ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ រីករាយដែលបានមកចូលរួមចែកសញ្ញាបត្រ ជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យា ល័យជាតិគ្រប់គ្រង សរុបចំនួន ៤៩០១ នាក់។ ថ្ងៃនេះ ជាតិយើងទាំងមូល បានទទួលធនធានមនុស្សបន្ថែមទៀតសម្រាប់អភិវឌ្ឍប្រទេសរបស់យើង។ សូមយកឱកាសនេះ ថ្លែងជូននូវការកោតសរសើរចំពោះការខិតខំទាំងអស់របស់ជាតិយើងទាំងមូល និយាយជារួម និងនិយាយដោយឡែក ចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលធ្លាប់បានធ្វើកំណែទម្រង់ស៊ីជម្រៅនៅក្នុងដំណាក់កាលថ្មីរបស់យើងនេះ។ សូមថ្លែងនូវការកោតសរសើរ ជាពិសេស ចំពោះសាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលបានធ្វើការបណ្តុះបណ្តាលធនធានមនុស្ស ក្នុងរយៈពេលកន្លងទៅនេះ។ តាមការកត់ចំណាំ សាកលវិទ្យាល័យមួយនេះ នៅរក្សាបាននូវកិត្យានុភាពរបស់ខ្លួន តាមរយៈនៃការធានាគុណភាពការបណ្តុះបណ្តាល ហើយដែលធ្វើឲ្យសាកលវិទ្យាល័យមួយនេះ នៅតែទទួលបាននូវការពេញនិយមពីសំណាក់សិស្សនិស្សិត។ ច្បាស់ណាស់ថា យុវជនរបស់យើងពិតជាមានជម្រើសច្រើន ដោយសារតែប្រទេសរបស់យើងមានសាកលវិទ្យាល័យច្រើន ដូច្នេះ គឺគេចង់ទៅរកសាលាណាដែលធានាឲ្យពួកគេ នូវការបណ្តុះបណ្តាលមួយច្បាស់លាស់ …។
វិស័យឯកជនវិនិយោគក្នុងវិស័យអប់រំ និងសាលារដ្ឋមានការសិក្សាបង់ថ្លៃ ជាគោលនយោបាយត្រឹមត្រូវ
ផ្តើមចេញពីគោលនយោបាយត្រឹមត្រូវ នៃវិស័យអប់រំ ដែលទាក់ទាញឲ្យមានការចូលរួមពីវិស័យឯកជន ទាំងក្នុង និងក្រៅប្រទេស ហើយនៅត្រង់ចំណុចនៃការទាក់ទាញឲ្យមានការវិនិយោគលើវិស័យអប់រំពីសំណាក់វិស័យឯកជននេះ រដ្ឋក៏បានផ្តល់ឱកាសអោយគ្រឹះស្ថានឧត្តមសិក្សារបស់រដ្ឋមានការរៀនបង់ថ្លៃ។ នេះជាជម្រើសដែលល្អបំផុត សម្រាប់ដោះស្រាយកង្វះកន្លែងសម្រាប់យុវជនរបស់យើងទទួលបាននូវការអប់រំ ការបណ្តុះបណ្តាល។ ពិតហើយថា មាននិស្សិតដែលជាប់ដោយអាហារូបករណ៍ ក្នុងនោះក៏មានអាហារូបករណ៍របស់ខ្ញុំព្រះករុណាខ្ញុំ ចំនួន ១២៥ នាក់ ដែលសាកលវិទ្យាល័យបានប្រគល់ឲ្យខ្ញុំព្រះករុណាខ្ញុំ ហើយខ្ញុំព្រះករុណាខ្ញុំ ក៏បានផ្តល់ឲ្យចំពោះនិស្សិតរបស់យើងផងដែរ។ ប៉ុន្តែ ក៏មាននិស្សិតមួយចំនួន ក៏បានសិក្សាដោយបង់ថ្លៃ នៅទីនេះ ហើយដែលខ្ញុំព្រះករុណាខ្ញុំ សូមអបអរសាទរចំពោះអ្នកទាំងអស់ រាប់ទាំងព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ដែលបានប្រឹងប្រែងនៅក្នុងការសិក្សា។ អម្បាញ់មិញ ព្រះតេជព្រះគុណក៏បានដាក់ជាសំណើ សុំឲ្យខ្ញុំព្រះករុណាខ្ញុំទៅសម្ពោធវត្តនៅឯកំពង់ធំឯណោះ។ ចាំខ្ញុំព្រះករុណាខ្ញុំ ឆ្លើយតាមក្រោយ …។
កែប្រែការប្រមាថថា សញ្ញាបត្រក្នុងស្រុកគ្មានតម្លៃ ទៅជាកម្លាំងជម្រុញខិតខំប្រឹងប្រែងថែមទៀត
