សម្តេច លោកជំទាវ ឯកឧត្តម អ្នកអង្គម្ចាស់ លោកឧកញ៉ា លោក លោកស្រី
ក្មួយៗនិស្សិតទាំងអស់ និងអង្គពិធីទាំងមូលជាទីមេត្រី !
ថ្ងៃនេះ ខ្ញុំ និងភរិយា ពិតជាមានសេចក្តីរីករាយដោយបានមកចូលរួម អបអរសាទរខួបទី ១០៥ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ ២០១៦ ដែលបានប្រារព្ធឡើងយ៉ាងឱឡារិកនាពេលនេះ។ ទិវាឆ្នាំនេះ យើងបានលើកយកប្រធានបទ «វិនិយោគ លើសមភាពយេនឌ័រ ដើម្បីកិច្ចអភិវឌ្ឍប្រកបដោយចីរភាព» ដែលស្របនឹងអ្វី ដែលខ្ញុំបានថ្លែងនៅក្នុងកិច្ចប្រជុំប្រមុខដឹកនាំពិភពលោកស្តីពី សមភាពយេនឌ័រ និងការលើកកម្ពស់ភាពអង់ឤចរបស់ស្ត្រី ដែលបានប្រព្រឹត្តទៅនៅអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កកាលពីថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៥ កន្លងទៅ។ ប្រធានបទនេះ ក៏ឆ្លើយតបទៅនឹងក្របខណ្ឌ អភិវឌ្ឍថ្មីជាសកល ជារបៀបវារៈអភិវឌ្ឍ ប្រកបដោយចីរភាពឆ្នាំ ២០៣០ និងគោលដៅទាំង ១៧ ចំណុច នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលនឹងធ្វើឱ្យពិភពលោកទទួលបាននូវកំណើនសេដ្ឋកិច្ច, សុខសន្តិភាព, ការកាត់បន្ថយ គម្លាតរវាងប្រទេស អ្នកមាន និងប្រទេសអ្នកក្រ ដើម្បីបង្កើននូវសុខុមាលភាពសង្គម និងការថែរក្សាភពផែនដី ក៏ដូចជា ធនធាន ធម្មជាតិឱ្យប្រកបដោយចីរភាព និងប្រសិទ្ធិភាពសម្រាប់មនុស្សជំនាន់ក្រោយ។
ក្នុងស្មារតីនេះ ក្រសួងកិច្ចការនារីដែលបានដើរតួនាទីជាកាតាលីករ និងជាអ្នកស្វែងរកការគាំទ្រមតិ ក្នុងការលើកទឹកចិត្តស្ថាប័នសាធារណៈ សង្គមស៊ីវិល និងវិស័យឯកជន ដើម្បីបញ្ជ្រាបយេនឌ័រទៅក្នុងគោលនយោ បាយ និងកម្មវិធីរបស់ស្ថាប័នទាំងនោះ ត្រូវខិតខំបញ្ជ្រាបយេនឌ័រនៅក្នុងក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ឱ្យ បំពេញតួនាទី ឆ្ពោះទៅរកការធានានូវសមធម៌ និងសមភាពយេនឌ័រលើគ្រប់វិស័យ ហើយនៅថ្នាក់ក្រោមជាតិ ក៏ត្រូវមានយន្តការជួយដោះស្រាយនូវបញ្ហាទាំងឡាយរបស់ស្ត្រីដែរ។ បន្ថែមពីលើនេះ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីក៏ត្រូវបន្តតាមដានការអនុវត្តច្បាប់គោលនយោបាយ និងកម្មវិធីពាក់ព័ន្ធនឹងការលុបបំបាត់ភាពរើស អើងចំពោះស្ត្រី ក៏ដូចជាការឆ្លើយតបទៅនឹងអនុសញ្ញាអន្តរជាតិ ស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើង លើនារីភេទ។
