ខ្ញុំព្រះករុណាខ្ញុំ សូមថ្វាយបង្គំ ព្រះតេជព្រះគុណ ព្រះមេគណ ព្រះតេជព្រះគុណ ព្រះអនុគណ ព្រះថេរានុថេរៈ គ្រប់ព្រះអង្គជាទីសក្ការៈ ហាគឹមទួន នៃសាសនិកឥស្លាម និងបងប្អូន សាសនិកឥស្លាមដែលបានអញ្ជើញ ចូលរួមនៅក្នុងឱកាសនេះ។
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកយាយ លោកតា អ៊ំ មាមីង បងប្អូន ជនរួមជាតិទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារវត្តកែវមុនី ហៅវត្តថ្មីដែលជាទីគោរព នឹករលឹករបស់ ខ្ញុំទាំងពីរករុណាខ្ញុំ។
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមាននូវការរីករាយ ដែលបានអញ្ជើញមកចូលរួមជាមួយនឹងព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ចូលរួមជាមួយនឹង ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងបងប្អូនជនរួមជាតិ ដើម្បីធ្វើពិធីបញ្ចុះខណ្ឌសីមា ជាកិច្ចបង្ហើយបុណ្យ សម្រាប់ព្រះវិហារនៅវត្តកែវមុនី ហៅវត្តថ្មី។ ដែល ខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះថ្លែងអំណរព្រះគុណចំពោះព្រះតេជព្រះគុណ ព្រះចៅអធិការ គណកម្មការ អាចារ្យវត្ត ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តដែលបានផ្តល់កិត្តិយសឲ្យខ្ញុំព្រះករុណាខ្ញុំ បានកាត់ឬសសីមា និងចូលរួមនៅក្នុងពិធីបុណ្យនៅក្នុងថ្ងៃនេះ។ ការសប្បាយរីករាយរបស់ខ្ញុំព្រះករុណាខ្ញុំនៅត្រង់ថា ទោះបីជាខ្ញុំព្រះករុណាខ្ញុំ មិនបានចូលរួមវិភាគទាននៃដំណើរការនៃការសាងសង់នេះក៏ដោយ ក៏ប៉ុន្តែ តាមរយៈនៃការអញ្ជើញឲ្យចូលរួមជាមួយមន្រ្តីថ្នាក់ឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រី និងមន្រ្តីជាច្រើនរូបទៀត នៅក្នុងពិធីនេះ ក្នុងឱកាសនេះ ចាត់ទុកថាជាកិត្តិយសមួយរបស់ខ្ញុំព្រះករុណាខ្ញុំ។
ការខុសគ្នារវាងសាសនា មិនមែនជាឧបសគ្គរារាំងនៃការអភិវឌ្ឍប្រទេសជាតិនោះទេ
មុននឹងនិយាយទៅដល់បញ្ហាទីអារាមនេះ អនុញ្ញាតឲ្យខ្ញុំព្រះករុណាខ្ញុំ បានសម្តែងនូវការសប្បាយរីករាយមួយ បន្ថែមពីលើនេះទៀត នៅត្រង់ថា ថ្ងៃនេះ នៅពេលដែលខ្ញុំព្រះករុណាខ្ញុំ ធ្វើដំណើរមកដល់ តាមនេះ ខ្ញុំព្រះករុណាខ្ញុំ ក៏បានជួបជាមួយនឹងបងប្អូន សាសនិកឥស្លាមមួយចំនួន បានមកចូលរួមនៅទីនេះ ជាចំណុចមួយដ៏សំខាន់ណាស់ទាក់ទងទៅនឹងសុខដុមភាវូបនីយកម្ម រវាងសាសនា ជនជាតិ និងសាសនា ដែលប្រទេសមួយចំនួននៅជុំវិញពិភពលោកប្រឈមជាមួយនឹងការបែកបាក់នៅក្នុងបញ្ហាសាសនា ជាពិសេសគឺសាសនាគ្រឹស្តជាមួយនឹងព្រះពុទ្ធ ឬសាសនាគ្រឹស្តជាមួយនឹងមូស្លីម