ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ និងភរិយា រីករាយ ដែលបានមកចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់នូវស្ពានអាកាស តិចណូ ដែលអម្បាញ់មិញ ឯកឧត្តម ប៉ា សុជាតិវង្ស បានស្នើប្រសិទ្ធិនាមថា ជាស្ពានអាកាស ៥ មករា ចាប់ពីពេលនេះតទៅ។ ដោយសារតែឆ្នាំចាស់ ២០១៥ បានកន្លងផុត ហើយទើបឈានចូលខែ មករា ឆ្នាំ ២០១៦ បាន ៥ ថ្ងៃ ខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះថ្លែងនូវការកោតសរសើរ និងសុំជូនពរចំពោះជនរួមជាតិទាំងនៅទីនេះ ក៏ដូចជាក្របខណ្ឌនៅទូទាំងប្រទេស និងបងប្អូនខ្មែរកំពុងរស់នៅក្រៅប្រទេស អោយប្រកបតែនឹងពុទ្ធពរទាំងបួនប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ …។
៥ មករា ២០១៦ សម្ពោធស្ពានអាកាសតិចណូ ត្រូវនឹងខួបលើកទី ៤០ នៃថ្ងៃអាពាហ៍ពិពាហ៍
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយណាស់ ដោយសារតែយើងបានចូលរួមសម្ពោធជាមួយគ្នា … នៅថ្ងៃទី ៥ ខែ មករា ឆ្នាំ ២០១៦ ដែលគាន់ជួនទៅនឹងខួបលើកទី ៤០ នៃថ្ងៃអាពាហ៍ពិពាហ៍របស់ខ្ញុំព្រះករុណាខ្ញុំ។ សាលាក្រុងក៏បានស្នើសុំដាក់ស្ពានអាកាសនេះ ជាស្ពានអាកាស ៥ មករា ប៉ុន្តែ អ្វីដែលគួរឲ្យហួសចិត្តនោះ នៅត្រង់ថា បើសិនជាពួកអ្នកសារព័ត៌មានវាឆ្កួត អ្នកនាំពាក្យគណបក្សគួរកុំឆ្កួត។ ព្រឹកមិញនេះ ខ្ញុំព្រះករុណាខ្ញុំ ឃើញភ្នំពេញប៉ុស្តិ៍ចុះផ្សាយថា ស្ពានអាកាសដែលយើងសម្ពោធនេះ ត្រូវដាក់ឲ្យប្រើប្រាស់ចំថ្ងៃខួបអាពាហ៍ពិពាហ៍របស់លោកនាយករដ្ឋមន្ត្រី។ ខ្ញុំព្រះករុណាខ្ញុំ ចង់សួរថា ថ្ងៃទី ៥ មករា នេះ តើជាថ្ងៃទាំងអស់គ្នា ឬថ្ងៃរបស់ខ្ញុំព្រះករុណាខ្ញុំ? បើសិនជាកាសែតវាឆ្កួត មេដឹកនាំបក្សក្នុងឋានៈជាអ្នកតំណាងរាស្ត្រកុំឆ្កួត។ បើសិនជាស្ពាននេះដាក់ថា ជាស្ពានអនុស្សាវរីយ៍ខួបលើកទី ៤០ របស់សម្តេចតេជោ និងភរិយា អាហ្នឹងចាំថា … ហើយម៉េចចាំបាច់មករករឿង? … ថ្ងៃ ៥ មករា នេះ វាមិនមែនជាថ្ងៃរបស់ ហ៊ុន សែន ផ្តាច់មុខទេ។ វាគ្រាន់តែជាការគាប់ជួនតែប៉ុណ្ណោះ។ សាលាក្រុងបានស្នើដាក់ ដោយមានហេតុផល។ កសាងដំបូង យើងមិនដឹងហៅថាម៉េច (ក៏)ហៅតិចណូ ប៉ុន្តែ មិនមែនជារបស់តិចណូផ្តាច់មុខឯណា។ទីនេះ វាទាក់ទងនឹងអាកន្លែងពន្ធដារ ដែលពីមុនសណ្ឋាគារអាំបាសាឌ័រ ទាក់ទងនឹងផ្លូវ គឹម អ៊ីលស៊ុង ផ្លូវសហព័ន្ធរុស្ស៊ី … ហើយតិចណូ ក៏មិនមែនភាសាខ្មែរទៅទៀត។ សាលាក្រុងមានហេតុផល។ សម្ពោធថ្ងៃហ្នឹង យកថ្ងៃហ្នឹងតែម្តង បើសិនសម្ពោធ ថ្ងៃ ៣ មករា គេក៏យក ៣ មករា ដែរ ឲ្យវាទៅជាអញ្ចឹងតែម្តងទៅ។ សុំផ្តាំ កុំពូកែរករឿងពេក …។
យកស្លឹកត្នោតខ្ចប់ស្ករត្នោត/ដោះស្រាយការកកស្ទះបី
