សូមក្រាបថ្វាយបង្គំសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី សម្តេចព្រះសង្ឃរាជ សម្តេចព្រះរាជាគណៈ និងព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ
សម្តេច ឯកឧត្តម លោកជំទាវ លោកស្រី អស់លោក ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សមាជិក សមាជិកានៃអង្គមីទ្ទិញ និងជនរួមជាតិទាំងអស់ជាទីគោរពស្នេហា!
ថ្ងៃនេះ ជាទិវាដ៏មហានក្ខត្តប្ញក្សដែលប្រជាជនកម្ពុជាយើង នៅទូទាំងប្រទេស បានចូលរួមយ៉ាងក្លៀវក្លាប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៣៧ នៃទិវាជ័យជម្នះជាប្រវត្តិសាស្រ្តនាថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ ដែលបានផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត សង្រ្គោះប្រជាជាតិឲ្យរស់ឡើងវិញ ហើយបានឋិតថេរគង់វង្ស និងរីកចម្រើនរហូតមកដល់បច្ចុប្បន្ន។ ប្រជាជនកម្ពុជា ក៏ដូចមនុស្សជាតិនៅលើពិភពលោក ដែលស្រឡាញ់សន្តិភាព សេរីភាព និងយុត្តិធម៌នៅតែចងចាំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ហើយគំរូវីរភាព នៃយុទ្ធជន ៧ មករា នៅតែភ្លឺចែងចាំង និងរស់រវើកជានិច្ចក្នុងដួងចិត្ត នៃប្រជាជនយើងគ្រប់ជំនាន់តរៀងទៅ។
យើងប្រារព្ធពិធីបុណ្យ នៃជ័យជម្នះជាប្រវត្តិសាស្រ្តនេះ ក្នុងស្មារតីគោរពដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះយុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិដ៏ច្រើនឥតគណនា ដែលបានក្រោកឈរតស៊ូ ប្រយុទ្ធយ៉ាងប្តូរផ្តាច់ ហ៊ានលះបង់សាច់ស្រស់ ឈាមស្រស់ និងអាយុជីវិតប្រកបដោយវីរភាពដ៏ខ្ពង់ខ្ពស់ ក្នុងបុព្វហេតុសង្រ្គោះជាតិ និងសូមសម្តែងការគោរពដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះវីរកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានផ្តល់ការជួយឧបត្ថម្ភគាំទ្រដ៏ធំធេង ចំពោះបុព្វហេតុដ៏ឧត្តុង្គឧត្តមនេះ។ យើងទាំងអស់គ្នាក៏សូមលំឱនកាយគោរពវិញ្ញាណក្ខន្ធរបស់ជនរួមជាតិជាង ៣ លាននាក់ ដែលបានបាត់បង់ជីវិតទៅយ៉ាងអយុត្តិធម៌បំផុត នៅក្រោមរបបប្រល័យពូជសាសន៍ និងសូមឧទ្ទិសបួងសួងឲ្យដួងព្រលឹងរបស់លោកអ្នកទាំងនោះបានទៅកាន់សុគតិភពជារៀងដរាបទៅ។
