ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណ ព្រះមេគណ ព្រះអនុគណ ព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គ ជាទីសក្ការៈ,
ឯកឧត្តម Luo Zhijun លេខាបក្សកុំម្មុយនីស្តចិនប្រចាំខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន,
លោកជំទាវ ប៊ូ ជៀនហ្គួ អគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា,
លោក ហ្ស៊ូ ហៃជាំង នាយកក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ,
ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី ពិសេសបងប្អូន កម្មករ កម្មការិនី ដែលបានចូលរួម ក្នុងពិធីនេះ ជាទីមេត្រី!
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយដែលបានវិលត្រឡប់មកកាន់តំបន់សេដ្ឋកិច្ចពិសេសនេះសាជាថ្មីម្តងទៀត ដើម្បីរួមគ្នាធ្វើពិធីអបអរសាទរ ការទទួលបានក្រុមហ៊ុនវិនិយោគទី ១០០។ កាលពី ខែ កុម្ភៈ ឆ្នាំ ២០០៨ គឺ ៨ ឆ្នាំ មុននោះ គឺយើងមិនទាន់មានអ្វីទាល់តែសោះ។ ប៉ុន្តែថ្ងៃនេះ យើងមានរោងចក្រសហគ្រាសរហូតទៅដល់ ១០០ ដែលបានស្រូបយក និងដោះស្រាយការងារធ្វើសម្រាប់ឲ្យកម្មករ កម្មការិនីរបស់យើងជាង ១ ម៉ឺននាក់ និងមានផលិតផលសម្រាប់ការនាំចេញទៅបរទេសទៀតផង។ មុនចាប់ផ្តើមកម្មវិធី អនុញ្ញាតឲ្យខ្ញុំព្រះករុណាខ្ញុំ ធ្វើការប្រសិទ្ធិពរជូនចំពោះកម្មករ កម្មការិនី អ្នកដឹកនាំ ដែលជាជនជាតិកម្ពុជានៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ សូមប្រកបដោយពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ ម្យ៉ាងទៀត ដោយសារពីម្សិលមិញនេះ គឺជាថ្ងៃបួស ថ្ងៃរ៉ាម៉ាឌន របស់សាសនិកឥស្លាម ហើយដែលយើងមានកូនក្មួយជាសាសនិកឥស្លាមជាច្រើន ជាកម្មករ កម្មការិនី នៅទីនេះ ខ្ញុំក៏សូមយកឱកាសនេះ ក្នុងនាមរាជរដ្ឋាភិបាល និងខ្លួនខ្ញុំផ្ទាល់ សូមព្រះអាឡោះជួយថែទាំអ្នកទាំងអស់គ្នា ឲ្យបានទទួលសេចក្តីសុខទាំងអស់គ្នា។ ជាមួយគ្នានេះដែរ ខ្ញុំក៏សូមជូនពរចំពោះចំណងមិត្តភាពរវាងកម្ពុជា-ចិន ឋិតឋេរជាអមតៈ។ នេះគឺជាអ្វីដែលយើងចង់បាន ហើយក៏សូមជូនពរចូលឆ្នាំចិនកន្លងទៅ ៤ ខែ ហើយ ក៏ប៉ុន្តែ មិនទាន់ផុតពេលដើម្បីនឹងជូនពរមិត្តចិនទេ។ កុងស៊ីហ្វាឆាយ។
ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយណាស់ ដែលបានមកធ្វើជាអធិបតី រួមជាមួយឯកឧត្តម Luo Zhijun លេខាបក្សកុំម្មុយនីស្តចិន ប្រចាំខេត្តជាំងស៊ូ និងជាមួយលោកជំទាវអគ្គរដ្ឋទូត ប៊ូ ជៀនហ្គួ ដើម្បីអបអរសាទរនូវពិធីដ៏សំខាន់មួយ ដែលយើងបានទទួលសហគ្រាសទី ១០០ សម្រាប់តំបន់សេដ្ឋកិច្ចពិសេសនេះ។ អាចនិយាយបានថា ខ្ញុំព្រះករុណាខ្ញុំ មកមើលកូនប្រុសមួយនៅទីនេះ ដែលកូននោះ ខ្ញុំព្រះករុណាខ្ញុំ ជាអ្នកធ្វើឆ្មបដើម្បីបង្កើតវាឡើង។ ហេតុអីបានជាលោក ហ៊ុន សែន ហ៊ាននិយាយថា ខ្លួនជាអ្នកធ្វើឆ្មបដើម្បីបង្កើតវាឡើង? រោងចក្រសហគ្រាសនៅទូទាំងព្រះរាជាណាចក្រកម្ពុជា បើ ហ៊ុន សែន មិនធ្វើសកម្មភាពទេ តើវាមានរូបរាងនោះបានទេ? ខ្ញុំព្រះករុណាខ្ញុំ ចង់និយាយទៅកាន់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នេះជាការចាប់ផ្តើមមួយដ៏ល្អ ហើយនេះគឺជាការរៀបចំមួយដ៏ល្អ។ ខ្ញុំព្រះករុណាខ្ញុំ បានមកកាន់ទីនេះដោយផ្ទាល់នៅក្នុង ខែ កុម្ភៈ ឆ្នាំ ២០០៨ … ជាខែដែលនៅសល់ធាតុត្រជាក់ ធ្លាក់ខ្យល់ពីទិសខាងជើង។ ពេលនោះ មួយចំនួនពាក់អាវរងារ ដើម្បីសម្ពោធបើកការដ្ឋាននៅទីនេះ ហើយក៏បានបង្ហាញពីបំនងនៃការចង់បានតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តព្រះសីហនុ តាមរយៈនៃការចាប់ដៃគូរវាងវិស័យឯកជនកម្ពុជា និងចិន ឲ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសតាមបែបស៊ិនជិន។ អ្វីទៅជាក្រុងស៊ិនជិន? ស៊ិនជិន គឺជាទីក្រុងមួយដែលនៅមិនឃ្លាតឆ្ងាយពីហុងកុង ដែលកាលពីអតីតកាលនោះ ស៊ិនជិន មិនមែនជាតំបន់អភិវឌ្ឍន៍មួយទេ ប៉ុន្តែ តាមរយៈគំនិតផ្តួចផ្តើមកំណែទម្រង់សេដ្ឋកិច្ច របស់លោកប្រធាន តេង សៀវពីង ក្រុងស៊ិនជិន បានក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេស ដែលមានការអភិវឌ្ឍ និងប្រាក់ចំណូលខ្ពស់បំផុតសម្រាប់ប្រជាជនចិន។ ភាពស្រមើស្រមៃរបស់កម្ពុជា វាហាក់ដូចជានៅឆ្ងាយ ក៏ប៉ុន្តែ ប្រសិនបើយើងគ្មានមហិច្ឆតាទេ ពិតជាមិនអាចកើតឡើងនូវអ្វីដែលយើងចង់បាននោះទេ។ ស្ថានភាពក្រុងព្រះសីហនុ និងក្រុងស៊ិនជិនមិនដូចគ្នាទេ ក៏ប៉ុន្តែ យើងមានគោលដៅចង់ឆ្ពោះទៅដូចគ្នា។
តំបន់សេដ្ឋកិច្ចពិសេសបើកទូលាយ គ្មានការរើសអើងប្រទេសមកវិនិយោគ
ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានមោទនភាព ដោយការចាប់ផ្តើមនេះគឺចាប់ផ្តើមពីវិស័យឯកជននៃប្រទេសទាំង ២ ធ្វើការរួមគ្នាដើម្បីបង្កើតឡើងនៅតំបន់សេដ្ឋកិច្ចពិសេសនេះ។ នៅឯប្រទេសចិននោះ មានលោក ហ្សូ ហៃជាំង ហើយថ្ងៃនេះ ក៏មានលោកឳពុក បានអញ្ជើញមកចូលរួមផងដែរ។ កាលដែលខ្ញុំទៅខេត្តជាំងស៊ូ ខ្ញុំបានទៅលេងដល់ផ្ទះ … គាត់ជាស្ថាបនិក។ អ្នកឡើងរាយការណ៍អម្បាញ់មិញ គឺជាកូនប្រុសរបស់គាត់ ក៏ប៉ុន្តែគាត់ជាស្ថាបនិកតំបន់សេដ្ឋកិច្ចពិសេសនេះឯង (ដោយ)បានចាប់ដៃគូជាមួយលោក ឧកញ៉ា ឡូវ ម៉េងឃីង និងលោកជំទាវ ជិន សុភាព ដើម្បីបង្កើតឡើងនូវតំបន់សេដ្ឋកិច្ចពិសេសនេះ។ តំបន់សេដ្ឋកិច្ចពិសេសនេះមានលក្ខណៈអំណោយផល នៅត្រង់ថា រដ្ឋាភិបាលនៃប្រទេសទាំងពីរគាំទ្រការអភិវឌ្ឍនៅតំបន់សេដ្ឋកិច្ចពិសេសនេះ ២ ជំនាន់រួចមកហើយ តាំងពីអតីតប្រធានាធិបតី ហ៊ូ ជិនតាវ និងនាយករដ្ឋមន្រ្តី វ៉េន ជាបាវ បន្ទាប់ទៅការទទួលមរតក ដោយលោកប្រធានាធិបតី ស៊ី ជីនពីង និងលោកនាយករដ្ឋមន្រ្តី លី កឺឈាំង (LI KEQIANG)។