តែថ្ងៃនេះ អ្វីដែលសំខាន់ គឺយើងបានសម្ពោធនូវការដ្ឋានមួយនេះមុនកាលកំណត់ ហើយដែលសាងសង់ ឡើងតាមរបៀប គេហៅថា យកស្លឹកត្នោត ខ្ចប់ស្ករត្នោត គឺយកថវិកាដែលបានមកពីការអភិវឌ្ឍរាជធានីភ្នំពេញយកមកធ្វើការសាងសង់។ យើងបានធ្វើរួចមកហើយ តាមរយៈស្ពានព្រះមុនីវង្សថ្មី ស្ពានអាកាសក្បាលថ្នល់, ស្ពានអាកាស ៧ មករា, ស្ពានអាកាសស្ទឹងមានជ័យ, ស្ពានអាកាស ៥ មករា នេះហើយ និងបន្តស្ពានមួយចំនួនទៀត ដែលខ្ញុំព្រះករុណាខ្ញុំនឹងនិយាយនៅពេលខាងមុខនេះ។ ខ្ញុំព្រះករុណាខ្ញុំ សុំថ្លែងអំណរគុណចំពោះសាលារាជធានីភ្នំពេញ ក៏ដូចជាក្រុមហ៊ុនអនិកជនកម្ពុជា ដែលបានប្រឹងប្រែងរួមគ្នាធ្វើនូវកិច្ចការងារនេះ ហើយជានិច្ចកាល ពីដំណាក់កាលមួយទៅកាន់ដំណាក់កាលមួយ ពីឯកឧត្តម កែប ជុតិមា មកដល់ឯកឧត្តម ប៉ា សុជាតិវង្ស តែងទៅពិគ្រោះជាប់ទៅលើបញ្ហាពាក់ព័ន្ធ ទៅនឹងហេដ្ឋារចនាសម្ព័ន្ធនៅទីក្រុងភ្នំពេញនេះ។
ដូចជាមួយខែ ឬពីរខែមុន ខ្ញុំព្រះករុណាខ្ញុំ បាននិយាយថា យើងត្រូវដោះស្រាយការកកស្ទះបីយ៉ាងនៅទីក្រុងភ្នំពេញនេះ ទី១. កកស្ទះចរាចរណ៍ ទី២. កកស្ទះលូ ទឹកវាតែងតែជំនន់ អាលូនោះវាមិនគ្រប់ជាមួយនឹងអាទឹកដែលវាធ្លាក់មកនោះ ឯទី៣. កកស្ទះសំរាម ដែលអោយតែខានរើសតែមួយថ្ងៃ ពីរថ្ងៃ គឺថាណែន។ កាលពី ១៩៧៩ វាអត់មានរបស់ណែនអញ្ចឹងទេ (ព្រោះ)អត់មានអីស៊ី។ ឥឡូវមានរបស់ស៊ីច្រើនពេក គឺវាទៅជាកកស្ទះ។ ពី(ឆ្នាំ) ១៩៧៩ ឬ ១៩៨០ ក៏មិនចាំបាច់មានស្ពានអាកាសអីអញ្ចឹងដែរ ព្រោះដេកលើផ្លូវត្រឹមមួយអាទិត្យ (មិន)មានអ្នកណាមកបុកទេ។ បើអត់មានឡានបើកផងហ្នឹង … ផ្លូវហ្នឹង ខ្ញុំព្រះករុណាខ្ញុំ អូសទឹក។ ផ្លូវនេះក៏ផ្លូវមហាស្ទះហើយ ព្រោះពីដើម សាលា ពៅ អ៊ំ និង ឥន្ទ្រទេវី នៅឯណោះ។ ក្មេងទៅពីនេះ ទៅដល់រទេះភ្លើង វាចេញតែអាម៉ោងប្រាំ បិទផ្លូវ (ហើយ)ស្ទះចរាចរណ៍។ ប៉ុន្តែស្ទះចរាចរណ៍ជំនាន់នោះសុទ្ធតែកង់ អត់មានឡានដូចឥឡូវទេ។ ផ្លូវនេះចុះពីវត្តនាគវ័ន្ត ទឹកល្អក់នេះ ចុះទៅខាងក្រោម ទៅដល់ផ្លូវផ្លូវកម្ពុជាក្រោម (ឲ្យ)តែខែវស្សាទឹករហូត។ អារឿងទឹកលិចក្រុងភ្នំពេញហ្នឹងមិនមែនទើបនឹងសម័យនេះទេ។ សម័យមុនហ្នឹង សុទ្ធតែដាក់ក្តារ …។
គោលនយោបាយរបស់បក្សកាន់អំណាច ផ្តល់ឱកាសឲ្យប្រជាពលរដ្ឋអភិវឌ្ឍសេដ្ឋកិច្ចលឿន
ចរាចរណ៍នៅក្នុងប្រទេសរបស់យើងនេះ ពីមួយថ្ងៃៗ គ្មានទេដែលហៅថាការថយចុះនូវចំនួនយានយន្ត មិន ថាទោចក្រយានយន្ត ត្រីចក្រយានយន្ត ឬរថយន្តទេ …។ ប្រហែលជាខុសមកពី ខ្ញុំព្រះករុណាខ្ញុំ ត្រង់ថា (បាន)ដាក់ចេញក្របខណ្ឌគោលនយោបាយបាត់អស់សង្គ្រាម ធ្វើប្រជាពលរដ្ឋមានឱកាសដើម្បីនឹងអភិវឌ្ឍប្រទេស។ ដល់មានឱកាសអភិវឌ្ឍប្រទេស អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ គ្រួសារនីមួយៗ មានប្រាក់ចំណូល ចេះតែទិញឡាន ម៉ូតូ។ យូរៗទៅគិតតែពីរឿងស្ទះចរាចរណ៍បណ្តោយ …។ ខ្ញុំព្រះករុណាខ្ញុំ ទៅបាត់ដំបង។ តាចាស់ពីរនាក់និយាយគ្នា។ ម្នាក់ថា មើលយើងមានបានរាល់ថ្ងៃនេះដោយសារអី? តាមួយគាត់ថា យើងមានបានរាល់ថ្ងៃ ដោយសារយើងប្រឹង។ តាមួយថា ចុះជំនាន់ អាពត ធ្វើការតាំងពីព្រលឹមទល់ព្រលប់ ម៉េចក៏នៅតែក្រ? ពេលដឹងដល់ខ្ញុំព្រះករុណាខ្ញុំ, ក៏បានអញ្ជើញ(គាត់)មកសំណេះសំណាលលេង។ ត្រូវហើយ ការប្រឹងរបស់គ្រួសារនីមួយៗ គឺជាការចាំបាច់ ប៉ុន្តែ វាក៏ស្ថិតនៅក្នុងក្របខណ្ឌគោលនយោបាយរបស់បក្សកាន់អំណាចនោះ ផ្តល់ឱកាសឲ្យប្រជាពលរដ្ឋអាចធ្វើឲ្យសេដ្ឋកិច្ចលឿនឬអត់។ ដូចជំនាន់ ប៉ុល ពត ក្រោកតាំងពីម៉ោង ៤-៥ ភ្លឺ រួចហើយថ្ងៃត្រង់សម្រាក គេវាយអាគាំងចូលស៊ីបានបន្តិច រួចហើយធ្វើទៀត។ ល្ងាចទទួលទានហើយ គេឲ្យធ្វើការងារសង្គមនិយមក្នុងពេលយប់ កាប់ទន្ទ្រានខែត្រ ធ្វើជីលេខមួយទៀត ប៉ុន្តែ វានៅតែអត់បាយ។
