ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ បងប្អូនជនរួមជាតិ ជាទីស្នេហា!
ដំបូង អនុញ្ញាតឲ្យខ្ញុំព្រះករុណាខ្ញុំសូមប្រគេនពរ ចំពោះព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរចំពោះបងប្អូនជនរួមជាតិ ក្នុងឱកាសចូលឆ្នាំ្មថ្មី ក៏ដូចជាទិវាខួបទី ៣៧ នៃថ្ងៃជ័យជម្នះ ៧ មករា ១៩៧៩-៧ មករា ២០១៦។ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំចង់ធ្វើការបកស្រាយបន្ថែម ទៅលើអ្វីដែលបានសម្រេចរួចមកហើយ ហើយក៏នៅមានការចោទសួរជាសំណួរមួយចំនួន ដែលខ្ញុំព្រះករុណាខ្ញុំក៏បានឆ្លើយតបជាមួយនឹងប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុក។
មិនចាំបាច់ធ្វើ ឬមានប័ណ្ណបើកបរសម្រាប់អ្នកបើកម៉ូតូកម្លាំងពី ១២៥CC ចុះក្រោម
ខ្ញុំព្រះករុណាខ្ញុំចង់បញ្ជាក់អំពីបញ្ហាទាក់ទិននឹងការលប់ចោលការធ្វើប័ណ្ណបើកបរ សម្រាប់អ្នកជិះទោចក្រយានយន្ត ដែលមានទំហំ ១២៥CC ចុះក្រោម។ (ដោយ)យើងពិនិត្យឃើញថាជាតម្រូវការ ហើយក៏ចង់កាត់បន្ថយការលំបាកទាំងឡាយរបស់ប្រជាពលរដ្ឋ មិនមែនគ្រាន់តែបញ្ហាប្រាក់កាសប៉ុណ្ណោះទេ ក៏ប៉ុន្តែទាក់ទិននឹងបញ្ហាមន្រ្តីរាជការ ដែលត្រូវធ្វើ ត្រូវចំណាយកម្លាំងច្រើន ប្រជាពលរដ្ឋក៏ត្រូវចាយកម្លាំងច្រើន ខ្ញុំព្រះករុណាខ្ញុំក៏បានពិភាក្សាជាមួយនឹងថ្នាក់ដឹកនាំដទៃទៀត សម្រេចថាលប់ចោលទាំងស្រុងនូវការធ្វើប័ណ្ណបើកបរ ចំពោះទោចក្រយានយន្តដែលមានកម្រិតត្រឹម ១២៥CC ចុះក្រោម។ (ឯយានយន្តកម្រិតលើស)ចាប់ពី ១២៥CC ត្រូវមានប័ណ្ណបើកបរធម្មតា ដូចរថយន្តដែរ។ ដូច្នេះ ចាប់ពីពេលនេះតទៅ បងប្អូនប្រជាពលរដ្ឋរបស់យើង ដែលមុននេះកង្វល់ថា មានការលំបាកធ្វើ ចំណាយលុយច្រើន ហើយមានគ្រួសារខ្លះបាននិយាយថា មានម៉ូតូមួយ ត្រូវជិះគ្នា ៣ នាក់ ឬ ៤ នាក់ លែងក្លាយជាកង្វល់ទៀតហើយ ព្រោះអ្នកដែលប្រើប្រាស់ទោចក្រយានយន្ត ចាប់ពី ១២៥CC ចុះមកក្រោម គឺមិនចាំបាច់ធ្វើ និងមានប័ណ្ណបើកបរទេ។
អាចយកប័ណ្ណដែលធ្វើហើយ ឬមិនទាន់ហើយ មកប្តូរយកប្រាក់វិញ
មានការសួរសំណួរ ហើយក៏មានការឆ្លើយតបហើយដែរ តាមរយៈប្រិយមិត្តដែលចូលទៅក្នុងប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុក អំពីថា តើប្រាក់ដែលបានទៅបង់រួចហើយ ឥឡូវនេះ មិនទាន់បានប័ណ្ណទេ តើអាចបង្វែរប្រាក់នេះមកវិញបានទេ? ខ្ញុំព្រះករុណាខ្ញុំ ក៏បានឆ្លើយតបទៅលើសពីអ្វីដែលបងប្អូនចង់បាន។
ទី ១ បងប្អូនដែលបានទៅផ្តល់ប្រាក់ឲ្យគេរួចហើយ ប៉ុន្តែមិនទាន់បានប្រឡង មិនទាន់បានទទួលប័ណ្ណ ក៏សូមអញ្ជើញទៅទទួលយកនូវប្រាក់កាសនោះ ត្រឡប់មកវិញ។ ចំណុចទី ២ អ្នកដែលមានប័ណ្ណរួចហើយ ប្រសិនជាបងប្អូនណាចង់បានប្រាក់កាសត្រឡប់មកវិញ សូមយកប័ណ្ណទៅដូរនឹងប្រាក់នោះ។ មិនមែនគ្រាន់តែទៅយកប្រាក់ត្រឡប់មកវិញ ហើយមិនប្រគល់ប័ណ្ណឲ្យគេនោះទេ។ បើធ្វើយ៉ាងដូច្នេះ (គេអាចយក)ប័ណ្ណដើរទៅយកលុយគ្រប់ទីកន្លែង។ អញ្ចឹង បើសិនជាចង់បានប្រាក់ គឺត្រូវប្រគល់ប័ណ្ណហ្នឹងទៅអាជ្ញាធរវិញ ហើយអាជ្ញាធរនឹងសងប្រាក់ត្រឡប់មកវិញ ហើយ(ការ)សង(គឺសង)ទៅតាមតម្លៃដែលបានដាក់ជាផ្លូវការ និងបានបង់ជាផ្លូវការនៅពេលនោះ។ ត្រង់ថាបងប្អូនមានការសូកប៉ាន់អ្នកណាអីអ្នកណា រដ្ឋអត់ទទួលខុសត្រូវទេ។ ខ្ញុំព្រះករុណាខ្ញុំបានណែនាំឲ្យរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិភាក្សាជាមួយនឹងរដ្ឋមន្រ្តីក្រសួងសាធារណការ និងផ្នែកពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហានេះឲ្យបានឆាប់បំផុត តាមដែលអាចធ្វើទៅបាន។ ឥឡូវ ចំណុចនេះរង់ចាំការប្រកាសអន្តរក្រសួង របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសាធារណការ និងដឹកជញ្ជូន។
អ្វីដែលត្រូវខិតខំធ្វើគឺអត្តសញ្ញាណប័ណ្ណ
ចំណុចនេះ ឆ្លើយតបបានគ្រប់គ្រាន់ហើយ។ ចំនួនមនុស្សប្រមាណជា ៣ លាននាក់ ដែលប្រើប្រាស់នូវម៉ូតូសព្វថ្ងៃនេះ គឺមានប្រមាណជា ១៥ ម៉ឺននាក់ ប៉ុណ្ណោះ ដែលបានធ្វើប័ណ្ណ។ ដោយឡែក នៅភ្នំពេញ មានប្រមាណជា ១ លាន ២ សែន ម៉ូតូ គឺមានប្រមាណ ១១ ម៉ឺននាក់ប៉ុណ្ណោះ (ដែលបានធ្វើប័ណ្ណបើកបរ)។ នៅសល់ ១ លាននាក់ទៀត (ដែលមិនទាន់បានធ្វើប័ណ្ណ)។ គ្មានការចាំបាច់ដើម្បីនឹងធ្វើប័ណ្ណបើកបរទៀតទេ។ សព្វថ្ងៃនេះ យើងកំពុងខិតខំធ្វើអត្តសញ្ញាណប័ណ្ណជូនពលរដ្ឋ ដើម្បីប្រើប្រាស់ ហើយក៏សម្រាប់ធ្វើការបោះឆ្នោតនៅពេលខាងមុខ។ ចំណុចនេះបង្កើតនូវការងាយស្រួល មិនត្រឹមតែមិនអស់ប្រាក់កាសទេ តែបងប្អូនប្រជាពលរដ្ឋយើង រួចចាកផុតពីការលំបាក មិនមែនគ្រាន់តែមួយឆ្នាំ ឬពីរឆ្នាំ ហើយដែលនៅក្នុងប័ណ្ណលើកមុនកំណត់ថាមួយជីវិត ក្រោយមកថានៅ ៥ ឆ្នាំ(នោះទេ) ឥឡូវ ៥ ឆ្នាំក្រោយ ក៏មិនមានការចាំបាច់ដើម្បីនឹងធ្វើប័ណ្ណបើកបរនេះតទៅទៀតដែរ។
ចម្លើយបណ្ណោះអាសន្ន តម្លៃប័ណ្ណបើកបរយានយន្ត នឹងត្រូវបានចុះថ្លៃយ៉ាងហោចពាក់កណ្តាល
ចំពោះសំណួរថា តើប័ណ្ណបើកបររថយន្តមានការចុះថ្លៃឬទេ? ខ្ញុំព្រះករុណាខ្ញុំអាចឆ្លើយជូនបាននៅពេលនេះថា តម្លៃគឺពិតជានឹងមានការធ្លាក់ចុះ យ៉ាងហោចក៏ពាក់កណ្តាល។ រឿងនេះ ខ្ញុំព្រះករុណាខ្ញុំបាននិយាយជាមួយរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាំងពីមួយអាទិត្យមុន គឺនៅថ្ងៃទី ៣០ ខែ ធ្នូ ឬមួយអាទិត្យមុននេះ។ (សំណួរថា)មានការចាំបាច់ ដើម្បីនឹងពិនិត្យសុខភាព (ត្រូវ)មានប័ណ្ណបើកបរសម្រាប់អ្នកបញ្ជាយានយន្តគ្រប់ប្រភេទ និងទោចក្រយានយន្តដែលមានកម្លាំង ១២៦CC ឡើងទៅ(ឬទេ) (ចំនុចនេះ)គឺត្រូវតែមាន(ហើយ) ព្រោះជាអ្នកកាច់ចង្កូត។
អ្វីដែលសំខាន់ គឺត្រូវរៀនច្បាប់ចរាចរណ៍ និងគោរពច្បាប់ចរាចរណ៍
បញ្ហាសំខាន់នៅពេលនេះ (ខ្ញុំព្រះករុណាខ្ញុំ)សូមអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ រៀនច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យបានទូលំទូលាយ។ មានប័ណ្ណ ឬគ្មានប័ណ្ណ វាជារឿងមួយ ប៉ុន្តែ រឿងចេះច្បាប់ចរាចរណ៍ ចេះបើកបរពិតប្រាកដ ទើបជាបញ្ហាបញ្ចៀសគ្រោះថ្នាក់បាន។ បើទោះជាយើងមានប័ណ្ណពេញមួយឡានក៏ដោយចុះ ប៉ុន្តែ បើសិនជាយើងមិនចេះបើកបរ ឬបើកបរខុសច្បាប់ បើកបរហួសល្បឿនកំណត់ បើកបរលើសទម្ងន់ ក៏វានៅតែគ្រោះថ្នាក់។ ដូច្នេះហើយ អំពាវនាវឲ្យមានការយល់ដឹងពីច្បាប់ចរាចរណ៍ និងចេះបើកបរដោយស្ទាត់ជំនាញ …។