យើងមានកិច្ចព្រមព្រៀងមួយគាំទ្រតំបន់សេដ្ឋកិច្ចពិសេស នៅទៅក្រុងព្រះសីហនុនេះឯង។ យើងឲ្យតំបន់នេះក្លាយទៅជាតំបន់ដែលមានជោគជ័យ។ នេះមិនមែនជាការស្រមើស្រមៃធម្មតាទេ ក៏ប៉ុន្តែជារឿងពិតមួយ ដែលយើងបាន និងកំពុងបង្កើតឡើងនូវស្ថានភាពឈ្នះៗ សម្រាប់សេដ្ឋកិច្ចរបស់កម្ពុជា និងសម្រាប់ការវិនិយោគពីសំណាក់មិត្តភក្តិបរទេសផងដែរ។ យោងទៅលើរបាយការណ៍ បានបញ្ជាក់មាន ៨ ប្រទេសដែលចូលពាក់ព័ន្ធនៅក្នុងការវិនិយោគ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ក្នុងនោះមានក្រុមហ៊ុនចិន ៨១ ក្រុមហ៊ុនជប៉ុន ២ ក្រុមហ៊ុនអាមេរិក ២ ក្រុមហ៊ុនបារាំង ១ ក្រុមហ៊ុនកូរ៉េ ១ ក្រុមហ៊ុនប្រទេសអៀរឡង់ ១ ក្រុមហ៊ុនមកពីប្រទេសវៀតណាម មាន ១ និងពីប្រទេសថៃ ១។ ដូច្នេះ តំបន់សេដ្ឋកិច្ចពិសេសរបស់យើងនេះ មិនមែនគ្រាន់តែជាតំបន់ដែលទទួលរោងចក្រពីប្រទេសចិនទេ ក៏ប៉ុន្តែ យើងបើកទូលាយដោយគ្មានការរើសអើង សម្រាប់ការវិនិយោគ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់យើងនេះ។
ជម្រុញអ្នកវិនិយោគពីប្រទេសចិនមកកាន់កម្ពុជា
វាជាការគាប់ជួនខ្លាំងណាស់ នៅពេលដែលយើងបានដាក់ចេញ នូវយុទ្ធសាស្រ្តចតុកោណដំណក់កាលជាបន្តបន្ទាប់។ យើងក៏បានធ្វើការសម្របសម្រួលគោលនយោបាយរបស់យើង ជាមួយនឹងក្របខណ្ឌនៃគោលនយោបាយវិនិយោគមកពីខាងក្រៅនៃប្រទេសចិនផងដែរ។ នៅពេលដែលយើងដាក់ចេញនូវគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្ម ២០១៥ និង ២០២៥ វាគាប់ជួនជាមួយនឹងនយោបាយខ្សែក្រវ៉ាត់មួយ និងសេដ្ឋកិច្ចមួយ ព្រមជាមួយនឹងវិថីសមុទ្រសតវត្សរ៍ទី ២១ ដែលដាក់ចេញដោយប្រធានាធិបតី ស៊ី ជីនពីង។ នេះ គឺជាចំណុចល្អណាស់ ឱកាសល្អណាស់ដែលកម្ពុជាមានកម្លាំងទាក់ទាញកាន់តែធំ ដោយមានការគាំទ្រពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីបញ្ជូនរោងចក្រសហគ្រាសមកវិនិយោគ នៅក្នុងព្រះរាជាណាចក្រកម្ពុជាជាបន្តទៀត ក្នុងនោះក៏មានការវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុផងដែរ។ សង្ឃឹមថាឯកឧត្តម លេខាបក្ស ខេត្តជាំងស៊ូ ជម្រុញអ្នកវិនិយោគចេញពីតំបន់នោះ ហើយក៏មិនមែនត្រឹមតែពីតំបន់ខេត្តជាំងស៊ូ ប៉ុណ្ណោះទេ ក៏ប៉ុន្តែ សង្ឃឹមថា ឯកឧត្តម នឹងទាក់ទាញពីខេត្តដទៃទៀតនៃប្រទេសចិន។
ត្រូវការទេសចរចិនត្រឹមតែ ០,០១ ភាគរយ
ខ្ញុំព្រះករុណាខ្ញុំ តែងតែនិយាយជាមួយនឹងមិត្តចិនថា ខ្ញុំត្រូវការទេសចរចិនត្រឹមតែ ០,០១ ភាគរយ តែប៉ុណ្ណោះ។ អ្នកខ្លះអាចសើច។ ហេតុអីបាននិយាយត្រឹម ០,០១ ភាគរយ។ មិនត្រូវភ្លេចថាចិន មានប្រជាជនជាង ១៣០០ លាននាក់។ គ្រាន់តែ ០,០១ ភាគរយ យើងនឹងបានទេសចរចិន ១ លាន ៣ សែននាក់។ ទំហំសេដ្ឋកិច្ចរបស់ចិនធំណាស់ ហើយចិនវិនិយោគចេញមកក្រៅប្រទេស ក៏មានចំនួនច្រើនដែរ។ ក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ដែលបានប្រកាសតាំងពី ខែ ធ្នូ ឆ្នាំ ២០១០ រហូតមកដល់ពេលនេះ ទំនាក់ទំនងរវាងប្រទេសទាំង ២ មានការកើនឡើងជាលំដាប់។ រយៈពេលចុងក្រោយនេះ គឺទស្សកិច្ចរបស់ព្រះករុណាជាអង្គម្ចាស់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈរបស់យើង ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន កាលពីអាទិត្យមុននេះ បានបង្កើតឡើងនូវផែនទីចង្អុលផ្លូវបន្ថែមទៀត ជាមួយនឹងជំនួបនានា ដែលខ្ញុំព្រះករុណាខ្ញុំ បានធ្វើជាមួយនឹងប្រធានាធិបតី ស៊ី ជិនពីង និងជាមួយនាយករដ្ឋមន្រ្តី លី កឺឈាំង ដែលសង្ឃឹមថា ទំនាក់ទំនងពាណិជ្ជកម្ម ទំហំពាណិជ្ជកម្ម ប្រទេសទាំងពីរ ការវិនិយោគពីប្រទេសចិនមកកាន់កម្ពុជានឹងមានកាន់តែច្រើន។ ថ្ងៃនេះ យើងទាំងអស់គ្នាទះដៃអបអរសាទរសហគ្រាសទី ១០០ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់យើង។