ទន្ទឹមនឹងការអបអរសាទរ ចំពោះវឌ្ឍនភាពនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ក៏ដូចជាអបអរសាទរចំពោះជ័យលាភី ដែលនឹងទទួលសញ្ញាបត្រនៅថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ នៅតែទទូចឲ្យបន្តនូវការកំណែទម្រង់ស៊ីជម្រៅ ទៅលើបញ្ហាវិស័យអប់រំនេះ។ ទោះបីថាមានមនុស្សម្នាក់ ឬមនុស្សខ្លះ ដែលប្រមាថមាក់ងាយសញ្ញាបត្រក្នុងស្រុកក៏ដោយចុះ ក៏ប៉ុន្តែ យើងទាំងអស់គ្នានៅទីនេះ ត្រូវតែដឹងថា យើងប្រែក្លាយពីការឈឺចាប់ ដែលគេប្រមាថថាសញ្ញាបត្រគ្មានតម្លៃ ឲ្យក្លាយទៅជាអ្នកដែលមានចំណេះដឹងពិតប្រាកដ ហើយមានចំណេះដឹងខ្ពស់ជាងអ្នកដែលនិយាយហ្នឹងទៅទៀត។ ធ្វើយ៉ាងនេះទើបយើងមិនបរាជ័យ ចំពោះមុខការប្រមាថរបស់អ្នកនយោបាយខ្លះ ដែលហ៊ានប្រមាថអ្នកសិក្សាក្នុងស្រុក។ ព្រះតេជព្រះគុណ ក៏ស្ថិតនៅក្នុងចំណោមអ្នកដែលត្រូវគេប្រមាថដែរ ព្រោះព្រះតេជព្រះគុណមិនបានទៅរៀននៅក្រៅស្រុកនឹងគេទេ។ គេថា សញ្ញាបត្រនៅក្នុងស្រុកអត់មានតម្លៃ។ ប៉ុន្តែ កុំភ្លេចថា អ្នកដែលត្រៀមកាន់អំណាចនៅឆ្នាំ ២០១៨ នោះ ក៏ជាអ្នកដែលបានចប់ការសិក្សានៅក្នុងស្រុក មិនដែលបានទៅក្រៅស្រុកនឹងគេទេ។ អញ្ចឹងទេ ក៏ត្រូវគេប្រមាថដែរ។
សូមប្រែក្លាយនូវការឈឺចាប់ចំពោះមុខការប្រមាថរបស់គេឲ្យទៅជាកម្លាំងសិក្សាមួយ មិនមែនគ្រាន់តែមនុស្សម្នាក់ៗនោះទេ ក៏ប៉ុន្តែ ស្ថាប័នអប់រំត្រូវតែមានកំណែទម្រង់ជាក់លាក់ សាលានីមួយៗ គ្រឹះស្ថានអប់រំនីមួយៗ ត្រូវតែមានការប្រឹងប្រែង។ ជាមួយគ្នានោះដែរ ការផ្លាស់ប្តូរនៅក្នុងក្របខណ្ឌតំបន់ និងពិភពលោក តម្រូវឲ្យមានការប្រកួតប្រជែងយ៉ាងខ្លាំង។ ធនធានមនុស្សក្លាយទៅជាបញ្ហាគន្លឹះពិតប្រាកដ ដើម្បីប្រកួតប្រជែងនៅក្នុងក្របខណ្ឌនៃសមាហរណកម្ម ក្នុងក្របខណ្ឌតំបន់ អនុតំបន់ និងក្របខណ្ឌពិភពលោក។ ចំណុចនេះ មិនមែនកម្ពុជាមិនអាចធ្វើបានទេ។ យើងមានលទ្ធភាពធ្វើ ហើយយើងបាន និងកំពុងធ្វើរួចមកហើយ។ យើងគ្រាន់តែដាក់ជាសំណួរថា ហេតុអីបានជាសហរដ្ឋអាមេរិចចាំបាច់បញ្ជូនរដ្ឋមន្រ្តីការបរទេសរបស់ខ្លួន មកកាន់ប្រទេសកម្ពុជា មុនពេលដែលមានការប្រជុំរវាង អាស៊ាន និងសហរដ្ឋអាមេរិក? តែប៉ុណ្ណឹង គេអាចយល់បានថា កម្ពុជាក៏ជាប្រទេសមួយនឹងគេដែរ ក៏ជារដ្ឋអធិបតេយ្យ ហើយក៏ជាអ្នកដែលមានខួរក្បាលដូចគេដូចឯងដែរ។ យើងមិនតាំងខ្លួនជាអធិរាជលើពិភពលោក ដូចអ្នកខ្លះតាំងខ្លួនជាអធិរាជហ្វេសប៊ុក (ហើយ)ឥឡូវ បាត់តំណែងអធិរាជហ្វេសប៊ុក និងនាយករដ្ឋមន្រ្តីហ្វេសប៊ុក(នោះទេ) …។ យើងមិនបានតាំងខ្លួនធ្វើជាអធិរាជ ឬធ្វើជាបងធំនៅក្នុងតំបន់ ឬក៏បងធំផ្នែកនេះ ផ្នែកនោះអីទេ។ ប៉ុន្តែ យើងក៏មិនត្រូវទទួលរងការប្រមាថពីអ្នកណាដែរ។ អ្នកនៅក្នុងស្រុកក៏មិនត្រូវទទួលរងការប្រមាថពីអ្នកនៅក្រៅស្រុក (ហើយ)ប្រទេសដទៃ ក៏មិនត្រូវប្រមាថមកកាន់កម្ពុជាទេ។
កម្ពុជាអនុវត្តគោលនយោបាយការបរទេសឯករាជ្យ
