ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំព្រះតេជព្រះគុណគ្រប់ព្រះអង្គ ដែលជានិសិ្សត ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា!
ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានរួមជាមួយឯកឧត្តម លោកជំទាវ អស់លោក លោកស្រី មកចែកជូនសញ្ញាបត្រ ចំពោះនិស្សិត(ចំនួន) ១៨១៩ នាក់ នៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុប។ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ អនុញ្ញាតអោយខ្ញុំសូមសំដែង នូវការវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាពនៃសាកលវិទ្យាល័យមួយនេះ ដូចដែលលោកបណ្ឌិត ដួង លាង សាកលវិទ្យាធិការបានធ្វើរបាយការណ៍អម្បាញ់មិញ ពាក់ព័ន្ធទៅនឹងវឌ្ឍនភាពនៃសាកលវិទ្យាល័យ ចាប់ផ្តើមពីជំហានតូចមកកាន់ជំហានធំ ហើយឥឡូវនេះក៏មានកិច្ចសហប្រតិបត្តិការណ៍ជាមួយនឹងសាកលវិទ្យាល័យនៅក្រៅប្រទេសមួយចំនួន ដែលបញ្ជូននិស្សិតទៅទីនោះ ក៏ដូចជាសាស្ត្រចារ្យពីប្រទេសក្រៅមកកាន់សាកលវិទ្យាល័យនេះផងដែរ។ ចំនួននិស្សិតដែលបានបញ្ចប់ការសិក្សានៅទីនេះ ជាផ្នែកដ៏សំខាន់មួយនៃធនធានមនុស្សរបស់កម្ពុជា ដែលយើងបានរួមគ្នាខិតខំកសាងទំាងវិស័យរដ្ឋ និងផ្នែកឯកជន។ សុំយកឱកាសនេះថ្លែងនូវការអរគុណ និងកោតសរសើរជាមួយគណៈគ្រប់គ្រង សាស្រ្តាចារ្យ ដែលបានប្រឹងប្រែងក្នុងការបណ្តុះបណ្តាលធនធានមនុស្សនៅទីនេះ និងថ្លែងអំណរគុណ ចំពោះសាកលវិទ្យាល័យ ដែលបានផ្តល់អាហារូបករណ៍អោយខ្ញុំព្រះករុណាខ្ញុំ សម្រាប់ចែកជូនចំពោះនិសិ្សតផងដែរ។
ពិការកាយ តែមិនពិការចិត្ត
ថ្ងៃនេះ គឺយើងជានិមិត្តរូបមួយដែលបានបង្ហាញអោយឃើញ អំពីការខិតខំឈានឡើងរបស់ជនពិការដែលរៀននៅតាមសាកលវិទ្យាល័យជាច្រើន។ ក្នុងនោះមានកញ្ញា ស្រេង វណ្ណឌី ដែលជានិស្សិតបរិញ្ញាផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រគ/ថ្លង់ … នេះបង្ហាញអោយឃើញអំពីចំណុចថា ពិការរាងកាយ ប៉ុន្តែមិនប្រាកដថា ពិការចិត្តទេ ហើយជនពិការរបស់យើង … ពួកគេអាចពិការកាយសម្បទា តែមិនពិការផ្លូវចិត្តទេ។ ផ្ទុយទៅវិញ អ្វីដែលលំបាករបស់យើង នៅត្រង់ថា គេមិនមែនជាជនពិការសោះ ក៏ប៉ុន្តែគេខំធ្វើខ្លួនគេអោយក្លាយជាមនុស្សពិការ តាមរយៈនៃសកម្មភាពមិនប្រក្រតី ដូចជាបញ្ហាការសេពគ្រឿងញៀន ការធ្វើខ្លួនទៅជាបងតូចបងធំ និងសកម្មភាពមួយ ចំនួនដែលសង្គមស្អប់ខ្ពើម។ នេះជាចំណុចដែលយើងត្រូវយកចិត្តទុកដាក់ ហើយអរគុណចំពោះសាកលវិទ្យា ធិការ ដួង លាង ដែលបានអនុញ្ញាតអោយក្មួយស្រី ស្រេង វណ្ណឌី មកទទួលការសិក្សានៅទីនេះ …និស្សិតគ/ ថ្លង់ និងពិការភ្នែក បានបញ្ចប់ការសិក្សានៅទីនេះ ហើយ(និស្សិត)ពិការភ្នែក នៅក្រសួងការបរទេសមានដល់ទៅពីរ(នាក់) នៅទីស្តីការគណៈរដ្ឋមន្ត្រីមានពីរនាក់ …។ បើនិយាយពីផ្នែកក្រសួងការបរទេសវិញ … ចូលដល់កម្រិតសរសេរសភាពការណ៍នៅប្រទេសក្រៅ អោយអ្នកដែលមិនពិការទៅវិញទៀត។ យើងគួរតែបានឃើញចំនុចនេះ។ អរគុណសាកលវិទ្យាល័យ ដែលបានអនុញ្ញាតអោយក្មួយស្រីបញ្ចប់បរិញ្ញាបត្រនៅថ្ងៃនេះ ហើយក៏នឹងអនុញ្ញាតអោយទទួលយកនូវបរិញ្ញាបត្រជាន់ខ្ពស់នៅពេលខាងមុខ។
សម័យនេះ ពេលដែលមានការចេះដឹងគ្រប់គ្រាន់ និងសម័យបច្ចេកវិទ្យាជាន់ខ្ពស់ ផ្តល់លទ្ធភាពអោយជនពិការរបស់យើងអាចមានលទ្ធភាពធ្វើការបានច្រើន។ ខ្ញុំព្រះករុណាខ្ញុំ ក៏សូមយកឱកាសនេះ ដើម្បីថ្លែងនូវការកោតសរសើរចំពោះនិស្សិតជ័យលាភីទំាងអស់ ទាំងព្រះសង្ឃ ទំាងគ្រហស្ថ និងគ្រប់កម្រិត ទាំងបរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ដែលបានបញ្ចប់ការសិក្សាប្រកបដោយមោទនភាពនៅថ្ងៃនេះ។ នេះជាការខិតខំប្រឹងប្រែងមួយរបស់និស្សិតយើងម្នាក់ៗ តាមរយៈការរកប្រាក់បង់ថ្លៃផង ការជួយពីសំណាក់ក្រុមគ្រួសារ ពីសំណាក់សប្បុរសជនដែលបានផ្តល់ ដូចជាអាហាររូបករណ៍ ដែលសាកលវិទ្យាល័យនេះបានផ្តល់អោយខ្ញុំព្រះករុណាខ្ញុំ។ ខ្ញុំព្រះករុណាខ្ញុំក៏បានផ្តល់អោយនិស្សិត ដែលមានការលំបាក។ (បើ)គ្មានការខិតខំផ្ទាល់ខ្លួនទេ និងមិនមានវឌ្ឍនភាពណាមួយសម្រាប់ខ្លួនយើងនោះទេ។
