“Today, I am encouraging my people to do exercise for their own health benefit. I have proposed to the Phnom Penh Municipality and provincial governors to set up public parks and install exercise equipments for the community more than 10 years ago. Now there are many public parks and gardens in the city. I am so glad to see our people coming out to do exercise more regularly.”
ថ្ងៃនេះ ខ្ញុំសូមលើកយកការហាត់ប្រាណដើម្បីសុខភាពមកនិយាយ។ តាមពិតទៅខ្ញុំតែងតែមាន គំនិតជំ រុញការហាត់ប្រាណនេះ និងបានគិតដល់ការរៀបចំទីកន្លែងសាធារណៈ ដើម្បីប្រជាពលរដ្ឋមានទីធ្លាហាត់ ប្រាណ។ ខ្ញុំបានចេញបទបញ្ជាទៅសាលារាជធានី និងទៅបណ្តាខេត្តនានា គឺមានជាងមួយទសវត្ស៍កន្លងមក ហើយដែលធ្វើអោយសាលារាជធានីភ្នំពេញ និងបណ្តាខេត្តបានរៀបចំសួនច្បារសាធារណៈដែលពីមុនសុទ្ធសឹងជាដីក្រហម គឺបានកែប្រែចាក់ជាការីឡា (កម្រាលឥដ្ឋ និងបេតុងកុំអោយប្រឡាក់ជើង)។
ខ្ញុំសូមកោតសសរសើរសាលារាជធានី និងអាជ្ញាធរខេត្តទាំងអស់ ដែលបានយកចិត្តទុកដាក់អនុវត្តបទបញ្ជានេះ ដែលមិនត្រឹមតែលើកសោភ័ណភាពទីក្រុងប៉ុណ្ណោះទេ តែថែមទាំងបានជួយលើកសុខភាពពលរដ្ឋរបស់យើង ក្នុងការនាំកូនចៅទៅដើរលេងតាមសួនច្បារ ក៏ដូចជាប្រមូលផ្តុំការហាត់ប្រាណទៅតាមចំណង់ចំណូលចិត្តរបស់ពួគគាត់។ ខ្ញុំពិតជាមានការរីករាយ ដែលបានឃើញប្រជាពលរដ្ឋយ៉ាងច្រើន បានចេញទៅហាត់ប្រាណនៅតាមសួនច្បារ មិនថាពេលព្រឹក ពេលល្ងាច ឬពេលយប់ ដែលការហាត់ប្រាណទាំងនេះ បានបង្កើននូវសុខភាព និងកាត់បន្ថយជំងឺទាំងឡាយ បន្ថែមទៅដោយសា្មរតីមិត្តភាព សាមគ្គីភាព ក្នុងចំណោមប្រជាពលរដ្ឋដែលមកហាត់ប្រាណជាមួយគ្នា។
ខ្ញុំសូមអំពាវនាវចំពោះប្រជាពលរដ្ឋគ្រប់វ័យ បង្កើនការហាត់ប្រាណដើម្បីសុខភាព សាមគ្គីភាព មិត្តភាព និងការសប្បាយរីករាយនៅក្នុងសង្គមប្រកបដោយសន្តិភាព និងស្ថេរភាព។ សូមពលរដ្ឋជួយថែរក្សាអនាម័យនៅតាមទីកន្លែងហាត់ប្រាណ និងជួយថែរក្សាសំភារៈហាត់ប្រាណ ដែលជាសម្បត្តិសាធារណៈអោយនៅល្អដើម្បីពលរដ្ឋអាចប្រើប្រាស់បានយូរ។
ដោយឡែក កាលពីថ្ងៃ ៣០ មករា ២០១៦ សម្តេចតេជោ បានផ្ញើសារមួយតាមហ្វេសប៊ុកថា វិស័យកីឡានៅកម្ពុជាកំពុងរីកចម្រើនគួរអោយកត់សំគាល់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ សម្តេចបានសំដែងនូវការកោតសរសើរចំពោះគ្រប់សហព័ន្ធកីឡា ព្រមទាំងកីឡាករ កីឡាការិនីគ្រប់ប្រភេទដែលបានហ្វឹកហាត់ និងចូលរួមការប្រកួតទាំងក្នុងប្រទេស និងក្រៅប្រទេសយ៉ាងស្វិតស្វាញ ព្រមទាំងបាននាំមកជូនជាតិនូវមេដាយមាស មេដាយប្រាក់ និងមេដាយសំរិទ្ធ ទាំងថ្នាក់តំបន់ និងពិភពលោក ។ សម្តេចអំពាវនាវដល់គ្រប់សហព័ន្ធកីឡា កីឡាករ និងកីឡាការិនី បន្តការខិតខំតទៅទៀត និងសូមសប្បុរសជនដែលមានទ្រព្យធន ជួយដល់វិស័យកីឡា បន្ថែមទៅលើរបបដែលរដ្ឋបានកំណត់ ដែលជាផ្នែកមួយនៃការលើកទឹកចិត្តដល់កីឡាករ កីឡាការិនី។
សម្តេចតេជោ ទទូចអំពាវនាវដល់យុវជន សូមចូលរួមនៅក្នុងវិស័យកីឡា ទាំងអាជីព និងមិនអាជីព នៅតាមបណ្តាគ្រឹះស្ថានសិក្សា ចាប់តាំងពីបឋមសិក្សារហូតដល់ឧត្តមសិក្សា និងនៅតាមមូលដ្ឋាននានា ទៅតាមទីកន្លែងដែលអាចធ្វើបាន និងទៅតាមប្រភេទកីឡានីមួយៗ។ “សូមអោយអាជ្ញាធរ នៅគ្រប់ទីកន្លែងទាំងអស់បង្កលក្ខណៈងាយស្រួល និងជួយរៀបចំបន្ថែមនូវទីកន្លែងសម្រាប់កីឡា ហើយក៏សូមអំពាវនាវចំពោះប្រជាពលរដ្ឋ ក្មេង ចាស់ ប្រុស ស្រី ចូលរួមគាំទ្រដល់វិស័យកីឡាគ្រប់ៗគ្នា” សម្តេចមានប្រសាសន៍៕