ប៉ុន្មានថ្ងៃនេះ មានការធ្វើអត្ថាធិប្បាយថាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស ហោ ណាំហុង ទៅទីក្រុងប៉េកាំងប្រញាប់ប្រញាល់ ហាក់ដូចជាទៅលួងលោមចិនកុំឲ្យខឹង ដោយសារតែរដ្ឋមន្រ្តីការបរទេសអាមេរិក ជន ឃែរី មកកាន់ទីក្រុងភ្នំពេញ ហើយបន្តិចទៀត លោក ហ៊ុន សែន នឹងទៅប្រជុំអាស៊ាន-អាមេរិក អាទិត្យក្រោយ ចេញដំណើរថ្ងៃអាទិត្យនេះហើយ។ (គេថា) ជាការចេញដំណើរប្រញាប់ប្រញាល់ដើម្បីទៅកាន់ក្រុងប៉េកាំង។ ខ្ញុំសូមបញ្ជាក់ថា នយោបាយការបរទេសឯករាជ្យ អធិបតេយ្យភាព របស់កម្ពុជាមិនតម្រូវឲ្យសុំយោបល់អ្នកណាទាំងអស់។ ខ្ញុំព្រះករុណាខ្ញុំ ធ្លាប់ធ្វើរដ្ឋមន្រ្តីការបរទេសតាំងពីអាយុ ២៧ ឆ្នាំ គឺតាំងពីអ្នកតាំងខ្លួនជាអ្នកវិភាគ ឯករាជ្យនៅស្រាតខោរត់លេងនៅឡើយទេ។ និយាយអញ្ចឹង មិនមែនជាការប្រមាថទេ ក៏ប៉ុន្តែបើកម្ពុជាមិនមាននយោបាយការបរទេសឯករាជ្យមួយទេ កម្ពុជាមិនអាចចេញពីអន្លង់គ្រោះថ្នាក់នៃស្រមោលអតីតកាល តាមរយៈនយោបាយឈ្នះ-ឈ្នះរបស់ខ្លួននោះទេ។ នយោបាយឈ្នះ-ឈ្នះ នេះ គឺជានយោបាយដាច់ដោយឡែក ដែលគ្មានអ្នកណាធ្វើដូច។ … អ៊ុន តាក់ មិនអាចចូលប៉ៃលិនបាន ប៉ុន្តែខ្ញុំអាចចូលបាន។ អ៊ុនតាក់ ខ្លាចខ្មែរក្រហមជាងអីទៅទៀត។ គ្មានការចាំបាច់ទៅរាយការណ៍ឲ្យចិន ថាខ្ញុំធ្វើជាមួយអាមេរិក អញ្ចេះ ហើយមិនចាំបាច់រាយការណ៍ទៅអាមេរិកថា ខ្ញុំធ្វើជាមួយចិនអញ្ចេះ ហើយគ្មានការចាំបាច់ទៅក្រុងតូក្យូ ដើម្បីប្រាប់ជប៉ុនថា នែ!ខ្ញុំត្រូវធ្វើអញ្ចេះ(នោះទេ)។ ខ្មែរគឺខ្មែរ។ គ្មានអ្នកណាស្គាល់ខ្មែរលើសខ្មែរទេ ហើយមានតែខ្មែរមួយគត់ ដែលមានសិទ្ធិសម្រេចលើជោគវាសនារបស់ខ្មែរ …។
សងភាពស្អាតស្អំ និងផ្តល់យុត្តិធម៌ដល់កម្ពុជាអំពីបញ្ហាសមុទ្រចិនខាងត្បូង
ជន ឃែរី បាននិយាយជាមួយខ្ញុំព្រះករុណាខ្ញុំយ៉ាងច្បាស់ថា “ខ្ញុំមកនេះ មិនមែនឲ្យមានការជ្រើសរើសរវាង អាមេរិក និងចិនទេ”។ ខ្ញុំបានប្រាប់ ជន ឃែរី ភ្លាមថា “ខ្ញុំក៏អត់មានការចាំបាច់រើសអ្នកណាដែរ ព្រោះខ្ញុំត្រូវការធ្វើមិត្តទាំងអស់។ តើវាមានប្រយោជន៍អ្វី ឲ្យខ្ញុំរើសអ្នកនេះ ចោលអ្នកនោះ ហើយឲ្យខ្ញុំចូលជាមួយអ្នកនេះ ប្រឆាំងអ្នកនោះ?”។ ប៉ុន្តែ ខ្ញុំបានប្រាប់ ជន ឃែរី ថា “ល្មមសងនូវយុត្តិធម៌សម្រាប់ខ្ញុំហើយ។ ដល់ពេលវេលាដែលត្រូវសងអំពីរឿងសមុទ្រចិនខាងត្បូងឆ្នាំ ២០១២ (ហើយ)។ ខ្ញុំបានប្រាប់ ជន ឃែរី ថាខ្ញុំតូចចិត្តណាស់។ អន់ចិត្តយ៉ាងម៉េច? (អន់ចិត្ត)គេថាមកពីកម្ពុជាជិតចិនពេក បានធ្វើអា COC អត់ចេញ។ ខ្ញុំប្រាប់ ជន ឃែរី ថា ឥឡូវខ្ញុំចង់សួរឯកឧត្តម តើអ្នកធ្វើប្រធានអាស៊ានមុនខ្ញុំ គឺវៀតណាម និងឥណ្ឌូនេស៊ីធ្វើចេញអត់? វាអត់ចេញ មកដល់កម្ពុជាវាអត់ចេញ។ ដល់ក្រោយកម្ពុជាវាអត់ចេញ។ ទៅដល់ ប្រ៊ុយណេ ដល់មីយ៉ាន់ម៉ាក៏មិនចេញ ដល់ម៉ាឡេស៊ីក៏មិនចេញ។ ឥឡូវថាម៉េច? ឥឡូវហ្នឹង តើអ្នកដែលធ្លាប់វាយប្រហារកម្ពុជា វាយប្រហារខ្ញុំ កាលពីអតីតកាលគួរសុំទោសខ្ញុំទេ? គួរថ្នាក់ថ្មមខ្ញុំវិញទេ? គួរសងយុត្តធម៌ និងភាពស្អាតស្អំមកដល់ខ្ញុំវិញទេ?