ការផ្ទេរចំណេះដឹងពីមនុស្សម្នាក់ទៅមនុស្សម្នាក់
ខ្ញុំព្រះករុណាខ្ញុំ ធ្លាប់បាននិយាយហើយថា វាមានការខុសគ្នារវាងផ្ទេរនូវឈាមសម្រាប់សង្គ្រោះជីវិតមនុស្ស ដែលអាចយកពីមនុស្សម្នាក់ទៅផ្តល់អោយមនុស្សម្នាក់ផ្សេងទៀត (ពេល)ដែល Group ឈាមវាត្រូវគ្នា ដែលយើងក៏មានយុទ្ធនាការ ធ្វើកិច្ចសប្បុរសផ្តល់ឈាម សម្រាប់សង្គ្រោះជីវិតមនុស្ស។ ប៉ុន្តែ សម្រាប់ការផ្ទេរចំណេះដឹងនេះ មិនអាចផ្ទេរតាមរយៈនៃការចាក់យកពីខួរក្បាលមនុស្សម្នាក់ ចម្លងទៅអោយខួរក្បាលមនុស្សម្នាក់ទៀតបានទេ។ ត្រូវមានការខិតខំផ្ទាល់ខ្លួន តាមរយៈនៃការសិក្សារៀនសូត្រ តំាងពីបឋមរហូតមកដល់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សា។ នេះជាចំណុចដែលយើងឃើញថា បើគ្មានការខិតខំទំាងនោះទេ យើងមិនអាចទទួលបាននូវជោគជ័យសម្រាប់ថ្ងៃនេះទេ។ គ្មាននណាអាចជួយយើងបានក្រៅពីខ្លួនយើងនោះទេ។ មិនថានិស្សិតនៅទីនេះ មិនថានិស្សិតនៅទីណាទេ សូម្បីតែនៅទូទំាងពិភពលោក ក៏មិនទាន់មានវិធីផ្ទេរចំណេះពីម្នាក់ទៅម្នាក់បានទេ។ បើបង្កាត់ដើមឈើ ឬបង្កាត់ពូជសត្វអាហ្នឹងគេបង្កាត់បាន។ ដូចជាការកែច្នៃបច្ចុប្បន្ននេះ ដែលយើងកំពុងតែខំប្រឹងប្រែង ដើម្បីដោះស្រាយបញ្ហាប្រឈមប្រែប្រួលអាកាសធាតុ។ យើងកំពុងតែសិក្សា ថាពូជដំណំាដែលយើងប្រើប្រាស់សព្វថ្ងៃនេះ វាធន់ទៅនឹងកម្រិតនៃកំដៅ ៣៧ ឬ ៣៨ អង្សារតែប៉ុណ្ណោះ។ ឥឡូវកំដៅនៅក្នុងប្រទេសយើងឡើងដល់ ៤០ (អង្សារ) និងជាង ៤០ (អង្សារ) នៅប្រទេសឥណ្ឌាឡើងដល់ទៅ ៥១ អង្សារទៅហើយ។ តើត្រូវរកពូជរបៀបម៉េច ដើម្បីធន់នឹងកំដៅដែលកាន់តែក្តៅឡើងៗ …
ខ្ញុំព្រះករុណាខ្ញុំ ក៏សូមអបអរសាទរជាមួយក្រុមគ្រួសារជ័យលាភីដែលទទួលសញ្ញាបត្រ … គ្មានការគំាទ្ររបស់ពួកគាត់ ក៏គ្មានលទ្ធភាពបើកឱកាសអោយយើងមកដល់ទីនេះដែរ។ នេះជាការឈ្លាសវៃបំផុត នៃក្រុមគ្រួសាររបស់និស្សិត របស់ជ័យលាភីរបស់យើង ព្រោះថា ការចែកទ្រព្យសម្បត្តិមិនប្រាកដថាវាគង់វង្សទេ មានទ្រព្យសម្បត្តិចែក គឺវាជាការល្អហើយ តែល្អជាងនេះទៅទៀត គឺចែកចំណេះវិជ្ជាតាមរយៈការចុះឈ្មោះអោយកូនរៀនតំាងពីនៅតូច ហើយបន្តការខិតខំនឹងមករហូត។ នៅទីនេះ ត្រូវដឹងអំពីគុណឪពុកម្តាយ ត្រូវដឹងគុណបង និងក្រុមគ្រួសារ ដែលពួកគាត់បានចំណាយពេលវេលាយ៉ាងច្រើន ទ្រាំហត់នឿយ ដើម្បីអោយយើងមានលទ្ធភាពមករៀនសូត្រ ព្រមជាមួយប្រាក់រៀនបង់ថ្លៃសាលា និងបង់ថ្លៃការស្នាក់នៅ ការធ្វើដំណើរ ឬការចំណាយផ្សេងៗ …។
បន្ថែមប្រាក់ឧបត្ថម្ភសម្រាប់និស្សិតអាហារូបករណ៍សិក្សាក្រៅប្រទេស
… ជាមួយនឹងការសិក្សាក្នុងប្រទេសមានចំនួនយ៉ាងច្រើននោះ យើងក៏បានបញ្ជូននិស្សិតទៅនៅក្រៅប្រទេសផងដែរ។ … កន្លងទៅ(ដោយ)ប្រទេសរុស្ស៊ីធំពេក ដែលកន្លែងខ្លះត្រូវជិះរថភ្លើងមួយយប់ អញ្ចឹងក៏យកតែតំណាងដែលរៀននៅកៀកមូស្គូ ក្រៅពីនោះ គឺបញ្ជូនថវិកាឧបត្ថម្ភសម្រាប់និស្សិតទំាងអស់នោះ។ ប្រទេសយើងមាននិស្សិតក្រៅប្រទេស ដូច្នេះទៅណាក៏យើងត្រូវមានការជួបនិស្សិតដូចជាទៅរុស្ស៊ី។ ពេលទៅរុស្ស៊ី បានជួបនិស្សិតទាំងយោធា ទាំងស៊ីវិលរបស់យើង ដែលកំពុងរៀននៅទីនោះ។ ដោយសារមានការលំបាកខ្លាំងពេក ជាមួយនឹងប្រាក់រូប្លិ ចុះថ្លៃផង ហើយអ្វីដែលយើងបានផ្តល់នេះ តាំងពីឆ្នាំ ១៩៩១-១៩៩២ តិចតួចពេក អញ្ចឹងនិស្សិតយើងក៏ជួបការលំបាក។ ពេលនោះ ដោយមានរដ្ឋមន្រ្តីក្រសួងអប់រំ គឺឯកឧត្តម ហង់ ជួនណារ៉ុន នៅទីនោះ ជាមួយនឹងឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន យើងក៏ធ្វើការសម្រេចភ្លាមៗ ក្នុងការដោះស្រាយសម្រាប់និស្សិត ដើម្បីកាត់បន្ថយការលំបាក។ វាមិនគ្រប់ទេ ក៏ប៉ុន្តែ វាបានកាត់បន្ថយនូវការលំបាកបន្តិច។ ជាមួយឡាវ គឺមានគោលការណ៍បដិការ បើយើងឲ្យគាត់ប៉ុណ្ណេះនៅនេះ គាត់ក៏ត្រូវឲ្យយើងនៅនោះ(ប៉ុនគ្នា)។ គាត់ឲ្យយើងនៅនោះប៉ុណ្ណោះ យើងក៏ត្រូវឲ្យគាត់ប៉ុណ្ណឹងដែរ។ ទស្សនកិច្ចកាលពីឆ្នាំទៅ ខ្ញុំព្រះករុណាខ្ញុំ ក៏បានបបួលនាយករដ្ឋមន្រ្តីឡាវ តម្លើងអាហារូបករណ៍សម្រាប់និស្សិតទាំងសងខាង ក៏ប៉ុន្តែខាងភាគីឡាវមិនទាន់ឆ្លើយតបលើបញ្ហានេះ។ សង្ឃឹមថានិស្សិតរបស់យើងនៅប្រទេសឡាវ នឹងមានការយោគយល់អំពីបញ្ហានេះផងដែរ។
