សង្រ្កាន្ត គឺជាកម្មវិធីរបស់យើងទាំងអស់គ្នា
តាំងពីពេលទទួលទេវតានៅវេលាម៉ោង ៨ យប់មិញនេះ រហូតមកដល់ពេលនេះ មានរយៈពេល ១២ ម៉ោង ១៥ នាទី រួចមកហើយ។ សង្ឃឹមថា ព្រះនាង មណ្ឌាទេវី នឹងបីបាច់យើងទាំងអស់គ្នានៅក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងទេវតាថ្មី ដែលផ្លាស់វេនក្នុងមួយឆ្នាំម្ដង យើងក៏មិនភ្លេចនឹកទៅដល់ទេវតាដែលថែទាំជាអចិន្ត្រៃយ៍ចំពោះយើង នោះគឺភូមិទេវតា រុក្ខទេវតា អាកាសទេវតា ទេវតាដែលថែរក្សាប្រាង្គប្រាសាទអង្គរ ទេវតាថែរក្សាព្រះស្វេតច្ឆត្រ ដែលនឹងតាមជួយបីបាច់ថែរក្សាយើងទាំងអស់គ្នាជាបន្តទៀត រួមជាមួយនឹងទេវតាឆ្នាំថ្មី។ សង្ឃឹមថា អាកាសទេវតាឆ្នាំនេះ នឹងកាត់បន្ថយនូវកំដៅមួយចំនួន ដើម្បីបង្កបរិយាកាសសប្បាយរីករាយទៅដល់ប្រជាជនកម្ពុជា ដែលកំពុងសិ្ថតនៅក្រោមរលកកំដៅដ៏ក្ដៅ រួមជាមួយនឹងបណ្ដាប្រទេសជិតខាង …។
នៅក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ ដែលបានចូលមកដល់ជាង ១២ ម៉ោងនេះ ខ្ញុំព្រះករុណាខ្ញុំ ក្នុងនាមរាជរដ្ឋាភិបាល ក្នុងនាមខ្ញុំព្រះករុណាខ្ញុំ និងភរិយា ខ្ញុំព្រះករុណាខ្ញុំ សូមថ្លែងពីទីនេះ ជូនពរ ថ្វាយព្រះពរជូនព្រះករុណា ព្រះមហាក្សត្រ សម្ដេចព្រះវររាជមាតាជាតិខ្មែរ ប្រគេនពរចំពោះសម្ដេចសង្ឃរាជទាំងពីរគណៈ ព្រះសង្ឃគ្រប់ព្រះអង្គ បងប្អូនជនរួមជាតិក្នុង និងក្រៅប្រទេស ក៏ដូចជាកងទ័ពកម្ពុជាដែលកំពុងចូលរួមរក្សាសន្ដិភាពនៅក្នុងក្របខណ្ឌនៃអង្គការសហប្រជាជាតិ នៅប្រទេសម៉ាលី អាហ្វ្រិកកណ្ដាល ស៊ូដង់ខាងត្បូង លីបង់ និងកោះស៊ីព្រ សូមនាំមកនូវសេរីសួស្ដី និងពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមយកឱកាសនេះ អរគុណចំពោះឯកឧត្តមអគ្គរដ្ឋទូត អគ្គរាជទូត និងប្រិយមិត្តបរទេសទាំងអស់ ដែលបានមកចូលរួមនៅក្នុងពិធីសង្ក្រាន្តរបស់យើងនៅក្នុងឆ្នាំនេះ ដែលជាការបង្កបរិយាកាសកាន់តែសប្បាយរីករាយ សាមគ្គីភាពក្នុងក្របខណ្ឌជាតិរបស់យើង និងក្របខណ្ឌអន្តរជាតិ ដែលជាមិត្តភក្ដិរួមការងារជាមួយគ្នាក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ។
ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្លួនខ្ញុំព្រះករុណាខ្ញុំ សូមកោតសរសើរចំពោះការរៀបចំនៃសហភាពសហព័ន្ធយុវជនកម្ពុជា ដោយមានការជួយជ្រោមជ្រែងពីស្ថាប័នវប្បធម៌ ស្ថាប័នពាក់ព័ន្ធផ្សេងទៀត អាជ្ញាធរខេត្តសៀមរាប កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ពិសេសយុវជនស្ម័គ្រចិត្តដែលមកពីគ្រប់ទិសទី សិល្បករ/ការិនី កីឡាករ/ការិនី ប្រជាជន រហូតទៅដល់ជនពិការ កុមារគ-ថ្លង់ ក៏បានមកចូលរួមនៅទីនេះផងដែរ។ យើងអាចចាត់ទុកថាសង្ក្រាន្ត ជាកម្មវិធីរបស់យើងទាំងអស់គ្នាតរៀងទៅ។ សង្ក្រាន្តអាចធ្វើបាននៅគ្រប់ទីកន្លែង មិនគ្រាន់តែនៅទីអង្គរនេះប៉ុណ្ណោះទេ។ ខ្ញុំព្រះករុណាខ្ញុំ ត្រូវតែសង្កត់ធ្ងន់អំពីការចូលរួម ប្រសិនបើមិនមានការចូលរួមនោះទេ ពិតជានឹងមិនអាចមានសង្ក្រាន្តនេះបានទេ …។
ជំនួបរវាងមនុស្ស វប្បធម៌រូបិយ និងអរូបិយ
ជាមួយគ្នានោះដែរ ខ្ញុំព្រះករុណាខ្ញុំ សូមធ្វើការកត់សំគាល់បន្ថែមទៅលើអ្វីដែលខ្ញុំព្រះករុណាខ្ញុំ បាននិយាយនៅទីនេះកាលពីឆ្នាំកន្លងទៅ នោះគឺជាជំនួបរវាងវប្បធម៌អរូបិយ និងវប្បធម៌រូបិយ។ ឆ្នាំនេះ ខ្ញុំព្រះករុណាខ្ញុំ ចង់បញ្ជាក់អំពីជំនួបត្រីភាគីរវាងមនុស្ស និងវប្បធម៌រូបិយ, រវាងមនុស្ស និងវប្បធម៌អរូបិយ។ នេះជាជំនួបដ៏ធំមួយ ដែលមនុស្សនាំមកនូវវប្បធម៌អរូបិយនៅលើទឹកដីនៃវប្បធម៌រូបិយ។ ចំណុចទាំងនេះ យើងគួរតែនឹកទៅដល់គុណដូនតា អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រយានី និងដូនតារបស់យើង ដែលបន្សល់ទុកនូវប្រាង្គប្រាសាទ ដើម្បីការរៀបចំរបស់យើង។ ប្រសិនបើគ្មានវប្បធម៌រូបិយដែលបន្សល់ទុកដោយដូនតាពីជំនាន់មុននោះ យើងក៏មិនចាំបាច់និយាយពីអង្គរសង្ក្រាន្ត នៅលើទឹកដីនៃបេតិកភណ្ឌវប្បធម៌រូបិយនោះដែរ។ តាមរយៈរបាយការណ៍របស់អភិបាលខេត្តសៀមរាប ឃឹម ប៊ុនសុង ដូចជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ការបង្កើតអោយមានអង្គរសង្ក្រាន្ត បានអោយឃើញអំពីតម្លៃបន្ថែមសម្រាប់ខេត្តសៀមរាបរបស់យើង ចាប់តាំងពីការរៀបចំឆ្នាំទី ១ រហូតមកដល់ពេលនេះ មានរយៈពេល ៤ ឆ្នាំ។ ខេត្តនេះទៀត បានក្លាយជាខេត្តទាក់ទាញមួយដ៏សំខាន់ នៃវិស័យទេសចរណ៍ទាំងក្នុងស្រុក និងក្រៅស្រុក។ ហេដ្ឋារចនាសម្ព័ន្ធកាន់តែល្អប្រសើរដើម្បីទ្រទ្រង់ ជាមួយនឹងមនុស្សដ៏ច្រើន ដែលមកកាន់សៀមរាបរបស់យើងនេះ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សៀមរាបបានក្លាយជាតំបន់នៃការទាក់ទាញក្នុងវិស័យទេសចរណ៍។ សង្ឃឹមថាឆ្នាំនេះ តាមរយៈជំនួបរវាងមនុស្ស និងវប្បធម៌អរូបិយ និងវប្បធម៌រូបិយ ជាពិសេសមនុស្ស បាននាំមកនូវវប្បធម៌ជាច្រើន ដែលយោងទៅលើរបាយការណ៍មានរហូតដល់ ១២ មុខឯណោះ មិនគ្រាន់តែជារបាំល្បែងមួយចំនួននោះទេ ក៏ប៉ុន្តែក្បាច់បុរាណខ្មែរល្បុក្កតោ និងការធ្វើម្ហូបចំណីនានា ដែលជាម្ហូបចំណីនំរបស់ខ្មែរ ក៏បានរៀបចំនៅទីនេះ។ សង្ឃឹមថា ភរិយារបស់ខ្ញុំនឹងទៅធ្វើបង្អែម ដើម្បីចែកជូនចំពោះអ្នកទទួលទានទាំងឡាយ រាប់ទាំងខ្ញុំផងដែរ។ ជាមួយគ្នានេះ ការប្រារព្ធទិវា រៀបចំនៅអង្គរសង្ក្រាន្តជារៀងរាល់ឆ្នាំនេះ ក៏បម្រើទៅដល់ប្រធានបទនៃទិវាវប្បធម៌ ៣ មីនា ដែលយើងបានប្រសិទ្ធនាមថា «យុវជនដើម្បីវប្បធម៌ជាតិ»។ ឥឡូវនេះ យើងបានប្រគល់តួនាទីអោយយុវជនជាអ្នករៀបចំនូវអង្គរសង្ក្រាន្តនេះ ដោយមានការជួយជ្រោមជ្រែងពីស្ថាប័នថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ដែលជាការរួមផ្សំ ប៉ុន្តែគំនិតនៃការរៀបចំចាត់ចែង នៃការចូលរួមទាំងអស់ គឺផ្អែកទៅលើយុវជន។ នោះហើយ ជាចំណុចត្រូវលើកទឹកចិត្ត និងបន្តលើកទឹកចិត្តអោយយុវជនធ្វើចលនាឆ្ពោះទៅមុខ ដោយពួកគេគឺជាទំពាំងស្នងឫស្សីនាពេលអនាគត។
កត្តា ៥ បង្កលក្ខណៈអោយអង្គរសង្ក្រាន្តអាចដំណើរការបាន
ឥឡូវនេះ យើងគួរតែសង្កេតមើលថា តើមូលហេតុអ្វីទៅ ដែលយើងអាចធ្វើនូវព្រឹត្តិការណ៍អង្គរសង្ក្រាន្តបាននៅទីនេះ ជារៀងរាល់ឆ្នាំ? (នៅ)ទីក្រុងភ្នំពេញ និងទីក្រុងដទៃទៀត(នៅក្នុងប្រទេស) មនុស្សហាក់ដូចថយចុះ (ដោយសារតែ)បានធ្វើដំណើរមកកាន់សៀមរាប និងទៅកាន់តំបន់ទេសចរណ៍ផ្សេងៗទៀត។ យើងក៏ត្រូវរកនូវមូលហេតុទាំងឡាយថា ហេតុអ្វីបានជាយើងរៀបចំនូវកម្មវិធីនេះ នៅកន្លែងនេះបាន ហើយប្រជាពលរដ្ឋក៏បានធ្វើដំណើរទៅគ្រប់ទីកន្លែង ដើម្បីជួបជុំក្រុមគ្រួសារ និងដំណើរកម្សាន្តនៅកាន់តំបន់ទេសចរណ៍ផ្សេងទៀត? មានមូលហេតុ ៥ យ៉ាង ដែលចាំបាច់យកមកគិតគូរជាមួយនឹងអ្វីដែលបាននឹងកំពុងកើតនៅលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា៖
