាជនកម្ពុជាគ្រប់ស្រទាប់វណ្ណៈត្រូវទទួលរងនូវទារុណកម្មលើសសត្វធាតុ, បង្អត់ឤហារ, បង្ខំឱ្យធ្វើការជាទម្ងន់ ទាំងថ្ងៃទាំងយប់ និងកាប់សម្លាប់មនុស្សយ៉ាងសាហាវព្រៃផ្សៃបំផុត ធ្វើឱ្យគ្រប់ក្រុមគ្រួសារត្រូវរងទុក្ខវិនាស បែកបាក់, ញ្រត់ប្រាស់ និងឈឺចាប់ខ្លោចផ្សារគ្មានអ្វីប្រៀបផ្ទឹម។ ប៉ុន្តែ យើងក៏ដឹងថាទីណា មានការជិះជាន់, កាប់សម្លាប់, ទីនោះត្រូវតែមានការតស៊ូដាច់ខាត។ ក្នុងស្មារតីនេះ ការចាប់បដិសន្ធិ នៃរណសិរ្ស ២ ធ្នូ ១៩៧៨ បានប្រមូលអ្នកស្នេហាជាតិ, បងប្អូនប្រជាជន គ្រប់មជ្ឈដ្ឋាន, កុលបុត្រ កុលធីតាងើបក្រោកឈរដើម្បីប្រយុទ្ធ យកឈាមក្រាលពាសពេញទឹកដីនៃមាតុភូមិ ពីដំណាក់កាលមួយ ទៅដំណាក់មួយទៀត ក្នុងបុព្វហេតុឯករាជ្យ, សន្តិភាព, សេរីភាព, អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីដ៏បវរនៃយើង។
តាមរយៈការធ្វើពលីកម្មទាំងអស់នេះហើយ ដែលបានបន្សល់ទុកកេរមរតកដ៏ថ្លៃថ្លា, ជាសច្ចធម៌ប្រវត្តិ សាស្ត្រ មានតម្លៃមហាសាលមិនឤចកាត់ថ្លៃបានសម្រាប់ប្រជាជាតិ និងប្រជាជនទាំងមូលនោះគឺ ថ្ងៃជ័យជំនះ ៧ មករា ១៩៧៩ ដែលជាថ្ងៃបើកនូវទំព័រសករាជថ្មីនៃកម្ពុជា។ ក្រោយថ្ងៃជ័យជំនះ យើងនៅប្រឈមនឹងការលំបាក និងការខ្វះខាតគ្រប់បែបយ៉ាង ហើយប្រទេសជាតិនៅតែស្ថិតក្នុងស្ថានភាពមានសន្តិភាពផង និងសង្គ្រាមស៊ីវិលផង ដែលជាដំណាក់កាលការពារផង, ស្តារផង, អភិវឌ្ឍជីវភាព រស់នៅ, លើកកម្ពស់សិទ្ធិសេរីភាពជូនប្រជាជនឱ្យកាន់តែល្អប្រសើរឡើងផង។
ស្ថិតក្នុងស្ថានការណ៍ដូចខាងលើ រាជរដ្ឋាភិបាលបានដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ ដែលជាជោគជ័យមួយថ្មីទៀត នៅឆ្នាំ ១៩៩៨ ធ្វើឱ្យទឹកដីកម្ពុជាបានឯកភាពទាំងស្រុង, គ្រប់កម្លាំងប្រដាប់ឤវុធ និងអតីតយុទ្ធជន នៃភាគីទាំងអស់ បានធ្វើសមាហរណកម្មមកក្រោមដំបូលរាជរដ្ឋាភិបាលកម្ពុជាតែមួយ ដែលជាមូលដ្ឋានបង្កើតបាននូវសន្តិភាព, សន្តិសុខ, ស្ថិរភាពនយោបាយពេញលេញគ្របដណ្តប់លើផ្ទៃ ប្រទេសទាំងមូល ដែលជាបុព្វលក្ខខណ្ឌសំខាន់បំផុត សម្រាប់បន្តការអភិវឌ្ឍលើគ្រប់វិស័យ និងបានបង្ក លក្ខណៈអំណោយផលដល់ការអនុវត្តគោលនយោបាយជាតិ ដើម្បីតបស្នងចំពោះគុណបំណាច់របស់ អតីតយុទ្ធជនដែលបានធ្វើពលីកម្មក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជាជនយើង។
ជារួម ក្រោយថ្ងៃជ័យជំនះជាប្រវត្តិសាស្ត្រ ៧ មករា ១៩៧៩ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានសង្គ្រោះជាតិ និងប្រជាជនឱ្យរស់ឡើងវិញ និងកសាងប្រទេសឱ្យរីកចម្រើនជាបន្តបន្ទាប់។ ជាក់ស្តែង ក្នុងរយៈកាល ៣៧ ឆ្នាំ កន្លងទៅនេះ បន្ទាប់ពីការដួលរលំនៃរបបប្រល័យ ពូជសាសន៍ ប៉ុល ពត យើងសម្រេចបាននូវសមិទ្ធផលធំៗជាច្រើន ក្នុងនោះ មានការស្តារ និងការកសាង ឡើងវិញនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា ដូចជាផ្លូវ, ស្ពាន, សាលារៀន, មន្ទីរពេទ្យ, មណ្ឌលសុខភាព, បណ្តាញចែកចាយទឹកស្អាត, អគ្គិសនីជាដើម ដែលជាមូលដ្ឋានគ្រឹះចាំបាច់ សម្រាប់គាំទ្រ ដល់ការបន្តរីកលូតលាស់នៃសង្គម-សេដ្ឋកិច្ចជាតិ ដែលជាក់ស្តែងកម្ពុជាសម្រេចបាន នូវកំណើនសេដ្ឋកិច្ចជាមធ្យមជាង ៧% ក្នុងមួយឆ្នាំ ក្នុងអំឡុងពីរទស្សវត្សរ៍កន្លងមក ហើយជីវភាព និងសុខុមាលភាពរបស់ប្រជាជនកាន់តែត្រូវបានលើកកម្ពស់គួរឱ្យកត់សម្គាល់ ហើយបានប្រែក្លាយពីប្រទេសក្រីក្រ ទៅប្រទេសមានចំណូលមធ្យមកម្រិតទាប និងធ្វើដណើរឆ្ពោះ ទៅជាប្រទេសមានចំណូល មធ្យមកម្រិតខ្ពស់យ៉ាងស្វាហាប់។ ទន្ទឹមនេះ កម្ពុជារក្សាបាននូវសុខសន្តិភាពគ្របដណ្តប់ពេញ ផ្ទៃប្រទេសទាំងមូល, រក្សាស្ថិរភាពនយោបាយ និងស្ថិរភាពសេដ្ឋកិច្ច សម្រាប់បន្តធានាដល់ការអភិវឌ្ឍ ប្រទេសជាតិឱ្យរីកចម្រើនប្រកបដោយចីរភាព។
តាមរបាយការណ៍របស់ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មកទល់ពេលនេះ, អតីតយុទ្ធជនសរុបមានចំនួន ៨៦ ១៥៩ នាក់ ព្រមទាំងអ្នកនៅក្នុងបន្ទុកចំនួន ១៣៤ ៦៨១ នាក់ កំពុងទទួលប្រាក់របបគោលនយោបាយពីរដ្ឋដែលប្រាក់របបនេះ ក៏ត្រូវបានកែសម្រួលជាបន្តបន្ទាប់ស្របតាមការដំឡើងប្រាក់បៀវត្ស មន្ត្រីរាជការ និងកងកម្លាំងប្រដាប់ឤវុធផងដែរ។
ចំពោះមុខនេះ ខ្ញុំសូមសម្តែងនូវការកោតសរសើរចំពោះក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទា និងក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលបានអនុវត្តនូវប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ, កែសម្រួលបង្កើន ប្រាក់របបសន្តិសុខសង្គម ជាបន្តបន្ទាប់, ការធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជនឤចអនុវត្តតាមប្រព័ន្ធព័ត៌មានវិទ្យាទូទាំងប្រទេស ជាមួយការបើកផ្តល់ប្រាក់របបសន្តិសុខសង្គមប្រចាំខែតាមប្រព័ន្ធធនាគារ នៅគ្រប់រាជ ធានី ខេត្តទាំង ២៥ ចាប់ពីខែ មិថុនា ឆ្នាំ ២០១៤ មក។
