ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ
បងប្អូនតំណាងកសិករ និង អង្គសន្និបាតទាំងមូលជាទីមេត្រី !
ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីរីករាយ ដោយបានមកចូលរួមក្នុងពិធីបិទ «សន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ ២០១៥-២០១៦ និងទិសដៅការងារ ឆ្នាំ ២០១៦-២០១៧» នាពេលនេះ។ ជាបឋមខ្ញុំសូមសំដែងនូវការស្វាគមន៍ចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និង បងបូនតំណាងកសិករ ឆ្នើមទូទាំងប្រទេស ដែលបានអញ្ជើញចូលរួម ក្នុងពិធីបិទសន្និបាតដ៏មានអត្ថន័យនេះ ។
តាមរយៈរបាយការណ៍របស់ឯកឧត្តម វេង សាខុន រដ្ឋមន្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា នៅឆ្នាំ ២០១៥ កន្លងទៅនេះ ទោះបីជាប្រទេសយើងបានទទួលរងនូវបាតុភូតគ្រោះធម្មជាតិ ពិសេសគ្រោះរាំងស្ងួត ដែលបានអូសបន្លាយ កាលពីដើមរដូវវស្សារយៈពេលយូរក៏ដោយ ក៏វិស័យកសិកម្មយើងមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ ជាក់ស្តែង យើងទទួលបានផលិតផលស្រូវសរុបក្នុងបរិមាណជាង ៩,៣៣ លានតោន និងអតិរេកស្បៀង ប្រមាណ ៤,៦ លានតោនស្រូវ ឬគិតជាអង្ករជិត ៣ លានតោន ហើយដំណាំរួមផ្សំ និងដំណាំឧស្សាហកម្មផ្សេងៗ ពិសេសផលិតកម្ម កៅស៊ូ, ផលិតកម្មសត្វ និងវារីវប្បកម្ម ក៏មានសន្ទុះកើនឡើងគួរឱ្យចាប់ឤរម្មណ៍ បើធៀបនឹងឆ្នាំមុន ដែលនេះគឺជាជោគជ័យ មួយដ៏ធំសម្រាប់កម្ពុជាយើង។ សមិទ្ធផលនេះ ពិតជាបង្ហាញឱ្យឃើញអំពីការយកចិត្តទុកដាក់ក្នុងការជំរុញការងារបង្កបង្កើនផល, ការស្តារឡើងវិញនូវផ្ទៃដីខូចខាតដោយគ្រោះធម្មជាតិ, ការកែសម្រួលហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត, ភាពម្ចាស់ការរបស់ប្រជាកសិករលើការងារស្រែចម្ការ, ការប្រើប្រាស់គ្រឿងយន្តកសិកម្ម, ការរៀបចំសហគមន៍កសិកម្ម, ការទទួលយកបច្ចេកទេសថី្មៗ, ការផ្លាស់ប្តូរពូជ ដែលមានទិន្នផលខ្ពស់ និងគុណភាពល្អ, ការជំរុញពីផលិតកម្មបែបលក្ខណៈគ្រួសារទៅជាផលិតកម្មបែបពាណិជ្ជកម្មជាដើម។
ក្នុងឱកាសនេះ ខ្ញុំសូមបញ្ជាក់ថា រាជរដ្ឋាភិបាលមានគោលដៅធំៗពីរ ក្នុងការដាក់ចេញនូវគោលនយោបាយជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ កាលពីឆ្នាំ ២០១០ គឺ (ទី១) ជំរុញការផលិតស្រូវឱ្យបានសល់ ៤ លានតោន ក្នុងនោះ បរិមាណអង្ករសម្រាប់នាំចេញ ត្រូវសម្រេចឱ្យបានយ៉ាងតិច ១ លានតោន ក្នុងឆ្នាំ ២០១៥ និង(ទី២) លើកឈ្មោះ អង្ករកម្ពុជានៅលើឆាកអន្តរជាតិ។ ចំពោះគោលដៅទីមួយ យើងសម្រេចបានជាង ៨៧,៥% ដោយក្នុងនោះ បរិមាណស្រូវដែលលើសតម្រូវការ ក្នុងស្រុកសម្រេចបានទាំងស្រុង គឺកើនឡើងពី ៣,៥ លានតោន នៅឆ្នាំ ២០០៩ មកដល់ប្រមាណ ៤,៦ លានតោន នៅឆ្នាំ ២០១៥ ចំណែកឯការនាំចេញអង្ករ គឺយើងសម្រេចបានប្រមាណជាងពាក់កណ្តាល គឺ ៥៣ ម៉ឺនតោន នៃគោលដៅ ១ លានតោន។ ចំពោះគោលដៅទីពីរ យើងសម្រេចបានជោគជ័យយ៉ាងត្រចះត្រចង់ ដោយកម្ពុជាបាននាំអង្ករទៅកាន់ទីផ្សារនានាលើពិភពលោកជាង ៦០ ប្រទេស។ ជាមួយនេះ អង្ករពូជស្រូវផ្ការំដួលរបស់កម្ពុជាត្រូវ បានជាប់ជាចំណាត់ថ្នាក់អង្ករឆ្ងាញ់បំផុតលើពិភពលោករយៈពេលបីឆ្នាំជាប់គ្នា គឺក្នុងឆ្នាំ ២០១២, ២០១៣ និង ២០១៤។ ក្នុងស្មារតីនេះ ខ្មុំសូមកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដែលក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ពិសេស ចំពោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងផ្នែកស្រាវជ្រាវអភិវឌ្ឍពូជ និងផ្នែកផលិតកម្មស្រូវមានគុណភាព ទទួលស្គាល់ជាអន្តរជាតិ, ក្រសួងពាណិជ្ជកម្មក្នុងផ្នែកនាំចេញអង្ករ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងផ្នែកហិរញ្ញប្បទាន, ផ្នែកឯកជនក្នុងវិស័យស្រូវ-អង្ករ ហើយពិសេសទៅទៀតនោះ គឺកសិករកម្ពុជាដែលនៅទីនេះក៏មានវត្តមានតំណាងកសិករឆ្នើមទូទាំងប្រទេសផងដែរ ដែលយើងទាំងអស់គ្នា បានខិតខំប្រឹងប្រែងតស៊ូ និង សង្វាតក្នុងការងារផលិតកម្មស្រូវ ហើយទទួលបានជោគជ័យប្រកបដោយមោទនភាពនេះ។
ឯកឧត្តម លោកជំទាវ លោក លោកស្រី អង្គសន្និបាតទាំងមូលជាទីមេត្រី !
