– ឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមប្រឹក្សាយុវជនឤស៊ី
– ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជា
– ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងគណៈប្រតិភូយុវជនមកពីបណ្តាប្រទេសដែលបានចូលរួមទាំងអស់
– អង្គវេទិកាទាំងមូលជាទីមេត្រី !
ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីរីករាយ ដោយបានមកចូលរួមនៅក្នុងពិធី «បើកវេទិកាយុវជនឤស៊ី ២០១៦» ក្រោមប្រធានបទ «សន្តិភាព, ប្រជាធិបតេយ្យ និងភាពជាដៃគូ ក្នុងតំបន់ឆ្ពោះទៅរកគោលដៅអភិវឌ្ឍប្រកបដោយចីរភាព» ដ៏មានខ្លឹមសារ និងមានសារៈសំខាន់បំផុត ស្របទៅនឹងនិន្នាការក្នុងស្ថានភាពបច្ចុប្បន្ននេះ។ ប្រធានបទនេះ ឆ្លុះបញ្ចាំងឱ្យឃើញពីការប្តេជ្ញាចិត្តយ៉ាងរឹងមាំ ចំពោះតួនាទីយ៉ាងសំខាន់របស់យុវជនគ្រប់រូប ក្នុងការរួបរួមសាមគ្គីគ្នា និងសហការគ្នា កសាងវប្បធម៌សន្តិភាព និងចូលរួមចំណែកដល់ការអភិវឌ្ឍទាំងនៅក្នុងកម្រិតជាតិ, តំបន់ និងទូទាំងពិភពលោក។
ឆ្លៀតកក្នុងឱកាសនេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមសម្តែងនូវការកោតសរសើរដល់សហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមប្រឹក្សាយុវជនឤស៊ី ចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការផ្តួចផើ្តម និងរៀបចំវេទិកាយុវជន ២០១៦ នេះឡើង ក្នុងគោលដៅបន្តពង្រឹងនូវទំនាក់ទំនងរបស់យុវជនដែលមកពីបណ្តាប្រទេស, អង្គការ និងមជ្ឈដ្ឋានផ្សេងៗគ្នា ឱ្យមានឆន្ទៈរួមគ្នា និងគោលបំណងដូចគ្នាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ហើយក៏ដើម្បីទទួលនូវគំនិតយោបល់របស់យុវជន តាមរយៈការពិភាក្សា, ការចែករំលែកបទពិសោធន៍ និងសកម្មភាពផ្សេងៗ។ ទន្ទឹមនេះ ខ្ញុំក៏សូមសម្តែងនូវអំណរសាទរដល់ប្រធាន, អនុប្រធាន និងគណៈកម្មការប្រតិបត្តិថ្មី ដែលត្រូវបានជាប់ឆ្នោតសម្រាប់បន្តចក្ខុវិស័យដ៏ថ្លៃថ្លារបស់ ក្រុមប្រឹក្សាយុវជនឤស៊ី សម្រាប់ឤណត្តិ ២០១៦-២០១៨ និង សូមចូលរួមអបអរសាទរដល់ថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងសមាជិកយុវជនស័្មគ្រចិត្តកម្ពុជាទាំងអស់ ដែលបានទទួលធ្វើជាម្ចាស់ផ្ទះជាលើកទី ២ ក្នុងការរៀបចំវេទិកាយុវជនក្នុងក្របខ័ណ្ឌអន្តរជាតិនេះ។
