ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយដែលបានមកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវផ្លូវលេខ ៥៦ ដែលតភ្ជាប់ពីក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ទៅដល់ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលមានប្រវែង ១២៤ គីឡូម៉ែត្រ ហើយដែលមានខ្នែងមួយចូលទៅបន្ទាយឆ្មារផងដែរ។ ខ្ញុំព្រះករុណាខ្ញុំ ពិតជានៅចងចាំថា កាលពីថ្ងៃទី ៧ ខែ មិថុនា ឆ្នាំ ២០១២ ខ្ញុំព្រះករុណាខ្ញុំ បានមកបើកការដ្ឋានស្ថាបនាផ្លូវនេះ ហើយកាលពីពេលនោះ យើងធ្វើនៅឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នៅក្នុងទីតាំងកងវរៈសេនាតូច នៃតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ។ ថ្ងៃនេះ យើងបានយកស្រុកមួយទៀត គឺនៅក្នុងស្រុកថ្មពួក ចេះតែច្រឡំថាស្រុកបន្ទាយឆ្មារ ព្រោះធ្លាប់ទៅចែកបណ្ណកម្មសិទ្ធិដីធ្លីនៅទីនោះ។ ទីនេះ គឺជាវិទ្យាល័យមួយ ហើយក្នុងនោះក៏មានអគារសិក្សារបស់ខ្ញុំព្រះករុណាខ្ញុំមួយចំនួន រាប់ទាំងអគារពីរជាន់មួយនៅទីនេះផងដែរ។
សមិទ្ធផលថ្មី លើដីចាស់ ដែលមានសង្គ្រាមហែកហួរ
ខ្ញុំព្រះករុណាខ្ញុំ សូមអរគុណចំពោះប្រជាពលរដ្ឋ និងបងប្អូនជនរួមជាតិ ដែលបានទទួលបដិសណ្ឋារកិច្ចដ៏រាក់ទាក់។ អម្បាញ់មិញ ខ្ញុំព្រះករុណាខ្ញុំ បានដើរខាងនេះ តែមិនបានដើរខាងនោះ … ទៅកន្លែងណាមិនសំខាន់ទេ សំខាន់គឺយើងបានជួបជុំគ្នា ដើម្បីសម្ពោធដាក់ឲ្យប្រើប្រាស់នូវសមិទ្ធផលមួយជាប្រវត្តិសាស្រ្ត គឺជាសមិទ្ធផលថ្មីលើទឹកដីចាស់ លើទឹកដីដែលមានសង្គ្រាមហែកហួរ ជាតំបន់ដែលត្រួតត្រាដោយជម្លោះប្រដាប់អាវុធនៃភាគី ៤ គឺនៅក្នុងទឹកដីខេត្តបន្ទាយមានជ័យនេះតែម្តង។ ប៉ុន្តែ ឥឡូវនេះ យើងមិនខ្វល់ខ្វាយជាមួយអ្វីដែលហៅថាសង្គ្រាមដណ្តើមទឹកដី កាន់កាប់រវាងខ្មែរ និងខ្មែរនោះទេ ក៏ប៉ុន្តែ យើងខិតខំរក្សាទឹកដីរបស់យើង និងអភិវឌ្ឍទឹកដីរបស់យើង ជំនួសឲ្យការឈ្លោះទាស់ទែងគ្នា និងការវាយប្រហារគ្នាដោយប្រដាប់អាវុធ កាលពីពេលមុន។
នយោបាយឈ្នះ–ឈ្នះ បញ្ចប់ការកាប់សម្លាប់រវាងខ្មែរ និងខ្មែរ ប្រែជាកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់វិញ
តាមរយៈនយោបាយសន្តិភាព តាមរយៈនយោបាយឈ្នះ-ឈ្នះ យើងបានបញ្ចប់នូវស្ថានភាពមិនអំណោយផល ស្ថានភាពកាប់សម្លាប់គ្នារវាងខ្មែរ និងខ្មែរ ដែលអ្នកជំនាន់មុនបានបន្សល់ទុកឲ្យយើង។ តាមរយៈនៃនយោបាយឈ្នះ-ឈ្នះ អនុញ្ញាតឲ្យយើងកសាងឡើងនូវហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ដែលមុននេះ ពិតជាមានការលំបាកណាស់ នៅក្នុងធ្វើដំណើររវាងស៊ីសុផុន/សិរីសោភ័ណ ទៅកាន់ទីរួមខេត្តឧត្តរមានជ័យ គឺក្រុងសំរោង។ កាលពីអតីតកាល អ្នកនៅក្រុងសំរោង បើចង់ទៅប៉ោយប៉ែត ចង់ទៅស៊ីសុផុន សិរីសោភ័ណ គឺត្រូវចេញទៅសៀមរាបសិន ហើយទើបចេញដំណើរតាមផ្លូវជាតិលេខ ៦ មក។ ប៉ុន្តែ ឥឡូវនេះ ការតភ្ជាប់បានផ្តល់ឱកាសដល់ប្រជាពលរដ្ឋរបស់យើងធ្វើដំណើរ ដោយមិនចាំបាច់មានការថយក្រោយទេ គឺថា ពីឧត្តរមានជ័យ ពីក្រុងសំរោង កាត់ឆ្ពោះត្រង់ទៅសិរីសោភ័ណតែម្តង។ មិនត្រឹមតែប៉ុណ្ណឹងទេ បន្តិចទៀត ប្រជាពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យរបស់យើង នឹងបន្តធ្វើដំណើរទៅតាមផ្លូវជាតិលេខ ៥៨ នេះជាស្រទាប់ផ្លូវខាងក្នុងដែលតភ្ជាប់រវាងក្រុងសិរីសោភ័ណ និងក្រុងសំរោង។ យើងមានផ្លូវមួយខ្សែទៀតចេញពីប៉ោយប៉ែត កាត់តាមព្រំដែន រហូតចេញទៅដល់អូស្មាច់តែម្តង ដែលមានចម្ងាយ ១៧៤ គីឡូម៉ែត្រ។ អញ្ចឹងទេ ខេត្តបន្ទាយមានជ័យគឺជាខេត្តមួយ ដែលបានទទួលនូវហេដ្ឋរចនាសម្ព័ន្ធតភ្ជាប់ រួមជាមួយនឹងខេត្តឧត្តរមានជ័យ បាត់ដំបង និងប៉ៃលិន ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធដទៃទៀត។
នេះហើយ គឺជានយោបាយក្របខណ្ឌនៃនយោបាយឈ្នះ-ឈ្នះ ហើយនេះហើយ ជាការប្រែក្លាយអតីតសមរភូមិក្លាយទៅជាតំបន់អភិវឌ្ឍន៍ និងទីផ្សារ ដែលជាគោលនយោបាយធំបំផុតរបស់ខ្ញុំព្រះករុណាខ្ញុំ ក្នុងឋានៈជានាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាល និងក្នុងឋានៈជាមេដឹកនាំដ៏សំខាន់នៃគណបក្សប្រជាជនកម្ពុជា។ យើងបាន និងកំពុងប្រែក្លាយរួចមកហើយ នូវអតីតសមរភូមិ ឲ្យទៅជាទីផ្សារ ឲ្យទៅជាតំបន់អភិវឌ្ឍន៍ ហើយយើងក៏កំពុងបន្តការខិតខំប្រែក្លាយតំបន់ព្រំដែនទាំងអស់ រវាងព្រះរាជាណាចក្រកម្ពុជា ជាមួយប្រទេសជិតខាងឲ្យទៅជាខ្សែព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។ ស្នូរកាំភ្លើងបានបញ្ចប់នៅផ្ទៃក្នុង ហើយក៏បានបញ្ចប់ជាមួយប្រទេសជិតខាង។ អ្វីៗត្រូវដោះស្រាយដោយសន្តិវិធី។
ទោះបីមានការផ្លាស់ប្តូរក្នុងរាជរដ្ឋាភិបាល តែកិច្ចការងារនៅដដែល
