ការសន្យា “មួយឆ្នាំមកសួរសុខទុក្ខម្តង ឬក៏ឲ្យភរិយា ឬកូនមកជំនួស”
ថ្ងៃនេះ ខ្ញុំ និងភរិយា រួមជាមួយថ្នាក់ដឹកនាំទាំងអស់ រីករាយដែលបានមកជួបជុំជាមួយបងប្អូននៅទីនេះ។ អនុញ្ញាតឲ្យខ្ញុំ និងភរិយា ធ្វើការអភ័យទោសអំពីការអាក់ខានពីមួយឆ្នាំ ទៅមួយឆ្នាំ ហើយមិនបានបំពេញតាមការសន្យាថា ក្នុងមួយឆ្នាំមកសួរសុខទុក្ខម្តង។ តាកែនកោះស្លា យើងអាចទៅមួយឆ្នាំបានម្តង … ប៉ុន្តែ ចាប់ពីឆ្នាំនេះតទៅ សូមសន្យាថា ខ្ញុំនឹងមកមួយឆ្នាំម្តង ហើយបើខ្ញុំមិនបានមកទេ គឺប្រពន្ធ ឬកូនខ្ញុំ នឹងមកតំណាងឲ្យខ្ញុំ។ យ៉ាងណាក៏ដោយ វត្តមានរបស់ខ្ញុំនៅមានជាប់ជាប្រចាំ តាមរយៈនៃមជ្ឈមណ្ឌលនេះ ដែលបានសាងសង់ជាផ្ទះ ជាសាលារៀន ជាមន្ទីរពេទ្យ ជាវត្តអារាម ផ្លូវថ្នល់ ហើយដំណាំដាំដុះដែលបានដាំឡើងនេះក៏មានវត្តមានរបស់ខ្ញុំនៅទីនោះហើយដែរ។ យ៉ាងណាក្តី យើងត្រូវការវត្តមានមនុស្សជាក់ស្តែង…។ ខ្ញុំអរគុណណាស់ជាមួយវឌ្ឍនភាពដែលបានកើតឡើង តាមរបាយការណ៍របស់ឧត្តមសេនីយ៍ ពៅ សៀ អំពី មណ្ឌលនេះ តាំងពីចាប់ផ្តើមរហូតមកដល់ពេលនេះ។ (ឥឡូវ)មានការវិវត្តច្រើនណាស់ទៅហើយ តែយើងក៏មិនបណ្តែតបណ្តោយ ទុកឲ្យស្ថានភាពវិលត្រឡប់ថយក្រោយវិញនោះទេ ដោយសារមានលក្ខណៈពិសេសរបស់វានៅត្រង់ថា បងប្អូនយើងជាជនពិការ។
បើគ្មានការប្រឹងប្រែងខ្លួនឯងទេ ទោះបី ហ៊ុន សែន ១០០ នាក់ ទៀតក៏ទៅមិនរួចដែរ
… ថ្ងៃនេះ ក្រៅពីជានាយទាហាន នាយទាហានរង ពលទាហាន ដែលជាជនពិការ ក៏មានគ្រួសារជនពិការមកកាន់ទីនេះផងដែរ ដែលបានចូលរួមស្តាប់ទាំងអស់គ្នា និងបានជួបប្រាស្រ័យទាំងអស់គ្នា។ ខ្ញុំអរគុណណាស់ជាមួយនឹងផ្លែឈើ ផល្លានុផល ក៏ដូចជាអ្វីៗ ដែលយកមកផ្តល់ជូនខ្ញុំ និងភរិយា។ អម្បាញ់មិញ ភរិយាខ្ញុំក៏បានផ្តល់ប្រាក់ ៥ លានរៀល សម្រាប់ឲ្យមេបញ្ជាការយកទៅចាត់ចែង យកពីផ្ទះអ្នកណាត្រូវសងផ្ទះអ្នកនោះ ព្រោះយើងមិនអាចស៊ីទទេបានទេ។ ជាពិសេស អ្នកដែលយកខ្នុរ និងដូងនេះ បានថ្លៃជាងគេហើយ។ យើងត្រូវតែផ្តល់សម្រាប់ជាការតបស្នង។ ប៉ុន្តែ យ៉ាងណាក៏ដោយ គឺខ្ញុំអរគុណជាមួយនឹងរបស់របរ ដំណាំដាំដុះ ដែលបានចេញមកពីការខិតខំប្រឹងប្រែងរបស់បងប្អូនយុទ្ធជនពិការ និងក្រុមគ្រួសារ។