នៅក្នុងឱកាសដ៏វិសេសវិសាលនេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមសម្តែងគារវភក្តីភាព និងកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្តីថ្លៃថ្នូរ និងសុភមង្គលជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលកំពុងគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ នៃប្រជារាស្រ្តខ្មែរគ្រប់ៗរូប។ សូមក្រាបថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះវររាជមាតាជាតិជាទីសក្ការៈ សូមមានព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា និងព្រះជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ត្រើយវឌ្ឍនភាពដ៏រុងរឿង។
បច្ចុប្បន្នប្រជាជនកម្ពុជាកំពុងរស់នៅយ៉ាងសុខដុមរមនា ប្រកបដោយក្តីសង្ឃឹមក្រោមពន្លឺនៃសន្តិភាព សេរីភាព និងអភិវឌ្ឍន៍ ប៉ុន្តែសោកនាដកម្ម ការឈឺចាប់ខ្លោចផ្សារ និងការបាត់បង់យ៉ាងធំធេង ក្នុងសម័យអតីតកាលដ៏ខ្មៅងងឹត នៃសង្រ្គាម និងរបបប្រល័យពូជសាសន៍នៅតែដក់ជាប់ជានិច្ច ក្នុងមនសិការរបស់មនុស្សគ្រប់រូប មិនអាចបំភ្លេចបានឡើយ។ យើងទាំងអស់គ្នាពិតជាចងចាំថា ក្រោយរដ្ឋប្រហារថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ១៩៧០ ដឹកនាំដោយ លោក លន់ នល់ ទម្លាក់ សម្តេចព្រះ នរោត្តម សីហនុ ប្រទេសកម្ពុជាបានធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងសង្រ្គាមយ៉ាងសន្ធោសន្ធៅបំផុត ដែលបានបង្កមហាវិនាសកម្មពុំអាចនឹងពណ៌នាបានឡើយ។ ក្រោយថ្ងៃ ជ័យជម្នះលើពួក លន់ នល់ នាថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ១៩៧៥ ប្រជាជនកម្ពុជាសង្ឃឹមថា នឹងបានរស់នៅក្នុងសន្តិភាពវិញហើយ ប៉ុន្តែក្តីសង្ឃឹមនោះត្រូវរលាយបង់តែមួយប៉ព្រិចភ្នែកក្រោមអំពើផ្តាច់ការនៃបនក្បត់ ប៉ុល ពត ដែលបានអនុវត្តនយោបាយប្រល័យពូជសាសន៍ដ៏សាហាវយង់ឃ្នងបំផុតចំពោះជាតិមាតុភូមិ និងប្រជាជនកម្ពុជា។ ក្នុងរយៈពេល ៣ ឆ្នាំ ៨ ខែ និង ២០ ថ្ងៃ ពួក ប៉ុល ពត បានបំផ្លាញសង្គមជាតិទាំងមូល ដែលទទួលរងការវិនាសដោយសារសង្រ្គាម ៥ ឆ្នាំ រួចមកហើយនោះឲ្យរលាយខ្ទេចខ្ទីទាំងស្រុងដល់ប្ញសគល់។ ប្រជាជនកម្ពុជាត្រូវពួកឃាតករបំបិទសិទ្ធិសេរីភាពសព្វបែបយ៉ាងទាំងស្រុង ក្លាយទៅជាទាសករ បាត់បង់អស់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់មនុស្ស ហើយរង់ចាំតែពេលត្រូវ ពួកវាសម្លាប់ប៉ុណ្ណោះ។ របប ប៉ុល ពត បានប្រែក្លាយកម្ពុជាទៅ ជាវាលពិឃាដគួរឲ្យរន្ធត់បំផុត ប្រជាជាតិទាំងមូលត្រូវជ្រមុជយ៉ាងជ្រៅទៅក្នុងសមុទ្រឈាម និងទឹកភ្នែក ដែលពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិ។ ប្រជាជនដែលពុំទាន់ត្រូវបានសម្លាប់ មានតែការលើកដៃបួងសួងបន់ស្រន់ សូមឲ្យទេវតា និងវត្ថុស័ក្តិសិទ្ធិ ទាំងឡាយមកជួយសង្គ្រោះឲ្យរួចផុតពីឋាននរកអវចីនេះ។