ក្នុងស្មារតីរួមចំណែកបន្ថែមទៅលើអ្វីដែលយើងបាននិងកំពុងអនុវត្ត ជាពិសេស ដើម្បីបន្តជំរុញការអភិវឌ្ឍវិស័យកសិកម្មឱ្យកាន់តែមានសន្ទុះខ្លាំងក្លា ខ្ញុំសូមយកឱកាសនេះ ផ្តល់នូវការគិតគូរមួយចំនួនបន្ថែម ជូនថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់លំដាប់ថ្នាក់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងក្រសួង ស្ថាប័នពាក់ព័ន្ធ សម្រាប់ជាមូលដ្ឋានបន្ត អនុវត្តដូចតទៅ ៖
ទី១ ត្រូវលើកកម្ពស់ការស្រាវជ្រាវ និងផ្សព្វផ្សាយកសិកម្មបន្ថែមទៀត ក្នុងទិសដៅបងើ្កនបរិមាណ និងគុណភាពផលិតផលកសិកម្ម តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា, បច្ចេកទេស និងនវានុវត្តថ្មីៗ ក្នុងបរិការណ៍ការប្រែប្រួលឤកាសធាតុ, ឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងប្រទេស, ក្នុងតំបន់ និងអន្តរជាតិ។ ទន្ទឹមនេះ ត្រូវរៀបចំយន្តការផ្តល់ព័ត៌មាន អំពីស្ថានភាពទីផ្សារ និងនិន្នាការតម្លៃ ឱ្យស្របទៅតាមស្ថានភាពនៃតម្រូវការ និងការផ្គត់ផ្គង់ស្រូវ-អង្ករ, រវាងកសិករ និងពាណិជ្ជករ ដើម្បីទំនាក់ទំនងជាមួយគ្នា ក្នុងការធ្វើពាណិជ្ជកម្មស្រូវ-អង្ករនេះ ឱ្យមានលក្ខណៈប្រកួតប្រជែងប្រកបដោយតម្លាភាព និងមានសមធម៌។
ទី២ ប្រព័ន្ធធារាសាស្ត្រ គឺជាមធ្យោបាយដ៏ចាំបាច់បំផុតក្នុងការធ្វើកសិកម្ម ប៉ុន្តែកន្លងមក ប្រព័ន្ធធារាសាស្ត្រនៅមិនទាន់គ្របដណ្តប់លើផ្ទៃដីដាំដុះឱ្យបានធំទូលាយ ជាពិសេសកន្លែងខ្លះមានប្រឡាយតែនៅរង់ចាំទឹកភ្លៀងនៅឡើយ ហើយទនឹ្ទមនេះ ប្រឡាយទឹកតូចៗ នៅពុំទាន់បានពង្រីកឱ្យដល់ដីស្រែរបស់កសិករនៅឡើយ។ ដូច្នេះ ពាក់ព័ន្ធនឹងចំណុចនេះ ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងឤជ្ញាធរខេត្ត, ឤជ្ញាធរមូលដ្ឋាន ត្រូវប្រឹងប្រែងធ្វើការជាមួយគ្នាឱ្យជិតស្និទ្ធ ក្នុងការបន្តស្តារ និងអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ ឱ្យដល់ដីស្រែរបស់កសិករ និងស្វែងរកយន្តការក្នុងការគ្រប់គ្រងទឹកឱ្យមានប្រសិទ្ធភាព ដើម្បីផ្តល់លទ្ធភាពដល់កសិករក្នុងការធ្វើស្រែចម្ការបានច្រើនដងក្នុងមួយឆ្នាំ។
ទី៣ ត្រូវបន្តជំរុញការដាំដុះពូជស្រូវផ្ការំដួល ដែលមានគុណភាពល្អបំផុត និងមានទីផ្សារ ដោយធានានូវភាពសុទ្ធរបស់ពូជឱ្យបានល្អ តាមរយៈផលិតកម្មគ្រាប់ពូជ និងជំរុញការងារផ្សព្វផ្សាយឱ្យបានទូលំទូលាយ។ ក្នុងនោះ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ត្រូវបន្តផលិតគ្រាប់ពូជសុទ្ធគ្រឹះ សម្រាប់ផ្គត់ផ្គង់ដល់វិស័យឯកជន, សហគមន៍ កសិករ, អង្គការមិនមែនរដ្ឋាភិបាលទៅតាមតម្រូវការរបស់ទីផ្សារ និងផលិតគ្រាប់ពូជចំណាត់ថ្នាក់បន្តពីគ្រាប់ពូជសុទ្ធគ្រឹះនេះ ឱ្យបានគ្រប់គ្រាន់, ធានាវិសាលភាពនៃការចែកចាយឱ្យបានទូលំទូលាយ ទាំងបរិមាណ និងគុណភាព។
ទី៤ យកចិត្តទុកដាក់លើវិធានការពង្រីក និងទំនើបកម្មសហគ្រាសកសិកម្មធុនតូច និងមធ្យម និងពង្រឹងសមត្ថ ភាពសហគមន៍កសិកម្ម ឱ្យមានលក្ខណៈជាឤជីព ដោយជំរុញឱ្យអនុវត្តបច្ចេកវិទ្យាសមស្រប និង អនុវត្ត ផលិតកម្មកសិកម្មតាមកិច្ចសន្យា ព្រមទាំងលើកកម្ពស់ការចូលរួមវិនិយោគពីវិស័យឯកជនក្នុងគ្រប់ខ្សែចង្វាក់តម្លៃកសិកម្ម ដើម្បីផ្សារភ្ជាប់កសិករខ្នាតតូចទៅនឹងទីផ្សារ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ស្ថាប័នពាក់ព័ន្ធត្រូវធើ្វការសិក្សា វាយតម្លៃតំបន់ផលិតកម្មកសិកម្ម ដែលមានសក្តានុពលនាំចេញសំខាន់ៗ ព្រមទាំងចូលរួមរៀបចំយន្តការសម្របសម្រួល និងគាំទ្រក្នុងការបងើ្កត និងដំណើរការតំបន់កែច្នៃផលិតផលកសិកម្ម ឱ្យបានទាំងបរិមាណ និងគុណភាព។
ទី៥ ត្រូវបន្តពង្រឹង និងពង្រីកអង្គភាពស្រាវជ្រាវ, មន្ទីរពិសោធន៍ ហើយការផ្សព្វផ្សាយកសិកម្មត្រូវជំរុញឱ្យដល់មូលដ្ឋានថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់។ ម៉្យាងទៀត យើងមានច្បាប់ស្តីពីសហគមន៍កសិកម្មរួចហើយ ដូច្នេះត្រូវជំរុញរៀបចំចងក្រងសហគមន៍កសិកម្មនេះ និងពង្រឹងសមត្ថភាពឱ្យបានទូលំទូលាយ និងរឹងមាំ ដើម្បីឱ្យសហគមន៍នេះ ឤចដើរតួជាដៃគូ ដែលមានសមត្ថភាពសមស្របជាមួយសហគមន៍ពាណិជ្ជករ ដូចជា សហគមន៍រោងម៉ាស៊ីនកិនស្រូវ សម្រាប់នាំចេញជាដើម។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ]
