លោកឧកញ៉ា សុខ គឹមរី ចាងហ្វាងគណៈជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា,
ឯកឧត្តម បណ្ឌិត យូសេហ្វ ហូថៃមីន តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អ៊ីយ៉ា ថាមីន ម៉ាដានី អគ្គលេខា ធិការអង្គការប្រតិបត្តិការណ៍ឥស្លាម,
ឯកឧត្តម សុរិន ពិតសុវណ្ណ អតីតលេខាធិការអាស៊ាន,
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា ដែលបានអញ្ជើញចូលរួមក្នុងឱកាសនេះ
ចំនួនចូលរួមនឹងកើនឡើងរាល់ឆ្នាំ បើកន្លែងអនុគ្រោះ
ជាដំបូងនេះ ក្នុងនាមរាជរដ្ឋាភិបាល ក្នុងនាមខ្ញុំ និងភរិយាខ្ញុំ សូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្ត មានរបស់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា ទាំងភ្ញៀវជាតិ និងអន្តរជាតិ ដែលបានទទួលនូវការអញ្ជើញមកចូលរួមនៅក្នុងពិធីស្រាយបួស នៃសាសនិកឥស្លាម នៅក្នុងថ្ងៃនេះ។ នេះជាលើកទី ៣ ដែលរាជរដ្ឋាភិបាលបានចាត់តាំងឡើង សម្រាប់បងប្អូនសាសនិកឥស្លាម ដែលឆ្នាំទី ១ មានត្រឹមកម្រិតតែ ១៣០០ នាក់ ឯឆ្នាំទី ២ ឡើងដល់ ៤០០០ នាក់ ឯឆ្នាំនេះ មានរហូតទៅដល់ ៤៥០០ នាក់។ ប្រសិនបើទីកន្លែងអនុគ្រោះ ឆ្នាំក្រោយចំនួននៃការចូលរួមនឹងមានច្រើនជាងនេះ។
ស្រាយបួសក្លាយជាព្រឹត្តិការណ៍ជាតិ និងបន្តធ្វើដរាបណា សម្តេចតជោ នៅជានាយករដ្ឋមន្រ្តី
ខ្ញុំពិតជាមានការអរគុណជាមួយនូវពាក្យពេជន៍ដ៏ល្អ ដែលឯកឧត្តម អូស្មាន់ ហាសាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុកទាក់ទិននឹងបញ្ហាសាសនាឥស្លាម បានធ្វើរបាយការណ៍ជូនចំពោះអង្គពិធីអម្បាញ់មិញ។ ខ្ញុំអរគុណ ចំពោះឯកឧត្តម អគ្គរដ្ឋទូត ប៉ាគីស្ថាន ដែលតំណាងឲ្យសហគមន៍នៃមិត្តភក្តិជាប្រទេសកាន់សាសនាឥស្លាម ដែលមាននិវេសនដ្ឋានប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ថ្លែងអម្បាញ់មិញនេះ។ ខ្ញុំចាប់អារម្មណ៍ត្រង់ថា ឯកឧត្តម អគ្គរដ្ឋទូត បានលើកឡើងនូវមតិទាក់ទិនជាមួយនឹងព្រឹត្តិការណ៍រ៉ាម៉ាដាន ពិធីស្រាយបួសនៅកម្ពុជា បានក្លាយទៅជាព្រឹត្តិការណ៍ជាតិមួយរបស់កម្ពុជា ហើយចង់បានឲ្យពិធីនេះបន្តទៅទៀត។ ខ្ញុំអាចបញ្ជាក់ជូនថា នៅក្នុងដំណាក់កាលរបស់ខ្ញុំ ក្នុងឋានៈជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ពីនេះដល់ឆ្នាំ ២០១៨ មានន័យថា នៅឆ្នាំ ២០១៧ និង ២០១៨ ខ្ញុំនឹងបន្តធ្វើកិច្ចការងារនេះ ហើយខ្ញុំនៅតែបន្តជាបេក្ខជន បេក្ខភាពនាយករដ្ឋមន្រ្តី នៃគណបក្សប្រជាជនកម្ពុជានៅក្នុងការបោះឆ្នោតឆ្នាំ ២០១៨ ជាបន្តទៀត។ ពេលនោះ ខ្ញុំសង្ឃឹមថាខ្ញុំនឹងរៀបចំពិធីនេះជាបន្តរហូតទៅទល់ឆ្នាំ ២០២៣ ហើយនៅឆ្នាំ ២០២៣ ខ្ញុំដូចជាមិនទាន់ជាចាស់ប៉ុន្មានទេ ភរិយាខ្ញុំក៏នៅតែសរសើរខ្ញុំថានៅក្មេងនៅឡើយ។
សុខដុមភាវូបនីយកម្មជនជាតិ និងសាសនា ជាអាទិភាពមួយនៃគោលនយោបាយក្នុង និងក្រៅប្រទេស
ខ្ញុំពិតជាមានការរីករាយ នៅពេលដែលខ្ញុំបានចូលមកដល់អម្បាញ់មិញនេះ ខ្ញុំ និងភរិយា បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់យុវជនជាសិស្ស និស្សិតរបស់ឥស្លាម ដែលធ្វើឲ្យខ្ញុំមានមោទនភាពកាន់តែខ្លាំងជាមួយនឹងអ្វី ដែលជាក្របខណ្ឌគោលនយោបាយកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាលតាំងពីអតីតកាល ដែលចាត់ទុកនយោបាយការធ្វើសុខដុមភាវូបនីយកម្មជនជាតិ និងសាសនា ជាអាទិភាពមួយក្នុងចំណោមអាទិភាពនានា នៃគោលនយោបាយក្នុងប្រទេស និងក្រៅប្រទេសរបស់ខ្លួន។ ប្រហែលជានៅក្នុងប្រទេសរបស់យើង គ្មានការភូតភរណាមួយ ដែលធ្វើចំពោះមុខសាសនាទាំងអស់ ទាំងសាសនាឥស្លាម និងសាសនាដទៃទៀត ហើយយើងក៏មិនអាចបិទបាំងជាមួយនឹងមិត្តភក្តិបរទេសទាំងឡាយ រាប់ទាំងមិត្តភក្តិបរទេស ដែលកំពុងតែ ចូលរួមនៅក្នុងពិធីនេះនោះទេ។ អ្វីដែលបាន និងកំពុងកើតនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា នោះគឺសុខដុមភាវូបនីយកម្មរវាងជនជាតិ និងសាសនា ដែលនៅលើពិភពលោកបច្ចុប្បន្ន ពោរពេញទៅដោយភាពចលាចល នៅតំបន់ខ្លះ ផ្នែកខ្លះ និងប្រទេសខ្លះ ដែលមានការរើសអើង និងប្រកាន់និកាយខុសៗគ្នា។ ដោយឡែក សម្រាប់ព្រះរាជាណាចក្រកម្ពុជា បញ្ហានេះមិនស្ថិតនៅក្នុងរបៀបវារៈនៃនយោបាយ ដែលត្រូវដោះស្រាយនោះទេ ក៏ប៉ុន្តែវាស្ថិតនៅក្នុងរបៀបវារៈនៃការថែទាំ ដើម្បីពង្រឹងនូវសុខដុមភាវូបនីយកម្ម ពង្រឹងនូវសាមគ្គីភាព ដើម្បីអភិវឌ្ឍប្រទេសរបស់ខ្លួន។
ការខុសគ្នានៃជំនឿ ឬជាតិសាសន៍ មិនមែនជាឧបសគ្គរារាំងសម្រាប់ការអភិវឌ្ឍប្រទេស