ជារួម រាជរដ្ឋាភិបាលនីតិកាលទី ៥ បានដាក់ឱ្យអនុវត្តនូវយុទ្ធសាស្ត្រចតុកោណ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធិភាព ឆ្ពោះទៅកសាង និងរក្សាបានស្ថិរភាពនយោបាយសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម និងក្នុងទិសដៅ ធានាការលើកកម្ពស់ជីវភាពរបស់ប្រជាជន។ ក្នុងនោះ រាជរដ្ឋាភិបាលបានបន្តយកចិត្តទុកដាក់ ចំពោះក្រុមជនងាយរងគ្រោះ ពិសេសស្ត្រី និងកុមារ ដោយបានអនុម័ត និងអនុវត្តច្បាប់ស្តីពីកិច្ចការពារ និង លើកកម្ពស់សិទ្ធិជនពិការ គោលនយោបាយស្តីពីការអប់រំកុមារពិការ គោលនយោបាយជាតិសម្រាប់មនុស្ស ចាស់ ការលើកតម្កើងវប្បធម៌ ប្រពៃណី អត្តសញ្ញាណជាតិ និងកិច្ចការការពារបរិស្ថានជាដើម។
ផ្តើមចេញពីការពង្រឹងគុណភាពអប់រំ និងលើកកម្ពស់ការសិក្សា យើងក៏ទទួលបាននូវសមភាពរវាងអត្រាសិស្ស ស្រី និងសិស្សប្រុស ក្នុងកម្រិតបឋមសិក្សា និងមធ្យមសិក្សាបឋមភូមិ ទន្ទឹមនឹងការកាត់បន្ថយអត្រាមរណភាពមាតា និងទារក និងការរីករាលដាលនៃមេរោគអេដស៍។ ជាមួយនេះ រាជរដ្ឋាភិបាលក៏បានបង្កើន ចំនួនស្ត្រីក្នុងតួនាទី និងតំណែងសំខាន់ៗនៅគ្រប់ស្ថាប័ន និងគ្រប់កម្រិត។ ជាក់ស្តែង ចំនួនស្ត្រីជាសមាជិក សភាបានកើនឡើងពី ៦% ដល់ ២០% រវាង ឆ្នាំ ១៩៩៣ និងឆ្នាំ ២០១៣។ ពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១៣ ស្ត្រីជារដ្ឋមន្ត្រីបានកើនពី ៧% ដល់ ១១% ស្ត្រីជារដ្ឋលេខាធិការបានកើនពី ៨% ដល់ ២១% ស្ត្រីជាអនុរដ្ឋលេខាធិការបានកើនពី ១៥% ដល់ ១៨%។ មិនតែប៉ុណ្ណោះ ភាគរយនៃស្ត្រីដែលជាប់ឆ្នោតជាសមាជិក ក្រុមប្រឹក្សាឃុំសង្កាត់ក៏បានកើនឡើងផងដែរ គឺពី ១៥% ក្នុងឆ្នាំ ២០០៧ ដល់ ១៨% ក្នុង ឆ្នាំ ២០១២។ ជាលទ្ធផល យើងឃើញថា ស្ត្រីមានឱកាសការងារកាន់តែច្រើន សម្រាប់ពង្រឹងភាពជាម្ចាស់ និងជួយបង្កើនសេដ្ឋកិច្ចគ្រួសារ ព្រមទាំងបានលើកកម្ពស់ជីវភាព និងពង្រីកឱកាសកាន់តែច្រើនសម្រាប់ស្ត្រីចូលរួម។
ចំពោះមុខនេះ ខ្ញុំឯកភាពជាមួយលោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ដែលបានលើកឡើងថា ទន្ទឹមនឹងលទ្ធផលសម្រេចបានជាច្រើននេះ យើងក៏នៅមានបញ្ហាសេសសល់ ដែលតម្រូវឱ្យយើងរួមគ្នាដោះស្រាយបន្តទៀតក្នុងនោះរួមមាន៖
(១). កង្វះថវិកាក្នុងការអនុវត្តផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រនៅតាមក្រសួងស្ថាប័ន ហើយដៃគូអភិវឌ្ឍន៍មួយចំនួនក៏នៅមានភាពអល់អែក ក្នុងការដាក់ថវិការបស់ខ្លួនទៅក្នុងកញ្ចប់ថវិកាជាតិដែរ