សារៈប្រយោជន៍នៃការបង្កើតសមាគមន៍កសិកម្ម
… ចំណុចនេះ ខ្ញុំសុំបញ្ជាក់បន្តិច គឺបើសិនជាទុកនៅដាច់ដោយឡែកៗបែបនេះ កម្លាំងតថ្លៃរបស់កសិករ ជាមួយអ្នកប្រមូលទិញគឺមានទាបណាស់។ ត្រូវពន្យល់កសិកររបស់យើង ឲ្យយល់អំពីសារប្រយោជន៍នៃការបង្កើតឡើងនូវសមាគមន៍កសិកម្មនេះ។ ការពិតមុននេះ ជប៉ុន គាត់បបួលខ្ញុំបង្កើតសហករណ៍ ប៉ុន្តែ ខ្ញុំបានប្រាប់អគ្គរដ្ឋទូតជប៉ុនមុននោះថា ពាក្យថាសហករណ៍ ប៉ុល ពត ធ្វើឲ្យខូចបាត់ទៅហើយ។ ប៉ុន្តែប្រទេសខ្លះ គេមានឈ្មោះសហករណ៍ហ្នឹងឯង តែយើងមិនប្រើពាក្យសហករណ៍ទេ ហើយយើងប្រើពាក្យសមាគមកសិកម្ម។ សមាគមកសិកម្មរបស់យើងនេះ សំដៅរួមគ្នាផលិត ឧទាហរណ៍ ថាតំបន់ហ្នឹងដាក់ទៅជាតំបន់ផលិតស្រូវតែមួយមុខទេ គេចងក្រងគ្នាដើម្បីផលិតពូជស្រូវដែលអាចនាំចេញបាន។ ប៉ុន្តែ អាហ្នឹងមួយផ្នែក មួយផ្នែកទៀត ឧទាហរណ៍ថា ឥឡូវ ឈ្មួញចេះតែបង្អាប់ថ្លៃ ហើយយើងចេះតែបន្ទោសឈ្មួញ … ប៉ុន្តែ បើគាត់ចងក្រងគ្នាបានមួយក្រុម (គាត់អាចនឹងយកជំហររួម)ថាទេ, តម្លៃប៉ុណ្ណឹងខ្ញុំអត់លក់។ អញ្ចឹង(កសិករ)គាត់រឹងកន្លែងហ្នឹង។ ជួន កាល គាត់អាចមានឥណទាន ដើម្បីធានាឲ្យពួកគាត់ដែលខ្វះខាតទុន យកទៅប្រើប្រាស់សិន ទម្រាំដល់ពេល វេលាមួយត្រូវការលក់។ ដូច្នេះហើយវាជាកម្លាំងតថ្លៃរបស់សមាគមកសិករ ជាមួយនឹងអ្នកធ្វើពាណិជ្ជកម្មខាង ផ្នែកវិស័យកសិកម្ម។ ឲ្យយល់ពីសារប្រយោជន៍។ កសិករយើងខ្លះ ឮតែសមាគម គឺគិតតែពីខ្លាច ព្រោះ ប៉ុល ពត ធ្វើឲ្យខ្លាច។ អញ្ចឹងទេ យើងធ្វើឲ្យពួកគាត់មានផលប្រយោជន៍ ហើយសមាគមនេះ មិនគ្រាន់តែធ្វើតួនាទីតែមួយមុខទេ វាអាចច្រើនមុខ ក្នុងហ្នឹងមានទាំងការគ្រប់គ្រងទឹកស្អី ក្នុងតំបន់ដាំដុះរបស់ពួកគាត់នេះផងដែរ។ ហ្នឹងជាចំណុចដែលសុំឲ្យយកចិត្តទុកដាក់ទៅលើការពន្យល់ដល់កសិកររបស់យើង។
[ចប់សេចក្ដីអធិប្បាយ]
ទី៦ ត្រូវបន្តលើកកម្ពស់វិធានអនាម័យ និងភូតគាមអនាម័យ ដោយយកចិត្តទុកដាក់ទៅលើយន្តការក្របខណ្ឌគតិយុត្ត និងបច្ចេកវិទ្យា ព្រមទាំងពង្រីក និងពង្រឹងសមត្ថកិច្ចត្រួតពិនិត្យអនាម័យ និងភូតគាមអនាម័យ នៅតាមច្រកព្រំដែន ដើម្បីសម្រួលពាណិជ្ជកម្ម, សមាហរណកម្មសេដ្ឋកិច្ច និងទទួលបានទីផ្សារផលិតផលកសិកម្មក្នុងតំបន់ និងអន្តរជាតិ។ ទប់ស្កាត់ការធ្វើជំនួញ, នាំចូល-នាំចេញទំនិញមិនសុទ្ធ, ទំនិញខូចគុណភាពដែលនាំឱ្យប៉ះពាល់ដល់សុខភាពប្រជាជន និងខូចទីផ្សារក្នុងស្រុក និងទីផ្សារសម្រាប់នាំចេញ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ]
ត្រួតពិនិត្យម្តងទៀតអំពីបញ្ហាជីកសិកម្ម
… ខ្ញុំអំពាវនាវមុនគេ ឲ្យត្រួតពិនិត្យអំពីបញ្ហាជីកសិកម្ម និងថ្នាំសម្លាប់សត្វល្អិត ជាដើមដែលនាំចូលមកនៅតំបន់ខ្លះ (ដែលបាន)មកបំផ្លាញ(ដំណាំកសិកម្ម និង/ឬបរិស្ថាន)។ ប្រជាជនទិញយកមកធ្វើឲ្យស្រូវលូតលាស់ ប៉ុន្តែ យកទៅបាចភ្លាមអាស្រូវហ្នឹងវាងាប់ ហើយចំណុចនេះ ច្រើនឮនៅខេត្តបន្ទាយមានជ័យឯណោះ។ អញ្ចឹង ទេ ការនាំជីមិនសុទ្ធ យកមកលក់ចែកចាយឲ្យប្រជាជន គឺជាចំណុចមួយដែលធ្វើឲ្យខូចដំណាំមិនគ្រាន់តែក្នុងគ្រាបច្ចុប្បន្នទេ ប៉ុន្តែវាអាចខូចដីទៀតផង។ ផ្នែកថ្នាំសម្លាប់សត្វល្អិតខ្លះ ក៏ត្រូវតែបានពិនិត្យឲ្យបានហ្មត់ចត់ផងដែរ មិនត្រូវធ្វេសប្រហែសអំពីបញ្ហានេះទេ ព្រោះវានាំទៅដល់ការរិចរិល ឬក៏នាំទៅដល់ការប្រែប្រួលណាមួយ ឬអាចមានជម្ងឺដង្កាត់ណាដែលយើងមិនអាចដឹងបាន នេះជាបាតុភូតមួយមិនធម្មតា។
សុំកុំរកស៊ីលក់ផ្លូវខ្លួនឯង