ហ្នឹងមកពីគោលនយោបាយពីជាន់នោះ វារាំងខ្ទប់អញ្ចឹង។ ការនេះទាក់ទងនឹងបញ្ហា ២ ៖ ទី១. គោលនយោបាយត្រូវផ្តល់ឱកាសសម្រាប់ឲ្យការអភិវឌ្ឍក្រុមគ្រួសារ ឬការអភិវឌ្ឍសេដ្ឋកិច្ចជាតិទៅមុខ។ ទី២. ត្រូវខិតខំខ្លួនឯង។ គ្មាននរណាយកបាយទៅបញ្ចុករាល់ពេលទេ។ អញ្ចឹង បានជាភ្នំពេញឥឡូវនេះ ចរាចរណ៍កាន់តែស្ទះ ដែលយើងត្រូវតែដោះស្រាយបញ្ហានេះ។ ថ្ងៃនេះ យើងសម្ពោធបានស្ពានអាកាស ៥ មករា ហើយសង្ឃឹមថា អ្នកនៅទួលគោក និងអ្នកនៅខាងក្រោមដែលធ្លាប់តែស្ទះនោះ គឺនឹងមិនស្ទះទៀតទេ។ សុំស្ទះតែមួយព្រឹកនេះទៀតចុះ ព្រោះយើងត្រូវបិទផ្លូវមួយចំនួន ដើម្បីធ្វើពិធីសម្ពោធ បន្ទាប់ពីហ្នឹងទៅគឺថា វឹងតែម្តង។ ប៉ុន្តែ អាណិតសុំថា កុំនាំគ្នាមកបុកគ្នានៅលើស្ពានអាកាសហ្នឹង។ កុំនាំគ្នាបុកគ្នានៅក្រោមដី ពិបាកទៅយកណាស់ …។
សាងសង់ស្ពានអាកាស ផ្លូវក្រោមដី និងផ្លូវល្បឿនលឿន ៤ កន្លែងទៀត
សូមអរគុណ ក្រុមហ៊ុនអនិកជនកម្ពុជា ដែលបានធ្វើការងារដ៏ល្អ បម្រើឲ្យតម្រូវការរបស់ប្រជាពលរដ្ឋ។ ខ្ញុំព្រះករុណាខ្ញុំ សូមដោះស្រាយសំណូមពរ ៤ ចំណុចរបស់សាលាក្រុងភ្នំពេញ នៅថ្ងៃនេះ។ ការពិតបានចុះហត្ថលេខាលើសំណើរបស់គាត់រួចទៅហើយ ដើម្បីឲ្យចាប់ផ្តើមការដ្ឋាន៖
ទី១. ស្ថាបនាស្ពានអាកាសបត់កោង ចំនួន ៣ ខ្សែ ដែលមានប្រវែងសរុប ៨១០ ម៉ែត្រ និងផ្លូវក្រោមដី ១ ខ្សែប្រវែង ៦០៩ ម៉ែត្រ ទទឹងពី ៥ ទៅ ៧ ម៉ែត្រ នៅឯចំណុចស្ពានអាកាសក្បាលថ្នល់ ស្ថិតក្នុងខណ្ឌចំការមន។ ស្ពានអាកាសក្បាលថ្នល់នេះ ដោះស្រាយ(បរិមាណចរាចរណ៍)អត់ទាន់គ្រប់ទេ នៅ(មានការ)កកស្ទះនៅឡើយ។ មានតម្រូវការធ្វើផ្លូវអាកាសកោងព័ទ្ធ … ដែលការចំណាយនៅទីនោះ មានប្រមាណជាង ១០ លានដុល្លារទៀត។
ទី២. ផ្លូវក្រោមដី ស្ពាន និងកែលម្អប្រព័ន្ធចរាចរណ៍ នៅចំណុចប្រសព្វ រវាងមហាវិថីសហព័ន្ធរុស្ស៊ី និងមហាវិថីព្រះមុនីវង្ស ស្តុបបេកាសេ មានប្រវែង ៣៤០ ម៉ែត្រ ទទឹង ១៤,៧០ ម៉ែត្រ ស្ថិតនៅក្នុងខណ្ឌដូនពេញ។
ទី៣. ស្ពានអាកាសត្រង់ចំណុចផ្សារដីហុយ ជាចំណុចប្រសព្វគ្នា រវាងមហាវិថីសហព័ន្ធរុស្ស៊ី ជាមួយនឹងផ្លូវលេខ ១០១៩ ផ្លូវហាណូយ ដោយត្រូវសាងសង់ស្របពីលើមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតនៅក្នុងខណ្ឌសែនសុខ មានប្រវែង ៦០៥ ម៉ែត្រ ទទឹង ១៦,៥ ម៉ែត្រ ដែលអភិវឌ្ឍដោយក្រុមហ៊ុនសៀងហៃ។ … ហ្នឹងសុទ្ធតែស្ពានអាកាសហើយ។ នេះទើបតែហ្នឹងមួយជាន់ទេ។ នៅ(ពេល)ខាងមុខ ក្មេងជាន់ក្រោយ គេអាចធ្វើដល់ ៤-៥ ជាន់។