កត្តាទី ១ សុខសន្ដិភាពមានពេញលេញនៅក្នុងផ្ទៃប្រទេសទាំងមូល ដែលអនុញ្ញាតអោយប្រជាជនកម្ពុជាធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ ដោយគ្មានការភ័យខ្លាច។ នៅមុនឆ្នាំ ១៩៩៨ ប្រទេសកម្ពុជាយើងមានរបងខណ្ឌចែកជាតំបន់គ្រប់គ្រងខុសៗគ្នា។ បើនិយាយមុនឆ្នាំ ១៩៩៨ ប្រទេសរបស់យើងមួយត្រូវបានបែងចែកជាតំបន់ត្រួតត្រា ហើយក៏មានកងកម្លាំងប្រដាប់អាវុធ(ផ្សេងគ្នា) …។ ឆ្លងដែនត្រូវជួបប្រទះគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ឬត្រូវទទួលរងនូវការបាញ់ប្រហារនានា។ ប៉ុន្តែក្រោមនយោបាយឈ្នះ-ឈ្នះ របស់រាជរដ្ឋាភិបាល ដែលខ្លួនខ្ញុំព្រះករុណាខ្ញុំ បានដាក់ចេញ និងដឹកនាំអនុវត្តផ្ទាល់ ធ្វើអោយប្រទេសកម្ពុជាយើង(បានក្លាយ)ពីប្រទេសមួយមានតំបន់ត្រួតត្រាច្រើន ទៅជា(ប្រទេស)មានតំបន់ត្រួតត្រាតែមួយ។ ការធ្វើដំណើររបស់ប្រជាជនកម្ពុជារបស់យើងនៅពេលនេះ គឺគ្មានការខ្លាចអ្វីទាំងអស់។
សុខសន្ដិភាពបាននាំមកសម្រាប់យើងនូវការរស់រានមានជីវិត។ សុខសន្ដិភាពនាំមកអោយយើងនូវការបំបាត់ភ័យខ្លាចនៃសង្រ្គាម។ សុខសន្ដិភាពបាននាំមកនូវការអភិវឌ្ឍ បង្កើនជីវភាព កាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។ ទាំងអស់គ្នាចាំបាច់ត្រូវតែថែរក្សា(សន្តិភាព)អោយខានតែបាន។ យើងមិនអត់អោនអោយអ្នកណាក៏ដោយ ទោះម្នាក់ ពីរនាក់ ឬច្រើននាក់ ដែលមានគំនិត និងបង្កការញុះញង់បំបែកបំបាក់ ធ្វើអោយមានចលាចលក្នុងសង្គមជាតិ ប៉ុន្តែកុំអោយមនុស្សរាប់ម៉ឺននាក់រាប់លាននាក់ត្រូវទទួលការសា្លប់ដូចកាលជំនាន់ឆ្នាំ ១៩៧០ (ដល់)ឆ្នាំ ១៩៧៥ (និង)ឆ្នាំ ១៩៧៥ (ដល់)ឆ្នាំ ១៩៧៩ និងបន្តរហូតមកដល់ឆ្នាំ ១៩៩៨។ យើងមានវប្បធម៌នៃការអត់អោន យើងមានវប្បធម៌នៃសន្ដិភាព ប៉ុន្តែយើងមិនលើកលែងចំពោះជនណាក៏ដោយដែលប៉ុនប៉ងធ្វើអោយកម្ពុជាធ្លាក់ចូលទៅក្នុងអស្ថេរភាព ជាអតីតកាលដ៏ជូរជត់របស់កម្ពុជា។ សង្ឃឹមថា ប្រជាជនកម្ពុជាទាំងអស់ និងរួមជាមួយខ្ញុំ ដើម្បីថែរក្សានូវសុខសន្ដិភាពរបស់យើង។ សង្ឃឹមថា មិត្តភក្ដិបរទេស មានមុខនៅទីនេះក្ដី និងមិនមានមុននៅទីនេះក្ដី នឹងមានការយោគយល់ដល់កម្ពុជាអំពី បញ្ហាសន្ដិភាព និងសេ្ថរភាពនេះ ព្រោះថា អ្នកដែលវេទនា មិនមែនជាជនបរទេសទេ។ អ្នកដែលវេទនា គឺប្រជាជនកម្ពុជា។ សូមមិត្តភក្ដិបរទេស យោគយល់ទៅដល់វិធានការទាំងឡាយ ដែលរាជរដ្ឋាភិបាលបានចាត់ដើម្បីទប់ស្កាត់នូវចលាចលណាមួយនៅក្នុងសង្គមកម្ពុជា។