… ការនាំចេញ ក៏ត្រូវតែប្រយ័ត្នប្រយែងអំពីបញ្ហាគុណភាព។ រកស៊ីកុំលក់ផ្លូវ។ បើសិនជានាំចេញទៅ គេរកឃើញអ្វីដែលវាមិនសុទ្ធ/ល្អ ឬអាចមានជម្ងឺក្នុងនោះ បានសេចក្តីថា កេរ្តិ៍ឈ្មោះកម្ពុជាត្រូវបានដាក់ក្នុងបញ្ជីខ្មៅ ដែលគេមិនអនុញ្ញាតឲ្យនាំចូលផលិតផលពីប្រទេសយើងទៅកាន់ប្រទេសនោះ។ ត្រូវយកចិត្តទុកដាក់ ព្រោះ មានកន្លែងខ្លះ បើនិយាយពីកសិករយើង គាត់ប្រុងលក់ស្រូវឲ្យគេល្ងាចហ្នឹង ថ្ងៃហ្នឹងគាត់ស្រោចទឹកតែម្តង ដើម្បីថ្លឹងឲ្យបានធ្ងន់។ បើថាមាន់វិញ គឺគាត់ច្រកទឹក ញាត់អង្ករចូលទៀត។ ហ្នឹងគេហៅថារកស៊ីលក់ផ្លូវ យើងមិនគួរធ្វើរបៀបហ្នឹងទេ មិនថាពាណិជ្ជកម្មក្រៅស្រុក ឬក្នុងស្រុកទេ ថ្ងៃក្រោយយើងដាច់ម៉ូយ …។
[ចប់សេចក្ដីអធិប្បាយ]
ទី៧ ដើម្បីធានាការគ្រប់គ្រង និងអភិវឌ្ឍឧស្សាហកម្មកៅស៊ូធម្មជាតិឱ្យបានរីកចម្រើនប្រកបដោយចីរភាព ចាំបាច់ត្រូវមានឧបករណ៍ផ្លូវច្បាប់ និងផែនទីបង្ហាញផ្លូវច្បាស់លាស់មួយ។ ដូច្នេះ ត្រូវខិតខំជំរុញការរៀបចំសេចក្តីញ្រងច្បាប់ស្តីពីកៅស៊ូឱ្យបានឆាប់ និងលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ផ្សេងទៀត ដើម្បីប្រើប្រាស់ និងគ្រប់គ្រងវិស័យកៅស៊ូនេះ។
ទី៨ ត្រូវជំរុញការរៀបចំឱ្យបានឆាប់នូវលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ ដែលទើបបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ និងត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីប្រើប្រាស់ជាឧបករណ៍ សម្រាប់អនុវត្តឱ្យមានប្រសិទ្ធភាពក្នុងការអភិវឌ្ឍផ្នែកផលិតកម្មសត្វ និងសុខភាពសត្វ។ បន្ថែមពីលើនេះ ត្រូវបង្កើនសមត្ថភាព ក្នុងការបង្ការទប់ស្កាត់ជំងឺឆ្លងសត្វ និងពង្រឹងការត្រួតពិនិត្យអនាម័យសត្វ និង ផលិតផលមានដើមកំណើតពីសត្វ, ចំណីសត្វ និងបសុឱសថ ព្រមទាំងរៀបចំលិខិតបទដ្ឋានបច្ចេកទេសពាក់ព័ន្ធនឹងផ្នែកចិញ្ចឹមសត្វ និងសុខភាពសត្វ ក្នុងទិសដៅធានាឱ្យបាននូវការផ្គត់ផ្គង់សត្វ និងសាច់សត្វឱ្យបានគ្រប់គ្រាន់ប្រកបដោយសុវត្ថិភាព។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ]
តាមដានឲ្យដិតដល់ និងប្រយ័ត្នប្រយែង ជម្ងឺឆ្លងទៅលើសត្វ
… ព្រឹកមិញ ខ្ញុំដូចជាឃើញទូរទស្សន៍បញ្ចាំងផ្សាយពីការងាប់សត្វនៅរតនគិរី។ មិនមែនងាប់ដោយសារអត់ទឹកទេ គឺងាប់ដោយសារចំណី។ ត្រូវតាមដានឲ្យដិតដល់ ប្រយ័ត្នប្រយែងអំពីជំងឺឆ្លងប្រភេទណាក៏ដោយ។ ការស្លាប់ដោយសារបាត់បង់ទឹកយើងបានឆ្លងផុតហើយ ប៉ុន្តែការស្លាប់ដោយសារតែចំណី វាជាបញ្ហាមួយចោទតាំងពីមុន ព្រោះអង្កាល់ដែលអត់មានស្មៅ វាដើរស៊ីតែពាសវាលពាសកាល។ ឥឡូវដល់ដំណាក់កាលដែលរោគធ្វើទុក្ខ …។
[ចប់សេចក្ដីអធិប្បាយ]
ទី៩ ត្រូវបន្តជំរុញការបង្កើត និងពង្រឹងសហគមន៍ស្រះជម្រកត្រី នៅតាមឃុំទូទាំងប្រទេស និងត្រូវបន្តជំរុញ ការអភិវឌ្ឍវារីវប្បកម្មគ្រប់ប្រភេទ ដូចជា ការចិញ្ចឹមត្រីទឹកសាប និងសមុទ្រ ពិសេសការចិញ្ចឹមត្រីក្នុងស្រះ, ក្នុង បែរ និងក្នុងស្រែ ទៅតាមស្ថានភាពជាក់ស្តែង។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ]
វិធានការណ៍ការពារពូជត្រី ក្នុងពេលទឹកទន្លេសាបធ្លាប់ទាប
… នេះជាចំណុចដែលយើងបានដាស់តឿនជាបន្តបន្ទាប់ ហើយប៉ុន្មានឆ្នាំជាប់គ្នាហើយ។ ដោយសារទឹកទន្លេសាបធ្លាក់ទាប ក្នុងស្ថានភាពបែបនេះ តំបន់មួយចំនួនដែលរក្សាទុកអភិរក្សសម្រាប់ពូជត្រីនោះ ត្រូវបានងាប់ជាបន្តបន្ទាប់។ ឆ្នាំនេះ ខ្ញុំក៏បានផ្តល់ជាមតិថា តើអាចមានលទ្ធភាព បូមទឹកពីចម្ងាយទម្លាក់ទៅអាងទាំងនោះទេ? ថាធ្វើមិនបាន។ បើអញ្ចឹង ជួនកាលយើងជីកស្រះក្នុងទន្លេសាបហ្នឹងតែម្តង។ គេហៅថាបៀ។ ប៉ុន្តែ បៀយើងមិន មែនដូចប្រជាជនតូចៗទេ យើងលេងបៀបីហិកតា ដាក់ឲ្យវាជ្រៅក្នុងតំបន់ហ្នឹងមើល ព្រោះបើមិនអញ្ចឹងទេតំបន់ហ្នឹងវាទៅជាតំបន់គោករាក់ ហើយខែណាឆ្នាំណាក៏មានងាប់អាពូជមេត្រីហ្នឹងដែរ។ ពិនិត្យមើលមួយណាធ្វើមុន មួយណាធ្វើក្រោយ ព្រោះយើងមានត្រាក់ទ័រ ដែលដាក់លើសាឡង់ យកម៉ាស៊ីនបូម បូមឲ្យវាជ្រៅមើល ដើម្បីការពារពូជត្រី។ ហើយអំពាវនាវប្រជាពលរដ្ឋទាំងអស់ចូលរួមក្នុងការការពារតំបន់នេះ ចាំឲ្យវាធំ វាហែលចេញពីតំបន់ហ្នឹងមកចាំនាំគ្នាចាប់ អត់ឲ្យចូលទៅចាប់អាកន្លែងហ្នឹងទេ។ ការពារទាំងអស់គ្នា ហើយត្រូវធ្វើកិច្ចការងារនេះឲ្យបានហ្មត់ចត់។
[ចប់សេចក្ដីអធិប្បាយ]
ទី១០ ក្នុងការទប់ស្កាត់ និងបង្ក្រាបបទលើសព្រៃឈើ, សត្វព្រៃ និងជលផលឱ្យមានប្រសិទ្ធភាពខ្ពស់ រដ្ឋបាល ព្រៃឈើ និងរដ្ឋបាលជលផល ត្រូវបន្តសហការជាមួយគណៈកម្មការឯកភាពរាជធានី ខេត្ត។ ក្នុងនោះ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ត្រូវសហការជាមួយក្រសួងមហាផ្ទៃ ដើម្បីពិនិត្យសិក្សាឱ្យបានហ្មត់ចត់អំពីការផ្ទេរសមត្ថកិច្ចខណ្ឌ រដ្ឋបាលព្រៃឈើ និងខណ្ឌរដ្ឋបាលជលផល។ ទន្ទឹមនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងក្រសួងបរិស្ថាន ត្រូវសហការគ្នារៀបចំធ្វើវិសោធនកម្មជាបន្ទាន់ លើបទប្បញ្ញត្តិច្បាប់ដែលមានការពាក់ព័ន្ធទៅនឹងសមត្ថកិច្ច និងការគ្រប់គ្រងតំបន់វិនិយោគអភិវឌ្ឍសម្បទានដីសេដ្ឋកិច្ច និងការគ្រប់គ្រងតំបន់ការពារ និងអភិរក្សព្រៃឈើ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ]
រដ្ឋបាលព្រៃឈើ និងជលផលត្រូវស្ថិតនៅក្រោមការគ្រប់គ្រងថ្នាក់ក្រោមជាតិ
ចំណុចនេះ ជាចំណុចដែលខ្ញុំចង់ធ្វើអត្ថាធិប្បាយបានច្រើនបន្តិច ៖
ទី១ ប្រហែលជាឆ្នាំ ២០១០ ឬ ២០១១ បើខ្ញុំមិនច្រលំទេ នៅទន្លេវ៉ៃគោ ខ្ញុំបានស្នើឲ្យធ្វើវិសោធនកម្ម ច្បាប់ស្តីពីព្រៃឈើ និងជលផល ឲ្យស្របនឹងច្បាប់ស្តីពីច្បាប់ការគ្រប់គ្រងដែនដី ដែលជាច្បាប់អង្គការ។ ប៉ុន្តែរហូតមកដល់ពេលនេះ ទើបតែឮ ឯកឧត្តម វេង សុខុន និយាយអម្បាញ់មិញ។ កន្លងទៅ រដ្ឋបាលព្រៃឈើ និងរដ្ឋបាលជលផល ដែលគេហៅថាខណ្ឌនោះ វាអត់នៅចំណុះឲ្យអាជ្ញាធរថ្នាក់ក្រោមជាតិទេ វាជាអធិរាជមួយដោយឡែកគ្មានស្តាប់អ្នកណា។ យើងកំពុងធ្វើរដ្ឋបាលឯកភាពមួយ។ មន្ទីរកសិកម្មតាមបណ្តាខេត្តអត់មានរដ្ឋបាលព្រៃឈើ និងជលផលនៅទីនោះទេ មានតែខាងក្សេត្រសាស្ត្រ បសុព្យាបាល …។ ប៉ុន្តែ មន្ទីរកសិកម្មក្រោយនេះ ត្រូវតែឲ្យ(ព្រៃឈើ)នៅក្នុងបណ្តាញវាតែមួយបានហើយ ចំណុះឲ្យរដ្ឋបាលតាមថ្នាក់តែម្តង គឺមិនអាចមានខណ្ឌដោយឡែកបានទេ។ គ្រប់គ្រងអត់បាន។ ម្តងថារាយការណ៍ឲ្យរដ្ឋមន្ត្រីកសិកម្មទៅ តែមិនស្តាប់ខេត្ត។ អីចឹងទៅបន្ទោសខេត្តថាម៉េចមិនមើលព្រៃឈើ ម៉េចមិនមើលត្រី វាក៏ពិបាកដែរ។ ល្មមដល់ពេលហើយ បើគិតពី ២០១១ មកដល់ឥឡូវវា ៥ ឆ្នាំ ហើយ។ ស៊ីសងនឹងយើងធ្វើតើ …។ ខាងមុខនេះត្រូវធ្វើឲ្យចេញ រួចហើយដាក់ខណ្ឌរដ្ឋបាលពីដើម ឲ្យទៅជាខណ្ឌតាមខេត្តទៅ។ យើងឆ្គងអាហ្នឹងតាំងពីដើមទី បានជាផ្នែករដ្ឋបាលព្រៃឈើ និងជលផល វានៅដាច់ដោយឡែក ហើយមិនអាចបន្ទោសអ្នកណាបាន។ ទៅបន្ទោសរដ្ឋបាលព្រៃឈើ ថាខាងជល ផលថា មកពីអាជ្ញាធរខេត្តមិនជួយ ដល់ទៅបន្ទោសខាងខេត្តថា ទេ គេមិនឲ្យខ្ញុំលូកលាន់។ ឥឡូវដាក់តែមួយ ទៅបានហើយ ហើយមានការអីនិយាយជាមួយចៅហ្វាយខេត្តតែម្តង ដែលជាប្រធានគណៈបញ្ជាការឯកភាពហ្នឹងតែម្តងទៅ …។
ចំណុចទី ២ យើងធ្វើបានមួយជំហានហើយ ហើយក៏ជាជំហានជោគជ័យ ដែលផ្តួចផ្តើមគំនិតដោយរដ្ឋមន្ត្រី ក្រសួងបរិស្ថាន សាយ សំអាល់ អំពីការបែងចែកមុខងារក្នុងការគ្រប់គ្រង។ ឯកឧត្តម សាយ សំអាល់ និងឯកឧត្តម អ៊ុក រ៉ាប៊ុន បានធ្វើការរួមគ្នា (កំណត់ពី)តំបន់ណា ពីដើមជាដីសម្បទានសេដ្ឋកិច្ចរបស់យើងផ្តល់ឲ្យដោយក្រសួងបរិស្ថានផង ក្រសួងកសិកម្មផង។ ប៉ុន្តែការគ្រប់គ្រងបែបនេះ គឺមិនបានទេ។ ការបែងចែកមុខងារនៅទីនេះ យើងបានប្រគល់ព្រៃការពារទាំងឡាយដែលស្ថិតក្នុងដៃក្រសួងកសិកម្ម ទៅឲ្យក្រសួងបរិស្ថាន ឯដីដែលក្រសួងបរិស្ថានផ្តល់ឲ្យធ្វើសម្បទានសេដ្ឋកិច្ចប៉ុន្មាន ត្រូវផ្តល់ទៅឲ្យក្រសួងកសិកម្មទាំងអស់។ អញ្ចឹង ចំណុចនេះ ខ្ញុំបានចុះហត្ថលេខា និងរៀបចំដាក់ដូចជា ១៨ កន្លែងរួចហើយ។ … ម្ខាងរាជរដ្ឋាភិបាល និងមាននគរបាលយុត្តិធម៌ ហាក់មើលទៅអ្នកដែលចូលរួមការពារអភិរក្ស (ដោយសហគមន៍នេះ សហគមន៍នោះ) ដូចជាមនុស្សមួយប្រភេទទៅ។ ឯអ្នកការពារព្រៃឈើ ឬអ្នកដែលបង្កើតជាអង្គការអភិរក្សធនធានធម្មជាតិមើលមករាជរដ្ឋាភិបាល ដូចជាមនុស្សមួយក្រុមទៅ។ ខ្ញុំគិតថា បំណងដូចគ្នា ហេតុអីយើងមិនអាចរួមគ្នាទៅរួច?