(២). អំពើហិង្សាលើស្ត្រី និងក្មេងស្រី ពិសេសការរំលោភហើយសម្លាប់ ដែលភាគច្រើនប្រព្រឹត្តដោយក្រុមយុវជន ដែលបញ្ហាទាំងនេះ មានទំនាក់ទំនងទៅនឹងការធ្លាក់ចុះនៃសីលធម៌សង្គម កង្វះការយល់ដឹងអំពីតម្លៃរបស់ស្ត្រីការរើសអើងចំពោះស្ត្រី និងភាពភ្លើតភ្លើនទៅតាមសម្ភារៈនិយម ការប្រើប្រាស់បច្ចេកវិទ្យា និងបណ្តាញសង្គមទំនើបខុសទិសដៅ ទន្ទឹមនឹងបញ្ហាគ្រឿងញៀន ល្បែងស៊ីសង ក៏នៅតែបន្តកើតមាននៅឡើយ
(៣). បញ្ហាមួយទៀត គឺស្ត្រីភាគច្រើននៅតែទទួលបានការងារ ដែលទទួលបានកម្រៃទាបក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងប្រឈមនឹងភាពងាយរងគ្រោះ។ ទន្ទឹមនេះ ក្នុងវិស័យឤជីវកម្ម ស្ត្រីជាម្ចាស់ឤជីវកម្មមានចំនួនភាគច្រើនតែនៅក្នុងសហគ្រាសខ្នាតតូច និងមិនរៀបរយប៉ុណ្ណោះ
(៤). ការចូលរួមក្នុងការធ្វើសេចក្តីសម្រេច និងនយោបាយក៏ដូចជាឥរិយាបថសង្គម ក៏នៅតែមានការរើសអើងចំស្ត្រី, ហើយកង្វះការគាំទ្រហិរញ្ញវត្ថុ ការគាំទ្រពីគ្រួសារ ពីគណបក្សនយោបាយ និងពីប្រធានអង្គភាពបន្ទុកការងារផ្ទះសម្បែង និងកង្វះទំនុកចិត្តរបស់ស្ត្រីខ្លួនឯងក៏នៅតែជាបញ្ហា
(៥). វិសមភាពយេនឌ័រនៅក្នុងវិស័យអប់រំនៅកម្រិតមធ្យមសិក្សាទុតិយភូមិ និងឧត្តមសិក្សានៅតែជាបញ្ហានៅឡើយ ដែលប៉ះពាល់ដល់កាលានុវត្តភាពផ្នែកសេដ្ឋកិច្ចរបស់ស្ត្រី ពិសេសទាក់ទងនឹងការទទួលបាននូវចំណេះដឹង ជំនាញ និងបច្ចេកវិទ្យាថ្មី។
ជាការពិត បញ្ហាសេសសល់ទាំងនេះ តម្រូវឱ្យយើងរួមគ្នាដោះស្រាយបន្តទៀតដើម្បីឆ្លុះបញ្ចាំងនូវដំណើរឆ្ពោះទៅមុខរបស់កម្ពុជា និងស្របតាមខ្លឹមសារដែលខ្ញុំបានលើកឡើង នៅក្នុងកិច្ចប្រជុំកំពូលរបស់ប្រមុខដឹកនាំពិភពលោកស្តីពី សមភាពយេនឌ័រ និងការលើកកម្ពស់សិទ្ធិអំណាចស្ត្រី នៅឯអង្គការសហប្រជាជាតិ កាលពីថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៥ នាទីក្រុងញូវយ៉ក ដែលមានខ្លឹមសារដូចតទៅ៖
១. ការបង្កើនការវិនិយោគទៅលើសមភាពយេនឌ័រ ជាពិសេសតាមរយៈការពិនិត្យឡើងវិញលើគោលនយោបាយសារពើពន្ធ ដើម្បីបង្កើត និងបង្កើនចំណាយសាធារណៈសម្រាប់សមភាពយេនឌ័រ ព្រមទាំងត្រួតពិនិត្យ និង វិភាគផលប៉ះពាល់នៃចំណាយសាធារណៈទៅលើវិសមភាពយេនឌ័រ តាមរយៈការធ្វើកម្មវិធីថវិកា ដែលឆ្លើយតបទៅនឹងយេនឌ័រ។
២. ការធានានូវការការពារសិទ្ធិរបស់ស្ត្រី ព្រមទាំងការចូលរួមដោយពេញលេញ និងស្មើភាពរបស់ស្ត្រីនៅក្នុង ការធ្វើសេចក្តីសម្រេចនៅគ្រប់កម្រិត។
៣. ការពង្រឹងយន្តការគណនេយ្យភាពសម្រាប់សមភាពយេនឌ័រ តាមរយៈការពង្រឹងស្ថាប័នរដ្ឋាភិបាលព្រមទាំងការប្រើប្រាស់មធ្យោបាយនៃការតាមដានត្រួតពិនិត្យវឌ្ឍនភាពទាំងឡាយ ប្រកបដោយប្រសិទ្ធិភាព និង ការធានាផ្តល់ឱ្យបានគ្រប់គ្រាន់សម្រាប់ការងារយេនឌ័រ។