ការដឹកនាំត្រឹមត្រូវ នាំឲ្យមានប្រទេសមានសន្តិភាព និងស្ថេរភាព
ឥឡូវអនុញ្ញាតឲ្យខ្ញុំព្រះករុណាខ្ញុំ បាននិយាយបន្តិច ទាក់ទិនជាមួយនឹងការបង្កើតឡើងនូវឱកាសការងារ និងផលិតផលរបស់កម្ពុជា នាំចេញទៅប្រទេសក្រៅ។ អម្បាញ់មិញ ខ្ញុំធ្វើដំណើរពីខាងនេះមក គឺបានសួរកម្មករ។ មានតែមួយក្រុមតូច ដែលថារោងចក្រទើបនឹងបើកដែលបានទទួលប្រាក់ខែ ១៤០ ដុល្លារឡើងលើ បន្តិច ប៉ុន្តែបន្តបន្ទាប់មកសុទ្ធតែជាង ២០០, ៥០០, ៣០០។ តើក្មួយៗ ដែលជាកម្មករ/កម្មការិនីនៅទីនេះ ឲ្យពូក្នុងឋានៈជានាយករដ្ឋមន្ត្រីនេះ ធ្វើកិច្ចការនេះតទៅទៀត ឬអត់? ទី ១ ការស្វែងរកសន្តិភាព ពូត្រូវយកជីវិតធ្វើដើមទុនដើម្បីរំដោះប្រទេស ហើយក៏យកជីវិតធ្វើដើមទុនដើម្បីអនុវត្តនូវនយោបាយឈ្នះ-ឈ្នះ បង្កើតឡើងនូវសន្តិភាពសម្រាប់ប្រទេស។ ប៉ុន្តែសន្តិភាពតែមួយវាមិនគ្រប់គ្រាន់ទេ។ យើងចាំបាច់ត្រូវធ្វើការអភិវឌ្ឍប្រទេស។ ប្រទេសយើងជាប្រទេសកសិកម្ម។ បើគ្រាន់តែការអនុវត្តវិស័យកសិកម្មមួយមុខ វាមិនគ្រប់គ្រាន់ទេ។ យើងត្រូវស្វែងរកគ្រប់មុខព្រួញសេដ្ឋកិច្ចដែលយើងអាចទៅរួច។ ក្នុងខេត្តព្រះសីហនុ បញ្ហាកសិកម្ម វាជារឿងមួយហើយ ទាក់ទងនឹងការធ្វើដំណាំជាស្រូវ ដំណាំដទៃទៀត និងការនេសាទ ក៏ប៉ុន្តែមុខព្រួញសេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុ គឺឧស្សាហកម្ម និងសេវាទៅវិញទេដែលទាមទារនូវការខិតខំ ដើម្បីធ្វើឲ្យខេត្តមួយនេះមានប្រាក់ចំណូលកាន់តែខ្ពស់។
អម្បាញ់មិញ អភិបាលខេត្ត យន្ត មីន បានធ្វើរបាយការណ៍ពាក់ព័ន្ធជាមួយនឹងការលូតលាស់នៅក្នុងខេត្តព្រះសីហនុនេះ ក្នុងពេលដែលប្រាក់ចំណូលរបស់ប្រជាជនម្នាក់ៗទូទាំងប្រទេសស្មើនឹងជិត ១៣០០ ដុល្លារសហរដ្ឋអាមេរិក ដែលជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប។ ខេត្តព្រះសីហនុ ប្រជាពលរដ្ឋបានទទួលរួចហើយនូវប្រាក់ចំណូលជាង ១៨០០ ដុល្លារសហរដ្ឋអាមេរិក។ … គណបក្សប្រជាជន ហើយក្នុងហ្នឹង ពូជាមេដឹកនាំម្នាក់ក្នុងចំណោមមេដឹកនាំសំខាន់ៗ ដែលមានសម្តេច ជា ស៊ីម គាត់ទទួលមរណភាពទៅហើយៗ ថ្ងៃស្អែក និងខានស្អែក ដល់ខួបទី ១ ឆ្នាំ នៃមរណភាពរបស់គាត់, សម្តេច ហេង សំរិន ក៏ដូចជាថ្នាក់ដឹកនាំដទៃទៀត តើ(ក្មួយៗ គិតថា) ពូធ្វើនេះសមទៅនឹងបំណងប្រាថ្នារបស់ប្រជាជាតិកម្ពុជា ឬទេ? ក្នុងការបញ្ចប់របប ប៉ុល ពត និងឈានទៅបញ្ចប់សង្គ្រាម នាំមកនូវសន្តិភាពសម្រាប់ប្រទេសជាតិ តើពូទាក់ទាញយករោងចក្រពីប្រទេសចិន បង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅទីនេះ ជាការត្រឹមត្រូវ ឬជាការខុស?