កត្តាទី ២ ដែលធ្វើអោយអាចរៀបចំ និងធ្វើអោយមានប្រជាជនធ្វើដំណើរទៅកាន់ទីជិតឆ្ងាយ ទៅជួបជុំក្រុមគ្រួសារនៅគ្រប់ទីកន្លែង ក្រៅពីសន្ដិភាព នៅមានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់។ ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅពេលនេះ គឺខុសគ្នាឆ្ងាយណាស់។ មុននេះ ពីទីក្រុងភ្នំពេញ មកកាន់សៀមរាប គេមិនអាចធ្វើដំណើរតាមផ្លូវគោកបានទេ ហើយប្រសិនបើជាធ្វើដំណើរតាមផ្លូវគោក គេក៏ត្រូវទទួលការលំបាកយ៉ាងខ្លាំង។ ដូច្នេះ ដំណើរតាមផ្លូវទឹកជាជម្រើសដ៏ល្អមួយ បន្ថែមទៅលើការដឹកជញ្ជូនផ្លូវអាកាស ដែលអ្នកមានលទ្ធភាពតិចតួចមិនអាចធ្វើទៅរួច។ ពេលខ្លះ (គេ)ត្រូវធ្វើដំណើរវាងទៅតាមកំពង់ធំ ពេលខ្លះធ្វើដំណើរវាងទៅតាមបាត់ដំបង ហើយចេញទៅតាមសិរីសោភ័ណវិញ។ ឥឡូវនេះ ហេដ្ឋារចនាសម្ព័ន្ធរបស់យើងបានតភ្ជាប់នៅគ្រប់ទីកន្លែងទាំងអស់ក្នុងក្របខណ្ឌផ្ទៃប្រទេស។ នោះហើយ គឺជាលទ្ធផលដែលផ្ដើមចេញពីសន្ដិភាព និងស្ថេរភាព ផ្ដល់អោយយើងនូវការអភិវឌ្ឍតភ្ជាប់ផ្ទៃក្នុងខ្លួនឯង បន្ថែមទៅដោយការតភ្ជាប់ជាមួយនឹងប្រទេសជិតខាង។ ក្នុងការតភ្ជាប់ជាមួយប្រទេសជិតខាងនេះ នៅក្នុងឱកាសនៃសង្ក្រាន្តរបស់យើង ចូលឆ្នាំថ្មីរបស់យើង ក៏បន្ដមានកាន់តែច្រើនទៅៗ នូវទេសចរដែលមកពីប្រទេសជិតខាងផង និងអ្នកមកពីក្រៅតំបន់ផង តាមរយៈនៃប្រទេសជិតខាងផងដែរ។ ជាមួយនឹងបណ្ដាញផ្លូវតភ្ជាប់ យើងក៏នូវមានហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យទេសចរណ៍ជាដើម។ ចាប់ផ្ដើមពីសណ្ឋាគារចាស់ៗ តែពីរតែប៉ុណ្ណោះ ឥឡូវខេត្តសៀមរាប មានសណ្ឋាគារជាង ១០០ បន្ថែមជាមួយនោះ ប្រជាពលរដ្ឋនៅខេត្តសៀមរាបក៏បានទទួលផលយ៉ាងច្រើន ពីការជួលបន្ទប់ ផ្ទះស្នាក់នៅរបស់ខ្លួនអោយទៅបងប្អូនជាភ្ញៀវទេសចរ មិនថាបរទេស ឬជនជាតិកម្ពុជានោះទេ។
កត្តាទី ៣ ដែលនាំទៅដល់ការជួបជុំគ្នាបែបនេះ និងការជួបជុំគ្នានៅកន្លែងដ៏ទៃទៀត ការធ្វើដំណើររបស់ប្រជាជនទៅកាន់តំបន់ឆ្ងាយៗ ដើម្បីជួបជុំក្រុមគ្រួសារ ឬទស្សនកិច្ច នោះគឺដោយសារការដែលប្រជាជនរបស់យើងមានមធ្យោបាយធ្វើដំណើរ។ តាមរយ