ឬសាសនាព្រះពុទ្ធ ជាមួយនឹងមូស្លីម។ ប៉ុន្តែសម្រាប់យើងនៅទីនេះ ថ្ងៃនេះ មិនមែនគ្រាន់តែជាបញ្ហាដាច់ដោយឡែក របស់ពុទ្ធបរិស័ទដែលគោរពបូជាពុទ្ធសាសនា នោះទេ ក៏ប៉ុន្តែ មានបងប្អូនសាសនិកឥស្លាម ក៏បានមកចូលរួមនៅទីនេះ បង្ហាញអំពីការសាមគ្គីភាព រួបរួមគ្នា ហើយពិសេសខ្ញុំព្រះករុណាខ្ញុំ គិតថា វត្តមានរបស់ខ្ញុំព្រះករុណាខ្ញុំ ក៏បាននាំមកនូវការចូលរួមរបស់សាសនិក ឥស្លាមនៅទីនេះផងដែរ … ការចូលទីអារាមនេះ មិនមែនជាឧបសគ្គសម្រាប់ការចូលរួមរបស់បងប្អូននោះទេ។ ឯទីឯអារាមរបស់ព្រះពុទ្ធ ក៏មិនបានហាមឃាត់សាសនិកឥស្លាមមិនឲ្យចូលមកក្នុងទីអារាមនេះផងដែរ។ នេះជាការសប្បាយរីករាយដែលខ្ញុំព្រះករុណាខ្ញុំ មើលឃើញថា ជាទិដ្ឋភាពសង្គមមួយ ដែលយើងត្រូវតែការពារ អោយខានតែបាននូវបញ្ហាជាតិសាសន៍ និងសាសនា ដែលទាមទារនូវការរួបរួមគ្នា ព្រោះសាសនាទាំងអស់មិនបានប្រដៅមនុស្ស ឲ្យធ្វើអាក្រក់នោះទេ។
ម្យ៉ាងទៀត ការខុសគ្នាអំពីជាតិសាសន៍ ការខុសគ្នាអំពីសាសនា មិនមែនជាឧបសគ្គរារាំងនៃការអភិវឌ្ឍប្រទេសជាតិនោះទេ។ សង្ឃឹមថា ប្រទេសនានានៅលើពិភពលោកនេះ នឹងមានការរួបរួមបែបកម្ពុជា។ យើងមិនប្រដៅអ្នកណាទេ ក៏ប៉ុន្តែ យើងមានបទពិសោធន៍ដ៏ល្អតាំងពីអតីតកាល និងរហូតមក ហើយទំនាក់ទំនងនេះ គួរត្រូវបានបន្ត។ ឯខែក្រោយនេះ ខ្ញុំបានកំណត់ពេលហើយ ស្រាយបួសថ្នាក់ជាតិ គឺត្រូវធ្វើចូលរួម។ ខ្ញុំព្រះករុណាខ្ញុំ នឹងត្រូវធ្វើកម្មវិធីបន្តជាមួយ ព្រះពុទ្ធសាសនា ជាមួយឥស្លាមសាសនា ហើយបើសិនជាថ្ងៃមុនធ្វើទាំងព្រះពុទ្ធ ទាំងឥស្លាមផង ទាំងគ្រឹស្តផង ហើយឮថាខាងផ្នែកគ្រឹស្ត ក៏កំពុងរៀបចំឲ្យមានការចូលរួមទាំងនេះ។ ថ្ងៃ ១១ ខែ ០៦ នឹងទៅស្រាយបួសថ្នាក់ជាតិ ដែលរាជរដ្ឋាភិបាលរៀបចំ ប៉ុន្តែ ខ្ញុំនឹងទៅកាន់ព្រះវិហារមួយទៀត ដើម្បីស្រាយបួសទៅក្នុងព្រះវិហារនោះតែម្តង។
ការកាត់ពន្ធលើប្រាក់ខែ នឹងទទួលបានបៀវត្សក្រោយចូលនិវត្តន៍
ការសប្បាយរីករាយមួយទៀត មកតាមផ្លូវអម្បាញ់មិញរពឹសដៃ គឺបង្ហោះ Facebook មួយ ជាការជូនដំណឹងចំពោះប្រជាពលរដ្ឋរបស់យើង ថាពេលនេះ ខ្ញុំកំពុងធ្វើដំណើរ តាមរថយន្តទៅកាន់វត្តកែវមុនី ហៅវត្តថ្មី ដែលស្ថិតនៅភូមិអង្គរបានទី ៩ ក្នុងឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម ដើម្បីបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី។ ជាមួយនឹងការរីកចម្រើន ទាំងខាងផ្នែកអាណាចក្រ និងពុទ្ធចក្រ ក្រោមដំបូលសន្តិភាព ខ្ញុំក៏មានឱកាសពិនិត្យជីវភាពប្រជាជនដែលរស់នៅតាមដងផ្លូវ ក្នុងចម្ងាយផ្លូវ ១២០ គីឡូម៉ែត្រ ពីភ្នំពេញទៅកាន់ទីអារាមសាសនាដែលត្រូវកាត់ឬសសីមា នៅប៉ុន្មានម៉ោងខាងមុខនេះ។ ក្នុងរយៈពេល ១ ម៉ោង ទទួលបាន like ជិត ៣ ម៉ឺន … មានអ្នកចូលមកសួរថា លោកអ៊ំ តើដល់ពេលខ្ញុំចាស់ទៅ ខ្ញុំបានអ្វី បើកាត់ពន្ធលើប្រាក់ខែខ្ញុំរាល់ខែអញ្ចឹង ឆ្លើយតបត្រឡប់ទៅវិញថា នឹងបានបៀវត្សក្រោយចូលនិវត្តន៍ ព្រោះអាហ្នឹងគេកាត់ទុក។ យើងបង់ពន្ធប្រាក់ខែ ហ្នឹងគឺពន្ធសម្រាប់ការចូលនិវត្តន៍របស់យើងនៅពេលក្រោយ … មានមួយនោះថាថ្ងៃហ្នឹងថ្ងៃសីល អញ្ចឹងក៏ឆ្លើយតបទៅវិញថាបានបុណ្យទាំងអស់គ្នា។ បច្ចុប្បន្ននៅលើពិភពលោក មធ្យោបាយទាក់ទងលឿនណាស់។
ការបាក់ដីច្រាំងទន្លេ
ឥឡូវនិយាយដល់បញ្ហាវត្ត សូមថ្លែងនូវការកើតសរសើរចំពោះព្រះតេជព្រះគុណ ព្រះចៅអធិការ ព្រះតេជព្រះគុណ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ ក៏ដូចជា គណកម្មការអាចារ្យវត្ត ពុទ្ធបរិស័ទចំណុះជើងវត្ត ក៏ដូចជា សប្បុរសជន ដែលបានខិតខំកសាងទីអារាមនេះឡើង ដែលហៅថាវត្តថ្មី គឺថ្មីមែន។ នៅឆ្នាំ ២០០៤ ទឹកទន្លេបានលេបត្របាក់ទាំងស្រុងនៅវត្តនេះតែម្តង ដោយមិនអាចទប់ទល់បាន គឺព្រះចៅអធិការ ពុទ្ធបរិស័ទ បាននាំគ្នារុះរើមក ដោយជីកដី ឬក៏ផ្តល់ដីពីសំណាក់ប្រជាពលរដ្ឋ កសាងបានទីអារាមមួយនេះ។ នេះជាការខិតខំមួយរបស់ព្រះតេជព្រះគុណ ព្រះចៅអធិការ ក៏ដូចជាព្រះថេរានុថេរៈគ្រប់ព្រះអង្គ ពុទ្ធបរិស័ទចំណុះជើងវត្ត គណៈកម្មាការអាចារ្យវត្ត ក៏ដូចជាពុទ្ធបរិស័ទ។ រឿងវត្តព្រះតេជព្រះគុណដែលធ្លាក់ចូលទៅក្នុងទន្លេនេះ មិនមែនជាបញ្ហាដាច់ដោយឡែករបស់វត្តនេះមួយទេ។ វត្តរបស់ខ្ញុំព្រះករុណាខ្ញុំ បាក់មុនទៅទៀត។ វត្តដែលជាស្រុកកំណើតរបស់នាយករដ្ឋមន្ត្រី ហើយដែលមានអដ្ឋិធាតុរបស់ជីដូនជីតារបស់នាយករដ្ឋមន្ត្រី ក៏មិនអាចរក្សាបានផង ដោយគ្រោះធម្មជាតិ។ ជីវភាពរបស់អ្នកទន្លេវាយ៉ាងដូច្នេះ។ វត្តនៅភូមិរបស់ខ្ញុំព្រះករុណាខ្ញុំ នៅជិតកណ្តាលទន្លេនោះ អញ្ចឹងត្រូវទៅកសាងវត្តថ្មី។ ឯវត្តថ្មីនៅសល់តែប៉ុន្មានរយម៉ែត្រដល់ទៀត។ បើផ្ទះកំណើតរបស់ខ្ញុំព្រះករុណាខ្ញុំ នៅសល់ប្រហែលជា ៨០ ម៉ែត្រ ទៅ ១០០ ម៉ែត្រទេ។
ករណីទាមទារឲ្យមានការបូមខ្សាច់
