ក្មួយៗ កូនៗ យុវជន យុវនារី ជាទីស្រឡាញ់!
I would like to bring “Drugs” topic to the floor today. I ask our people, especially youth to stay away from drugs. Do not try or attempt to use any drugs because it will destroy your health and your future. Please, help raising awareness on drugs among friends and community. Again, I order to all relevance Ministries and authorities to take serious actions to stop all kinds of drug trafficking throughout Cambodia. We all must say “NO” to drugs.
គ្រឿងញៀនបានក្លាយជាប្រធានបទដ៏ធំរបស់ពិភពលោករបស់តំបន់ និងនៅតាមប្រទេសនីមួយៗ។ សម្រាប់កម្ពុជាយើង គ្រឿងញៀនបាន និងកំពុងវាយលុកបំផ្លាញអនាគតរបស់យុវជន យុវនារីមួយចំនួន ធ្វើអោយពួកគេក្លាយជាជនរងគ្រោះ បណ្តាលមកពីពួកឧក្រិដ្ឋជនដែលជួញដូរ និងចែកចាយគ្រឿងញៀន។ ស្ថានភាពបែបនេះ បានដាក់អោយមាតាបិតា អាណាព្យាបាលរបស់យុវជន យុវនារីដែលញៀនគ្រឿងញៀន ស្ថិតក្នុងស្ថានភាពជាជនរងគ្រោះធ្ងន់ធ្ងរជាងកូនចៅ ដែលរងគ្រោះដោយសារគ្រឿងញៀនទៅទៀត។ ពួកគាត់ត្រូវសម្រក់ទឹកភ្នែកដោយសារកូន ត្រូវអស់ប្រាក់កាសដោយសារកូន បាត់កិត្តិយសដោយសារកូន ហើយកាន់តែធ្ងន់ធ្ងរនៅពេលដែលកូនទៅគម្រាមឪពុកម្តាយ និងបានវាយធ្វើបាបទារលុយទៅទិញគ្រឿងញៀន។ល។
អាជ្ញាធរមានសមត្ថកិច្ចបានខិតខំយ៉ាងខ្លាំងដើម្បីទប់ស្កាត់គ្រឿងញៀន និងមានវិធានការអប់រំផង និងវិធានការផ្លូវច្បាប់ផង ដែលមានការចាប់ខ្លួនបញ្ជូនទៅតុលាការសម្រាប់អ្នកជួញដូរ និងចែកចាយគ្រឿងញៀន និងរៀបចំមណ្ឌលធ្វើនីតិសម្បទាអ្នកដែលញៀនគ្រឿងញៀន។ ខ្ញុំ និងភរិយា បានចូលរួមផ្គត់ផ្គង់ថវិកាប្រចាំខែសម្រាប់មជ្ឈមណ្ឌល ៣ គឺ ២ នៅបាត់ដំបង និង ១ នៅបន្ទាយមានជ័យ ដើម្បីបន្សាបគ្រឿងញៀនដល់អ្នកញៀនគ្រឿងញៀន។
ខ្ញុំយល់ថាវិធានការដែលចេញពីរាជរដ្ឋាភិបាល កម្លាំងមានសមត្ថកិច្ច និងពីតុលាការ រហូតពន្ធនាគារ វាមិនគ្រប់គ្រាន់ទេ។ ដើម្បីបំបាត់ចោលនូវគ្រឿងញៀននេះ និងដើម្បីធានាប្រសិទ្ធិភាពបំបាត់ចោលគ្រឿងញៀន ដើម្បីកម្ពុជាគ្មានគ្រឿងញៀន គឺមនុស្សទាំងអស់ កុំសេពគ្រឿងញៀន ហើយគ្រប់គ្នាត្រូវឆ្លើយថា “ទេ”។ បុគ្គលម្នាក់ៗ មិនថាចាស់ ក្មេង ប្រុស ស្រី គឺត្រូវខិតខំដោយខ្លួនឯង។ រីឯគ្រួសារនីមួយៗ ត្រូវគ្រប់គ្រងអប់រំកូនចៅ នៅក្រោមអាណាព្យាបាលអោយបានល្អ។ សាលារៀន គ្រូ សាស្រ្តាចារ្យត្រូវផ្តល់ការអប់រំចំពោះសិស្សនិស្សិត តាមរយៈសកម្មភាពមិត្តអប់រំមិត្តអោយចាកឆ្ងាយពីគ្រឿងញៀន ដើម្បីរួមចំណែកទប់ស្កាត់គ្រឿងញៀន។ ព្រះសង្ឃក្នុងនិកាយព្រះពុទ្ធសាសនា ថ្នាក់ដឹកនាំសាសនាអ៊ីស្លាម គ្រូប្រដៅសាសនាក្នុងគ្រីស្តសាសនា ក៏អាចចូលរួមក្នុងការងារនេះ ដោយការអំពាវនាវដល់បរិស័ទរបស់ខ្លួនកុំអោយប្រព្រឹត្តគ្រឿងញៀន។ ប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទ សិល្បករ សិល្បការិនី ពិធីការ ពីធីការនីនៃវិទ្យុ និងទូរទស្សន៍ សុទ្ធតែមានលទ្ធភាពធ្វើបាន កុំអោយយុវជនយុវនារីសេពគ្រឿងញៀន។ ក្នុងនោះអ្នកលេងហ្វេសប៊ុគ (Facebook fans) ក៏អាចចូលរួមវិភាគទានតាមរយៈ Comments លើបញ្ហាគ្រឿងញៀនផងដែរ។
ខ្ញុំយល់ថាសំខាន់ដើម្បីបញ្ចប់គ្រឿងញៀន គឺគ្រប់ៗគ្នាត្រូវតែនិយាយថា “ទេ” បដិសេធគ្រឿងញៀន នោះទើបអ្នកជួញដូរគ្រឿងញៀន ក៏គ្មានទីផ្សារដើម្បីលក់គ្រឿងញៀនទៀតដែរ។ សូមបងប្អូនកុំបារម្ភថាខ្លាចសមត្ថកិច្ចបង្រ្កាបគ្រឿងញៀនគ្មានការងារធ្វើ ឬខ្លាចតុលាការគ្មានសំណុំរឿងគ្រឿងញៀនកាត់ក្តី និងខ្លាចពន្ធនាគារគ្មានមនុស្សជាប់គុកដោយសារគ្រឿងញៀន។