លើសនេះទៀត រាជរដ្ឋាភិបាលបានដាក់ចេញ និងអនុវត្តគោលនយោបាយស្តីពីការផ្តល់សម្បទានដីសង្គមកិច្ច ដល់អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ជាក់ស្តែងរាជរដ្ឋាភិបាលបានកសាងភូមិអភិវឌ្ឍ យោធិនពិការនៅតាកែន កោះស្លា, ស្រុកឈូក, ខេត្តកំពត,មណ្ឌលអភិវឌ្ឍយោធិនពិការ ៣១៧ គូលែន ខេត្តសៀមរាប និងមណ្ឌលអភិវឌ្ឍយោធិន ពិការភ្នំឆ័ត្រ នៅខេត្តបន្ទាយមានជ័យ ជាដើម។
ដោយឡែក សមាគមអតីតយុទ្ធជនកម្ពុជាដែលបានបង្កើតឡើងក្នុងរយៈពេល ៩ ឆ្នាំ កន្លងមកនេះ ក៏បានខិតខំធ្វើសកម្មភាពជាក់ស្តែងជាច្រើនប្រកបដោយលទ្ធផលផ្លែផ្កា រួមចំណែកក្នុងការពង្រឹង ពង្រីក តួនាទី របស់អតីតយុទ្ធជន, ការកែលម្អជីវភាព និងការពង្រឹងធ្លុងសាមគ្គីឯកភាពក្នុងជួរអតីតយុទ្ធជន រួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។ ជាក់ស្តែង ចលនា ៣ ពូកែរបស់អតីតយុទ្ធជន, សកម្មភាពអភិវឌ្ឍ, ការកសាងផ្ទះជូន អតីតយុទ្ធជន ៘ បានជួយលើកកម្ពស់ជីវភាព សមាជិកសមាគមអតីតយុទ្ធជនកម្ពុជា បន្ថែមលើរបបគោលនយោបាយ ដែលរដ្ឋបានផ្តល់ជូន។ ម៉្យាងវិញទៀត បន្ទាប់ពីមហាសន្និបាតតំណាងសមាគមអតីតយុទ្ធជនកម្ពុជា ទូទាំងប្រទេស លើកទី ២ កន្លង មកឃើញថា មានការរីកចម្រើនច្រើនគួរឱ្យកោតសរសើរ ដូចជាការចុះសួរសុខទុក្ខ ដល់បងប្អូនអតីតយុទ្ធជន និងគ្រួសារ, ការសាង់សង់ និងជួសជុលផ្ទះ, ការផ្តល់ជំនួយបន្ទាន់នៅពេលដែលបងប្អូនអតីតយុទ្ធជនជួបការលំបាកដោយប្រការផ្សេងៗ និងការផ្តល់ភាពកក់ក្តៅ និងការចូលរួមមរណទុក្ខពីសំណាក់ថ្នាក់ដឹកនាំ សមាគមអតីតយុទ្ធជនកម្ពុជាជូន ដល់គ្រួសារអតីតយុទ្ធជន នៅពេលដែលអតីតយុទ្ធជនជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាបានទទួលមរណភាព នឹងបានទទួលថវិកាចំនួន ៤ លានរៀលផងដែរ។
ខ្ញុំសូមយកឱកាសនេះ សម្តែងការកោតសរសើរចំពោះ ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខា ធិការសមាគមតីតយុទ្ធជនកម្ពុជា ដែលបានខិតខំបំពេញការងារដោយស្មារតីទទួលខុសត្រូវ ខ្ពស់លើការអនុវត្តសេចក្តីសម្រេចរបស់មហាសន្និបាតតំណាងសមាគមអតីតយុទ្ធជនកម្ពុជា ទូទាំងប្រទេស លើកទី ២ និងបានសហការល្អជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, ក្រសួង ស្ថាប័ន ពាក់ព័ន្ធ, ឤជ្ញាធរដែនដី ដើម្បីលើកកម្ពស់ទាំងស្មារតី និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន និង គ្រួសារឱ្យកាន់តែប្រសើរឡើង។
ក្នុងបរិយាកាសដ៏រីករាយនេះ ទូលព្រះបង្គំខ្ញុំ សូមសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ថ្វាយចំពោះ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ដែលព្រះអង្គតែងតែយកព្រះទ័យទុកដាក់ចំពោះប្រជារាស្ត្ររបស់ព្រះអង្គ ជាពិសេស តែងផ្តល់ការឧបត្ថម្ភគាំទ្រ ចំពោះអតីតយុទ្ធជន, គ្រួសារជនពលីមរណៈ, ជនពិការ ប្រកបដោយព្រះទ័យព្រហ្មវិហារធម៌ដ៏ខ្ពង់ខ្ពស់។