ថ្ងៃមុនហោះមើលពីលើ ឃើញថាដីចាប់ដុះវិញហើយ។ ស្ថានភាពបែបនេះ តម្រូវឲ្យយើងខិតខំធ្វើការកែសម្រួលចរន្តទឹក។ អ្នកទន្លេយើងអាចដឹងហើយ បើដុះនៅខាងនេះ វាទៅបាក់នៅ(ម្ខាង)ខាងនោះ ដុះនៅខាងនោះ វាទៅបាក់នៅ(ម្ខាង)ខាងនេះ។ ចរន្តទឹកបាញ់ពីម្ខាងទៅបុកម្ខាង។ អញ្ចឹងបានជាទាមទារនូវការចំណាយដើមទុនក្នុងការតម្រង់នូវចរន្តទឹក ហើយការតម្រង់ចរន្តទឹកនេះទៀតសោត នៅពេលដែលយើងប្រើប្រាស់ការតម្រង់ចរន្តទឹក ប្រជាពលរដ្ឋមួយចំនួនដោយមិនមានការយល់ដឹង បន្ថែមទៅដោយការចាក់រុកពីមេខ្យល់ខិលខូច ក៏បានជេរទៅដល់អាជ្ញាធរ និងសមត្ថកិច្ចដែលកំពុងតែធ្វើការតម្រង់ចរន្តទឹកនោះ ព្រោះនៅពេលតម្រង់ចរន្តទឹកនេះ ទាមទារមានការបូម ហើយដល់អញ្ចឹងទេ បូមដីក៏ជេរ បូមស្អីក៏ជេរ។ ទេ! បូមខុសក្បួនខុសខ្នាត អាហ្នឹងខ្ញុំព្រះករុណាខ្ញុំ មិនត្រឹមតែជេរទេ ដាក់បទបញ្ជាចាប់តែម្តង ប៉ុន្តែ មានកន្លែងខ្លះទាមទារឲ្យមានការបូម។ បើនិយាយចាប់ពីក្រចេះ ធ្លាក់ទៅដល់មេគង្គក្រោម ជាពិសេសធ្លាក់ទៅដល់ត្រឹមក្បែរភ្នំពេញ ទាមទារឲ្យមានការបូមយកខ្សាច់យកដីល្បាប់ចេញ ដើម្បីធ្វើឲ្យទន្លេរបស់យើងមានជម្រៅឡើងវិញ ហើយបើទន្លេនៅម្តុំកោះប៉ែនរបស់យើងនេះ គឺអស់តែម្តង។
បើគ្មានសន្តិភាពកុំនិយាយដល់ការអភិវឌ្ឍ ប្រជាធិបតេយ្យ សិទ្ធិមនុស្ស
ខ្ញុំព្រះករុណាខ្ញុំ ក៏សូមយកឱកាសនេះ មុននឹងដោះស្រាយបញ្ហាប្រគេនចំពោះព្រះតេជព្រះគុណ ក៏អនុញ្ញាតឲ្យ ខ្ញុំព្រះករុណាខ្ញុំ បាននិយាយបន្តិច។ ប្រជាពលរដ្ឋរបស់យើងសុទ្ធតែបានដឹង បានយល់អំពីអតីតកាលដ៏ជូរចត់ របស់យើង ហើយឆ្លងកាត់ការឈឺចាប់ទាំងនោះ ហើយមានថ្ងៃនេះ និងកំពុងឈានឆ្ពោះទៅរកអនាគត។ សង្រ្គាមបានដាក់ឲ្យប្រទេសយើងនៅក្នុងភាពខ្ទេចខ្ទាំ មិនថាតែផ្នែកអាណាចក្រទេ ខាងសាសនាក៏ទទួលរងនូវវិនាសកម្មដូចគ្នាដែរ។ ពុំមានទីអារាមណាមួយ ព្រះវិហារសាសនាឥស្លាមណាមួយ ព្រះវិហារគ្រឹស្តណាមួយមិនរងការខូចខាតនៅក្នុងសម័យសង្គ្រាម និងរបបប្រល័យពូជសាសន៍នោះទេ។ ទំនាក់ទំនងរវាងសន្តិភាព និងសង្គ្រាម សន្តិភាព និងការអភិវឌ្ឍ សំខាន់ណាស់។ វាទាមទារឲ្យប្រជាពលរដ្ឋរបស់យើងរួមគ្នារក្សាសន្តិភាពឲ្យខានតែបាន បើគ្មានសន្តិភាពក៏កុំនិយាយពីការអភិវឌ្ឍ កុំនិយាយលទ្ធិប្រជាធិបតេយ្យ កុំនិយាយពីសិទ្ធិមនុស្ស និងកុំនិយាយពីអ្វីផ្សេង។ ឥឡូវ សូមក្រលេកមើលប្រទេសអ៊ីរ៉ាក់ អាហ្គានីស្ថាន លីប៊ី ទៅមើលប្រទេសស៊ីរី យេមេន និងប្រទេសមួយចំនួនទៀត (តើ)ប្រទេសទាំងនោះមានសេរីភាព និងសិទ្ធិមនុស្សឬទេ? បើមួយថ្ងៃៗ ក្រោមទំងន់នៃគ្រាប់បែកទម្លាក់ គ្រាប់កាំភ្លើង (ប្រជាពលរដ្ឋ) ត្រូវធ្វើចំណាកស្រុករត់ភៀសខ្លួន។ យើងគ្រាន់តែធ្វើចំណាកស្រុកទៅរកការងារធ្វើពីកំពង់ចាមទៅភ្នំពេញ ឬពីកំពង់ចាមទៅខេត្តផ្សេង ឬពីស្រុកខ្មែរ ទៅប្រទេសដទៃ … មិនមែន(ដោយសារ)សង្គ្រាមទេ។ ប៉ុន្តែអតីតកាលរបស់យើងប្រជាពលរដ្ឋរត់លូនដោយសារសង្គ្រាម និងរបបប្រល័យពូជសាសន៍។ ប៉ុន្តែឥឡូវនេះ បើសិនជាមានការធ្វើចំណាកស្រុកណាមួយក៏ទៅរកជីវភាព និងរកប្រាក់ចំណូលឲ្យបានច្រើនជាងក្នុងស្រុក ឬក្នុងតំបន់ដែលខ្លួនរស់នៅតែប៉ុណ្ណឹង។