ខ្ញុំអាចបញ្ជាក់ដោយមោទនភាពថា អ្វីដែលខ្ញុំធ្លាប់និយាយតាំងពីដើមទី នៅក្នុងរយៈពេលជាង ៣០ ឆ្នាំ រួចមក ហើយ ខ្ញុំតែងតែនិយាយថា ការខុសគ្នាខាងជាតិសាសន៍ និងសាសនា មិនមែនជាឧបសគ្គរារាំងនៃដំណើរការអភិវឌ្ឍន៍ប្រទេសនោះទេ។ ពិតជាដូច្នោះមែន គឺសេចក្តីត្រូវការរបស់មនុស្សគឺដូចៗគ្នា គ្រាន់តែបញ្ហាការប្រកាន់ និងជំនឿមានការខុសគ្នាតែប៉ុណ្ណោះ ហើយការខុសគ្នានៃជំនឿ ឬជាតិសាសន៍ មិនមែនជាឧបសគ្គរារាំងការអភិវឌ្ឍប្រទេសមួយនោះទេ។ ដូចឯកឧត្តម អូស្មាន់ ហាសាន់ បានធ្វើរបាយការណ៍អម្បាញ់មិញ ការបួសវាជាដំណើរធម្មតានៃសាសនាទាំងអស់ គ្រាន់តែមានទម្រង់ខុសៗគ្នាបន្តិចបន្តួចតែប៉ុណ្ណោះ។ សាសនាឥស្លាម រ៉ាម៉ាឌន មានរយៈពេល ៤ ខែ ប៉ុន្តែ ព្រះពុទ្ធសាសនា គឺតម្រូវឲ្យព្រះសង្ឃ គឺនៅកាន់ព្រះវស្សាចំនួន ៣ ខែ និងសាសនាដទៃទៀតមានទិដ្ឋភាពដោយឡែកៗពីគ្នា តែទិដ្ឋភាពទាំងអស់នោះ មិនមែនជាឧបសគ្គរារាំង ហើយក៏មិនធ្វើឲ្យប៉ះពាល់។ ឧទាហរណ៍ នៅក្នុងរយៈពេលមុនម៉ោង ៦:២៦ នាទីនេះ ឥស្លាមមិនអាចទទួលទានអ្វីបានទាំងអស់ និងរហូតទៅដល់ទល់ភ្លឺ។ តើការមិនទទួលទាននូវអ្វីៗនេះ វាទើសទាល់អ្វីជាមួយអ្នកកាន់សាសនាដទៃទៀត។ វាអត់មានទើសទាល់តែសោះ។
ដូច្នេះហើយ វាមិនអាចក្លាយជាសំណុំបញ្ហា ដែលធ្វើឲ្យមានទំនាស់នៅក្នុងសង្គមកើតឡើង ដោយសារតែការប្រតិបត្តិខុសៗគ្នា ពីសាសនាមួយទៅកាន់សាសនាមួយ ឬពីនិកាយមួយទៅកាន់និកាយមួយ។ សូម្បីតែព្រះពុទ្ធសាសនា នៅកម្ពុជាក៏បានចែកជានិកាយ ២ រួចស្រេចទៅហើយ គណធម្មយុទ្ធ និងមហានិកាយ ដោយគ្រាន់តែទាក់ទិននឹងការកាន់បាត្រ គណធម្មយុទ្ធនិកាយកាន់បាត្រផ្ទាល់ដែលគ្មានការស្ពាយនោះទេ ឯគណមហានិកាយគឺជាអ្នកស្ពាយបាត្រ។ អញ្ចឹងទេ តើនៅពេលដែលបិណ្ឌបាត្រម្តងៗ គឺធ្វើដំណើរលាយឡំគ្នា រវាងអ្នកកាន់ធម្មយុទ្ធ មហានិកាយដែលកាន់បាត្រ ដោយគ្មានស្ពាយ ឯព្រះសង្ឃដែលស្ពាយបាត្រគឺគណមហានិកាយ។ ដូច្នេះ ដំណើរទៅជាមួយគ្នានេះ មិនមានជម្លោះណាមួយកើតឡើងនោះទេ។ ខ្ញុំពិតជាមានមោទនភាពជាមួយនឹងអ្វី ដែលបានកើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយយើងរួមគ្នាបន្តធ្វើសុខដុមភាវូបនីយកម្ម និងពង្រឹងនូវសាមគ្គីភាពក្នុងជាតិរបស់យើងបន្តទៀត។
សិស្ស និងនិស្សិតឥស្លាម មានសិទ្ធិស្លៀកពាក់ឯកសណ្ឋានដែលខ្លួនចង់
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា
ប្រទេសជាតិរបស់យើងបានឆ្លងកាត់ដំណាក់កាល ច្រើនណាស់មកហើយ។ ទោះបីជាកាន់សាសនាណា ឬជាតិណាក៏ដោយ យើងទាំងអស់គ្នាកំពុងស្ថិតលើទូកជាមួយគ្នា។ បើសិនជាទូកនោះលិច យើងក៏ស្លាប់ទាំងអស់គ្នា ហើយបើសិនជាទូកនោះអណ្តែត ហើយលឿន យើងក៏ធ្វើដំណើរលឿនទាំងអស់គ្នា។ ដូច្នេះ គ្មានជម្រើសអ្វីក្រៅតែពីការខិតខំដើម្បីធ្វើឲ្យដំណើរការជាតិរបស់យើងដើរឆ្ពោះទៅមុខ ហើយការដើរឆ្ពោះទៅមុខនេះ ក៏មិនតម្រូវចាប់បង្ខំថាត្រូវតែធ្វើតាមបែបផែនតែមួយ ដោយមិនគិតទៅដល់បញ្ហាជាតិ និងសាសនាខុសៗគ្នានោះទេ។ ឯកឧត្តម អូស្មាន់ ហាសាន់ បានធ្វើរបាយការណ៍ ហើយខ្ញុំក៏សូមអរគុណចំពោះលោកឧកញ៉ា សុខ គឹមរី ចាងហ្វាងគណៈជាន់ខ្ពស់នៃសាសនិកឥស្លាម ដែលបានលើកសំណើជាបន្តបន្ទាប់តាំងនាមឲ្យឥស្លាមសាសនា។ អរគុណចំពោះសហការីរបស់ខ្ញុំ ឯកឧត្តម រដ្ឋមន្រ្តី អូស្មាន់ ហាសាន់ និងឯកឧត្តម រដ្ឋមន្រ្តី ហ្សាការីយ៉ា អាដាម ក៏ដូចជាសហការីដទៃ ទៀតដែលបានជួយខ្ញុំ លើបញ្ហាសាសនាឥស្លាមនេះ។
សុំអ្នកទាំងឡាយ បងប្អូនទាំងឡាយដែលជាជនជាតិបរទេស មិនថាកាន់សាសនាឥស្លាម និងមិនកាន់សាសនាឥស្លាមនោះទេ ដែលចូលរួមនៅក្នុងថ្ងៃនេះ សូមសង្កេតមើលនិស្សិត និងសិស្សជាស្រ្តីរបស់ឥស្លាម យើងខ្ញុំបានអនុញ្ញាតដើម្បីបំពេញនូវតម្រូវការនៃការគោរពរបស់សិស្ស និងនិស្សិតរបស់ឥស្លាម តាមរយៈការផ្តល់សិទ្ធិឲ្យពួកគេអាចស្លៀកពាក់ឯកសណ្ឋានដែលគេចង់។ គេចង់ស្លៀកពាក់ទៅតាមតម្រូវការ តម្រូវរបស់សាលាក៏បាន និងគេចង់ស្លៀកពាក់ទៅតាមឥស្លាមសាសនាក៏បាន។ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ពិតជាបានឃើញ ក្នុងចំណោមយុវជន យុវនារីឥស្លាម ដែលមកកាន់ទីនេះ ពួកគេអាចមានសំលៀកបំពាក់ចូលទៅកាន់គ្រឹះស្ថានសិក្សាទាំងឡាយ ដោយស្លៀកពាក់តាមរបៀបឥស្លាម ដែលនៅប្រទេសមួយចំនួននៅលើពិភពលោកនេះ មិនទាន់បានធ្វើនៅឡើយទេ ហើយតាំងខ្លួនជាប្រទេសដែលមានប្រជាធិបតេយ្យ និងតាំងខ្លួនជាប្រទេសដែលមានសេរីភាពខាងសាសនាផងដែរ។
សម្រួលការថតរូបសម្រាប់ប្រើប្រាស់ផ្លូវការ របស់បងប្អូនឥស្លាមជាស្រី្ត