៤. ការបន្តលើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិសេសតាមរយៈការបង្កើនការ យល់ដឹងអំពីសេវាអភិវឌ្ឍឤជីវកម្មសំខាន់ៗ សម្រាប់សហគ្រាសខ្នាតខ្នាតតូច និងខ្នាតមធ្យម ដែលដឹកនាំដោយស្ត្រីព្រមទាំងការបង្កើននូវកម្មវិធីនានា ដើម្បីជួយឱ្យស្ត្រីទទួលបានជំនាញបច្ចេកទេស សហគ្រិនភាព និងសេវាហិរញ្ញវត្ថុ។
ដើម្បីប្រែក្លាយការប្តេជ្ញាចិត្តនេះ ឱ្យទៅជាសកម្មភាពដ៏ពិតប្រាកដ ខ្ញុំសូមលើកឡើងនូវសកម្មភាពការងារសំខាន់ៗ មួយចំនួន ដែលត្រូវផ្តោតការយកចិត្តទុកដាក់អនុវត្ត ដូចខាងក្រោមនេះ៖
ទី១. ក្រសួងស្ថាប័នពាក់ព័ន្ធត្រូវបញ្ចូលសកម្មភាពដែលបានឯកភាពគ្នានៅក្នុងផែនការនារីរតនៈទី ៤ និងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ទៅក្នុងផែនការយុទ្ធសាស្ត្ររបស់ខ្លួន ហើយត្រូវបែងចែកថវិកា សម្រាប់អនុវត្ត និងពិនិត្យតាមដានការងារនេះ ឱ្យមានប្រសិទ្ធិភាព។
ទី២. នៅពេលរៀបចំផែនយុទ្ធសាស្ត្រថវិកា និងផែនការថវិកាប្រចាំឆ្នាំ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវផ្តល់សេចក្តីណែនាំដល់គ្រប់ក្រសួង ស្ថាប័នទាំងអស់ ឱ្យបញ្ជាក់ពីលទ្ធផលក្នុងឆ្នាំ និងលទ្ធផលចុងក្រោយនីមួយៗអំពីអត្ថប្រយោជន៍ដែលស្ត្រី និងក្រុមជនងាយរងគ្រោះបានទទួល។
ទី៣. អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សូមបន្តរៀបចំផែនការសកម្មភាពរបស់ខ្លួនឱ្យស្របទៅតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ផែនការនារីរតនៈទី ៤ និងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ពិសេសអភិក្រមគ្រប់គ្រងទូទាំងកម្មវិធីសម្រាប់សមភាពយេនឌ័រ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល ដើម្បីទទួលបានប្រសិទ្ធិភាពរួមគ្នា។
ទី៤. គណបក្សនយោបាយគួរដាក់បេក្ខភាពស្ត្រីនៅលំដាប់លេខរៀង ដែលឤចជាប់ក្នុងការបោះឆ្នោត ពិសេស ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រខាងមុខនេះ។
ទី៥. ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តអប់រំបណ្តុះបណ្តាល និងកសាងសមត្ថភាពធនធានស្ត្រី ដោយត្រូវបន្តពង្រឹងគុណភាពនៃការអប់រំ ពិសេសការអប់រំស្ត្រីវ័យក្មេង និងក្មេងស្រីដើម្បីធ្វើឱ្យប្រសើរឡើងនូវភាពអង់ឤចផ្នែកសេដ្ឋកិច្ចរបស់ស្ត្រីឱ្យកាន់តែប្រសើរឡើង និងពង្រឹងសម្ព័ន្ធភាពរវាងមាតាបិតា និងគ្រឹះស្ថានសិក្សាឱ្យកាន់តែមានប្រសិទ្ធិភាព។