ខ្ញុំអាចនិយាយបានថា បើទោះបីជាមាន ហ៊ុន សែន ១០០ នាក់ ហើយបើសិនគ្មានការប្រឹងប្រែង(ផ្ទាល់របស់បងប្អូន) ក៏មិនអាចទៅរួចដែរ។ តែផ្ទុយទៅវិញ បើអត់ ហ៊ុន សែន ទេ ក៏គង់តែបងប្អូនរស់បានដែរនៅពេលខាងមុខនេះ។ ឥឡូវ កំពុងទាមទារនូវការជួយឧបត្ថម្ភជាបន្ត។ ហើយតាមដឹងដូចជាខ្ញុំបានផ្តល់ការឧបត្ថម្ភប្រចាំខែ ក្នុងមួយខែ ៣ លានរៀល សម្រាប់ដោះស្រាយបញ្ហារួមក្នុងមណ្ឌលនេះតែម្តង។ ខ្ញុំបានសួរ បងប្អូនខាងណេះ គឺពិនិត្យមើលប្រាក់ខែ ដែលទាបបំផុត គឺជាង ៧០ ម៉ឺនរៀល ជិត ៨០ ម៉ឺន ដោយមិនគិតថ្លៃអង្ករទេ ហើយអ្នកដែលខ្ពស់គឺមានទៅដល់ ១ លាន ៥ សែនរៀល ក្នុងមួយខែ ដោយមិនគិត ៥ ម៉ឺនរៀលរបបចូលឆ្នាំនោះទេ។ អញ្ចឹងទេ ខ្ញុំសង្ឃឹមថា តាមរយៈនៃការជួយឧបត្ថម្ភ ជាពិសេសនាយឧត្តមសេនីយ៍ ទៀ បាញ់ និងថ្នាក់ដឹកនាំដទៃទៀត តែងតែមកជាបន្តបន្ទាប់នៅទីនេះ ហើយក៏បានរួមវិភាគទានកសាងនូវសមិទ្ធផលមួយចំនួនបន្ថែមលើសមិទ្ធផល ដែលយើងបានកសាងពីមុនមក។
ខ្ញុំក៏សូមយកឱកាសនេះ ដើម្បីថ្លែងអំណរគុណ ចំពោះក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានខិតខំកសាងផ្លូវមួយខ្សែ។ កាលពីពេលដែលមកសម្ពោធ យើងមកនៅជាផ្លូវក្រាលក្រួសក្រហម ក៏ប៉ុន្តែ ខ្ញុំក៏បានសង្កេតឃើញផ្លូវអម្បាញ់មិញដូចជាមាំ មានការរខឹបរខុប(កន្ទុយ)ចុងក្រោយបន្តិច។ តែអាហ្នឹងមានខ្នែងចូលវត្ត។ ប៉ុន្តែ ផ្លូវជាទូទៅ គុណភាពអាចចាត់ទុកថា ទទួលយកបាន ព្រោះប្រើរយៈពេល ៥ ឆ្នាំ ហើយនៅប្រើប្រាស់(បាន)គ្រាន់បើ។ អញ្ចឹងទេ ឯកឧត្តម ជា សុផារ៉ា ពិភាក្សាជាមួយ ឯកឧត្តម អ៊ុក រ៉ាប៊ុន ពិនិត្យមើលកន្លែងណាដែលវាក្រលិចក្រលុក សម្បុកមាន់អី គឺជួសជុលវាឲ្យបានគួរសមបន្តិច។ ការសប្បាយរីករាយធំជាងគេ នៅត្រង់ថា បងប្អូននៅទីនេះគឺគ្រប់ក្រុមគ្រួសារ ដែលមានការប្រឹងប្រែង សុទ្ធតែជាអ្នកទទួលផល។
អរគុណ និងកោតសរសើរនារីៗ ដែលសុខចិត្តទទួលយកប្តីជាជនពិការ