ខ្ញុំនិយាយជាមួយនឹង ជន ឃែរី ច្បាស់ថា “ឬមកពីខ្ញុំក្រពេក? តូចពេក? ហើយទៅដល់ប្រ៊ុយណេ អត់ហ៊ាននិយាយប្រ៊ុយណេមួយម៉ាត់”។ បានខ្ញុំនិយាយជាមួយ ឃែរី ថា យើងអត់ត្រូវយកសាំងទៅចាក់លើភ្លើងទេ អារឿងសមុទ្រចិនខាងត្បូងនេះ ត្រូវខិតខំដោះស្រាយធ្វើម៉េចឲ្យប្រទេស ដែលជាប់ពាក់ព័ន្ធហ្នឹង គេដោះស្រាយជាមួយគ្នា បានវាល្អ។ ទោះបីមាន COC ហើយក៏ដោយ អាស៊ានគ្មានសិទ្ធិទៅវាស់ដីចែកឲ្យអ្នកណាទេ។ វៀតណាម-ចិន ដោះជាមួយគ្នាទៅ ចិន-ហ្វីលីពីនដោះជាមួយគ្នាទៅ វៀតណាម-ហ្វីលីពីនដោះជាមួយគ្នាទៅ ព្រោះនៅគងគ្នាទាំងអស់ហ្នឹង។ កម្ពុជាជាមួយថៃអញ្ចឹង មានអ្នកណាមក(ជួយដោះ) មានតែកម្ពុជាដោះជាមួយថៃ ដោះជាមួយគ្នាហ្នឹង។ កម្ពុជាជាមួយវៀតណាមដោះជាមួយគ្នាហ្នឹង កម្ពុជាជាមួយឡាវ ដោះជាមួយគ្នាហ្នឹង។ … បើថាចេញពីកម្ពុជាទៅ ប្រ៊ុយណេធ្វើបានជោគជ័យ ខ្ញុំក៏ព្រមទទួលថា ខ្ញុំគ្មានសមត្ថភាពនឹងធ្វើរឿងនេះឲ្យចេញទេ ប៉ុន្តែប្រ៊ុយណេក៏អត់ធ្វើចេញ មីយាន់ម៉ាក៏អត់ធ្វើចេញ ដល់ម៉ាឡេស៊ីក៏អត់ធ្វើចេញ ឥឡូវមិនសង្ឃឹមថា ២០១៦ វាចេញអា COC ហ្នឹងទៀត។
កោតសរសើរលើវិស័យអប់រំ
សូមកោតសរសើរបណ្ឌិត ហង់ ជួនណារុន ដែលបានដឹកនាំកំណែទម្រង់ក្នុងវិស័យអប់រំនេះ ដោយមានការគាំទ្រយ៉ាងធំធេងពីសំណាក់ប្រជាជនរបស់យើង ពីនិស្សិតរបស់យើង ពីមាតាបិតា។ ឥឡូវគ្រាន់តែកំណែទម្រង់ទាក់ទិនជាមួយនឹងបញ្ហាការប្រឡងបាក់ឌុបនេះ បានធ្វើឲ្យជះឥទ្ធិពលធំធេងណាស់ មិនមែនដាច់ដោយឡែកលើការប្រឡងបាក់ឌុបទេ ក៏ប៉ុន្តែគឺបានសេចក្តីថា ដាក់ឲ្យក្មេងៗប្រឹងតាំងពីក្រោមឡើងទៅ។ ឥឡូវហ្នឹង មាតាបិតា អាណាព្យាបាលសិស្សថា ចៅអញ កូនអញ ប្រឹងប្លែកខុសពីមុន ព្រោះចៅវាដឹងថា ដល់បាក់ឌុប បើមិនស្រួលធ្លាក់។ សហគមន៍មួយក៏ដូចគ្នា។ គ្រាន់តែចំណុចហ្នឹងមួយ ក៏មានឥទ្ធិពលជាមួយនឹងការគ្រប់គ្រងសង្គមរបស់យើងផងដែរ ហើយជះឥទ្ធិពលទៅលើសីលធម៌ និងសុជីវធម៌របស់យុវវ័យ និងកុមាររបស់យើងផងដែរ។ ខ្ញុំសូមស្នើឲ្យមានការសហការជិតស្និទ្ធ រវាងក្រសួងអប់រំ ដែលជាក្រសួងអាណាព្យាបាល ជាមួយនឹងគ្រឹះស្ថានអប់រំដទៃទៀត ទាំងផ្នែកឯកជន និងគ្រឹះស្ថានអប់រំនៅក្នុងស្ថាប័នមួយចំនួន ដែលមានស្ថាប័នអប់រំ ដូចជាកសិកម្ម ពេទ្យ(សុខាភិបាល) … ដើម្បីធ្វើកិច្ចការជាមួយគ្នា ឲ្យស៊ីសង្វាក់គ្នា ក្នុងចំណោមនៃតួអង្គពាក់ព័ន្ធលើវិស័យអប់រំរបស់យើងនេះ។ យើងបានបង្កើនថវិកាកាន់តែធំទៅៗ លើចំណែកនៃវិស័យអប់រំនេះ ហើយកាល(ពី)ខែ មករា (កន្លងទៅ) (មន្ត្រីរាជការ និងគ្រូបង្រៀន)បានទទួលរួចហើយ នូវការតម្លើងបៀវត្សរ៍ ហើយនៅខែ មេសា នឹងទទួលបានមួយគន្លាក់ទៀត។ … ការបញ្ជូលបង្កើនថវិកាក្នុងវិស័យអប់រំ ក្នុងវិស័យសុខាភិបាល សុទ្ធតែជាចំណុចទាក់ទងនឹងការបណ្តុះបណ្តាលធនធានមនុស្ស។
បញ្ចប់ការប្រឡងឯកទេសសុខាភិបាលមានអ្នកពេញសិទ្ធិ និងអ្នកបម្រុង