ជាការពិត ការដែលយុវជនទាំងអស់គ្នា ឤចមានលទ្ធភាពមកជួបជុំគ្នានៅទីនេះ ចូលរួមក្នុងវេទិកាយុវជនដ៏មាន ខ្លឹមសារនេះបាន គឺផ្តើមចេញពីលទ្ធផលដែលកម្ពុជា និងតំបន់ទទួលបាននូវសុខសន្តិភាព។ សន្តិភាពនេះ គឺពុំមែនកើតឡើងដោយឯកឯងនោះឡើយ ហើយការកសាង និងការរក្សាសនិ្តភាព គឺទាមទារឱ្យប្រជាជនគ្រប់រូប ពិសេសយុវជនជាអ្នកចូលរួមបង្កើត និងជំរុញដំណើរការនៃបេសកកម្មថែរក្សាសុខសន្តិភាពនេះ ឱ្យនៅគង់វង្សបន្តឆ្ពោះទៅមុខ។ ការបាត់បង់នូវសន្តិភាព និង វត្តមាននៃអំពើហិង្សានៅក្នុងសង្គមជាតិមួយ គឺជាប្រភពនៃភាពរាំងស្ទះដល់ដំណើរការអភិវឌ្ឍដ៏ចម្បងនៃសង្គមជាតិនោះ។ ដោយឃើញពីតួនាទីដ៏ចាំបាច់មិនឤចខ្វះបាននៃការរក្សាបាននូវសន្តិភាព ដែលជាមូលដ្ឋានគ្រឹះនៃការ អភិវឌ្ឍនោះ, សម័យប្រជុំលើកទី ៧០ របស់មហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កឆ្នាំ ២០១៥ បានអនុម័តលើរបៀបវារៈអភិវឌ្ឍក្រោយឆ្នាំ ២០១៥ ដោយរំលេចអំពីការធានាឱ្យបាននូវសន្តិភាពជាគោលដៅចម្បងមួយក្នុងចំណោមគោលដៅគនឹ្លះដទៃទៀត ដើម្បីកសាង និងអភិវឌ្ឍសង្គមមួយឱ្យប្រកបដោយចីរភាព ហើយនិងបង្កើតឡើងនូវវិបុលភាព, សមភាព សម្រាប់គ្រប់គ្នានៅលើពិភពលោកនៅក្នុងឆ្នាំ ២០៣០។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមគូសរំលេចដោយខ្លីអំពីដំណើរវិវត្តរបស់កម្ពុជាក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ទំរាំតែនឹងទទួលបាននូវលទ្ធផលដូចសព្វថ្ងៃនេះ។ ជារួម មុននឹងកម្ពុជាឈានដល់ការទទួលបាននូវការបង្រួបបង្រួមជាតិ, ទទួលបានសុខសន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់លើគ្រប់វិស័យរហូតដល់សព្វថ្ងៃនេះ ប្រជាជនកម្ពុជាបានឆ្លងកាត់នូវប្រវត្តិសាស្ត្រ និងបទពិសោធន៍ដ៏ល្វីងជូរចត់នៃសង្គ្រាមស៊ីវិល, របបប្រល័យពូជសាសន៍ ប៉ុល ពត និងជម្លោះផ្ទៃក្នុងដ៏រាំរ៉ៃដែលអូសបន្លាយជាង ៤ ទសវត្សរ៍ ដោយសារតែសង្គមខ្មែរនាពេលនោះ ទទួលរងនូវឥទ្ធិពលអវិជ្ជមានពីខាងក្រៅ ពោលគឺការប្រឈមមុខគ្នានៃមនោគមវិជ្ជាសង្គ្រាមត្រជាក់របស់ប្រទេសមហាអំណាច។ ប្រជាជនកម្ពុជាមិនត្រឹមតែជាជនរងគ្រោះនៃ ជម្លោះផ្ទៃក្នុងប៉ុណ្ណោះទេ ថែមទាំងទទួលរងនូវការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដ៏អយុតិធម៌ពីប្រទេសមួយចំនួនផងដែរ ហើយក្រោយពីប្រជាជនកម្ពុជាបានព្យាយាមរំដោះខ្លួនយ៉ាងវេទនាពីរបបប្រល័យពូជសាសន៍, កម្ពុជាក៏សម្រេចបាននូវការផ្សះផ្សារបង្រួបបង្រួមជាតិ ក្នុងគោលដៅចៀសឱ្យផុតពីការវិលត្រលប់មកវិញនូវរបបដ៏យង់ឃ្នង។
ជាការពិត ការផ្តួលរំលំរបបប្រល័យពូជសាសន៍ គឺឈរលើកម្លាំង និងស្មារតីរបស់យុវជន ដែលបានរួមគ្នាបងើ្កតរណសិរ្សសាមគី្គសង្គ្រោះជាតិ នៅថ្ងៃ ២ ធ្នូ ឆ្នាំ ១៩៧៨ ហើយចលនាយុវជនដែលជាស្នូលនៃរណសិរ្សសាមគី្គសង្គ្រោះជាតិនេះ ក៏បានបន្តចូលរួមយ៉ាងសកម្មក្នុងការការពារ និងកសាងជាតិរហូតដល់បច្ចុប្បន្នបានប្រែក្លាយមកជាសហភាពសហព័ន្ធយុវជនកមុជា។ ទោះបីយ៉ាងណា ការឈឺចាប់, ការបាត់បង់ និងសោកនាដកម្មដ៏ធំធេងនេះ នៅតែបន្តដិតជាប់ក្នុងឤរម្មណ៍របស់ប្រជាជនខ្មែរនៅឡើយ។ ទាំងនេះ គឺជាការចងចាំមួយមិនឤចបំភ្លេចបាន ហើយក៏ជាការផ្តល់នូវមេរៀន និងជាការ ដាស់តឿនក្រើនរំលឹកដល់ប្រជាជន ព្រមទាំងយុវជនគ្រប់រូបអំពីស្មារតីបង្រួបបង្រួមជាតិ, ស្នេហាជាតិ ក៏ដូចជាកាតព្វកិចរួមរបស់យើងទាំងអស់គ្នាក្នុងការកសាង និងថែរក្សាសនិ្តភាពជាតិ ដែលសម្រេចបានដោយលំបាកលំបិន និងដោយឆ្លងកាត់នូវការបូជាជីវិតរាប់មិនអស់ ព្រមទាំងការលះបង់ផ្សេងៗទៀតដ៏សនឹ្ធកសន្ធាប់។ ដូច្នេះ ការរក្សាបាននូវសុខសនិ្តភាព នឹងធានាបាននូវកាលានុវត្តភាពដ៏សម្បូណ៌បែប សម្រាប់យុវជន ដែលជាសសរទ្រូង និងជាកម្លាំងស្នូលនៃសេដ្ឋកិច្ចជាតិ, ចូលរួមចំណែកយ៉ាងសកម្មក្នុងការរក្សាស្នាដៃ និង សមិទ្ធផលដែលបន្សល់ទុកដោយយុវជនជំនាន់មុន និងបន្តរួមចំណែក ប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសដែលមានចំណូលមធ្យមក្នុងឆ្នាំ ២០៣០ ខាងមុខ។
