ឯកឧត្តម លី កឺឈាង (Li Keqiang) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន
ឯកឧត្តម ថ្នាក់ដឹកនាំនៃបណ្តាប្រទេសមេគង្គ
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី
ខ្ញុំមានកិត្តិយស និងសេចក្តីសោមនស្សជាអនេក ដែលបានចូលរួម «កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី ១» នៅទីក្រុងសានយ៉ា ខេត្តហាយណានដ៏ស្រស់ស្អាតនេះ។ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជននៃព្រះរាជា ណាចក្រកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណដ៏ស្មោះស្ម័គ្រចំពោះរដ្ឋាភិបាល និងប្រជាជននៃ សាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្តល់បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅជូនចំពោះរូបខ្ញុំ និងគណៈប្រតិភូកម្ពុ ជា។
ខ្ញុំក៏សូមឆ្លៀតឱកាសនេះ សម្តែងនូវការអបអរសាទរចំពោះការសម្រេចបានជាស្ថាពរ នូវគំនិតផ្តួចផ្តើមរបស់ឯក ឧត្តម លី កឺឈាង ក្នុងការបង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលត្រូវបានស្នើឡើង នៅ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី ១៧ កាលពីថ្ងៃទី ១៣ វិច្ឆិកា ឆ្នាំ ២០១៤ នៅទីក្រុងណៃពិដោរ ប្រទេសមីយ៉ាន់ម៉ា។ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ពិតជាមានអត្ថន័យដ៏សំខាន់ទាំងក្នុងទិដ្ឋភាព ប្រវត្តិសាស្ត្រ នយោបាយ និងសេដ្ឋកិច្ច ពិសេសគឺការតភ្ជាប់រូបវ័ន្តយ៉ាងទូលំទូលាយ និងប្រកបដោយសក្តានុពល ដោយសារប្រទេសយើងទាំងប្រាំមួយ មានទីតាំងភូមិសាស្ត្រស្ថិតនៅជាប់នឹងដងទន្លេមេគង្គផ្ទាល់ជាមួយគ្នា។
ឯកឧត្តម លោកជំទាវ លោក លោកស្រី
កិច្ចប្រជុំកំពូលនៅថ្ងៃនេះ ក៏បានឆ្លុះបញ្ចាំងអំពីដំណើរការវិវត្តជាវិជ្ជមាន ទាំងវិសាលភាព និងជម្រៅនៃកិច្ច សហប្រតិបត្តិការអនុតំបន់រវាងប្រទេសទាំងប្រាំមួយ និងការប្តេជ្ញាចិត្តរួមគ្នាដ៏មោះមុតរបស់យើងលើដំណើរផ្លូវ អភិវឌ្ឍន៍ឆ្ពោះទៅរកវិបុលភាពរួម។ ទន្ទឹមនេះ កិច្ចប្រជុំកំពូលពេលនេះ ជាវេទិកាដ៏មានតម្លៃ និងសមស្របបំផុត សម្រាប់ការចូលរួមចំណែកកសាងមហាអនុតំបន់មួយរឹងមាំ តាមរយៈការជំរុញ៖ (១) កិច្ចសហប្រតិបត្តិការ នយោបាយ និងសន្តិសុខ (២) កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព និង (៣) ការផ្លាស់ប្តូរ សង្គម-វប្បធម៌ និងទំនាក់ទំនងប្រជាជន និងប្រជាជន ដែលនឹងបម្រើឲ្យផលប្រយោជន៍របស់ប្រជាជនទាំង អស់ក្នុងមហាអនុតំបន់មេគង្គ-ឡានឆាង។
ក្រៅពីនេះ ដូចយើងបានដឹងស្រាប់ ប្រទេសក្នុងតំបន់ទន្លេមេគង្គទាំងប្រាំ បានក្លាយជាផ្នែកមួយដ៏សំខាន់នៃ សហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលទើបប្រសូត្រឡើងកាលពី ៣ ខែកន្លងទៅ គឺចាប់ពីខែមករា ឆ្នាំ ២០១៦ មក។ ដោយសារវិស័យអាទិភាពសំខាន់ៗទាំងបីនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្លើយតបយ៉ាងជិត ស្និទ្ធ ទៅនឹងសសរស្តម្ភទាំងបីរបស់សហគមន៍អាស៊ាន ខ្ញុំមានជំនឿយ៉ាងមុតមាំថា យន្តការនេះនឹងចូលរួមចំ ណែកជាវិជ្ជមាន និងប្រកបដោយប្រសិទ្ធិភាព ក្នុងការគាំទ្រដល់ការកសាងសហគមន៍ និងការខិតខំបង្រួម គម្លាតអភិវឌ្ឍន៍រវាងបណ្តាប្រទេសជាសមាជិកអាស៊ាន។