… ខ្ញុំមានការរំភើបចិត្តខ្លាំងណាស់ ជាមួយក្មួយស្រីម្នាក់ដែលរៀបការជាមួយនឹងជនពិការ ក្នុងរយៈកាល ២ ឆ្នាំនេះ។ នេះគឺជាភាពមិនរើសអើងរបស់ក្មួយស្រី ដែលពូសូមផ្តល់ការលើកទឹកចិត្ត។ បងស្រី ប្អូនស្រីមួយចំនួនថាអត់ចោលទៅណាទេ។ ហ្នឹងរឿងប្តីប្រពន្ធដែលមានពីមុនមក។ តែរឿងដែលសំខាន់អម្បាញ់មិញ គឺជួបក្មួយស្រីនៅខាងនេះ ថាទើបនឹងរៀបការ ២ ឆ្នាំនេះ។ អញ្ចឹងទេ ចំណុចនេះ ជាចំណុចដែលខ្ញុំក៏បានប្រកាសបង្ហាញទៅគាត់ថា ប្រពន្ធខ្ញុំនេះក៏យកខ្ញុំក្នុងស្ថានភាពពិការដែរ ហើយពិការកាលពីពេលនោះ ពិការក្នុងស្ថានភាពមួយមិនច្បាស់លាស់ទៀតផង។ ទី ១ ថា ប៉ុល ពត នឹងសម្លាប់នៅពេលណា ទី ២ ភ្នែកទាំងសងខាង តើពេលណាវាឆ្លងទៅម្ខាងទៀត ដែលអាចឈានទៅងងឹតទាំង ២ …។ ពេលនោះ ភរិយារបស់ខ្ញុំមិនបានដឹងថា ខ្ញុំនឹងក្លាយទៅជានាយករដ្ឋមន្រ្តីនោះទេ។
ក្មួយកុំអស់សង្ឃឹម ហើយក្មួយស្រី បងស្រី ប្អូនស្រី ដែលចាប់ចិត្តយកជនពិការ សូមមេត្តាជួយថែទាំប្តីរបស់ខ្លួន ហើយកុំព្រួយអ្នកទាំងហ្នឹងអត់ទៅណាទេ។ កូនច្រើនណាស់។ កុំខ្វល់។ មានមួយនោះ កូន ១២ នាក់ ហើយនៅក្បែរនោះ (មានកូន)៦ ហើយក៏ប្រាប់ថាឲ្យយក ៦ ទៀតទៅ ឲ្យគ្រប់ (១២ ដែរ)។ អញ្ចឹងទេ អត់ពិបាកថែទាំទេ។ ហើយបន្តិចមានកូនៗ ប៉ុន្តែ យើងនៅទីនេះ គឺមានរបស់របរ មានទីកន្លែងស្រាប់ ហេដ្ឋារចនាសម្ព័ន្ធជាស្តង់ដាររបស់យើង មានផ្ទះ មានដីសម្រាប់បង្កបង្កើនផល មានមន្ទីរពេទ្យ មានសាលារៀន និងមានវត្តអារាម ហើយហេដ្ឋារចនាសម្ព័ន្ធមកកាន់ទីនេះ ក៏មិនអន់ប៉ុន្មានដែរ។
សាងសង់អាគារថ្នាក់មធ្យមសិក្សា និងប្រគល់ជូន ២ ម៉ឺនដុល្លារ សម្រាប់ធ្វើអ្វីផ្សេងទៀត
ថ្ងៃនេះ លោក លឹម ជុងប៊ុន ជនជាតិចិននៅម៉ាឡេស៊ី នាយកផ្នែកក្រុមហ៊ុន លឹមគ្រុប វិនិយោគផ្នែកល្ហុងប្រេងនៅតំបន់គូលេន សុំរួមចំណែកជូនសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតនូវថវិកា ២ ម៉ឺនដុល្លារ។ អម្បាញ់មិញនេះ ខ្ញុំឲ្យទៅសួរថា តើតម្រូវការរបស់មជ្ឈមណ្ឌល គឺត្រូវធ្វើអី? ឥឡូវ លោក សៀ … បើបាន ២ ម៉ឺនហ្នឹង តើយកទៅធ្វើអី? … ឥឡូវនេះ ២ ម៉ឺនដុល្លារនេះ ខ្ញុំមិនឲ្យប្រើប្រាស់ទៅលើការសាងសង់សាលារៀនទេ។ ខ្ញុំនឹងសាងសង់សាលារៀនមួយខ្នង សម្រាប់មធ្យមសិក្សាតែម្តង។ ២ ម៉ឺនដុល្លារនេះ លោកឧត្តមសេនីយ៍យកទៅចាត់ចែងពិភាក្សាជាមួយនឹងមណ្ឌលទៅ តើគួរធ្វើអី? … ឥឡូវ ខ្ញុំប្រគល់ជូន ២ ម៉ឺនដុល្លារនេះ តែអត់ឲ្យយកទៅធ្វើសាលាទេ … ក្រុមហ៊ុន ខេង សាម៉េត មកដែរទេ? វិស្វរកម្មតេជោ ចូលធ្វើសាលាមួយខ្នង ៦ បន្ទប់ សម្រាប់អនុវិទ្យាល័យ ដល់ពេលវេលាមួយកើនមកដល់ ត្រូវធ្វើវិទ្យាល័យនៅហ្នឹងតែម្តង ដើម្បីឲ្យកូនអ្នកនៅជុំវិញហ្នឹងមកចូលរៀន …។