មួយទៀត ក្នុងរយៈពេលចុងក្រោយនេះ តាមរយៈការស្វែងយល់ទាំងឡាយ និងតាមរយៈការស្នើសុំរបស់លោក ឧកញ៉ា សុខ គឹមរី កាលមុននេះ យើងបានប្រើប្រាស់ធ្វើអត្តសញ្ញាណប័ណ្ណ និងលិខិតឆ្លងដែនតាមរយៈ ឲ្យស្ត្រីឥស្លាមបញ្ចេញនូវរូបកាយទាំងឡាយ ដែលតម្រូវដោយខាងផ្នែកអន្តោប្រវេសន៍។ ប៉ុន្តែ តាមសំណូមពរនោះ យើងក៏បានឲ្យផ្តល់ឱកាសអោយថតរូបតាមចិត្តចង់ តាមរយៈនៃការបិទបាំងផ្នែកណា ដែលជាទម្រង់នៃសេចក្តីត្រូវការរបស់មូស្លីមផង និងអន្តោប្រវេសន៍ផង ក្នុងការធ្វើលិខិតឆ្លងដែន ឬក៏អត្តសញ្ញាណប័ណ្ណ ឬលិខិតផ្សេងៗទៀតផងដែរ។
បញ្ចូលគ្រូឥស្លាមជាគ្រូក្របខណ្ឌដើម្បីជាការសម្រាលបន្ទុកចំណាយបងប្អូនឥស្លាម
ខ្ញុំពិតជាមានការគោរពចំពោះសំណើទាំងឡាយ ដែលខ្ញុំយល់ថាពិតជាមានការជួយរាជរដ្ឋាភិបាលដោះស្រាយសំណើទាំងឡាយរបស់បងប្អូនសាសនាឥស្លាម។ កាលពីពេលស្រាយបួសឆ្នាំ(កន្លង)ទៅ លោកឧកញ៉ា សុខ គឹមរី បានស្នើសុំក្របខណ្ឌគ្រូបង្រៀន ដែលកន្លងទៅជាបន្ទុករបស់បងប្អូនសាសនិកឥស្លាមដែលសន្សំប្រាក់រួចហើយយកទៅបង់ថ្លៃគ្រូបង្រៀន។ តាមរយៈការស្នើសុំនោះ រាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យបញ្ចូលគ្រូបង្រៀនសាសនិកឥស្លាមចំនួន ១៥០០ នាក់ ដែលខ្ញុំសុំយកឱកាសនេះធ្វើការកែតម្រូវផងដែរ។ ថ្ងៃមុន ខ្ញុំបានធ្វើវីដេអូ live មួយទៅកាន់បងប្អូនសាសនិកឥស្លាមនៅថ្ងៃទីពីរនៃពិធីបុណ្យរ៉ាម៉ាដន ខ្ញុំបាននិយាយថា ៣ ០០០ នាក់ ប៉ុន្តែការពិតគឺ ១ ៥០០ នាក់ ដែលឥឡូវបានបញ្ចូលរួចមកហើយ ១ ៣០០ នាក់។ នេះជាការកាត់បន្ថយរបស់បងប្អូនឥស្លាមដែលធ្លាប់រៃអង្គាសប្រាក់កាសជាមួយគ្នាហើយចិញ្ចឹមគ្រូបង្រៀន។ ឥឡូវពួកគាត់ទាំងនោះបានក្លាយជាគ្រូក្របខណ្ឌ និងទទួលកាំប្រាក់ដូចគ្រូដទៃទៀតផងដែរ។ នេះជាផ្នែកមួយនៃការអភិវឌ្ឍធនធានមនុស្សដោយគ្មានការរើសអើង។
ខ្ញុំពិតជាមានការរីករាយ។ នៅក្នុងសម័យនេះ គឺពិតជាមានបញ្ញវន្តជនជាតិឥស្លាមច្រើនណាស់។ ចូលមកអម្បាញ់មិញ មានអ្នកនៅខាងសំណង់ វិស្វករ។ តាមផ្លូវដែលខ្ញុំធ្វើដំណើរចូលមកក្នុងនេះ ឥស្លាមរបស់យើងមានការធ្វើដំណើរកាន់តែច្រើន ក្នុងនោះមានការបញ្ជូនចេញទៅរៀននៅក្រៅប្រទេសមានកាន់តែច្រើនឡើងៗ។ តាមរយៈការខិតខំពីក្នុងប្រទេស និងការជួយទំនុកបម្រុងពីសហគមន៍ឥស្លាមនៅក្រៅប្រទេស ក្នុងមួយឆ្នាំៗ ប្រជាជនកម្ពុជាកាន់សាសនាឥស្លាមទៅធ្វើបុណ្យហាចកាន់តែច្រើនឡើងៗ ចូលដល់រាប់ពាន់អ្នកហើយ ដែលកាលពីសម័យដើម អ្នកដែលទៅធ្វើបុណ្យហាច មានត្រឹមរាប់សិបនាក់ សម្រាប់ប៉ុន្មានឆ្នាំមុន ក្រោយមកចូលដល់រយ ឥឡូវចូលដល់សឹងពាន់ទៅហើយ ដែលបានចូលរួមបុណ្យហាចស្ថិតនៅប្រទេសអារ៉ាប៊ីសាអូឌីត។