យុទ្ធនាការទ្រង់ទ្រាយធំ ដោះស្រាយទឹក និងចែកទឹកជូនប្រជាពលរដ្ឋ
អនុញ្ញាតឲ្យខ្ញុំព្រះករុណាខ្ញុំបានយកវេទិកានេះ និយាយទៅលើប្រធានបទមួយចំនួន។ ថ្ងៃនេះ វាជាការគាប់ជួនដែលយើងកំពុងព្រួយបារម្ភនូវការបន្តរលកកម្តៅ ហើយរដូវការរាំងស្ងួតអូសបន្លាយ បែរជាយើងកំពុងតែចែកសញ្ញាបត្រឲ្យនិស្សិតនៅក្រោមភ្លៀងរលឹមទៅវិញ។ នេះបើយោងទៅលើរបាយការណ៍របស់ឯកឧត្តម លឹម គានហោ បើសិនជាកុំមានខ្យល់វាយបញ្ចេញពីក្រុងភ្នំពេញទេ ក្រុងភ្នំពេញយប់មិញនេះអាចនឹងធ្ងន់ ដោយសារទឹកភ្លៀងនេះឯង។ ឥឡូវនេះ យើងមិនទាន់បានពិនិត្យថា តើកំពុងមានស្ថានភាពភ្លៀងរលឹមនេះ មាននៅខេត្តណាខ្លះ? បើវាបានកើតទូទាំងប្រទេសតែម្តង ជាការល្អ។ ប៉ុន្តែ ដូចដែលក្រុមអ្នកកំប្លែងនិយាយ គេថា មកពីអ្នកភ្នំពេញហ្នឹងសែនសុទ្ធតែក្បាលជ្រូក ទេវតាក៏ចេះស៊ីសំណូកដែរ។ អញ្ចឹង ភ្នំពេញមានទៅត្រូវការទឹកភ្លៀងអី មានតែជាយៗក្រុង តែយើងមិនអាចទៅឃាត់មេឃកើតទេ … នៅលើពិភពលោកបច្ចុប្បន្ននេះ អត់ទាន់មាននរណាត្រួតត្រាធាតុអាកាសបានទេ។ ប្រទេសខ្លះភ្លើងឆេះព្រៃ ប្រទេសខ្លះទឹកជំនន់ ប្រទេសខ្លះរញ្ជួយផែនដី ប្រទេសខ្លះខ្យល់ព្យុះ វាជារឿងធម្មតានៃពិភពលោកទៅហើយ។
យ៉ាងណាក៏ដោយ យុទ្ធនាការទ្រង់ទ្រាយធំក្នុងការចែកទឹករយៈពេល ២ ខែ ថ្ងៃនេះ គឺថ្ងៃ ២៥ កាលដែលខ្ញុំដាក់នូវយុទ្ធនាការ គឺថ្ងៃ ២៦ ខែ មេសា អញ្ចឹងគ្រប់ ២ ខែ ឬ ៦០ ថ្ងៃ នៃយុទ្ធនាការចែកចាយទឹកជូនប្រជាពលរដ្ឋ។ បើយើងមិនដោះស្រាយទេ ប្រជាពលរដ្ឋរបស់យើងរងការខ្វះខាតទឹកយ៉ាងខ្លាំង។ ដូច្នេះ យើងប្រើរហូតដល់យន្តការនៃគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីដោះស្រាយបញ្ហានេះ ហើយគ្រប់ស្ថាប័នរបស់ជាតិ កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរថ្នាក់ក្រោមជាតិរួមជាមួយកាកបាទក្រហមកម្ពុជា និងសប្បុរសជន បានធ្វើចលនាយ៉ាងធំទូលាយ ដែលខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ ថ្លែងនូវការកោតសរសើរ ចំពោះការខិតខំទាំងអស់របស់កម្លាំងចូលរួម ជួយសង្គ្រោះប្រជាពលរដ្ឋរបស់យើងដែលខ្វះខាតទឹក។ ការខ្វះខាតទឹកនេះ វាមិនដែលមានក្នុងប្រវត្តិ។ យើងធ្លាប់ធ្វើយុទ្ធនាការចែកចាយស្បៀង ឬព្យាបាលជម្ងឺ ឬសង្គ្រោះប្រជាជនពីទឹកជំនន់ យើងមិនធ្លាប់ធ្វើយុទ្ធនាការចែកចាយទឹកបែបនេះទេ។
ឆ្នាំនេះ បទពិសោធន៍ជាមេរៀន បានផ្តល់ឲ្យយើងច្រើនណាស់ ដែលយើងត្រៀមទប់ទល់សម្រាប់រយៈពេលវែង ក្រោយៗទៅទៀត។ ឆ្នាំ ២០០០ ជំនន់សហស្សវត្សរ៍បានផ្តល់មេរៀនឲ្យយើងថា ត្រូវរៀបចំផ្លូវយ៉ាងម៉េច មុខទឹកយ៉ាងម៉េច ទ្វារទឹកយ៉ាងម៉េច ហើយត្រូវលើកកម្ពស់ផ្លូវយ៉ាងម៉េច។ ពីមុនៗ មកថា ចេះតែទឹកទាបៗ ដល់ឆ្នាំ ២០០០ តម្រូវឲ្យយើងធ្វើការកែសម្រួល រាប់ទាំងការសាងសង់សាលារៀននៅក្នុងតំបន់ទឹកលិច ក៏ត្រូវធ្វើឲ្យខ្ពស់ជាងទឹកជំនន់ឆ្នាំ ២០០០ ដែរ។ ឆ្នាំនេះ ដោយសារមានអណ្តូងមួយចំនួន ដែលប្រជាជនប្រើប្រាស់នៅ (ជំរៅប្រមាណ ៧ ទៅ ៨ ម៉ែត្រ) តាមភូមិត្រូវរីងស្ងួត … (ក៏ចាំបាច់)ត្រូវស្តារអណ្តូងចាស់ ឲ្យមានជម្រៅជ្រៅជាង ១០ ម៉ែត្រ ទើបអាចមានទឹក …។
ប្រកាសបិទយុទ្ធនាការទ្រង់ទ្រាយធំ ដោះស្រាយទឹក និងផ្តល់ទឹក តែមិនបញ្ចប់សកម្មភាពទាំងស្រុង