រាជរដ្ឋាភិបាល ក៏សូមសម្តែងការកោតសរសើរ និងថ្លែងអំណរគុណចំពោះដៃគូអភិវឌ្ឍ, អង្គការមិនមែនរដ្ឋាភិបាល, សប្បុរសជនជាតិ-អន្តរជាតិនានា ដែលបានយកចិត្តទុកដាក់ ក្នុងការជួយឧបត្ថម្ភគាំទ្រទាំងស្មារតី, សម្ភារៈ, ថវិកា ដើម្បីជួយកែលម្អជីវភាពរស់នៅរបស់អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនដែលជួបការលំបាក និងសូមថ្លែងអំណរគុណចំពោះកាកបាទក្រហមកម្ពុជា ដែលបានយកចិត្តទុកដាក់ផ្តល់ជំនួយមនុស្សធម៌ឧបត្ថម្ភ ដល់អតីតយុទ្ធជន ជាពិសេសជនពិការ, ស្ត្រីមេម៉ាយ, គ្រួសារ ពលី, មរណៈ ដែលក្រីក្រលំបាក។
[ចាប់ផ្តើមធ្វើអត្ថាធិប្បាយ]
អំពាវនាវ ចំពោះស្ថាប័ននានា ឲ្យជួយផ្តល់នូវថវិកាសម្រាប់ទ្រទ្រង់ នៅពេលដែលមានការខ្វះខាត
អម្បាញ់មិញនាយឧត្តមសេនីយ៍ គន់ គីម បានលើកឡើងពាក់ព័ន្ធជាមួយមរណភាពរបស់ អតីតយុទ្ធជន របស់យើង ហើយក៏បានអំពាវនាវ ចំពោះស្ថាប័ននានា ឲ្យជួយផ្តល់នូវថវិកាសម្រាប់ទ្រទ្រង់ នៅពេលដែល មានការខ្វះខាត។ ខ្ញុំសូមយកឱកាសនេះ គិតគូរតែម្តងរឿងបញ្ហាធ្វើផ្ទះ នឹងមានបញ្ជីមួយដោយឡែក។ រឿងទាក់ទងជាមួយនឹងបញ្ហាមរណភាពនេះ យើងមិនអាចទៅឃាត់យមរាជមិនឲ្យឆក់យកជីវិតមនុស្សបាននោះទេ រាប់ទាំងជីវិតខ្ញុំក៏វាមិនអមតៈដែរ ប៉ុន្តែបញ្ហានៅត្រង់ថា ពេលដែលយុទ្ធជននោះទទួលមរណភាពយើងមិនមានថវិកាគ្រប់ដើម្បីនឹងឆ្លើយតបភ្លាមៗ។ សពមួយ ៤ លានរៀល។ ឥឡូវនេះ ខ្ញុំសុំសួរប្រធានកាកបាទក្រហមកម្ពុជា តើក្នុងមួយឆ្នាំអាចជួយសពបានប៉ុន្មាន? សម្រាប់ជាគ្រួសាររបស់យើងតែម្តង ខ្ញុំសុំជួយ ១០០ សព។ អាហ្នឹងជាគ្រួសារទាំងប្តី ប្រពន្ធហ្នឹង គឺថាកូនចៅ យើងជួយ ១០០ សព។ ឲ្យតែមានការទទួលមរណភាព។ ១០០ សព ១ សព ៤ លាន គឺ ៤០០ លាន។ អញ្ចឹង អស់លោក ឯកឧត្តម លោកជំទាវ នៅខាងក្រោយនេះ អ្នកណាជួយប៉ុន្មានកត់តាមហ្នឹងមក។ ឧទាហរណ៍ ថាមួយឆ្នាំជួយប៉ុន្មានសព ឥឡូវកាកបាទក្រហមជាស្ថាប័នមួយ យើងពីរនាក់អម្បាញ់មិញជួយ ១០០ សព មិនមែនកាកបាទក្រហមទេ។ កាកបាទក្រហមផ្សេង។ ហ្នឹង ប្តីប្រពន្ធ គ្រួសារយើង គឺជួយ ១០០ សព។ ក្នុងមួយឆ្នាំកាកបាទក្រហមជួយ ៥ ម៉ឺនដុល្លារ ទៅកាន់ខាងអតីតយុទ្ធជនហ្នឹងតែម្តង ៥ ម៉ឺន ដុល្លារស្មើនឹង ៥០ សព។ អបអរសាទរ។ ហើយអស់លោកឧកញ៉ាតាមស្ថាប័នស្អីៗ បើសិនជាចង់ជួយ ឥឡូវផ្ទះមានជួយហើយ។ បន្តិចទៀតខ្ញុំនឹងប្រកាស ប៉ុន្តែ ឧបមាថាក្រុមហ៊ុនមួយអាចជួយបានប៉ុន្មានសព អាហ្នឹងគឺថាសូមមេត្តាជួយ។ ប៉ុន្តែ ក្នុងក្របខណ្ឌនៃថវិកាជាតិ ត្រូវតែមានបម្រុងទុក ក្នុងឋានៈខ្ញុំជានាយករដ្ឋមន្រ្តី រាជរដ្ឋាភិបាល។ ទោះបីថា សមាគមនេះជាអង្គការក្រៅរដ្ឋាភិបាល ក៏ប៉ុន្តែគឺជាអង្គការមួយដែលធ្វើទាក់ទិនជាមួយនឹងអង្គការសង្គមកិច្ច។ អម្បាញ់មិញ ខ្ញុំបានហៅលោកជំទាវតំណាងឲ្យក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ដាក់បញ្ចូលថវិកាប្រមាណជាង ៤-៥ ពាន់លានរៀល ក្នុងមួយឆ្នាំតាយរយៈក្រសួងសង្គមកិច្ច ជាអាណាប័ក បញ្ចូលទៅក្នុងក្របខណ្ឌនៃថវិកាជាតិ ដើម្បីទ្រទ្រង់ទៅដល់គ្រួសារសព។ ដោយឡែក ផ្នែកថវិកាជាតិ ក៏ត្រូវដាក់ចូលឲ្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាអាណាប័កដើមខ្សែ ដើម្បីបញ្ជូនថវិកា។ ឥឡូវហ្នឹងជំពាក់សព ១៥០ អញ្ចឹងខ្ញុំឲ្យ ១០០ ទៅ បូកឯណោះ ៥០ ទៀត គ្រាន់តែយកទៅសងគេទេ។ អត់ទាន់មាននៅសល់ទេ។ យើងជាអង្គការក្រៅរដ្ឋាភិបាល ប៉ុន្តែ រាជរដ្ឋាភិបាល ក៏គួរមានក្របខណ្ឌនូវថវិកាមួយចំនួន ព្រោះនេះជាការចំណាយទៅលើកិច្ចការសង្គម ហើយបើសិនជាបក្សប្រឆាំងហ៊ានប្រឆាំងជាមួយនឹងថវិកានេះ ខ្ញុំគិតថាយុទ្ធជនពិការរបស់យើង នឹងមិនអត់ឱនឲ្យអ្នកណាដែលប្រឆាំងជាមួយនឹងគំនិតផ្តួចផ្តើមរបស់ខ្ញុំទេ។ ព្រោះនេះគឺជាការជួយទៅដល់យុទ្ធជនពិការរបស់យើង។
[បញ្ចប់អត្ថាធិប្បាយ]
ក្នុងន័យបន្តពង្រឹង និងពង្រីកសកម្មភាពគិតគូរអំពីសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជន និងគ្រួសារអតីត យុទ្ធជន ខ្ញុំសូមយកឱកាសនេះ ផ្តល់នូវអនុសាសន៍មួយចំនួនដូចតទៅ៖
ទី ១ ចំពោះបងប្អូនអតីតយុទ្ធជនកម្ពុជា ត្រូវបន្តប្រកាន់ខ្ជាប់នូវវីរភាពអង់ឤចក្លាហានស័ក្តិសមជាកុលបុត្រដ៏ឆ្នើមរបស់ជាតិមាតុភូមិ ទោះបីជាបច្ចុប្បន្នក្លាយជាអតីតយុទ្ធជនក៏ត្រូវបន្តរក្សាស្មារតី, វីរភាពដ៏ថ្លៃថ្លានេះជាប់ជានិច្ច ដើម្បីជាគំរូល្អក្នុងសង្គមជាតិ។ ខ្ញុំសូមឱ្យបងប្អូនបន្តចូលរួមក្នុងការអនុវត្តចលនាប្រឡងប្រណាំង ៣ ពូកែ ១. ការធ្វើសេដ្ឋកិច្ចគ្រួសារពូកែ ២. ជួយគ្នាដើម្បីកាត់បន្ថយភាពក្រីក្រពូកែ ៣. អភិវឌ្ឍសមាគម និងសង្គមជាតិពូកែ តាមគោលការណ៍របស់សមាគមអតីតយុទ្ធជនកម្ពុជា និងក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា។ ទី ២ ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបន្តផ្តោតការយកចិត្តទុកដាក់ពង្រឹងការបើកផ្តល់ ប្រាក់របបសន្តិសុខសង្គម ជូនអតីតយុទ្ធជន ឱ្យបានទាន់ពេលវេលា និងទៀងទាត់តាមការកំណត់របស់រាជរដ្ឋាភិបាល។ ទី ៣ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, សមាគមអតីតយុទ្ធជនកម្ពុជា, ឤជ្ញាធរដែនដី ដែលពាក់ព័ន្ធ ត្រូវបន្តពង្រឹង ពង្រីក ការងារអភិវឌ្ឍ អតីតយុទ្ធជននៅសហគមន៍ឃុំ សង្កាត់, តាមបណ្តារាជធានី ខេត្ត និងត្រូវខិតខំជំរុញបន្តការអនុវត្តគម្រោងសាងសង់ផ្ទះជូនអតីតយុទ្ធជន និងគ្រួសារ ដែលក្រីក្របំផុតតាមសហគមន៍ ឱ្យមាន ប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង របស់បងប្អូនអតីត យុទ្ធជន និងគ្រួសារ ឱ្យបានស័ក្តិ សមចំពោះក្រុមអតីតយុទ្ធជនដែលមានគុណបំណាច់ ចំពោះជាតិមាតុភូមិ ជានិមិត្តរូបនៃស្មារតីលះបង់, ពលិកម្មដើម្បីជាតិ និងជាសក្ខីភាព នៃវីរភាពរបស់ប្រជាជនកម្ពុជាផងដែរ។ ទី ៤ ក្រសួងសង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា ត្រូវបន្តសហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង គណៈកម្មាធិការ សម្បទានដីសង្គមកិច្ចថ្នាក់ជាតិ ដើម្បីពិចារណាលើលទ្ធភាពបីចំណុចក្នុងការផ្តល់សម្ប ទានដីសង្គមកិច្ចជូនអតីតកងកម្លាំងប្រដាប់ឤវុធ, អតីតយុទ្ធជន និងគ្រួសារគឺ ទី១. ពិនិត្យ ស្រាវជ្រាវ និង មានវិធានការសមស្រប ចំពោះអ្នកដែលបានទទួលផ្ទះ និងដីសម្បទានរួចហើយ ប៉ុន្តែ ពុំបានទៅរស់នៅ និងថែទាំ ដែលឤចចាត់ទុកថាជាចេតនាបោះបង់ចោល ទី២· ប្រគល់ផ្ទះ និងដីសម្បទានឱ្យចំមុខសញ្ញា ដែលក្រីក្រពិតប្រាកដ និង ទី៣· ត្រូវបន្តផ្តល់សម្បទានដីសង្គមកិច្ចដល់អ្នក ដែលបានដាក់ពាក្យស្នើសុំនៅតាមបណ្តាខេត្តទាំង ៨ គឺខេត្តក្រចេះ, កំពត, កំពង់ស្ពឺ, ព្រះសីហនុ, កំពង់ឆ្នាំង, ពោធិសាត់, បាត់ដំបង និងខេត្តសៀមរាប ដែលពុំទាន់បានទទួលដី ដើម្បីឱ្យពួកគាត់បានកាន់កាប់ដី និងប្រកបរបរកសិកម្ម, អភិវឌ្ឍជីវភាពគ្រួសារ, មុននឹងបន្តដំណើរការទៅខេត្តដទៃទៀត។
[ចាប់ផ្តើមធ្វើអត្ថាធិប្បាយ]
ក្រៅពីការប្រគល់ដី យើងក៏ត្រូវគិតគូរដល់មធ្យាបាយដទៃទៀត
ខ្ញុំនៅចាំបានថា ប៉ុន្មានថ្ងៃមុននេះ គឺឯកឧត្តម ជា សុផារ៉ា បានរាយការណ៍ដីដែលសម្រាប់ត្រៀមផ្តល់ជាដី សម្បទានសង្គមកិច្ច មានប្រមាណជា ២៧,០០០ ហិកតា ដូច្នេះ បញ្ហាដីធ្លីមិនជាចំណោទនោះទេ បញ្ហាធំត្រូវពិនិត្យការប្រគល់ដីរួចហើយ។ គេថាប្រគល់រួចហើយ ប៉ុន្តែ គ្មានលទ្ធភាព ដើម្បីនឹងទៅបង្កបង្កើនផលនោះទេ។ ដូច្នេះ ក្រៅពីការប្រគល់ដី យើងក៏ត្រូវគិតគូរដល់មធ្យាបាយដទៃទៀត ដើម្បីឲ្យពួកគាត់មានលទ្ធភាពដើម្បីដោះស្រាយបញ្ហាទាំងនោះ។
[បញ្ចប់អត្ថាធិប្បាយ]