ការយកចិត្តទុកដាក់ដល់និស្សិតឥស្លាមដែលទៅសិក្សានៅបរទេស
ខ្ញុំសូមយកឱកាសនេះ ដើម្បីថ្លែងអំណរគុណដល់ឯកឧត្តម អូស្មាន់ ហាសាន់ ដែលជានិច្ចជាកាលតែធ្វើការជួសមុខឲ្យខ្ញុំ ធ្វើការទំនាក់ទំនងដោះស្រាយបញ្ហាទាំងឡាយដែលបានកើតឡើង សម្រាប់និស្សិតឥស្លាមរបស់យើងដែលកាលមុននោះ មានបញ្ហាកើតឡើងនៅប្រទេសអេហ្ស៊ីប បានរកវិធីជម្លៀសបងប្អូនទាំងនោះចេញមកកាន់ប្រទេស បន្ទាប់មកបានជម្លៀសបងប្អូនខ្មែរឥស្លាមដែលទៅរៀននៅយ៉េមេន ធ្វើដំណើរចេញពីយ៉េមេនរហូតចេញទៅដល់អូម៉ង់ ហើយបានមកដល់កម្ពុជា។ អរគុណចំពោះការយកចិត្តទុកដាក់ទៅលើបញ្ហានេះ យើងមិនមែនបញ្ជូននិស្សិតរបស់យើងទៅកាន់ទៅនោះ ហើយទុកឲ្យពួកគេទទួលរងនូវគ្រោះថ្នាក់ទេ។ យើងយកចិត្តទុកដាក់ដូចៗគ្នាទាំងអស់ ប៉ុន្តែយើងក៏មានយន្តការដើម្បីដោះស្រាយ(ជា)ការឆ្លើយតបបញ្ហានេះ។
ពិតមែនហើយ កម្ពុជាមានកងទ័ពដែលចូលរួមរក្សាប្រតិបត្តិការអង្គការសហប្រជាជាតិនៅក្រៅប្រទេស ដែលក្នុងនោះមានប្រទេសមួយចំនួនកាត់សាសនាឥស្លាមដូចជានៅ ម៉ាលី លីបង់ ស៊ូដង់ខាងត្បូង ស៊ូដង់ សាធារណៈរដ្ឋអាហ្វ្រិកកណ្តាល។ យើងក៏បានណែនាំអប់រំបងប្អូន ដែលធ្វើដំណើរទៅកាន់ប្រទេសទាំងនោះ ឲ្យបានយល់ពីវប្បធម៌ ប្រពៃណី រាប់ទាំងការគោរពចំពោះសិទ្ធិ និងការសម្របខ្លួនជាមួយនឹងសាសនាដែលខ្លួនទៅដល់នៅទីកន្លែង។ ខ្ញុំគិតថានៅសល់តែប៉ុន្មាននាទីទៀតទេ គឺបានសេចក្តីថាម៉ោង ៦:២៦ នាទី ការចាប់ផ្តើមទទួលទានអាហារ។ ខ្ញុំនឹងចាប់ផ្តើមនៅពេលនោះ តែខ្ញុំគ្រាន់បើជាងនៅត្រង់ថា គេអាចអនុញ្ញាតឲ្យខ្ញុំទទួលទានទឹកនៅក្នុងទីនេះ។ សង្ឃឹមថាបងប្អូនដទៃទៀតនៅទីនេះនឹងមិនប្រកាន់ខ្ញុំ។
សមាជិករាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា និងថ្នាក់ដឹកនាំដទៃ ចូលរួមស្រាយបួសជាមួយបងប្អូនឥស្លាម
ថ្ងៃនេះ អរគុណណាស់ដែលបានបោះពុម្ពសៀវភៅ ទើបខ្ញុំដឹងថា ឆ្នាំទៅខ្ញុំក៏បានមក។ ខ្ញុំសួរប្រពន្ធខ្ញុំ ថាខ្ញុំស្លៀកពាក់ អីកាលពីឆ្នាំទៅ? ច្រឡំ ត្រង់មកកោះពេជ្រ ថាខ្ញុំទៅវិហារបឹងកក់។ បន្ទាប់ពីទទួលទានស្រាយបួសនេះហើយ ខ្ញុំក៏ទៅទទួលទានស្រាយបួសសាជាថ្មីម្តងទៀត នៅព្រះវិហារបឹងកក់ ហើយសម្តេចក្រឡាហោម ស ខេង