ពិការតែខ្លួន អត់បានពិការផ្លូវចិត្តទេ
… ខ្ញុំ និងភរិយា ក៏ដូចជាថ្នាក់ដឹកនាំដទៃទៀត (សូម)អំពាវនាវ(ថា) យើងពិការខ្លួនប្រាណ ក៏ប៉ុន្តែយើងអត់បានពិការផ្លូវចិត្តទេ។ នេះជាចំណុចដែលខ្ញុំអំពាវនាវ។ ដោយសារតែសង្គ្រាម អ្នកជាន់មុនបានបង្កើត ធ្វើឲ្យយើងទាំងអស់គ្នានេះ ក្លាយទៅជាជនរងគ្រោះនៃសង្គ្រាម។ យើងត្រូវមើលឃើញនូវអ្វីដែលយើងបានប្រឹងប្រែងរួមគ្នា ម្ខាងទប់ស្កាត់ការវិលត្រឡប់នៃរបប ប៉ុល ពត ម្ខាងកសាងប្រទេសឡើងវិញ និងខិតខំដំណើរការរកសន្តិភាពពេញលេញសម្រាប់ប្រទេសរបស់យើង។ កាលពីដើម ផ្លូវក្រវ៉ាត់ក្រុងសៀមរាបនោះ ជាលេណដ្ឋានការពារក្រុងសៀមរាបតែប៉ុណ្ណោះ ប៉ុន្តែ ឥឡូវវាមិនមែនជាលេណដ្ឋានទៀតទេ វាទៅជាខ្សែក្រវ៉ាត់ក្រុង។ … សមិទ្ធផលសន្តិភាពនេះហើយ ដែលបានផ្តល់ឱកាសឲ្យយើង។ ទោះបីយើងធ្លាក់ខ្លួនពិការ ក៏យើងក៏នៅតែទទួលនូវការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាល ពីសំណាក់សង្គម។
រំកិលប្រាក់បៀវត្សអ្នកចូលនិវត្តមុន ឲ្យកៀកអ្នកចូលនិវត្តក្រោយ
… ឥឡូវខ្ញុំកំពុងតែផ្តល់ឲ្យក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ក្រសួងមុខងារសាធារណៈ ធ្វើការកែសម្រួល ពីអ្នកចូលនិវត្តមុន និងអ្នកចូលនិវត្តក្រោយ។ ពិការមុនដែលទទួលរបបទាប និងពិការក្រោយដែលទទួលរបបខ្ពស់ ដើម្បីរុញឡើង។ ពីដើមកូនទាហានរបស់យើងប្រាក់ខែ ២០ ម៉ឺន ចាប់ពិការ ដល់ពេលចូលទៅទទួលរបបនៅខាងសង្គមកិច្ចនៅសល់ជាង ២០ ម៉ឺនរៀលប៉ុណ្ណឹងចុះ ប៉ុន្តែអ្នកដែលផ្ទេរទៅក្រោយ ស្រាប់តែមានប្រាក់របបដល់ទៅ ៧០ ម៉ឺន។ សក្តិប៉ុនគ្នា។ អញ្ចឹងត្រូវរកវិធីរំកិល ២០ ម៉ឺន នេះ ឲ្យវាឡើង ដើម្បីឲ្យវាទៅកៀកនឹង ៧០ ម៉ឺននោះ។ កំពុងតែរកវិធីរុញ។ ឆ្នាំនេះរុញមួយកម្រិត ឆ្នាំក្រោយរុញបន្តៗ ដើម្បីឲ្យអ្នកក្រោមហក់ឡើងទៅតាមអ្នកមុន។ នេះ មិនមែនករណីដាច់ដោយឡែកចំពោះជនពិការទេ ជាករណីទូទៅនៃមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធរបស់យើង