ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំសម្ដេចព្រះសង្ឃនាយក ព្រះតេជព្រះគុណ ព្រះមេគណ ព្រះអនុគណ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ។ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលបានអញ្ជើញចូលរួមជាកិតិ្តយសនៅក្នុងឱកាសនេះ។ សូមគោរពលោកយាយ លោកតា លោកអ៊ំ មាមីង និងបងប្អូនជនរួមជាតិទាំងអស់ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ។
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមជាមួយសម្ដេចព្រះសង្ឃនាយក ជាមួយឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងបងប្អូនជនរួមជាតិ ជាពុទ្ធបរិស័ទចំណុះជើងវត្ត ដើម្បីធ្វើពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ វត្តមឿងចារ្យលិខិតារាម នៅភូមិមឿងចារ្យ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។ គឺជាមហាកិត្តិយសសម្រាប់ខ្ញុំព្រះករុណាខ្ញុំ ដែលព្រះតេជព្រះគុណ ព្រះចៅអធិការ ក៏ដូចជាគណៈកម្មាធិការអាចារ្យវត្ត ពុទ្ធបរិស័ទចំណុះជើងវត្ត ផ្ដល់កិត្តិយសអោយខ្ញុំព្រះករុណាខ្ញុំ បានមកបញ្ចុះខណ្ឌសីមាជាកិច្ចបង្ហើយបុណ្យនៅថ្ងៃនេះ។
មិនអូសបន្លាយពេលយូរ ដោយសារត្រូវបន្តទៅកន្លែងមួយទៀត
ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានជួបជុំដើម្បីសួរសុខទុក្ខ ព្រមគ្នាជាមួយពិធីបុណ្យនេះ នៅក្នុងឱកាសដ៏សមស្រប ហើយដែលថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ បានធ្វើដំណើរចេញពីទីក្រុងភ្នំពេញដោយរថយន្ត បានឆ្លងកាត់ផ្លូវ(ចម្ងាយ) ៧៧ គីឡូម៉ែត្រហើយ ក៏ប៉ុន្តែតាមគម្រោង នឹងត្រូវធ្វើដំណើរលើផ្លូវប្រវែង១៨០ គីឡូម៉ែត្រទៀត នៅក្នុងថ្ងៃនេះ។ ប៉ុន្តែជាកុសលល្អនៅត្រង់ថា ថ្ងៃនេះ មានការជួបជុំគ្នាតាំងពីព្រឹក អញ្ចឹងប្រហែលជាកម្មវិធីនេះ មិនអូសបន្លាយពេលយូរពេកនោះទេ។ ខ្ញុំព្រះករុណាខ្ញុំ នឹងចេញបន្តទៅកាន់ទីកន្លែងមួយទៀត ដែលត្រូវធ្វើដំណើរទៅបាយនៅទីនោះក៏មិនដឹង? ឬក៏បាយតាមផ្លូវក៏មិនដឹង? ប៉ុន្តែកម្មវិធីដែលសំខាន់គឺការចូលរួមជាមួយនឹងពុទ្ធបរិស័ទចំណុះជើងវត្ត បញ្ចុះនូវខណ្ឌសីមាជាកិច្ចបង្ហើយបុណ្យរបស់យើងនៅថ្ងៃនេះ។ ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ ដើម្បីថ្លែងនូវការអរព្រះគុណចំពោះព្រះតេជព្រះគុណ ព្រះចៅអធិការវត្ត ចំពោះគណៈកម្មាធិការអាចារ្យ ក៏ដូចជាពុទ្ធបរិស័ទ ព្រមទាំងសប្បុរសជននានា ដែលបានផ្ដល់កិត្តិយសអោយខ្ញុំព្រះករុណាខ្ញុំ បានមកបញ្ចុះខណ្ឌសីមានៅថ្ងៃនេះ។
សាលាមួយខ្នងនៅទីនេះ និងមាននៅគ្រប់ទីកន្លែងក្នុងប្រទេស
ខ្ញុំព្រះករុណាខ្ញុំ មិនទាន់បានចូលរួមនូវវិភាគទានណាមួយនៅឡើយទេ ក៏ប៉ុន្តែតាមដឹង ខ្ញុំព្រះករុណាខ្ញុំ មានសាលាមួយខ្នងក្នុងចំណោមសាលានៅទីនេះ។ តើអគារមួយណាទៅ ដែលជាអគាររបស់ខ្ញុំ? នៅកន្លែងណាក៏មានសាលារបស់ខ្ញុំព្រះករុណាខ្ញុំនៅទីនោះ។ បើទោះបីថា នៅជិត នៅឆ្ងាយ ក៏ប៉ុន្តែ សាលារៀនច្រើនណាស់ដែលខ្ញុំព្រះករុណាខ្ញុំ រួមជាមួយនឹងក្រុមគ្រួសារ និងសប្បុរសជននានា បានធ្វើសម្រាប់ការរីកចម្រើនរបស់ប្រទេសជាតិ ពិសេសជួយទៅដល់កុមារា កុមារី និងយុវជនរបស់យើងអោយទទួលបាននូវការអប់រំ។
សាសនាត្រូវបំផ្លិចបំផ្លាញដល់ឫសគល់ក្នុងរបបប្រល័យពូជសាសន៍ និងរស់ឡើងក្រោយរំដោះឆ្នាំ ១៩៧៩
ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះថ្លែងជូន ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្ញុំព្រះករុណាខ្ញុំផ្ទាល់ ចំពោះការខិតខំទាំងអស់របស់ព្រះចៅអធិការ គណៈកម្មាធិការអាចារ្យវត្ត ក៏ដូចជាពុទ្ធបរិស័ទ ដែលបានខិតខំកសាងនូវទីអារាមនេះឡើងវិញ បន្ទាប់ពីទីអារាមនេះ បំផ្លិចបំផ្លាញដល់ឫសគល់នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ របាយការណ៍របស់ឯកឧត្តម ឡាយ វណ្ណ
ៈ អភិបាលដែល(ថ្លែង)អម្បាញ់មិញ ក៏បានគូសបញ្ជាក់អំពីទីអារាមនេះ ដែលរហូតមកដល់ពេលនេះ មានចំណាស់ជាង ២០០ ឆ្នាំរួចមកហើយ។ បើយោងទៅលើប្រវត្តិ ដែលបានកកើតតាំងពីឆ្នាំ ១៧៧០ គិតមកដល់ពេលនេះ គឺមានរយៈពេល ២៤៦ ឆ្នាំ ចាប់ផ្ដើមពីព្រះចៅអធិការមុនគេបង្អស់ គឺព្រះនាម ព្រះសី្រ។ ឆ្លងកាត់ជាបណ្ដើរៗ នៃប្រទេសជាតិរបស់យើង ព្រះពុទ្ធសាសនាមានការរីកចម្រើនឡើង ក៏ប៉ុន្តែជាអកុសលនៅក្នុងសម័យសង្គ្រាម ជាពិសេសនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ពុំមានសាសន៍ណាដែលនៅស្ថិតស្ថេរនោះទេ ទាំងព្រះពុទ្ធសាសនា ទាំងអ៊ីស្លាមសាសនា ទាំងគ្រិស្តសាសនា និងសាសនាដទៃទៀត សុទ្ធតែត្រូវបំផ្លិចបំផ្លាញដល់ឫសគល់។ ប៉ុន្តែចាត់តាំងពីឆ្នាំ ១៩៧៩ បន្ទាប់ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ត្រូវបានដួលរលំ ជាមួយនឹងគោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា និងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ព្រះពុទ្ធសាសនា និងសាសន៍ដទៃទៀតនៅប្រទេសរបស់យើង ក៏មានការរីកចម្រើនជាបន្តបន្ទាប់។
ពិតមែនហើយ សង្វាក់នៃការរីកចម្រើននោះ វាមិនអាចកាត់ផ្ដាច់បានពីដំណើរជាតិរបស់យើងទាំងមូលនោះទេ។ ព្រះពុទ្ធសាសនា ឬសាសន៍ដទៃទៀត គឺជាផ្នែកមួយនៃដំណើរជាតិរបស់យើង។ ប្រទេសរបស់យើង បន្ទាប់ពីរំដោះចេញពីរបប ប៉ុល ពត ប៉ុន្តែក៏នៅឆ្លងកាត់ដំណាក់កាលនៃសង្រ្គាមស៊ីវិលអស់មួយរយៈបន្ថែមទៀត។ ដូច្នេះ យើងបានប្រឹងប្រែងខ្លាំងណាស់ ដើម្បីងើបឈរឡើងក្នុងការកសាងប្រទេសជាតិរបស់យើងអោយមានការរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ។ ងាកទៅផ្នែកខាងដើមបន្តិច លោកយាយ លោកតា ដែលជាព្រឹទ្ធាចារ្យមួយចំនួន ហើយដល់ថ្ងៃនេះ បានមកចូលរួមនៅក្នុងពិធីបុណ្យ ព្រះជន្មខ្លះទើបហ្នឹង ៦៥ ឆ្នាំ, ខ្លះ ៧០ ឆ្នាំ ឬខ្លះ ៨០ ឆ្នាំ ប៉ុន្តែបើយើងដកសងជាមួយនឹង ៣៧ ឆ្នាំនៃពេលរំដោះ កាលពីពេលនោះ គឺលោកយាយ លោកតាខ្លះ ទើបនឹងមានព្រះជន្មក្នុងរង្វង់ ៣០ ឬ ៤០ ឆ្នាំប៉ុណ្ណោះ។ ដូច្នេះយើងអាចបកក្រោយ មើលត្រឡប់មកវិញបាន អំពីអ្វីដែលបានកើតក្រោយពេលរំដោះឆ្នាំ ១៩៧៩ និងមកដល់ពេលនេះ។ ទោះបីមានវ័យចំណាស់បន្ដិចក៏ដោយ ក៏ប៉ុន្តែយើងនៅចងចាំនូវអនុស្សាវរីយ៍ទាំងឡាយ ដែលយើងបានឆ្លងផុតដំណាក់កាលនៃការលំបាក ហើយនៅសេសសល់ពីការកាប់សំលាប់របស់ពួក ប៉ុល ពត។ យើងបានប្រឹងប្រែងរួមគ្នាកសាងបន្ដិចម្ដងៗ នៃជីវភាពគ្រួសាររបស់យើង។