ក៏បានធ្វើដំណើរទៅកាន់វិហារមួយចំនួន។ សង្ឃឹមថាឆ្នាំនេះ មេដឹកនាំមួយចំនួនរបស់រាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា ហើយនឹងថ្នាក់ខេត្ត ថ្នាក់ក្រោមជាតិ នឹងអាចចូលរួមជាមួយនឹងព្រះវិហារនានា តាមលទ្ធភាពដែលអាចធ្វើទៅបាន មិនមានជាការចាប់បង្ខំទេ។ សង្ឃឹមថា បើសិនជាសមាជិក សមាជិកា រាជរដ្ឋាភិបាល សមាជិក សមាជិការដ្ឋសភា បើសិនជាសមាជិក សមាជិកានៃព្រឹទ្ធសភា និងថ្នាក់ដឹកនាំដទៃទៀត ដែលគាំទ្រខ្ញុំ និងគណបក្សប្រជាជនកម្ពុជា អាចធ្វើទៅបាន គឺសូមមេត្តាចូលរួមជាមួយបងប្អូនឥស្លាមឲ្យបានច្រើនបំផុត ក្នុងពិធីស្រាយបួសនេះ។
អរគុណចំពោះលោក សុរិន ពិតសុវណ្ណ
ក្នុងមួយឆ្នាំមានម្តង។ ឆ្នាំក្រោយយើងជួបគ្នាទៀត។ ខ្ញុំសូមអរគុណមិត្តភក្តិបរទេសទាំងឡាយ ដែលបាន អញ្ជើញមកពីចម្ងាយ ក្នុងហ្នឹងលោកបណ្ឌិត យូសេហ្វ ហូថៃមីន ដែលតំណាងឲ្យអគ្គលេខាធិការ អង្គការ សហប្រតិបត្តិការឥស្លាម ដែលហៅថា OIC និងឯកឧត្តមអតីតអគ្គលេខាធិការអាស៊ាន សុរិន ពិតសុវណ្ណ ដែលកន្លងទៅបានជួយខ្ញុំលើកិច្ចការជាច្រើន នៅពេលដែលខ្ញុំធ្វើជាប្រធានអាស៊ាន។ ប្រហែលជានៅក្នុងប្រវត្តិនៃការធ្វើសកម្មភាពការទូតជាមួយគ្នា យើងបានធ្វើកិច្ចការរួមគ្នាចំនួនពីរ (ដែល)មួយយើងមិនចាំបាច់និយាយទេ ទាក់ទិនជាមួយនឹងសកម្មភាពបត់បែនទាំងឡាយ នៃការចូលរួមនៃរដ្ឋមន្ត្រីការបរទេសនៃប្រទេសមួយ។ ឯមួយទៀត នៅក្នុងពេលដែលឯកឧត្តមធ្វើអគ្គលេខាធិការអាស៊ាន ឯកឧត្តម បានរួមជាមួយខ្ញុំ ដើម្បីបង្កើតឲ្យមានវេទិកាថ្មីមួយ គឺកិច្ចសន្ទនាជាសកលអំពីបញ្ហាសេដ្ឋកិច្ច ដែលហៅថា Global Dialogue។ ពេលនោះ គឺឯកឧត្តម ពិតជាបានជួយសម្រួលយ៉ាងច្រើនជាមួយនឹងតួនាទីក្នុងឋានៈជាអគ្គលេខាធិការអាស៊ាន ដែលខ្ញុំតែងតែនឹករំពៃថា ឯកឧត្តមបានជួយចំពោះដំណើរការប្រជុំដ៏ល្អនេះ។ យើងបានធ្វើការជាមួយគ្នា ក្នុងក្របខណ្ឌអាស៊ាន យើងបានធ្វើការជាមួយគ្នានៅក្នុងក្របខណ្ឌនៃអាស៊ីបូព៌ា ហើយពេលឯកឧត្តមចូលនិវត្ត ថ្ងៃនេះឯកឧត្តមវិលត្រឡប់មកកម្ពុជា ដើម្បីចូលរួមថា តើប្រទេសកម្ពុជាអនុវត្តបែបណាទៅសម្រាប់បញ្ហាឥស្លាមសាសនា ក្នុងឋានៈឯកឧត្តមជាសាសនិកឥស្លាមមួយរូប នៅក្នុងព្រះរាជាណាចក្រថៃ។