… នៅក្នុងគណៈរដ្ឋមន្ត្រី ខ្ញុំថា ឲ្យគ្រប់ក្រសួង ខេត្ត ចាំមើលគេចូលមក comment ក្នុង page របស់ខ្ញុំ។ ពាក់ព័ន្ធដល់ក្រសួងណា ក្រសួងហ្នឹងដោះស្រាយ។ និស្សិតមកប្រឡងថ្នាក់ជាតិនៅសាលាពេទ្យ ត្រូវបង់ ៥០ ម៉ឺនរៀល ចូលមក comment។ ខ្ញុំអត់បានដឹង។ នេះជារឿងពិត។ ៥០ ម៉ឺនរៀល ស្មើនឹង ១២៥$។ ប៉ុន្តែបង ម៉ម ប៊ុនហេង គាត់មានអ្នកចាំពិនិត្យមើល comment ហ្នឹង។ អញ្ចឹងក៏បានយកបញ្ហាហ្នឹង ធ្វើសំណើស្នើឡើង ដើម្បីសុំកំណត់ថ្លៃនៃការប្រឡង។ មានការស្នើកំណត់ថ្លៃមួយផ្សេង ក៏ប៉ុន្តែខ្ញុំ ទូរស័ព្ទទៅបង ម៉ម ប៊ុនហេង ថា ការកំណត់នេះនៅតែខ្ពស់។ អញ្ចឹងត្រឹមតែ ១០ ម៉ឺនរៀល គ្រប់គ្រាន់ហើយ។ ប៉ុន្តែរឿងមួយទៀត អម្បាញ់មិញ ខ្ញុំអញ្ជើញបង ម៉ម ប៊ុនហេង និងសាកលវិទ្យាធិការខាងសុខាភិបាល មកពិភាក្សា។ ខ្ញុំចេះតែឆ្ងល់ថា ទូរស័ព្ទខ្ញុំ ទាំង iPad ទាំងកុំព្យូទ័រ និង iPhone នៅក្នុងហោប៉ាវនេះ ថា message ចូលមកខ្លាំងម៉្លេះ? និស្សិតម្នាក់គាត់បញ្ជូល message មកខ្ញុំជាង ១០។ … ខ្ញុំទើបនឹងដឹងរឿងមួយទៀត។ និស្សិតពេទ្យកាលណាដល់ឆ្នាំទី ៦ ត្រូវប្រឡងយកឯកទេស ដល់យកឯកទេសនេះ វាមានអ្នកពេញសិទ្ធិ និងអ្នកបម្រុង។ ខ្ញុំរកវិធីដើម្បីផ្ទេរចូលទៅក្នុង Whatsapp របស់បង ម៉ម ប៊ុនហេង យប់មិញនេះ។ ខ្ញុំក៏បានវ៉ៃទៅឲ្យនិស្សិតបីនាក់ថា សំណូមពររបស់ក្មួយត្រូវបានបញ្ជូនទៅរដ្ឋមន្ត្រីក្រសួងសុខាភិបាល ម៉ម ប៊ុនហេង រួចហើយ ហើយបង ម៉ម ប៊ុនហេង ថាបានទទួលហើយ។ ខ្ញុំក៏វ៉ៃបន្ថែមថា កុំចាំបាច់មានពេញសិទ្ធិ និងបម្រុង កំណត់ប៉ុន្មាន គឺយកប៉ុណ្ណឹងតែម្តង … យើងកំណត់កៅអីតែម្តងថា ឥឡូវគិតថាឯកទេសនេះប៉ុណ្ណេះៗ ប្រឡងតែមួយព្រឹក គឺយកប៉ុណ្ណឹង។ ឥឡូវឯកភាពគ្នាហើយ។ ផ្តាំទៅក្មួយនិស្សិតទាំង ៦៧ នាក់ ជានិស្សិតបម្រុងនោះ ផ្ទេរមកឲ្យចូលពេញសិទ្ធិទៅ ហើយឆ្នាំក្រោយប្រឡងដាក់គ្រឹបទៅ កុំមានពេញសិទ្ធិ មានបម្រុងនោះ។ កុំឲ្យគេថា អន្ទង់វែង ពិតជាឆ្នាំងវែងមែន។
… ទោះបីអ្នកណាថាម៉េចថាទៅ ខ្ញុំសូមធ្វើមុនហើយ ចាំទៅវិសោធនកម្មតាមក្រោយ។ មុននេះ តម្រូវឲ្យមានប័ណ្ណបើកបរគ្រប់មនុស្សជិះម៉ូតូ ជួនកាលផ្ទះមួយគាត់មានម៉ូតូតែមួយគ្រឿង ប៉ុន្តែគាត់ជិះម៉ូតូដល់ ៥ នាក់។ ប័ណ្ណបើកបរមិនអាចខ្ចីគ្នាបានទេ។ ម៉ូតូអាចខ្ចីគ្នាបាន។ អញ្ចឹងទេ សួរចុះសួរឡើង លុបចោលប័ណ្ណបើកបរចាប់ពី ១២៥cc ចុះមកក្រោម។ ប៉ុន្តែអ្នកដែល(ប្រើទោចក្រយានយន្តទំហំ) ១២៥cc ឡើងលើ ពី ១២៦ ឡើងលើ គឺត្រូវមានប័ណ្ណ រថយន្តត្រូវមានប័ណ្ណបើកបរ ព្រោះអានោះវាធុនធំ។ ឥឡូវម៉ូតូប្រមាណជាង ៣០០ លានគ្រឿង សួរថា រលំកម្ពុជាហើយនៅ? អត់ទាន់រលំផង។ បងប្អូនសួរមកថា ចុះខ្ញុំទៅបង់លុយហើយ ឥឡូវអត់ទាន់បានប័ណ្ណផង តើខ្ញុំអាចដកលុយបានទេ? ដល់អញ្ចឹងត្រូវយកមកគិតហើយ។ ជាមួយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុថា បើយើងប្រគល់លុយនេះឲ្យអ្នកមិនទាន់មានប័ណ្ណ តែបានប្រគល់លុយ អ្នកដែលមានប័ណ្ណក៏ត្រូវប្រគល់លុយឲ្យគេដែរ។ បើអញ្ចឹងបានបញ្ចេញដូចជា ១២ ពាន់លានរៀល វាប្រហាក់ប្រហែលនឹង ៣ លានដុល្លារ ដើម្បីយកទៅសង គឺដូចជាការទិញយកប័ណ្ណហ្នឹងមកវិញ …។