កម្មករ កម្មការិនី រាប់សិនម៉ឺននាក់កំពុងរស់នៅទីក្រុងភ្នំពេញ ដើម្បីទទួលបានការងារធ្វើជាមួយប្រាក់ចំណូលដែលកើនឡើងជារៀងរាល់ឆ្នាំ ហើយប្រាក់ចំណូលនោះក៏បានផ្ញើឲ្យឪពុកម្តាយ ក្រុមគ្រួសារ។ ប្រសិនបើគ្មានក្របខណ្ឌគោលនយោបាយមួយត្រឹមត្រូវអំពីការរក្សាសន្តិភាព អំពីកិច្ចអភិវឌ្ឍទេ គឺពុំមានស្ថានភាពបែបនេះកើតឡើងសម្រាប់ប្រជាពលរដ្ឋទេ និយាយជារួម ហើយដោយឡែកសម្រាប់វិស័យសាសនា។ ទំនាក់ទំនងរវាងវិស័យពុទ្ធចក្រ និងអាណាចក្រ បេះគ្នាមិនដាច់ទេព្រះតេជព្រះគុណ។ នៅពេលដែលគោលនយោបាយរបស់រដ្ឋមិនផ្តល់ឱកាស ព្រះតេជព្រះគណក៏គ្មានឱកាសសម្រាប់ធ្វើការសាងសង់នូវសេនាសនៈសម្រាប់បូជានោះដែរ។ តួយ៉ាងដូចជាសម័យ លន់ នល់ និង សម័យ ប៉ុល ពត ជាឧទាហរណ៍ស្រាប់រួមមកហើយ នៅពេលដែលប្រជាពលរដ្ឋជួបការលំបាក មិនត្រឹមតែប្រជាពលរដ្ឋគ្មានលទ្ធភាពចូលរួមកសាងនូវទីអារាមនោះទេ សូម្បីចង្ហាន់ដើម្បីប្រគេនព្រះតេជព្រះគុណ ក៏ខ្វះខាតដែរ ព្រោះប្រជាពលរដ្ឋខ្លួនឯងខ្វះខាត មានអីយកមកប្រគេនលោក។ ព្រះតេជព្រះគុណនិមន្តបិណ្ឌបាត្រ ចេះតែបិណ្ឌបាត្រអញ្ចឹងទៅ បើដាក់បានក៏ដាក់ទៅ ដាក់ល្ហុងត្រាំ ហ្នឹងខំបេះពីមាត់ពីក … ប៉ុន្តែ បើជីវភាពប្រជាពលរដ្ឋល្អទៅវិញ គឺប្រជាពលរដ្ឋមានម្ហូបចង្ហាន់ល្អៗ សម្រាប់ប្រគេនព្រះតេជព្រះគុណ មិនត្រឹមតែព្រះតេជព្រះគុណ និមន្តទៅទេ គាត់មកកាន់ទីអារាមដើម្បីធ្វើបុណ្យធ្វើទានតែម្តង។ នេះជាចំណុចដែលប្រទាក់ក្រឡាគ្នាខ្លាំងណាស់រវាងពុទ្ធបរិស័ទ ដែលធ្វើបុណ្យ ធ្វើទានក្នុងវិស័យពុទ្ធសាសនា។
មានករណីខ្លះទាមទារឲ្យមានការបូមខ្សាច់
ខ្ញុំព្រះករុណាខ្ញុំ មិនភ្លេចថ្លែងអំណរព្រះគុណអរគុណ ចំពោះសម្តេចព្រះសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង ក៏ដូចជាព្រះតេជព្រះគុណ ព្រះមេគុណ ព្រះអនុគណ ព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីគោរព ជាពិសេសចៅអធិការតាមទីអារាមនិមួយៗ ដែលជួយដល់ប្រជាពលរដ្ឋក្នុងពេលវេលាដ៏លំបាក។ ព្រះសង្ឃនៅទីអារាមជាច្រើន ដែលបានចូលរួមសកម្មភាពក្នុងកាកបាទក្រហមកម្ពុជា ហើយក៏បានចូលរួមធ្វើសកម្មភាពផ្ទាល់ ជាមួយនឹងសុខទុក្ខប្រជាពលរដ្ឋ។ ទង្វើនេះគួរគប្បីធ្វើបន្តទៀត ព្រោះថាវាជាការចូលរួម ដើម្បីកសាងទាំងអស់គ្នា ទាំងពុទ្ធចក្រ និងអាណាចក្រ។ ដំណើរឡូកឡំគ្នារវាងពុទ្ធចក្រ និងអាណាចក្រត្រូវទៅជាមួយគ្នាយ៉ាងដូច្នេះឯង។ ដោយសារនិស័្សយជាក្មេងវត្ត ខ្ញុំព្រះករុណាខ្ញុំស្គាល់ច្បាស់នូវលើរឿងរ៉ាវទាំងនេះ។ កាលពីសម្តេច ជា ស៊ីម គាត់នៅមានព្រះជន្មនៅឡើយ សម្តេច ជា ស៊ីម ជាអ្នកបួសម្នាក់ សម្តេច ហេង សំរិន ក៏ជាអ្នកបួសម្នាក់។ ឯ ខ្ញុំព្រះករុណាខ្ញុំ គ្រាន់តែបានបួសមុខភ្លើងជីដូនតែប៉ុណ្ណោះ ក៏ប៉ុន្តែជាក្មេងវត្តមួយរយពេលវែងដែរ។
ទីអារាមជាកន្លែងសម្រាប់មនុស្សចាស់ យុវជន និងកុមារ ចេញពីនយោបាយរបស់បក្សប្រជាជន
… ខ្ញុំព្រះករុណាខ្ញុំពិតជាស្គាល់។ ទីអារាមនៅទីក្រុងភ្នំពេញ និងទីអារាមនៅតាមបណ្តាខេត្តដែលមានមហាវិទ្យាល័យ ក្លាយជាកន្លែងជ្រកកោនរបស់សិស្ស និស្សិត។ អញ្ចឹងបាន ខ្ញុំព្រះករុណាខ្ញុំនិយាយថា ទីអារាម គឺជាជំរកដ៏សមរម្យបំផុតរបស់មនុស្សចាស់ យុវជន និងកុមារ។ នៅពេលចាស់ គឺមិនដឹងថាទៅណាទេ តែងតែទៅរកទីអារាម ខ្លះមកស្នាក់នៅជាយាយជី ខ្លះឆ្លៀតពេលថ្ងៃសីលក៏មកទីអារាមដើម្បីធ្វើបុណ្យ។ នេះក៏ផ្តើមចេញពីគោលនយោបាយរបស់បក្សនយោបាយមួយដែលដឹកនាំ មិនមែនផ្តើមចេញពីការសន្យារបស់អ្នកណាមួយទេ។
វិបត្តិអាចារ្យ
ថ្ងៃនេះយើងកាត់ឫសសីមាពិត មិនមែនកាត់ជានិមិត្តរូប។ ជាឧទាហរណ៍ទេ ប៉ុន្តែសូមរំលឹកឲ្យហើយ ព្រះតេជ ព្រះគុណ ក៏ដូចជាគណកម្មការអាចារ្យវត្ត រកគងទុកឲ្យហើយ ព្រោះទៅកាត់ឫសសីមាថ្ងៃមុន … ដាក់កាំបិត រៀបតែនឹងសំពងទៅហើយ … អត់គង។ ហ្នឹងហើយដែលខ្ញុំព្រះករុណាខ្ញុំ និយាយថាវិបត្តិអាចារ្យ និយាយអត់ខុសទេណា … វិបត្តិអាចារ្យពិតជាមាន ព្រោះ ខ្ញុំព្រះករុណាខ្ញុំ ប្រទះខ្លួនឯងពីររឿងហើយ រឿងទីមួយរឿងអាចារ្យអត់វ៉ៃឃ្មោះ កាត់សក់រួចហើយអត់វ៉ៃឃ្មោះ តែគិតថាភ្លេច។ អញ្ចឹងចាំមើលពេលចងដៃរួចហើយវ៉ៃឃ្មោះឬអត់? អត់មែន។ ឃ្មោះហ្នឹងសំខាន់ណាស់ណ៎ា។ យ៉ាងម៉េចគេហៅគងឃ្មោះ? ក្នុងពិធីការ ឃ្មោះហ្នឹងសំខាន់ណាស់ សំខាន់ជាងគេតែម្តង។ អាចារ្យអត់វាយឃ្មោះ បានខ្ញុំព្រះករុណាខ្ញុំ ប្រកាសអំពីវិបត្តិអាចារ្យ។ … រំលឹកឲ្យហើយ និយាយមួយវត្តប្រាប់ឲ្យឮច្រើនវត្ត ប៉ុន្តែក៏ប្រាប់ឲ្យពិធីការរបស់នាយករដ្ឋមន្ត្រីឡើងទៅមើលឲ្យហើយទៅ ដឹងតែនាយករដ្ឋមន្ត្រីកាន់កាំបិតហើយ តើមានគងមានអាចារ្យឬអត់? អញ្ចឹង បានត្រូវមានក្បួនមានខ្នាត …កន្លងទៅតែងតែមានការហ្វឹកហាត់អាចារ្យ … បើយើងចង់ធ្វើបុណ្យធ្វើទាន ត្រូវធ្វើឲ្យត្រូវខ្នាត អាហ្នឹងទើបបានបុណ្យ។
ថ្លែងអំណរគុណចំពោះស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ចូលរួមជួយដោះស្រាយទឹកជូនប្រជាពលរដ្ឋ