ឯកឧត្តម សាយ សំអាល់ ធ្វើការជាមួយសហគមន៍អន្តរជាតិ និងអង្គការនៅក្នុងស្រុកមួយចំនួន ហើយទៅខាងមុខ ត្រូវបន្តយកចិត្តទុកដាក់បន្តការងារនេះតទៅទៀត ដោយទទួលស្គាល់សហគមន៍ព្រៃឈើ ការពារធនធានធម្មជាតិទាំងអស់ គឺជាចង្កោមតែមួយ … យើងត្រូវទទួលស្គាល់នូវភាពខ្វះខាត។ យើងដាក់ចេញនូវគោលដៅការពារព្រៃឈើ ប៉ុន្តែយើងការពារព្រៃឈើបាននៅក្នុងចំណែកណាមួយទេ គេហៅថាបំរាមនៃការកាប់ឈើហ៊ុបនាំចេញ ត្រូវបានអនុវត្តចាប់តាំងពីឆ្នាំ ១៩៩៨ រហូតមកដល់ពេលនេះ ប៉ុន្តែការកាប់ឈើ ទន្ទ្រានយកដី ការលួចកាប់ឈើនៅតែបន្តការកើតមាន។ នេះយើងត្រូវទទួលស្គាល់ ព្រោះជាក់ស្តែងមានឈើល្មើសច្បាប់ក្នុងដៃ ៧ ម៉ឺនម៉ែត្រគូប … សមត្ថកិច្ចយើងតែមួយមុខមិនគ្រប់ទេ។ អំពាវនាវគ្រប់មជ្ឈដ្ឋាន ដើម្បីចូលរួមការពារព្រៃឈើ។ កុំមើលគ្នាក្នុងភាពជាសត្រូវ រវាងអ្នកការពារព្រៃឈើ និងរដ្ឋបាលដែលទទួលបន្ទុកការពារធនធានធម្មជាតិព្រៃឈើ។ ត្រូវមើលគ្នាក្នុងភាពជាដៃគូ ដើម្បីការពារធនធានធម្មជាតិរបស់ជាតិ។
ត្រូវខិតខំបង្កើតមុខរបរថ្មីអោយអ្នកដែលពឹងផ្អែកលើការកាប់អុស
… យើងជាជនជាតិខ្មែរដូចគ្នា ចង់ការពារនូវដើមឈើទាំងអស់គ្នា ដូចជានៅប្រទេសណាមួយ ថ្មីៗនេះបញ្ចាំងតាម BTV … ដូចជាតួកំប្លែង ឬតួស្អីមួយនោះ ទៅរៀបការជាមួយដើមស្រល់អាយុ ២ ពាន់ឆ្នាំ។ នោះគឺជាសកម្មជនការពារបរិស្ថាន ស្រឡាញ់ដើមឈើ មិនមែនយកដើមឈើទៅធ្វើប្រពន្ធឯណា ប៉ុន្តែគេចង់បង្ហាញក្តីស្រឡាញ់ចំពោះដើមឈើ។ ពីនេះទៅមុខ យើងត្រូវទទួលយកនូវការចូលរួមមួយពេញទំហឹងពីសំណាក់ពួកគាត់។ ប៉ុន្តែយើងត្រូវពិនិត្យ ឧទាហរណ៍ នៅក្នុងព្រៃឡង់ មិនមែនសុទ្ធតែជាព្រៃទាំងអស់នោះទេ វាមានស្ថានភាពស្បែកខ្លា តាមរយៈភូមិករណ៍របស់គាត់នៅកន្លែងហ្នឹង។ យើងវាស់វែងនៅក្នុងហ្នឹងទៅ តើប្រគល់អោយគាត់ប៉ុន្មាន ដែលគាត់ត្រូវទទួលផលពីតំបន់ហ្នឹង? យើងក៏ត្រូវខិតខំបង្កើតមុខរបរថ្មីអោយពួកគាត់ ដែលមុននេះ គាត់ពឹងពាក់លើការកាប់អុស ពឹងពាក់ទៅលើការកាប់ឈើ ពឹងពាក់ទៅលើការចាប់សត្វព្រៃ ពឹងពាក់ទៅលើអ្វីផ្សេងទៀត ដែលចេញពីអនុផលព្រៃឈើ ទៅជាមុខរបរមួយដែលទទួលបានផលផ្សេងវិញ។ ត្រូវរកវិធីដោះស្រាយបញ្ហាហ្នឹង។ តាមដឹង ពួកគាត់ក៏មានបំណងត្រៀមបម្រុងខ្លួនដើម្បីនឹងធ្វើកិច្ចការងារនេះ។ ដៃគូ មិត្តភក្ដិ ក៏នឹងអាចចូលរួមចំណែក ក្នុងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
ជួនកាលអាចអោយគាត់មានសិប្បកម្មអីនៅក្នុងហ្នឹង។ ជួនកាលក្លាយទៅជាគោលដៅទេសចរណ៍នៅក្នុងតំបន់ហ្នឹង ដែលពួកគាត់អាចនឹងរកទទួលទានបានច្រើនជាងគាត់ពឹងពាក់ទៅលើផល ដែលបានមកពីឈើ។ កន្លែងខ្លះ គាត់ទៅកាប់ដើមសំរោង យកផ្លែ … កន្លែងខ្លះ គាត់ឡើងបេះ (ព្រោះផ្លែដែលបានពីការ)ឡើងបេះហ្នឹង បានថ្លៃជាង … ត្រូវរកវិធីអ្វីអោយគាត់ទទួលផលនោះបាន ដោយមិនចាំបាច់កាប់ដើមឈើនេះទេ។ យកផ្លែសំរោង នៅតែបាន ប៉ុន្តែប្រើប្រាស់បច្ចេកវិទ្យាផ្សេង ដើម្បីទាញយកផលជាផ្លែសំរោងនោះ មកកែច្នៃ ព្រោះផ្លែសំរោងអាចទៅជាថ្នាំ …។ ផ្លែសំរោង (ដាក់ទឹកទៅ)រីក ហើយដាក់ស្ករ ដូចគ្រាប់ជីអញ្ចឹង (ទទួលទានហើយ) ត្រជាក់ខ្លួនសឹងអី …។
មន្រ្តីត្រូវសហការណ៍ជាមួយប្រជាពលរដ្ឋ ដើម្បីចាប់អ្នកកាប់ឈើខុសច្បាប់