ងាកមកបញ្ហាផ្លូវថ្នល់នេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានធ្វើរបាយការណ៍អម្បាញ់មិញ ថ្លែងអំណរគុណចំពោះឯកឧត្តមអតីតរដ្ឋមន្រ្តីក្រសួងសាធារណការ ត្រាំ អ៊ីវតឹក ដែលក្នុងការកែសម្រួលរាជរដ្ឋាភិបាលកន្លងទៅ ត្រូវផ្ទេរឯកឧត្តម ស៊ុន ចាន់ថុល ពីរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម មកធ្វើជារដ្ឋមន្រ្តីក្រសួងសាធារណការ ហើយផ្ទេររដ្ឋមន្រ្តីក្រសួងសាធារណការទៅកាន់រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ហើយផ្ទេររដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ទៅធ្វើជារដ្ឋមន្រ្តីក្រសួងការបរទេស។ នេះជាដំណើរការធម្មតា ហើយយើងរក្សានូវនិរន្តភាព នៃការអភិវឌ្ឍបែបនោះ។ កាលពីមុន ឯកឧត្តម ស៊ុន ចាន់ថុល ជារដ្ឋមន្រ្តីសាធារណការទៅហើយ បន្ទាប់ទៅ គឺឯកឧត្តម ស៊ុន ចាន់ថុល ទៅធ្វើកិច្ចការផ្សេង ហើយឯកឧត្តម ត្រាំ អ៊ីវតឹក ធ្វើជំនួស ប៉ុន្តែ កិច្ចការនៅតែបន្ត។ ទោះបីថាអ្នកណាចូលកាន់ការងារអី គឺទោះបីមនុស្សខុសគ្នា តែការងារវាមិនខុសគ្នាទេ ព្រោះច្បាប់ និងរចនាសម្ព័ន្ធ ដែលទាក់ទងនឹងការរៀបចំ និងការប្រព្រឹត្តទៅនៃស្ថាប័ននិមួយៗ អនុញ្ញាតឲ្យធ្វើបែបនោះ។
យើងត្រូវមានថវិកាបដិភាគ ទើបអាចប្រើឥណទានបរទេសបាន
ខ្ញុំព្រះករុណាខ្ញុំ ពិតជាអរគុណជាមួយសាធារណរដ្ឋកូរ៉េ ក៏ដូចជាធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានផ្តល់នូវហិរញ្ញប្បទាន សម្រាប់ការកសាងផ្លូវមួយខ្សែនេះ ដោយចំណាយធនធានសរុប ចំនួនជាង ៤៩ លានដុល្លារសហរដ្ឋអាមេរិក ក្នុងនោះ បានមកពីធនាគារអភិវឌ្ឍន៍អាស៊ីជាង ១២ លានដុល្លារ បានមកពីសាធារណរដ្ឋកូរ៉េចំនួនជាង ២៩ លានដុល្លារ ហើយបានមកពីថវិកាបដិភាគរបស់រាជរដ្ឋាភិបាលជិត ៧ លានដុល្លារសហរដ្ឋអាមេរិក។ នេះជាការខិតខំប្រឹងប្រែងមួយ រួមជាមួយដៃគូអភិវឌ្ឍន៍មានសាធារណរដ្ឋកូរ៉េ ធនាគារអភិវឌ្ឍន៍អាស៊ី និងមានថវិកាបដិភាគរបស់រាជរដ្ឋាភិបាល។ នៅទីកន្លែងណាក៏ដោយ បើគ្មានថវិកាបដិភាគទេ យើងមិនអាចប្រើប្រាស់នូវឥណទានជាជំនួយក្តី ជាកម្ចីក្តី ពីដៃគូអភិវឌ្ឍន៍បាននោះទេ។ ដូច្នេះហើយ បានខ្ញុំព្រះករុណាខ្ញុំតែងតែនិយាយទៅកាន់រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាស្ថាប័នពាក់ព័ន្ធទាំងអស់ឲ្យត្រៀមបម្រុងការចេញថវិកាបដិភាគ ក្នុងរង្វង់ ១០%, ២០% ឬ ៣០% នៃគម្រោងនិមួយៗ។ បើអត់មានថវិកាទេ មិនអាចអនុវត្តបាននោះទេ។ ទោះបីថាប្រទេសក្រៅណាក៏ដោយ តែងតែដាក់ទុនមក មិនដែលដាក់ទាំងស្រុងទេ គឺតែងតែមានថវិកាបដិភាគរបស់យើង ដូចជាការដោះស្រាយផលប៉ះពាល់ យើងជាអ្នកចេញ ហើយដោះស្រាយមីន និងគ្រាប់មិនទាន់ផ្ទុះ យើងជាអ្នកចេញ។
តំបន់នេះមានមីនច្រើនជាងគេបង្អស់ ព្រោះជាតំបន់ធ្លាប់ប្រយុទ្ធខ្លាំង
តំបន់នេះ ជាតំបន់ដែលមានមីនច្រើនជាងគេ បើតាមជើងលេខ ដែលខ្ញុំព្រះករុណាខ្ញុំបានជួបប្រទះកន្លងទៅនេះ គឺប្រវែងផ្លូវដែលយើងធ្វើមកនេះ រកឃើញគ្រាប់ ១៧៦២ គ្រាប់ ក្នុងទំហំដីទទឹង ២៥ ម៉ែត្រ ពីអ័ក្សសងខាងផ្លូវ។ អញ្ចឹងទេ ១៧៦២ គ្រាប់នេះ បើសិនយើងមិនបានដោះទេ ប្រហែលជាប្រហារជីវិតមនុស្សមិនតិចជាង ៥០០ នាក់នោះទេ ព្រោះថា ដល់ដំណាក់កាលណាមួយ ប្រជាពលរដ្ឋ ឬ គោ ក្របី ដើរប៉ះវា វានឹងធ្វើឲ្យគ្រោះថ្នាក់ទៅដល់ប្រជាជនរបស់យើង។ ប៉ុន្តែ នេះជាកំហុសរបស់អ្នកណា? មិនមែនជាកំហុសយើងក្មេងជំនាន់ក្រោយទេ តែជាកំហុសពួកធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម ព្រះសីហនុ ឆ្នាំ ១៩៧០ ខែ មីនា ដែលនាំទៅដល់សង្គ្រាមវិនាសកម្មនៅទូទាំងប្រទេសកម្ពុជា នាំទៅដល់របបប្រល័យពូជសាសន៍ និងនាំទៅដល់សង្គ្រាមបែងចែកទឹកដី ដែលនៅក្នុងខេត្តបន្ទាយមានជ័យមុននេះជាផ្នែកមួយនៃខេត្តបាត់ដំបង ត្រូវរងគ្រោះយ៉ាងខ្លាំង ព្រោះជាតំបន់ដែលមានការប្រយុទ្ធគ្នាតឹងតែងណាស់។ នៅថ្មពួកនេះ វាយគ្នា តាមខ្ញុំព្រះករុណាខ្ញុំនៅចាំ នៅថ្ងៃភ្ជុំតែម្តង នៅបន្ទាយកណ្តោល ដែលខ្ញុំព្រះករុណាខ្ញុំទាក់ទងផ្ទាល់ហើយ មកកណ្តោល ឈរជើងបានតាំងពីថ្ងៃភ្ជុំ រហូតមកទល់ ៧ ថ្ងៃក្រោយ ទើបកណ្តោលដាច់។ វិទ្យុទាក់ទងពីផ្ទះខ្ញុំព្រះករុណាខ្ញុំ ទាក់ទងមកជាមួយអ្នកកាន់អាយកូមនោះ ហើយចេញពី សុរិយា ១។ សុរិយា ១ជាអ្នកណា? គឺខ្ញុំព្រះករុណាខ្ញុំហ្នឹងហើយ ហើយ យ៉ាន ដូចជា សុរិយា ៥។ សុរិយា ១, ២, ៣, ៤, ៥ ដល់ទៅបង ជា ស៊ីម ទៅជាចន្ទ្រាទៅវិញ។ នៅពេលដែលដាច់ទីតាំងនោះឯង គឺផ្តល់ឱកាសឲ្យកម្លាំងត្រីភាគី មានហ៊្វុនស៊ីនប៉ិច មាន KP និងមានខ្មែរក្រហមចូលកាន់កាប់ ប៉ុន្តែ ភាគច្រើនហ៊្វុនស៊ីនប៉ិចនៅថ្មពួកនេះ។ បន្ទាប់ទៅ ត្រីភាគីបានបើកការវាយ ដើម្បីដណ្តើមយកស្រុកស្វាយចេក ហើយយើងក៏បានវាយយកស្រុកស្វាយចេកវិញ។ ខ្ញុំមកដល់ស្វាយចេកជាមួយ យ៉ាន ដើម្បីបាញ់ BM21 សាក BM21។