តាមរយៈនៃការរីកចម្រើននៃជីវភាពរបស់ក្រុមគ្រួសារនោះ សាសនាទាំងឡាយ ក្នុងនោះប្រទេសរបស់យើង គឺជាប្រទេសប្រកាន់ព្រះពុទ្ធសាសនា ក៏បានរួមគ្នាកសាងបន្តិចម្ដងៗ នូវទីអារាមនានា ដោយស្ដារឡើងវិញនូវទីអារាមចាស់ ដែលពួក ប៉ុល ពត បំផ្លិចបំផ្លា្ញញ។ ដូចជានៅទីអារាមនេះ ពូក ប៉ុល ពត យកទៅធ្វើជាកន្លែងមន្ទីរពេទ្យ និងផលិតថ្នាំពេទ្យ។ នេះអាចចាត់ទុកថា ជាភ័ព្វសំណាងហើយដែលពួក ប៉ុល ពត យកប្រើប្រាស់ធ្វើជាមន្ទីរពេទ្យ និងផលិតថ្នាំពេទ្យ ប៉ុន្តែនៅក្នុងប្រទេសកម្ពុជារបស់យើងមានទីអារាមមួយចំនួន ប៉ុល ពត បានយកធ្វើជាកន្លែង(សម្រាប់)សំលាប់មនុស្សតែម្ដង។ នោះហើយ គឺជាសោកនាដកម្មដែលយើងបានជួបប្រទះនៅក្នុងដំណាក់កាលនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបំផ្លិចបំផ្លាញប្រទេសយើងដល់ឫសគល់ មិនគ្រាន់តែសម្ភារៈ ទ្រព្យសម្បត្តិប៉ុណ្ណោះទេ ក៏ប៉ុន្តែ ជីវិតមនុស្សរាប់លាននាក់ដែលបានស្លាប់ក្នុងរបប ប៉ុល ពត នេះឯង។ យើងបានប្រឹងងើបឈរ ឡើងពីគំនរផេះផង់ ជាមួយនឹងការហ៊ុំព័ទ្ធទៅដោយអយុត្តិធម៌ពីសំណាក់ប្រទេសមួយចំនួន ដែលមកដល់ពេលនេះ មានប្រទេសខ្លះអះអាងអំពីបញ្ហាទាក់ទងជាមួយនឹងសិទ្ធិមនុស្ស ឬប្រជាធិបតេយ្យ ក៏ប៉ុន្តែ ពួកគេមិនបានអើពើជាមួយនឹងអ្វីដែលបានកើតឡើងក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត នោះទេ បន្ថែម ទៅដោយដាក់ទណ្ឌកម្មយើង។ បន្ទាប់ពីបានរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ពួកគេគ្មានវិប្បដិសារី ហើយគេក៏មិនដែលបញ្ចេញមតិថា ពួកគេបានធ្វើនូវអំពើខុសឆ្គងមួយ ដោយទម្លាក់សម្តេច ព្រះនរោត្តម សីហនុ និងបន្ទាប់មក បន្តគាំទ្ររបបប្រល័យពូជសាសន៍ ប៉ុល ពត នៅអង្គការសហប្រជាជាតិ និងដាក់ទណ្ឌកម្មមកលើប្រជាជនកម្ពុជា ដែលបានរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នោះទេ។ យើងបានប្រឹងរួមគ្នា ដោយបាតដៃទាំង ២ របស់យើង ដើម្បីកសាងប្រទេសឡើងវិញ។
ការរីកចម្រើនក្នុងប្រទេស ដោយការបញ្ចប់សង្គ្រាម និងរបបប្រល័យពូជសាសន៍ ក្រោមនយោបាយឈ្នះ–ឈ្នះ
អម្បាញ់មិញ ឯកឧត្តម អភិបាលខេត្ត ឡាយ វណ្ណៈ បានធ្វើរបាយការណ៍ទាក់ទងនឹងការរីកចម្រើន នៃខេត្តតាកែវ។ នេះជាទិដ្ឋភាពមួយក្នុងចំណោមទិដ្ឋភាពនៃការរីកចម្រើននៅក្នុងប្រទេសរបស់យើង បន្ទាប់ពីការបញ្ចប់សង្គ្រាម បន្ទាប់ពីការបញ្ចប់របបប្រល័យពូជសាសន៍ និងបន្ទាប់ពីការដែលយើងស្វែងរកបាននូវសន្តិភាព ក្រោមនយោបាយឈ្នះ-ឈ្នះរបស់យើង។ ប្រទេសរបស់យើងបច្ចុប្បន្ន មិនមែនស្ថិតនៅក្នុងស្ថានភាពដូចឆ្នាំ ១៩៧៩ ទៀតទេ។ យើងបានប្រឹងបន្តិចម្តងៗ ហើយជាតួយ៉ាង ជាឧទាហរណ៍ ជាក់ស្តែង នៅក្នុងទីអារាម ពេលដែលចាប់ផ្តើមនៅឆ្នាំ ១៩៨៣ តើមានអ្វី? លោកយាយ លោកតា មួយចំនួន ដែលនៅទីនេះ ពិតជានៅចងចាំថា ពេលដែលចាប់ផ្តើម យើងមានអ្វីខ្លះ? ព្រោះនៅឆ្នាំ ១៩៨៣ ពេលដែលចាប់ផ្តើមកសាងឡើងវិញ នូវទីអារាមនេះ ប្រហែលជាមិនទាន់មានព្រះសង្ឃច្រើនដូច្នេះនោះទេ ហើយពេលនោះ ជីវភាពរបស់ប្រជាពលរដ្ឋរបស់យើង ក៏នៅខ្សត់ខ្សោយ ដូច្នេះ ពុំមានលទ្ធភាព ដើម្បីសាងសង់នូវសេនាសនៈ ឲ្យបានសមរម្យជាទីសក្ការៈបូជារបស់ប្រជាជននោះទេ។ សមិទ្ធផលទាំងអស់យើងបានប្រឹងប្រែងធ្វើឡើង ជាមួយនឹងការខិតខំរបស់ប្រជាជនកម្ពុជា និងការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សកាន់អំណាច គឺគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល។
បើគ្មានសន្តិភាព គ្មានការងារសម្រាប់ប្រជាពលរដ្ឋ គ្មានអ្នកមកវិនិយោគនោះទេ