ទី៤. ជាផែនការកំពុងសិក្សា … នៅត្រូវការចរចា ប៉ុន្តែ យើងឯកភាពជាគោលការណ៍ឲ្យធ្វើស្ពានអាកាសល្បឿនលឿនប្រវែង ១៣ គីឡូ ៦៨៧ ម៉ែត្រ ទទឹង ១៩ ម៉ែត្រ លើគន្លងផ្លូវរថភ្លើង។ អញ្ចឹងទេ រថភ្លើងបើកពីក្រោមអញ្ចឹងទៅ ខាងលើមាន Auto Route មួយ ល្បឿនលឿន Express Way តែម្តង ដើម្បីកុំឲ្យស្ទះចរាចរណ៍អ្នកទៅព្រលានយន្តហោះពោធិ៍ចិនតុង … ហើយនាំគ្នា(ធ្វើចរាចរណ៍)បង់លុយទៅ។ … យើងមិនត្រូវការទុនរបស់រដ្ឋទេ យើងត្រូវការទុនឯកជន។ ប្រើប្រាស់ផ្លូវនោះដោយមានការបង់ថ្លៃ … សង្ឃឹមថា(ផ្លូវស្ពានបួនខ្សែថ្មីទៀតនេះ) នឹងបានជាប្រយោជន៍ដល់ប្រជាពលរដ្ឋរបស់យើង បញ្ចៀសការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍។
អាពាហ៍ពិពាហ៍ក្នុងគ្រាកលិយុគ
… ខ្ញុំព្រះករុណាខ្ញុំ មិនភ្លេចនឹងនិយាយដែរថា ម៉ោងនេះថ្មើរនេះ កាលពី ៤០ ឆ្នាំមុន គេបានកំពុងតែរៀបជួរ ខ្ញុំព្រះករុណាខ្ញុំ និងប្រពន្ធខ្ញុំ (មានទាំងអស់) ១៣ គូ ចូលរោងការ … និយាយអំពីរបៀបរៀបការកាលនោះ ស្រីគេដាក់ឲ្យអង្គុយខាងមុខ (នៅនឹង)កៅអីគ្មានបង្អែក … ប្រុសនៅក្រោយ។ … ខ្ញុំមានរូបថតមួយចំនួន ដែលបង្ហោះតាមហ្វេសប៊ុក ត្រូវគេសួរថាជំនាន់នោះ មានសម្លៀកបំពាក់អាពាហ៍ពិពាហ៍អញ្ចឹងដែរ មានភ្នួងអញ្ចឹងដែរ? ខ្ញុំក៏បានប្រាប់ថា ខ្ញុំពិតជាមានការសោកស្តាយ បើខ្ញុំមិនបានបកស្រាយអំពីរូបថតប៉ុន្មានសន្លឹកនេះ។ រូបថតហ្នឹងថតនៅឆ្នាំ ១៩៨៨ នៅពេលដែលកូនពៅ ខ្ញុំព្រះករុណាខ្ញុំ អាយុ ៥ ឆ្នាំ។ (ក្នុងការរៀបការ)ជំនាន់(កម្ពុជាប្រជាធិបតេយ្យ គេអោយយើងស្លៀក) ពាក់ខោអាវខ្មៅសុទ្ធ ហើយ ២ នាក់ ប្តីប្រពន្ធម៉ង់ៗ។ មានញាតិមិត្តឯណា? មានបងប្អូនឯណា? សំណាងហើយដែលគូ ខ្ញុំព្រះករុណាខ្ញុំ បានស្តីដណ្តឹង ហើយស្រលាញ់គ្នា … ជីវិតអាពាហ៍ពិពាហ៍ធ្វើត្រឹមត្រូវតាមក្បួនខ្នាតក៏ដោយ បើមិនចេះថ្នាក់ថ្នមគ្នាទេ វានៅតែមានការបែកបាក់។ ប៉ុន្តែ ទោះបីយើងយកគ្នារបៀបម៉េចក៏ដោយចុះ បើយើងចេះថ្នាក់ថ្នមគ្នា យើងក៏នៅថែទាំនូវជីវិតអាពាហ៍ពិពាហ៍របស់យើងបានរយៈពេលវែងដែរ …។
មាន ៧ មករា ទើបមានអ្វីៗ នៅថ្ងៃនេះ
ប៉ុន្មានថ្ងៃទៀតដល់ថ្ងៃ ៧ មករា ថ្ងៃរំដោះប្រទេសហើយ។ ហើយក៏សុំបញ្ជាក់ដែរ បើកុំមាន ៧ មករា ក៏វាគ្មាន (ស្ពានអាកាស) ៥ មករា នៅថ្ងៃនេះដែរ។ ចុះបើមនុស្សស្លាប់ទៅហើយ បានសិទ្ធិមនុស្សមកពីណា។ និយាយពីសិទ្ធិមនុស្ស និយាយទៅចុះ គ្មានអ្នកណាហាមឃាត់អីទេ ក៏ប៉ុន្តែ យើងត្រូវទទួលស្គាល់ថា សិទ្ធិរស់រានមានជីវិត ជាសិទ្ធិដំបូងបំផុត ដែលមនុស្សគ្រប់រូបត្រូវតែមាន។ មានអ្នកជ្រុលនិយមមួយចំនួន ភ្លេចអស់ហើយ។ ការពិត ក្នុងចិត្តរបស់គេក៏នៅតែទទួលស្គាល់ថាគេបានរស់ដោយសារតែ ៧ មករាដែរ ប៉ុន្តែ មិនហ៊ាននិយាយចេញ …។ បើសិនគ្មានការរំដោះទេ អ្នកឯងរស់បានទេ? លើកលែងតែអ្នកទៅរស់នៅក្រៅប្រទេស បើអ្នកនៅក្នុងប្រទេសគ្មានផ្លូវទេ។ … ជីវិតរបស់ ខ្ញុំព្រះករុណាខ្ញុំ វាឈឺចាប់ណាស់។ ប្រហែលជាមេដឹកនាំនៅលើពិភពលោកនេះ គ្មានអ្នកណាមានជីវិតជូរចត់ ឈឺចាប់ ជាងខ្ញុំព្រះករុណាខ្ញុំទេ។ កូនស្លាប់នៅនឹងមុខ សុំយកកូនទៅកប់(ក៏)មិនបានផង។ កម្រិតនៃការអត់ធ្មត់ដែលមិនធ្វើសកម្មភាពនៅពេលនោះ គឺទៅជាកម្រិតដែលហួសពីមនុស្ស ដែលអាចទ្រាំទ្របាន។ សុំមើលថែប្រពន្ធឆ្លងទន្លេ (ដែលជា)ការគាប់ជួន … ធ្វើឲ្យបានឃើញកូនកំពុងតែហូរឈាមចេញពីមាត់។ ខ្ញុំព្រះករុណាខ្ញុំ បានយកប្រពន្ធទៅដាក់នៅពេទ្យ ហើយទីតាំងខ្ញុំព្រះករុណាខ្ញុំនៅឃ្លាតប្រហែល ២០ គីឡូម៉ែត្រ។ ថ្ងៃនោះ មានការចាត់តាំងឲ្យធ្វើដំណើរជាមួយមេបញ្ជាការដ៏ឃោរឃៅម្នាក់។ ដោយសារ ខ្ញុំព្រះករុណាខ្ញុំ ជាអ្នកកាច់កម៉ូតូ ក៏ឆ្លៀតចូល។ គេប្រាប់ថាកូនស្លាប់ហើយ។ សុំគេដើម្បីមើលថែប្រពន្ធ និងកូន ប៉ុន្តែជាមានចម្លើយមកវិញថា បើមិត្តឯងនៅក៏អាកូនហ្នឹងវាមិនរស់មកវិញដែរ ហើយប្រពន្ធមិត្តឯងក៏មិនជាដែរ។
(ខ្ញុំមាន)កាំភ្លើងពីរដើម … ប៉ុន្តែ បើ ខ្ញុំព្រះករុណាខ្ញុំ លើកដៃបាញ់អាមួយនេះ គឺនឹងក្លាយខ្លួនត្រឹមតែជាឃាតករ ហើយខ្លួនឯងអាចនឹងស្លាប់ផង … គ្មាន ហ៊ុន សែន ដឹកនាំការតស៊ូទេ។ បន្ទាប់ពីកូនស្លាប់ កូនមួយទៀតចាប់ផ្ទៃបានត្រឹម ៥ ខែ ក៏បែកគ្នាតទៅទៀត ដើម្បីការតស៊ូរំដោះប្រទេសនេះ។ ខ្ញុំព្រះករុណាខ្ញុំ នឹងសរសេរអត្ថបទមួយទៀតបណ្តើរៗ ដើម្បីបង្ហាញ(ពីហេតុការណ៍ទាំងនោះនៃជីវិតខ្ញុំព្រះករុណាខ្ញុំ)។ តើ(បុរស)យើងមានអារម្មណ៍បែបណា នៅពេលដែលកូនបង្កើត(របស់ខ្លួន) ហៅខ្លួនថាពូ? ហ៊ុន ម៉ាណែត ដែលឥឡូវ ជា បណ្ឌិត ហ៊ុន ម៉ាណែត បានហៅខ្ញុំពូពីរខែ ទម្រាំតែដល់ពេលគេទទួលស្គាល់យើងជា ឪពុក។ កូនមួយនេះ មិនដែលមានឪពុកហៅនឹងគេឯណា។ កាលជំនាន់ ប៉ុល ពត ត្រូវគេហៅថាកូនអាក្បត់។ ថ្ងៃមុនទៅស្រុកបារាំង គេហៅកូនអាក្បត់ទៀតហើយ … ប៉ុន្តែ ខ្ញុំព្រះករុណាខ្ញុំ មិនតបតទេ ទុកឲ្យភាពអគុណធម៌ … បង្ហាញសាធារណៈជនថា សំដីរបស់មនុស្សបក្សប្រឆាំង គឺបែបនេះ។ ជីវិតរបស់ ខ្ញុំព្រះករុណាខ្ញុំ ទម្រាំបានមកដល់ពេលនេះ ជាការខិតខំ ដើម្បីការរស់រានរបស់ជាតិ ក៏មានចំណែក នៃការរស់រានរបស់ក្រុមគ្រួសារខ្លួនឯងដែរ។ បើសិនជាគ្មានរំដោះ ៧ មករា ទេ ប្រហែលជាគ្មាន ប៊ុន រានី នៅថ្ងៃនេះទេ។ ខ្ញុំព្រះករុណាខ្ញុំ ហ៊ុន សែន ក៏មិនប្រាកដថារស់ដែរ ព្រោះមិនដឹងថាប្រយុទ្ធនៅទីណា? ស្លាប់នៅទីណា? អ្នកដែលនៅទីនេះ សួរថាអាចរស់នៅបានអត់? អ្នកដែលកើតក្រោយ ៧ មករា ក៏គ្មានលទ្ធភាពដើម្បីនឹងកើតបានដែរ ព្រោះឪពុកម្តាយស្លាប់បាត់ទៅហើយ …។
ការអនុវត្តច្បាប់ចរាចរណ៍ថ្មី ករណីឡានចង្កូតស្តាំ ករណីម្ចាស់រថយន្តតាមផ្លូវលេខ ៤
បន្ទាប់ពីបានសិក្សាស្រាវជ្រាវ ខ្ញុំព្រះករុណាខ្ញុំ សូមដោះស្រាយសំណូមពរមួយចំនួនរបស់ប្រជាពលរដ្ឋ ដែលមួយចំនួនមិនសប្បាយចិត្តជាមួយនឹងការអនុវត្តនូវច្បាប់ចរាចរណ៍ថ្មី។ សូមប្រជាពលរដ្ឋទុកឱកាសឲ្យរាជរដ្ឋាភិបាលអនុវត្តមួយរយៈសិន ហើយប្រជុំដកពិសោធន៍។ យើងទើបនឹងអនុវត្តបាន ៣ ថ្ងៃសោះ ប្រតិកម្មពីត្រង់នេះត្រង់នោះ … មិនមែនយើងមិនគិតអំពីសំណូមពររបស់ប្រជាពលរដ្ឋទេ ក៏ប៉ុន្តែ(ចុចអោយចំ) ចំណុចនៅកន្លែងណា។ ច្បាស់ណាស់ថា ខាងផ្នែកនគរបាល មហាផ្ទៃនឹងដឹកនាំការប្រជុំដកពិសោធន៍ តើចំណុចខ្វះខាតនៅត្រង់ណា? ដើម្បីកែសម្រួល បន្តឹងត្រង់ណា បន្ធូរត្រង់ណា។ មានរឿងមួយ គួរតែនិយាយដែរ។ ព្រះសង្ឃ(មួយអង្គ)សួរខ្ញុំព្រះករុណាខ្ញុំ (ជា comment តាមហ្វេសប៊ុក)ថា សម្តេច តើព្រះសង្ឃដូចអាត្មាឲ្យពាក់មួកសុវត្ថិភាពដែរអត់? ឯកឧត្តម នេត សាវឿន សូមប្រជុំពិភាក្សាឲ្យស្រួល បើមិនអញ្ចឹងផាកទាំងលោកសង្ឃ។ លោកសង្ឃជិះម៉ូតូដែរ ប៉ុន្តែជិះខាងក្រោយ តើត្រូវពាក់មួកសុវត្ថិភាពដែរអត់? ខ្ញុំព្រះករុណាខ្ញុំ មិនឆ្លើយជួសទេ ទុកឲ្យរដ្ឋមន្ត្រីមហាផ្ទៃធ្វើកិច្ចការងារហ្នឹង។
… បើតាមដឹង (ការ)ខ្វះខាត (គឺ)អ្នកដែលទិញម៉ូតូ ទិញឡានអត់ពន្ធ។ អ្នកហ្នឹងប្រតិកម្មខ្លាំងជាងគេ។ ចុះបើយើងមកបង់ពន្ធទៅវាចប់ហើយ។ មានសំណូមពរថាសុំពន្យារពេល។ បានពន្យារមកដប់ឆ្នាំហើយ។ អនុវត្តនៅបន្តអនុវត្ត ក៏ប៉ុន្តែតើកែសម្រួលកន្លែងណា ហ្នឹងជាបញ្ហាដែលសម្តេចក្រឡាហោម ស ខេង នឹងដឹកនាំការប្រជុំបូកសរុប ហើយកែសម្រួលកន្លែងណា។ សំណូមពរតាមហ្វេសប៊ុករបស់បងប្អូន ខ្ញុំព្រះករុណាខ្ញុំ បានមើល និងកត់ត្រាទុក ហើយខាងផ្នែកនគរបាល និងមហាផ្ទៃ គេក៏បានយកអត្ថាធិប្បាយទាំងអស់ ទៅ ធ្វើការគិតគូរ។ ឥឡូវជាសម័យព័ត៌មានវិទ្យា មិនមែនត្រឹមតែហ្វេសប៊ុកមួយទេ មានតាមទូរទស្សន៍ មានតាមវេបសាយត៍ គេហទំព័រ និងមានតាមប្រព័ន្ធនេះប្រព័ន្ធនោះ ដើម្បីឲ្យដឹង …។
ចូលដល់បញ្ហាឡានចង្កូតស្តាំ … តាមរយៈសំណើពីម្សិលមិញ តាមពិត ឯកឧត្តម ប៉ា សុជាតិវង្ស បានធ្វើតាំងពីថ្ងៃទី ៣០ ខែ ធ្នូ … ចូលដល់ថ្ងៃទី ៤ (មករា) ឆ្នាំ ២០១៦ ផ្ញើទៅឧបនាយករដ្ឋមន្ត្រី សុខ អាន … ប៉ុន្តែ ដោយសារ ខ្ញុំព្រះករុណាខ្ញុំ មកទីនេះ ក៏អោយយកលិខិតមក ហើយក៏ចារ និងចាំចេញ ស.ជ.ណ តាមក្រោយ។ ដំបូងបំផុតត្រូវដោះស្រាយបញ្ហានេះយ៉ាងម៉េច៖
ទី១. ហាមនាំចូលបន្តទៀត មិនថាតែអ្នកនៅកន្លែងនេះ ឬត្រង់ណាទេ អត់អោយយកចូលមកទៀតទេ។ អាស៊ានរបស់យើងលំបាកអាហ្នឹងតែម្តង ប្រទេសមួយចំនួនបើកស្តាំ ប្រទេសមួយចំនួនបើកឆ្វេង។ ថៃ មីយ៉ាន់ម៉ា ព្រុយណេ ម៉ាឡេស៊ី សាំងហ្កាពួរ ឥណ្ឌូនេស៊ី អញ្ចឹង ៦ ស្តាំ, ឡាវ វៀតណាម ហ្វីលីពីន កម្ពុជា ៤ ឆ្វេង។
ទី២. អនុញ្ញាតអោយចូលមកបង់ពន្ធ និងផ្តល់ភាពស្របច្បាប់ចំពោះរថយន្តចង្កូតស្ដាំដែលកំពុងមាននៅកម្ពុជា។ បងប្អូនដែលនៅក្នុង ៤០០ គ្រឿង ជារថយន្តដឹកដី រថយន្តអីនោះ សូមចូលមកបង់ពន្ធ ហើយផ្នែកអាជ្ញាធរ និងស្ថាប័ននានា ត្រូវផ្តល់ភាពស្របច្បាប់ដូចគេដូចឯង។
ទី៣. បងប្អូនសំណូមពរថា កុំចាំបាច់ដូរចង្កូត។ ឯកភាព មិនបាច់ដូរចង្កូតទេ។ អនុញ្ញាតឲ្យបើកចង្កូតស្ដាំចុះ ព្រោះ(ការ)ដូរចង្កូតនេះ គ្រោះថ្នាក់ជាង (បើកទាំងចង្កូត)ស្ដាំហ្នឹងទៅទៀត។ នេះជាកាដូសម្រាប់ថ្ងៃ ៧ មករា។ ប៉ុន្តែ សូមបងប្អូន កុំថាអាងតែបានថ្ងៃក្រោយនាំមកទៀត ថ្ងៃក្រោយនាំមក គឺសុំយកទុកហើយ។ រថយន្តនាំចូលមកក្រោយទៀត ចាត់ទុកថាជារថយន្តខុសច្បាប់ …។