… ឯកឧត្តម សាយ សំអាល់ ត្រូវបន្តការងារជាមួយដៃគូ … គាត់អត់បំពេញមុខងារជានគរបាលយុត្តិធម៌ទេ តែគាត់ជួយការងារនគរបាលយុត្តិធម៌។ ឧទាហរណ៍ ក្នុងមួយព្រៃហ្នឹងថា យើងនិយាយពីរដ្ឋបាលព្រៃឈើទៅចុះ ឬក៏និយាយថា ក្រុមបរិស្ថានទៅចុះ មនុស្ស ៥០ នាក់ ព្រៃ ៥ ម៉ឺនហិកតា។ អញ្ចឹងទេ វាពិបាកណាស់ ប៉ូលីសមិនងាយទៅរកចោរទេ។ ជួនកាលចោរ និងប៉ូលីស សហការណ៍គ្នាទៀត។ អ្នកកាប់ឈើ និងអ្នកការពារព្រៃឈើសហការគ្នា។ ហ្នឹងយើងងាប់តែម្ដង។ ប្រជាពលរដ្ឋ មានភ្នែកច្រមុះច្រើនណាស់ ហើយប្រជាពលរដ្ឋ គាត់មិនទទួលផលពីអ្នកកាប់ឈើទេ អញ្ចឹងគាត់ស្អប់ពួកអ្នកកាប់ឈើខុសច្បាប់ គាត់ច្បាស់ជារាយការណ៍អោយយើង។ ប៉ុន្តែទាល់តែយើងស្មោះត្រង់ដែ។រ ពេលដែលគាត់ផ្ដល់របាយការណ៍អោយ យើងត្រូវពិនិត្យភ្លាម ហើយចាត់វិធានការភ្លាម។ បើមិនអញ្ចឹង ថ្ងៃក្រោយ(គាត់)ថា រាយការណ៍អោយវាធ្វើអី បើវាត្រូវតែគ្នាវា។
វិទ្យុ ទូរទស្សន៍ កុំខ្លាចនឹងបញ្ចាំង បើបានទាំងមុខមនុស្សទៀត កាន់តែល្អ …។ ព្រឹកមិញ សូម្បីតែខ្ញុំជួបរដ្ឋមន្រ្តីនគរបាលថ្មីរបស់វៀតណាម ខ្ញុំសំណូមពរអោយគាត់យកចិត្តទុកដាក់បិទទល់ដែន លើការនាំចូលឈើពីកម្ពុជា ទៅកាន់ប្រទេសវៀតណាម។ ពេលជួបមេដឹកនាំវៀតណាម ហើយខ្ញុំមានគម្រោងជួបជាមួយនឹងនាយករដ្ឋមន្រ្តីវៀតណាមថ្មី នៅឯ សូឈី ប្រទេសរុស្ស៊ី នៅអាទិត្យក្រោយនេះ។ ខ្ញុំក៏នឹងលើកសំណូមពរហ្នឹងដែរ អោយគាត់មានវិធានការជួយកម្ពុជា ក្នុងដំណាក់កាលដែលកម្ពុជាកំពុងតែប្រយុទ្ធប្រឆាំងហ្នឹងឧក្រិដ្ឋកម្មព្រៃឈើ។ ដល់ដំណាក់កាល ដែលខ្ញុំប្រើពាក្យ «ឧក្រិដ្ឋកម្មព្រៃឈើ» ហើយ។ ត្រូវធ្វើកិច្ចការងារនេះ។
ម្យ៉ាងទៀត ត្រូវមើលគ្រប់គ្រងបងប្អូននៅក្នុងតំបន់ការពារហ្នឹង អោយបានល្អ តាំងពីប្រាក់កម្រៃ តាំងពីសំលៀក បំពាក់ស្អីជាដើម។ សូម្បីតែបងប្អូន នៅក្នុងតំបន់ព្រៃការពារ ដែលគាត់ជាបណ្ដាញការពារព្រៃឡង់ ជាសហគមន៍ការពារព្រៃនេះ ព្រៃនោះ យើងអាចជួយគាត់ជាអាវភ្លៀង ពេលខែរងា ជួយអាវរងាអោយគាត់ ជាដើម។ គាត់ទៅជួយការពារព្រៃតើ ការពារឈើដែលយើងចង់ការពារតើ។ ដូច្នេះ ចាប់ពីពេលនេះតទៅ មិនគប្បីមើលគ្នាក្នុងភាពជាសត្រូវ … អ្នក(នៅ)អង្គការក្រៅរដ្ឋាភិបាល ឬសមាគម ប្រជាជននៅតាមសហគមន៍ ក៏មិនគួរមើលមកខាងភ្នាក់ងាររាជរដ្ឋាភិបាល សុទ្ធតែជាចោរលួចកាប់ឈើនោះទេ។ បើដៃគូទាំងពីរសហការណ៍គ្នា អាពួកលួចកាប់ឈើ ក៏ពិបាកស្ទុះដែរ ព្រោះមនុស្សច្រើនណាស់។ អញ្ចឹងចាប់ដៃគូគាត់អោយជាប់ ជាកម្លាំងរឹងមាំរបស់យើង។
ការពារ និងដាក់តំបន់អភិរក្សព្រៃឈើបន្ថែម
… យើងបានធ្វើមួយជំហានហើយ មានការស្វាគមន៍ហើយ។ យើងបន្តមើលតទៅទៀត។ មិនមែនដាក់(ព្រៃ)តែ ១៨ កន្លែងហ្នឹងទេ។ បន្តមើលទៀត។ កន្លែងណាដែលគួរដាក់ យកមក ខ្ញុំនឹងស៊ីញេ ព្រោះអត់មានត្រូវការកាប់ឯណាទៀតទេ។ កាប់ច្រើនពេកហើយ។ ទសវត្សរ៍ ៩០ ជាទសវត្សរ៍ព្រៃសម្បទាន។ ម៉េចដែលខ្ញុំហៅអញ្ចឹង? ចាប់ផ្ដើមរដ្ឋាភិបាលចម្រុះភ្លាម គិតពីរឿងព្រៃសម្បទានតែម្ដង។ អ្នកណាក៏សុំៗ។ ម្នាក់នេះមួយលានហិកតា ម្នាក់នេះកន្លះលានហិកតា។ បែងចែក ពុះជាចម្រៀកៗ រហូតដល់មានក្រុមហ៊ុនមួយជាងមួយលានហិកតា។ បានខ្ញុំតាំងជាសំណួរថា ចុះទីរួមខេត្ត ទីរួមស្រុក(របស់)គេ យកទៅណា? ឆ្លើយនឹងខ្ញុំមានរួចឯណា។ ខ្ញុំលុបគ្រវាត់ចោលទៅ។ ត្រូវរើទីរួមខេត្តទៅដាក់នៅឯណា បើអាហ្នឹងនៅក្នុងព្រៃសម្បទាន។ ខ្ញុំនៅចាំ ពេលហ្នឹងឈើមួយម៉ែត្រគុប … ដូចជា ១៤ ដុល្លារ។ ខ្ញុំទារអោយដំឡើង ធនាគារពិភពលោកថា ឡើងហ្នឹងខ្លាំងពេកហើយ ដល់អញ្ចឹងខ្ញុំធ្វើអីមិនចេញ …។
ក្រសួងបរិស្ថាន និងកសិកម្ម រួមគ្នាដោះស្រាយបញ្ហាពាក់ព័ន្ធវិស័យព្រៃឈើ និងដីសម្បទាន