យើងត្រូវធ្វើវិសោធនកម្មច្បាប់ តែដោយសារមានតម្រូវការបន្ទាន់ ទើបចេញសេចក្តីសម្រេចមុន
មួយទៀត មានបងប្អូនមួយចំនួនបានសួរថា ហេតុអ្វីបានជាច្បាប់ចរាចរណ៍តម្រូវឲ្យអ្នកជិះរថយន្តនៅខាងក្រោយជិះបានតែ ៣ នាក់។ មិនថាប្រទេសយើងទេ ប្រទេសណាក៏ដោយ (តែកាលណា)ជិះលើសពីប៉ុណ្ណឹង គឺគេផាក ព្រោះគេផលិតមកសម្រាប់ឲ្យជិះប៉ុណ្ណឹង។ ម៉ូតូក៏ដូចគ្នា។ អញ្ចឹងទេ បងប្អូនសូមមេត្តាយោគយល់។ ខ្ញុំព្រះករុណាខ្ញុំសូមបញ្ជាក់ រាជរដ្ឋាភិបាលបានធ្វើលើសមួយជំហាន។ តាមពិតត្រូវធ្វើវិសោធនកម្មច្បាប់សិន។ ប៉ុន្តែ ដោយសារមានតម្រូវការរបស់ប្រជាពលរដ្ឋយើងរាប់លាននាក់ ទើបរាជរដ្ឋាភិបាលចេញនូវសេចក្តីសម្រេចមុន ដើម្បីបញ្ចប់លប់ចោលការធ្វើប័ណ្ណបើកបរ(សំរាប់យានយន្តស៊ីឡាំងចំណុះ ១២៥CC) ហើយចាំធ្វើវិសោធនកម្មច្បាប់ជាក្រោយ។ រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម កំពុងតែដឹកនាំ រៀបចំត្រៀមការធ្វើវិសោធនកម្មច្បាប់នេះ ឲ្យបានឆាប់បំផុត តាមដែលអាចធ្វើទៅបាន។
សំណូមពរខ្លះមិនអាចដោះស្រាយជូនបាន ព្រោះវាជាទិដ្ឋភាពផ្លូវច្បាប់/ សូមមេត្តាទៅបង់ពន្ធឲ្យបានគ្រប់គ្នា
ខ្ញុំព្រះករុណាខ្ញុំ (សូមបញ្ជាក់ថា)រាជរដ្ឋាភិបាល(កម្ពុជា អាច)ជួយបានត្រឹមប៉ុណ្ណឹង។ (ឯករណីដែល)បងប្អូនទៅខ្ចីលុយធនាគារ ហើយទៅទិញម៉ូតូ ដែលគ្មានពន្ធ ឥឡូវត្រូវគេចាប់ ហើយមកឲ្យនាយករដ្ឋមន្រ្តីជួយរឿងនេះ ពិតជាមិនអាចធ្វើទៅរួចទេ។ បើលើកលែងឲ្យមនុស្សអ្នកដែលរត់ពន្ធទាំងឡាន ទាំងម៉ូតូ អញ្ចឹងទេ អ្នកដែលបង់ពន្ធរួចហើយ គេក៏មានសិទ្ធិមកទារយកពន្ធហ្នឹងត្រឡប់ទៅវិញដែរ។ ដូច្នេះ សូមមេត្តាយោគយល់។ រាជរដ្ឋាភិបាលអំពាវនាវហើយអំពាវនាវទៀត ឲ្យមានអនុវត្តនូវវប្បធម៌បង់ពន្ធ មិនមែនគ្រាន់តែបង់ពន្ធឡាន ម៉ូតូដែលយើងទើបនឹងទិញទេ តែពន្ធលើការប្រើប្រាស់ផ្លូវ ក៏ត្រូវតែបង់ឲ្យបានត្រឹមត្រូវផងដែរ។ សំណូមពរតាមប្រព័ន្ធទំនាក់ទំនងសង្គម (មួយនេះ) ជាសំណូមពរដែលខ្ញុំព្រះករុណាខ្ញុំមិនអាចដោះស្រាយជូនបាន ព្រោះវាជាទិដ្ឋភាពផ្លូវច្បាប់ ដែលច្បាប់តម្រូវឲ្យមានការយកពន្ធ …។ សុំមេត្តាយោគយល់នូវកន្លែងនេះ។ បើមិនទាន់បានបង់ពន្ធទេ សូមមេត្តាអញ្ជើញទៅបង់ពន្ធឲ្យបានគ្រប់ៗគ្នា។ រថយន្តក៏ដូចគ្នាដែរ។
សុំបញ្ជាក់បន្តិច។ ថ្ងៃមុន ខ្ញុំព្រះករុណាខ្ញុំ បាននិយាយទាក់ទិនជាមួយនឹងរថយន្តចង្កូតស្តាំនោះ គឺបានបញ្ជាក់យ៉ាងច្បាស់ថា “រថយន្តដែលមាននៅកម្ពុជាបច្ចុប្បន្ន” អញ្ចឹងមិនមែនមានតែរថយន្តប៉ុន្មានរយគ្រឿង ដែលហៅថារថយន្តដឹកដីទេ។ រថយន្តចង្កូតស្តាំដែលកំពុងមាននៅកម្ពុជាសព្វថ្ងៃ ទាំងរថយន្តទេសចរណ៍ ទាំងរថយន្តប្រភេទណាក៏ដោយ ដែលកំពុងមានសព្វថ្ងៃនេះ សុំអញ្ជើញទៅបង់ពន្ធគ្រប់គ្នា។ មិនមែនត្រឹមតែ ៤០០ គ្រឿងទេ អាចលើសពីហ្នឹងទៅដល់ ១០០០ គ្រឿង ឬ ២០០០ គ្រឿង ឬច្រើនជាងនេះ។ ប៉ុន្តែ ហាមដាច់ខាតមិនឲ្យនាំចូលបន្ថែម។ រថយន្តដែលនាំចូលបន្ថែម មិនបានអនុញ្ញាតឲ្យបង់ពន្ធនោះទេ គឺត្រូវប្រឈមចំពោះមុខច្បាប់តែម្តង …។
ម្ចាស់ម៉ូតូ មានសិទ្ធិឲ្យគេខ្ចីម៉ូតូ តាមការជឿជាក់របស់ខ្លួន
… រឿងកង្វល់របស់ប្រជាពលរដ្ឋ ដែលមុននេះថា ម៉ូតូមួយគ្រឿងក្នុងមួយផ្ទះ ជិះទាំងអស់គ្នា (មាន) ៣ នាក់, ៤ នាក់, ៥ នាក់ សូមបញ្ជាក់បញ្ហានេះថា ពេលដែលយើងបញ្ចប់នូវប័ណ្ណបើកបរសម្រាប់ការជិះម៉ូតូដែលមានកម្លាំង ១២៥CC និងចុះក្រោម មានន័យថា … មួយផ្ទះចង់ជិះ ១០ នាក់ក៏បានដែរ ហើយក៏គ្មានតម្រូវការឲ្យទៅបញ្ជាក់ពីអាជ្ញាធរ ឬស្ថាប័នមានសមត្ថកិច្ចណាទេ សំខាន់ម្ចាស់ម៉ូតូដែលជាបងអនុញ្ញាតឲ្យប្អូនជិះឬអត់? ម្ចាស់ម៉ូតូជាឪពុកអនុញ្ញាតឲ្យកូនជិះឬអត់? ម្ចាស់ម៉ូតូអនុញ្ញាតឲ្យមិត្តភក្តិខ្ចីម៉ូតូឬអត់? មិនចាំបាច់មានការស្នើសុំតាមរយៈប្រធានភូមិ ឬសមត្ថកិច្ចណាទាំងអស់ សំខាន់លើការស្រុះស្រួលគ្នា … ឲ្យតែស្ម័គ្រចិត្ត ហើយកុំលួច កុំប្លន់របស់គេ។ អាហ្នឹងគេចាប់។ ឧទាហរណ៍ ខ្ញុំខ្ចីម៉ូតូរបស់ប្អូនខ្ញុំ។ ស៊ីសងលើប្អូនរបស់ខ្ញុំឲ្យខ្ញុំខ្ចីឬអត់? ពេលដែលប្អូនរបស់ខ្ញុំឲ្យម៉ូតូខ្ញុំខ្ចីហើយ គ្មានការចាំបាច់ទៅសុំមេភូមិ ឬសុំប្រធានមន្ទីរសាធារណការ ថ្នាក់នេះថ្នាក់នោះទេ។ សូមបញ្ជាក់រឿងនេះឲ្យច្បាស់ ដើម្បីជម្រះកង្វល់។ សូមកុំឆ្ងល់លើរឿងនេះទៀត។ បើអាជ្ញាធរណារារាំងលើបញ្ហានេះ គឺអ្នកនោះប្រឆាំងជាមួយនឹងផលប្រយោជន៍(ស្រប)ច្បាប់របស់ប្រជាជន ដែលនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាផ្ដល់ជូន ដើម្បីដោះស្រាយ (និង)បញ្ចប់ការលំបាករបស់គាត់។
រៀនច្បាប់ចរាចរណ៍ហើយ សូមគោរពច្បាប់ចរាចរណ៍ផង ទើបលែងមានគ្រោះថ្នាក់
សម្រាប់សំណូមពររបស់ប្រជាពលរដ្ឋ ដែលបានស្នើមកខ្ញុំ អ្វីដែលខ្ញុំ(អាច)ដោះស្រាយបាន ខ្ញុំបានដោះស្រាយជូនរួចហើយ។ ករណីខ្លះ (មាន)ដូចជាករណី(ការ)មិនបង់ពន្ធលើរថយន្ត ឬម៉ូតូ ខ្ញុំព្រះករុណាខ្ញុំមិនអាចដោះស្រាយបានទេ។ ប៉ុន្តែ សំណូមពរប្រជាពលរដ្ឋពាក់ព័ន្ធជាមួយនឹងប័ណ្ណបើកបរ ខ្ញុំព្រះករុណាខ្ញុំបានដោះស្រាយជូនហើយ បន្ថែមទៅដោយការផ្ដល់ប្រាក់ត្រឡប់ទៅវិញជូនអ្នកដែលបានបង់ប្រាក់រួចហើយ មិនទាន់បានប័ណ្ណបើកបរ ឬអ្នកដែលមានប័ណ្ណបើកបរហើយ ចង់ប្តូរយកប្រាក់វិញ ក៏នឹងបានទទួលប្រាក់ត្រឡប់ទៅវិញផងដែរ។ ទន្ទឹមនឹងបានជួយសម្រួលបញ្ចប់ការលំបាក និងការចំណាយរបស់ប្រជាពលរដ្ឋ ខ្ញុំព្រះករុណាខ្ញុំទទូចស្នើសុំពីប្រជាពលរដ្ឋត្រឡប់មកវិញ ត្រូវរៀនច្បាប់ចរាចរណ៍ឲ្យបានចេះគ្រប់ៗគ្នា និងត្រូវគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។ ប្រសិនបើចេះច្បាប់ចរាចរណ៍ហើយ មិនគោរពច្បាប់ចរាចរណ៍នោះទេ គ្រោះថ្នាក់នៅតែកើតមាន។ (ករណីនេះ)យើងមិនបានគោរពជីវិតខ្លួនយើង ហើយយើងក៏មិនបានគោរពជីវិតអ្នកដទៃ …។
សូមអរគុណ ជនរួមជាតិដែលបានយោគយល់ និងផ្ដល់មតិទាំងឡាយ។ សង្ឃឹមថា ប្រជាពលរដ្ឋបានទទួលផលប្រយោជន៍អំពីការលើកលែងរបស់រាជរដ្ឋាភិបាលទៅលើបញ្ហាប័ណ្ណបើកបរនេះ។
សូមអរព្រះគុណ និងសូមអរគុណ៕