តួនាទីសន្តិភាព អ្នកស្វែងរក និងការពារសន្តិភាព
សាកបេអឹម ២១ ជាលើកដំបូង។ នេះជាប្រវត្តិសង្រ្គាមដែលយើងមិនចង់ជួប។ បើសិនជាបន្តវ៉ៃគ្នាតទៅទៀត តើយើងមានឱកាសធ្វើផ្លូវនេះទេ? វាអត់មានទេ។ ធ្វើស្ពានគេផ្តាច់ស្ពាន ធ្វើផ្លូវគេផ្តាច់ផ្លូវ ហើយគ្មានអ្វីដែលទ្រាំទ្របានទេ។ ដូច្នេះ តាមរយៈនយោបាយឈ្នះ-ឈ្នះ តាមរយៈសន្តិភាពនេះហើយ ដែលផ្តល់ឱកាសឲ្យយើងអភិវឌ្ឍ ក្នុងហ្នឹងដៃគូរបស់យើងក៏បានចូលរួមដូចជាផ្លូវនេះឯង ដែលមានទាំងសាធារណរដ្ឋកូរ៉េ មានទាំងធនាគារអភិវឌ្ឍន៍អាស៊ី និងបូកជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាល។ ឯចំពោះផ្លូវលេខ ៦៨ ដែលតភ្ជាប់ពីប៉ោយប៉ែតតាមជាយព្រំដែន រហូតដល់អូស្មាច់ នោះហិរញ្ញប្បទានដោយសាធារណរដ្ឋប្រជាមានិតចិន។ នេះហើយជាចំណុចដែល ខ្ញុំព្រះករុណាខ្ញុំ នៅតែបន្តរំលឹកថា សន្តិភាពមានតម្លៃធំណាស់សម្រាប់យើង បើគ្មានសន្តិភាពកុំនិយាយដល់ការអភិវឌ្ឍ។
ត្រូវមើលឃើញតួនាទីរបស់បក្សនយោបាយណាដែលបំផ្លាញសន្តិភាព ហើយបក្សនយោបាយណា ដែលមានលទ្ធភាពរក្សាសន្តិភាព។ ចំណុចនេះ ទើបជាចំណុចសំខាន់។ តើនៅមជ្ឈិមបូព៌ាបច្ចុប្បន្ន ដែលកំពុងទៅវ៉ៃគ្នានៅស៊ីរ៉ី វ៉ៃគ្នានៅអ៊ីរ៉ាក់ វ៉ៃគ្នានៅលីប៊ី វ៉ៃគ្នានៅយេម៉ែន តើមកពីអ្វី? គឺមកពីបក្សនយោបាយដឹកនាំប្រទេសនោះ ឬការជ្រៀតជ្រែកណាមួយនៅទីនោះបង្កើតឡើង។ តើប្រជាជននៅតំបន់មជ្ឈិមបូព៌ាស្លាប់អស់ប៉ុន្មានទៅហើយ? ឥឡូវនេះកំពុងរត់ភៀសខ្លួនទៅកាន់អឺរ៉ុប ហើយអឺរ៉ុប គឺមុននេះ បើកចំហទ្វារសម្រាប់ការទទួលជនភៀសខ្លួន។ ប៉ុន្តែ ទ្វារត្រូវបានបិទ ហើយជនភៀសខ្លួនទាំងនោះកំពុងស្ថិតក្នុងស្ថានភាពតោកយ៉ាកខ្លាំងណាស់។ ដូច្នេះ ត្រូវមើលឃើញតួនាទីរក្សាសន្តិភាពមុនគេបង្អស់ កុំនិយាយដល់ការអភិវឌ្ឍ កុំនិយាយដល់ប្រជាធិបតេយ្យ តែចាប់ផ្តើមមានសង្រ្គាមហើយ គឺចុកមាត់ជិតហើយ កុំឆ្ងល់ពេក។
អ្នកខ្លះនិយាយបានត្រឹមប្រជាធិបតេយ្យ និយាយបានពីសិទ្ធិមនុស្ស ក៏ប៉ុន្តែ គេអត់បានគិតពីសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបាននូវសន្តិភាព សិទ្ធិចាកចេញផុតពីការភ័យខ្លាចនៃសង្រ្គាមនោះទេ។ សូម្បីតែកូរ៉េបច្ចុប្បន្ននេះ ទាំងឯកឧត្តម អគ្គរដ្ឋទូត ទាំងលោកជំទាវ ក៏ដូចជាប្រិយមិត្តកូរ៉េ ក៏កំពុងតែព្រួយបារម្ភដែរ ដោយសារចែកកូរ៉េជាពីរ ជើង និងត្បូង ហើយខាងជើងចេះតែបាញ់ម៉ីស៊ីលជាប់រហូត។ អញ្ចឹងខាងត្បូងត្រូវតែត្រៀម ជាប់ជានិច្ច។ រាប់ទាំងពលរដ្ឋខ្មែររាប់ម៉ឺននាក់កំពុងតែធ្វើការនៅកូរ៉េខាងត្បូង ក៏កំពុងតែមានការព្រួយបារម្ភដែរ។ ចំណុចនេះ ត្រូវមើលឲ្យឃើញអំពីតួនាទីសារៈសំខាន់នៃសន្តិភាព និងតួនាទីសំខាន់នៃអ្នកដែលស្វែងរកសន្តិភាព និងចេះការពារសន្តិភាព បើមិនដូច្នោះទេ វានឹងជួបគ្រោះថ្នាក់ឡើងវិញ ហើយបង្កឲ្យមានមនុស្សស្លាប់។ ដូច្នេះហើយបានជារាជរដ្ឋាភិបាលត្រូវមានវិធានការចាំបាច់នានា ដើម្បីថែរក្សាសន្តិភាព រាប់ទាំងខ្ញុំព្រះករុណាខ្ញុំ និយាយថាដោយតម្លៃណាក៏ដោយ ត្រូវតែរក្សាសន្តិភាពឲ្យបាន មិនអនុញ្ញាតឲ្យបុគ្គលម្នាក់ ឬមួយក្រុមបំផ្លាញសន្តិភាពបានទេ។
ការអភិវឌ្ឍត្រូវពឹងផ្អែកលើអាទិភាព ៤
រាជរដ្ឋាភិបាល ត្រូវប្រកាន់យកវិធានការដាច់ខាតរក្សាសន្តិភាព។ ខ្ញុំគិតថា តាមការប៉ាន់ស្មានរបស់ខ្ញុំ(ការជួបជុំនេះ)ប្រហែលជាមានជាង ១ ម៉ឺននាក់ …។ ពីដើមកាលពីជំនាន់វ៉ៃគ្នា ហ៊ានជួបជុំអញ្ចឹងទេ? គេផ្លោងដាក់ អត់ហ៊ានជួបប្រជុំគ្នាអញ្ចឹងទេ។ ខ្ញុំព្រះករុណាខ្ញុំ ឡើងមកជាមួយ កែ កឹមយ៉ាន ទៅប្រជុំនៅស៊ីសុផុន/សិរីសោភ័ណ ក្នុងសាលមហោស្រព។ ប៉ុន្តែ យ៉ាងណាក៏ដោយឥឡូវនេះ សភាពការណ៍ថ្មីដាក់ឲ្យយើងត្រូវមានកិច្ចការមួយទៀត ដើម្បីរក្សាសន្តិភាព ត្រូវតែមានការអភិវឌ្ឍ អញ្ចឹងការអភិវឌ្ឍវាត្រូវពឹងផ្អែកលើហេដ្ឋារចនាសម្ព័ន្ធ ក្នុងហ្នឹងអាទិភាព ៤ ដែលត្រូវយកមកដោះស្រាយ រួមមានមនុស្ស ទឹក ផ្លូវ និងភ្លើង ជាគោលដៅនៃការវិនិយោគ។ មុននេះ ហៅថា ទឹក ផ្លូវ ភ្លើង មនុស្ស ប៉ុន្តែ ឥឡូវ គឺយើងប្រើប្រាស់ការអភិវឌ្ឍធនធានមនុស្សគឺជាមុំទីមួយ។ វាជាភ័ព្វសំណាង ហើយជាភស្តុតាងជាក់ស្តែងមួយ នៃការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល របស់គណបក្សប្រជាជនដែលជាបក្សកាន់អំណាច ដោយយើងសម្ពោធផ្លូវ នៅជាប់ទីនេះ ជាមួយនឹងវិទ្យាល័យតែម្តង។ នេះបង្ហាញឲ្យឃើញថា អាទិភាពទាំង ៤ មានអាទិភាព ២ ហើយ ដែលយើងកំពុងធ្វើ មួយគឺការបណ្តុះបណ្តាលធនធានមនុស្ស មានទាំងបឋមសិក្សា មានទាំងអនុវិទ្យាល័យ និងវិទ្យាល័យថ្មពួកនេះ និងមួយទៀតប្រព័ន្ធផ្លូវដែលយើងកំពុងសម្ពោធថ្ងៃនេះ គឺប្រវែង ១២៤ គីឡូម៉ែត្រ ដែលតភ្ជាប់រវាង ខេត្តពីរ គឺខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ ដែលសម្រួលឲ្យប្រជាជន មិនត្រឹមតែប្រជាជនដែលរស់នៅតាមសងខាងផ្លូវទេ ប៉ុន្តែសម្រួលឲ្យប្រជាពលរដ្ឋ ដែលធ្វើដំណើរ ពីកន្លែងមួយទៅកាន់កន្លែងមួយ មិនថាអ្នកនោះជាអ្នកណាទេ រាប់ទាំងសម្រួលឲ្យបក្សនយោបាយនានា ឃោសនាជេររាជរដ្ឋាភិបាលថែមទៀតផង។ ពីដើមអត់មានផ្លូវ គេពិបាកមកជេររាជរដ្ឋាភិបាលនៅកន្លែងនេះដែរ ឥឡូវដល់មានផ្លូវទៅគេស្រួលជិះមកជេរដែរ។