ថ្ងៃនេះពិតមែនតែមានការនិយាយលេងសើចខ្លះ ក៏ប៉ុន្តែ ខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះ ថ្លែងពីទីនេះទៅកាន់បងប្អូនជនរួមជាតិនៅទូទាំងប្រទេស ដែលកំពុងស្ថិតនៅក្នុងស្ថានភាពមិនទាន់ឆ្លងផុត នៃគ្រោះមហន្តរាយដោយរលកកំដៅ និងការខ្វះទឹកនោះទេ។ ខ្ញុំព្រះករុណាខ្ញុំ ថ្លែងអំណរព្រះគុណចំពោះព្រះតេជព្រះគុណ ព្រះសង្ឃ ចំពោះស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ កាកបាទក្រហមកម្ពុជា ពិសេសក្មួយៗ យុវជន យុវនារី ដែលបានចូលរួមសកម្មភាពដ៏មមាញឹក នូវក្នុងការជួយដោះស្រាយទឹកជូនប្រជាពលរដ្ឋ។ ឥឡូវនេះ មិនជាបញ្ហាគ្រាន់តែការដោះស្រាយទឹកជូនប្រជាពលរដ្ឋទេ ក៏ប៉ុន្តែ ក៏ស្ថិតនៅក្នុងស្ថានភាពដែលត្រូវជួយសង្គ្រោះបន្ទាន់ អំពីការខូចខាតបណ្តាលពីខ្យល់កន្ត្រាក់បាក់ផ្ទះ ក្នុងមួយថ្ងៃៗ រាប់សិបខ្នង … ធ្វើឲ្យមានមនុស្សស្លាប់ គោក្របីស្លាប់ របួស បាក់ផ្ទះ បាក់ដើមឈើ។ នេះជាបាតុភូតធម្មជាតិដ៏អាក្រក់បំផុត ដែលមិនធ្លាប់មានពីមុនមក … អ្នកនៅជិតទន្លេ អាចថាងាយស្រួលជាង បើប្រៀបធៀបអ្នកឆ្ងាយពីទន្លេ។ មកដល់ពេលនេះ កន្លែងខ្លះមានទឹកគ្រាន់នឹងដោះស្រាយ ដោយត្រងទឹកសម្រាប់ប្រើប្រាស់ ទឹកកន្លែងខ្លះក៏បានឲ្យសត្វគោក្របី និងការលូតលាស់របស់ស្មៅ ដើម្បីគោក្របីវាស៊ី ក៏ប៉ុន្តែ យើងនៅត្រូវបន្តនូវសកម្មភាពបែបនេះតទៅទៀត។ កន្លែងខ្លះត្រូវធ្វើទំាងព្រម ទំាងចែកចាយទឹកជូនប្រជាពលរដ្ឋទំាងការបូមទឹកផ្តល់ជូនប្រជាពលរដ្ឋ តាមរយៈការបូម តាមរយៈការដឹកទឹកស្អាត ឬដឹកទឹកពីកន្លែងដទៃទៅចែកជូនប្រជាពលរដ្ឋ ក៏ត្រូវធ្វើជាមួយគ្នានូវការជីកអណ្តូងថ្មី ស្តារអណ្តូងចាស់អោយវាជ្រៅជាងមុន បុកអណ្តូងថ្មី ជីកស្រះថ្មី ស្តារស្រះចាស់ ស្តារប្រឡាយនានា ដែលយើងបន្តធ្វើរួមគ្នា។
មិនហ៊ានអំពាវនាវបក្សដទៃជួយប្រជាពលរដ្ឋក្នុងគ្រោះរំាងស្ងួត តទៅទៀតទេ
ខ្ញុំព្រះករុណាខ្ញុំ មិនហ៊ានអំពាវនាវតទៅទៀត ជាមួយបណ្តាបក្សនានា ព្រោះតំាងពីការអំពាវនាវមក យើងមិនដែលឃើញបក្សនយោបាយណាចេញមុខធ្វើសកម្មភាព។ កុំនិយាយថាចេញមុខធ្វើសកម្មភាព សូម្បីតែផ្តល់ការលើកទឹកចិត្តគំាទ្រជាមួយសកម្មភាពដ៏មមាញឹករបស់រាជរដ្ឋាភិបាល របស់សប្បុរសជនក៏អត់ផង។ ខ្ញុំព្រះករុណាខ្ញុំ មានសិទ្ធិត្រឹមតែអំពាវនាវចំពោះសប្បុរសជន បក្សកាន់អំណាច ដែលជានិច្ចកាលនៅជាមួយប្រជាជន ដោះស្រាយអោយប្រជាជន មិនរង់ចំាដល់ពេលឃោសនារកសន្លឹកឆ្នោតទេ តែយើងនៅជាមួយប្រជាជនតំាងពីពេលស៊ីអត់ស៊ីឃ្លាន។ នៅកងមាសនេះ ខ្ញុំព្រះករុណាខ្ញុំមកតាមផ្លូវ ២៧០ នេះ ដូចជានៅសល់ស្ពានដែកពីរ។ សុំលើកទៅក្នុងគម្រោងសម្រាប់ការពង្រីកទៅជាស្ពានបេតុង ព្រោះពីតំបន់កាត់ពីផ្លូវជាតិលេខ ៧ មកដល់ទីនេះ គឺវាមិនធំទេ ស្ពាននឹងវាមិនធំប៉ុន្មានទេ។