ថ្ងៃនេះ ក្នុងនាមរាជរដ្ឋាភិបាល ក្នុងនាមជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំព្រះករុណាខ្ញុំ សូមប្រកាសបិទយុទ្ធនាការទ្រង់ទ្រាយធំ ក្នុងការដោះស្រាយទឹក និងផ្តល់ទឹកជូនប្រជាជន។ ប៉ុន្តែ សូមបញ្ជាក់នូវអត្ថន័យរបស់វាបន្តិច។ បញ្ចប់យុទ្ធនាការទ្រង់ទ្រាយធំ តែមិនមែនបញ្ចប់នូវការផ្តល់ទឹកនៅតំបន់ដែលមានការខ្វះខាតនោះទេ សូមស្តាប់នៅកន្លែងនេះឲ្យច្បាស់។ យុទ្ធនាការទ្រង់ទ្រាយធំនេះ បានសេចក្តីថា បញ្ចេញទាំងថវិកា បញ្ចេញទាំងកម្លាំងប្រដាប់អាវុធ រាប់ទាំងរថយន្តរបស់កងទ័ព ក៏បានបញ្ជូនចេញ ផ្នែកពាក់ព័ន្ធទាំងអស់ រាប់ទាំងរដ្ឋករទឹកដែលនៅក្រោមឱវាទក្រសួងឧស្សាហកម្ម និងសិប្បកម្ម នៅគ្រប់ទីកន្លែង ផ្តល់ទឹកសម្រាប់ប្រជាជនយើង។ ធម្មតា រដ្ឋករទឹកគេមានទឹកស្អាតរបស់គេហើយស្រេច ដឹកអាហ្នឹងយកទៅចែក ថែមទៅដោយទឹកចម្រោះនៅតាមកន្លែង និងកន្លែងផលិតទឹកស្អាត ក៏បានបញ្ចេញទឹក។ យើងប្រើកម្លាំងធំណាស់ ជាពិសេស កម្លាំងយុវជន ហើយសមាជិក សមាជិកា ក្រុមការងាររបស់គណបក្សប្រជាជន គឺធ្វើការងារនេះខ្លាំងសម្បើមណាស់។ ឥឡូវនេះ បញ្ចប់យុទ្ធនាការទ្រង់ទ្រាយធំ ប៉ុន្តែ មិនមែនបញ្ចប់នូវសកម្មភាពក្នុងការផ្តល់ទឹកដល់ប្រជាពលរដ្ឋនៅតំបន់ខ្លះៗ ដែលនៅខ្វះខាតទឹកនៅឡើយទេ។
យើងក៏ត្រូវមើលដែរ ទឹកភ្លៀងស្រក់បែបនេះហើយ បែរជាគាត់អត់ព្រមទៅត្រងទឹកមកទុកផឹក ហើយទៅផ្តល់ឲ្យគាត់ទៀត។ អត់បានទេ។ ពេលមួយខ្ញុំមិននិយាយ ខ្ញុំបាននិយាយត្រង់ៗ ជាមួយគាត់តែម្តង ឆ្នាំ ២០០៤ ពេលនោះគឺរាំងស្ងួត ខ្វះខាតទឹក យើងបានប្រឹងប្រែងទាញទឹក ពីកំពង់ស្ពឺ រលាំងជ្រៃជើង និងត្បូង ទាញទឹកទម្លាក់មក ហើយជីកបន្តភ្ជាប់កាត់ខេត្តកណ្តាល កំពង់ស្ពឺ និងចូលដល់ភ្នំពេញ យើងប្រឹងដល់ទៅប៉ុណ្ណឹង។ ខ្ញុំព្រះករុណាខ្ញុំ បានទៅវៀងចន្ទន៍ ត្រឡប់ពីវៀងចន្ទន៍មកវិញ ភ្លៀង ឡើងកូនឧត្ថម្ភាគចក្រ ហោះទៅខាងឧត្តុង្គ ទៅចាន់ថ្នាល ពេលហ្នឹងគឺថា កងរាជអាវុធហត្ថរបស់យើង បូមប៉ុន្មានដំណាក់ឡើងឯណោះ បើយើងពិនិត្យមើលការប្រើប្រាស់ប្រេងរបស់យើងបូម ដូចជា ៣ ថ្នាក់ បូមទី ១ បានមួយដំណាក់ ស្រោចបានប៉ុណ្ណេះ បន្តទៅមួយដំណាក់ៗទៀត។ ដូចបូមឡើងចុងត្នោតអញ្ចឹង។ និយាយពីចំណេញ វាអត់ចំណេញទេ បើប្រៀបធៀបនឹងអស់ថ្លៃប្រេងនោះ។
… ប្រឡាយទឹកមេរបស់យើងវាកាត់តាមហ្នឹង ហើយប្រឡាយរងទៅតាមនោះ នៅសល់តែចូលស្រែគាត់ (តែ)គាត់ថាសម្តេចសូមជួយបញ្ជូលស្រែផង។ ខ្ញុំនិយាយត្រង់ថាបង ឥឡូវអញ្ចេះល្អតែម្តង គឺចាំដាំបាយយកទៅបញ្ចុកតែម្តង …។ យើងឥឡូវនេះ វាស្រួលពេកហើយ។ ការពឹងពាក់ផ្តេកផ្តួលរមួលផ្សំគ្រេច វាមិនមែនជារឿងសមហេតុសមផលទេ។ ឧទាហរណ៍ អំពាវនាវសម្តេចនាយកអើយជួយផង កន្លែងខ្ញុំអត់មានទឹកទេ។ អាជ្ញាធរ មិនព្រមមកដោះស្រាយ។ ប៉ុន្តែ សួរថាកន្លែងគាត់មានទឹកឬអត់? មានទឹកអាចត្រង់បានតើ … ប៉ុន្តែ យើងក៏ត្រូវមើលដែរ។ ជួនកាលជនពិការ ជនចាស់ជរា អត់មានលទ្ធភាពធ្វើ។ យើងជួយធ្វើ។ ប៉ុន្តែ មិនមែនជួយរបៀប ជួយយកទឹកទៅឲ្យផឹករាល់ថ្ងៃទេ ជួយរកវិធីធ្វើម៉េចឲ្យគាត់ត្រងទឹកបាន …។
សុំបញ្ជាក់កងកម្លាំងប្រដាប់អាវុធ ដែលបញ្ជូនរថយន្តទៅ គប្បីបញ្ជូនរថយន្តនេះចូលមកឃ្លាំងវិញ លើកលែងតែតំបន់ខ្លះដែលត្រូវនៅបន្ត។ ជាមួយគ្នានេះ សកម្មភាពក្នុងការជីកអណ្តូងថ្មី ស្តារអណ្តូងចាស់ ជីកស្រះថ្មី ស្តារស្រះចាស់ និងការជីកប្រឡាយ ជីកស្អីៗនេះ ត្រូវនៅបន្ត។ ឆ្នាំនេះចំនួនស្រះទឹកថ្មីៗ អណ្តូងទឹកថ្មី គឺមានចំនួនកើនឡើងច្រើន។ ឯកឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានធ្វើរបាយការណ៍អំពីចំនួនកើន ឡើងតាមរយៈនៃសកម្មភាពរបស់ក្រសួងអភិវឌ្ឍន៍ជនបទ។ ឯកឧត្តម ញឹម វ៉ាន់ដា គួរបូកសរុបមួយក្នុងដំណាក់កាលនៃវិបត្តិខ្វះខាតទឹក ដើម្បីប្រែក្លាយវាទៅជាកាលានុវត្តភាព។ តើស្រះទឹកថ្មីបានកើតឡើងប៉ុន្មាន អណ្តូងទឹកថ្មីៗ បានកើតឡើងប៉ុន្មាន ហើយជីកស្រះ និងស្តារអណ្តូងចាស់បានប៉ុន្មាន ដើម្បីឲ្យយើងបានដឹងថា នៅពេលយុទ្ធនាការដែលចេញពីរទិស ទិសផ្គត់ផ្គង់ទឹក និងទិសស្តារស្រះចាស់ ជីកស្រះថ្មី ស្តារអណ្តូងចាស់ ជីកអណ្តូងថ្មី មានការកើនឡើងយ៉ាងណា … សុំបញ្ជាក់នៅទីនេះថាយើងបញ្ចប់យុទ្ធនាការ ទ្រង់ទ្រាយធំ ប៉ុន្តែមិនមែនបញ្ចប់សកម្មភាពដែលគួរតែត្រូវធ្វើទេ …។
ក្រសួងអប់រំ គួរយកចិត្តទុកដាក់ ពីបញ្ហាខ្យល់កន្រ្តាក់ ដែលបានកើតលើសាលារៀន
សុំយកឱកាសនេះជាថ្មីម្តងទៀត អរគុណជាមួយនឹងការខិតខំទាំងអស់ ដែលបានប្រឹងប្រែង ហើយក្នុងនោះ ក៏នៅបន្តអំពាវនាវឲ្យយកចិត្តទុកដាក់ទៅលើបញ្ហាជួយចំពោះប្រជាជន និងសហគមន៍ ពាក់ព័ន្ធនឹងការដួលរលំផ្ទះ និងសាលារៀនក្នុងរយៈពេលកន្លងទៅ។ ខ្ញុំគិតថាខេត្តរបស់យើង មានការប្រឹងប្រែងច្រើនណាស់ នៅពេលដែលមានខ្យល់កន្ត្រាក់ភ្លាមៗ នៅក្នុង group របស់អភិបាលខេត្ត ជាមួយនឹងនាយករដ្ឋមន្ត្រីឃើញរាយការណ៍មកភ្លាមៗ ហើយក៏បានចាត់ចែងកំលាំងចុះភ្លាមៗ ទៅគោលដៅ ប្រើកម្លាំងប៉ុន្មានជួយសង្រ្គោះ … ហើយក៏នៅមានសាលារៀនទ្រុឌទ្រោម។ មានកន្លែងមួយនៅខេត្តក្រចេះ សូមឯកឧត្តម ហង់ ជួនណារ៉ុន មើលផង តើសាលាវាទ្រេត ហើយប៉ើងដំបូលបាត់តាំងពីខែ ៤ ឯណោះ។ ស៊ីអិនស៊ី ផ្សាយ hotline រូបភាព នៅខេត្តក្រចេះ។ … សាលារៀន មន្ទីរពេទ្យ ត្រូវតែជាគោលដៅអាទិភាពនៃការធ្វើភ្លាមៗឡើងវិញ មិនអាចទុកឲ្យកូនសិស្សអត់សាលារៀន ហើយក៏មិនអាចទុកឲ្យមន្ទីរពេទ្យ អត់មានសកម្មភាពនៅពេលដែលមានផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់រយៈពេលកន្លងទៅ។ ជាមួយនេះ យកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់នៃការបាក់ផ្ទះ។ ជួនកាលមួយថ្ងៃ គឺបាក់រាប់រយផ្ទះតែម្តង។ ទាមទារឲ្យមានការយកចិត្តទុកដាក់ទៅលើបញ្ហានេះ។
កន្លែងណាគួរបន្តសកម្មភាពជីកស្រះ ជីកអណ្តូងថ្មី គឺនៅបន្តស្តារស្រះ ស្តារស្អីៗ នេះជាកិច្ចការយើងត្រូវបន្ត បង្កើនសកម្មភាពកាន់តែខ្លាំង ដើម្បីចៀសវាងនូវផលលំបាកនៅពេលក្រោយ។ ឆ្នាំនេះ តាមការព្យាករណ៍ គឺកំពស់ទឹកនៅទីក្រុងភ្នំពេញ ៩ ម៉ែត្រ ៣០ នេះជាការព្យាករណ៍ ដែលហៅថាការព្យាករណ៍គឺទាយ ឆ្នាំទៅក៏ ៩ ម៉ែត្រ ៥០ ក៏ប៉ុន្តែ ទីចុងបំផុតទឹកក្រោម ៧ ម៉ែត្រ ខុស ២ ម៉ែត្រ ឯណោះ។ តាំងពីប្រទេសចិន ចុះមកកាត់មីយ៉ាន់ម៉ា កាត់ឡាវ កាត់ថៃ រហូតមកដល់យើង ភ្លៀងចៀសបាសាំងមេគង្គទាំងអស់។ អញ្ចឹងវាមិនមែនទាបតែក្នុងប្រទេសយើង តែទាបតាំងពីខាងលើ។ មិត្តចិនគាត់បញ្ចេញទឹក ពីទន្លេឡានឆាងទម្លាក់ ចូលមកក្នុងទន្លេមេគង្គយើង។ ឥឡូវទឹកទន្លេមេគង្គចាប់ផ្តើមជម្រើប។
សរសេរប្រវត្តិទុក្ខស្រីប្តីព្រាត់
ថ្ងៃមុនហ្នឹងហោះយប់ ចេញពីទីក្រុង Sochi របស់សហព័ន្ធរុស្ស៊ី ក្នុងការប្រជុំអាស៊ាន និងរុស្ស៊ី មកចុះយកសាំងនៅ Urumqi … ហើយបានចេញពី Urumqi មក ចាប់ផ្តើមភ្លឺនៅ Chongqing ចុះយកសាំងមួយសារទៀត។ ដេកមិនលក់ វ៉ៃអត្ថបទមួយ “ទុក្ខស្រីប្តីព្រាត់” ដល់ថ្ងៃ ២០ ខែ មិថុនា ខាងមុខនេះ នឹង post តាម Facebook។ ប្រវត្តិទុក្ខស្រីប្តីព្រាត់ហ្នឹងវាយ៉ាងម៉េច រួចហើយអ្នកចម្រៀងមួយចំនួនហ្នឹង យកចម្រៀងឯងទៅច្រៀងថា “ឱ! ស្រុកមេមត់”។ អស់ឆ្ងល់តែម្តង។ បទចម្រៀងមួយនោះ សួរអ្នកជាប់លេខមួយ(ដែល) ខ្ញុំទៅជូនពានរង្វាន់ប្រឡងចម្រៀង គាត់ច្រៀងបទ “ជីវិតអ្នកចម្ការ, វាសនាអ្នកស្រែ” ដល់ប្រកាសគេថា លោកនេះ ច្រៀង “លាពុក, លាម៉ែ” … យកពីក្នុង Youtube។ ទុក្ខស្រីប្តីព្រាត់ ឥឡូវគេអត់ហៅទុក្ខស្រីប្តីព្រាត់ ទេគេថា”ឱស្រុកមេមត់”។ ខ្ញុំថាស្រេចតែម្តង។ មកដល់ស្រុកខ្មែរភ្លាម ឃើញមានដក់ទឹក ហើយក៏មានរបាយការណ៍នៅតាមខេត្តបញ្ជូនមកបន្តបន្ទាប់ពីចំនួនផ្ទៃដីដែលបានភ្ជួររាស់។ បានសេចក្តីថា កសិករយើងគាត់បានត្រៀមខ្លួនហើយ ស្រេច ដើម្បីធ្វើសកម្មភាពនៅពេលដែលភ្លៀងមកដល់។ មកដល់ពេលនេះ រាប់សិបម៉ឺនហិកតារួចទៅហើយ ដែលគាត់បានភ្ជួរដាស់ដី ព្រោះឲ្យតែមានទឹកមកដល់។ នេះជាការខិតខំរបស់កសិកររបស់យើង …។
ឆ្នាំនេះនឹងប្រារព្ធពិធីបុណ្យអុំទូកវិញ បើសិនស្ថានភាពទឹកល្អ
