ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីរីករាយ ដែលបានមកចូលរួមក្នុងពិធីបើកវេទិកាស្រូវអង្ករលើកទី ៥ ដែលបាន រៀបចំឡើងយ៉ាងឱឡារិកនាពេលនេះ។ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំកោតសរសើរ ចំពោះសហព័ន្ធស្រូវអង្ករ កម្ពុជា ដែលបានសហការជាមួយសមាគមន៍សហគ្រាសធុនតូច និងមធ្យមកម្ពុជា ក្រសួង/ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានា ដើម្បីរៀបចំឲ្យមានព្រឹត្តិការណ៍ដ៏មានសារសំខាន់នេះឡើង។ វេទិកាស្រូវអង្ករនេះ គឺជាឱកាសមួយ ដែលផ្តល់លទ្ធភាពដល់ភាគីពាក់ព័ន្ធនានាបានផ្លាស់ប្តូរយោបល់ បទពិសោធន៍ និងព័ត៌មានផ្សេងៗ ពីគ្នាទៅវិញទៅមក សំដៅស្វែងរកដំណោះស្រាយ និងបញ្ហាប្រឈមនានា ពាក់ព័ន្ធទៅនឹងវិស័យស្រូវអង្ករនេះឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់។
កន្លងមក លទ្ធផលការងារនៅក្នុងវិស័យកសិកម្ម ពិសេសការងារបង្កើតផលិតភាព និងពិពិធភាវូបនីយកម្មកសិកម្ម សម្រេចបានជោគជ័យគួរជាទីមោទនៈ ដោយសារការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាល និងគ្រប់ភាគីពាក់ព័ន្ធ ជាពិសេស ការចូលរួមយ៉ាងសស្រាក់ស្រាំពីបងប្អូនកសិករយើង។
ខ្ញុំសុំយកឱកាសនេះបញ្ជាក់ថា គោលនយោបាយជម្រុញផលិតកម្មស្រូវ និងការនាំចេញអង្ករ ដែលរាជរដ្ឋា ភិបាលបានដាក់ចេញនៅឆ្នាំ ២០១០ មានគោលដៅធំពីរគឺ៖ (១) ជម្រុញការផលិតស្រូវឲ្យបានច្រើនជាង ៤ លានតោន ក្នុងនោះបរិមាណអង្ករសម្រាប់នាំចេញ ត្រូវសម្រេចឲ្យបានយ៉ាងតិច ១ លានតោន។ (២) លើកឈ្មោះអង្ករកម្ពុជានៅលើឆាកអន្តរជាតិ ជារួម យើងសម្រេចបាននូវគោលដៅទី ២ នេះ យ៉ាងត្រចះត្រចង់ ដោយកម្ពុជាបាននាំអង្ករទៅកាន់ទីផ្សារនានា នៅលើពិភពលោកជាង ៦០ ប្រទេស ជាមួយគ្នានេះ អង្ករកម្ពុជាត្រូវបានជាប់ចំណាត់ថ្នាក់អង្ករឆ្ងាញ់បំផុត នៅលើពិភពលោកជាបន្តបន្ទាប់។ ចំណែកគោលដៅទី ១ យើងសម្រេចបានមួយ និងមួយភាគពីរ ពោលគឺបរិមាណស្រូវដែលលើសតម្រូវការក្នុងស្រុក បានកើនឡើងពី ៣ លាន ៥ សែនតោន នៅឆ្នាំ ២០០៩ មកដល់ ៤ លាន ៧ សែន តោន នៅឆ្នាំ ២០១៥។ ចំណែកគោលដៅនាំចេញ គឺយើងសម្រេចបានពាក់កណ្តាល ដោយយើងនាំចេញអង្ករបានប្រមាណ ៥៣ ម៉ឺនតោន នៅឆ្នាំ ២០១៥ នៃគោលដៅ ១ លានតោន។ សរុបមក យើងអាចសម្រេចបានជាង ៨៧,៥០% នៃគោលដៅ ដែលយើងបានដាក់ចេញ ដែលអាចចាត់ទុកថាជាលទ្ធផលល្អប្រសើរគួរជាទីមោទនៈ។