ជារួមខ្ញុំយល់ឃើញថា យន្តការមហាអនុតំបន់មេគង្គ-ឡានឆាងនេះ មានតួនាទីសំខាន់ក្នុងការសម្រេចគោល ដៅ នៃការកសាងសហគមន៍អនុតំបន់ទន្លេមេគង្គមួយ ដែលបម្រើផលប្រយោជន៍រួម និងកាន់តែជិតស្និទ្ធជាង មុន សម្រេចបំពេញឲ្យយន្តការមានស្រាប់នានា រួមមានជាអាទិ៍ ភាពជាដៃគូអាស៊ាន-ចិន កម្មវិធីមហអនុតំបន់ មេគង្គ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អាស៊ាន-អាងទន្លេមេគង្គ។ ក្នុងន័យនេះ ខ្ញុំសូមស្វាគមន៍ និងគាំទ្រ ពេញទំហឹងចំពោះ «សេចក្តីប្រកាសសានយ៉ា នៃកិច្ចប្រជុំកំពូលសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី ១» និង «សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចសហប្រតិបត្តិការសមត្ថភាពផលិតកម្ម នៃបណ្តាប្រទេសមេគង្គ-ឡាន ឆាង»។
ដើម្បីរួមចំណែកដល់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរបស់យើងតទៅខាងមុខទៀត ខ្ញុំសូមចែករំលែកនូវទស្សនៈផ្ទាល់ខ្លួនមួយចំនួនដូចខាងក្រោម៖
ទី១- ក្នុងកិច្ចសហប្រតិបត្តិការនយោបាយ និងសន្តិសុខ យើងទទួលបាននូវកាលានុវត្តភាពសម្រាប់ពង្រឹង និងពង្រីកទំនាក់ទំងរបស់យើង ដើម្បីធានាបាននូវតំបន់មួយដែលមានភាពរឹងមាំ សន្តិភាព និងស្ថិរភាព។ក្នុងន័យនេះ ខ្ញុំយល់ថា យើងគួរផ្តោតការយកចិត្តទុកដាក់ខ្ពស់ លើការពង្រឹងកិច្ចសហប្រតិបត្តិការលើបញ្ហាសន្តិសុខមិនមែនប្រពៃណី ដូចជាភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស និងការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិជាដើម។
ទី២- ក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍ ប្រកបដោយចីរភាព យើងរំពឹងទុកថាកិច្ចសហប្រតិបត្តិការមេគង្គ-ឡាងឆាង នឹងចូលរួមចំណែកដ៏សំខាន់ផងដែរ ដល់ការប្រែក្លាយអាស៊ានអោយទៅជាមូលដ្ឋាននៃផលិតកម្ម និងទីផ្សារតែមួយ។ ដូច្នេះ ការផ្សារភ្ជាប់នូវកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ជាមួយនឹង « គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយ» (One Belt, One Road) ព្រមទាំងការបង្កើតធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (Asian Infrastructure Investment Bank-AIIB) នឹងផ្តល់នូវកាលានុវត្តភាពដ៏សំខាន់ក្នុងការជួយជម្រុញការអភិវឌ្ឍប្រទេសមេគង្គ លើវិស័យអាទិភាពនានារួមមាន៖ ហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស ធនធានទឹក កសិកម្ម និងថាមពល។ ហេតុនេះ យើងគួររួមគ្នាចាប់យកឱកាសនេះ ដើម្បីជម្រុញការ តភ្ជាប់រវាង ប្រទេសមេគង្គ និងប្រទេសចិន ដែលជាការរួមចំណែកដ៏សំខាន់ក្នុងការសម្រេច «ផែនការមេស្តីពី ការតភ្ជាប់ អាស៊ាន» និងការតភ្ជាប់រវាងអាស៊ាន និងចិន។