រវាងអ្នកចូលនិវត្តមុនដែលប្រាក់ខែទាប និងអ្នកចូលនិវត្តក្រោយ ដែលប្រាក់ខែខ្ពស់ យើងត្រូវធ្វើយ៉ាងដូច្នេះ។ … ខ្ញុំសង្ឃឹមថា បងប្អូនយើងនៅទីនេះ ជាបណ្តើរៗជីវភាព នឹងមានការកើនឡើង ហើយថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការ និងគ្រប់ផ្នែក ក៏នៅបន្តតាមដាន និង ការយកចិត្តទុកដាក់អំពីបញ្ហាហ្នឹងបន្តទៀត។
យើងពិការហួសពេលសិក្សា ប៉ុន្តែសម្រាប់កូនចៅមិនទាន់ហួសពេលទេ
យើងបានជាពិការហើយ … ប៉ុន្តែកូនឬចៅរបស់យើងវាអត់ទាន់ហួសពេលទេ។ សាលារៀនមាននៅទីនេះ។ ខ្ញុំសូមផ្តល់(ការណែនាំ)អញ្ចេះមួយទៀត កូនចៅអ្នកពិការនៅក្នុងមណ្ឌលនេះក្តី នៅតាកែនកោះស្លាក្តី នៅភ្នំឆ័ត្រក្តី … ថ្ងៃណាមួយខ្ញុំនឹងទៅភ្នំឆ័ត្រ … ដែលប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ ខ្ញុំនឹងផ្តល់អាហារូបករណ៍ឲ្យរៀននៅមហាវិទ្យាល័យទាំងអស់គ្នា។ ពិតមែនតែឪពុកពិការ (ឬ)អាចថាមានស្ត្រីពិការដែរ (ព្រោះ)ទាហានរបស់យើងក៏មានស្ត្រីពិការដែរ … ប៉ុន្តែកូនរៀនដល់ថ្នាក់មហាវិទ្យាល័យ ហើយដោយសារសៀមរាប ក៏មានមហាវិទ្យាល័យ ដូច្នេះយើងក៏អាចផ្តល់ឱកាសសម្រាប់ការសិក្សាបែបនេះ ចំពោះយុទ្ធជនពិការ ដែលមានកូនប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ។ ប៉ុន្តែបញ្ហាទាំងអស់នេះ វាទាមទារការខិតខំប្រឹងប្រែងផ្ទាល់របស់ចៅៗ ទាំងនោះ និងការលើកទឹកចិត្ត និងជម្រុញទឹកចិត្តពីមាតាបិតានៅទីនេះផងដែរ។ អ្វីដែលខ្ញុំសុំ គឺ កុំលេងល្បែង។ ល្បែងមិនដែលនាំមកស្រួលទេ ជួនកាលជម្លោះប្តីប្រពន្ធ កើតអំពើហិង្សា បាត់បង់ទ្រព្យ សម្បត្តិ …។
ដោយសារប្រជុំសភា សម្ដេចមិនអាចនៅយូរ
… សូមអភ័យទោសដែរ ដោយសារតែថ្ងៃនេះ ខ្ញុំមិនអាចនៅយូរបាន។ តាមពិតខ្ញុំចង់ដើររុកតាមភូមិ ប៉ុន្តែជា អកុសល, ដោយសារសភាត្រូវប្រជុំ។ កុំអីសភាត្រូវប្រជុំព្រឹកនេះ ប៉ុន្តែសុំឲ្យសភាលើកពេលទៅពេលល្ងាច។ ខ្ញុំត្រូវចេញពីនេះទៅសៀមរាប។ តំណាងរាស្ត្រទាំងឡាយដែលមកជាមួយខ្ញុំនេះ មានឯកឧត្តម ទៀ បាញ់ មានឯកឧត្តម សៀង ណាំ, មាន នៅ សំ មានលោកជំទាវ ម៉ែន សំអន។ អញ្ចឹងត្រូវឡើងយន្តហោះ … ហើយខ្ញុំទៅតាមពីក្រោយ។ ទៅដល់ចុះត្រឹមតែពីពោធិចិនតុង តម្រង់ទៅសភា។ ប្រជុំសភាចប់ ត្រូវហោះត្រឡប់មកវិញ។ មកហូបបាយនៅសៀមរាប។ ឥឡូវកម្មវិធីគ្រោងទុកបែបនេះទៅហើយ … ធានាថា(យន្តហោះ)នឹងជួយដឹកអ្នកតំណាងរាស្ត្រទាំងឡាយត្រឡប់ទៅវិញ ពីពោធិចិនតុង ទៅចូលសភា ហើយចេញពីសភាមកពោធិចិនតុង មកបាយនៅសៀមរាប ដើម្បីល្ងាចស្អែកចូលទទួលទេវតាយាងមកម៉ោង ៨ យប់។ ចាប់តាំងពីឆ្នាំទៅ … ខ្ញុំចែកវេនហើយ ចូលឆ្នាំខ្មែរនៅសៀមរាប ចូលឆ្នាំសកលនៅមាត់សមុទ្រ។ យ៉ាងណាក៏មានវត្តមានរបស់ខ្ញុំ។ បើសិនជាខ្ញុំមិនបានមកក្នុងខែណាផ្សេង ក៏បានមកជួបជុំមុនចូលឆ្នាំដែរ។ យើងសន្យាជួបគ្នាមួយឆ្នាំម្តងអញ្ចឹងទៅចុះ ប៉ុន្តែគ្រាន់តែឆ្នាំនេះ អកុសល ចង់រុករើមើលតាមផ្ទះ តើអ្នកណាដាំបានអីខ្លះ? ចង់មើលកន្លែងហ្នឹង។
អ្នកណានិយាយពីផែនទីក្លែងក្លាយ គឺត្រូវចាប់ខ្លួនភ្លាម ព្រោះនេះជាបទល្មើសជាក់ស្ដែង
ហេតុអីបានត្រូវទៅ? វាមានរឿងអកុសលអញ្ចេះ ខ្ញុំនិយាយបន្តិចទៅចុះ។ ល្ងាចនេះខ្ញុំអាចនិយាយក្នុងសភា ខ្ញុំផ្ញើសារទុកឲ្យហើយ។ ម៉ោងនេះហើយ នៅមានផែនទីក្លែងក្លាយ។ ខ្ញុំសូមប្រកាសដាច់ណាត់ អ្នកណានិយាយពីផែនទីក្លែងក្លាយ គឺត្រូវចាប់ខ្លួនភ្លាម។ មិនថាអ្នកហ្នឹងជាអ្នកណាទេ។ ល្ងាចនេះ សភានឹងចោទសួរដេញដោលអំពីបញ្ហាចាប់តំណាងរាស្រ្តម្នាក់ គឺចាប់ពីសៀមរាបហ្នឹងទៅតែម្តង។ ហ្វេសប៊ុករបស់អ្នកឯងបានបង្ហោះមកដល់ពេលនេះ … សំអាងលើចំណុច ២ ដែលត្រូវចាប់ខ្លួន ទី ១ រដ្ឋធម្មនុញ្ញកំណត់ឲ្យប្រើផែនទីខ្នាត ១/១០០ ពាន់ ដែលបោះពុម្ពដោយក្រុមភូមិសាស្រ្តឥណ្ឌូចិន ក្នុងចន្លោះឆ្នាំ ១៩៣៣ ដល់ ៥៣។ ទី ២ មានតែផែនទីដែលរដ្ឋាភិបាលប្រើតែមួយគត់ ដែលមានសច្ចាប័នពីរដ្ឋសភា និងមានឡាយព្រហស្ថលេខាដោយព្រះមហាក្សត្រ អត់មានអ្នកណាត្រូវយកផែនទីណាមកជំនួសទេ។
ខ្ញុំមិននិយាយអំពីរឿងនយោបាយទេ ខ្ញុំនិយាយពីអង្គហេតុ។ សុំអ្នកសង្គមស៊ីវិល និងពួកអ្នកនិយាយ មើលឲ្យច្បាស់។ (ជា)រឿងចាប់ក្នុងបទល្មើសជាក់ស្តែង។ អ្នកឯងកំពុងធ្វើបទល្មើសជាក់ស្តែង។ ពេលដែលគេចាប់ខ្លួន page facebook របស់អ្នកឯងកំពុងផ្សាយអំពីរាជរដ្ឋាភិបាលប្រើប្រាស់ផែនទីក្លែងក្លាយ។ ខ្ញុំបានឲ្យឱកាសគ្រប់គ្រាន់ហើយ ដោយនាំយកផែនទីពីអង្គការសហប្រជាជាតិមកផ្ទៀងផ្ទាត់ជាមួយផែនទីរាជរដ្ឋាភិបាល មិនមែនយកផែនទីរាជរដ្ឋាភិបាលទៅ ផ្ទៀងផ្ទាត់ជាមួយនឹងអង្គការសហប្រជាជាតិទេ។ ទី ២ ខ្ញុំបានសុំប្រធានាធិបតីបារាំង ដើម្បីនាំមកនូវផែនទីយកមកផ្ទៀងផ្ទាត់ជាមួយផែនទីរបស់រាជរដ្ឋាភិបាលដែលបាននិងកំពុងប្រើ គឺអត់មានអីខុសគ្នាទាំងអស់។