ទន្ទឹមនឹងការរក្សាបានសុខសន្តិភាព, ការធានាឱ្យបាននូវការអនុវត្តលទ្ធិប្រជាធិបតេយ្យមួយ ដែលវិវឌ្ឍស្របតាមកាលៈទេសៈ និងបរិការណ៍ជាក់ស្តែងរបស់សង្គមជាតិ គឺជាធាតុផ្សំមួយយ៉ាងសំខាន់ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពផងដែរ។ ក្នុងស្មារតីនេះ ការចូលរួមរបស់យុវជនក្នុងគ្រប់កិច្ចការរបស់ប្រទេសជាតិ គឺមានសារៈសំខាន់ ពីញ្រេះយុវជនជាអ្នកសម្រេចជោគវាសនាប្រទេសជាតិទាំងបច្ចុប្បន្ន និងអនាគត។ ដូច្នេះ ចំពោះរាល់គោលនយោបាយ អភិវឌ្ឍ, ចាំបាច់ត្រូវបន្តផ្តល់ឱកាសគ្រប់គ្រាន់ដល់យុវជនក្នុងការចូលរួម និងបញ្ចេញទស្សនៈ ឬមតិយោបល់ផ្សេងៗ ដែលជាការពង្រឹងលទិ្ធប្រជាធិបតេយ្យផង និងក្នុងគោលដៅសម្រេចបាននូវគោលនយោបាយរួមប្រកបដោយបរិយាប័ន្ន ដែលនឹងធានាបាននូវផលប្រយោជន៍ជាតិជាអតិបរមាផង។ ព្រមជាមួយនេះ យុវជនត្រូវយល់ថា ការចូលរួមទាំងនេះ ជាជម្រើស និងជាទង្វើមួយដ៏ត្រឹមត្រូវពិសេសឆ្លើយតបទៅនឹងតម្រូវការនៃសង្គមសព្វថ្ងៃនេះ ព្រមទាំងជាសិទ្ធិ និងកាតព្វកិច្ចរបស់យុវជនគ្រប់ៗរូបក្នុងសង្គម ប្រកាន់លទិ្ធប្រជាធិបតេយ្យ ដែលការចូលរួមរបស់យុវជនកាន់តែមានលក្ខណៈទូលំទូលាយ ស្របជាមួយនឹងការរីកចំម្រើនខាងបច្ចេកវិទ្យា និងលទ្ធភាពទទួលការអប់រំបានងាយស្រួល, មានធនធាន, មានចំណេះវិជ្ជា និងមានគំនិតច្នៃប្រឌិតថ្មីៗ ដែលប្រកបដោយគុណប្រយោជន៍ជាច្រើនដល់សង្គមរបស់ខ្លួន។ លើសពីនេះទៀត យើងសង្កេតឃើញ មានកំណើននៃចំណាប់ឤរម្មណ៍ និងការចូលរួមពីសំណាក់យុវជនយ៉ាងផុសផុល ក្នុងសកម្មភាពាក់ព័ន្ធទៅនិងវិស័យមនុស្សធម៌, វប្បធម៌ និងសង្គម ក៏ដូចជាវិស័យនយោបាយ ដែលរំលេចចេញនូវនិន្នាការវិជ្ជមាននៃការអនុវត្តលទិ្ធប្រជាធិបតេយ្យនៅកម្ពុជានាពេលបច្ចុប្បន្ន។ ប៉ុន្តែ ទន្ទឹមនឹងនេះ ក៏មានយុវជនមួយចំនួនហាក់មានភាពរួញរានៅឡើយ ក្នុងការចូលរួមចំណែកក្នុងវិស័យនយោបាយ, យុវជនខ្លះបានបណ្តោយខ្លួនឱ្យក្លាយជាឧបករណ៍នយោបាយប្រកាន់នូវនិន្នាការជ្រុលនិយម ដែលការមិនអើពើ និងភាពជ្រុលនិយមទាំងនេះ ធ្វើឱ្យបាត់បង់ឱកាសក្នុងការប្រើប្រាស់នូវសក្តានុពល, ទេព្យកោសល្យ, សមត្ថភាព និងគំនិតល្អៗ ដើម្បីជាគុណប្រយោជន៍ក្នុងការស្តារ និងអភិវឌ្ឍប្រទេសជាតិរបស់ខ្លួនទៅវិញ។
ឯកឧត្តម លោកជំទាវ អស់លោក លោស្រី យុវជន និស្សិត និងសិស្សានុសិស្សទាំងអស់!