នៅក្នុងកាលៈទេសៈដ៍ធ្ងន់ធ្ងរបំផុតនេះ កម្មាភិបាល យុទ្ធជន យុទ្ធនារីស្នេហាជាតិដ៏បរិសុទ្ធរបស់គណបក្សប្រជាជនកម្ពុជា ដែលនៅសល់ពីការកម្ចាត់នៃរបប ប៉ុល ពត ហើយបានផ្តាច់ខ្លួនចេញផុត ពីរបបនេះបានប្រមូលផ្តុំរួបរួមគ្នាបង្កើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជានាថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ ១៩៧៨ ដើម្បីដឹកនាំប្រជាជនប្រយុទ្ធប្រឆាំងនឹងរបប ប៉ុល ពត ដោយទទួលបានការជួយ ឧបត្ថម្ភដ៏ធំធេង និងមានប្រសិទ្ធិភាពពីកងទ័ពស្មគ្រ័ចិត្តវៀតណាម រហូតវាយផ្តួលរំលំរបបយង់ឃ្នងនេះឲ្យបរាជ័យនៅថ្ងៃទី ៧ ខែ មករា ឆ្នាំ ១៩៧៩ ។ ជ័យជម្នះ ៧ ខែ មករា បានសង្រ្គោះជាតិឲ្យរស់ឡើងវិញទាន់ពេលវេលា ប្រជាជនកម្ពុជាដណ្តើមបានមកវិញនូវសិទ្ធិសេរីភាពគ្រប់យ៉ាង ក្លាយជាម្ចាស់លើជោគវាសនារបស់ខ្លួនពិតប្រាកដ កម្ពុជាបានបិទទំព័រសករាជដ៏ខ្មៅងងឹតរបស់ខ្លួន ហើយបើកឡើងនូវទំព័រសករាជថ្មីគឺ ឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។
បន្ទាប់ពីថ្ងៃជ័យជម្នះ ៧ មករា ប្រទេសជាតិនៅតែត្រូវប្រឈមមុខនឹងឧបសគ្គធំៗយ៉ាងច្រើន ព្រមទាំងផលវិបាករាប់ម៉ឺនជំពូក ដែលបន្សល់ទុកពីសម័យសង្រ្គាម ៥ ឆ្នាំ ក្រោយថ្ងៃរដ្ឋប្រហារ និងរបបប្រល័យពូជសាសន៍។ ប៉ុន្តែ ការប្តេជ្ញាចិត្តដ៏មោះមុតរបស់ប្រជាជនកម្ពុជា ដើម្បីដើរចេញឲ្យផុតពីស្រមោលអតីតកាលដ៏ឈឺចាប់ឆ្ពោះទៅរកអនាគតមួយដ៍រុងរឿង គឺគ្មានអ្វីអាចមកបន្ទច់បង្អាក់បានឡើយ ។ លើមូលដ្ឋានជ័យជម្នះ ៧ មករា សាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលជារដ្ឋរបស់ប្រជាជនត្រូវបានបង្កើតឡើង ដឹកនាំដោយក្រុមប្រឹក្សាប្រជាជនបដិវត្តន៍កម្ពុជា ដែលបានគ្រប់គ្រងប្រទេសក្នុងស្ថានភាពមានសន្តិភាពផង និងសង្គ្រាមផង ព្រមទាំង ត្រូវមជ្ឈដ្ឋានខាងក្រៅមួយចំនួនហ៊ុំព័ទ្ធខាងនយោបាយ និងសេដ្ឋកិច្ច យ៉ាងអយុត្តិធម៌ និងអមនុស្សធម៌ថែមទៀត។ ភារកិច្ចចំបងរបស់យើងនៅពេលនោះ គឺការពារការរស់ឡើងវិញរបស់ប្រជាជន ទប់ស្កាត់មិនឲ្យរបបប្រល័យពូជសាសន៍អាចវិលត្រឡប់មកវិញបាន