ការផ្ទេរមរតកពីឪពុក ម្តាយ ជីដូនជីតា ទៅកូនទៅចៅ ពីប្តីទៅប្រពន្ធ ដែលមុននេះតម្រូវឲ្យបង់ពន្ធប្រថាប់ត្រា ដល់ពេលបង់ពន្ធប្រថាប់ត្រា គឺគាត់អត់ហ៊ានបង់បណ្តោយ។ អញ្ចឹងទេ មន្ត្រីគណបក្សប្រជាជនបានធ្វើកិច្ចការ ងារនេះយ៉ាងសកម្ម ក្នុងការចុះស្រាវជ្រាវនូវតម្រូវការរបស់ប្រជាជន ហើយលើកមតិនេះនៅក្នុងសន្និបាតរបស់ គណបក្សប្រជាជនតែម្ដង។ ក្នុងឋានៈជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំព្រះករុណាខ្ញុំ គឺសម្រេចចិត្តតែម្ដង។ ការត្អូញត្អែររបស់ប្រជាពលរដ្ឋមួយចំនួនទៅលើបញ្ហាបង់ថ្លៃផ្លូវវេងស្រេង ផ្លូវជាតិលេខ ៤ យើងក៏ បញ្ចប់កុងត្រាហ្នឹង ដើម្បីសម្រួលឲ្យប្រជាជនមិនចាំបាច់បង់ប្រាក់តទៅទៀត។ ឥឡូវសួរថា កម្ពុជារលំហើយ ឬនៅតាំងពីយើងធ្វើហ្នឹង? វាអត់មានរលំផងហ្នឹង។ អញ្ចឹង ពិនិត្យមើល ហើយសួរថា សាកលវិទ្យាល័យសុខាភិបាល តាំងពីបញ្ចុះថ្លៃប្រឡងថ្នាក់ជាតិ ពី ៥០០០០០ រៀល មកនៅ ១០០០០០ រៀល, តើរលំហើយ ឬនៅ? វាអត់រលំទេ។
សេវាតម្រូវការ និងសេវាសំណូមពរ
សូមពិនិត្យឡើងវិញ ដើម្បីដោះស្រាយឲ្យវាត្រូវ។ ក្នុង(នោះមាន)សេវាតម្រូវការ និងសេវាសំណូមពរ។ ត្រូវដោះស្រាយសេវាតម្រូវការឲ្យខានតែបាន។ ឆ្លងចូលដំណាក់កាលនេះហើយ ខ្ញុំគិតថា យើងមានលទ្ធភាពធ្វើ។ បញ្ហាស្ថិតនៅត្រង់ថា ជួនកាលគឺស្ទក់តែប៉ុណ្ណឹងទេ។ ស្អីទៅ «សេវាតម្រូវការ»? តែគេកើតង៉ាមក អាហ្នឹងតម្រូវ ការបញ្ជីជាតិ អាហ្នឹងសេវាតម្រូវការតែម្ដង។ មនុស្សម្នាក់ៗ ត្រូវមានអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ។ ហ្នឹង ឯងជាសេវាតម្រូវការ។ ដូច្នេះ មន្រ្តីគ្រប់ថ្នាក់ធ្វើកិច្ចការងារហ្នឹងឲ្យល្អ។ ឬទាក់ទងជាមួយពាណិជ្ជកម្ម (តើមាន)សេវាតម្រូវការស្អីខ្លះ ដែលសម្រាប់ឲ្យពាណិជ្ជកម្មមួយដើរនៅក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស? ពិនិត្យមើល ត្រូវចែកវាជាពីរប្រភេទ អាមួយជាសេវាតម្រូវការ និងមួយទៀតជាសេវាសំណូមពរ។ ក្នុងវិស័យអប់រំ ឬវិស័យសុខាភិបាល ឬផ្នែកណាទាំងអស់ ដែលថ្ងៃនេះ (មាន)រដ្ឋមន្រ្តីមកច្រើនណាស់ជួបជុំគ្នា ស្អីខ្លះជាសេវាតម្រូវការនៅក្នុងវិស័យរបស់ខ្លួនគ្រប់គ្រង? ដោះស្រាយអាហ្នឹង។ ឯសេវាសំណូមពរ ពេលចុះទៅធ្វើវេទិកាសាធារណៈអីហ្នឹង គាត់(ប្រជាពលរដ្ឋ)ថា សំណូមពរផ្លូវមួយខ្សែ អណ្ដូងពីរ ស្រះទឹកមួយ។ អាហ្នឹងជាសេវាសំណូមពរ។ បានក៏ដោះ បើដោះស្រាយមិនបានទេ ថាចាំថ្ងៃនេះ ឬថាចាំធ្វើបុណ្យកឋិន ឬចាំធ្វើបុណ្យផ្កាអញ្ចឹង។ ប៉ុន្តែអ្វីដែលជាតម្រូវការរបស់មនុស្សដែលច្បាប់កំណត់ ហើយដែលជាតួនាទី និងមុនងាររបស់ស្ថាប័ន ត្រូវខិតខំធ្វើ។
ក្រសួង/ស្ថាប័ន រៀបចំក្រុម និងបញ្ជូនឈ្មោះអ្នកទទួល message របស់ប្រជាពលរដ្ឋសូមការដោះស្រាយពីសម្តេច
ខ្ញុំព្រះករុណាខ្ញុំ គិតថា នេះគឺជាការប្រឹងប្រែងនៅក្នុងឆ្នាំថ្មីរបស់យើង។ ដើម្បីដោះស្រាយបញ្ហាទាំងឡាយដែល នៅសេសសល់ នៅសាំញ៉ាំមួយចំនួន ហើយសង្ឃឹមថា មិនមែនការនិយាយរបស់ខ្ញុំព្រះករុណាខ្ញុំ ឥឡូវកំពុង live ផ្ទាល់ហ្វេសប៊ុកតែម្ដង, បើថាមិនលេង មិនលេងទេ បើលេងហើយ គឺអញ្ចឹងតែម្ដង។ live តាមហ្វេសប៊ុក ខ្មែរនៅអាមេរិក ខ្មែរនៅកាណាដា ខ្មែរនៅអូស្រ្តាលី ដើរទៅមុនយើង ខ្មែរនៅអាមេរិក