ៈនៃសន្ដិភាព ប្រជាជនមានឱកាសអភិវឌ្ឍខ្លួន ដែលកាលពីឆ្នាំ ១៩៧៩ សូម្បីតែកង់ ក៏គ្មានកង់ជិះផង ហើយឆ្នាំ ១៩៧៩ នោះ សូម្បីតែស្បែកជើងក៏គ្មានពាក់ដែរ។ ប៉ុន្តែឥឡូវនេះ ប្រជាពលរដ្ឋមានមធ្យោបាយធ្វើដំណើរដោយខ្លួនឯង បង្ហាញអោយឃើញថា ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋរបស់យើង មានលទ្ធភាពទិញមធ្យោបាយធ្វើដំណើរ ទោះបីថា វាមិនល្អឥតខ្ចោះ ប៉ុន្តែវាក៏បានផ្ដល់ឱកាសសម្រាប់ប្រជាជននាំក្រុមគ្រួសារដើរកំសាន្ត។ សង្កេតមើលតាមផ្លូវអម្បាញ់មិញនេះ ក៏មានគ្រួសារខ្លះដាក់ទាំងកន្ទេល មុងភួយមក ស្នាក់នៅក្រោមដើមឈើ តាមរបៀបគេហៅថា ទេសចរពនេចរមួយបែប។ នេះមិនមែនបានសេចក្ដីថា ប្រជាពលរដ្ឋទាំងនោះគ្មានលទ្ធភាពនោះទេ ក៏ប៉ុន្តែអាចថា៖ ទី ១ ខ្វះផ្ទះសំណាក់ និង ទី ២ ចង់ដឹងថា តើរបៀបដេកតាមព្រៃយ៉ាងដូចម្តេច។
កត្តាទី ៤ ប្រជាជនយើងមានប្រាក់ចំណូលដែលអាចដើរលេងបាន ពិតមែនតែគាត់គ្មានមធ្យោបាយធ្វើដំណើរខ្លួនឯង ក៏ប៉ុន្តែគាត់មានប្រាក់ចំណូលដែលផ្ដល់នូវឱកាសអោយគាត់អាចធ្វើដំណើរបាន។ ពិតមែនហើយ ពីទីនេះ ខ្ញុំព្រះករុណាខ្ញុំ នៅតែបន្តអំពាវនាវអោយរថយន្តឈ្នូលទាំងឡាយ ទាំងរថយន្តឈ្នូលធំៗ និងតាក់ស៊ី មេត្តាកុំដំឡើងថ្លៃ។ ពិតមែនហើយ មានអ្នកឡើង(ថ្លៃ) អ្នកមិនដំឡើង(ថ្លៃ) ប៉ុន្តែបើទោះបីស្ដាប់ ឬមិនស្ដាប់ ក្នុងឋានៈជាអ្នកដឹកនាំព្រះរាជាណាចក្រកម្ពុជា ខ្ញុំព្រះករុណាខ្ញុំ នៅតែទទូចអំពាវនាវចំពោះអ្នករកស៊ីខាងដឹកជញ្ជូន មេត្តាកុំដំឡើងថ្លៃ (ក្នុងការផ្តលសេវាដឹកជញ្ចូន)ទាំងប្រជាជនមក និងទាំងប្រជាជនត្រឡប់ទៅវិញ។
កត្តាទី ៥ ដែលយើងអាចធ្វើបាននោះគឺ មានការរៀបចំដោយកម្លាំងយុវជនរបស់យើង និងបណ្ដាស្ថាប័នដែលមានការពាក់ព័ន្ធ។ គ្មានព្រឹតិ្តការណ៍អ្វីមួយអាចធ្វើទៅបាន ដោយខ្វះការរៀបចំចាត់តាំងនោះឡើយ។ ដូច្នេះវាជាការចាំបាច់ណាស់ ដើម្បីប្រមូលផ្ដុំនូវធនធានមនុស្ស ជាពិសេសឆ្នាំនេះ ចំនួនយុវជនមានការកើនឡើងយ៉ាងច្រើនក្នុងការចូលរួមនូវព្រឹត្តិការណ៍(អង្គរសង្ក្រាន្ត)នេះ។
… ក្រោមរលកកំដៅមិនធា្លប់មានក្នុងប៉ុន្មានឆ្នាំកន្លងទៅ មិនថាតែនៅក្នុងប្រទេសកម្ពុជានោះទេ ប្រទេសជិតខាងរបស់យើងក៏រងនូវការវាយប្រហារពីអាកាសធាតុ។ ប៉ុន្តែ ខ្ញុំព្រះករុណាខ្ញុំ ជឿជាក់ថា អាកាសធាតុនេះ នឹងមិនរំខានធ្ងន់ធរពេកចំពោះអ្នកដែលត្រូវដើរកំសាន្តនោះទេ។ ឆ្នាំទៅធាតុអាកាសក្ដៅណាស់ដែរ ប៉ុន្តែឆ្នាំនេះ ប្រហែលជាខ្ពស់ជាងឆ្នាំទៅ ២ អង្សារ។ ក៏ប៉ុន្តែ តាមអ្នកព្យាករណ៍ គេមិនព្រួយបារម្ភពីបញ្ហាការលំបាក ឬគ្រោះថ្នាក់ដោយសាររលកកំដៅទេ បែរជាព្រួយបារម្ភខ្លាចសឹកកែងជើង។ នេះជា(video clip)រឿងកំប្លែងមួយ គួរអោយចង់សើច ដែលខ្ញុំព្រះករុណាខ្ញុំ បានទទួលពីឧត្តមសេនីយ៍ ទៀ បាញ់ ហើយយើងគួរស្ដាប់ទាំងអស់គ្នា …។ នេះគ្រាន់តែជាការបង្ហាញមួយតែប៉ុណ្ណោះ។ ប្រទេសរបស់យើង មានស្ថានភាពបែបនេះ តើផ្ដើមចេញពីអី? មិនមែនផ្ដើមចេញពីអរិយភាព មិនមែនផ្ដើមចេញពីការញុះញង់ មិនមែនផ្ដើមចេញពីសង្រ្គាមនោះទេ គឺផ្ដើមចេញពីការសាមគ្គីភាព ផ្ដើមចេញពីការរួបរួម ទើបយើងមានថ្ងៃនេះ។
រក្សាសន្ដិសុខជូនប្រជាពលរដ្ឋក្នុងថ្ងៃចូលឆ្នាំ
… ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានមោទនភាព ដោយសារប្រជាជនយើងយ៉ាងច្រើនកំពុងធ្វើដំណើរមកកាន់ទីនេះ ហើយកំពុងធ្វើដំណើរទៅកាន់កន្លែងផ្សេងៗទៀត ដើម្បីចូលរួមនៅក្នុងឱកាសចូលឆ្នាំថ្មីជាមួយនឹងក្រុមគ្រួសារ និងទៅកាន់តំបន់ទេសចរណ៍ដទៃៗទៀត។ សង្ឃឹមថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នឹងពិនិត្យតាមមើលអោយដិតដល់ពីសន្ដិសុខរបស់ប្រជាពលរដ្ឋ។ ប្រទេសយើងមានសន្ដិភាព មានស្ថេរភាពខាងនយោបាយ ហើយប្រទេសយើងក៏មិនមែនជាគោលដៅនៃការវាយប្រហារ នៃពួកភេរវកម្មទេ ក៏ប៉ុន្តែយើងមិនត្រូវបណ្ដែតបណ្ដោយអោយមានគ្រោះថ្នាក់ណាមួយកើតឡើងឡើយ។
ជាមួយគ្នានេះ អំពាវនាវចំពោះប្រជាពលរដ្ឋអោយមានការប្រុងប្រយ័ត្នគ្រប់ៗគ្នា ចំពោះការធ្វើដំណើរដោយគោរពនូវចរាចរណ៍ ជៀសវាងនូវគ្រោះថ្នាក់ដែលកើតឡើងដោយការធ្វេសប្រហែសទាំងឡាយ។ សូមកុំបើកបរនៅក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។ អំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើង សូមប្រយ័ត្នជាមួយនឹងអគ្គីភ័យដែលបង្កើតឡើងដោយខ្លួនឯង ឬបង្កើតឡើងដោយស្ថានភាពណាមួយ។ យើងត្រូវមានសេចក្ដីសុខនៅក្នុង(ថ្ងៃ)ចូលឆ្នាំ សេចក្ដីសុខទាំងរូបកាយ អាយុជីវិត និងទ្រព្យសម្បត្តិរបស់យើង។ អាជ្ញាធរត្រូវត្រៀមលក្ខណៈសម្បត្តិ ដើម្បីជួយប្រជាជនជួបការលំបាក …។