ពុះពារជម្នះរាល់ផលវិបាកដ៏ធ្ងន់ធ្ងរនានា ខិតខំស្តារ និងកសាងសេដ្ឋកិច្ច-សង្គមឡើងវិញពីលេខសូន្យ និងពីបាតដៃទទេ ដើម្បីធ្វើឲ្យជីវភាពប្រជាជនមានស្ថិរភាពជាជំហានៗ។ ដោយសារកម្លាំងមហាសាមគ្គីជាតិយើងបាននាំប្រទេសជាតិឲ្យឆ្លងផុតដំណាក់កាល ដែលលំបាកបំផុត ឈានមកដល់ដំណាក់កាលពង្រឹងពង្រីកខ្លួនតែក្នុងរយៈពេល ១០ ឆ្នាំ ដែលបានបង្កបុព្វបទ និងលក្ខណសម្បត្តិ ចាំបាច់ឲ្យប្រជាជាតិយើងអាចបោះជំហានទៅមុខយ៉ាងរឹងមាំ លើមាគ៌ាសន្តិភាព បង្រួបបង្រួមជាតិ ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍រហូតដល់បច្ចុប្បន្ននេះ។
រយៈពេល ៣៧ ឆ្នាំ កន្លងទៅ ផ្តើមពីជ័យជម្នះ ៧ មករា ប្រជាជនកម្ពុជាបានសម្រេចនូវការផ្លាស់ប្តូរសង្គមយ៉ាងធំធេង ដែលគ្មានអ្នកណាអាចនឹកស្មានដល់។ កម្ពុជាបានប្រែក្លាយពីវាលពិឃាតនៃ របបប្រល័យពូជសាសន៍ ពីសមរភូមិនៃសង្រ្គាមដ៏រ៉ាំរ៉ៃ ពីការបែកបាក់ជាតិ និងការបែងចែកទឹកដី ក្លាយជាប្រជាជាតិមួយដែលមានសុខសន្តិភាព សេរីភាព ឯកភាព ស្ថិរភាព និងអភិវឌ្ឍន៍លើគ្រប់ វិស័យធ្វើឲ្យជីវភាពប្រជាជនត្រូវបានលើកកម្ពស់ឥតឈប់ឈរ។ នេះគឺជាលើកដំបូងនៅក្នុងប្រវត្តិសាស្រ្តរយៈពេលជាង ៥០០ ឆ្នាំ មកនេះបន្ទាប់ពីសម័យអង្គរដ៏រុងរឿង ដែលប្រជាជនកម្ពុជាទទួលបាននូវសន្តិភាពពេញលេញ មានការឯកភាពជាតិ ឯកភាពទឹកដី និងកំពុងរស់នៅយ៉ាងសុខដុមរមនាក្រោមដំបូល នៃរដ្ឋធម្មនុញ្ញតែមួយ។
រាល់សមិទ្ធិផលដែលយើងសម្រេចបានទាំងអស់នេះ គឺអាស្រ័យដោយមានការដឹកនាំខាងនយោបាយបានត្រឹមត្រូវ មានការលះបង់ខ្ពស់របស់យុទ្ធជន យុទ្ធនារី មន្ត្រីគ្រប់លំដាប់ថ្នាក់ ក្នុងការបំពេញភារកិច្ចរបស់ខ្លួន មានការចូលរួមពីសំណាក់ប្រជាជនទូទាំងប្រទេស ដោយឆន្ទៈមោះមុត បើទោះបីមាននិន្នាការនយោបាយ ដើមកំណើតជាតិ ជំនឿសាសនា ឬឋានៈនាទីក្នុងសង្គមផ្សេងគ្នាក្តី ព្រមទាំងទទួលបានការជួយឧបត្ថម្ភគាំទ្រដ៏ស្មោះស ពីបណ្តាប្រទេសជាមិត្ត និងសហគមន៍អន្តរជាតិ។
ការពិតជាក់ស្តែងដូចបានលើកឡើងទាំងអស់នេះ គឺគ្មានជនណា ឬមជ្ឈដ្ឋានណាអាចមកបដិសេធ ឬមួលបង្កាច់បានឡើយ៖ “បើគ្មានរដ្ឋប្រហារថ្ងៃ ១៨ ខែ មីនា ឆ្នាំ ១៩៧០ ក៍គ្មានរបបប្រល័យពូជសាសន៍ ប៉ុល ពត បើគ្មានរបបប្រល័យពូជសាសន៍ក៏គ្មានជ័យជម្នះ ៧ មករា បើគ្មានជ័យជម្នះ ៧ មករា គឺគ្មានអ្វីៗនៅថ្ងៃនេះ ឡើយ”។ ថ្ងៃ ៧ មករា គឺជាថ្ងៃកំណើតទី ២ របស់ប្រជាជនកម្ពុជា។ នេះជាសច្ចធម៌ប្រវត្តិសាស្រ្ត