សង់សាលា មិនមែនដោយសារធ្លាប់ជាសាលាដែលភរិយារៀននោះទេ
… ខ្ញុំព្រះករុណាខ្ញុំ និងភរិយា ពិតជារីករាយណាស់។ ទីនេះ គឺជាទីដែលភរិយារបស់ខ្ញុំព្រះករុណាខ្ញុំ បានរៀនកាលវ័យកុមារ។ អម្បាញ់មិញ ក៏បានជួបជាមួយអ្នកដែលបានរៀនជាមួយ ប៉ុន្តែ សូមបញ្ជាក់ថា មិនមែនដោយសារហេតុផលដែលភរិយាខ្ញុំព្រះករុណាខ្ញុំធ្លាប់រៀននៅទីនេះ ទើបយើងធ្វើសាលានោះទេ។ បើទោះបីថាគាត់មិនរៀននៅទីនេះ ក៏នៅតែធ្វើសាលានេះដែរ។ … សាលាអម្ពវ័ន្តនេះ យើងបានធ្វើជាដំណាក់ៗ តាំងពីឆ្នាំ ១៩៩៦ ក៏មានការសាងសង់ ឆ្នាំ ២០០០ ក៏មានការសាងសង់ ក្រោយមកសំណង់យើងធ្វើនោះវាអន់ពេក សិស្សរៀនមិនបាន។ … (កាលបាន)មកដេកពេទ្យនៅរកាខ្នុរនេះ ក៏ជួបគេ(លោកជំទាវ) កាលនោះ មានទាន់បានការជាមួយគ្នាឯណា គ្រាន់តែទៅដេកផ្ទះរបស់គេហ្នឹង ទៅជួបឪពុកម្តាយរបស់គេនោះ ស្រាប់តែត្រឡប់ទៅវិញភ្លៀងខ្លាំង ដល់ទៅភ្លៀងខ្លាំង។ គេប្រាប់ថាបឹងធំក្រោយរកាខ្នុរមានត្រី។ អញ្ចឹងក៏ទៅចាប់ត្រី បានត្រីផ្ទក់ ត្រីរ៉ស់ ត្រីអណ្តែង … អញ្ចឹងបានជាមានចម្រៀងមួយបទ។ សង្ឃឹមថា ថ្ងៃនេះវិទ្យុបាយ័ននឹងចាក់ផ្សាយបទបឹងធំជំរំស្នេហ៍។ ពេលខ្ញុំព្រះករុណាខ្ញុំមកលែងកូនត្រី ដូចជាកាលហ្នឹងថ្ងៃទី ១ ខែ កក្កដា ឆ្នាំ ២០១២ ខ្ញុំព្រះករុណាខ្ញុំ ក៏ឲ្យឯកឧត្តម ជា សុផារ៉ា សាងសង់ឡើងវិញវិទ្យាល័យហ្នឹង ដោយខិតខំសន្សំសំចៃដី ដល់កម្រិតត្រូវធ្វើអគារច្រើនជាន់។ យើងក៏សម្រេចធ្វើ ៣ ជាន់ ឡើង …។
ខ្ញុំព្រះករុណាខ្ញុំ ក៏បានសូមអភ័យទោសអំពីការឆ្គាំឆ្គងទៅលើបញ្ហាមួយចំនួន ដែលកាលនោះ សាងសង់ដោយក្រុមហ៊ុនសំណង់ក្មេងវត្តផង និងដោយឧត្តមសេនីយ គង់ អៀង ផង។ ប៉ុន្តែ អាគារហ្នឹងគឺថា ប្រើប្រាស់ក្នុងរយៈពេលខ្លី។ (សូម)អរគុណ ឯកឧត្តម ជា សុផារ៉ា (ដែល)ដឹកនាំគូរប្លង់ ហើយសាងសង់ជាមួយនឹងសមិទ្ធផលមួយនេះ។ សង្ឃឹមថា សិស្សានុសិស្សរបស់យើងនឹងទទួលបានផលប្រយោជន៍ពីសាលា មិនមែនគ្រាន់តែថ្ងៃនេះទេ តែនៅជំនាន់តៗទៅទៀត។ មិនមែនប្រើត្រឹមតែមួយឆ្នាំ ពីរឆ្នាំ ឬដប់ឆ្នាំទេ សាលានេះ (នឹងនៅ)សាមសែហាសិបឆ្នាំ ឲ្យតែយើងចេះថែទាំវា គឺយើងអាចប្រើបានក្នុងរយៈពេលវែង។