ឥឡូវថ្មើរហ្នឹងគេយប់ម្តង គេអាចមើលបានតាមហ្វេសប៊ុកហើយ។ បើបានជ្រុលលេង លេងអញ្ចឹងតែម្ដង ៤ ខែ ឡើងជាង ២ លាន(like)។ និយាយនេះ មិនមែននិយាយត្រឹមតែឲ្យនិស្សិត ៤០០០ នាក់ និងសាស្រ្តាចារ្យនៅទីនេះទេ។ មួយគេចូល comment អាហ្នឹងបងប្អូនយើងមើលហើយ ប៉ុន្តែមួយទៀតគេបញ្ជូនចូល inbox ឬនៅក្នុង message ត្រូវតែរៀបចំក្រុមមួយ សម្រាប់ទទួលយក message ពីខ្ញុំ ដើម្បីបញ្ជូនទៅ។ ឥឡូវគ្រប់ក្រសួង ផ្ញើឈ្មោះមនុស្សហ្នឹងមកឲ្យខុទ្ទកាល័យខ្ញុំ ដើម្បីអ្នកនៅខាងហ្វេសប៊ុករបស់ខ្ញុំនេះ គេងាយផ្ទេរជាមួយនឹងសំណូមពរ ដែលពាក់ព័ន្ធជាមួយក្រសួងហ្នឹង។ ព្រោះជួនកាលគេផ្ញើទៅក្រសួងហ្នឹង មិនបានដោះស្រាយ ឬមិនដល់ អញ្ចឹងគេផ្ញើឲ្យ នាយករដ្ឋមន្រ្តីតែម្ដង សម្រុកឲ្យនាយករដ្ឋមន្រ្តី និយាយណែនអស់ហើយ។ រឿងអីក៏ដោយដែលប៉ះពាល់នឹងផលប្រយោជន៍របស់ប្រជាជន គឺមិនមែនជាបញ្ហាតូចតាចនោះទេ ត្រូវគិតយ៉ាងដូច្នេះ។
ហើយថ្ងៃនេះ ក៏ជិតដល់ចូលឆ្នាំចិនដែរ ហើយមិនប៉ុន្មានទេនៅក្នុងនេះ(ជាកូនចៅចិន) គិតថាបិទហើយតាមជញ្ជាំងផ្ទះហ្នឹង សុទ្ធតែអក្សរចិន ប៉ុន្តែមើលអក្សរចិនមិនដឹងថាម៉េចទេ។ ខ្មែរយើងនេះ មួយឆ្នាំ ចូលឆ្នាំបីដង ឆ្នាំសកល ក៏ខ្មែរចូល, ឆ្នាំចិន ក៏ខ្មែរចូល, ឆ្នាំខ្មែរ ក៏ខ្មែរចូល គឺឆ្នាំបីដង។ ហើយឥឡូវ ថ្ងៃនេះ ថ្ងៃសុក្រហើយ ស្អែកថ្ងៃសៅរ៍ ខានស្អែកថ្ងៃអាទិត្យ ចំថ្ងៃសែន ប្រហែលជាទទួលសញ្ញាបត្រហើយ ទៅ(ស្រុកកំណើត)ហើយ អ្នកធ្វើការក៏ដោយ គឺទៅ(ស្រុកកំណើត)ហើយ។ ប៉ុន្តែខាងក្រសួងអប់រំអំពាវនាវឲ្យសិស្សមកចូលរៀន ព្រោះរៀងរាល់ឆ្នាំ តាមសាលារៀន ជួលកាលគ្រូកាត់ចិន មិនមកបង្រៀន ជួនកាលគ្រូមកបង្រៀន ប៉ុន្តែអត់សិស្ស។ ចូលឆ្នាំចិន កូនសិស្សទៅដើរលេង បន្ទោសគ្រូមិនមកបង្រៀន ហើយគ្រូថាអត់ទៅបង្រៀនទេ ព្រោះអត់មានសិស្ស …។
សំណូមពរអោយប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍ និងប្រុងប្រយ័ត្នផ្សែងភ្លើងពេលសែន
អ្វីដែលខ្ញុំព្រះករុណាខ្ញុំ ស្នើសុំ គឺសូមមេត្តាគោរពច្បាប់ចរាចរណ៍ គ្រោះថ្នាក់នៅក្នុង ខែ មករា ថ្វីត្បិតតែចំនួន (ករណី)គ្រោះថ្នាក់តិចជាងមុន ប៉ុន្តែចំនួនអ្នកស្លាប់ច្រើនជាង។ ត្រូវប្រឹងប្រែងទាំងអស់គ្នា។ តាមការព្យាករណ៍ធាតុអាកាស នៅថ្ងៃទី ៧ (ខែ កុម្ភៈ) ខានស្អែកនេះ និយាយរួមពេលចូលឆ្នាំចិននេះតែម្តង ពេលសែនត្រូវត្រជាក់ ធាតុអាកាសចុះត្រជាក់ តែយ៉ាងណាក៏មិនត្រជាក់ខ្លាំងទេ។ ឲ្យតែពេលសែនចូលឆ្នាំចិនហ្នឹង តែងតែមានអគ្គីភ័យ។ ដល់តែសួរថា មូលហេតុអគ្គីភ័យមកពីអី? ថាមកពីសែនកុងម៉ា។ ឥឡូវ អ្នកសែនកុងម៉ាច្នៃប្រឌិត(អស់ទាស់)។ ឡានក៏មានម៉ាកណាក៏ដោយ ទៅកុំម្ម៉ង់ឡានមក មានតំាងពី Passport សម្រាប់ឆ្លងដែន មានតាំងពីលុយដុល្លារ លុយខ្មែរ លុយអ៊ឺរ៉ូ គ្រប់ …។
ក្រែនរំលឹកអោយប្រជាកសិកររក្សាទឹកទុក និងធ្វើស្រូវប្រាំងតែម្តងបានហើយក្នុងឆ្នាំនេះ