ព្រឹកនេះ ខ្ញុំព្រះករុណាខ្ញុំ បានធ្វើដំណើរចេញមកនៅម៉ោងជាង ៦ បន្តិច គឺឆ្លងកាត់ព្រលានយន្តហោះ ពោធិចិនតុង ហើយមកតាមផ្លូវជាតិលេខ ៣។ តាមផ្លូវនិយាយពីឡានដឹកកម្មករ សម្បើមណាស់ ដើម្បីចូលទៅធ្វើការតាមរោងចក្រ។ ចំណុចនេះ ក៏អាចបង្ហាញឲ្យឃើញថា បើប្រទេសមួយគ្មានសន្តិភាព ប្រទេសមួយគ្មានការរីកចម្រើន តើមានកម្មករមកពីណាទៅ? នេះជាចំណុចដែលត្រូវសួរជាសំណួរ។ មាននរណាមកវិនិយោគក្នុងប្រទេសរបស់យើង? ច្បាស់ណាស់នៅទីនេះ ពិតជាមានលោកយាយ លោកតា និងក្រុមគ្រួសារមួយចំនួន មានកូនទៅធ្វើជាកម្មករ ធ្វើការតាមរោងចក្រ តាមសហគ្រាស ឬតាមទីកន្លែងផ្សេងៗ។ បើសិនជាប្រទេសមានការរីកចម្រើននោះទេ ប្រហែលជាពុំមានការងារថ្មីៗ បង្កើតឡើងសម្រាប់ប្រជាពលរដ្ឋ ពិសេសយុវជនរបស់យើងនោះទេ។ ដោយសារការខិតខំទាំងអស់គ្នានេះហើយ ដោយសារប្រទេសយើងមានសន្តិភាព មានស្ថេរភាពនយោបាយ ទើបប្រទេសនានាហ៊ានដាក់ទុនមកវិនិយោគនៅប្រទេសរបស់យើង។
កាលពីអាទិត្យមុន ខ្ញុំព្រះករុណាខ្ញុំ បានស្ថិតនៅប្រទេសម៉ាឡេស៊ី ជាមួយនឹងតួអង្គពាក់ព័ន្ធ ពីថ្នាក់ដឹកនាំនៃប្រទេសនានា និងពីអ្នកវិនិយោគិន អ្នកសេដ្ឋកិច្ច បានពិភាក្សាយ៉ាងស៊ីជម្រៅទៅលើបញ្ហាពាក់ព័ន្ធអំពីការអភិវឌ្ឍនៅក្នុងបណ្តាប្រទេសអាស៊ាន។ គេក៏បានរកឃើញនូវការរីកចម្រើននៅក្នុងប្រទេសកម្ពុជា។ សំណួរមួយ ដែលអ្នកចាត់ចែងវេទិកាបានដាក់ សម្រាប់ឲ្យខ្ញុំព្រះករុណាខ្ញុំ ឆ្លើយតប។ តើរបៀបយ៉ាងណាបានជាកម្ពុជាអាចរីកចម្រើន ក្នុងអត្រាសេដ្ឋកិច្ច ៧,៧% រយៈពេល ២០ ឆ្នាំ ជាប់គ្នា? នេះជាចំណុច ដែលគេចង់ ស្វែងយល់អំពីបញ្ហាពាក់ព័ន្ធជាមួយនឹងការរីកចម្រើនរបស់កម្ពុជា ព្រោះប្រទេសមួយចំនួន អត្រានៃកំណើន មានឡើងមានចុះ។ យើងក៏មានឡើង មានចុះដែរ ក៏ប៉ុន្តែ បើគិតពីអត្រាមធ្យមភាគ ក្នុងរយៈពេល ២០ ឆ្នាំ គឺយើងស្ថិតនៅក្នងអត្រា ៧,៧% ពិបាកនឹងមានប្រទេសដទៃ ដែលអាចធ្វើបានយ៉ាងដូច្នេះ។
កត្តាសន្តិភាពនាំមកនូវការរីកចម្រើនជីវភាពប្រជាជន ទាំងក្នុងវិស័យកសិកម្មផងដែរ
តាមរយៈនេះ យើងក៏បានឃើញច្បាស់ថា តម្លៃសន្តិភាពដែលយើងរកបាននេះ គឺវាមានតម្លៃខ្លាំងណាស់ សម្រាប់ការរីកចម្រើននូវជីវភាពប្រជាជន តាមរយៈនូវការអភិវឌ្ឍជាច្រើន ដែលក្នុងនោះកសិកររបស់យើងក៏ទទួលបានផលពីការរីកចម្រើននេះ។ ពិតហើយ ខ្ញុំព្រះករុណាខ្ញុំ យល់ច្បាស់លើរឿងនេះ ហើយវាជារឿងសត្យានុម័តផងដែរ ដែលពាក់ព័ន្ធនឹងតម្លៃស្រូវថោកពេក ពាក់ព័ន្ធជាមួយនឹងតម្លៃកសិផលរបស់ប្រជាជនយើងក៏មានការចុះថោក។ ប៉ុន្តែ មិនមែនតែកម្ពុជាខ្លួនឯងប៉ុណ្ណោះទេ ប្រទេសនានានៅលើពិភពលោកសុទ្ធតែមានផលប៉ះពាល់អំពីបញ្ហានេះទាំងអស់។ អភិបាលខេត្តក៏បានលើកអំពី ផ្លូវថ្នល់បានប៉ុន្មាន វត្តមានប៉ុន្មាន សាលារៀនមានប៉ុន្មាន ប្រឡាយទឹកមានប៉ុន្មាន នេះបើយើងប្រៀបធៀប ពីចំណុចដើម និងចំណុចបច្ចុប្បន្ននេះ មានការខុសគ្នា។
អគារសិក្សាមាននៅជាប់នឹងទីអារាមស្រាប់ / ការភាន់ច្រឡំរបស់បរទេសថានៅកម្ពុជាឲ្យតែជាប្រុសត្រូវបួស
ឥឡូវ ខ្ញុំព្រះករុណាខ្ញុំ និយាយទៅដល់ក្នុងវត្តនេះផ្ទាល់តែម្តង ខ្ញុំព្រះករុណាខ្ញុំពិតជាមានការអរគុណណាស់ ជាមួយព្រះតេជព្រះគុណ ព្រះចៅអធិការគ្រប់ជំនាន់ ហើយជាពិសេស ព្រះតេជព្រះគុណ ព្រះចៅអធិការ បច្ចុប្បន្ននេះ ដែលបានខិតខំកសាងនូវព្រះវិហារនេះឡើង ដែលអនុញ្ញាតឲ្យយើងបានធ្វើពិធីបញ្ចុះនូវខណ្ឌសីមានៅថ្ងៃនេះ។ ខ្ញុំព្រះករុណាខ្ញុំពិតជាមានការសប្បាយ ដោយសារតែនៅជាប់ជាមួយនឹងទីអារាម ក៏មានអគារសិក្សានៅទីនេះស្រាប់តែម្តង។ កាលពីសម័យដើម ប្រទេសរបស់យើងមានសាលារៀនតិចណាស់នៅខាងក្រៅ ដូច្នេះ ទើបបង្កើតបានជាការភាន់ច្រឡំមួយសម្រាប់ជនបរទេស។ ប៉ុន្តែ ការភាន់ច្រឡំនេះ អាចនឹងត្រូវបានលុបបំបាត់រួចមកហើយ។ កាលពេលដែល ខ្ញុំព្រះករុណាខ្ញុំ បានចេញទៅក្រៅប្រទេសនៅក្នុងទសវត្សរ៍ ៨០ គេតែងតែសួរថា ឲ្យតែប្រុសៗកម្ពុជា សុទ្ធតែបួសទាំងអស់? ខ្ញុំព្រះករុណាខ្ញុំ បានប្រាប់គេត្រឡប់ទៅវិញថា ដោយសារតែនៅពេលសម័យដើម មិនសូវមានសាលារៀននៅខាងក្រៅទេ គឺដើម្បីចេះអក្សរ ត្រូវមកបួសជាសង្ឃ ឬនៅវត្ត ទើបអាចចេះអក្សរ។ គឺជាចំណុចមានការភ័ន្តច្រឡំមួយរបស់ប្រទេសមួយចំនួនដែលថា ឲ្យតែប្រុសៗកម្ពុជា ត្រូវតែបួសទាំងអស់។ វាមិនដូច្នោះទេ។ ដោយសារថាសម័យដើម អត់សាលារៀននៅខាងក្រៅ អញ្ចឹងទៅបួស ដល់បួសបាន ១ ឬ ២ វស្សា ក៏សឹកត្រឡប់មកវិញ (ហើយត្រូវ)គេហៅអន្ទិត។ ពាក្យអន្ទិតហ្នឹង គឺពាក្យបណ្ឌិតបានសេចក្តីថា គឺជាអ្នកដែលចេះដឹងហើយ។ អញ្ចឹងទេ ទោះបីក្បាលទំពែកក៏គេលើកកូនក្រមុំឲ្យដែរ ព្រោះចេះអក្សរ។
សូមកុំមានការបំពានគ្នា
ឥឡូវនេះ គឺរវាងពុទ្ធចក្រ និងអាណាចក្រ ដើរស្របគ្នា សាលារៀននៅខាងក្រៅក៏មានការរីកចម្រើន ហើយសូម្បីតែនៅទីនេះ រវាងម្ខាងពុទ្ធចក្រ និងម្ខាងទៀតអាណាចក្រនៅជាប់គ្នា ហើយសង្ឃឹមថាក្មួយៗជាសិស្សានុសិស្ស មិនរំខានព្រះសង្ឃនៅពេលដែលព្រះសង្ឃត្រូវធ្វើបុណ្យធ្វើទាននោះទេ។ ក៏ប៉ុន្តែ ដូចជាចែកម៉ោងគ្នា ព្រោះក្មេងៗរៀនតែពេលថ្ងៃតើ។ ប៉ុន្តែ មានរបងខណ្ឌ។ នៅទីអារាមនេះ ជាមួយនឹងការរីកចម្រើន ដែលកើតមាន ហើយប្រហែលជាអាចមានការបរិច្ចាគ និងចរចាគ្នាច្បាស់លាស់ រវាងទីអារាមជាមួយនឹងសាលារៀន ចែកដីគ្នា។ យ៉ាងម៉េចក៏ដោយគឺថា គេហៅថាកុំបំពានគ្នាណា រវាងខាងផ្នែកសាលារៀន កុំបំពានដីរដ្ឋ ហើយផ្នែកដីវត្ត ក៏កុំបំពានដីសាលារៀន។ សង្ឃឹមថាអញ្ចឹង ព្រោះមានកន្លែងមួយចំនួនក៏កើតឡើងនូវរឿង កន្លែងខ្លះសាលារៀនបំពានទៅវត្តបន្តិច ហើយវត្តថាបំពានមកសាលារៀនបន្តិច។ មានពុទ្ធបរិស័ទខ្លះ ទៅទារយកដីវត្ត ទៅធ្វើផ្ទះទៅទៀត រួចហើយឲ្យនាយករដ្ឋមន្រ្តីទៅដោះស្រាយ។ ខ្ញុំព្រះករុណាខ្ញុំ មិនសូវទេ សុំទោសចុះ ដល់តែពេលមានរឿងរវាង សុំឲ្យក្រសួងសាសនា និងធម្មការដោះស្រាយទៅហើយសង្ឃឹមថាថែទាំនូវគរុភ័ណ្ឌ មានដីមានស្អីៗរបស់វត្ត។
ការកសាងឡើង នូវសមិទ្ធផលនានា ដែលក្នុងនោះរួមទាំងព្រះវិហារដែលធ្វើបុណ្យនៅថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការអរគុណ និងកោតសរសើរជាមួយការខិតខំទាំងអស់របស់ព្រះតេជព្រះគុណ ព្រះចៅអធិការ លោកគ្រូសូត្រឆ្វេង លោកគ្រូសូត្រឆ្នាំ ក៏ដូចជាព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ក៏ដូចជាគណៈកម្មការអាចារ្យវត្ត ដែលបានប្រឹងប្រែងក្នុងការកសាងនូវទីអារាមនេះ។ មិនមែនជា បញ្ហាតូចតាចទេណា ធំណាស់ខ្ពស់ឡើងទៅលើ។ នៅក្បែរខាងវិស័យផ្នែកសិក្សាធិការបានដំណើរការទៅមុនរួច ហើយជាបណ្តើរៗ គឺផ្នែកខាងពុទ្ធចក្រដំណើរការទៅតាមក្រោយ ជាមួយគ្នា។ អញ្ចឹងដំណើរលាយឡំគ្នា រវាងពុទ្ធចក្រ និងអាណាចក្រ។ អរគុណប្រជាពលរដ្ឋរបស់យើង ពុទ្ធបរិស័ទ ក៏ដូចសប្បុរសជន ដែលបានប្រឹងប្រែងជួយចំពោះ ការកសាងនូវទីអារាមនេះ សង្ឃឹមថាទីអារាមនឹងផ្តល់ឲ្យប្រជាពលរដ្ឋរបស់យើងនូវការអប់រំមួយដ៏ល្អ ដែល ឲ្យប្រជាពលរដ្ឋយើងដើរតាមផ្លូវធម៌ ផ្លូវដែលល្អ ហើយវាមិនជំទាស់ជាមួយនឹងឱវាទរបស់ព្រះពុទ្ធសាសនា ហើយវាក៏មិនទំនាស់ជាមួយនឹងការអនុវត្តផ្លូវច្បាប់ នូវខាងការគ្រប់គ្រងរបស់អាណាចក្រនោះទេ។ អ្វីៗត្រូវតែបន្តជាមួយនឹងការខិតខំទាំងអស់គ្នា។