ខ្ញុំសុំឆ្លៀតឱកាសនេះ សម្តែងការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងបំពេញការងារយ៉ាងសកម្ម ពីសំណាក់ស្ថាប័នទាំងអស់ ទាំងជាតិ និងទាំងអន្តរជាតិ ដែលបានរួមគ្នាប្រែក្លាយគោលនយោបាយជម្រុញផលិតកម្មស្រូវ និងការនាំចេញអង្ករទៅជាសកម្មភាពជាក់ស្តែង និងទទួលបានលទ្ធផលដ៏ល្អប្រសើរនាពេលនេះ។ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសុំកោតសរសើរ ជាពិសេស ចំពោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងផ្នែកផលិតកម្មស្រូវ, ក្រសួងពាណិជ្ជកម្ម ក្នុងផ្នែកនាំចេញអង្ករ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងផ្នែកហិរញ្ញប្បទាន ព្រមទាំងសហព័ន្ធស្រូវអង្ករ ក្នុងការជម្រុញការទទួលស្គាល់ជាអន្តរជាតិ។ ជាមួយគ្នានេះ ខ្ញុំសូមវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នាទាំងអស់ ដែលក្រសួងស្ថាប័នពាក់ព័ន្ធ ទាំងជាតិ និងអន្តរជាតិ បានចូលរួមចំណែកធ្វើសកម្មភាពតាមសមត្ថកិច្ចរៀងៗខ្លួនយ៉ាងសស្រាក់សស្រាំ ដើម្បីសម្រេចបានលទ្ធផលប្រកបដោយមោទនភាពនេះ។ ពិសេសបំផុត ខ្ញុំសូមអរគុណដល់កសិករកម្ពុជា ដែលបានខិតខំប្រឹងប្រែងតស៊ូ ព្យាយាម និងសង្វាតក្នុងការងារផលិតកម្មស្រូវ ហើយផលិតបានអង្ករដ៏ឆ្ងាញ់ សម្រាប់ពិភពលោក។
ទន្ទឹមនេះ ជាមួយនឹងលទ្ធផលដែលយើងសម្រេបបាននៅពេលនេះ កិច្ចការសំខាន់ដែលយើងត្រូវបន្ត គឺរក្សាលទ្ធផលដែលយើងសម្រេចបាន ជាមួយនឹងការខិតខំស្វែងរកវិធីសាស្ត្រ និងសកម្មភាពបន្ថែមទៀត ដើម្បីជម្រុញការងារផលិតកម្មស្រូវ និងការនាំចេញអង្ករនៅកម្ពុជា ជាពិសេស ក្នុងបរិការណ៍ នៃការវិវត្តយ៉ាងលឿន នៃស្ថានភាពសកលលោកនាពេលបច្ចុប្បន្ននេះ។ ប្រសិនយើងពិនិត្យឲ្យបានស៊ីជម្រៅបន្តិច ការដែលយើងមិនអាចសម្រេចបាននូវគោលដៅ ដែលបានដាក់ចេញទាំងស្រុងនោះ គឺមានទាំងកត្តាអត្តនោម័តផង និងកត្តាសត្យានុម័តផង។ កត្តាអត្តនោម័ត ដោយសារយើងមិនទាន់ដោះស្រាយបានគ្រប់គ្រាន់នៅឡើយ លើបញ្ហាប្រឈមមួយចំនួន ដូចជាបញ្ហាការផ្គត់ផ្គង់ទឹក បច្ចេកទេសពូជសុទ្ធ បច្ចេកទេសកសិកម្មទំនើប កង្វះទុនបង្វិល ឃ្លាំងស្តុក និងទីផ្សារ ។ល។ ដែលធ្វើឲ្យបរិមាណស្រូវមួយចំនួនត្រូវនាំចេញ ទៅប្រទេសជិតខាង។ ចំណែកកត្តាសត្យានុម័ត គឺប្រទេសនានានៅក្នុងតំបន់ក្នុងពិភពលោក ក៏ជាប្រទេសផលិតស្រូវនៅក្នុងកម្ពុជា ពិសេសបណ្តាប្រទេសមេគង្គ ដូចជាប្រទេសវៀតណាម ថៃ ឡាវ និងមីយ៉ាន់ម៉ា ដែលនាំដល់ការធ្លាក់ចុះថ្លៃអង្ករក្នុងទីផ្សារពិភពលោក ដែលធ្វើឲ្យប៉ះពាល់ដល់ទីផ្សារអង្ករកម្ពុជាផងដែរ។