ម្ខាងទៀត ខ្ញុំព្រះករុណាខ្ញុំក៏សូមយកឱកាសនេះ ដើម្បីអំពាវនាវដល់ប្រជាពលរដ្ឋរបស់យើង បន្ទាប់ពីការចេញសារាចររួមមកហើយ លើបញ្ហាកង្វះទឹក។ ឆ្នាំនេះមិនត្រឹមតែទឹកទន្លេមេគង្គ ទន្លេសាប ទន្លេបាសាក់ វាទាបរហូតមិនអាចអុំទូកបាននោះទេ ក៏ប៉ុន្តែទឹកនៅតាមស្ទឹង តាមបឹងបួរតិចណាស់។ អញ្ចឹងបាន ជាសំណូមពរប្រ ជាពលរដ្ឋរបស់យើង ធ្វើស្រូវប្រាំងតែម្តងបានហើយ ដើម្បីយើងទុកទឹកសម្រាប់ការស្រោចស្រព ទៅលើដំណាំរួមផ្សំ សម្រាប់ការប្រើប្រាស់ទាំងមនុស្សទាំងសត្វ ព្រោះយោងតាមការព្យាករណ៍ធាតុអាកាសអាចឈានទៅដល់ខែ ៦ ទើបចាប់ផ្តើមមានភ្លៀង។ កន្លងទៅ មានភ្លៀងកក់ខែនៅកន្លែងនេះ កន្លែងនោះ ក៏ប៉ុន្តែ វាតិចណាស់ មិនគ្រប់គ្រាន់នឹងសំណូមពរនៃការប្រើប្រាស់ និងការហួតហែងតាមរយៈខ្យល់ តាមធាតុអាកាសនោះទេ។ ការប្រែប្រួលអាកាសធាតុនេះ វាជាបញ្ហារួមរបស់ពិភពលោក។ ការពិភាក្សាដែលនឹងត្រូវធ្វើរវាងសហរដ្ឋអាមេរិក និងអាស៊ាននៅអាទិត្យខាងមុខនេះ ក៏មានពាក់ព័ន្ធជាមួយបញ្ហានេះដែរ។ ពិភពលោកកំពុងជ្រួលច្របល់ទៅលើ ការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយធម្មជាតិ ជំងឺឆ្លង។ ឥឡូវ ផុតពីជំងឺឆ្លងនៅមជ្ឈឹមបូព៌ា ទៅជាជំងឺនៅអាមេរិកឡាទីនម្តង។ បញ្ហាភេរវកម្មនៅអាស៊ី រឿងវាស្រាលទេ ប៉ុន្តែអ្វីដែលពិបាកប៉ុន្មានថ្ងៃទៀតខាងមុខ តើកូរ៉េខាងជើងគាត់នឹងបាញ់អី? ជារឿងមួយដែលនាំអោយអាស៊ី ជួបការលំបាក។ បើសិនគ្មានការគម្រាមកំហែងបាញ់ម្តងហើយម្តងទៀត និងការគម្រាមបាញ់សាជាថ្មី នូវមីស៊ីលនៅពេលខាងមុខនេះ ប្រហែលជាអាស៊ីគ្មានបញ្ហាលំបាកច្រើនទេ …។
រក្សាសន្តិភាព ស្ថេរភាពក្នុងប្រទេស
សូមអរគុណណាស់ ចំពោះការផ្តល់នូវជំនឿទុកចិត្តទាំងឡាយមកលើខ្ញុំព្រះករុណាខ្ញុំ ក្នុងការដឹកនាំបន្ត ហើយអ្វីដែលសំខាន់ត្រូវរក្សាស្ថេរភាពឲ្យបាន។ បើគ្មានសន្តិភាព និងស្ថេរភាពទេ កុំថាឡើយដល់ការអភិវឌ្ឍ។ រឿងនេះត្រូវមើលឲ្យច្បាស់ មើលឲ្យឃើញ មើលឲ្យស៊ីជម្រៅ។ ឥឡូវដូចជាគេនិយាយនៅអ៊ីតាលី ថា ដូចចង់ហួសពេលស្រោចស្រង់លីប៊ីហើយ។ តើលទ្ធផលវាចេញពីអី? នៅអឺរ៉ុប នៅមជ្ឈិមបូព៌ា ហើយ ISIS ត្រួតត្រានៅតំបន់មួយចំនួនយ៉ាងធំ ហើយមានទាំងប្រេងលក់ទៅទៀត។ លាតសន្ធឹងចេញពីអឺរ៉ុប មកដល់អាមេរិក ចេញពីអាមេរិកមកដល់អាស៊ី កាន់តែឆ្ងាយទៅ ដៃកាន់តែវែងទៅៗ។ អញ្ចឹង កម្ពុជាក៏ត្រូវតែពិនិត្យពិច័្ចយម៉ត់ចត់លើការរក្សាសន្តិភាព ស្ថេរភាពនយោបាយ។ ការបំផ្លាញវាជារឿងងាយ តែការស្វែងរក និងការពារសន្តិភាព ទើបជាការលំបាក។ មិនត្រូវឲ្យពួកជ្រុលនិយមណាមួយ បំផ្លាញនូវសន្តិភាពរបស់ព្រះរាជាណាចក្រកម្ពុជាទេ។ ទម្រាំរកបានប៉ុណ្ណេះ យើងលំបាកណាស់ យើងប្រើប្រាស់ជីវិតរបស់យើងធ្វើដើមទុន ដើម្បីនាំមកនូវសេចក្តីសុខ ការរស់រានមានជីវិតរបស់ប្រជាជន ដើម្បីការរួបរួមជាតិ ដើម្បីសន្តិភាព ឯកភាពជាតិរបស់ប្រទេសតាមរយៈនយោបាយឈ្នះ-ឈ្នះ។ សង្ឃឹមថា និស្សិត សាស្រ្តាចារ្យ និងប្រជាពលរដ្ឋរបស់យើង នឹងយល់អំពីហេតុផលទាំងអស់នេះ ហើយសូមមើលពិភពលោកទាំងមូលកំពុងកើតមានអ្វី នេះគឺជាចំណុចដែលយើងត្រូវសួរ។ តើកម្ពុជាចង់បានបែបនៅមជ្ឈិមបូព៌ា បែបនៅលីប៊ី បែបស៊ីរី បែបអ៊ីរ៉ាក់ បែបយេមែន ឬនៅប្រទេសមួយចំនួនទៀត ឬយ៉ាងម៉េច? នេះជាចំណុចដែលត្រូវផ្តាំផ្ញើ …៕