ក្នុងខ្លឹមសារដូចបានលើកឡើងមកនេះ ខ្មុំយល់ថា ការធានាឱ្យបាននូវសុខសន្តិភាព ទាំងក្នុងកម្រិតតំបន់ និងនៅទូទាំងពិភពលោក និងដើម្បីសម្រេចឱ្យបាននូវរបៀបវារៈនៃការអភិវឌ្ឍប្រកបដោយចីរភាពនោះ ចាំបាច់បំផុតត្រូវមានវត្តមាននៃភាពជាដៃគូដ៏ជិតសិទ្ធរវាងរដ្ឋាភិបាលនៃបណ្តាប្រទេសនីមួយៗ, វិស័យឯកជន, ដៃគូអភិវឌ្ឍ និងអង្គការសង្គមស៊ីវិលទាំងអស់ដែលពាក់ព័ន្ធ។ ភាពជាដៃគូរួមបញូលគ្នាទាំងអស់នេះ ត្រូវបង្កើតឡើងក្នុងស្មារតីមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ភាគីនីមួយៗ ហើយដោយផ្អែកលើគោលការណ៍ផ្តល់តម្លៃ, ទស្សនវិស្ស័យ និងទិសដៅរួមគ្នា ដែលអនុញ្ញាតឱ្យភាគីទាំងអស់ឤចសិក្សា, ស្វែងយល់ពីគ្នាទៅវិញទៅមកឱ្យបានច្បាស់លាស់ ដើម្បីរួបរួមសាមគ្គី និងសហប្រតិបតិ្តការគ្នា ដោះស្រាយបញ្ហាប្រឈមទាំងឡាយ ដែលកើតមានក្នុងតំបន់ និងសកលលោក ប្រកបដោយស្មារតីទទួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់ ក្នុងគោលដៅរក្សាឱ្យបាននូវសុខុដុមណីយកម្មសម្រាប់យើងអស់គ្នា។ ក្នុងនោះ ប្រទេសដែលមានការអភិវឌ្ឍតិចតួច និងប្រទេសកំពុងអភិវឌ្ឍ នឹងឤស្រ័យលើភាពជាដៃគូនេះយ៉ាងខ្លាំងក្នុងវិស័យសេដ្ឋកិច្ច ដើម្បីស្តារ និងអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន តាមរយៈលំហូរចូលនៃវិនិយោគបរទេស ដែលនាំមកនូវមូលធន, បច្ចេកវិទ្យា និងការផ្ទេរនូវចំណេះដឹង។
លើសពីនេះទៀត ភាពជាដៃគូក្នុងការអភិវឌ្ឍមិនត្រឹមតែបានចូលរួមចំណែកក្នុងការធើឱ្យប្រសើរឡើងនូវស្ថានភាពសេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ថែមទាំងបានជួយលើកតមើ្កងកិតិ្តនាមរបស់កម្ពុជាក្នុងឆាកអន្តរជាតិទៀតផង។ ជាក់ស្តែង ឈរលើមូលដ្ឋាននៃទស្សនាទាននៃភាពជាដៃគូនេះ កម្ពុជាត្រូវបានធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់ខ្លួនទៅក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក ក្នុងភាពម្ចាស់ការ ហើយរួមផ្សំនឹងការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាបានអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនឈានឡើងគួរឱ្យកត់សម្គាល់ ពោលគឺក្នុងអំឡុងពេល ២ ទសវត្សរ៍ចុងក្រោយនេះ កម្ពុជាបានសិ្ថតក្នុងចំណោមប្រទេសទាំង ៨ លើពិភពលោក ដែលសម្រេចបាននូវកំណើនសេដ្ឋកិច្ចលឿនបំផុតក្នុងអត្រាខ្ពស់ ដែលមិនធ្លាប់មានពីមុនមកនៅតាមបណ្តាប្រទេសដែលទើបចាកផុតពីសង្គ្រាមស៊ីវិល។ ទន្ទឹមនេះ កម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងតំបន់ឤស៊ីប៉ាស៊ីហ្វិក សម្រាប់ការធ្វើឱ្យប្រសើរឡើងនូវសូចនាករសង្គម ហើយក៏ជាប្រទេសមួយដែលបានសម្រេចគោលដៅអភិវឌ្ឍសហសវត្សរ៍ របស់អង្គការសហប្រជាជាតិមុនកាលកំណត់ឆ្នាំ ២០១៥ ព្រមទាំងបានចេញផុតពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចបំផុត ទៅជាប្រទេសកំពុងអភិវឌ្ឍន៍ ដែលមានចំណូលមធ្យមកម្រិតទាប