ទី ៥ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, ក្រសួងអប់រំ យុវជន និងកីឡា, សមាគម អតីតយុទ្ធជនកម្ពុជា និងស្ថាប័នពាក់ព័ន្ធត្រូវបន្តពិនិត្យលទ្ធភាព ក្នុងការផ្តល់ឤហារូបករណ៍ថ្នាក់ឧត្តម សិក្សា ឬបង្កលទ្ធភាពឱ្យចូលរួម ក្នុងកម្មវិធីបណ្តុះបណ្តាល ជំនាញជាឤទិភាពដល់កូនអតីតយុទ្ធជនដែលក្រីក្រ និងមានបំណងចង់បន្តការសិក្សា ឬចង់មានជំនាញវិជ្ជាជីវៈ។ ទន្ទឹមនោះ ត្រូវសហការជាមួយក្រសួងសុខាភិបាល ដើម្បីពិនិត្យផ្តល់ឤទិភាពដល់អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ទទួលបាននូវសេវាពិនិត្យ និងព្យាបាលជំងឺដោយឥតបង់ប្រាក់។
ជារួម ការយកចិត្តទុកដាក់ផ្តល់សេវាថែទាំអតីតយុទ្ធជនទាំងខាងស្មារតី, ការគាំពារសុខភាព និងការឧបត្ថម្ភសម្ភារៈនានាបានល្អ គឺមានអត្ថន័យនយោបាយក្នុងការលើកកម្ពស់មនសិការស្នេហាជាតិ, ស្មារតីលះបង់របស់ប្រជាជនគ្រប់ស្រទាប់ ក្នុងបុព្វហេតុជាតិមាតុភូមិ ដែលប្រពៃណីដ៏ថ្លៃថ្លារបស់ប្រជាជាតិកម្ពុជា តាំងពីយូរលង់មកហើយ។ ទន្ទឹមនេះ ខ្ញុំសូមស្នើឯកឧត្តម ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារជាតិ ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃក្រសួងការពារជាតិ ត្រូវរួមគ្នាគិតគូរ និងបន្តជំរុញ ការកសាងតំបន់អភិវឌ្ឍសម្រាប់អតីតយុទ្ធជន និងគ្រួសារ អតីតយុទ្ធជន ព្រមទាំងត្រូវខិតខំ ថែរក្សាគាំពារ ចំពោះតំបន់អភិវឌ្ឍយោធិនពិការ ដែលបានកសាងមកហើយឱ្យបន្តរីកលូតលាស់ប្រកបដោយនិរន្តរភាព។
[ចាប់ផ្តើមធ្វើអត្ថាធិប្បាយ]
អរគុណសម្រាប់អ្នកឧបត្ថមថវិកាសម្រាប់យុទ្ធជន
អម្បាញ់មិញនេះ នាយឧត្តមសេនីយ៍ គន់ គីម បានលើកឡើងពាក់ព័ន្ធជាមួយនឹងការខ្វះថវិកា សម្រាប់ ការសាងសង់នៅផ្ទះបន្ថែមទៀត នៅឯមូលដ្ឋានភ្នំឆ័ត្រ វាជាភ័ព្វសំណាងមួយសម្រាប់យើង ដោយមាន សប្បុរសជន ហើយដែលបានទទួលផលប្រយោជន៍ គឺសុខសន្តិភាព នៃអតីតយុទ្ធជនរបស់យើង ហើយពួកគាត់ក៏បានរកស៊ីមានបាន នៅក្នុងប្រទេសដែលមានសន្តិភាព បន្ទាប់ពីសង្គ្រាមដោយការលះបង់ របស់បងប្អូនយុទ្ធជនពិការ។ ថ្ងៃនេះ ចំនួន ២៥ នាក់ បានផ្តល់នូវថវិកាចំនួន ១,៣១៣,១០០ ដុល្លារសហរដ្ឋអាមេរិក សម្រាប់ការកសាងផ្ទះបានចំនួន ៣២៨ ខ្នង … (សម្តេចអានឈ្មោះសប្បុរសជន)។