នេះជាចំណុចបង្ហាញឲ្យឃើញ អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល មិនមែនគ្រាន់តែកន្លែងនេះមួយទេ គឺនៅកន្លែងច្រើនទៀត។ ស្រុកក្រូចឆ្មារពីអតីតកាល មានអនុវិទ្យាល័យចំការម្លូរ តែមួយគត់ គ្មានទេវិទ្យាល័យនោះ វិទ្យាល័យ(មានតែ)នៅខេត្តកំពង់ចាមរបស់យើង ដោយមិនទាន់និយាយពីរឿងបែងចែករវាងខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម វិទ្យាល័យមានតែ ២ ទេ មួយវិទ្យាល័យកំពង់ចាម និងមួយទៀតវិទ្យាល័យជើងព្រៃ នៅឯថ្នល់ទទឹងឯណោះ ក្រៅពីនោះ គឺគ្មានវិទ្យាល័យទេ។ ឥឡូវនេះ ស្រុកក្រូចឆ្មាររបស់យើងមានវិទ្យាល័យប៉ុន្មាន? មាន ៤ ឯអនុវិទ្យាល័យ ៩។ វិទ្យាល័យ ៤ នោះ គឺអម្ពវ័ន្ត, ចំការម្លូរ, ព្រែកអាជី និងប៉ើសពីរ អញ្ចឹងវិទ្យាល័យ ៤ ដែលពីសម័យដើមគ្មានវិទ្យាល័យសោះ ហើយអនុវិទ្យាល័យមានពង្រាយគ្រប់ឃុំហើយ។ ការធ្វើបែបនេះ ដើម្បីបង្កការងាយស្រួលសម្រាប់សិស្សានុសិស្ស …។
ធ្លាប់លំបាកគ្មានសាលារៀន, បៀវត្សរ៍គ្រូបង្រៀននឹងឡើងជាបន្តបន្ទាប់
… ទោះបីថាស្រុកកំណើតភរិយាខ្ញុំព្រះករុណាខ្ញុំនៅនេះ ហើយគាត់មករៀននៅទីនេះ ប៉ុន្តែ ខ្ញុំព្រះករុណាខ្ញុំអត់មានកូន អត់មានចៅ មករៀននៅនេះទេ។ គ្រប់តែកន្លែងដែលខ្ញុំព្រះករុណាខ្ញុំធ្វើសាលារាប់ពាន់ខ្នង និងរាប់ម៉ឺនបន្ទប់ ក៏ប៉ុន្តែនោះជាផលប្រយោជន៍របស់ប្រជាជន។ អ្វីដែលខ្ញុំព្រះករុណាខ្ញុំចង់សងសឹកខ្លាំងជាងគេ គឺនៅចំណុចនេះឯង។ មិនមែនសងសឹកលើជីវិតមនុស្សនោះទេ។ កាលអាយុ ១៣ ឆ្នាំ ខ្ញុំព្រះករុណាខ្ញុំបានធ្វើចំណាកស្រុកភូមិកំណើត ទៅកាន់ទីក្រុងភ្នំពេញ ស្នាក់នៅជាមួយព្រះសង្ឃ ដើម្បីទទួលការរៀនសូត្រ។ ពេលដែលខ្ញុំព្រះករុណាខ្ញុំមានឱកាសគ្រប់គ្រងអំណាច ចំណុចដែលខ្ញុំព្រះករុណាខ្ញុំធ្វើមុនគេ គឺសាលារៀនហ្នឹងឯង។ (មានសំណួរ) ម៉េចក៏លោក ហ៊ុន សែន ធ្វើសាលារៀនច្រើនម្ល៉េះ។ រហូតដល់គេលេងសិល្បៈ គេថាអញ្ចេះ ធ្វើសាលារៀនច្រើន តែប្រាក់ខែគ្រូតិច។ មកបង្អាប់ឯងទៅអញ្ចេះ។ ឥឡូវ រឿងហ្នឹងត្រូវដើរទន្ទឹមទៅជាមួយគ្នា។