ដែលប្រជាជនកម្ពុជាយើងទាំងក្នុងជំនាន់នេះ ក៍ដូចជំនាន់តទៅមុខទៀត គប្បីយល់ដឹងច្បាស់លាស់ និងចងចាំជារៀងរហូត។ យើងមិនមែនត្រូវរស់នៅក្នុងស្រមោលនៃអតីតកាលឡើយ ប៉ុន្តែក្នុងជំហានទៅមុខឆ្ពោះទៅ រកអនាគតដ៍រុងរឿង យើងចាំបាច់ត្រូវតែយល់ពីប្រវត្តិសាស្ត្រឲ្យបានត្រឹមត្រូវ ត្រូវរៀនសូត្រអំពីមេរៀនជាប្រវត្តិសាស្ត្រទាំងឡាយ ដើម្បីបន្តកសាង និងការពារជាតិយើងតទៅមុខទៀតឲ្យបានរុងរឿង ស្ថិតស្ថេរគង់វង្ស ដោយជៀសឲ្យផុតពីការកើតមានជាថ្មីនូវសោកនាដកម្ម និងគ្រោះមហន្តរាយដូចដែលប្រជាជាតិយើងធ្លាប់បានឆ្លងកាត់ ហើយមិនធ្លាក់ទៅក្នុងឧបាយកលរបស់សមាសភាព អាក្រក់ និងមជ្ឈដ្ឋានអគតិណាដែលចង់សម្រេចនូវមហិច្ឆតារបស់ខ្លួននោះ។
រយៈពេល ៣៧ ឆ្នាំ កន្លងទៅនេះ គឺជា ៣៧ ឆ្នាំ នៃ សាមគ្គីភាព វីរភាព និងជ័យជម្នះរបស់យើង។ ស្មារតី ៧ មករា នៅតែស្ថិតស្ថេរជានិច្ចក្នុងដួងចិត្តរបស់ប្រជាជនកម្ពុជា ជាប្រទីបបំភ្លឺផ្លូវដែលបាននាំយើងឲ្យឈានពីជ័យជម្នះមួយ ទៅជ័យជម្នះមួយទៀតឥតឈប់ឈរ។ ៧ មករា គឺជាមោទនភាពដ៏ថ្លៃថ្លាបំផុតរបស់ប្រជាជនកម្ពុជាទាំងអស់គ្នា។ ៧ មករា មានសត្រូវតែមួយប៉ុណ្ណោះ គឺរបបប្រល័យពូជសាសន៍ ប៉ុល ពត។ គឺមានតែអ្នកស្រឡាញ់របបប្រល័យពូជសាសន៍ប៉ុណ្ណោះ ដែលប្រឆាំងនឹង ៧ មករា។ ទោះបីនៅមានក្រុមអ្នកនយោបាយ និងមជ្ឈដ្ឋានអគតិមួយចំនួនព្យាយាមមួលបង្កាច់ឥតឈប់ឈរនូវអត្ថន័យជាប្រវត្តិសាស្រ្ត នៃថ្ងៃ ៧ មករា យ៉ាងណាក្តី ក៏ពួកគេពុំអាចធ្វើឲ្យសភាពការណ៍កម្ពុជាផ្លាស់ប្តូរបានឡើយ ព្រោះថា ៧ មករា គឺជារបស់ប្រជាជន ហើយអ្វីៗដែលពួកគេបានធ្វើ គឺផ្ទុយពីឆន្ទៈ និងផលប្រយោជន៍របស់ប្រជាជន ។
ពេលនេះប្រជាជនយើងកំពុងឈានចូលឆ្នាំ ២០១៦ ប្រកបដោយសុទិដ្ឋិនិយមជាមួយនឹងក្តីសោមនស្សរីករាយក្រៃលែង ចំពោះសមិទ្ធិផល ដែលសម្រេចបានក្នុងឆ្នាំ ២០១៥។ ខឿនឯករាជ្យ អធិបតេយ្យបូរណភាពទឹកដី និងសន្តិភាព ត្រូវបានការពារគត់មត់ ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមមានភាពល្អ ប្រសើរ ទោះបីជាមានការរំខានពីសកម្មភាពនយោបាយខ្លះក្តី។ ប្រការនេះបានធានានូវភាពអនុគ្រោះ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឲ្យសម្រេចបានផ្លែផ្កាថ្មីៗ ទៀត។
លទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ កាន់តែត្រូវបានលើក កម្ពស់ដោយដើរទន្ទឹមនឹងការពង្រឹងនីតិរដ្ឋ។ បណ្តាគណបក្សនយោបាយ ទាំង ចាស់ ទាំងថ្មី និងបណ្តាអង្គការសង្គមស៊ីវិលកំពុងធ្វើសកម្មភាពយ៉ាងសកម្ម និង ចូលរួមលើកស្ទួយលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងការគោរពច្បាប់ ។ តាមរយៈការអនុម័តច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ច្បាប់ស្តី ពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ការបង្កើតគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសប្រឹក្សាឃុំ-សង្កាត់ នឹងធានាឲ្យការបោះឆ្នោតលើកក្រោយ កាន់តែមានភាពល្អប្រសើរឡើង។
ការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង កំពុងមានដំណើរការយ៉ាងល្អ ធានាបាននូវបូរណភាពទឹកដីរបស់កម្ពុជា និងការកសាងខ្សែបន្ទាត់ព្រំដែន ប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍។ សមិទ្ធិផលនេះបានធ្វើឲ្យបរាជ័យ នូវឧបាយកលរបស់អ្នកនយោបាយមួយចំនួន ដែលតែងតែព្យាយាមប្រើប្រាស់បញ្ហាព្រំដែនជាឧបករណ៍នយោបាយរបស់ខ្លួន។
នៅក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច ឆ្នាំ ២០១៥ ជាឆ្នាំ ដែលកម្ពុជាធ្វើដំណើរទៅមុខ ដើម្បីចាកចេញផុតពីប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប និងឈានជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០។ ឆ្នាំ ២០១៥ តាមការប៉ាន់ប្រមាណសេដ្ឋកិច្ចកម្ពុជាមានកំណើនក្នុងរង្វង់ ៧% ដោយសារការរីកចម្រើននៃវិស័យឧស្សាហកម្ម សេវាកម្ម និង កសិកម្ម។ អត្រាប្ដូរប្រាក់រៀលមានស្ថិរភាព ស្ថានភាពពាណិជ្ជកម្មក្រៅប្រទេស មានលក្ខណៈល្អប្រសើរជាងមុន ដោយសារកំណើន នៃការនាំចេញមានទំហំធំជាងកំណើននៃការនាំចូល។ ទុនបម្រុងអន្ដរជាតិក៏បានបន្តកើនឡើង។ ចំណូលមធ្យមសម្រាប់ប្រជាជនម្នាក់ៗបានកើនពី ២២៩ ដុល្លារ ក្នុងឆ្នាំ ១៩៩៣ ដល់ ១១៣៨ ដុល្លារ ក្នុងឆ្នាំ ២០១៤ កើនដល់ ១២២៨ ដុល្លារ ក្នុងឆ្នាំ ២០១៥ និងអាចកើន ដល់ ១៣២៥ ដុល្លារនៅឆ្នាំ ២០១៦។ លើមូលដ្ឋាននេះ អត្រានៃភាពក្រីក្រត្រូវបានកាត់បន្ថយពី ៥៣,២% នៅឆ្នាំ ២០០៤ មកត្រឹម ១៣,៥% នៅឆ្នាំ ២០១៤។
តាមរយៈការរីកចម្រើនខាងសេដ្ឋកិច្ច ធ្វើឲ្យប្រជាជនមានជីវភាពកាន់តែប្រសើរ ពីមួយឆ្នាំទៅមួយឆ្នាំ ដែលស្ដែងឡើងតាមរយៈកំណើនការសាងសង់ កែលម្អលំនៅឋាន ការកើនឡើងនូវសម្ភារៈប្រើប្រាស់ ដូចជាយានយន្ដ គ្រឿងអេឡិចត្រូនិក និងឧបករណ៍ដទៃទៀត តាំងពីក្រុងរហូតដល់ជនបទ។ ជាមួយនេះផ្លូវ ស្ពាន ប្រព័ន្ធស្រោចស្រព បណ្ដាញចែកចាយទឹក និងអគ្គិសនីត្រូវបានសាងសង់ និងតភ្ជាប់ខ្វាត់ខ្វែងកាន់តែច្រើនដល់ជនបទ។