ទី៣- ខ្ញុំជឿជាក់ថា កិច្ចសហប្រតិបត្តិការផ្នែកសង្គម-វប្បធម៌ និងការផ្លាស់ប្តូរទំនាក់ទំនងរវាងប្រជាជន និង បង្កើតឡើងនូវមូលដ្ឋានទំនាក់ទំនងកាន់តែរឹងមាំ និងជិតស្និទ្ធរវាងប្រទេសជិតខាងនៅក្នុងតំបន់ ពិសេសគឺការស្វែងយល់រវាងគ្នាទៅវិញទៅមកឲ្យបានកាន់តែស៊ីជម្រៅ លើភាពសម្បូរបែប នៃសម្បត្តិវប្បធម៌របស់ប្រទេសមេគង្គ និងចិន។ ក្នុងស្មារតីនេះ ខ្ញុំសូមជម្រុញបន្ថែមលើការពង្រឹងនូវកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងបណ្តាប្រទេសមេគង្គ និងចិន ដើម្បីឈានទៅសម្រេចនូវទិសដៅ «ប្រទេសប្រាំមួយ គោលដៅមួយ» (Six Countries, One Destination)។
ទី៤- អនុតំបន់មេគង្គ គឺជាតំបន់ដែលមានកិត្តិនាមល្បីល្បាញដោយសារធនធានធម្មជាតិ និងតម្លៃនៃជីវចម្រុះដ៏សម្បូរបែប ព្រមទំាងមានប្រជាជនច្រើនលាននាក់បាន និងកំពុងរស់នៅ ហើយពឹងផ្អែកអាស្រ័យផលពីទន្លេនេះ។ ដូច្នេះយើងត្រូវតែការពារឲ្យខានតែបាននូវសម្បត្តិធម្មជាតិទំាងនេះ សម្រាប់កូនចៅជំនាន់ក្រោយៗទៀត។ ក្នុងស្មារតីនេះ ខ្ញុំពិតជាមានសេចក្តីរីករាយដោយបានឃើញកិច្ចសហប្រតិបត្តិការរបស់យើង ផ្តោតទៅលើកិច្ចការពារ និងការគ្រប់គ្រងធនធានព្រៃឈើ ធនធានជីវចម្រុះ ជាពិសេសធនធានទឹក។ ដូច្នេះយើងត្រូវខិតខំគោរព និងអនុវត្តឲ្យបានម៉ឺងម៉ាត់នូវកិច្ចសហប្រតិបត្តិការទំាងអស់នេះ។ ឆ្លៀតឱកាសនេះដែរ ខ្ញុំសូមធ្វើការកត់សម្គាល់ និងថ្លែងអំណរគុណចំពោះប្រទេសចិន ដែលបានបង្ហូទឹកពីទន្លេងឡានឆាងចំនួនពីរលើកមកទន្លេមេគង្គ ដើម្បីជួយដោះស្រាយភាពរំាងស្ងួតធ្ងន់ធ្ងរនៅតាមបណ្តាប្រទេសមេង្គក្រោម ដែលបង្ហាញពីការយកចិត្តទុកដាក់របស់ចិនចំពោះការលំបាករបស់ប្រទេសមេគង្គក្រោម និងចំពោះកិច្ចសហប្រតិបត្តិការរបស់យើង។
ទី៥- ទន្ទឹមនឹងការប្តេជ្ញាជំរុញអនុវត្តកិច្ចសហប្រតិបត្តិការ តាមវិស័យដែលបានកំណត់ហើយនេះ យើងគួរបន្តរួមគ្នាខិតខំសិក្សាររិះរកមធ្យោបាយពង្រីក និងពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើវិស័យផ្សេងៗទៀត នៅគ្រប់កម្រិត ដើម្បីផលប្រយោជន៍រួមសម្រាប់ប្រទេស និងប្រជាជាតិយើង។ សម្រាប់ពេលបច្ចុប្បន្ន ខ្ញុំសូមកោតសរសើរចំពោះ «គំនិតផ្តួចផ្តើមប្រមូលផលដើមរដូវ» របស់ប្រទេសចិន និងសូមចូលរួមជាមួយថ្នាក់ដឹកនំាទំាងអស់ ផ្តល់ការអនុម័តលើ «បញ្ជីរួមនៃគម្រោងប្រមូលផលដើមរដូវ» សម្រាប់ជាគុណប្រយោជន៍រួមរបស់បណ្តាប្រទេសមេគង្គ-ឡានឆាង។
នៅទីបញ្ចប់នេះខ្ញុំសូមធ្វើការគូសបញ្ជាក់ និងសង្កត់ធ្ងន់សាជាថ្មី អំពីសារៈសំខាន់នៃទំនាក់ទំនងដ៏ល្អប្រសើរ និងយូរអង្វែងរវាងបណ្តាប្រទេសមេគង្គ-ឡានឆាង ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមំា នៃកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ ដើម្បីដោះស្រាយនូវបញ្ហាប្រឈមថ្មីៗជាឧត្តមប្រយោជន៍ សម្រាប់តំបន់ដ៏ធំទូលាយរបស់យើង។ ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី ឲ្យជួបប្រទះតែនឹងសេចក្តីសុខ សេចក្តីចម្រើន សុខភាពល្អបរិបូរណ៍ និងជោគជ័យគ្រប់ភារកិច្ច៕