ខ្ញុំសូមយកឱកាសនេះ ថ្លែងនូវការកោតសរសើរ ហើយសង្ឃឹមថានៅឆ្នាំនេះ ផលនឹងទទួលល្អតាមរយៈគោឧសភរាជដែលប្រកាសពីម្សិលមិញ។ ជឿអញ្ចឹងទៅចុះ។ ចង់ឲ្យល្អជាងហ្នឹងទៅទៀត ព្រោះវាខានល្អ ២ ឆ្នាំទៅហើយ។ ធ្វើម៉េចជម្រៅទឹកឲ្យបានល្អបំផុត ដែលត្រូវអុំទូក ព្រោះបើមិនអុំទៀត ២ ឆ្នាំជាប់គ្នាហើយ។ ឆ្នាំទៅម្តង ឆ្នាំនេះត្រូវអុំ។ អញ្ចឹងត្រៀមទូកងឲ្យហើយទៅ។ អុំបាន។ ប៉ុន្តែឆ្នាំទៅ បើអុំប្រហែលជាមានបញ្ហា ព្រោះទឹកដែលមិនត្រូវខ្នាតនេះ គឺនឹងធ្វើឲ្យលំបាកសម្រាប់ចំណុះទូកអុំ។
បោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៤ ថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ ២០១៧
សូមយកឱកាសនេះ បញ្ជាក់ជូនថា ម្សិលមិញនេះ … បានទទួលសំណើពីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ដើម្បីសម្រេចកំណត់ថ្ងៃបោះឆ្នោតឃុំ-សង្កាត់ លើកទី ៤ នៅថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០១៧។ ពេល នោះ សម្តេចក្រឡាហោម កំពុងនៅឯសៀមរាបដង្ហែព្រះករុណាជាអង្គម្ចាស់ក្នុងការច្រត់ព្រះនង្គ័ល ខ្ញុំក៏ហៅទូរ ស័ព្ទទៅថា ឥឡូវយើងគួរផ្សាយថ្ងៃហ្នឹងតែម្តងទៅ ព្រោះមិនចាំបាច់ថ្ងៃបុណ្យ ថ្ងៃទានអីទេ ផ្សាយទៅ។ ប៉ុន្តែ ខ្ញុំបញ្ជាក់ថា នៅក្នុងច្បាប់ គឺនាយករដ្ឋមន្ត្រីត្រូវប្រកាសយ៉ាងតិច ៩ ខែ មុនថ្ងៃបោះឆ្នោត បើយ៉ាងតិច ៩ ខែ យើងប្រកាសមុន ១ ឆ្នាំជាង វាមានទាស់ខុសអី សល់តែប៉ុន្មានថ្ងៃទៀត ដើម្បីសម្រួលឲ្យទាំងអស់គ្នា ទាំងគណៈកម្មាធិការបោះឆ្នោត ដែលគាត់នៅត្រូវចុះឈ្មោះបោះឆ្នោតនៅពេលខាងមុខ ត្រៀមរៀបចំខ្លួនធ្វើសកម្មភាពរបស់ពួកគាត់។ ផ្នែកអាជ្ញាធររបស់យើងដែលនៅខ្វះអត្តសញ្ញាណប័ណ្ណប្រមាណជាង ២ លាន ត្រូវបង្កើនសកម្មភាពដើម្បីធ្វើជាង ២ លាននេះឲ្យបាន អោយប្រជាពលរដ្ឋរបស់យើង មានអត្តសញ្ញាណប័ណ្ណទៅបោះឆ្នោត។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក៏ត្រូវដឹងរហ័ស ក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ពិតមែនតែឥឡូវមកដល់ពាក់កណ្តាលឆ្នាំ ប៉ុន្តែការវេចខ្ចប់នៃថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៧ បាននឹងកំពុងចាប់ផ្តើមហើយ។ ឯសម្រាប់បក្សនយោបាយ ទាំងបក្សនយោបាយដែលមានរចនាសម្ព័ន្ធ ហើយមានធនធានមនុស្សហើយ និងបក្សនយោបាយថ្មីៗ ដែលបានបង្កើតត្រូវពន្លឿនសកម្មភាពបែបណា កុំឲ្យគណបក្សនយោបាយថា នាយករដ្ឋមន្រ្តីនេះមិនព្រមប្រកាសកាលបរិច្ឆេទ។ ឥឡូវខ្ញុំសូមប្រកាសមុនជាង ១ ឆ្នាំ។ សង្ឃឹមថា មិនមានការវិភាគណាផ្សេង ក្រៅពីអ្វីដែលខ្ញុំធ្វើអត្ថាធិប្បាយនេះទេ។ នេះគឺសម្រួលឲ្យទាំងអស់គ្នា។ ប្រជាពលរដ្ឋដែលចង់ចូលរួមបោះឆ្នោត ក៏អាចសម្រួលពេលវេលា ដូចជាគាត់ថា ឆ្នាំក្រោយ ថ្ងៃ ០៣ ថ្ងៃ ០៤ ថ្ងៃ ០៥ ខែ មិថុនា ហ្នឹង គិតទៅវ៉ាកងនៅប្រទេសនេះប្រទេសនោះ ដល់គាត់ឮអាហ្នឹង គាត់ក៏រៀបចំប្រក្រតិទិនសម្រាប់ខ្លួនគាត់ គ្រួសាររបស់គាត់បានផងដែរ។
ការប្រកាសចេញពីចម្ងាយយ៉ាងដូច្នេះ គឺអាចត្រៀមរៀបចំខ្លួនបានទាំងអស់គ្នា ទាំងស្ថាប័នអនុវត្ត ទាំងបក្សនយោបាយ ដែលត្រូវចូលរួមការបោះឆ្នោត ហើយទាំងបុគ្គលជាអ្នកបោះឆ្នោតក៏ត្រៀម រៀបចំខ្លួនសម្រាប់ការបោះឆ្នោត ដោយត្រូវស្វះស្វែង ថាឥឡូវខ្លួនអត់មានអត្តសញ្ញាណប័ណ្ណ ខ្លួនអត់ទាន់បានចុះឈ្មោះ ត្រូវទៅចុះឈ្មោះ ដើម្បីបានបោះឆ្នោត។ បក្សនយោបាយរៀបចំបេក្ខជនបែបណា។ បុគ្គលដែលចង់ឈរឈ្មោះជាបេក្ខជន តើត្រូវធ្វើការនៅក្នុងគណបក្សរបស់ខ្លួនបែបណា ដើម្បីបានឈរឈ្មោះ? សូមផ្ញើសារចំពោះប្រជាពលរដ្ឋ និង គ្រប់បណ្តាបក្សនយោបាយ ក៏ដូចជាតួអង្គពាក់ព័ន្ធទាំងអស់ថា ក្នុងសិទ្ធិអំណាចជានាយករដ្ឋមន្ត្រីដែលច្បាប់តម្រូវឲ្យធ្វើការប្រកាសកាលបរិច្ឆេទសម្រាប់ការបោះឆ្នោត តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចប្រកាសយកថ្ងៃ អាទិត្យ ខែ មិថុនា ឆ្នាំ ២០១៧ ជាកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៤។ ការបោះឆ្នោតអាណត្តិទី ៣ ពេលនោះយើងបោះនៅថ្ងៃទី ០៣ អាទិត្យ ទី ៣ ខែ មិថុនា ឆ្នាំ ២០១២ ប៉ុន្តែដល់ឆ្នាំ ២០១៧ វាមិននៅក្នុងថ្ងៃ ០៣ ទៀតទេ វានៅថ្ងៃ ០៤។ ច្បាប់របស់យើងកំណត់យកថ្ងៃអាទិត្យណាមួយ។ បើច្បាប់បោះឆ្នោតតំណាងរាស្ត្រ គេកំណត់តែម្តងគឺថា ថ្ងៃអាទិត្យនាអាទិត្យទី ៤ ខែកក្កដា រៀងរាល់ ៥ ឆ្នាំម្តង គឺបោះឆ្នោត។