កុំមើលស្រាលពាណិជ្ជកម្មរវាងប្រទេសនឹងប្រទេស
… សេរីភាពរបស់អ្នកមានព្រំប្រទល់ជាមួយនឹងសេរីភាពរបស់អ្នកដទៃ។ ត្រូវចាំឲ្យច្បាស់ អំពីចំណុចទាំងអស់នេះ។ គេមានសិទ្ធិ យើងក៏មានសិទ្ធិ។ ក្រៅពីផ្លូវនេះ យើងនៅមានការដោះស្រាយផ្លូវលេខ ៥៨ មួយខ្សែទៀត មិនមែនជាផ្លូវសម្រួលការដឹកជញ្ជូនកងទ័ពទៅច្បាំងគ្នានៅទល់ដែនទេ។ ក៏ប៉ុន្តែ គោលដៅរបស់យើង ធំជាងគេ គឺសម្រួលពាណិជ្ជកម្ម គឺសម្រួលប្រជាជន និងប្រជាជនក្នុងស្រុក និងសម្រួលការតភ្ជាប់រវាងកម្ពុជា និងព្រះរាជាណាចក្រថៃ។ យើងទទួលភារកិច្ចពីរ មួយតភ្ជាប់នូវផ្ទៃក្នុង និងមួយទៀតតភ្ជាប់ជាមួយនឹងប្រទេសជិតខាង។ តាមរយៈប្រព័ន្ធដឹកជញ្ជូន គ្រាន់តែតាមព្រំដែនកម្ពុជា-ថៃនេះ យើងមានតំបន់តភ្ជាប់យ៉ាងច្រើន កោះកុង ប៉ៃលិន កំរៀងភ្នំព្រឹក ក៏មានការតភ្ជាប់ មេឡៃ ប៉ោយប៉ែត បឹងត្រកួន អូស្មាច់ ស្រអែម អានសេះ តភ្ជាប់គ្នាបែបនេះ ទើបសម្រួលឲ្យការដោះស្រាយពាណិជ្ជកម្ម។
ពាណិជ្ជកម្មរវាងកម្ពុជា និងថៃ មានតម្លៃ ៤៣០០ លានដុល្លារសហរដ្ឋអាមេរិក ក្នុងហ្នឹងកម្ពុជា នាំទៅប្រទេសថៃជាង ៥០០ លាន ឯនាំយកពីប្រទេសថៃត្រឡប់មកវិញគឺជាង ៣០០០ លាន អញ្ចឹងទេ ខ្ញុំព្រះករុណាខ្ញុំ ប្រាប់នាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា ថាកុំមើលស្រាលពាណិជ្ជកម្មរវាងប្រទេសនឹងប្រទេស។ ទំហំពាណិជ្ជកម្មកម្ពុជាថៃ គឺ ៣៤០០ លានដុល្លារសហរដ្ឋអាមេរិក ហើយទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមជាង ៣០០០ លានដុល្លារសហរដ្ឋអាមេរិក ពិតមែនតែមិនសម្រេចគោលដៅ ៥០០០ លានដុល្លារ។ ប៉ុន្តែ យើងមានគោលដៅ ឆ្ពោះទៅកាន់ ៥០០០ លានដុល្លារ។ ជាមួយនេះ ហើយសំខាន់ត្រូវខិតខំតភ្ជាប់ឲ្យបាន ហើយការភ្ជាប់មិនមែន គ្រាន់តែជាការតភ្ជាប់ផ្លូវប៉ុណ្ណោះទេ យើងនៅមានការតភ្ជាប់ដទៃទៀត ដូចជាការតភ្ជាប់អគ្គិសនីយកមកប្រើប្រាស់ នៅក្នុងតំបន់នេះ គឺភាគច្រើនប្រើប្រាស់អគ្គិសនី ដែលនាំមកពីប្រទេសថៃចូលមក។ ដូច្នេះ ការតភ្ជាប់ទាំង ដែលយើងធ្វើជាមួយគ្នារវាងប្រទេសយើង ជាមួយនឹងប្រទេសជិតខាង គឺជាការតភ្ជាប់សំដៅ និងសម្រួលឲ្យប្រជាជនទាំងសងខាងរស់នៅដោយសន្តិភាព និងរស់នៅដោយមានជីវភាពល្អប្រសើរ។
សម្រេចបានសមិទ្ធផលមួយក្នុងសមិទ្ធផលជាច្រើន
ក្នុងថ្ងៃនេះ យើងសម្រេចបានសមិទ្ធផលមួយ ក្នុងចំណោមសមិទ្ធផលជាច្រើនទៀត ដែលត្រូវបាន និងកំពុងធ្វើ ហើយបានដាក់ឲ្យប្រើប្រាស់មួយចំនួនរួចស្រេចទៅហើយ។ ខ្ញុំអរគុណចំពោះការខិតខំរបស់ក្រសួងសារធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានខិតខំកសាងរួមគ្នានូវផ្លូវនេះ។ អគុណចំពោះអាជ្ញាធរខេត្តទាំងពីរ ដែលបានប្រឹងប្រែងជាមួយនឹងការការពារ និងដោះស្រាយបញ្ហានានាធ្វើឲ្យយើងសម្រេចជោគជ័យ។ ខ្ញុំព្រះករុណាខ្ញុំ ក៏សុំអភ័យទោសផងដែរ ហើយបានសុំអភ័យទោសតាំងពីឆ្នាំ ២០១២ ពេលដែលខ្ញុំព្រះករុណាខ្ញុំ បើកការដ្ឋាន ព្រោះពេលនោះលំបាកណាស់ មហាលំបាក។ ខ្ញុំព្រះករុណាខ្ញុំ មកដេកនៅសៀមរាប ព្រោះគេថាឧទ្ធម្ភាគចក្រហោះមិនបានទេ។ ថ្ងៃនេះ ត្រៀមមកអាធំ ប៉ុន្តែ ឯកឧត្តម លឹម គានហោ ថាអាចហោះធនតូចបាន។ … ជំហានដំបូងផ្លូវនេះលំបាកណាស់ អាហុយក៏ហុយ អាជាប់ភក់ ក៏ជាប់ភក់ ព្រោះកាលដែលយើងចាប់ផ្តើម ចាប់ទាំងតាតេកតាតាក ហើយចាប់ផ្តើមក្នុងរដូវភ្លៀងទៅទៀត។
សុំអរគុណសារជាថ្មីម្តងទៀត តាមរយៈឯកឧត្តមអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ តាមរយៈតំណាងធនាគារអភិវឌ្ឍន៍អាស៊ី ដែលមានវត្តមាននៅទីនេះផងដែរ។ យើងត្រូវការទុនបន្តទៅទៀត។ ផ្លូវលេខ ៥៦ នេះជា ដំណាក់កាល ឯកឧត្តមប្រធានាធិបតី លី យ៉ុងប៉ាក់ ផ្លូវជាតិលេខ ៣ ដំណាក់កាលប្រធានាធិបតី រ៉ូ មូយ៉ុង ផ្លូវដែលយើងបើកបើកការដ្ឋានថ្ងៃមុននេះ ផ្លូវលេខ ២១ ដំណាក់កាលប្រធានាធិបតី លោកជំទាវ ប៉ាក គឹនហេ។ ខ្ញុំជាស្ថាបនិកនៃការដាក់ទំនាក់ទំនងការទូតរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ដូច្នេះ ខ្ញុំត្រូវចាំពីប្រវត្តិ។ ចាប់ផ្តើមដំបូង ឯកឧត្តម គីម ជុងសាន ខ្ញុំទស្សនកិច្ច យើងចរចាដំណាក់កាលដំបូង បន្ទាប់ទៅឯកឧត្តម គីម ដេយ៉ុង យើងចាប់ផ្តើមទទួលបានឥណទានមួយចំនួន បន្ទាប់ទៅ ឯកឧត្តម រ៉ូ មូយ៉ុង យើងទទួលឥណទានមួយចំនួន បន្ទាប់ទៅ លី យ៉ុងប៉ាក បន្ទាប់ទៅលោកជំទាវ ប៉ាក គឹនហេ។
ចំនួននៃជំនួយនេះ ផ្តល់ឥណទានមកឲ្យកម្ពុជាចេះតែឡើង។ យើងខ្ញុំត្រូវការទុនបន្ថែមទៀត។ ខ្ញុំព្រះករុណាខ្ញុំ ប្រាប់មេដឹកនាំប្រទេសនានាថា កម្ពុជាបច្ចុប្បន្នប្រៀបដូចយន្តហោះដែលកំពុងប្រឹងហោះឡើង បើសិនជាមានកាត់បន្ថយល្បឿនតែបន្តិច កប៉ាល់វាធ្លាក់ចុះ។ យើងមានតម្រូវការតទៅទៀត នូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ បើគ្មានហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ កុំនិយាយដល់ការអភិវឌ្ឍ។ តាំងពីឆ្នាំ ១៩៨៧ រហូតមកដល់ពេលនេះ គឺម្ភៃប៉ុន្មានឆ្នាំទៅហើយ នៅតែមួយឆ្នាំទៀត គ្រប់ ៣០ ហើយ ឆ្នាំ ២០១៧ វាគ្រប់ ៣០ ឆ្នាំហើយ។ តាំងនេះជាទីតាំងកំពុងអភិវឌ្ឍធនធានមនុស្ស ហើយឯកឧត្តម កែ គឹមយ៉ាន ក៏បានផ្តួចផ្តើមគំនិតកសាងនូវសាកលវិទ្យាល័យមានជ័យ … គ្រាន់តែទិសខាងលិច មានសាកលវិទ្យាល័យមានជ័យ សាកលវិទ្យាល័យបាត់ដំបង សាកលវិទ្យាល័យនៅសៀមរាប។ ដូច្នេះ មានសាកលវិទ្យាល័យច្រើនណាស់ ដើម្បីបណ្តុះបណ្តាលធនធានមនុស្ស ដែលមុននេះ នៅដំណាក់កាលសង្គ្រាម គ្រូបង្រៀន សាស្ត្រាចារ្យរបស់យើង តែងតែរត់ចូលត្រង់សេជានិច្ច … តាំងពីឆ្នាំ ១៩៧០ មានការទម្លាក់គ្រាប់បែកដោយពួកអាមេរិកាំងមក …។
យុទ្ធនាការក្របខណ្ឌទូទាំងប្រទេស ដោះស្រាយទឹកជូនប្រជាពលរដ្ឋ
… សូមបញ្ជាក់បន្តិចថា ខេត្តបន្ទាយមានជ័យ ស៊ីចៅហ្វាយខេត្តច្រើនបន្តិច។ ប៉ុន្តែបើទោះបីជាមានការផ្លាស់ប្តូរចៅហ្វាយខេត្តក៏ដោយ ការងារអភិវឌ្ឍ និងការពារសន្តិសុខសណ្តាប់ធ្នាប់សង្គម មិនត្រូវបានផា្លស់ប្តូរនោះទេ ហើយកែលម្អកាន់តែល្អឡើង។ ពីឯកឧត្តម អ៊ុង អឿន ទៅឯកឧត្តម ទ្រី ណារិន ជាអកុសលគឺឯកឧត្តម ទ្រី ណារិន គ្រោះថ្នាក់ចរាចរណ៍ទទួលមរណៈភាព ក៏បញ្ជូនឯកឧត្តម គោ ស៊ុំសារឿត ពីរដ្ឋលេខាធិការក្រសួងទេសចរណ៍មកកាន់ជាអភិបាលខេត្ត។ ប៉ុន្តែនៅពេលដែលកែសម្រួលរាជរដ្ឋាភិបាលនេះ ក៏ត្រូវយកឯកឧត្តម គោ ស៊ុំសារឿត ទៅធ្វើជារដ្ឋលេខាធិការក្រសួងធនធានទឹក ហើយក៏យកអនុខេត្តមួយ ឯកឧត្តម សួន បវរ ធ្វើជាអភិបាលខេត្តនៅទីនេះតែម្តង។
ក្នុងរយៈពេលចុងក្រោយនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ចុះមកដឹកនាំយុទ្ធនាការមួយ ដែលផ្តើមចេញពីខេត្តបន្ទាយមានជ័យនឹងតែម្តង គឺការដោះស្រាយទឹកដែលកំពុងខ្វះខាតនៅពេលនេះ ដែលក្នុងពេលប្រជុំគណៈរដ្ឋមន្ត្រី និងក្រោយប្រជុំគណៈរដ្ឋមន្ត្រី ខ្ញុំព្រះករុណាខ្ញុំ បានចង្អុលការឲ្យក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ បញ្ចុះថវិកា តាមរយៈគណៈកម្មាការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តម ញឹម វណ្ណដា ដើម្បីដោះស្រាយការចែកទឹកជូនប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យរបស់យើង។ ឥឡូវនេះកំពុងតែទម្លាក់ទឹកពីអាងកំពីងពួយរបស់ខេត្តបាត់ដំបង ត្រូវបូមទាំងអស់ ៧ ដំណាក់ ប៉ុន្តែនៅក្នុងរបាយការណ៍របស់ សួន បវរ ដែលបានផ្ញើឲ្យខ្ញុំថាបានឆ្លងកាត់ ៥ ដំណាក់ហើយ នៅសល់ ២ ដំណាក់ទៀត ទើបចូលដល់ទឹកមង្គលបុរី។
… សូមយកឱកាសនេះ វេទិកានេះ ដាក់ចេញនូវយុទ្ធនាការនៅក្នុងក្របខណ្ឌទូទាំងប្រទេស ដើម្បីដោះស្រាយទឹកជូនប្រជាពលរដ្ឋ។ ឆ្នាំនេះចាត់ទុកថាជាគ្រោះមហន្តរាយហើយ ប៉ុន្តែខ្ញុំព្រះករុណាខ្ញុំ មិនស្នើសុំសភា មិនស្នើសុំការឡាយព្រះហស្ថព្រះមហាក្សត្រ ដើម្បីដាក់ប្រទេសជាតិក្នុងគ្រាមានអាសន្ននោះទេ។ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំព្រះករុណាខ្ញុំ ដាក់ចេញនូវយុទ្ធនាការចែកចាយទឹកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់។ ឆ្នាំនេះមិនមែនគ្រាន់តែកម្ពុជាមួយទេ គ្រប់ប្រទេសទាំងអស់មានបញ្ហាដូចៗគ្នា ដោយព្យាករណ៍ពីដើមឆ្នាំ ក្រសួងធនធានទឹក បានរៀបចំសំណើស្នើសុំឲ្យខ្ញុំព្រះករុណាខ្ញុំ ចេញសារាចរណ៍ណែនាំអំពាវនាវចំពោះប្រជាពលរដ្ឋធ្វើស្រែប្រាំងតែម្តងបានហើយ ដើម្បីទុកទឹកប្រើប្រាស់។ ការព្យាករណ៍ និងវិធានការររបស់យើង ពិតជាត្រឹមត្រូវ ព្រោះបើសិនជាយើងយកទឹកធ្វើស្រូវពីរដង យើងនឹងអស់ទឹកប្រើប្រាស់ សម្រាប់ការទទួលទាន ការដាំបាយ ឬការមុជ។ អរគុណចំពោះស្ថាប័នគ្រប់អាជ្ញាធរដែនដី ដែលបានអនុវត្តនូវវិធានការទាំងនោះ ដោយរក្សាទុកទឹក។