នៅតែប៉ុន្មាន ២ ថ្ងៃទៀតទេ ប្រាក់ខែនឹងឡើងទៀតហើយ។ ថ្ងៃហ្នឹង ៣០ ហើយ ៣១ ថ្ងៃ ០១ មកដល់នឹងឡើងប្រាក់ខែទៀតហើយ។ ប្រាក់ខែទាបបំផុតរបស់គ្រូបង្រៀនថ្នាក់មតេ្តយ្យ និងបឋមសិក្សា ២០០ ដុល្លារសហរដ្ឋអាមេរិក។ ឆ្នាំ ២០១៨ ទាបបំផុតក៏ ២៥០ ដុល្លារដែរ ស្មើនឹងជាង ១ លានរៀល … នេះជាការឡើងពិត មិនមែនឡើងខ្យល់ទេ ហើយបើកមុនចូលឆ្នាំទៀត បូកថែមឧបត្ថម្ភម្នាក់ ៥ ម៉ឺនរៀលមុនចូលឆ្នាំទៀត …។ មើលក្នុងសារាចរណ៍នៅ បានគ្រប់គ្នាតាំងពីមន្ត្រីភូមិ-ឃុំទៅ។ ៥ ម៉ឺនរៀលសម្រាប់ម្នាក់ៗ តិចមែន តែសម្រាប់រាជរដ្ឋាភិបាល ត្រូវការប្រាក់ ៦ លានដុល្លារ ដើម្បីចែកមួយចូលឆ្នាំនេះ។ រដ្ឋមន្ត្រីហិរញ្ញវត្ថុត្រូវរាយការណ៍ថា បើឧបត្ថម្ភប៉ុណ្ណេះ អស់លុយប៉ុណ្ណេះ … ប្រាក់ចំណូលរបស់យើងគ្រប់ ឬមិនគ្រប់។ ការសន្យាអត់អស់អីទេ លោកយាយ លោកតា…។ គ្រាន់តែតម្រូវការមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ត្រីចូលនិវត្តស្អីៗនេះ ជូនឧបត្ថម្ភសម្រាប់ចូលឆ្នាំថ្មីនេះ ត្រូវការប្រាក់ ៦ លានដុល្លារសហរដ្ឋអាមេរិក ស្មើនឹង ២០ ប៉ុន្មានពាន់លានរៀលឯនោះ។
ដល់ពេលខាងមុខ(នេះ) សូមលោកយាយ លោកតា ចាំឲ្យហើយ(ចុះ) នឹងមានការដេញថ្លៃខាងប្រាក់ខែ ព្រោះបក្សមួយថាម្នាក់ឲ្យ ៨ ម៉ឺន បក្សមួយទៀតថាអញឲ្យ ១០ ម៉ឺន បក្សមួយទៀតថាឲ្យ ១៥ ម៉ឺន។ … ប៉ុន្តែសម្រាប់គណបក្សប្រជាជន ដែលកាន់រាជរដ្ឋាភិបាល អត់ហ៊ានដេញថ្លៃទេ។ (អាស្រ័យ)លទ្ធភាពថវិកាចំណូលរបស់យើង អត់ទៅខ្ចីបរទេសមកបើកប្រាក់ខែបានទេ។ ប៉ុន្តែខ្ញុំព្រះករុណាខ្ញុំ មិនចង់ឲ្យសារនយោបាយអីមុនបោះឆ្នោតទេ។ អ្នកដទៃគេឲ្យសារមុនបោះឆ្នោត ក៏ប៉ុន្តែខ្ញុំព្រះករុណាខ្ញុំ និយាយពីរឿងពិត ដែលនឹងត្រូវបានកើត នៅក្នុងឋានៈជារាជរដ្ឋាភិបាល។
ឱកាសសម្រាប់យុវជននាពេលបច្ចុប្បន្ន និងពីអតីតកាល
… (វាមាន)ភាពខុសគ្នាកាលពីអតីតកាល។ យើងមានសាលាតិចតួច ធ្វើឲ្យអ្នកបោះបង់ចោលសាលារៀននោះ ច្រើន ព្រោះអត់មានលទ្ធភាពទៅឆ្ងាយ។ តែឥឡូវនេះ សូមញាតិញោម បងប្អូនជនរួមជាតិ កុមារា កុមារី យុវជន កុំបោះបង់ចោលឱកាសដែលខ្លួនមាន។ ឱកាសទី ១ គឺសន្តិភាពគ្របដណ្តប់លើផ្ទៃប្រទេស អត់មានត្រូវរត់ លូនដូចសម័យសង្គ្រាមទេ អត់មានបំផ្លាញចោលសាលាដូចសម័យ ប៉ុលពត ទេ ប៉ុន្តែសាលាដើររកកូនសិស្ស… មិនមែនកូនសិស្សដើររកសាលា ដូចសម័យខ្ញុំព្រះករុណាខ្ញុំ ដែលត្រូវចំណាកស្រុកតាំងពីអាយុ ១៣ ឆ្នាំ(នោះទេ)។ ដែលខ្ញុំព្រះករុណាខ្ញុំ ត្រូវតែសងសឹកលើចំណុចនេះ តាមរយៈការពង្រាយសាលា កុំឲ្យក្មេងៗអភ័ព្វដូចខ្ញុំព្រះករុណាខ្ញុំ កាលពីដើម។ ធម្មតាទេ អាយុ ១៣ ឆ្នាំ ត្រូវបែកពីឪពុកម្តាយ បងប្អូន ភូមិកំណើត នឹកភូមិ ពេលនឹក ជាពិសេសពេលដែលមេឃភ្លៀង ផ្គរលាន់ម្តងៗ ស្រក់ទឹកភ្នែក នឹកឪពុកម្តាយ នឹកជីដូនជីតា នឹកបងប្អូន។ ក្មេងសម័យនេះ មិនដូចក្មេងសម័យមុនទេ។ សូមក្មួយៗ កុំរំលងឱកាសដែលខ្លួនមាននេះ ទៅលេងគ្រឿងញៀន ទៅលេងល្បែងស៊ីសង។
សាលាដើរមកដល់កាំជណ្តើរហើយ បើទោះបីថា មានអ្នកខ្លះជិតសាលា អ្នកខ្លះឆ្ងាយ ក៏ប៉ុន្តែវាមិនឆ្ងាយរហូតទៅដល់ថ្នាក់ស្វែងរកសាលារៀននៅទីក្រុងភ្នំពេញ ឬទីក្រុងកំពង់ចាម។ ឥឡូវទីក្រុង មិនទាន់ដាក់ឈ្មោះ … ខ្ញុំគិតថាទីក្រុងម៉ៃសាក់ ព្រោះទីហ្នឹង(ធ្លាប់ជាចំការ)ម៉ៃសាក់។ ទីរួមខេត្តត្បូងឃ្មុំហើយ ប៉ុន្តែទីក្រុង (យើងគិតហៅថា)ម៉ៃសាក់ ដោយសារខេត្តធំពេក។ ចំណុចងាយស្រួលមួយទៀត សម្រាប់សិស្សានុសិស្ស គឺប្រព័ន្ធផ្លូវនេះឯង ដែលកាលពីដើមលុយភក់មករៀន ប៉ុន្តែឥឡូវអត់មានលុយភក់ទៀតទេ។ … មើលចុះ ផ្លូវតភ្ជាប់ពីឆ្លូងចុះទៅ ដល់ទន្លេបិត ស្ពានគីហ្ស៊ូណា គឺចាក់កៅស៊ូ និងបេតុងទាំងអស់ វាសម្រួលឲ្យក្នុងការធ្វើដំណើររបស់កូនសិស្ស តាមសងខាងទន្លេរបស់យើង …។
… ខ្ញុំព្រះករុណាខ្ញុំ ធ្លាប់បានឆ្លងកាត់ព្រែកតាកុច។ កាលពីសម័យដើម មិនមានស្ពានទេ។ ខ្ញុំព្រះករុណាខ្ញុំ ធ្លាប់បានជិះកង់ ជិះម៉ូតូ ឆ្លងកាត់ព្រែកតាកុចនេះ។ មានពេលមួយនេះ ក្រោយរៀបការហើយ ខ្ញុំព្រះករុណាខ្ញុំ មកដេកពេទ្យនៅត្រង់ហ្នឹង។ គេហៅថាពេទ្យ “ព ១” ពេទ្យភូមិភាគ។ អស់លោកសង្ឃរលីង នៅសល់ពេទ្យ។ ខ្ញុំព្រះករុណាខ្ញុំ បានទៅផ្ទះ។ កាលហ្នឹងនៅសល់កង់មួយ គេមិនទាន់យកទេ។ ដល់ពិបាកពេក ឲ្យកង់ជិះមនុស្សម្តងមើល។ កាលពីឆ្នាំ ២០០០ កសាងស្ពានដែក សម័យនោះ បានប៉ុណ្ណឹងយកហើយ ដៃទន្លេ ហើយថែមទាំងមានពេលណាមួយនោះបាក់ ដោយសារតែដឹកជញ្ជូនដឹកឈើ។ ឥឡូវនេះ គឺយើងកសាងស្ពានបេតុងជំនួសហើយ។ ស្ពានដែក ត្រូវបានដកចេញហើយ យកដែកហ្នឹងទៅធ្វើស្ពានកន្លែងផ្សេង …។ ថ្ងៃនេះ បានស្ពានឆ្លងហើយ សូមមេត្តា(ធ្វើការ)ដឹកជញ្ជូនឲ្យល្មមៗ។ កុំដឹកធ្ងន់ពេក។