ក្នុងនាមរាជរដ្ឋាភិបាល ពីទីនេះ ខ្ញុំព្រះករុណាខ្ញុំ សូមថ្លែងនូវការកោតសរសើរចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ស្ថាប័នថ្នាក់ជាតិ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋទាំងអស់ ដែលបានប្រឹងប្រែងក្នុងឆ្នាំចាស់កន្លងទៅ ហើយអំពាវនាវអោយបន្តការខិតខំ នៅក្នុងឆ្នាំថ្មី ដើម្បីនាំមកនូវការរីកចម្រើនសម្រាប់ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការរីកចម្រើនសម្រាប់ក្រុមគ្រួសារទាំងអស់។ ថ្ងៃនេះ និងថ្ងៃស្អែក ខ្ញុំសង្ឃឹមថា នឹងទៅចូលរាំលេងជាមួយក្មួយៗ ទាំងសិល្បករ សិល្បការិនី នៅទីលានផ្សាយបន្តផ្ទាល់។ សង្ឃឹមថា ប្រជាពលរដ្ឋទាំងនៅក្នុងប្រទេស និងក្រៅប្រទេស រាប់ទាំងកងកម្លាំងដែលកំពុងឈរជើងនៅ ស៊ូដង់ ស៊ូដង់ខាងត្បូង អាហ្វ្រិកកណ្ដាល ម៉ាលី លីបង់ និងកោះស៊ីព្រ នឹងបើកមើលឃើញនូវការជូនពរពីខ្ញុំព្រះករុណាខ្ញុំ ក្នុងឋានៈជាប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា។
សង្ឃឹមថា ប្រជាពលរដ្ឋរបស់យើងទាំងអស់ រាប់ទាំងភ្ញៀវបរទេស នឹងចូលរួមកម្សាន្តជាមួយនឹងប្រជាជនកម្ពុជា ដើម្បីអោយបានស្គាល់ថា អ្វីទៅជាវប្បធម៌របស់ដូនតាយើងខ្ញុំ ហើយយើងខ្ញុំក៏នឹងប្រឹងប្រែងដើម្បីស្គាល់ត្រឡប់មកវិញនូវវប្បធម៌របស់អស់លោកផងដែរ។ សង្ឃឹមថា សេចក្ដីសុខនឹងបាននាំមកសម្រាប់ទាំងអស់គ្នា។ ឥឡូវខ្យល់ចាប់ធ្លាក់ហើយ ប្រហែលជាអាកាសទេវតាជួយយើងដែរ … សង្ឃឹមថា សិល្បករ /ការិនីរបស់យើងនឹងមកចូលរួម។ កីឡាល្បុក្កតោបានបញ្ចូលទៅក្នុងផ្នែកមួយ នៃកងយុទ្ធពលខេមរភូមិន្ទហើយ។ ជាភព្វសំណាងមួយ ដែលក្បាច់ដូនតារបស់យើងបានបញ្ចូលទៅក្នុងក្បាច់គុណរបស់កងទ័ពរួចស្រេច ហើយនិងបន្តបញ្ចូលតទៅទៀតជាមួយនឹងកម្លាំងប្រដាប់អាវុធដទៃទៀត រាប់ទាំងកងរាជអាវុធហាត់ និងកងនគរបាលជាតិផងដែរ។ អរគុណដែលបានប្រឹងប្រែងថែទាំ។
… សុំយកឱកាសនេះ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំព្រះករុណាខ្ញុំ និងភរិយា សូមប្រកាសបើកកម្មវិធីអង្គរសង្ក្រាន្តឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ ត្រូវនឹងគ.ស ២០១៦ ចាប់ពីពេលនេះតទៅ។ សូមប្រគេនពរចំពោះព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជូនពរចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី និងបងប្អូនជនរួមជាតិ ទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេស សូមប្រកបតែពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃា្លតឡើយ៕