យើងសរុបទៅបាន ៣៦៥ ខ្នង។ អញ្ចឹង ខ្ញុំប្រកាសថា ប្រគល់អោយទៅភ្នំឆ័ត្រ ១៥០ ខ្នង(ដូចខ្វះអគារសិក្សា?) ក្រៅពីនោះថវិកានៅសល់ត្រូវផ្តល់អោយយុទ្ធជនពិការដែលមានដីស្រាប់ តែខ្វះផ្ទះ ដូច្នេះ យើងប្រើប្រាស់ថវិកានេះ ដើម្បីសាងសង់ផ្ទះនៅលើដីដែលគាត់មានស្រាប់។ យើងនឹងបន្តអំពាវនាវបន្តទៅទៀត។ មូលដ្ឋាន ៣ គឺតាកែនកោះស្លា មានផ្ទះហើយ តែខ្ញុំកំពុងឲ្យធ្វើមួយចំនួនទៀត តែមិនទាមទារប្រាក់នេះទេ។ នៅគូលែន យើងមានហើយ ប៉ុន្តែភ្នំឆ័ត្រយើងខ្វះ ១៥០ ខ្នង ប៉ុន្តែនៅមានយុទ្ធជនពិការជាច្រើនដែរមានដីក៏ប៉ុន្តែខ្វះផ្ទះ។ អញ្ចឹងយើងប្រើប្រាស់ថវិកាដែលបានមកពីការចូលរួមថ្ងៃនេះ។
អរគុណ ឯកឧត្តម លោកជំទាវ ឧកញ៉ា អស់លោក លោកស្រី ជាការរួមវិភាគទានជាផ្នែកដ៏សំខាន់មួយ ហើយក៏សូមបញ្ជាក់ដែរថា បើគ្មានយុទ្ធជនទាំងនេះទេ ក៏អស់លោកគ្មានងារជាឧកញ៉ា រកស៊ីមានបានដែរ នេះនិយាយឲ្យពិត វាមានទៅមានមក។ អបអរសាទរកាកបាទក្រហមកម្ពុជា ឧបត្ថម្ភ ១០ ម៉ឺនដុល្លារ ១ ឆ្នាំ។ ថវិកាពីគ្រួសារយើងក៏យកថ្ងៃនេះ កាកបាទក្រហមក៏យកថ្ងៃនេះ យើងបន្តចលនានេះបន្តទៅទៀត មានតែវិធីបែបនេះទេ ហ្នឹងហើយហៅថាសិល្បៈនៃការចែករំលែកដើម្បីឈ្នះៗទាំងអស់គ្នា ដើម្បីជាតិរបស់យើង។
[បញ្ចប់អត្ថាធិប្បាយ]
មុននឹងបញ្ចប់ ខ្ញុំសូមអំពាវនាវដល់ដៃគូអភិវឌ្ឍ, អង្គការជាតិ-អន្តរជាតិ, សប្បុរសជននានា សូមផ្តល់នូវ កិច្ចសហប្រតិបត្តិការល្អ, ផ្តល់ការឧបត្ថម្ភគាំទ្រចំពោះសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីអភិវឌ្ឍ និង ធានានិរន្តរភាពឱ្យកាន់តែល្អប្រសើរ។ ខ្ញុំមានជំនឿយ៉ាងមុតមាំថា ក្រសួង ស្ថាប័នពាក់ព័ន្ធនានា, កងកម្លាំងប្រដាប់ឤវុធគ្រប់ប្រភេទ, ឤជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ នឹងបន្តចូលរួមយ៉ាងសកម្មក្នុងវិស័យ អតីតយុទ្ធជន និងធ្វើឱ្យកិច្ចដំណើរការនៃវិស័យនេះ កាន់តែមានប្រសិទ្ធភាពខ្ពស់ និងទទួលបានការអភិវឌ្ឍជាលំដាប់។
នៅទីបញ្ចប់ ជាមួយនឹងការអបអរសាទរ ខួបលើកទី ៩ ទិវាអតីតយុទ្ធជនកម្ពុជា នាពេលនេះ ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ភ្ញៀវកិត្តិយស លោក លោកស្រី បងប្អូនអតីតយុទ្ធជនទាំងអស់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការ ឤយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ហើយថ្ងៃនេះ ក៏បានរៀបចំចំពោះសមាជិក សមាជិកា អតីតយុទ្ធជន សរុប ចំនួន ២,៣៥៦ នាក់ សុំជូនម្នាក់ៗ ២០ ម៉ឺនរៀល សម្រាប់សិស្សនាយទាហានសកម្ម ៣០០ នាក់ និងសិស្សសាលារាជបណ្ឌិត សភានគបាលចំនួន ១០០ នាក់ ដែលមកចូលរួមក្នុងពិធីនេះ ក៏សុំជូនម្នាក់ៗចំនួន ២ ម៉ឺនរៀលផងដែរ ជូនកង កិត្តិយស និងត្រែទ័ព ២ លានរៀល និងគណកម្មការរៀបចំចំនួន ១០ លានរៀល៕