ទី៦. យុវជន យុវនារី ត្រូវខិតខំរៀនសូត្រ ប្រកាន់ខ្ជាប់នូវសីលធម៌ និងត្រូវប្រែក្លាយចំណេះដឹង ជំនាញ និងបទពិសោធន៍ទាំងឡាយឱ្យមានផលិតភាពខ្ពស់ ទទួលបាននូវការងារដែលមានតម្លៃបន្ថែម ដែលឤចប្រកួតប្រជែងជាមួយទីផ្សារនៅក្នុងតំបន់ស្របទៅនឹងបរិការណ៍ និងបច្ចុប្បន្នភាពនៃសមាហរណកម្មសេដ្ឋកិច្ចឤស៊ាន ដើម្បីជាផលប្រយោជន៍សម្រាប់ខ្លួនឯង គ្រួសារ សហគមន៍ និងសង្គមជាតិ។
ទី៧. វិស័យឯកជនសូមបន្តចូលរួមចំណែកលើកកម្ពស់សមភាពយេនឌ័រ និងមានភាពបត់បែនឱ្យមានតុល្យភាព រវាងការងារ និងគ្រួសារ ព្រមទាំងសហការជាមួយស្ថាប័នពាក់ព័ន្ធចាត់វិធានការ ក្នុងការបង្កបរិយាកាសការងារ និងបង្កើនលក្ខខណ្ឌការងារសមរម្យសម្រាប់ស្ត្រី។
[ចាប់ផ្តើមសេចក្តីអធិប្បាយបន្ថែម]
ឆ្លើយតបទៅសំណើតាមប្រព័ន្ធសង្គម ទាក់ទងនឹងបៀវត្សភរិយា និងកូន មន្ត្រីរាជការ និងកងម្លាំង
លោកជំទាវ ឯកឧត្តម លោក លោកស្រី អ្នកនាង កញ្ញា ខ្ញុំចង់និយាយបញ្ហាមួយ។ យប់មិញនេះ មានការចូលផ្តល់មតិរបស់ក្មួយស្រីម្នាក់ (ខ្ញុំមិនបានចូលមើល profile ទេ) ទាក់ទិនជាមួយនឹងបៀវត្សរបស់ភរិយាមន្ត្រីរាជការ។ ខ្ញុំចាប់អារម្មណ៍ ហើយអរគុណណាស់ចំពោះការផ្តល់មតិនេះ។ ខ្ញុំក៏បានឆ្លើយតប (ទៅសារដែល)លើកឡើងថា “សូមលោកពូ គិតអំពីរឿងនេះ។ ហើយចាំទទួលចម្លើយនៅថ្ងៃនេះ»។ ពេលនោះ ខ្ញុំបានទូរស័ព្ទជួបឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ គាត់ក៏ពិភាក្សាភ្លាមៗ ហើយវ៉ៃតាម Telegram មកឲ្យខ្ញុំវិញ។ ខ្ញុំក៏បានឆ្លើយតបទៅជាមួយនឹងការធ្វើអត្ថាធិប្បាយនោះថា “បានបញ្ជាទៅរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដើម្បីរកដំណោះស្រាយ ប្រសិនបើមិនបានក្នុងឆ្នាំនេះទេ គឺឆ្នាំ ២០១៧ ដោះស្រាយបាន”។ (សូមជំរាបថា) ដោយសារឆ្នាំនេះ យើងវិភាជន៍ថវិការួចស្រេចទៅហើយ ក៏ប៉ុន្តែ ខ្ញុំសង្ឃឹមថា យ៉ាងណាក៏ដោយ បើទោះបីជាមិនអាចតម្លើងជាបៀវត្សសម្រាប់ភរិយារបស់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងកូន ក៏អាចមានចំណែកខ្លះនៅពេលភ្ជុំជាដើម ដើម្បីជាកាដូខ្លះសម្រាប់ភរិយា និងកូន របស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធរបស់យើង។ ប៉ុន្តែឆ្នាំ ២០១៧ បៀវត្សនេះនឹងត្រូវបានបង្កើន។ ពិតហើយសូមមេត្តាជោគយល់។ បើនិយាយពីប្រពន្ធមិនជាច្រើនទេ ព្រោះមន្ត្រីខ្លះអត់មានប្រពន្ធទេ ប៉ុន្តែបញ្ហាធំជាងគេគឺកូនតែម្តង។ ពិតមែនតែថវិកា វាតូចសម្រាប់ម្នាក់ៗ ប៉ុន្តែអ្នកដែលទទួលច្រើន ហើយការចំណាយរបស់យើង ក៏ត្រូវគិតពីផ្នែកនានា។ ទន្ទឹមនឹងនោះ គឺបៀវត្ស មន្រីរាជការ កងកម្លាំងប្រដាប់អាវុធក៏បានកើនហើយ នៅសល់តែប៉ុន្មានថ្ងៃទៀតទេ ដល់ពេលដែលត្រូវកើនខ្ពស់តែម្តងនៅក្នុងខែ មេសា នេះ។ អញ្ចឹងសូមបញ្ជាក់ជូនថា ខ្ញុំបានឆ្លើយតប comment ក្នុងហ្វេសប៊ុករបស់ខ្ញុំហើយថ្ងៃនេះ។ ខ្ញុំបញ្ជាក់ថា ខ្ញុំទទួលដោយការពេញចិត្ត ហើយនៅឆ្នាំក្រោយនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាសមាជិក/ជិកា រាជរដ្ឋាភិបាល នឹងរៀបចំថវិកាយ៉ាងណា បង្កើនអោយខានតែបាន ទោះតិច ទោះច្រើន ចំពោះភរិយា និងកូនៗរបស់មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធរបស់យើង។
ការយោគយល់រវាងបុរស និងនារី
មួយទៀត ខ្ញុំក៏ចង់យកឱកាសទិវាបុណ្យសិទ្ធិនារី ដើម្បីទាមទារនូវសិទ្ធិបុរសខ្លះ។ ការទាមទាររបស់ខ្ញុំមិនហួសហេតុទេ។ មុននេះ ខ្ញុំនិយាយនៅទីនេះដែរថា គួរតែមានទិវាសិទ្ធិបុរសដែរ។ ទះដៃម្ខាងវាអត់លឺទេ។ វាទាល់តែមានទំនាក់ទំនងទ្វេទិស ហើយទ្វេទិសហ្នឹង បើថាភាពស្រុះគ្នាទាំងសង្ខាង អាហ្នឹងវាត្រូវគ្នា ប៉ុន្តែពេលម្ខាងរឹង ម្ខាងទន់ក៏វាដូចជាមិនស្រុះគ្នា។ មានស្រ្តីខ្លះ តាមខ្ញុំដឹង ដូចជាទៅការគេអញ្ចឹង អត់ឲ្យប្តីទៅ។ ទៅម្នាក់ឯង។ ទៅខ្លួនឯង ព្រោះខ្លាចប្តីមើលឃើញស្រីស្អាត។ អញ្ចឹង ប្តីនៅចាំតែផ្ទះហ្នឹងទៅ។ ខ្លួនឯងទៅណា ទៅៗ មិនបាច់ជូនដំណឹងប្តីទេ។ អញ្ចឹងក៏សូមអំពាវនាវចំពោះស្រី្តទាំងឡាយ មេត្តាយល់ដល់ចិត្តបុរសផង។ តើបុរសត្រូវការអី? យើងមិនឲ្យទៅផ្លូវខុសទេ តែគួរបើកឱកាសឲ្យគ្នា។ យើងគួរបង្កើតសមាគមន៍សិទ្ធិបុរស ខ្ញុំសុខចិត្តធ្វើជាប្រធានកិត្តិយស។ បើមិនយល់គ្នាទាំងសង្ខាងទេ គឺវាលំបាក។ ទាមទារអោយមានការអត់ធ្មត់ យោគយល់ទាំងសង្ខាងដែរ។ បើមិនដូច្នេះវាមានបញ្ហាហើយ។
ខ្ញុំគិតថា ប្រហែលមានអគ្គរដ្ឋទូតមួយចំនួនចូលរួមជាមួយខ្ញុំ ដើម្បីបង្កើតនូវអង្គការទាមទារសិទ្ធិបុរស។ មុនដំបូងខ្ញុំចង់បង្កើតនៅក្នុងក្របខណ្ឌអាស៊ាន ឬយ៉ាងហោចបំផុតក្នុងក្របខណ្ឌមេគង្គ បាន ៥ ប្រទេសដែរ ហើយអាចមេគង្គ និងដៃគូរបស់មេគង្គទៀត។ ប៉ុន្តែមិនទាន់ទៅដល់ទេ។
រឿងនេះនិយាយឲ្យចំ យើងហាក់ដូចជាធ្វើភ្លេចតែម្តង។ ឆ្នាំ ២០១៤ យើងបានបង្កើន ប៉ុន្តែចាប់ពីឆ្នាំ ២០១៥ និង ២០១៦ យើងអត់បានបង្កើនសម្រាប់ភរិយា និងកូនរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទេ ហើយក្នុងនោះក្រសួងនិមួយៗ សុទ្ធតែមានរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការជានារី តែនារីអត់ទាមទារផង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏មាននារីជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ មាននារីជារដ្ឋ លេខាធិការ និងអនុរដ្ឋលេខាធិការ។ ខ្ញុំអរគុណណាស់សម្រាប់ការផ្តល់មតិតាមប្រពន្ធទំនាក់ទំនងសង្គមមកដល់ខ្ញុំ … ប៉ុន្តែបញ្ហាថវិកាមិនអាចឆ្លើយថាបានប៉ុណ្ណេះៗ ដោយមិនបានគិតខ្ទង់ចំណាយ ក្រែងលោចាយទៅបែក(កញ្ចប់ថវិកា)គ្រឹប … តម្លើងប៉ុណ្ណេះអស់ប៉ុន្មានៗ ចំណូលរបស់យើងមានប៉ុន្មាន ដើម្បីធានារវាងក្បាលចេញ និងក្បាលចូលនៃបញ្ហាថវិការបស់យើង មិនអាចចូល ១០ ចាយ ២០ បានទេ។ ចូល១០ ចាយ ៩ កន្លះ ឬចាយ ៩ ទើបមានអតិរេកសម្រាប់ការវិនិយោគ។ ជាបញ្ហាថវិកា និងការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចរបស់យើង។
[ចប់ សេចក្តីអធិប្បាយបន្ថែម]
ក្នុងស្មារតីនេះ ខ្ញុំសង្ឃឹមថា ក្រសួងកិច្ចការនារី ក្រសួងស្ថាប័នញក់ព័ន្ធ វិស័យឯកជន សង្គមស៊ីវិលដៃគូអភិវឌ្ឍន៍ និងអង្គការជាតិ អន្តរជាតិទាំងអស់ នឹងបន្តកិច្ចខិតខំប្រឹងប្រែងរួមចំណែកគាំទ្រការលើកកម្ពស់ស្ថានភាព ជីវភាព សិទ្ធិ ឋានៈតួនាទីរបស់ស្ត្រី និងបន្តការគាំទ្រ និងប្រែក្លាយខ្លឹមសារនៃប្រធានបទ «វិនិយោគលើសមភាពយេនឌ័រដើម្បី កិច្ចអភិវឌ្ឍប្រកបដោយចីរភាព» ឱ្យទៅជាសកម្មភាពមានផលជាក់ស្តែង ដើម្បីកម្ពុជាសម្រេចបាននូវការអភិវឌ្ឍប្រកប ដោយចីរភាពយ៉ាងពិតប្រាកដ។
ជាទីបញ្ចប់ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទូទាំងប្រទេស ទូលព្រះបង្គំខ្ញុំ និងភរិយា សូមថ្វាយព្រះពរជ័យសិរីមង្គលបវរមហាប្រសើរថ្វាយ សម្តេចព្រះរាជអគ្គមហេសី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល និង ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមគុណបុណ្យព្រះរតនៈត្រ័យ ទេវតារក្សា ព្រះមហាស្វេតឆ័ត្រ តេជៈបារមីនៃអតីតព្រះមហាក្សត្រខ្មែរគ្រប់ព្រះអង្គ ព្រមទាំងវត្ថុស័ក្តិសិទ្ធិ ដែលរក្សាព្រះរាជាណាចក្រកម្ពុជាតាមជួយប្រោះព្រំថែរក្សាព្រះអង្គ សូមទទួលបានព្រះរាជសុខភាពបរិបូណ៌ ព្រះពលំមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ដើម្បីព្រះអង្គ គង់ជាម្លប់ដ៏ត្រជាក់ដល់ប្រជានុរាស្ត្រគ្រប់រូបទូទាំងព្រះរាជាណាចក្រកម្ពុជា។
ខ្ញុំសូមជូនពរសម្តេច លោកជំទាវ ឯកឧត្តម អ្នកអង្គម្ចាស់ លោកឧកញ៉ា អស់លោក លោកស្រី ភ្ញៀវជាតិ អន្តរជាតិ ក្មួយៗនិស្សិត និងបងប្អូនប្រជាជនទាំងអស់ សូមមានសុខភាពបរិបូណ៌ ទទួលបានជោគជ័យក្នុងគ្រប់ភារកិច្ច និងសូមប្រកបដោយពុទ្ធពរទាំងបួនប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