… សម្រាប់បាល់ទាត់បងប្អូនឥស្លាមនៅជំនីកនេះយ៉ាងម៉េចទៅហើយ? គិតទៅប្រកួតឯណា។ បងប្អូនឥស្លាមទាត់ខ្លាំងណាស់។ ធ្វើម៉េចហ្វឹកហាត់។ កុំលេងរឿងគ្រឿងញៀន សុខចិត្តកីឡា។ ប៉ុន្តែនៅក្នុងនេះដូចអត់មានតារាងបាល់។ មានតារាងបាល់បោះ។ សម្ពោធហើយធ្វើបណ្តោយ។ ដល់តែពេលទាត់បាល់ យើងមិនអាចទាត់ក្នុងទីធា្លហ្នឹងបានទេ។ ទៅរកកន្លែងផ្សេង។ យ៉ាងណាត្រូវមានបាល់ទះ និងបាល់បោះ។ ត្រូវមានប្រដាប់ប្រដារកីឡា។ អម្ពវ័ន្តធ្វើយ៉ាងម៉េចត្រូវឲ្យខ្លាំងខាងបាល់ទះ ខាងបាល់បោះ បើអាចខ្លាំងខាងបាល់ទាត់ទៀតកាន់តែល្អ។ ធ្វើម៉េចអោយខ្លាំងខាងទូកងផង …។
ធ្វើអោយកសិករទទួលបានប្រយោជន៍ ក្នុងស្ថានភាពពិភពលោកមិនអនុគ្រោះ
… ឯកឧត្តម ប្រាជ្ញ ចន្ទ បាននិយាយអម្បាញ់មិញ ទាក់ទិនជាមួយនឹងកសិផល មិនថាស្រូវ ពោត ដំឡូង ឬស្អីទេ ពិភពលោកកំពុងជួបប្រទះ នូវបញ្ហាដូចៗគ្នា។ នៅប្រទេសថៃ ចំការកៅស៊ូចូលដល់លានហិកតា អត់ចាក់ជ័រទេ ព្រោះមិនរួចថ្លៃដើម។ នៅម៉ាឡេស៊ី ឥឡូវក្រៅពីកៅស៊ូ នៅមានបញ្ហាប្រេងដូងទៀត។ ពិភពលោកកំពុងមានបញ្ហា។ ប្រទេសផលិតប្រេង ក៏កំពុងមានបញ្ហាដោយសារប្រេងចុះថោក។ ប៉ុន្តែយើងខិតខំរកវិធីយ៉ាងណា ដើម្បីធានាថា កសិករយើងនឹងទទួលបានផលប្រយោជន៍កាន់តែច្រើន ក្នុងស្ថានភាពដែលពិភពលោកមិនអនុគ្រោះ។
… នេះមិនមែនជាប្រធានបទដែលខ្ញុំព្រះករុណាខ្ញុំ ត្រូវយកមកនិយាយច្រើនពេកនោះទេ គ្រាន់តែថា វាជាចំណោទរួម មិនមែនសម្រាប់តែកម្ពុជាម្នាក់ឯងទេ។ (មាន)អ្នកឆ្លៀតយកចំណេញ (លើកឡើង)ថា បើគេកាន់អំណាច គេនឹងធ្វើឲ្យស្រូវឡើងដល់ទៅ ២០០០ រៀល ក្នុងមួយគីឡូ។ ពោតធ្លាប់តែលក់បាន ៨០០ រៀល(ក្នុងមួយគីឡូ) គេនឹងសន្យាថា នឹងឲ្យ(ពោត)ឡើងដល់ ៥០០០ រៀល ក្នុងមួយគីឡូ។ ប៉ុន្តែ ចេញផុតពីកន្លែងដែលគេសន្យាជាមួយកសិករ ទៅចូលកន្លែងលក់ គេសួរថា អង្ករមួយគីឡូប៉ុន្មាន? (អ្នកលក់ថា) មួយគីឡូ ៣០០០ រៀល។ អូ!