ការឈប់យកថ្លៃឆ្លងកាត់ផ្លូវជាតិលេខ ៤ នាំឲ្យគ្រប់គ្នាទទួលផល
ចំណុចនេះ ខ្ញុំសូមនិយាយបន្តិច ពាក់ព័ន្ធជាមួយនឹងកត្តាអត្តនោម័ត។ យើងបានដឹងហើយថា ខ្ញុំធ្លាប់បាននិយាយ អំពីយើងមានមាស ប៉ុន្តែខ្វះក្រដាសខ្ចប់។ យើងខ្វះឃ្លាំង ខ្វះម៉ាស៊ីនកិនស្រូវ ខ្វះទុនបង្វិល ។ល។ ក្នុងនោះ ក៏មានបញ្ហាពាក់ព័ន្ធជាមួយនឹងការសម្រួលពាណិជ្ជកម្មផងដែរ (ដែលបង្ហាញអោយឃើញតាមរយៈ)តម្លៃរបស់កម្ពុជាយើង ដែលដាក់សាកល្បងដេញថ្លៃជាមួយនឹងវៀតណាម ថៃ នៅក្នុងការផ្គត់ផ្គង់អង្ករ នៅប្រទេសហ្វីលីពីន។ បន្ទាប់ពីរាជរដ្ឋាភិបាលបានបញ្ចប់នូវកិច្ចសន្យាថែទាំផ្លូវជាតិលេខ ៤ ខ្ញុំសង្ឃឹមថា សហព័ន្ធស្រូវអង្ករ និងអ្នកនាំចេញរបស់យើង មិនថាតែស្រូវអង្ករមួយមុខទេ ដែលធ្លាប់បង់សេវាដឹកជញ្ជូននៅតាមផ្លូវជាតិលេខ ៤ នឹងត្រូវបានទទួលផល។ ចំណុចនេះ (គេ)មិនត្រូវមើលឃើញត្រឹមតែការសម្រួលមិនឲ្យប្រជាពលរដ្ឋ បង់ប្រាក់តទៅទៀតនោះទេ ក៏ប៉ុន្តែក៏បានជួយផងដែរ ទៅដល់ការសម្រួលពាណិជ្ជកម្ម កាត់បន្ថយថ្លៃដើម បង្កើនការប្រកួតប្រជែងនៅក្នុងទីផ្សារខាងក្រៅ។ សង្ឃឹមថា នៅឆ្នាំក្រោយ នៅពេលដែលហ្វីលីពីនត្រូវការតម្រូវការផ្គត់ផ្គង់ថែមទៀត កម្ពុជានឹងមានសមត្ថភាពដេញថ្លៃជាមួយនឹងថៃ ឬវៀតណាម ដើម្បីបានផ្គត់ផ្គង់មួយផ្នែកទៅកាន់ទីផ្សាររបស់ហ្វីលីពីន។ ពីដើមអ្នកដឹកជញ្ជូនត្រូវបង់ថ្លៃសេវា ហើយ ម៉ុង ឫទ្ធី នេះ អ្នកតវ៉ាខ្លាំងជាងគេ។ ឥឡូវហ្នឹងបានដោះស្រាយហើយ។
មួយទៀត ទាក់ទងនឹងកត្តាសត្យានុម័ត។ កត្តាសត្យានុម័តនេះ ខ្ញុំក៏បានធ្វើការជាមួយនឹងអ្នកដៃគូសន្ទនា ក្នុងកម្រិតនាយករដ្ឋមន្ត្រី ក្នុងកម្រិតប្រធានាធិបតី ឬកម្រិតអនុប្រធានាធិបតី ដែលយើងបាននិយាយគ្នាក្នុងផ្លូវការ ឬក្រៅផ្លូវការ។ បញ្ហាសំខាន់នៅទីនេះ ប្រទេសកំពុងអភិវឌ្ឍន៍ទាំងអស់ ប្រកួតប្រជែងតែគ្នាឯង ក្នុងពេលដែលប្រទេសអ្នកមាន អត់មានមុខទំនិញណាប្រកួតប្រជែងជាមួយទេ។ ឥឡូវ ឧទាហរណ៍ បើថាក្រុមហ៊ុនយន្តហោះវិញ ដឹងតែថា Air Bus គឺរបស់អឺរ៉ុបតែម្តង ហើយ Boeing ដឹងតែអាមេរិក គ្មានអ្នកណាប្រកួតប្រជែងបានទេ។ បើថាឡានវិញ Mercedes ឬ BMW ដឹងតែអាល្លឺម៉ង់។ ប៉ុន្តែ ប្រទេសក្នុងក្របខណ្ឌ ACMECS ឬក៏មហាអនុតំបន់មេគង្គ ដែលសុទ្ធតែប្រទេសផលិតស្រូវ/អង្ករទាំងអស់ ប្រកួតប្រជែងតែគ្នាឯងហ្នឹង ធ្វើឲ្យអ្នកទិញបង្អាប់ថ្លៃបាន។ នេះមិនទាន់គិតអំពីឥណ្ឌា ដែលស្តុកស្រូវច្រើនបំផុត ហើយដែលជាធម្មតាតែងតែបញ្ចេញទៅតាមទីផ្សារ។ ប៉ាគីស្ថាន ក៏ជាអ្នកផលិត។
មិនមែនគ្រាន់តែស្រូវមួយទេ ផលិតកម្មដទៃទៀត សុទ្ធតែមានលក្ខណៈដូចគ្នា។ ស្ថានភាពនេះ បានដាក់ឲ្យយើងនៅក្នុងស្ថានភាពមួយដែលត្រូវរកវិធីសាស្ត្រដោះស្រាយក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ ឬថាប្រទេសក្រីក្រ ត្រូវធ្វើយ៉ាងម៉េចដើម្បីត្រូវលើកកម្ពស់វា។ ការប្រកួតប្រជែងខ្លះ ជាការប្រកួតប្រជែងគ្នាឯង ក្នុងពេលដែលប្រទេសអ្នកមាន គឺគេអត់មានអ្នកណាប្រកួតប្រជែងជាមួយទេ។ បន្ថែមលើនោះ (គេ)បើកឲ្យចូល ក៏ប៉ុន្តែដាក់បារ៉ាស់មួយដូចជាចត្តាឡីស័ក ឬគុណភាព។ មានន័យថា គេនាំចូលមកផ្សាររបស់យើងពេញទំហឹង អត់មានបារ៉ាស់អីទាំងអស់ ប៉ុន្តែយើងនាំចូលទៅផ្សាររបស់គេ (ត្រូវឆ្លងកាត់)ចត្តាឡីស័ក ដែលយើងមិនអាចនាំចេញទៅរួច។ បញ្ហាទាំងនេះ បានដាក់ឲ្យកសិកររបស់យើង ដែលជាអ្នកផលិតកំពុងរងគ្រោះ ដោយសារការផលិតនេះ ទទួលផលមកវិញ មិនគ្រប់ថ្លៃដើម ដែលបានផលិត។
រួមគ្នាដោះស្រាយ ដើម្បីឲ្យមានតុល្យភាពរវាងតម្លៃស្បៀង និងតម្លៃប្រេង
ខ្ញុំបានទទួលហើយ តាមរយៈបណ្តាញសង្គម ឬសារព័ត៌មាននានា អំពីសំណូមពរនានារបស់កសិករ។ ប៉ុន្តែរឿងនេះ មិនមែនជារឿងដាច់ដោយឡែករបស់កម្ពុជាទេ។ បើសិនជាទីផ្សារខាងក្រៅវាថ្លៃ ទីផ្សារខាងក្នុងច្បាស់ជាហក់ឡើង។ ឥឡូវ(នេះ)យើងផលិត មិនមែនគ្រាន់តែទទួលទានទៀតទេ។ ប្រទេសកំពុងអនុវត្តនយោបាយបែរមុខទៅខាងក្រៅ។ មានន័យថា យើងកំពុងតែផលិតដើម្បីបម្រើឲ្យការនាំចេញ មិនគ្រាន់តែស្រូវអង្ករតែមួយមុខទេ ច្រើនមុខណាស់ ច្រើនផ្នែកណាស់។ ប៉ុន្តែ មួយរយៈចុងក្រោយនេះ តម្លៃស្រូវ តម្លៃអង្ករ តម្លៃដំឡូង តម្លៃកៅស៊ូ (បានធ្លាក់ចុះ)មិនថាតែនៅប្រទេសរបស់យើងទេ។ មានរឿងមួយដែលយើងគួរតែស្វាគមន៍ដែរ។ មុននេះ តម្លៃស្រូវ អង្ករ កសិផល ធ្លាក់ចុះក្នុងពេលដែលតម្លៃប្រេងវាខ្ពស់ ប៉ុន្តែ ឥឡូវវា(ចុះ)មកទាំងអស់គ្នា។ មុននេះ វាអត់មានតុល្យភាពទេ។