លទ្ធផលដែលសម្រេចបានទាំងអស់នេះ បានឆ្លុះបញ្ចាំងឲ្យឃើញច្បាស់នូវផ្លែផ្កា នៃកិច្ចខិតខំប្រឹងប្រែង ប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល ដែលប្រជាជនកម្ពុជាគ្រប់ៗរូបគ្រប់និន្នាការនយោបាយសុទ្ធតែទទួលបានផលពីការរីកលូតលាស់នេះ។
ជាមួយនឹងអំណរសាទរចំពោះសមិទ្ធិផលទាំងឡាយ ដែលបានទទួលក្នុងឆ្នាំ ២០១៥ និងប្រកាន់ខ្ជាប់នូវស្មារតី ៧ មករា ដ៏រុងរឿង យើងមានជំនឿមុតមាំថា យើងពិតជានឹងសម្រេចបានសមិទ្ធិផលធំៗថ្មីៗទៀត ក្នុងការបន្តដោះស្រាយរាល់បញ្ហារបស់ជាតិ លើកស្ទួយលទ្ធិប្រជាធិបតេយ្យ ពង្រឹងនីតិរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ទោះបីជានៅមានការលំបាក និងបញ្ហាប្រឈមជាច្រើនទៀតក្តី។ ក្នុងន័យនេះ គណបក្សប្រជាជនកម្ពុជាបន្តជ្រោងទង់មហាសាមគ្គីជាតិ ដើម្បីប្រមូលកម្លាំងជាតិទាំងមូលរួមគ្នា កសាង និងការពារមាតុភូមិលប់បំបាត់ឲ្យបានទាំងស្រុងនូវទស្សនៈរើសអើង “ ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី ”។
ការពារដាច់ខាតរដ្ឋធម្មនុញ្ញ និងរាល់សមិទ្ធិផលរបស់សង្គមជាតិ ដែលសម្រេចបានតាំងពីថ្ងៃ ៧ មករា មក ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ រាំងស្កាត់រាល់សកម្មភាពប្រទូសរ៉ាយ ដែលប៉ុនប៉ងនាំប្រទេសជាតិឲ្យធ្លាក់ក្នុងភាពច្របូកច្របល់។ បន្តលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាពរបស់ពលរដ្ឋ ដោយដើរទន្ទឹមនឹងការពង្រឹងនីតិរដ្ឋ ធានាសមភាព និងយុត្តិធម៌សម្រាប់ប្រជាជនគ្រប់ៗរូប ហើយប្រឆាំងដាច់ខាតរាល់សកម្មភាពប្រើប្រាស់ផ្លាកប្រជាធិបតេយ្យ និងសិទ្ធិមនុស្សក្លែងក្លាយ ដើម្បីបោកប្រាស់បង្កភាពវឹកវរក្នុងសង្គម។
បន្តជំរុញកំណែទម្រង់គ្រប់វិស័យ ដែលបានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី ៣ ដោយការតាំងចិត្តខ្ពស់ឲ្យបានខ្លាំងក្លា និងពេញលេញ ដើម្បីលើកកម្ពស់អភិបាលកិច្ចល្អរបស់ស្ថាប័ន នៅគ្រប់ថ្នាក់គ្រប់ផ្នែក និងការផ្តល់សេវាសាធារណៈគ្រប់ប្រភេទ ប្រកបដោយប្រសិទ្ធិភាព តម្លាភាព គុណភាព និងមានការជឿទុកចិត្តពីប្រជាជន។