ទាក់ទងទៅនឹងសំណូមពរប្រជាពលរដ្ឋដែលរស់នៅតាមផ្លូវជាតិលេខ ៤។ បើតាមរបាយការណ៍ (ការចរាចរណ៍តាម)ផ្លូវជាតិលេខ ៤ ក្រុមហ៊ុនបានផ្ដល់ភាពអនុគ្រោះ សម្រាប់រថយន្តដឹកកម្មករ និងរថយន្តផ្សេងៗទៀត …។ ឥឡូវនេះ មានរថយន្តគ្រួសារមន្រ្តីរាជការដែលរស់នៅតាមផ្លូវជាតិលេខ ៤ មាន ២៣៩០៧ គ្រឿង ដែលក្រុមហ៊ុនបានកំណត់អត្តសញ្ញាណរួចហើយ។ រថយន្តនេះ ត្រូវបង់ថ្លៃទៅ ១៨០០ រៀល មកវិញ ១៨០០ រៀល។ ចាប់ពីថ្ងៃ ៧ មករា ទៅ រថយន្តចំនួន ២៣៩០៧ គ្រឿង ដែលរស់នៅអមសងខាងផ្លូវជាតិលេខ ៤ ទាំងអស់ មិនត្រូវបង់លុយតទៅទៀតទេ។ នៅមានរឿងពីរដែលត្រូវដោះស្រាយបន្ត។ ថ្ងៃ ៧ មករា តើគួរយកម៉ោងណា(អនុញ្ញាតមិនបង់លុយសម្រាប់ផ្លូវជាតិលេខ ៤)? បើយោងលើការបែងចែកថ្ងៃសម្រាប់ខ្មែរយើង គឺទាល់តែមើលបាតដៃឃើញ។ ឥឡូវត្រឹម ០ ម៉ោង បានសេចក្ដីថា ចាប់ពីម៉ោង ១២ និង ០១ នាទី(ថ្ងៃ ៧ មករា) រថយន្តជាង ២ ម៉ឺនគ្រឿង អត់ត្រូវបង់លុយទៀតទេ។ មួយទៀត ត្រូវមានការប្រជុំបន្ទាន់ ឲ្យមានការចូលរួមពីក្រសួងមហាផ្ទៃ, ក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមហ៊ុន AZ ដើម្បីកំណត់បន្ថែមទៀត អំពីចំនួនរថយន្តដែលបងប្អូនទិញថ្មី ក៏ត្រូវតែបានការមិនបង់ថ្លៃ (ប្រើប្រាស់ផ្លូវ) … ជួនកាលគិតតែតាមផ្លូវ ចុះ(អ្នក)នៅ ៣០០ ម៉ែត្រនៅក្រោយ សងខាងផ្លូវជាតិ លេខ ៤? ខ្ញុំគិតថា នឹងអាចកើន ២០០០ ទៅ ៣០០០ គ្រឿងថែមទៀតផង ដែលមិនត្រូវយកលុយ។
… ត្រូវគិតផងដែរអ្នកដែលផុតពីផ្លូវជាតិលេខ ៤ មក ប៉ុន្តែគាត់ឧស្សាហ៍ចេញចូលទៅខាងផ្លូវអង្គស្នួល។ គាត់អត់ទៅកំពង់សោមឯណា។ គាត់ទៅមើលចំការគាត់នៅអង្គស្នួល។ គាត់ឆ្លងកាត់ប៉ារាស់ហ្នឹងទៅ គាត់បង់លុយម្ដង។ ដល់ត្រឡប់មកវិញ គាត់បង់លុយម្ដងទៀត។ អាហ្នឹងក៏ត្រូវបានគិតដែរ។ បើគាត់ទៅហួស(ដល់)ប៉ារាស់មួយទៀត អាហ្នឹងគេយកហើយ។ វាជាកញ្ចប់បញ្ហាដែលត្រូវដោះស្រាយឲ្យបងប្អូនផង …។
កែសម្រួលតម្លៃសេវាធ្វើប័ណ្ណបើកបរយានយន្ត
… រឿងថ្លៃ(ធ្វើ)ប័ណ្ណបើកបរ។ នេះរឿងធំជាងគេ។ រឿងប័ណ្ណបើកបរ អ្នកណាក៏ត្រូវតែមានដែរ ឲ្យតែអ្នកត្រូវធ្វើការបើកបរ មិនអាចខ្ចីគ្នាបានទេ។ អ្នកឯងអាចខ្ចីម៉ូតូគេបាន ខ្ចីឡានគេបើកបាន ប៉ុន្តែ អ្នកឯងមិនអាចខ្ចីប័ណ្ណបើកបររបស់គេបានទេ ទោះបីឡានរបស់អ្នកឯង តែប័ណ្ណបើកបរមនុស្សផ្សេង ក៏អត់បានដែរ។ មានបងប្អូនមួយចំនួននិយាយថា ម៉ូតូមួយជិះមួយផ្ទះ។ បើធ្វើទៅវាអស់លុយច្រើន។ ខ្ញុំព្រះករុណាខ្ញុំ ក៏រកវិធី(ដោះស្រាយ)បញ្ហាហ្នឹង។ ពិគ្រោះជាមួយនឹងរដ្ឋមន្រ្តី(ក្រសួង)ហិរញ្ញវត្ថុ ពិគ្រោះជាមួយនឹងរដ្ឋមន្រ្តី(ក្រសួង)មហាផ្ទៃ ពិគ្រោះជាមួយនឹងរដ្ឋមន្រ្តី(ក្រសួង)សាធារណការ ដើម្បីរកវិធីបញ្ចុះតម្លៃវា ដើម្បីផ្ដល់ភាពងាយស្រួលឲ្យប្រជាពលរដ្ឋ។ មុននេះ មានបូកថែមតម្លៃពិនិត្យសុខភាព ១៤០០០ រៀល។ ពិនិត្យក្នុងបញ្ជីម៉ូតូនៅទូទាំងប្រទេសមាន ២៧១៤១៩៣ គ្រឿង តែអ្នកដែលមានប័ណ្ណបើកបរមានតែ ១៥៧៣៥១ នាក់ ស្មើនឹង ៥,៨% ដោយសារតែគាត់ក៏មិនចង់មកបង់ យើងក៏ធ្វើរបៀបតឹងតែងពេក។