រឿងកាប់ឈើហ្នឹង ខ្ញុំនិយាយប្រវត្តិបន្តិច។ តាំងពីឯកឧត្តម ទៀ បាញ់ ទៅធ្វើជារដ្ឋមន្រ្តីក្រសួងសាធារណការ មុខពេលត្រឡប់មកកាន់រដ្ឋមន្រ្តីការពារជាតិ។ ឯកឧត្តម ទៀ បាញ់ បានទាមទាររួចហើយ ថាឡានដឹកឈើត្រូវតែបង់ថ្លៃ សម្រាប់ការជួសជុលផ្លូវថ្នល់ … ប៉ុន្តែកាលហ្នឹង ឈើរបស់រដ្ឋទេ អត់មានវិស័យឯកជនទេ។ ដល់ទស្សវត្សរ៍ ទី ៩០ អាណត្តិទី ១ នៃរដ្ឋាភិបាលចម្រុះ គឺជាអាណត្តិព្រៃសម្បទាន។ ប៉ុន្តែ កាប់ឈើតាមរយៈព្រៃសម្បទាន មិនបានបន្តទៀតទេ តាំងពីឆ្នាំ ៩៨។ ឥឡូវសុំចរចាជាមួយក្រុមហ៊ុន អោយប្រគល់មក ហើយអ្នកណាមិនប្រគល់ឲ្យ យើងក៏សុំដកយកមក។ ទុកធ្វើអី។ នេះជាការងាររបស់ក្រសួងកសិកម្ម ប៉ុន្តែ ត្រូវសហការគ្នាជាមួយនឹងក្រសួងបរិស្ថានធ្វើចលនា ឲ្យក្រុមហ៊ុននានាសរសេរសំបុត្រប្រគល់មករាជរដ្ឋាភិបាល។ ឥឡូវអ្នកណាគ្រប់គ្រង? ថាព្រៃសម្បទានរបស់អ្នកនេះ តើអ្នកនឹងទៅ(មើលទេ)? គាត់អត់ទៅផង។ មិនដឹងព្រៃបែរមុខទៅណាផង។ អញ្ចឹងទេ ប្រគល់មកឲ្យរាជរដ្ឋាភិបាលមក។ ដល់រាជរដ្ឋាភិបាលយកមក ពិនិត្យមើល តើមានព្រៃប៉ុន្មានអាចដាក់ជាព្រៃការពារទៀត ហើយប្រគល់ឲ្យបរិស្ថានគ្រប់គ្រង។
ឥឡូវព្រៃសម្បទាន នៅ ១២ ក្រុមហ៊ុនទៀត។ ចលនាឲ្យគេដកមកវិញមក។ អ្នកណាស្ម័គ្រចិត្ត សរសេរមក។ អ្នកណាមិនស្ម័គ្រចិត្ត យើងដកទៅ។ ខ្ញុំមិនទាមទារអ្វីទេ ខ្ញុំសុំឲ្យតែក្រសួងទាំងអស់ធ្វើការទៅតាមច្បាប់ដែលបានកំណត់អំពីមុខនាទី នៃស្ថាប័នខ្លួន ដែលមានចែងច្បាស់នៅក្នុងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងស្ថាប័ន។ បើអ្នកឯងធ្វើតួនាទីគ្រប់គ្រងព្រៃឈើ ត្រូវតែគ្រប់គ្រងឲ្យវាបាន កុំចាំតែនាយករដ្ឋមន្រ្តីស្រែក … ផុតពីស្រែកឲ្យទៅទៀតហើយ។ ស្រែកដល់ពេលណា? អញ្ចឹង បានជាមានពេលមួយ ខ្ញុំថា ម៉េចចាំអនុសាសន៍ បើអត់អនុសាសន៍ ងាប់ឬអី? ត្រូវដឹងថាហ្នឹងជាភារកិច្ចរបស់ខ្លួន បើធ្វើបានបែបនេះនាយករដ្ឋមន្រ្តីមានឱកាសច្រើនណាស់។ កិច្ចការងារនេះ ជាកិច្ចការក្តៅ ហើយខ្ញុំសង្ឃឹមថារដ្ឋមន្រ្តី ២ ស្ថាប័ន នេះនឹងបញ្ចេញស្នាដៃ ដោយមានការគាំទ្រពីគ្រប់កម្លាំង ក្នុងហ្នឹងបណ្តាញការពារព្រៃឈើទាំងឡាយត្រូវបានទទួលស្គាល់ឲ្យចូលរួមពេញលេញ។ ជួនកាល គាត់ធ្វើបុណ្យការពារព្រៃឈើ ទៅធ្វើបុណ្យជាមួយគាត់ទៅ មានទាស់ខុសអី។ … នាំយុវជនជានិស្សិត ជាសិស្សអីទៅ បោះតង់ក្នុងព្រៃលេងអញ្ចឹងទៅ ដើម្បីរួមគ្នាការពារព្រៃឈើរបស់យើង។ អញ្ចឹង មន្រ្តីដែលធ្លាប់ឃុបឃិតលើការកាប់បំផ្លាញព្រៃឈើ ក៏អត់ហ៊ានតទៅទៀត ព្រោះភ្នែកច្រមុះដៃជើង រាជរដ្ឋាភិបាលច្រើនណាស់ … ត្រូវធ្វើកិច្ចការងារនេះឲ្យបានល្អ។
[ចប់សេចក្ដីអធិប្បាយ]
ឯកឧត្តម លោកជំទាវ លោក លោកស្រី អង្គសន្និបាតទាំងមូលជាទីមេត្រី !
ខ្ញុំមានជំនឿថា ថ្នាក់ដឹកនាំ មន្ត្រីគ្រប់លំដាប់ថ្នាក់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួង ស្ថាប័ន ពាក់ព័ន្ធ, ឤជ្ញាធរថ្នាក់ក្រោមជាតិ នឹងបន្តអនុវត្តដោយយកចិត្តទុកដាក់ និងប្រកបដោយប្រសិទ្ធភាពលើការងារទាំងអស់នេះ។ ជាថី្មម្តងទៀត ខ្ញុំសូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំមន្រ្តីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួង ស្ថាប័ន, ឤជ្ញាធរដែនដី, កងកម្លាំងប្រដាប់ឤវុធ, វិស័យឯកជន, ដៃគូអភិវឌ្ឍ ព្រមទាំងសហគមន៍ជាតិ និងអន្តរជាតិ ដែលបានខិតខំប្រឹងប្រែងចូលរួមចំណែកយ៉ាងសកម្ម និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការជួយគាំទ្រ និងអភិវឌ្ឍវិស័យកសិកម្មកម្ពុជា ឱ្យទទួលបានជោគជ័យថ្មីៗថែមទៀត។
នៅទីបញ្ចប់នេះ ជាមួយនឹងការប្រកាសបិទ «សន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ ២០១៥-២០១៦ និងលើកទិសដៅការងារឆ្នាំ ២០១៦-២០១៧» នាពេលនេះ ខ្ញុំសូមជូនពរឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូនប្រជាកសិករ ជនរួមជាតិ និងអង្គសន្និបាតទាំងមូល សូមប្រកបដោយពុទ្ធពរបួនប្រការ ឤយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