ក្នុងឋានៈជាប្រធានអាស៊ាន នៅពេលប្រជុំ G20 នៅ Los Cabos ប្រទេសមិចស៊ីកូ ខ្ញុំបានលើកសំណូមពរ អំពីបញ្ហាទាក់ទងជាមួយនឹងសន្តិសុខស្បៀង និងសន្តិសុខថាមពល (ដោយ)ធ្វើយ៉ាងម៉េចឲ្យមានតុល្យភាព រវាងតម្លៃស្បៀង និងតម្លៃប្រេង។ ពេលនោះ តម្លៃប្រេងហក់ឡើងខ្លាំង ក្នុងពេលដែលតម្លៃស្បៀងធ្លាក់ចុះ។ ឥឡូវនេះ តម្លៃស្បៀងក៏ធ្លាក់ តម្លៃប្រេងក៏ធ្លាក់។ (នេះ)មិនមែនជាបញ្ហាដាច់ដោយឡែករបស់កម្ពុជាទេ។ ត្រូវយកមកពិនិត្យនូវវិធានការរួម និងកត្តាទាំងអស់ មិនមែនយកតែកត្តាក្នុងស្រុក កត្តាកម្ពុជាមួយដាច់ដោយឡែកនោះទេ។ សង្ឃឹមថា យើងនឹងខិតខំរួមគ្នាដើម្បីដោះស្រាយបញ្ហានេះ។
ក្នុងស្មារតីដោះស្រាយនូវបញ្ហានេះ ខ្ញុំសូមឲ្យឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ សហការជាមួយក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហព័ន្ធស្រូវអង្ករកម្ពុជា ព្រមទាំងក្រសួងស្ថាប័នផ្សេងទៀត សិក្សា វាយតម្លៃគោលនយោបាយជម្រុញផលិតកម្មស្រូវ និងការនាំចេញអង្ករ ដើម្បីធ្វើជាមូលដ្ឋានក្នុងការដាក់ចេញនូវគោលដៅពង្រីកក្របខណ្ឌគោលនយោបាយ និងសម្រួចវិធានការបន្ថែមទៀត។ ជាការពិត កិច្ចការនេះនឹងត្រូវសម្របសម្រួលដោយគណៈកម្មការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលដឹកនាំដោយឯកឧត្តម ឧបនាយករដ្ឋមន្រ្តីប្រចាំការ គាត ឈន់ ដើម្បីធានាថា វិធានការទាំងអស់មានភាពប្រទាក់ក្រឡាគ្នា បំពេញគ្នាទៅវិញទៅមក និងអនុវត្តទៅបានប្រកបដោយសង្គតិភាព។
សម្រាប់វិស័យស្រូវអង្ករ ខ្ញុំយល់ឃើញថានៅតែជាវិស័យដ៏មានសក្តានុពលនៅថ្ងៃអនាគត ព្រោះតម្រូវការអង្ករ ដែលជាស្បៀងនេះ នឹងចេះតែកើនឡើង ជាមួយនឹងកំណើននៃចំនួនប្រជាជនក្នុងពិភពលោក ទោះបីជានៅពេលប្រទេសកាន់តែមានចំណូលខ្ពស់ ការបរិភោគអង្ករកាន់តែតិចក្តី។ ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តជម្រុញដល់គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ជាមួយនឹងការប្តេជ្ញាចិត្តដ៏មុតមាំ ក្នុងសហប្រតិបត្តិការជាមួយនឹងភាគីពាក់ព័ន្ធទាំងអស់ ក្នុងគោលដៅពង្រឹងនូវសមត្ថភាពប្រកួតប្រជែង និងការសម្រួលដល់ធុរជន លើការធ្វើពាណិជ្ជកម្មអង្ករកម្ពុជា។ ទាក់ទងនឹងការជម្រុញវិស័យនេះ ខ្ញុំសូមទាញការចាប់អារម្មណ៍លើចំណុចគន្លឹះមួយចំនួនដូចតទៅ៖