មន្ត្រីថ្នាក់ខេត្តត្រូវតាមដាន និងឆ្លើយតប Comment ប្រជាពលរដ្ឋ
… អំពាវនាវអោយមន្ត្រីរាជការ កងកម្លំាងប្រដាប់អាវុធ និងមន្ត្រីគណបក្សប្រជាជនកម្ពុជាធ្វើអក្ខរកម្មព័ត៌មានវិទ្យា។ ពីមុនអំពាវនាវអោយធ្វើអក្ខរកម្មកុំព្យូទ័រ ប៉ុន្តែក្រោយមកមើលទៅកុំព្យូទ័រវាពិបាកពេក វាពិបាកស្ពាយតាម ធ្វើអក្ខរកម្មព័ត៌មានវិទ្យាតាមទូរស័ព្ទហ្នឹងហើយ … ហៅថា រដ្ឋាភិបាលអេឡិចត្រូនិច …។ ខ្ញុំបាននិយាយហើយថា ដោយសារតែ Page ខ្ញុំនេះ (មាន)គេ Comment គ្រប់រឿង ប៉ះពាល់ដល់ខេត្តដល់អីអញ្ចឹង ខេត្តកំពង់ចាមគេមានអ្នកតាមដានអាហ្នឹង គាត់អាចនឹងធ្វើ Comment កាត់ត្រឡប់ទៅវិញ ថាខេត្តបានមានផែនការ ឬក៏យ៉ាងម៉េចអីយ៉ាងម៉េច។ អាច Comment កាត់ត្រឡប់ទៅវិញបាន។ ដែលខ្ញុំចង់អោយធ្វើគឺ ធ្វើរបៀបហ្នឹងឯង … ជួនកាល យើងចូលកាត់ទៅ ប្រាប់ថា ខ្ញុំនឹងចៅហ្វាយខេត្តចុះទៅ ឬអនុខេត្តនឹងចុះទៅ តែប៉ុណ្ណឹងក៏វាជាការមួយឆ្លើយតប។ អោយវាមានភាពសកម្ម។ ម្តេចទៅដែលគេហៅថា ស្វ័យប្រវត្តិនោះ … និយាយពាក្យមួយម៉ាត់ថាកុំស្ទក់។
ថ្ងៃទី ១ មេសា ឆ្នាំ ២០១៧ ប្រជាជនទូទាំងប្រទេសនឹងប្រើប្រាស់តម្លៃអគ្គិសនី ៦១០ ក្នុងមួយគីឡូវ៉ាត់ម៉ោង
… ខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះ និយាយបន្តិចទៅកាន់ BTV ហើយមិនមែន BTV កំពង់ចាមទេ (គឺ)BTV ត្បូងឃ្មុំ។ BTV ត្បូងឃ្មុំនោះ ក្ដាប់ខ្លួនឯងអត់បាន ទៅនាំប្រជាជនខុសទៅទៀត។ ថ្ងៃមួយ ជិះឡានទៅទីស្ដីការគណៈរដ្ឋមន្រ្តី BTV ត្បូងឃ្មុំ កំពុងតែផ្សាយផ្ទាល់ជាមួយនឹង BTV នៅភ្នំពេញ (អំពី)ប្រជាពលរដ្ឋទាមទាររឿងថ្លៃភ្លើង ៦១០ រៀល(ក្នុងមួយគីឡូវ៉ាត់ម៉ោង)។ ខ្ញុំបញ្ជាក់សាជាថ្មី ភ្លើងនៅទីនេះ កំពុងមានតម្លៃ ៨៤០ រៀល(ក្នុងមួយគីឡូវ៉ាត់ម៉ោង)។ ដើម្បីអោយច្បាស់ទាំងអស់គ្នា ជាពិសេសអ្នកសារព័ត៌មានដែលនាំអាទិ៍ខុស គឺខ្ញុំព្រះករុណាខ្ញុំ បានប្រកាសថា នៅថ្ងៃទី ១ ខែ មេសា ឆ្នាំ ២០១៧ ប្រជាពលរដ្ឋដែលប្រើប្រាស់ភ្លើងភ្ជាប់ជាមួយបណ្ដាញជាតិទាំងអស់ ហើយដែលប្រើប្រាស់ក្រោម ៥០ គីឡូវ៉ាត់ម៉ោងក្នុងមួយខែ ប្រើប្រាស់ក្នុងតម្លៃ ៦១០ រៀល។ នៅសល់ ១១ ខែទៀត បានដល់។ … ពេលនោះ ការប្រើប្រាស់ក្រោម ៥០ គីឡូវ៉ាត់ម៉ោង តពីបណ្ដាញជាតិ នឹងបង់ត្រឹមតែ ៦១០ រៀល(ក្នុងមួយគីឡូវ៉ាត់ម៉ោង)ទេ។ ឯតម្លៃបូមទឹក នឹងធ្លាក់ទាបជាង មានការកំណត់របស់អគ្គិសនីកម្ពុជា …៕