សូមកម្មករ កម្មការិនីទាំងអស់កុំបំបែកឆ្នាំងបាយរបស់ខ្លួនឯង
ខ្ញុំព្រះករុណាខ្ញុំ ចង់និយាយនៅទីនេះ មិនត្រឹមតែជាមួយនឹងកម្មករ កម្មការិនីជាង ១ ម៉ឺននាក់នៅក្រុងព្រះ សីហនុនោះទេ ក៏ប៉ុន្តែកម្មករ កម្មការិនី នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក្នុងវិស័យឧស្សាហកម្ម និងសេវាទាំងអស់ជាង ១ លាននាក់។ តើតម្លៃដែលយើងបានខិតខំប្រឹងប្រែងនេះ នាំមកនូវប្រាក់ចំណូលសម្រាប់កម្មករ កម្មការិនីរបស់យើងនោះទេ? បើសិនជារោងចក្រទាំងឡាយនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះបិទ ក្មួយៗ នឹងវិលត្រឡប់ទៅធ្វើស្រែចំការវិញ។ ដូច្នេះ សង្ឃឹមថា កម្មករ កម្មការិនីរបស់យើងត្រូវខិតខំ ដើម្បីឆ្នាំងបាយរបស់ខ្លួន ចាត់ទុកតំបន់សេដ្ឋកិច្ចពិសេស ចាត់ទុករោងចក្រសហគ្រាសដែលយើងកំពុងធ្វើការ គឺជាឆ្នាំងបាយរបស់ខ្លួន។ សូមកុំភ្លេចថា នៅពេលដែលមានការដកចេញនូវវិនិយោគចេញពីប្រទេសកម្ពុជា អ្នកដែលខាតបង់មុនគេ គឺកម្មករ កម្មការិនីកម្ពុជានោះឯង។ ថៅកែរោងចក្រគាត់អាចនឹងជួបការលំបាក ប៉ុន្តែ គាត់មិនបន្តវិនិយោគ គាត់ដកចេញនូវរោងចក្រ គាត់សុខចិត្តសល់ប្រាក់ យកសាច់ប្រាក់ដាក់ធនាគារ យកការប្រាក់ ដើម្បីយកការប្រាក់មកចិញ្ចឹមគ្រួសារ។ អ្នកខាតបង់ពិតប្រាកដគឺកម្មករ។ … ពេលដែលរោងចក្រត្រូវឆេះ ឬក៏ធ្វើអំពើណាមិនគប្បីឈានទៅដល់ការដកចេញនូវរោងចក្រ ជាពិសេសបង្កើតឡើងនូវចលាចល ឬសង្គ្រាមណាមួយ តើមានអ្នកណាមកវិនិយោគទៀត? ពេលនោះកម្មករ កម្មការិនីរបស់យើងនឹងអស់ការងារធ្វើ ហើយក្លាយខ្លួនជាស្វ័យប្រវត្តិទៅធ្វើជាកសិករវិញជាមួយឪពុកម្តាយ ឬអាចចាត់ទុកថាជាពលករក្រៅប្រព័ន្ធ តាមរយៈមួយថ្ងៃទៅស្ទូង ឬជំរះស្មៅនៅត្រង់នេះ មួយថ្ងៃទៅស្ទូង ឬជំរះស្មៅគេនៅត្រង់នោះ។
ទំនាក់ទំនងទ្វេទិសរវាងកម្មករ និងថៅកែរោងចក្រ
ខ្ញុំបានដឹងថានៅតំបន់សេដ្ឋកិច្ចពិសេសរបស់យើងនេះ មានការធ្វើសុខដុមនីយកម្មល្អណាស់ រវាងបណ្តារោងចក្រ និងកម្មករ។ ខ្ញុំសូមយកឱកាសនេះ អំពាវនាវដល់អ្នកគ្រប់គ្រងរោងចក្រទាំងឡាយ ក៏ដូចជា តំបន់ទាំងមូល សម្របសម្រួលយ៉ាងណា យកចិត្តទុកដាក់ ព្រោះនេះជាទំនាក់ទំនងទ្វេទិស ដែលមានចរិក មានចំណងទាក់ទងបំពេញឲ្យគ្នាទៅវិញទៅមក។ កុំភ្លេចថា បើគ្មានថៅកែ ក៏គ្មានកម្មករដែរ ព្រោះថៅកែនោះ មិនបានចេញប្រាក់ដើម្បីបង្កើតរោងចក្រសម្រាប់បង្កើតការងារធ្វើឲ្យកម្មករ។ ប៉ុន្តែថៅកែក៏ត្រូវគិតដែរថា បើបង្កើតរោងចក្រហើយអត់មានកម្មករ គាត់ក៏មិនមែនជាថៅកែរោងចក្រដែរ គ្រាន់តែជាថៅកែផ្ទះតែប៉ុណ្ណឹង។ អញ្ចឹង ផ្តាំទាំងថៅកែ ផ្តាំទាំងអ្នកគ្រប់គ្រងរោងចក្រសហគ្រាស និងផ្តាំទាំងកម្មករ កម្មការិនី ដែលធ្វើការគ្រប់ទីកន្លែង ត្រូវមើលគ្នាក្នុងឋានៈជាអ្នករួមការងារធ្វើ ដើម្បីសេដ្ឋកិច្ចរីកចំរើន។ កម្មករនៅពេលដែលធ្វើការងារបានល្អ ទិន្នផលកាន់តែខ្ពស់ លទ្ធភាពកាន់តែច្រើនរបស់ថៅកែរោងចក្រ ត្រូវខិតខំតម្លើងបៀវត្សឲ្យកម្មករ ក្នុងពេលជាមួយគ្នាថៅកែរោងចក្រ និងអ្នកគ្រប់គ្រងត្រូវដឹងសុខទុក្ខពីកម្មករ ហើយកុំឲ្យរឿងតូចតាចក្លាយទៅជារឿងធំ។ ដោះស្រាយ(បញ្ហា)ភ្លាមៗ ជាមួយគ្នា ដូចជាគ្រួសារមួយអញ្ចឹង មានមេ មានកើយ មានបង មានប្អូន។ យើងនិយាយគ្នាក្នុងឋានៈជាគ្រួសារតែមួយ។ ពីដើមកម្ពុជា ជាប្រទេសកសិកម្មសុទ្ធ ដោយនៅឆ្នាំ ១៩៩៤ ទំហំនៃការនាំចេញរបស់កម្ពុជាពេលនោះ បើផ្នែកកាត់ដេរមានត្រឹមតែ ៤ លានដុល្លារ តែប៉ុណ្ណោះ។ ឥឡូវ ទំហំនាំចេញនៃការកាត់ដេរមានដល់ទៅ ៩០០០ លានដុល្លាប្លាយទៅហើយ … ឥឡូវទំហំពាណិជ្ជកម្មរបស់កម្ពុជាគ្រាន់តែបូកជាមួយប្រទេសចិនមានជាង ៤០០០ លាន(ដុល្លារ) ដែលយើងគោលដៅឆ្នាំក្រោយសម្រចឲ្យបានទំហំពាណិជ្ជកម្មទ្វេទិស ៥០០០ លាន(ដុល្លារ) ជាមួយនឹងវៀតណាមមានជាង ៣០០០ លាន ជាមួយប្រទេសថៃមានជាង ៤០០០ លាន។ ដូច្នេះប្រទេសកម្ពុជាមិនមែនជាប្រទេសសម្រាប់តែនាំចូលទៀតទេ តែជាប្រទេសសម្រាប់នាំចេញផងដែរ។
ជាភ័ព្វសំណាងដែលយើងមានកំពង់ផែទឹកជ្រៅ
វាជាភ័ព្វសំណាងមួយ ដែលនៅខេត្តព្រះសីហនុរបស់យើងមានកំពង់ផែទឹកជ្រៅ សម្រាប់ធ្វើការនំាចេញ។ អ្នកវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅក្រុងព្រះសីហនុនេះ ជាអ្នកដែលឆ្លាតបំផុត ហើយដែលមកធ្វើការវិនិយោគនៅទីនេះ ព្រោះតម្លៃដឹកជញ្ជូនវាថោក ចេញតែពីត្រង់ហ្នឹងដល់កំពង់ផែ ចេញពីកំពង់ផែទៅប្រទេសក្រៅបាត់។ អញ្ចឹងទេ អំពាវនាវដល់អ្នកវិនិយោគទុនដទៃទៀត មកកាន់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ ប៉ុន្តែក៏សូមមានការយោគយល់ដែរ ដោយសារមានថៅកែតំបន់សេដ្ឋកិច្ចពិសេសដទៃទៀតថា លោក ហ៊ុន សែន ឯងមិនអំពាវនាវអោយខ្ញុំផង ព្រោះលោក