អរគុណចំពោះការចូលរួមរបស់ឯកឧត្តម លោកជំទាវ សមាជិក សមាជិការាជរដ្ឋាភិបាល សមាជិក សមាជិកា នៃរដ្ឋសភា ព្រឹទ្ធសភា ក៏ដូចជាថ្នាក់ដឹកនាំដទៃទៀត ជាពិសេសអរគុណចំពោះក្មួយៗ បងប្អូនទាំងឡាយជា សាសនិកឥស្លាម ជាថ្នាក់ដឹកនាំ នៅក្នុងថ្នាក់គណ
ៈចាងហ្វាង ដែលអញ្ជើញដោយលោកឧកញ៉ា សុខ គឹមរី ក៏ដូចជាតាមខេត្ត និងតាមសហគមន៍នានា ហើយជាពិសេស ការចូលរួមដ៏ច្រើនកុះកររបស់យុវជនជាសិស្ស និងនិស្សិតទាំងឡាយ ដែលបង្កើតឡើងឲ្យមានកម្មវិធីដ៏អធិកអធមនេះ។
គោរពធម្មវិន័យសាសនា ស្មើនឹងគោរពច្បាប់របស់រដ្ឋ
ថ្ងៃនេះ បើទោះបីអ្នកណាកាន់ខាងណាក៏ដោយ យើងទាំងអស់គ្នា សូមទទួលយកពរជ័យពីព្រះអាឡោះ ដើម្បី បានសេចក្តីសុខទាំងអស់គ្នា។ មិនថាអាឡោះ មិនថាព្រះពុទ្ធ មិនថាយេស៊ូគ្រឹស្ត ឬសាសនាដទៃទៀតទេ សុទ្ធ តែប្រដៅមនុស្សឲ្យធ្វើអំពើល្អ។ ការធ្វើអំពើល្អតាមផ្លូវសាសនានោះហើយ ក្នុងហ្នឹងគឺសាសនាឥស្លាមនេះ ហើយ ក៏បានរួមចំណែកយ៉ាងធំទៅដល់ការគ្រប់គ្រងរដ្ឋក្នុងវិស័យច្បាប់។ ព្រោះបើគោរពទៅតាមផ្លូវសាសនា ប្រៀនប្រដៅ ច្បាស់ណាស់ថា គឺគេនឹងធ្វើនូវអំពើល្អ អំពើជាកុសល ដែលនាំទៅដល់ភាពងាយស្រួលនៃការ គ្រប់គ្រងរបស់រដ្ឋ។ ខ្ញុំបានប្រើប្រាស់នូវវិធីសាស្រ្តគ្រប់គ្រងរដ្ឋ ក្នុងឋានៈខ្លួនជានាយករដ្ឋមន្ត្រី ក្នុងរង្វង់ជាង ៣១ ឆ្នាំរួចមកហើយ ដោយធ្វើការគួបផ្សំរវាងការប្រៀនប្រដៅរបស់សាសនា និងការគោរពច្បាប់របស់រដ្ឋ។ ទំនាក់ទំនងវិចារវិទ្យា រវាងសាសនា និងការគ្រប់គ្រងរដ្ឋ ឬហៅថាតាមព្រះពុទ្ធសាសនាថា រវាងពុទ្ធចក្រ និងអាណាចក្រ មានទំនាក់ទំនងជាមួយគ្នាខ្លាំងណាស់។ បើសិនមនុស្សទាំងអស់ គោរពការទូន្មានរបស់សាសនា មនុស្សទាំងនោះពិតជានឹងគោរពទៅដល់ច្បាប់របស់រដ្ឋផងដែរ។ ពួកគេពិតជាកសាងនូវអំពើល្អ បុណ្យកុសល និងមិនកសាងអំពើបាបនោះទេ។ ការសម្របសម្រួលក្នុងការគ្រប់គ្រងរដ្ឋ តាមរយៈតួនាទីមួយផ្នែករបស់សាសនា គឺជាការផ្តល់ផលឲ្យយើងនូវសន្តិសុខ សណ្តាប់ធ្នាប់សង្គម ការលើកកម្ពស់សីលធម៌ និងសុជីវធម៌របស់មនុស្ស ហើយវាក៏នឹងជម្រុញនូវការចេះដឹងរបស់មនុស្សកាន់តែខ្ពស់ ដែលបង្កើតឡើងនូវស្ថានភាពឈ្នះ-ឈ្នះ សម្រាប់ការអភិវឌ្ឍជាតិរបស់យើង។
ចុងបញ្ចប់ អរគុណសាជាថ្មីម្តងទៀត ចំពោះការចូលរួមទាំងអស់ និងសូមអាឡោះជួយឲ្យអ្នកទាំងអស់គ្នា រាប់ ទាំងខ្ញុំ និងភរិយាផងដែរ ឲ្យទទួលបាននូវសេចក្តីសុខ។ សូមអរគុណ៕