សង្ឃឹមថា មិនមានអត្ថាធិប្បាយណាមួយដែលប្រាសចាកពីអ្វីដែលខ្ញុំព្រះករុណាខ្ញុំ មានចេតនាបញ្ជាក់ទៅតួអង្គពាក់ព័ន្ធទាំងអស់ចូលរួមការបោះឆ្នោត ជាពិសេស អាជ្ញាធរដែលទទួលបន្ទុកចេញអត្តសញ្ញាណប័ណ្ណ នៅសេសសល់ប្រមាណជាង ២ លាន ឲ្យបានលឿនបំផុត ដើម្បីឲ្យពួកគាត់មានលទ្ធភាពទៅចុះឈ្មោះបោះឆ្នោត ពេលគណៈកម្មាការជាតិរៀបចំការបោះឆ្នោតរៀបចំចុះឈ្មោះ ដូចជានៅថ្ងៃ ០១ ខែ កញ្ញា។ ខ្ញុំព្រះករុណាខ្ញុំ ក៏ត្រូវទៅចុះឈ្មោះសាឡើងវិញដែរ ដើម្បីធ្វើឲ្យសុក្រឹត្យភាពនូវបញ្ជីបោះឆ្នោត ជាចំណុចចង់បានរួមរបស់ប្រជាពលរដ្ឋរបស់យើង។ ពេលនោះយើងនឹងឃើញហើយ តើវាយ៉ាងម៉េច? ព្រោះខ្លះថាបាត់មនុស្ស ១ លានកន្លះ នៅឆ្នាំ ២០១៣។ ដល់ពេលគេទៅចុះឈ្មោះបន្ថែម ឈ្មោះប៉ុន្មានខែ ចុះឈ្មោះបន្តៗ បានតែជាង ២០ ម៉ឺន ហើយភាគច្រើនគឺអ្នកដែលទើបដល់អាយុបោះឆ្នោតទៅទៀត។ ទឹកកាន់តែថ្លា មើលឃើញត្រី មើលឃើញបាតដី ឃើញសារាយ ឃើញស្អីៗ ទាំងអស់។ រឿងនេះ មិនមែនរឿងតូចតាចទេ។ អ្នកណាទទួលខុសត្រូវលើបញ្ហាចោទថាបាត់មនុស្ស ១ លាន ២ សែន ឬ ១ លាន ៥ សែន។ សូម្បីមុនបោះឆ្នោតមួយថ្ងៃធ្វើឲ្យផ្អើល ដែលអ្នកខ្លះ(ថា) ទឹកខ្មៅនៅនឹងដៃ(អាច)លាងរលុប … យើងត្រូវធ្វើអោយច្បាស់លើរឿងនេះ។
សូមប្រជាពលរដ្ឋធ្វើអត្តសញ្ញាណប័ណ្ណ និងចុះឈ្មោះបោះឆ្នោត
អំពាវនាវអោយអាជ្ញាធរមានសមត្ថកិច្ច និងប្រជាពលរដ្ឋដែលមិនទាន់មានអត្តសញ្ញាណប័ណ្ណខិតខំស្វះស្វែង ធ្វើអត្តសញ្ញាណប័ណ្ណ។ បានអត្តសញ្ញាណប័ណ្ណហើយ ពេលគណៈកម្មាការជាតិរៀបចំការបោះឆ្នោត ធ្វើការចុះឈ្មោះ ត្រូវធ្វើការចុះឈ្មោះ ដើម្បីទទួលបានសិទ្ធិបោះឆ្នោត បើយើងមិនទៅចុះឈ្មោះទេ សូមកុំបន្ទោសគណៈកម្មាធិការបោះឆ្នោត ព្រោះសូម្បីតែយើងម្នាក់មិនចេះប្រើសិទ្ធិខ្លួនឯងផង ទៅបន្ទោសគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតយ៉ាងម៉េច។ កន្លងទៅលឺតែសម្លេងជេរគណៈកម្មាធិការបោះឆ្នោត ប៉ុន្តែសួរថាអ្នកដែលមិនព្រមទៅចុះឈ្មោះខ្លួនឯង (តើ)មានកំហុសឬអត់។ នេះសុទ្ធតែជាបញ្ហា។ មានអត្តសញ្ញាណប័ណ្ណហើយប៉ុន្តែអត់បានទៅចុះឈ្មោះ។ ជួនកាលសមាជិកគណបក្សប្រជាជន មានកាតគណបក្សហើយ ប៉ុន្តែ (ថា)ខ្ញុំអត់បានចុះឈ្មោះផង។ អើ! សមាជិកគណបក្សអត់មានទៅចុះឈ្មោះ (ធ្វើ)ម៉េចមានសិទ្ធិបោះឆ្នោតនឹងគេ។ ចប់ត្រឹមប៉ុណ្ណឹង។
សូមប្រជាពលរដ្ឋទាំងអស់ ត្រូវមានអត្តសញ្ញាណប័ណ្ណ ត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។ ឥឡូវយើងធ្វើអត្តសញ្ញាណប័ណ្ណចាប់ពីអាយុ ១៥ ឆ្នាំឡើង។ (គ្រប់អាយុ) ១៥ ឆ្នាំ ចាប់ធ្វើអត្តសញ្ញាណប័ណ្ណឲ្យ ហើយដល់អាយុបោះឆ្នោត ប្រព័ន្ធ(កុំព្យូទ័រ)នឹងកាត់ឈ្មោះបញ្ចូលបញ្ជីបោះឆ្នោតដោយស្វ័យប្រវត្តិ ហើយពេលដែលស្លាប់ វាអាចកាត់ចេញពីប្រព័ន្ធ នៅពេលមានការបញ្ជាក់ជាក់លាក់ណាមួយ។ នោះជានីតិវិធីរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោត។ នាយករដ្ឋមន្ត្រីត្រូវបំពេញកាតព្វកិច្ចបញ្ជាក់ជូនឲ្យប្រជាជាតិទាំងមូល អោយបានជ្រាបមុនមួយឆ្នាំ ដើម្បីត្រៀមគ្រប់តួអង្គពាក់ព័ន្ធ រាប់ទាំងបញ្ហាថវិការបស់រដ្ឋដែលត្រូវចំណាយ។ ឥឡូវ ចំណាយលើការចុះឈ្មោះ ប៉ុន្តែដល់ឆ្នាំក្រោយត្រូវចំណាយលើការបោះឆ្នោត ដឹកហិបឆ្នោតយ៉ាងម៉េច ស្អីយ៉ាងម៉េច។ ជាកិច្ចការខាងគណៈកម្មាធិការទេ ប៉ុន្តែរាជរដ្ឋាភិបាលត្រូវចេញលុយអោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
សង្ឃឹមថាមិនមានហេតុផលបដិសេធលទ្ធផលបោះឆ្នោត