ខ្ញុំបានផ្តល់ឱកាសឲ្យពួកគេគ្រប់គ្រាន់ណាស់ទៅហើយ។ និយាយពីផ្លូវច្បាប់គ្មានការចាំបាច់ដើម្បីផ្ទៀងផ្ទាត់បែបនេះទេ។ ប៉ុន្តែខ្ញុំចង់ឲ្យពលរដ្ឋកម្ពុជាយល់ឲ្យបានអំពីទឹកដីកម្ពុជានៅសល់ប៉ុណ្ណាអីប៉ុណ្ណា។ នេះជារបាយការណ៍របស់អគ្គស្នងការនគរបាលជាតិទៅប្រធានរដ្ឋសភា។ ចូលទៅដល់រដ្ឋសភាអត់មាននិយាយពីរឿងដកអភ័យឯកសិទ្ធិ(ទេ) ព្រោះចាប់ក្នុងបទល្មើសជាក់ស្នែង។ គឺមានតែទៅសួរសភាថា ដំណើរការក្តីនេះ ទៅមុខទៀត ឫអត់? ទៅមុខ ឬថយក្រោយ? បើចង់ឲ្យថយក្រោយត្រូវមានសម្លេង ៣ ភាគ ៤ ដើម្បីទាញក្តីនេះ ឲ្យថយក្រោយ។ បើអ្នកឯងរក ៣ ភាគ ៤ ទប់មិនបានទេ ក្តីនេះទៅមុខ។
អញ្ចឹងខ្ញុំសុំបញ្ជាក់តែ ២ ចំណុចទេ៖ ទី ១ ដរាបណារដ្ឋធម្មនុញ្ញមិនទាន់បានកែប្រែ និងលុបចោលមាត្រាទី ២ នៃរដ្ឋធម្មនុញ្ញ ដែលអនុញ្ញាតឲ្យប្រើប្រាស់នូវខ្នាតផែនទី ១/១០០ ពាន់ ដែលបោះពុម្ពដោយក្រុមភូមិសាស្រ្តឥណ្ឌូចិន អ្នកឯងនិយាយពីក្លែងក្លាយ, (រាជរដ្ឋាភិបាល)ចាប់ខ្លួនភ្លាម។ ទី ២ ដរាបណាសុពលភាព នៃសច្ចាប័នលើកិច្ចព្រមព្រៀងបន្ថែមរវាងកម្ពុជា និងវៀតណាម ដែលសភាឲ្យសច្ចាប័ន និងព្រះមហាក្សត្រ ឡាយព្រហស្ថលេខា គឺនៅជាធរមាន អ្នកឯងនិយាយពីផែនទីក្លែងក្លាយ ខ្ញុំចាប់អ្នកឯងភ្លាម មិនថាអ្នកឯង ជាសមាជិកសភា ឬសមាជិកព្រឹទ្ធសភានោះទេ។ ហ្នឹងជាបទល្មើសជាក់ស្តែង ជាការញុះញង់ធំណាស់ ដែលបង្កមហន្តរាយដល់ប្រទេសជាតិ។ … អ្នកឯងនិយាយពីច្បាប់ ខ្ញុំក៏និយាយពីច្បាប់ អ្នកឯងកុំអាងមានអភ័យឯកសិទ្ធិ … នេះជាបទល្មើសជាក់ស្តែង …។
ការប្រជុំសភាមិននិយាយពីការដក ឬមិនដកអភ័យឯកសិទ្ធិទេ តែពីការជំរុញរឿងក្ដីទៅមុខ ឬអត់