ទី ១ ប្រព័ន្ធធារាសាស្រ្ត គឺជាធាតុចូលដ៏ចំបាច់ក្នុងការធ្វើកសិកម្ម។ ប្រព័ន្ធធារាសាស្រ្តរបស់យើងនៅមិនទាន់គ្របដណ្តប់លើផ្ទៃដីដាំស្រូវបានធំទូលាយនៅឡើយ។ ដូច្នេះ ក្រសួងធនធានទឹក និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងអាជ្ញាធរខេត្ត អាជ្ញាធរមូលដ្ឋាន ត្រូវសហការគ្នាក្នុងការបន្តស្តារ និងអភិវឌ្ឍប្រព័ន្ធធារាសាស្រ្ត និងស្វែងរកយន្តការ ក្នុងការគ្រប់គ្រងទឹកឲ្យមានប្រសិទ្ធិភាព ដើម្បីផ្តល់លទ្ធភាពដល់កសិករ ក្នុងការធ្វើស្រែបានច្រើនដង ពីម្តង ទៅពីរដង ឬពីពីរដង ទៅបីដង ក្នុងមួយឆ្នាំ។
ដោះស្រាយទឹក បង្កើនរដូវដាំដុះលើផ្ទៃដីដដែល មិនកាប់ព្រៃរានដី
ការដោះស្រាយទឹកនៅតែជាបញ្ហាសំខាន់ ដែលយើងត្រូវបន្តអនុវត្តនូវយុទ្ធសាស្រ្តពីបែបបើកទូលាយ ទៅកាន់ការអភិវឌ្ឍតាមបែបស៊ីជម្រៅ។ មានន័យថា យើងត្រូវខិតខំធ្វើឲ្យផ្ទៃដីដដែលនេះ អាចចិញ្ចឹមមនុស្សបានច្រើនជាងពេលមុន ដោយមិនត្រូវកាប់ព្រៃ រុករានដីព្រៃថែមទៀតទេ តាមរយៈការដោះស្រាយទឹក បង្កើនរដូវដាំដុះ និងបង្កើនទិន្នផលស្រូវរបស់យើង។
ទី ២ ការលើកស្ទួយម៉ាកអង្ករកម្ពុជា និងការស្វែងរកទីផ្សារ ជាការចាំបាច់។ កន្លងមក អង្កររំដួលរបស់កម្ពុជាយើង ជាប់ចំណាត់ថ្នាក់ជាអង្ករមានគុណភាពល្អបំផុតលើពិភពលោក ៣ ឆ្នាំ ជាប់គ្នា ឆ្នាំ ២០១២-២០១៣-២០១៤។ នេះគឺជាឱកាសមួយសម្រាប់កម្ពុជា ធ្វើយុទ្ធនាការផ្សព្វផ្សាយនូវកិត្យានុភាពអង្កររបស់យើងនៅក្រៅប្រទេស។ ក្នុងន័យនេះ សហព័ន្ធស្រូវអង្ករកម្ពុជា ត្រូវសហការជាមួយនឹងភាគីពាក់ព័ន្ធ ក្នុងការបង្កើតម៉ាករួមរបស់អង្ករកម្ពុជា ហើយនឹងត្រូវចុះបញ្ជីឲ្យបានច្បាស់លាស់។ ទន្ទឹមនេះ ត្រូវមានយន្តការត្រួតពិនិត្យឲ្យបានម៉ត់ចត់លើការប្រើប្រាស់ម៉ាក ការក្លែងបន្លំដោយប្រការណាមួយ។
ទី ៣ ការផលិតពូជស្រូវឲ្យស្របតាមតម្រូវការរបស់ទីផ្សារ។ ចំណុចនេះត្រូវមានភាពស៊ីសង្វាក់គ្នា រវាងអ្នកផលិត និងអ្នកកែច្នៃនាំចេញ ទាំងបរិមាណ ទាំងទំហំ និងប្រភេទស្រូវ។ ភាពមិនស៊ីសង្វាក់គ្នា រវាងតួអង្គទាំងអស់នៅក្នុងចង្វាក់ផលិតកម្មនេះ គឺជាមូលហេតុមួយដែលធ្វើឲ្យយើងមានស្រូវលើស ប៉ុន្តែការនាំចេញរបស់យើងនៅមានកម្រិតនៅឡើយ។ ឧបមាថា កសិករដាំស្រូវជលសារ នាងខុន ។ល។ ឯអ្នកនាំចេញអង្ករផ្ការំដួល ដែលធ្វើឲ្យយើងផលិតស្រូវហើយ គ្មានទីផ្សារលក់ គឺមានទីផ្សារហើយ ឬមានទីផ្សារហើយខ្វះស្រូវកិនឲ្យត្រូវតាមតម្រូវការ។