សូមព្រះសង្ឃមេត្តាជួយផ្សព្វផ្សាយផលប៉ះពាល់នៃការសេពគ្រឿងញៀន
សម្តេចព្រះសង្ឃនាយក សុំសម្តេចមេត្តាជួយផង។ បញ្ហាគ្រឿងញៀន គឺវាហាក់ដូចជារីករាលដាល មិនមែនគ្រាន់តែប្រទេសយើងទេ ខ្ញុំព្រះករុណាខ្ញុំ ជួបជាមួយនឹងប្រទេសនានា សុទ្ធតែត្អូញត្អែរទាំងអស់ រួចហើយប្រទេសធំៗ គឺមានបញ្ហារឿងទាក់ទងនឹងគ្រឿងញៀនហ្នឹង។ ឥឡូវវាមានអាគ្រឿងញៀនផង វាមានអាល្បែងកន្ទុយលេខផង វាមានស្អីផង អាជល់មាន់ វាមានអាលួចចាក់បាល់បន្តិចទៀតដល់រកៗ គឺថាសម្ងំៗមានកន្លែងចាក់អញ្ចឹងទៅ។ ហើយដល់ទៅពេលចាញ់អស់ ក៏ទៅបង្កើតជាចោរលួច ចោរប្លន់ទៀតហើយ។ ទាល់តែប្រឹងទាំងអស់គ្នា បើសិនជាថា ពឹងពាក់ទៅលើផ្នែកណាមួយ គឺមិនបានទេទាល់តែរួមទាំងអស់គ្នា។ មនុស្សម្នាក់អាចធ្វើសកម្មភាព បានតាមរយៈធ្វើឲ្យល្អទាំងអស់គ្នាទៅ គឺសឹងតែថាប្រទេសខ្មែរ មិនចាំបាច់មានប៉ូលីស។ ព្រោះបើល្អទាំងអស់គ្នា មិនចាំបាច់មាន ប៉ូលីសក៏បានដែរ។ ហើយបើប៉ូលីសត្រូវមានប៉ូលីសចរាចរណ៍ទៅវិញទេ មិនចាំបាច់មានប៉ូលីស ទៅជួយយាមហាងយាមស្អី ព្រោះអត់មានចោរប្លន់ទេ។
កុំឲ្យមនុស្សម្នាក់ ឬព្រះសង្ឃមួយអង្គ ធ្វើឲ្យខូចវត្តអារាមមួយទាំងមូល និងអង្គការចាត់តាំងនយោបាយ
រឿងរ៉ាវបានកើតឡើងសម្រាប់ប្រទេសនីមួយៗសុទ្ធតែមានបញ្ហាប្រឈមទាំងអស់។ សូម្បីតែក្នុងព្រះសង្ឃ ក៏មានបញ្ហាដែរ។ ក៏ប៉ុន្តែ យើងក៏មិនត្រូវយកបញ្ហាព្រះសង្ឃមួយអង្គ ដែលធ្វើខុសដូចជាបរាជិក ឬក៏ខុសធម្មវិន័យទៅធ្វើឲ្យខូចវត្តមួយទេ។ រឿងនេះ យើងបានឃើញថា គណសង្ឃនាយក ក៏ដូចជាព្រះមេគុណ ព្រះអនុគណ និងព្រះចៅអធិការសុទ្ធតែបានដោះស្រាយបញ្ហានេះ មិនទុកឲ្យព្រះសង្ឃណាមួយ បំផ្លាញទីអារាមមួយទេ ហើយក៏មិនទុកឲ្យព្រះសង្ឃល្មើសវិន័យនោះ បំផ្លាញនូវព្រះពុទ្ធសាសនាដែរ។ ខ្ញុំព្រះករុណាខ្ញុំ ក៏ជឿជាក់យ៉ាងដូច្នេះដែរថា អង្គការចាត់តាំងនយោបាយ ឬអង្គការចាត់តាំងមនុស្សធម៌មួយចំនួន ក៏មិនគួរទុកឲ្យបុគ្គលម្នាក់ ឬពីរនាក់ បំផ្លាញនូវបក្សនយោបាយមួយ ឬបំផ្លាញនូវអង្គការចាត់តាំងនយោបាយមួយ តាមរយៈនៃការការពារអំពើខុសច្បាប់របស់បុគ្គលណាមួយទេ។ អ្នកខុសត្រូវចេញមុខទទួលខុស ដូចជាព្រះសង្ឃបរាជិក ត្រូវតែទទួលស្គាល់ ថាខ្លួនបរាជិក កុំយកវត្តទាំងមូលមកការពារ។
ឥឡូវមានរឿងរ៉ាវខ្លះ។ ខ្ញុំព្រះករុណាខ្ញុំ មិនចាំបាច់និយាយទេ។ អ្នកខ្លះខុសខ្លួនឯង ទៅយកទីកន្លែងដទៃ ជាអង្គការចាត់តាំង ជាក្រុមមនុស្សមួយក្រុម ជាតួអង្គចាត់តាំងមួយ ដើម្បីការពារខ្លួន។ ហើយអង្គការនោះ ក៏ការពារមនុស្សខូចទៅទៀត ដើម្បីប្រឈមជាមួយនឹងផ្លូវច្បាប់។ រឿងនេះ គឺត្រូវគិតគូរឲ្យបានច្បាស់។ ខ្ញុំព្រះករុណាខ្ញុំ ហួសចិត្តត្រង់អញ្ចេះ កាលចូលឆ្នាំកន្លងទៅស្រាប់តែឃើញខារ៉ាអូខេ អស់ទាស់បណ្តោយ ចប់ត្រឹមហ្នឹងតែម្តង។ អត់ដឹងថាម៉េច។ និយាយលែងចេញតែម្តង។ សម្តេចព្រះសង្ឃនាយកក៏ប្រហែលជាមានបន្ទូល ឬក៏ប្រហែលជាមានសង្ឃដីកាមិនចេញដែរ។ ប៉ុន្តែ ខ្ញុំព្រះករុណាខ្ញុំ កោតសរសើរថា ព្រះសង្ឃអង្គនោះ មិនបានធ្វើការតវ៉ាណាមួយដោយយកព្រះពុទ្ធសាសនា និងយកគណៈសង្ឃនាយក ដើម្បីការពារខ្លួននូវទង្វើខុស។