ឥឡូវនេះ សភាពការណ៍ទៅហួសពីកម្រិតដែលយើងពិបាក(ដោះស្រាយ)នោះ នៅត្រង់ថា ទឹកទន្លេមេគង្គទាបពេក បណ្តាបឹងបួរ ទឹករាក់ពេក សូម្បីតែបុណ្យអុំទូកយើងក៏អត់បានធ្វើដែរ។ ចិនបានទម្លាក់ទឹក ៣ ដងរួចមកហើយ ពីទន្លេឡានឆាង ចូលមកក្នុងទន្លេមេគង្គ ដើម្បីឲ្យកម្ពស់ទឹកនៅក្នុងទន្លេមេគង្គ នៅក្នុងដែនដី របស់មីយ៉ាន់ម៉ា ដែនដីថៃ ដែនដីឡាវ ដែនដីកម្ពុជា និងដែនដីវៀតណាម មានកំណើនទឹក។ ក៏ប៉ុន្តែ វៀតណាម បាននិយាយថា ១០០ ឆ្នាំ មិនធ្លាប់មាន ដែលទឹកសមុទ្របានហូរចូលតាមទន្លេមេគង្គជាង ១០០ គីឡូម៉ែត្រ។ បើសិនជាទឹកទាបបន្តទៀត មិនមែនគ្រាន់តែបញ្ហារបស់ប្រទេសវៀតណាមទេ ប៉ុន្តែទឹកប្រៃអាចហូរចូលមកក្នុងទន្លេមេគង្គតែមួយ។ ឥឡូវពេលដែលទឹកធ្លាក់ចុះទៅនោះ បានធ្វើឲ្យអណ្តូងមួយចំនួនរបស់យើងចាប់ផ្តើមរីងស្ងួតអត់មានទឹកដែរ។ ទឹកទន្លេ បឹងរីងស្ងួតទៅហើយ ប៉ុន្តែឥឡូវរីងស្ងួតទាំងអណ្តូងទៀត។
… ខ្ញុំព្រះករុណាខ្ញុំ ដាក់ចេញនូវបទបញ្ជានៅក្នុងក្របខណ្ឌទូទាំងប្រទេស ប្រមូលផ្តុំការខិតខំទាំងអស់ ដើម្បី ដោះស្រាយទឹកឲ្យប្រជាជនប្រើប្រាស់ ក្នុងហ្នឹងមិនត្រូវទុកឲ្យគ្រោះថ្នាក់បណ្តាលមកពីការខ្វះខាតទឹកទេ។ នេះជាបទបញ្ជាដាច់ណាត់ ដែលគ្រប់ស្ថាប័នមានភារកិច្ច អាជ្ញាធរដែនដីត្រូវធ្វើកិច្ចការងារនេះ គណៈកម្មាការគ្រប់គ្រងគ្រោះមហន្តរាយតែឯង មិនគ្រប់គ្រាន់ទេ ត្រូវប្រើកម្លាំងសរុប វិធានការសរុប មធ្យោបាយសរុប ដើម្បីដោះស្រាយនូវបញ្ហានេះឲ្យខានតែបាន។ ក្នុងហ្នឹងត្រូវប្រមូលផ្តុំកម្លាំងទាំងអស់ចូលរួម គណៈកម្មាការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តម ញឹម វណ្ណដា ត្រូវបន្ត ហើយថវិកាត្រូវទម្លាក់មកដំបូងគ្រាន់តែជាដំណាក់កាលដំបូងទេ។ ថវិកានេះវាមិនគ្រប់ទេ។ អម្បាញ់មិញឯកឧត្តម កែ កឹមយ៉ាន និងលោកជំទាវ បានរៀបចំឲ្យខ្ញុំចែកទឹកជានិមិត្តរូប … ខេត្តបន្ទាយមានជ័យ ដែលដឹកនាំយុទ្ធនាការដោយឯកឧត្តម កែ កឹមយ៉ាន ផ្ទាល់ ជាគំរូពិសោធន៍មួយនៃការប្រមូលមធ្យោបាយដើម្បីដឹក។ ឥឡូវដូចជាឡានធំដឹក តាមផ្លូវមកដល់ គោយន្តដែលដឹកទឹកនោះ ត្រូវរង់ចាំដើម្បីទទួលយកទឹក។
ចៅហ្វាយខេត្តទាំងអស់ផ្អាកការទៅចូលរួមប្រជុំនៅភ្នំពេញ
… ឯកឧត្តម ញឹម វណ្ណដា ត្រូវធ្វើជាមួយនឹងតំណាងខេត្ត។ ខ្ញុំសូមស្នើកាត់បន្ថយ ការប្រជុំទាំងអស់នៅភ្នំពេញ ក្រសួងណាហៅចៅហ្វាយខេត្តទៅភ្នំពេញ អត់ឲ្យទៅទេ។ ក្រសួងចង់ប្រជុំ មកប្រជុំជាមួយខេត្តមក ឬក៏បើក Video conference ប្រជុំទៅ។ ខ្ញុំបានឯកភាពជាមួយសម្តេច ស ខេង ហើយ។ មុនហៅចៅហ្វាយខេត្ត ត្រូវមានការយល់ព្រមពីនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីមហាផ្ទៃសិន … ផ្អាកការប្រជុំនានានៅភ្នំពេញសិន ដោះស្រាយទឹកសិន។ លោកខេត្តឈរជើងឲ្យជាប់នៅខេត្ត។ ប្រយ័ត្នខ្ញុំ video conference ត្រូវការជួបចៅហ្វាយខេត្ត ដើម្បីសួរពីស្ថានភាពទឹក។ កុំរាយការណ៍ច្រើនពេក គ្រោះថា្នក់ចរាចរណ៍ក៏រាយការណ៍ មិនបាច់ទេអាហ្នឹង រាយការណ៍ឲ្យរដ្ឋមន្ត្រីមហាផ្ទៃទៅ គ្រោះថ្នាក់ចរាចរណ៍មិនបាច់រាយការណ៍ឲ្យខ្ញុំទេ។ រឿងដែលខ្ញុំចង់ដឹងជាងគេឥឡូវនេះ គឺរឿងទឹក។ វាយតែប៉ុន្មានបន្ទាត់បានហើយ។ ថ្ងៃហ្នឹងមានភ្លៀងនៅត្រង់ណា។ បានប៉ុន្មានមីលីម៉ែត្រ។ … បើ (លោក) យន្ត មីន អភិបាលក្រុងព្រះសីហនុ វិញ គាត់វាយ(របាយការណ៍) ក្រោយម៉ោង ១២ (យប់)ទាំងអស់ ព្រោះគាត់ត្រូវរវល់ការងារគាត់ ដល់ពេលគាត់ចូលដេកគាត់ចុចមក ក្រោយម៉ោង ១២។ អញ្ចឹង ខ្ញុំត្រូវមើល ព្រោះខ្ញុំមិនដែលដេកមុនម៉ោង ១ ផង ។ ជួនកាលម៉ោង ២(យប់) ហើយភ្ញាក់ម៉ោង ៥ ទៅ ៦ (ព្រឹក) ភ្ញាក់(ជាមួយ)នឹងគេ នឹងឯង ព្រោះត្រូវធ្វើការ(ជាមួយ)នឹងគេឯងដែរ …។
មើលលទ្ធភាពជីកអណ្តូង ជីកបានត្រូវជីកភ្លាម
… យុទ្ធនាការមួយត្រូវបានប្រកាន់យក ហើយប្រើប្រាស់វិធានការសរុប មធ្យោបាយសរុប កម្លាំងសរុបដើម្បីប្រកាន់យកមកដោះស្រាយបញ្ហា។ ដល់ពេលដែលគណៈកម្មាការជាតិគ្រប់គ្រងគ្រោះមហន្តរាយដែលមានខ្ញុំព្រះករុណាខ្ញុំជាប្រធាន និងមានឯកឧត្តម ញឹម វណ្ណដា ជាអនុប្រធានទី ១ ចេញមុខដោះស្រាយបញ្ហានេះហើយ។ កាលពីមុនសភាពការណ៍តូចតាច ប៉ុន្តែឥឡូវត្រូវទម្លាក់លុយបន្ថែមពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឲ្យទៅគណៈកម្មាការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ហើយគណៈកម្មាការជាតិចែកចាយជូនទៅគណៈកម្មាការជាតិគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្តដែលមានអភិបាលខេត្តស្រាប់ហើយ រួចហើយចាត់ចែងទៅ មានទាំងកម្លាំងប្រដាប់អាវុធចូលរួម តាមរបាយការណ៍របស់ឯកឧត្តម ស ថាវី បានប្រើឲ្យទាំងកម្លាំងនគរបាល ទាំងមន្ទីរស្អីៗជួយ។ ឥឡូវ ដល់ពេលវេលាដែលកម្លាំងប្រដាប់អាវុធត្រូវចេញពីបន្ទាយ ជួយប្រជាពលរដ្ឋ រកតំបន់ទឺក។