ដោយសារហេតុផលហ្នឹងហើយ ខ្ញុំសុំផ្ញើសារទៅអ្នកខាងក្រៅបន្តិច ដើម្បីឲ្យដឹងថា (ការប្រជុំសភា)ល្ងាចហ្នឹង គឺគេពិភាក្សាលើចំណុច(ដំណើរការរឿងក្តី)ទៅមុខទៀតឬអត់? អត់មានដក ឬមិនដកអភ័យឯកសិទ្ធិ (ទេ) ហើយក៏សុំផ្តាំត្រង់ៗ ថា អ្នកណាក៏ដោយឲ្យតែហ៊ាននិយាយថារដ្ឋាភិបាលប្រើផែនទីក្លែងក្លាយ គឺត្រូវជាប់ខ្នោះទាំងអស់។ អាហ្នឹងនិយាយឲ្យច្បាស់។ … ចេះសម្រុះសម្រួលជាមួយសភាមុន។ គណៈអចិន្រ្តៃយ៍ថាប្រជុំម៉ោង ៩ ព្រោះគណៈអចិន្ត្រៃយ៍ប្រហែលជាអាចទទួលបានរបាយការណ៍ពី អគ្គស្នងការនគរបាលជាតិ(មួយ និង)មួយទៀតពីព្រះរាជអាជ្ញារ។ មានហើយ។ បានជូនទៅដល់ហើយ។ អញ្ចឹងទេ អត់ឆ្លងកាត់(ថា)ដកឬមិនដកអភ័យឯកសិទ្ធិទេ គឺទៅពិភាក្សាថា (រឿង)ក្តីហ្នឹងទៅមុខទៀត ឬអត់? បើចង់ឲ្យទប់ក្តីកុំឲ្យទៅមុខ តាមរយៈនៃការចាប់ខ្លួនរបស់នគរបាល និងការចោទប្រកាន់របស់តុលាការ គឺត្រូវមាន ៣ ភាគ ៤ ប៉ុន្តែជំហររបស់ខ្ញុំអត់ជួយបោះឆ្នោតដើម្បីដករឿងក្តីនេះ តែគឺរុញឲ្យទៅមុខ ព្រោះអ្នកឯងព្រហើនពេក។ ទៅជារដ្ឋាភិបាលអត់ទឹកអត់ដី អត់មានផែនទីត្រឹមត្រូវ (ទាំង)ដែលគេប្រើរហូតមក។ ហើយផែនទីហ្នឹងប្រើប្រាស់តាំងពីព្រះករុណា ព្រះមហាក្សត្រ ព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ក្រោយឯករាជឆ្នាំ ១៩៥៣ រហូតមកជាបន្តបន្ទាប់។
… ម៉ោងនេះហើយ គេអត់ទាន់បិទផែនទីក្លែងក្លាយឯណា។ អាហ្នឹងកាន់តែ(មាន)ស្ថានទម្ងន់ទៅហើយ។ សុំផ្តាំចុះ រដ្ឋនេះដែលអ្នកឯងលេងសើច(មិនបាន)ទេ។ កុំថាអ្នកឯងមានអភ័យឯកសិទ្ធិគេចាប់មិនបាន។ (នេះជា)បទល្មើសជាក់ស្តែង។ ម៉ោងនេះហើយ page របស់គេនៅនិយាយពីផែនទីក្លែងក្លាយនៅឡើយតើ។ បើសិនល្ងាចនេះ មានអ្នកជំនាញខាងតំណាងរាស្រ្តរបស់យើងឡើងទៅបង្ហាញថានេះ page នៅៗ ឡើយ កាន់តែល្អបណ្តោយ ហើយបើអ្នកឯងបិទ page នៅម៉ោងហ្នឹង ក៏កាន់តែបង្ហាញអំពីពិរុទ្ធភាពទៅហើយ។ អញ្ចឹងមិនបាច់បិទទេ ទុកឲ្យវានៅភ័ស្តុតាងអញ្ចឹងតែម្តងទៅ …។
… សង្ឃឹមថា បងប្អូនយើងមានការសប្បាយរីករាយ។ ពិតមែនតែធាតុអាកាសក្ដៅបន្ដិច … នៅសល់តែប៉ុន្មានម៉ោងទៀតទេ ទេវតាថ្មីនឹងចូលមកដល់ ហើយទេវតាចាស់ គឺទេវតាឆ្នាំមមែ សប្បស័ក ព.ស ២៥៥៩ នឹងចាកចេញពីតំណែង។ ទេវតាឆ្មាំថ្មី គឺឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ នឹងមកទទួលតំណែងថ្មី ថែទាំយើងទាំងអស់គ្នា មិនថានៅកន្លែងណាទេ។ ប៉ុន្តែ ទេវតាជួយបានតែអ្នកធ្វើល្អទេ អ្នកធ្វើមិនល្អទេវតាបរាមុខ។