ខ្ញុំសូមអរគុណជនរួមជាតិ ជាពិសេសប្អូនៗ ក្មួយៗ និងចៅៗ ជាយុវជនដែលតែងតែគាំទ្រ តាមដាន និង ចែករំលែកព័ត៌មានពីគេហទំព័រខ្ញុំ (like, share, comment) ទៅកាន់មិត្តភក្តិ ទាំងក្នុងនិងក្រៅប្រទេស។ ជាពិសេស នៅក្នុងកំឡុងពេលដែលខ្ញុំទៅពិនិត្យសុខភាពនៅសឹង្ហបូរី តាមការណែនាំរបស់គ្រូពេទ្យ ជំនាញកម្ពុជា។ ហ្វេសប៊ុក (Facebook) ខ្ញុំ ជាហ្វេសប៊ុកសន្តិភាព ដែលលើកតម្កើងសិទ្ធិសេរីភាព និង សកម្មភាពចូលរួមកសាងសង្គមដោយអហឹង្សា។ ខ្ញុំយល់ថាការចូលរួមពីមហាជន ជាពិសេសពីស្រទាប់ យុវជន នឹងជួយជំរុញអោយការកសាងសង្គមជាតិយើងកាន់តែមានសន្ទុះលឿនទៅមុខ។
ដើម្បីបង្កបរិយាកាសកាន់តែរីករាយស្និទ្ធស្នាលជាមួយជនរួមជាតិ និងយុវជន សិស្ស និស្សិតនៅទូទាំងប្រទេស ខ្ញុំនឹងបើកវេទិកាឆ្លើយឆ្លងជាមួយយុវជន និងជនរួមជាតិនៅក្នុង Facebook (របស់)ខ្ញុំផ្ទាល់ លើប្រធានបទដែលមានសារៈសំខាន់ ក្នុងការកសាងសង្គមជាតិដូចជា ការគោរពច្បាប់ចរាចរណ៍ អំពើល្អចំពោះមនុស្សចាស់ជរា និងជនពិការ អំពើល្អចំពោះកុមារ និងស្រ្តីទន់ខ្សោយ ការជួយគ្នានៅពេលមានគ្រោះថ្នាក់ចរាចរណ៍ ការចូលរួមរើសសំរាមសំអាតទីក្រុង និងតាមទីធ្លាសាធារណៈ ការទប់ស្កាត់ និងលុបបំបាត់គ្រឿងញៀន និងការឈប់ជក់បារីជាដើម។ល។ យុវជនអាចផ្ញើជាអត្ថបទ ឃ្លីបសម្លេង ឃ្លីបវីដេអូ រូបថត រូបគំនូរដើម្បីចូលរួម។
យុវជនដែលទទួលបានការគាំទ្រច្រើនជាងគេពីមហាជន គឺនឹងទទួលរង្វាន់លើកទឹកចិត្ត មានជាមេដាយ និងប័ណ្ណសរសើរពីនាយករដ្ឋមន្រ្តី។ កម្មវិធីនេះនឹងចាប់ផ្តើម នៅពេលឆាប់ៗខាងមុខនេះ។ សំរាប់ប្រធានបទជាក់លាក់ និងបែបបទនៃការប្រកួតប្រជែងនឹងជំរាបជូននៅពេលក្រោយ។ សូមយុវជនធ្វើជាគំរូល្អសម្រាប់យុវជនដូចគ្នា ហើយសូមចូលរួមជាមួយខ្ញុំទាំងអស់គ្នាកុំបីខាន ៕