ខ្ញុំស្នើថាកន្លែងណាមានលទ្ធភាពជីកអណ្តូង ជីកភ្លាម។ អណ្តូងនេះជាអណ្តូងសម្រាប់ប្រើប្រាស់ឲ្យគ្រួសារ។ គ្រួសារណាដែលមានដី ហើយដែលអាចជីកអណ្តូងបានយើងជីក ប៉ុន្តែដំណាក់កាលដំបូងមិនមែនឲ្យគ្រួសារហ្នឹងប្រើតែម្នាក់ឯងទេ ជីកលើដីគ្រួសារហ្នឹង គាត់(ជាអ្នក)បានផលច្រើនជាងគេ ក៏ប៉ុន្តែអណ្តូងនេះត្រូវតែជាអណ្តូងដែលអាចទាញបានផលសម្រាប់យកទឹកទៅចែកប្រជាជននៅកន្លែងដទៃ។ អញ្ចឹង ត្រូវធ្វើកិច្ចការនេះ (ដោយ)ប្រមូលគ្រឿងចក្រជីកអណ្តូងបាន មកប្រមូលផ្តុំជីក មិនថាអស់តម្លៃប៉ុន្មានទេ ត្រូវបុរេប្រទានលុយធ្វើសិន។ ឯកឧត្តម កែ កឹមយ៉ាន ដឹកនាំការប្រជុំជាមួយខេត្តភាគខាងនេះ ដើម្បីពិនិត្យមើលតើត្រូវជីកអណ្តូងប៉ុន្មាន កន្លែងណាខ្លះ។ ជីកសិនទៅ ខ្ចីលុយចិនសិន ចាំខ្ញុំសងក្រោយ ធ្វើម៉េចដោះស្រាយទឹកឲ្យប្រជាជនសិន អត់បាយបាន ២ ថ្ងៃ ឬ ៣ ថ្ងៃ តែអត់ទឹកតែ ៥ ម៉ោង រកកល់ចង់ងាប់។
… សូមអំពាវនាវដល់ក្រុមហ៊ុនទឹកដែលផលិតទឹកស្អាត ជួយទឹកស្អាតមួយចំនួន។ អំបាញ់មិញយើងចែកទឹកស្អាតបានមួយចំនួន។ អញ្ចឹង យើងត្រូវការទឹកស្អាតមួយចំនួន។ នៅកម្ពុជាយើងមានទឹកស្អាតច្រើន ដូចជា វីតាល់ ឱរ៉ាល់ អាស្អីៗទៀត អំពាវនាវឲ្យជួយទឹកស្អាត ហើយបើសិនជាម្ចាស់ទឹកស្អាតនេះ ចុះយកទឹកទៅចែកខ្លួនឯងតាមខេត្ត តាមភូមិ តាមឃុំ ខ្ញុំអរគុណណាស់ កុំបាច់ឆ្លងកាត់រយៈអាជ្ញាធរនេះ អាជ្ញាធរនោះ នាំតែពិបាក ទៅតែម្តងទៅ ដឹកក៏ឡានខ្លួនឯង បុគ្គលិកខ្លួនឯង ចុះទៅតាមភូមិ ចែកខ្លួនឯងតែម្តងទៅ ខ្ញុំអរគុណណាស់។ ពេលនេះ ជាពេលវេលាដែលត្រូវជួយគ្នាហើយ អ្នកមានរោងចក្រទឹកស្អាត ជួយទឹកស្អាត អ្នកអត់មានរោងចក្រ អាចជួយជាថវិកាដើម្បីទិញទឹកស្អាត ហើយអាចទិញទឹកស្អាតយកទៅចែកខ្លួនឯងបានដែរ។ ជួយលុយ ឬជួយរថយន្ត ដើម្បីប្រើប្រាស់ដឹកទឺកយកទៅចែកប្រជាពលរដ្ឋ សូមបញ្ចេញ ឡានទឹកទាំងអស់មក ទាំងរដ្ឋ និងឯកជន ទាំងឡានពន្លត់អគ្គីភ័យ បញ្ចេញមក … ដឹកហើយយកទៅបាញ់ស្រួលទៀត។ បើក្នុងមួយភូមិអត់បានងូតទឹកទាំងអស់គ្នា ៥ ថ្ងៃហើយ ទៅដល់លេង ២ សាទែន បាញ់ឲ្យងូត តែក៏ត្រូវសន្សំសំចៃដែរ។ សូមយកចិត្តទុកដាក់ជាពិសេសទៅលើស្រ្តីមេម៉ាយ ចាស់ជរា និងជនពិការ ដែលគាត់អត់មានលទ្ធភាពមកទទួលទឹកពីយើង ដែលយើងត្រូវនាំទឹកទៅកាន់ផ្ទះរបស់គាត់ បើគាត់ខ្វះពាង យើងជួយទិញពាងឲ្យគាត់ដើម្បីស្តុកទឹក។ សូមអំពាវនាវកាកបាទក្រហមកម្ពុជា បង្វែរទិសដៅមកចូលរួមដោះស្រាយបញ្ហានេះ …។
យន្តការបក្សត្រូវជាមួយយន្តការរដ្ឋ ជួយប្រជាជន
… ក្មួយៗ យុវជនកាកបាទក្រហម ត្រូវចូលរួមធ្វើកិច្ចការងារនេះ។ យើងមានអណ្តូងទឹក ទឹកពីត្រង់ណាក៏ដោយ និយាយរួមគ្រប់ផ្នែកចូលរួមធ្វើសកម្មភាពទាំងរដ្ឋ ទាំងឯកជន ទាំងកាកបាទក្រហម។ ខ្ញុំសូមឲ្យកម្លាំងប្រដាប់អាវុធចេញពីបន្ទាយ ដើម្បីធ្វើសកម្មភាពដោះស្រាយបញ្ហានេះ។ តាមការព្យាករណ៍រហូតដល់ខែ ៦ ឯណោះបានភ្លៀងធ្លាក់។ ប៉ុន្តែភូមិនិមួយៗ មិនដូចគ្នាទេ។ មិនមែនគ្របដណ្តប់ជាង ១ ម៉ឺនភូមិនោះទេ។ ដូចជានៅខាងត្បូងឃុំ មិនទាន់មានបញ្ហាចោទធំទេ ខាងព្រៃវែងមិនទាន់មានបញ្ហាចោទធំទេ ខាងស្វាយរៀងមានបញ្ហាចោទ ខាងកំពង់ស្ពឺមានបញ្ហាចោទ ខាងកំពតមានបញ្ហាចោទ តាកែវមានបញ្ហាចោទ សុទ្ធតែបានដឹកទឹកហើយ ប៉ុន្តែការដឹកទឹកនោះក្នុងទំហំតូច ដែលយើងទើបបានផ្តល់ថវិកាជំហានដំបូង។ ឥឡូវ ឯកឧត្តម ញឹម វណ្ណដា ធ្វើសកម្មភាពបន្ទាន់ ហើយខេត្តនិមួយៗ ត្រូវម្ចាស់ការ។ ឯកឧត្តម ញឹម វណ្ណដា គ្រាន់ដើរពិនិត្យមើល ហើយក្រសួងធនធានទឹកនៅតែបន្តភារកិច្ចរបស់ខ្លួនក្នុងការបូមបាចពីកន្លែងណាទៅកន្លែងណា ព្រោះក្រសួងធនធានទឹកជាសមាជិកមួយរបស់គណៈកម្មាការជាតិគ្រប់គ្រងគ្រោះមហន្តរាយបន្តធ្វើអាហ្នឹង។ គ្រប់ក្រសួងទាំងអស់សុទ្ធតែជាសមាជិក អញ្ចឹង ខ្ញុំព្រះករុណាខ្ញុំអំពាវនាវឲ្យធ្វើកិច្ចការងារនេះ ក្នុងពេលនេះ។
អំពាវនាវឲ្យក្រុមការងារគណបក្សប្រជាជនកម្ពុជាទុកការងារផ្សេងមួយអន្លើ ត្រូវប្រមូលផ្តុំការងារប្រាក់កាស និង(ផ្អាក)ការចុះជួយមូលដ្ឋាន មកជួយដោះស្រាយទឹកទៅវិញ។ គណបក្សប្រជាជនមានយន្តការរបស់ខ្លួនជួយតាមខេត្ត តាមភូមិ តាមឃុំ តាមស្រុក អញ្ចឹងប្រើប្រាស់ធនធានមនុស្ស ធនធានហិរញ្ញវត្ថុដើម្បីជួយលើការដោះស្រាយបញ្ហាទឹក។ មុនពេលចេញមក ខ្ញុំព្រះករុណាខ្ញុំទូរស័ព្ទជួបសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជាថា អោយចេញការណែនាំបន្ទាន់ ព្រោះថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំដាក់ចេញយុទ្ធនាការហើយ។ អញ្ចឹងទេ យន្តការរបស់គណបក្ស ត្រូវជួយទៅដល់ប្រជាពលរដ្ឋរួមជាមួយយន្តការរបស់រដ្ឋ យន្តការរបស់កាកបាទក្រហមកម្ពុជា និងវិស័យឯកជន ដើម្បីធ្វើកិច្ចការមួយនេះ ធានាឲ្យប្រជាពលរដ្ឋបានមានទឹកទទួលទានផង ហើយមានទឹកងូតផង។ យើងមិនទាន់និយាយដល់ទឹកស្រោចស្រពទេ។ មានតំបន់ខ្លះដូចជាតំបន់ខាងពោធិ៍សាត់អី គេនៅធ្វើស្រែប្រាំងទេ គេនៅជិតស្ទឹងពោធិ៍សាត់ ហើយទំនប់ចារិក និងដំណាក់អំពិលទេ។ តំបន់ខាងបាត់ដំបងខ្លះ គេនៅធ្វើស្រែប្រាំងទេ …។