ហ៊ុន សែន ឯង គ្រប់គ្រងប្រទេសទាំងមូល មិនមែនគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស(នៅ)ក្រុងព្រះសីហនុតែមួយឯណា។ ប៉ុន្តែដោយសារផលចំណេញ ហើយខ្ញុំចង់បង្កើតនៅក្នុងក្របខណ្ឌនៃនយោបាយឧស្សាហកម្មរបស់កម្ពុជា អនុវត្តក្នុងចន្លោះឆ្នាំ ២០១៥-២០២៥ យើងចង់អោយក្រុងព្រះសីហនុក្លាយទៅជាតំបន់ឧស្សាហកម្ម ព្រមជាមួយនឹងដំណើរលូតលាស់នៃវិស័យឧស្សាហកម្ម វិស័យសេវាដែលមានសណ្ឋាគារដ៏ច្រើន និងភ្ញៀវទេសចរក៏ច្រើនណាស់ដែរ។ ពលកម្មក្នុងវិស័យទេសចរណ៍មានរហូតដល់ជាង ៨ ០០០ នាក់ផ្សេងទៀត។ អញ្ចឹងទេ ស្រូបទេសចរមួយឆ្នាំៗ ក៏ច្រើនដែរ។ ភ្ញៀវ(ទេសចរនៅ)ឆ្នាំ ២០១៥ មកលេង មានជាង ១ ៥០០ ០០០ នាក់។
ម្សិលមិញនេះ ខ្ញុំក៏បានចុះមុជទឹក។ ដល់ចុះមុជទឹកទៅ រពឹសដៃក៏បង្ហោះហ្វេសប៊ុកមួយ ហើយក៏ឆ្លៀតជូនពរបងប្អូនសាសនិកអ៊ីស្លាមនៅក្នុងហ្នឹងដែរ។ ពេលដែលបង្ហោះព្រឹបភ្លាម ចំនួន LIKE ត្រឹមម៉ោង ១១-១២ យប់ មានចំនួនដល់ ៤០ ០០០ (LIKE) ក៏ប៉ុន្តែយប់មិញនេះ នៅវេលាម៉ោង ១១ យប់ ចំនួន LIKE ឡើងជាង ៥០ ០០០។ មានអ្នកចូលមក comment ថា ឥឡូវបានឃើញក្បាលពោះលោក ហ៊ុន សែន សម្ដេចតេជោហើយ។ ហ្វេសប៊ុករបស់ខ្ញុំ គឺផ្សាយផ្ទាល់ អ្នកនៅកំពុងនៅអាមេរិក ឬនៅប្រទេសក្រៅ ក៏កំពុងមើលដែរ។ អ្នកដែលជិះឡានមានអ៊ីនធើណែត ក៏អាចមើលបានដែរ។
កម្ពុជាបច្ចុប្បន្នគ្មានវិបត្តិទេ
ឥឡូវក្មួយៗ ណាចេះរាំញីកែងជើងខ្លះ? លើកដៃមើល៎។ ថ្ងៃនេះ ថ្ងៃសប្បាយ មិនមែនថ្ងៃកើតទុក្ខទេ។ កម្មករ គេអោយសម្រាកប៉ុន្មានម៉ោង? និយាយប្រាប់ខ្ញុំថា អោយសម្រាកមួយថ្ងៃពេញ។ ឥឡូវបន្ដិចទៀត ក្មួយឯងលេងភ្លេងរាំវង់ទៅ រាំពេញហ្នឹង។ សប្បាយទាំងអស់គ្នាទៅ កើតទុក្ខមុខជាំអី។ ថ្ងៃនេះ មកអបអរសាទរខួបរោងចក្រសហគ្រាសទី ១០០ ហើយកម្មករ កម្មការិនីត្រូវបានឈប់សម្រាក មកចូលរួមអបអរសាទរទាំងអស់គ្នា។ មិនមែនសប្បាយតែខ្ញុំទេ គឺសប្បាយទាំងអស់គ្នា។ នេះហើយជាស្ថានភាពរបស់កម្ពុជាបច្ចុប្បន្ន។ កម្ពុជាបច្ចុប្បន្ន គ្មានវិបត្តិអ្វីកើតឡើងទេ។ អ្នកដែលនិយាយពីវិបត្តិ (គឺជា)រឿងរបស់គេ។ គេបង្កើតខ្លួនគេ។ រឿងរបស់គេ។ ខ្ញុំអត់ទទួលខុសត្រូវទេ។ ឯខ្ញុំទទួលខុសត្រូវទៅលើបញ្ហាទាំងឡាយដែលវាពាក់ព័ន្ធទៅនឹងការការពារសន្ដិភាព ការពារស្ថេរភាពនយោបាយ សន្ដិសុខសណ្ដាបធ្នាប់សង្គម ការពារនូវការរីកចម្រើន និងការអភិវឌ្ឍរបស់ប្រជាជន និងដោះស្រាយការលំបាករបស់ប្រជាជន។ ដូចជាកាលពេលមុន យុទ្ធនាការចែកចាយទឹក បានធ្វើ(ក្នុង)ទ្រង់ទ្រាយធំ ដើម្បីដោះស្រាយបញ្ហាអោយប្រជាពលរដ្ឋ។ អញ្ចឹងទេ បន្តិចទៀត ក្មួយៗ រាំញីកែងជើង។