ខ្ញុំព្រះករុណាខ្ញុំ មិនទាន់ដោះស្រាយបញ្ហារថយន្ដទេ។ ដោះស្រាយបញ្ហាម៉ូតូសិន។ ម៉ូតូមានចាប់ពី ៤៩CC ទៅ ១២៥CC មានប្រមាណ ៩៥%។ ឯប្រភេទមួយទៀត គឺមានពី ១២៦CC ឡើងទៅមានប្រមាណ ៥%។ (ម៉ូតូ)ហ្នឹងធំណាស់។ លឿនជាងឡាន។ សូមបញ្ជាក់ជូនអំពីតម្លៃ ហើយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសាធារណការត្រៀមប្រកាសហើយ។ តម្លៃកាលពីពេលមុន ៦០០០០ រៀល សម្រាប់ការធ្វើប័ណ្ណបើកបរថ្មី បាន(អោយ)ចុះមក ២៥០០០ រៀល។ សម្រាប់ការប្រឡងឡើងវិញ កាលពីពេលមុនតម្លៃ ២៥០០០ រៀល ឥឡូវតម្លៃ ០ រៀល គឺអត់យកលុយទេ។ តម្លៃ ពន្យាទុតិយតាប័ណ្ណបើកបរទោចក្រយានយន្តប្រភេទ ១ កាលពីមុន តម្លៃ ៤០០០០ រៀល ឥឡូវតែ ២០០០០ រៀលទេ។ មានន័យអញ្ចេះ តម្លៃធ្វើថ្មី គឺ ២៥០០០ រៀល តែតម្លៃប្ដូរយកតែ ២០០០០ រៀលទេ … មានការចូលរួមមតិពីប្រជាពលរដ្ឋថា លោកអ៊ំសូមកុំឲ្យយកថ្លៃដូចគ្នារវាងធ្វើថ្មី និងការទៅប្ដូរ។ ឯចំពោះម៉ូតូប្រភេទធុនធំ អាហ្នឹងចុះពី ៦០០០០ រៀល មកត្រឹម ៤០០០០ រៀល … ចំពោះការប្រឡងយកប័ណ្ណបើកបរម៉ូតូប្រភេទ “ក” បានសេចក្តីថា ប្រភេទទី ១ អា ១២៥CC ចុះក្រោម មិនតម្រូវឲ្យមានឯកសារ មិនបង់កម្រៃសេវា ប៉ុន្តែ សម្រាប់អ្នកដែលបើកម៉ូតូធុនធំ ចាប់ពី ១២៦CC ឡើងទៅ ត្រូវបានពិនិត្យសុខភាព ដោយកម្រៃពីមុន ២០០០០ (រៀល) ឥឡូវចុះមកនៅ ១០០០០(រៀល)។
ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានសាខានៅគ្រប់ទីកន្លែង ត្រូវខិតខំបង្រៀនបងប្អូនពីច្បាប់ចរាចរណ៍ មិនមែនបង្រៀនបើកបរទេ បង្រៀនពីច្បាប់ចរាចរណ៍វិញ … បើអាចធ្វើបានផលិតស្ប៉តទៅចាក់តាមទូរទស្សន៍ បង្រៀនតាមទូរទស្សន៍ ខ្ញុំគិតថាសុំខ្សែកាបភ្នំពេញមួយបុស្តិ៍អញ្ចឹងទៅ ខ្សែកាបតាមខេត្តមួយបុស្តិ៍អញ្ចឹងទៅ។ បង ត្រាំ អ៊ីវតឹក សុំខ្សែកាប អ្នកណាចង់រៀនបើកបរ បង្រៀនមើលគេបើកបរ គេចាក់តាមទូរទស្សន៍ខ្សែកាប ដើម្បីកុំឲ្យរំខានប៉ះពាល់គេរកស៊ី។ នេះគឺការដោះស្រាយ។ មនុស្សបើទោះបីមានម៉ូតូ ឬគ្មានម៉ូតូ ធ្វើ(ប័ណ្ណបើកបរ)ទុកទៅ។ ខ្ញុំក៏មានប័ណ្ណបើកបរខ្ញុំត្រឹមត្រូវ។ ប៉ុន្តែ ប័ណ្ណបើកបរយើងកាលពីមុនដាក់ជាអចិន្ត្រៃយ៍ ឬមួយជីវិតតែម្តង។ យើងវាអញ្ចេះ ឆ្វេងពេក ស្តាំពេក បង តឹក ឮអត់? ពីមុនប័ណ្ណបើកបរអោយដល់អចិន្ត្រៃយ៍ ១០០ ឆ្នាំ ក៏នៅតែមានតម្លៃដែរ ដល់ឥឡូវយើងបំព្រួញមកខ្លីពេក ហើយឲ្យមកធ្វើប្រញាប់ទៀត។ ប៉ុន្តែ សម្តេចក្រឡាហោម គាត់ទុករយៈពេល ៣ ខែ ខ្ញុំថា ៣ ខែប្រមូលផ្តុំការខិតខំ ដើម្បីធ្វើ។
… សង្ឃឹមថា រឿងនេះ ត្រូវបានដោះស្រាយ … ហើយនឹងជួយពង្រឹងនូវស្ថានភាព នៃច្បាប់ចរាចរណ៍ដែលកំពុងអនុវត្តនេះផងដែរ។ ឥឡូវ អ្នកដែលអត់ទាន់មានប័ណ្ណ គឺប៉ូលីសអត់ទាន់ប៉ះពាល់ទេ។ ប័ណ្ណចាស់ ប័ណ្ណថ្មី ឬអ្នកមិនទាន់មានប័ណ្ណ ប៉ុន្តែ ខ្ញុំសូមផ្តល់អនុសាសន៍ជូនបង តឹក ខិតខំធ្វើអ្នកដែលអត់ទាន់មានមុន។ អាទិភាពឲ្យអ្នកដែលអត់ទាន់មានមុន។ អ្នកដែលមានប័ណ្ណរួចហើយ គ្រាន់តែយកទៅដូរ អាចយកតាមក្រោយ ព្រោះកម្លាំងយើងមិនគ្រប់។ មនុស្សសល់ជាង ២ លាននាក់ ដែលអត់ទាន់បានធ្វើ …៕