ហើយខ្ញុំព្រះករុណាខ្ញុំ ក៏សូមយកឱកាសនេះ អរគុណជាមួយនឹងសប្បុរសជនដែលថ្ងៃនេះបានមកចូលរួម ទាំងអស់គ្នា។ ញាតិញោមទោះបីបានធ្វើបុណ្យតិច បុណ្យច្រើន បានចូល ឬមិនបានចូល ថ្ងៃនេះសូមទទួលយកអនុមោទនា ទទួលយកមគ្គផលទាំងអស់គ្នា ហើយជាតិក្រោយសូមជួបគ្នាទៀត។ ប៉ុន្តែបើទោះបីជួបគ្នាយ៉ាងម៉េចក៏ដោយ សូមកុំឲ្យមានរបប ប៉ុល ពត និងសង្គ្រាម កើតឡើង យើងបានសុខទាំងអស់គ្នា កុំឲ្យខ្ញុំព្រះករុណា ខ្ញុំក្លាយទៅជាជនពិការដោយសារសង្គ្រាម ដូចកាលពីសម័យមុន បើសិនជាមានជាតិក្រោយពិតប្រាកដ ហើយឲ្យបានមកធ្វើបុណ្យជាមួយគ្នាដូចថ្ងៃហ្នឹង។ បន្តិចទៀត ខ្ញុំព្រះករុណាខ្ញុំ នឹងដើរដាក់តាមរោងទិសទាំងអស់ ហើយចូលកាត់ឫសសីមា។ ពេលហ្នឹង អនុមោទនា ទទួលយកមគ្គផលទាំងអស់គ្នាទៅ ហើយអ្នកដែលនៅទីឆ្ងាយ ស្តាប់ឮហើយក៏ទទួលទាំងអស់គ្នាទៅ អត់មានខុសអីទេ។
ថ្ងៃទី ១ នៃការបួស / គ្រោងស្រាយបួសជាមួយឥស្លាមសាសនា និងសំណេះសំណាលជាមួយគ្រីស្តសាសនា
ប៉ុន្តែ ថ្ងៃនេះ ក៏សូមជម្រាបផងដែរថា ជាថ្ងៃទី ១ នៃដែលឥស្លាមសាសនាចាប់ផ្តើមបួស រ៉ាម៉ាឌន ពាក្យខ្មែរហៅថាបួស។ បើទោះបីថា នៅក្នុងទីអារាម ព្រះពុទ្ធសាសនាក៏ដោយ ខ្ញុំព្រះករុណាខ្ញុំ សូមក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្ញុំព្រះករុណាខ្ញុំផ្ទាល់ ផ្ញើជូនចំពោះសាសនិកឥស្លាមទាំងអស់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា និងឥស្លាមដទៃទៀត ដែលថ្ងៃនេះគឺជាថ្ងៃបួសទី ១ សូមព្រះអាឡោះ ជួយការពារនូវអ្នកទាំងអស់នោះឲ្យទទួលបានផល។ បន្តិចទៀត ខ្ញុំព្រះករុណាខ្ញុំ ក៏មានកម្មវិធីក្រៅពីព្រះពុទ្ធសាសនា ថ្ងៃ ១៤ នេះ ត្រូវទៅស្រាយបួស រួចហើយមានគម្រោងទៅជួបនឹងបងប្អូនគ្រឹស្តសាសនាថែមទៀត។ ទោះបីថា ខ្ញុំព្រះករុណាខ្ញុំ អ្នកកាន់ព្រះពុទ្ធសាសនា ក៏ប៉ុន្តែសុដុមភាវូបនីយកម្មនៃនយោបាយចំពោះសាសនាទាំងអស់ មិនត្រូវបានរើសអើងនោះទេ។ ដូច្នេះ នៅពេលដែលខ្ញុំព្រះករុណាខ្ញុំ ទៅស្រាយបួសជាមួយនឹងឥស្លាម ឬខ្ញុំព្រះករុណាខ្ញុំ ទៅជួបជាមួយនឹងសំណេះសំណាលជាមួយគ្រឹស្តសាសនា សង្ឃឹមថាអ្នកកាន់ព្រះពុទ្ធសាសនា មិនធ្វើការតិះទៀនខ្ញុំព្រះករុណាខ្ញុំ ក្នុងឋានៈខ្ញុំព្រះករុណាខ្ញុំ ជាអ្នកគ្រប់គ្រង ទទួលខុសត្រូវក្នុងការ ដឹកនាំនយោបាយក្នុងនិងក្រៅប្រទេសរបស់ប្រទេសមួយទេ។
ពិតហើយថា ការសាងសង់នូវព្រះវិហារនេះ បានចំណាយថវិកាអស់ចំនួន ២៩៩,៨៧២ ដុល្លារ សហរដ្ឋអាមេរិក ក៏ប៉ុន្តែព្រះតេជព្រះគុណ ព្រះចៅអធិការ ក៏បានសូមបិណ្ឌបាត្រ ដើម្បីសងថ្លៃគេ ព្រះតេជព្រះគុណ ព្រះនាម អឿន រតនៈ។ អញ្ចឹងទេ សង្ឃឹមថាខ្ញុំព្រះករុណាខ្ញុំ មកហ្នឹង គឺថាបិណ្ឌបាត្រ សងថ្លៃជំពាក់ហើយ។ ព្រះតេជព្រះគុណសូមបិណ្ឌបាត្រចំនួននៅជំពាក់គេ ២២,៤៥៨ ដុល្លារសហរដ្ឋអាមេរិក ពីខ្ញុំព្រះករុណាខ្ញុំ ដើម្បីសងថ្លៃជំពាក់ជាង និងសំភារៈផ្សេងៗ។ ខ្ញុំព្រះករុណាខ្ញុំ ដោយមានការគាំទ្រ ពីឯកឧត្តម ទេសរដ្ឋមន្ត្រី ចាន់ សារុន និងលោកជំទាវ ក៏សូមប្រគេនជូន ២៣,០០០ ដុល្លារសហរដ្ឋអាមេរិក។ អរគុណឯកឧត្តម ទេសរដ្ឋមន្ត្រី និងលោកជំទាវ បានជួយរំដោះទុក្ខ រំដោះទាំងខ្ញុំ រំដោះទាំងព្រះតេជព្រះគុណ ចៅអធិការ និងពុទ្ធបរិស័ទ ចំណុះជើងវត្ត បើមិនអញ្ចឹងគេគិតការប្រាក់ទៀត។
មិនបានស្តាប់ការអំពាវនាវរបស់សម្តេចអំពីការខ្ចីលុយចងការប្រាក់