(ខ្ញុំ)ធ្វើដំណើរពីភ្នំពេញមកពីម្សិល ចូល(កម្មវិធី)បញ្ចុះខណ្ឌសីមា ចេញពី(កម្មវិធី)បញ្ចុះខណ្ឌសីមា ចូលពេញផ្សារ(កំពត)កាលពីម្សិលមិញ។ ចូលប៊ិះចេញមិនរួច ព្រោះរកផ្លូវចេញវាមិនឃើញ។ ថ្ងៃនេះ សប្បាយទៀត។ ជួប(ទាំង)អស់ តាំងពីពុទ្ធចក្រ តាំងពីសាសនិកអ៊ីស្លាម តាំងពីអ្នកផ្សារលក់ដូរ តាំងពីអ្នកទេសចរ ហើយថ្ងៃនេះ មកជួបកម្មករ កម្មការិនីរបស់យើងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសទៀត។ សង្ឃឹមជឿជាក់ថា អ្វីដែលជាបំណងប្រាថ្នារបស់ប្រជាជនរបស់យើង នឹងត្រូវបានទទួលការគាំទ្រ និងអបអរសាទរ ហើយខ្ញុំសង្ឃឹមថា កម្មករ កម្មការិនី ក៏ដូចជាជនរួមជាតិរបស់យើង នឹងបន្ដគាំទ្រសម្រាប់ការអភិវឌ្ឍបែបនេះតទៅទៀតជាជាងមានភាពចលាចលកើតឡើង។ ក្នុងឋានៈខ្ញុំជាប្រធានគណបក្សប្រជាជន ជាអ្នកដឹកនំាសំខាន់មួយរូបក្នុងគណបក្សប្រជាជន ក្នុងឋានៈខ្ញុំជានាយករដ្ឋមន្ត្រីនៅពេលនេះ និងជាបេក្ខជននាយករដ្ឋមន្ត្រីនៅពេលក្រោយទៀត ខ្ញុំប្តូរផ្តាច់ការពារនូវសន្តិភាព ការពារស្ថេរភាពនយោបាយ និងជម្រុញការអភិវឌ្ឍអោយលូតលាស់លើសពីនេះថែមទៀត។
មិនអោយជនណាបំផ្លាញសន្តិភាព
ថ្ងៃនេះ ខ្ញុំបានពាក់អាវត្រូវនឹងកម្មកររបស់យើង។ គេថាលោក ហ៊ុន សែន ឃើញតែតឺនុយ។ មិនតឺនុយ(ម៉េច) បើវាស្រកក្បាលពោះហើយ។ តឺនុយខ្លះទៅ។ ប្រពន្ធខ្ញុំថា ឥឡូវដូចកាន់តែក្មេង ការពិតខ្ញុំក្មេងទេ។ ចំរៀងមួយបទគេថាអញ្ចេះ «គេថាខ្ញុំចាស់ ពាក្យច្រើនណាស់មកពីស្រីៗ» ប៉ុន្តែប្រពន្ធខ្ញុំថា ខ្ញុំក្មេង ខ្ញុំអត់ទាន់ចាស់ផង។ ឥឡូវស្តាយណាស់។ អត់ទាន់ចង់ចាស់ទេលោកអើយ។ សម័យនេះគេសប្បាយ។ កាលពីសម័យខ្ញុំនោះ អាយុ ៨ ឆ្នំា សង្គ្រាមកើតឡើង ត្រូវបង្ខំចិត្តធ្វើទាហានរបួស ៥ ដង ខូចភ្នែកម្ខាង។ ត្រង់ហ្នឹងហើយ ខ្ញុំមិនបណ្តោយអោយជនណា ទោះបីអសិរពិសប៉ុណ្ណាក៏ដោយ បំផ្លាញនូវសន្តិភាពដែលយើងរកបានទំាងលំបាកទេ ទោះត្រូវបង់តម្លៃណាក៏ដោយ ដើម្បីការពារសន្តិភាព ការអភិវឌ្ឍ ការរីកចម្រើនរបស់ប្រជាជនកម្ពុជាគ្រប់ៗរូប …/.