អំពាវនាវបក្សនយោបាយនានា ជួយប្រជាជនក្នុងបញ្ហាខ្វះទឹក
… អំពាវនាវដល់គណបក្សដទៃ ទាំងបក្សចាស់ ទាំងបក្សទើបបង្កើតថ្មី សូមចេញធ្វើសកម្មភាព។ យើងនឹងរង់ចាំមើលតើបក្សនយោបាយណាខ្លះជួយប្រជាជនដោះស្រាយទឹកជូនប្រជាពលរដ្ឋ។ ចាំមើលតើគាត់ជួយដោះស្រាយទឹកជូនប្រជាពលរដ្ឋ ឬចាំយកសន្លឹកឆ្នោត ២០១៧/២០១៨ … បងប្អូនប្រជាពលរដ្ឋចាំមើល តើមានបក្សនយោបាយណាខ្លះចេញមុខដោះស្រាយទឹកជូនប្រជាជនដែលកំពុងខ្វះខាត ហើយសុំកុំនិយាយពាក្យថា ខ្ញុំមិនមែនបក្សកាន់រដ្ឋាភិបាល ខ្ញុំអត់ទទួលខុសត្រូវ។ អញ្ចឹងបានសេចក្តីថា លោកឯងធ្វើបក្សហ្នឹងដើម្បីអី? បើគ្រាន់តែដោះស្រាយទឹកលោកឯងធ្វើមិនបានផង អញ្ចឹងលោកឯងសន្យាទាំងប៉ុន្មានគឺគ្រាន់តែជាការសន្យាខ្យល់ទេ។ សង្ឃឹមថាបក្សនយោបាយនានានឹងយល់នូវសភាពការណ៍នេះ ហើយយល់ដល់ប្រជាជន និងជួយដល់ប្រជាជន។ ប៉ុន្តែ សម្រាប់គណបក្សប្រជាជន ត្រូវមូរដៃអាវលាត់ជើងខោ ធ្វើសកម្មភាពព្រមៗ។ អញ្ចឹងទេ រឿងនេះ គឺជារឿងដែលយើងត្រូវប្រមូលផ្ដុំការខិតខំទាំងអស់ បញ្ចេញមក វិធានការទាំងឡាយត្រូវធ្វើ។
ក្រសួងធនធានទឹក និងឧតុនិយម ពិនិត្យស្ដារស្រះ និងទប់ទឹក ក្នុងចន្លោះផ្លូវ ៥៨ និងផ្លូវ ៥៦
នៅតំបន់ជាប់សងខាងផ្លូវលេខ ៥៨ និងក្នុងចន្លោះផ្លូវ ៥៨ និងផ្លូវ ៥៦ នេះ មានស្រះបុរាណមួយចំនួន។ សូមប្រគល់អោយក្រសួងធនធានទឹក និងឧតុនិយម ពិនិត្យមើល។ ស្រះណាត្រូវស្ដារ ខិតខំស្ដារ កន្លែងណាអាចទប់ទឹកបាន ទប់ទឹក។ បទពិសោធន៍ឆ្នាំនេះ បានផ្ដល់មេរៀនអោយយើងធំណាស់។ អញ្ចឹងត្រូវមើលអោយហើយ។ រៀបចំអោយហើយ។ ក្រសួងធនធានទឹក និងឧតុនិយម ពិនិត្យមើល អាណាធ្វើបានឆ្នាំនេះ ជីកស្រះនៅកន្លែងណា? អីកន្លែងណា? ស្ដារកន្លែងណា? ដោយឡែក សម្រាប់លោក ផ្លេក វ៉ារី ជាអភិបាលស្រុកដែលឆ្លាតជាងគេ ទៅសន្និបាទនៅឯភ្នំពេញ គាត់សុំដាក់ពាក្យឡើងនិយាយ យើងក៏អោយគាត់ឡើងនិយាយ យើងប្រឹងស្ដាប់ថាបញ្ហាប្រឈមអីខ្លះ? គាត់លើកបញ្ហាប្រឈមមែន ប្រឈមអត់ផ្លូវ ប្រឈមអត់ប្រឡាយទឹក។ គាត់សុំតែម្ដង។ ឥឡូវថ្ងៃនេះ គាត់ដឹងថាខ្ញុំមក តាំងពីថ្ងៃទី ២០ ខែមេសា គាត់សរសេរសំបុត្រសុំស្រះចំនួន ៦ … យើងកំពុងនិយាយពីខ្វះទឹក បើគាត់សុំស្រះ មិនអោយ វាដូចជាផ្ទុយជាមួយនឹងអ្វីដែលយើងបាន និងកំពុងដាក់ជាបទបញ្ជា។ អាហ្នឹងបានមេស្រុកពូកែ។ មានមេស្រុកធន់ហ្នឹង គឺស្រួលអភិវឌ្ឍលឿន សុខចិត្តអោយគេថា មេស្រុកពូកែស្មូមចុះ ប៉ុន្តែអ្នកដែលទទួលផលប្រយោជន៍មិនមែនមេស្រុកនោះទេ គឺប្រជាពលរដ្ឋរាប់ពាន់ឯណោះ ដែលទទួលផលប្រយោជន៍។
ឥឡូវឧត្តមសេនីយ៍ ខេង សាម៉េត នៅឯណា? វិស្វកម្មសម្ដេចតេជោ ឈរជើងនៅហ្នឹងអត់? ចុះជីកភ្លាមទាំង ៦ ស្រះ។ ធ្វើម៉េចធានាថា ដល់តែភ្លៀងធា្លក់មក ទឹកហូរចូលស្រះ បើកយុទ្ធនាការធ្វើស្រះ ៦ ហ្នឹង រួចហើយ លុយទូទាត់គ្នាក្រោយ។ មានវិស្វកម្មសម្ដេចតេជោមួយកង ហើយជាកងធំទៀតផង។ បើមានប្រដាប់ជីកអណ្ដូងហើយ ឥឡូវជាមួយចៅហ្វាយខេត្ត ពិនិត្យទៅ ត្រូវការវិស្វកម្មសម្ដេចតេជោជីក(អណ្ដូង) នាំគ្នាជីកទៅ ប៉ុន្តែត្រូវទំលាក់លុយពីក្រសួងហិរញ្ញវត្ថុមក។ បញ្ហាជីកអណ្ដូងអីទៀត អាចមានសប្បុរសជនជួយអណ្ដូងប៉ុណ្ណេះ ជួយអណ្ដូងប៉ុណ្ណោះ បន្តអំពាវនាវចំពោះអ្នកមានធនធាន ចូលថវិកាជួយជីកស្រះ ចេញថវិកជួយជីកអណ្ដូង ឬក៏ចុះទៅខ្លួនឯងជីកអណ្ដូងតែម្ដង ដើម្បីដោះស្រាយទឹកអោយប្រជាពលរដ្ឋ។ កុំអោយខ្ញុំប្រកាសថ្ងៃនេះ ស្រាប់តែ ៥ ខែក្រោយអត់ទាន់ធ្វើ អាហ្នឹងខូចឈ្មោះ ខូចពូជ ព្រោះពូជ ហ៊ុន សែន តែប្រកាសហើយ ត្រូវចេញដំណើរតែម្ដង …។
… ចេញពីហ្នឹងទៅ គឺមិនបាច់លេងភ្លេងស្អីទេ ក្រៅពីរាំវង់ ហើយនិងរាំញីកែងជើង។ នៅស្រុកខ្មែរឥឡូវមានរត់លូនចូលត្រង់សេឯណា? ប៉ុន្តែជនល្មើស ក៏ត្រូវដេកនៅកន្លែងមួយជាទីកន្លែងសមរម្យរបស់គេ ដូចជាពួកជួញដូរគ្រឿងញៀន ពួកចោរលួច ចោរប្លន់ ពួកប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌផ្សេងៗ។ រឿងជាប់គុកជារឿងធម្មតានៃអ្នកទោស។ ខ្ញុំធានាមិនបានទេ។ ប៉ុន្តែអ្នកសប្បាយ សប្បាយតាំងពីចូលឆ្នាំរហូតដល់ឥឡូវ។ មុនចូលឆ្នាំគេសប្បាយដល់ម៉ោងនេះ ក៏គេនៅសប្បាយ។ កើតទុកបន្តិចពីរឿងអត់ទឹកនេះ។ ហើយអ្នកកើតទុកជាងគេ គឺខ្ញុំព្រះករុណាខ្ញុំនេះ ព្រោះមិនមែនតែបន្ទាយមានជ័យមួយឯណា ២៥ ខេត្ត/ក្រុង ប៉ះពាល់ជាងពាក់កណ្ដាល។ អញ្ចឹងឥឡូវត្រូវហាមការប្រជុំនៅភ្នំពេញ ដែលហៅចៅហ្វាយខេត្ត អត់មានអោយទៅទេ។ ដល់តែពេលវេលាមានទឹកហើយ ចាំហៅ។ វិធានការណ៍នេះ ខ្ញុំធ្លាប់បានប្រើនៅក្នុងយុទ្ធនាការសង់គ្រោះប្រជាជន ក្នុងគ្រោះទឹកជំនន់សហស្សវត្សរ៍ ឆ្នាំ ២០០០ រួចហើយ…/.