រឿងការប្រាក់នេះ ឥឡូវមែន។ រឿងមកដល់ហើយ។ ប្រាប់ហើយ ផ្តាំផ្ញើហើយ ថាបងប្អូនអើយកុំ។ មានក្រុមហ៊ុនមួយនោះ វាមកថាឲ្យការប្រាក់មួយខែ ១០% ដើម្បីចូលរួមវិនិយោគទុន។ អញ្ចឹងទេ បងប្អូនយើងមួយចំនួន រាប់ទាំងបងប្អូនពិការនៅតាកែនកោះស្លា ៩ គ្រួសារ ឥឡូវគេរឹបអូសយកផ្ទះ ២ ហើយ។ អញ្ចឹងទេ ដើម្បីផលចំណេញ គាត់អត់ស្តាប់រាជរដ្ឋាភិបាលអំពាវនាវឯណា។ គាត់ទៅខ្ចីលុយគេ ព្រោះទៅខ្ចីលុយគេការប្រាក់តែ ៧% ទេ ឧបមា ១០០ មួយខែសងគេតែ ៧% ដល់ទៅគេឲ្យ ១០០ ការប្រាក់បាន ១០ ដុល្លារ យើងយកទៅសង ៧ ដុល្លារ ចំណេញ ៣ ដុល្លារ។ ឥឡូវ អត់ចំណេញទេ ចូលមកក្នុងហ្វេសប៊ុកខ្ញុំព្រះករុណាខ្ញុំ ឲ្យខ្ញុំព្រះករុណាខ្ញុំជួយ។ ជួយអត់បានទេ។ ប្រាប់មិនស្តាប់ ចង់ចំណេញ។ ការលោភលន់ ហ្នឹង ចុងក្រោយឲ្យនាយករដ្ឋមន្ត្រីជួយដោះស្រាយ។ ជួយបានកសាងព្រះវិហារអញ្ចឹង នៅជំពាក់គេ ខ្ញុំព្រះករុណាខ្ញុំ ប្រមូលគ្នាទៅជួយគ្នា។ អ្នកដែលជំពាក់គេ ជាម្ចាស់បំណុលក៏បានរបស់ហ្នឹងយកទៅ សងគេបន្តដែរ ប៉ុន្តែអ្នកដែលចាញ់បោកគេ រួចអំពាវនាវឲ្យនាយករដ្ឋមន្ត្រីទៅជួយដោះស្រាយ…។
អរគុណការគាំទ្របក្សប្រជាជនពេលកន្លងមក និងបន្តទៅមុខទៀត
អរគុណឯកឧត្តម ចាន់ សារុន និងលោកជំទាវ ថ្ងៃនេះបានបរិច្ចាគជួយព្រះតេជព្រះគុណរួចបំណុល ប៉ុន្តែយ៉ាងម៉េចក៏ដោយ ចោរអត់ស្គាល់លោកសង្ឃទេ។ អរគុណចំពោះប្រជាពលរដ្ឋរបស់យើង ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជន គាំទ្រខ្ញុំព្រះករុណាខ្ញុំឲ្យបានដឹកនាំប្រទេសនេះ ហើយសង្ឃឹមថានឹងបានទទួលការគាំទ្រជាបន្តទៀត។ យើងបានរួមសុខរួមទុក្ខជាគ្នាអស់រយៈពេល ៣៧ ឆ្នាំហើយ មិនមានមុខអ្នកណាមួយមកជួយយើងសាងព្រះវិហារ មកជួយយើងក៏សាងសាលារៀន ប្រឡាយទឹក អណ្តូងទឹក ស្រះទឹកនោះទេ (តែ)បើជេរមាន។ ឥឡូវ គេថាអត់បញ្ហាទេ។ សភាពការណ៍គឺនៅតែឈ្នះ។ បើអញ្ចឹង នៅដេកត្រង់ហ្នឹងទៅ។ មកតាមផ្លូវមើលកាសែត គេថាសភាពការអត់បញ្ហា បើអត់បញ្ហាកុំស្រែក អញ្ចឹងគង់តែចាំឈ្នះដដែល កុំស្រែក។ ខ្មាសគេ។ ម្តងថាអញ្ចេះ ម្តងថាអញ្ចុះ។ ម្តងថាវិបត្តិ ប៉ុន្តែនរណាវិបត្តិជាមួយឥឡូវនេះ។អ្នកឯងចង់ទៅដេកកន្លែងបួនម៉ែត្របួនជ្រុងទៅដេកទៅ មានអ្នកណាថាអី។
ខ្ញុំព្រះករុណាខ្ញុំពិតជាសប្បាយ។ មកតាមផ្លូវមានដំណាំដាំដុះ គ្រាន់តែភ្លៀងធ្លាក់ភ្លាមដាស់ភ្លាមដី ហើយដំណាំដាំដុះ។ ការផ្គត់ផ្គង់ទឹកឆ្នាំនេះ គឺពិបាក(ទូទាំង)ពិភពលោក។ ឥឡូវរឿងស្អី? ស្រុកបារាំងទឹកជំនន់ស្រក ឬនៅ? ទីក្រុងប៉ារីសទឹកជំនន់លិចទីក្រុងប៉ារីស។ បារាំងត្រួតត្រាវាមិនបានផង។ គ្រោះធម្មជាតិ។ យើងរាំងស្ងួតអត់ទឹក បារំាងសំបូរទឹក លិចក្រុងប៉ារីស ដែលក្នុងរង្វង់ ៣០ ឆ្នាំជាងមិនដែលកើតមានទេ។ យើងស្ទើរទឹក តែប្រយ័ត្នមកលើស ព្រោះឥឡូវមានចាប់ផ្តើមកន្លែងខ្លះលើស ដូចនៅប្រទេសថៃមួយចំហៀងរាំងស្ងួត មួយចំហៀងទៀតទឹកលើសតែម្តង។ ថ្ងៃនេះ(ពាក់)អាវសធ្វើអាចារ្យ។ ចេញមកសែលហ្វី បង្ហោះតាមហ្វេសប៊ុក។ ប្រជាពលរដ្ឋឲ្យពរ បានជាង ២ ជាងម៉ឺន Like។ ព្រឹកមិញសរសេរថា ខ្ញុំកំពុងធ្វើដំណើរចូលរួមបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារវត្តមឿងចារ្យ ភូមមឿងចារ្យ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ វិស័យពុទ្ធចក្រ និងអាណាចក្របានរីកចម្រើនជាមួយគ្នា និងបំពេញឲ្យគ្នាក្រោមដំបូលសន្តិភាព។ សូមជូនកុសល ផលបុណ្យដល់ជនរួមជាតិគ្រប់ៗគ្នា …៕