បន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឲ្យធានាកំណើនក្នុងរង្វង់ ៧% នៅឆ្នាំ ២០១៦ នេះ ទន្ទឹមនឹងការលើកកម្ពស់សមធម៌ ក្នុងការទទួលបានផ្លែផ្កា នៃកំណើនសេដ្ឋកិច្ចនេះ សំដៅធ្វើឲ្យជីវភាពប្រជាជនកាន់តែបានប្រសើរឡើងឥតឈប់ឈរ ដែល ជារបៀបវារៈដ៏សំខាន់ នៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា។
គណបក្សប្រជាជនកម្ពុជាបន្តអនុវត្តខ្ជាប់ខ្ជួននូវវប្បធម៌សន្ទនា រវាងគណបក្សទាំងពីរ ដែលមានអាសនៈក្នុងរដ្ឋសភា ដោយឈរលើមូលដ្ឋានសេចក្តីថ្លែងការណ៍រួមរវាងគណបក្សទាំងពីរនាថ្ងៃទី ៨ ខែ ឧសភា ឆ្នាំ ២០១៥ និងថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០១៥ ហើយខិតខំដោះស្រាយនូវរាល់បញ្ហា ដោយឈរលើស្មារតីបង្រួបបង្រួម ជាតិឯកភាពជាតិ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។ ព្រមជាមួយនេះ គណបក្សប្រជាជនកម្ពុជានឹងបង្កើននូវកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយបណ្តាគណបក្សនយោបាយ អង្គការនៃសង្គមស៊ីវិល និងមជ្ឈដ្ឋានផ្សេងៗទៀតក្នុងសង្គម ដែលមានឧត្តមគតិស្របគ្នាក្នុងការអភិវឌ្ឍន៍ប្រទេសបម្រើផលប្រយោជន៍ប្រជាជន។
ក្នុងឱកាសដ៏ឧឡារិកនេះ ក្នុងនាមសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ថ្នាក់ដឹកនាំទាំងអស់ នៃគណបក្សប្រជាជនកម្ពុជា និងរូបខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការគោរពដឹងគុណដ៏ជ្រាលជ្រៅបំផុត ជូនជនរួមជាតិទាំងអស់ ទាំងនៅក្នុងប្រទេស ទាំងនៅក្រៅប្រទេស ដែលបានផ្តល់យុត្តិធម៌ដល់គណបក្សប្រជាជនកម្ពុជា រយៈពេល ៣៧ ឆ្នាំ កន្លងទៅនេះ ហើយនៅតែរក្សាជំនឿ និងការគាំទ្រដ៏រឹងមាំចំពោះការដឹកនាំរបស់គណបក្ស ដែលធ្វើឲ្យគណបក្សអាចបំពេញបេសកកម្មបម្រើជាតិមាតុភូមិ និងប្រជាជនតទៅមុខទៀត។
ជាមួយគ្នានេះ ខ្ញុំសូមថ្លែងអំណរគុណជាអនេកប្បការចំពោះ បណ្តាប្រទេសជាមិត្ត និងអង្គការអន្តរជាតិទាំងឡាយ ដែលតែងតែជួយឧបត្ថម្ភគាំទ្រដល់បុព្វហេតុយុត្តិធម៌របស់ប្រជាជនកម្ពុជា ហើយកំពុងតែបន្តពង្រឹង និងពង្រីកថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាជាមួយព្រះរាជាណាចក្រកម្ពុជា។
ជាទីបញ្ចប់ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមថ្វាយព្រះពរ ប្រគេនពរ និងប្រសិទ្ធពរជូន សម្តេច ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សមាជិក សមាជិកានៃអង្គមិទ្ទិញ និងជនរួមជាតិទាំងអស់ សូមបានប្រកបពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