សង្ឃឹមថាមិនមានហេតុផលបដិសេធលទ្ធផលការបោះឆ្នោតផ្សេងទៀតកើតឡើងទេ ហើយក៏មិនមានហេតុផលនិយាយថាបាត់មនុស្ស ១ លាន ២ សែន ឬ ១ លាន ៥ សែន។ ពេលហ្នឹង យើងនឹងរកមើលហើយ។ តែចុះរួចហើយ (ចំនួន)មនុស្សនៅដដែលស្មើ(ចំនួន)នៅក្នុងបញ្ជីហ្នឹង ហើយថែមត្រឹមតែអ្នកដល់អាយុបោះឆ្នោត អញ្ចឹង អា ១ លាន ២ សែន ឬ ១ លាន ៥ សែន ដែលអ្នកឯងចោទ(បាត់)ទៅណា? ដល់ពេលហ្នឹងជាឱកាសដែលយើងសួរចេញ។ នេះជាការបម្រុងនូវសំណួរ ព្រោះយើងត្រូវធ្វើឲ្យវាតម្លាភាពទាំងអស់គ្នា។ នៅពេលចរចា គណបក្សប្រឆាំងទាមទារត្រឹមតែកែទម្រង់គណៈកម្មាធិការបោះឆ្នោតតែប៉ុណ្ណោះ។ ខ្ញុំបានបញ្ជាក់ថាត្រូវកែទម្រង់ការបោះឆ្នោត។ កិច្ចការពីរហ្នឹងខុសគ្នា។ កែទម្រង់គណៈកម្មាធិការ គ្រាន់តែប្តូរសមាសភាពទេ ប៉ុន្តែកែទម្រង់ការបោះឆ្នោត រាប់ទាំងបញ្ជី និងនីតិវិធីមួយចំនួនផ្សេងទៀត ហៅថាកែទម្រង់ការបោះឆ្នោត មិនមែនកែទម្រង់គណៈកម្មាធិការបោះឆ្នោតទេ។ កែទម្រង់ការបោះឆ្នោតទាំងមូលជាប្រព័ន្ធ រាប់ទាំងរបៀបចុះបញ្ជីដោយដៃ ឥឡូវចុះដោយប្រព័ន្ធអេឡិចត្រូនិច ដែលយើងស្នើសុំពីជប៉ុន ពីអឺរ៉ុប និងប្រទេសដទៃទៀត ឲ្យផ្តល់ជំនួយបែបនេះ។
នឹងមានការផ្សាយផ្ទាល់កម្មវិធីកម្សាន្តលើទំព័រហ្វេសប៊ុកសម្តេច
ឥឡូវ ហ្វេសប៊ុករបស់ខ្ញុំអត់និយាយច្រើនទេ ជួនកាលចាក់ចម្រៀងលេង។ តិចទៀតខ្ញុំនឹងយក ខេមបូឌាអាយដល និង The Voice Cambodia រាំញីកែងជើង យកមកចាក់តែម្តង អោយមាននាទីកម្សាន្តខ្លះ live ចេញពី (ទំព័រ)របស់យើង។ ឥឡូវប្រព័ន្ធហ្វេសប៊ុករបស់ខ្ញុំលឿនជាងទូរទស្សន៍ទាំងអស់។ ទូរទស្សន៍ខ្លះកំពុងថតយកពីរបស់ខ្ញុំទេ។ ឥឡូវអាចឡាយចេញពីកន្លែងណាក៏បាន។ ចុះគ្រាន់តែឡើងយន្តហោះ ពួកហ្នឹង live ពីលើហ្នឹង ខ្ញុំបើកមើលពេលមកភ្នំពេញហើយបានបើកមើល។ … ឥឡូវមាន Wi-Fi មួយទៀត។ យើងទៅប្រទេសណាគឺវាផ្តល់ឲ្យយើងតែម្តង ដូចជាយើងមកដល់កម្ពុជាដាក់ Password ទៅ ជាប់ជាមួយនឹងរបស់យើងប្រើបានភ្លាម ចូលទៅកណ្តាលព្រៃក៏បាន ព្រោះវាភ្ជាប់ទៅផ្កាយរណបផ្ទាល់ពីខាងលើ។ សម័យនេះហើយ សរសេរផ្ញើជូនដូចជាពិបាកបន្តិចហើយ។ ឥឡូវអត់ទេ គេវាយ គេជូនទៅភ្លាមតែម្តង ប៉ុន្តែជួនកាលគេសរសេរផ្ញើជូនអញ្ចឹងដែរ មិនអត់ទេ។ អក្សរខ្ញុំបើសរសេរផ្ញើជូនចាំតែមើលទៅ មានអ្នកឯកទេសមើលអក្សរខ្ញុំ។ បង វ៉ា គឹមហុង ពិបាកមើល(អក្សរខ្ញុំ)ជាងគេ … អក្សរខ្ញុំពីដើមស្អាតណាស់ ប៉ុន្តែឥឡូវខ្វៀកយកតែម្តង។ ចំណារហ្នឹងគេអត់យកប្រើទេ។ អ្នកដែលបញ្ចេញចំណារនាយករដ្ឋមន្ត្រីជារឿងខុសច្បាប់។ ចំណារហ្នឹងគេអត់ឲ្យចេញ។ ដល់ទៅចេញ ចេញ ស.ជ.ណ របស់ទីស្តីការគណៈរដ្ឋមន្ត្រីទៅវិញទេ។ ចំណារហ្នឹងទាល់តែផ្ទៀងខ្លាំងណាស់។ ខ្ញុំខ្លួនឯងជួនកាលយកទៅមួយសន្ទុះ ស្រាប់តែត្រូវកែសម្រួល យកមកវិញ មើលលែងចង់(ដាច់)។ ពីដើម ខ្ញុំធ្វើស្មៀនគេ ព្រោះអក្សរស្អាត ប៉ុន្តែឥឡូវទៅជាអក្សរហ្នឹងយ៉ាប់ ប៉ុន្តែលឿន ន័យវាច្បាស់ទាល់តែមានអ្នកបកប្រែ មានឯកទេសមើលអក្សររបស់ខ្ញុំ …៕
អំណោយ
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំបាននាំយកមកឲ្យនិស្សិតជ័យលាភីដែលត្រូវទទួលសញ្ញាប័ត្រមាន ១ ៨១៩ នាក់ ម្នាក់ៗ ថវិកា ៣០ ០០០ រៀល
បុគ្គលិក សាស្រ្តចារ្យ ៥១៨ នាក់ ម្នាក់ ៤ម៉ឺនរៀល
ជូនសាកលវិទ្យាល័យអាស៊ី អឺរ៉ុប ថវិកា ៣ លានរៀល
ជូនវិទ្យាស្ថានជាតិអប់រំ ថវិកា ២ លានរៀល
ការឧបត្ថម្ភរបស់ខ្ញុំអង្ករ ២ តោន ប្រាក់ ៥ លាន ទទួលបាន រាល់ខែ? ដើមខែ ឬចុងខែ? (ទទួលបានរៀងរាល់ដើមខែ) អញ្ចឹងទេ សាលានេះ ពីឆ្នាំ ២០០៣ ដល់ ២០១៥ អង្ករ ២ តោន លុយ ២ លាន ហើយចាប់ពីឆ្នាំ ២០១៥ ដល់បច្ចុប្បន្ន អង្ករ ២ តោន ថវិកា ៥លានរៀល អញ្ចឹងការរួមចំណែកបន្ត(ជួយ)និស្សិតក្រីក្រ ដែលកំពុងស្នាក់នៅពេលនេះមានចំនួន ៩១ នាក់ កំពុងស្នាក់នៅរៀនសូត្រនៅសាកវិទ្យាល័យ។
សូមប្រគេនពរចំពោះព្រះសង្ឃគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា និស្សិតជ័យលាភីទាំងអស់សូមជួបតែពុទ្ធពរទាំង ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលំ កុំបីឃ្លៀងឃ្លាតឡើយ។