ថ្លៃណាស់ ងាប់ហើយ! បើខ្ញុំកាន់អំណាច ខ្ញុំនឹងធ្វើអង្ករនៅ ១៥០០ រៀល។ វាផ្ទុយគ្នាអញ្ចឹង។ នៅក្នុងផ្សារគេថា(ធ្វើ)ឲ្យអង្ករថោក ដល់ពេលចូលទៅវាលស្រែ គេថា(ធ្វើ)ឲ្យអង្ករឡើងថ្លៃ។ ចំណេញជាប់រហូត ប៉ុន្តែ របរបោកប្រាស់នេះ វាមិនបានយូរទេ ហើយវាជាកាំបិតចិតដងឯងតែម្ដង។
គោលនយោបាយតភ្ជាប់បណ្ដាញអគ្គិសនីជាតិ
… នៅពេលខាងមុខនេះ បើទោះបីថា នៅតំបន់នេះមិនទាន់ភ្ជាប់បណ្ដាញ(អគ្គិសនី)រដ្ឋក៏ដោយចុះ នៅប្រើប្រាស់ភ្លើងឯកជន ប៉ុន្តែកម្មវិធីនៃការចុះថ្លៃប្រើប្រាស់ភ្លើងនេះ នឹងបន្ដ … (ពេល)តភ្ជាប់ជាមួយនឹងអគ្គិសនីបណ្ដាញជាតិរួចហើយ នៅថ្ងៃទី ១ ខែ មេសា ឆ្នាំ ២០១៧ នៅសល់មួយឆ្នាំទៀត តម្លៃអគ្គិសនីនឹងធ្លាក់ចុះមកនៅ ៦១០ រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង។ ក្នុងនោះ គោលនយោបាយ(ថ្លៃអគ្គិសនី)ទាក់ទងកសិកម្ម សម្រាប់ការប្រើប្រាស់បូមទឹក ដើម្បីបម្រើឲ្យវិស័យកសិកម្ម ៤៨០ រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង។ សម្រាប់អ្នកដែលទទួលភ្លើងពីបណ្ដាញរដ្ឋ គឺក៏ត្រូវចុះថ្លៃ … ដោយសារកន្លែងមួយចំនួននៅឆ្ងាយពេក នៅទីនោះ ឯកជនបញ្ចេញទាំងភ្លើង និងធ្វើបណ្ដាញតភ្ជាប់។ ប៉ុន្តែក៏សូមអំពាវនាវដល់ឯកជនទាំងនោះ ប្រេងលើពិភពលោកចុះថ្លៃហើយ ក៏ល្មមចុះថ្លៃសម្រាប់អគ្គិសនីដែលខ្លួនផលិតផ្គត់ផ្គង់ឲ្យប្រជាពលរដ្ឋដែរ។ សម្រាប់បណ្ដាញមួយចំនួនដែលឯកជនបានធ្វើពីមុន ទាំងផ្គត់ផ្គង់ភ្លើង និងផ្គត់ផ្គង់ជាបណ្ដាញ ឥឡូវនេះ គេបានភ្ជាប់ជាមួយនឹងបណ្ដាញរបស់រដ្ឋ ទទួលយកភ្លើងរដ្ឋពីក្រចេះផង ទទួលភ្លើងរដ្ឋពីកំពង់ចាមមកផង។ ដូច្នេះ ក៏ត្រូវមានកម្មវិធីបញ្ចុះថ្លៃ ហើយបើសិនយើងមានលទ្ធភាព យើងទិញយកបណ្ដាញពីឯកជនតែម្ដង ដើម្បីឲ្យប្រជាពលរដ្ឋរបស់យើងប្រើប្រាស់ភ្លើងកាន់តែថោក។ សម័យនេះ មិនមែនជាសម័យដុតចន្លុះ ដុតជ័រ ដុតខ្លាញ់ត្រី (ដែល)កាលពីសម័យដើម ស្រុកយើងខាងហ្នឹង អ្នកមាត់ទន្លេ សម័យដុតខ្លាញ់ត្រី ប៉ុន្តែឥឡូវគឺមិនមែនជាសម័យហ្នឹងទៀតទេ សម័យប្រើភ្លើងអគ្គិសនី ឬសម័យប្រើធុងអាគុយ …៕