ហើយកម្ពុជាសង្ឃឹមថា នឹងក្លាយជាប្រទេសដែលមានចំណូល មធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ ២០៣០។ ជាមួយនេះ កម្ពុជាក៏មានមោទនភាពមួយដ៏ឧត្តុង្គឧត្តម ខណៈពេលបច្ចុប្បន្ន និងគិតចាប់តាំងពីឆ្នាំ ២០០៦ មក កម្ពុជាបន្តមានលទ្ធភាពក្នុងការបញូនកងទ័ពមួកខៀវចូលរួមក្នុងប្រតិបតិ្តការរក្សាសនិ្តភាពរបស់អង្គការសហប្រជាជាតិ ក្នុងប្រទេសប្រមាណ ៨ រួមមាន៖ សូដង់, សូដង់ខាងត្បូង, ឆាត, ស៊ីរី, លីបង់, ម៉ាលី, ឤហ្រិកកណ្តាល, កោះស៊ីព្រ ក្នុងនាមជាប្រទេសឯករាជ្យ, មានអធិបតេយ្យពេញលេញ និងជាសមាជិកអង្គការសហប្រជាជាតិ ដែលខុសប្លែកកាលពីអំឡុងឆ្នាំ ១៩៩១ ដល់ ១៩៩៣ ពេលនោះ អង្គការសហប្រជាជាតិបានបញ្ជូនកម្លាំងចម្រុះជាតិសាសន៍ មកជួយស្វែងរកសនិ្តភាពជូនកម្ពុជា។
ជាថ្មីម្តងទៀត ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងក្រុមការងារទាំងអស់នៃក្រុមប្រឹក្សាយុវជនឤស៊ី និងសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានខិតខំប្រឹងប្រែងសហការ និង ចូលរួមចំណែកយ៉ាងសស្រាក់សស្រាំក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីជំនះរាល់ឧបសគ្គ និងសម្រេចជោគជ័យក្នុងការរៀបចំវេទិកាយុវជនឤស៊ី ២០១៦ ដ៏មានខ្លឹមសារនេះឡើង។ ទន្ទឹមនឹងនេះ ខ្ញុំក៏សូមផ្តាំផ្ញើដល់ក្មួយៗយុវជនជាតិ និងអន្តរជាតិទាំងអស់ ដែលនឹងទទួលបាននូវចំណេះដឹងដ៏មានសារៈសំខាន់ និងគុណប្រយោជន៍ដ៏ឧតុង្គឧត្តមពីអង្គវេទិការនេះ តាមរយៈការផ្លាស់ប្តូរ និងចែករំលែក នូវបទពិសោធន៍ដ៏មានតម្លៃផ្សេងៗនោះ សូមបន្តនូវការប្តេជ្ញាចិត្ត និងឆន្ទៈដ៏មុតមាំ ដើម្បីចូលរួមចំណែកឱ្យបានកាន់តែ សកម្មបន្ថែមទៀតតាមគ្រប់រូបភាព និងលទ្ធភាពក្នុងបុព្វហេតុបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការតាមវិស័យ ឈានទៅសម្រេចការអភិវឌ្ឍប្រកបដោយចីរភាពលើគ្រប់វិស័យ និងធានាឱ្យបាននូវសុខសន្តិភាព, សុខុដុមភាព និងភាពរីកចម្រើនសម្បូណ៌រុងរឿងនៅក្នុងតំបន់ឤស៊ីរបស់យើងនេះ។
ខ្ញុំសូមជូនពរដល់ក្មួយៗយុវជនជាតិ និងអន្តរជាតិទាំងអស់ ទទួលបាននូវជោគជ័យក្នុងការចូលរួមក្នុងកិច្ចពិភាក្សា និងសកម្មភាពផ្សេងៗ ដែលរៀបចំឡើងដោយវេទិកានេះ ព្រមទាំងទទួលបាននូវភាពសប្បាយរីករាយក្នុងអំឡុងពេលស្នាក់នៅក្នុងប្រទេសកម្ពុជា និងទទួលបាននូវអនុស្សាវរីយ៍ល្អៗត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ។
នៅទីបញ្ចប់ ជាមួយនឹងការប្រកាសបើក «វេទិកាយុវជនឤស៊ី ២០១៦» ក្រោមប្រធានបទ «សន្តិភាព ប្រជាធិបតេយ្យ និងភាពជាដៃគូក្នុងតំបន់ឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព» នៅពេលនេះ ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងគណៈប្រតិភូយុវជនមកពីបណ្តាប្រទេសដែលបានចូលរួមទាំងអស់ សូមប្រកបដោយសិរីសួស្តី, ជ័យមង្គល, វិបុលសុខគ្រប់ប្រការ និងជោគជ័យតាមភារកិច្ចរៀងៗខ្លួន៕