ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមសាជាថ្មីម្តងទៀត ដើម្បីចែកសញ្ញាបត្រ ចំពោះជ័យលាភី ចំនួន ៣៧៦៩ នាក់ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ នេះក៏ជាលើកទី ១៥ ផងដែរ ដែល ខ្ញុំព្រះករុណាខ្ញុំ បានចូលរួមតាំងពីទសវត្សរ៍ ៨០ មកនោះ។
សញ្ញាបត្រក្នុងប្រទេសពិតជាមានតម្លៃ
ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយជាមួយនឹងការខិតខំទាំងអស់របស់ក្រសួងអប់រំ យុវជន និងកីឡា និយាយរួម និងនិយាយដោយឡែក ជាមួយនឹងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលបានខិតខំប្រឹងប្រែងឈានឡើងនៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ។ ពិតណាស់ថា អ្វីដែលយើង បានខិតខំរួមគ្នាតាំងពីបាតដៃទទេរហូតមកដល់ពេលនេះ គឺជាពលិកម្មមួយដើម្បីជាតិ និងប្រជាជន។ ពិត ហើយពលិកម្មរបស់យើងទាំងអស់គ្នា ទាំងសាស្ត្រាចារ្យ ទាំងនិស្សិត ដែលបាននឹងកំពុងរៀន ហើយដែលបាន នឹងកំពុងធ្វើការនៅទូទាំងប្រទេស គឺពិតជាមានតម្លៃ ក្នុងពេលដែលមនុស្សម្នាក់ឬពីរនាក់មិនផ្តល់តម្លៃទាល់តែ សោះ រហូតដល់ទៅប្រមាថកាតទានថា សញ្ញាបត្រនៅកម្ពុជាគ្មានតម្លៃ។ នេះជាការប្រមាថដ៏ធ្ងន់ធ្ងរមួយ មិន គ្រាន់តែចំពោះសិស្ស និស្សិត ដែលបាននឹងកំពុងរៀននៅពេលនេះ ហើយដែលបានរៀនសូត្រនឹងចេញធ្វើការ ក្រោយឆ្នាំ ១៩៧៩ ទេ តែជាការប្រមាថចំពោះមាតាបិតាសិស្ស ចំពោះសាស្ត្រាចារ្យ គ្រូបង្រៀនទាំងឡាយ ដែលធ្វើការនៅពេញព្រះរាជាណាចក្រកម្ពុជា រាប់ទាំងអ្នកគាំទ្រខ្លួនផងដែរ។ ប៉ុន្តែ សម្រាប់អ្នកដែលចាត់ទុកថា មានតម្លៃ គឺបានប្រឹងប្រែងខ្លាំងណាស់ជាមួយនឹងការចូលរួម ហើយជាពិសេសក្រុមគ្រួសារបានចែករំលែកនូវ ការខិតខំទាំងអស់ដើម្បីឲ្យកូន ឲ្យចៅ ឲ្យប្តី ឬប្រពន្ធ មកទទួលនូវការអប់រំនូវចំណេះវិជ្ជា។ ជារៀងរាល់ពេល ប្រហែលជាថ្ងៃនេះនៅខាងក្រៅ គឺនៅរង់ចាំនៅឡើយ សម្រាប់ក្រុមគ្រួសារមួយចំនួន ដើម្បីបានថតរូបជាមួយនឹងក្រុមគ្រួសារនៅពេលនិស្សិតទាំងឡាយពាក់ឯកសណ្ឋាន។
អ្នកចេះច្រើនបង្រៀនអ្នកចេះតិច អ្នកចេះតិចបង្រៀនអ្នកមិនចេះ
ខ្ញុំពិតជាមានមោទនភាពជាមួយនឹងអ្វីដែលបាន និងកំពុងកើតនៅលើទឹកដីកម្សត់។ ក្រោយឆ្នាំ ១៩៧៩ តើយើងនៅសល់បញ្ញាវន្តប៉ុន្មាននាក់? នៅសល់លោកគ្រូ អ្នកគ្រូប៉ុន្មាននាក់? ក៏ប៉ុន្តែឥឡូវនេះ យើងបានឈានជើងឃ្លាតឆ្ងាយពីទីតាំងចាស់ ដែលសិស្សរបស់យើងរៀននៅក្រោមកុដិ ដែលគ្មានព្រះសង្ឃគង់នៅ រៀននៅក្រោមផ្ទះប្រជាពលរដ្ឋ រៀនដោយដុតចន្លុះ ដុតជ័រ ហើយប្រាក់ខែ(សម្រាប់គ្រូ)ក៏គ្មានទៀត។ នៅក្នុងកាលៈទេសៈដ៏លំបាក (យើងបានអនុវត្ត)ទ្រីស្តី “អ្នកចេះច្រើនបង្រៀនអ្នកចេះតិច អ្នកចេះតិច បង្រៀនអ្នកមិនចេះ”។ ឥឡូវនេះ កម្រិតនៃការសិក្សារបស់យើងបានឈានដល់ដំណាក់កាលថ្មី។ យើងមានក្របខណ្ឌថា ថ្នាក់ទីដប់ពីរបូកពីរ(១២+២) ត្រូវបង្រៀននៅត្រង់ណា បរិញ្ញាបូកមួយត្រូវបង្រៀននៅឯណា ឬបរិញ្ញាជាន់ខ្ពស់បូកជាដើម។ ហ្នឹងជារឿងមួយដែលរៀបចំតម្រូវទៅតាមការវិវត្តរបស់ប្រទេស។ ទោះបីជាដំណាក់កាលដែលយើងរៀន ពេលខ្លះគ្រូមានសមត្ថភាពលើសសិស្សត្រឹមតែមួយថ្នាក់តែប៉ុណ្ណោះ ក៏យើងនៅតែទទួលស្គាល់ថាជាធនធានមនុស្សដ៏មានតម្លៃសម្រាប់យើងនៅក្នុងដំណាក់កាលនោះ។ ឥឡូវយើងកំពុងតែប្រឹងលើកគុណភាពឡើង។សាកលវិទ្យាល័យមួយនេះបានចូលរួមក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ចាប់តាំងពីឆ្នាំ ១៩៨២-១៩៨៣ រហូត មកដល់ ២០១៤-២០១៥ មាន ៣៨,៨៦៤ នាក់ ហើយឥឡូវនេះមាននិស្សិតកំពុងសិក្សា ចំនួន ១៣,៧៦៧ នាក់ ថែមទៀតផង។ បើនិយាយអំពីឱកាសការងាររបស់និស្សិតជ័យលាភីវិញ សាកលវិទ្យាល័យក៏ដូចជា ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើរបាយការណ៍ កម្រិតបរិញ្ញាបត្រទទួលបានឱកាសការងារ ចំនួន ៩៥,៥០% កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ទទួលឱកាសការងារ ចំនួន ៩៥,៧០%។ សង្ឃឹមថា និស្សិតដែលនៅសេសសល់នឹងបន្តរកការងារធ្វើតទៅទៀត។ ពីមួយថ្ងៃទៅមួយថ្ងៃការងាររបស់យើងចេះតែកើន។
ខ្ញុំទើបនឹងដឹងថ្ងៃមុនដែរ ខ្ញុំភ្ញាក់ កូនប្រសាររបស់ខ្ញុំចប់បណ្ឌិតនៅប្រទេសអង់គ្លេស ខាងសុខភាពសាធារណៈ ចប់អនុបណ្ឌិតនៅអាមេរិក គេហៅថា Master Degree នោះ ខាងសុខភាពសាធារណៈនៅប៊ូស្តុន នៅសហរដ្ឋអាមេរិក ហើយមកចប់បណ្ឌិតនៅប្រទេសអង់គ្លេស។ ប៉ុន្តែឥឡូវនេះ កូនប្រសារស្រី មួយនេះកំពុងរៀនយកបណ្ឌិតវិទ្យាសាស្ត្រនយោបាយនៅស្រុកខ្មែរមួយទៀត។ អ្នកខ្លះ ខ្លួនឯងដែលនិយាយហ្នឹងអត់ទាន់មានកម្រិតបណ្ឌិតទេ (ហើយ)ហ៊ានថាគេអត់តម្លៃ។ បណ្ឌិតមែនទែនគេស្គាល់តម្លៃបណ្ឌិតស្រុកខ្មែរ ដល់អាអ្នកមិនមែនបណ្ឌិត គេបង្អាប់បណ្ឌិតស្រុកយើង …។
ខ្ញុំព្រះករុណាខ្ញុំ សុំអបអរសាទរជាមួយនឹងការខិតខំទាំងអស់របស់សាកលវិទ្យាល័យ ហើយថ្ងៃនេះ អតីត និស្សិតសាកលវិទ្យាល័យនេះបានមកជួបជុំគ្នានៅទីនេះច្រើនដែរ មាន ឯកឧត្តម ប៊ិន ឈិន, បង វ៉ា គឹមហុង, ឯ ហង់ ជួនណារុន ហ្នឹងក៏និស្សិតសាលាហ្នឹងដែរ ថ្ងៃមុនមកទទួលសញ្ញាបត្រពីខ្ញុំ។ បណ្ឌិត ហង់ ជួនណារុន ដែលរៀនចប់បណ្ឌិតនៅប្រទេសក្រៅហើយគាត់ចេះដូចបួនភាសា។ ថ្ងៃមុនពេលនាយករដ្ឋមន្ត្រីរុស្ស៊ីមកទស្សនកិច្ច គឺយករដ្ឋមន្ត្រីអប់រំបកប្រែ។ ប៉ុន្តែហេតុអីបានជាគាត់មកយកបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចទៅវិញ? បើសិនអត់តម្លៃ តើគាត់មកយកធ្វើអ្វី? និយាយរឿងអញ្ចេះទៅវិញ ហើយគាត់រៀនបានខ្ពស់ជាងអ្នកដែលបង្អាប់សញ្ញាបត្រនោះទៅទៀត អ្នកនោះអត់មានសញ្ញាបត្រទេ ទៅឆែកមើលស្រុកបារាំងទើបដឹងរឿង។ ខ្ញុំចង់ការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់មនុស្សទាំងអស់ ដែលរៀននៅស្រុកខ្មែរ កុំឲ្យគេប្រមាថ។
ជោគជ័យបានពីការខិតខំផ្ទាល់ខ្លួន
ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះថ្លែងនូវការកោតសរសើរ ចំពោះការខិតខំរបស់ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ក៏ដូចជាក្មួយៗនិស្សិត ដែលបានប្រឹងប្រែងដើម្បីទទួលយកនូវចំណេះដឹងនៅក្នុងសាកលវិទ្យាល័យនេះ។ គ្មានជោគជ័យណាមួយ ដែលមិនបានមកពីការខិតខំផ្ទាល់របស់យើងនោះទេ ជាពិសេស ចំណេះវិជ្ជានេះឯង ដែលមិនអាចផ្ទេរ(ដូច)របៀបបញ្ចូលឈាម ពីមនុស្សម្នាក់ទៅមនុស្សម្នាក់បាន។ ដាំដើមឈើ យើងដាំតែ ៥-៦ ឆ្នាំ គឺបានផលហើយ ប៉ុន្តែ បើសិនជាដាំមនុស្សវិញ គឺត្រូវដាំជាង ២០ ឆ្នាំ។ ឥឡូវ អ្នកនៅទីនេះ ១២ បូក ៤ គឺ ១៦ ឆ្នាំ ហ្នឹងផ្នែកបរិញ្ញា ដល់បរិញ្ញាជាន់ខ្ពស់ ១២ បូក ៦ គឺបានសេចក្តីថា ១៨ ឆ្នាំ។ មួយ ១៦ ឆ្នាំ មួយទៀត ១៨ ឆ្នាំ ហើយបើថ្នាក់បណ្ឌិតត្រូវលើសពីហ្នឹងទៅទៀត។ អញ្ចឹងការដាំដើមឈើ និងការដាំមនុស្សវាខុសគ្នា។ ដាំមនុស្សគឺលំបាក។ ប៉ុន្តែតាមរយៈការខិតខំរបស់ក្មួយៗជានិស្សិត និងការគាំទ្ររបស់ក្រុមគ្រួសារ ជាមាតាបិតា ជីដូនជីតា បងប្អូន ភរិយា ស្វាមី គឺបានជូនដំណើរក្មួយៗមកដល់កន្លែងនេះ ហើយយើងអាចធ្វើបាន អាស្រ័យលើក្របខណ្ឌគោលនយោបាយរបស់រាជរដ្ឋាភិបាល និងគណបក្សកាន់អំណាចផងដែរ។
គណបក្សកាន់អំណាច បានបើកឱកាសការធ្វើសេរីភាវូបនីយកម្មលើបញ្ហាវិស័យអប់រំ បើកឱកាសឲ្យសាលារបស់រដ្ឋមានមួយផ្នែករៀនដោយអាហារូបករណ៍រដ្ឋ និងមានមួយផ្នែករៀនដោយការបង់ថ្លៃ។ នៅទីនេះ ភាគច្រើនគឺជានិស្សិតរៀនបង់ថ្លៃទេ។ និស្សិតអាហារូបករណ៍របស់រដ្ឋមានត្រឹមតែប៉ុន្មានភាគរយតែប៉ុណ្ណោះ។ បើសិនជាពេលនោះ ខ្ញុំព្រះករុណាខ្ញុំ មិនអនុញ្ញាតដើម្បីឲ្យសាកលវិទ្យាល័យរបស់រដ្ឋមានមួយផ្នែក ឲ្យមានការរៀនបង់ថ្លៃនោះទេ ប្រហែលជាសាកលវិទ្យាល័យនោះ អាចឈានទៅដួលរលំផងក៏មិនដឹង។ ម្យ៉ាងទៀត ចំនួនយុវជន ដែលបញ្ចប់ការសិក្សានៅមធ្យមសិក្សាទុតិយភូមិ តើពួកគេទៅណា? បើពុំមានកន្លែងរៀនពិតប្រាកដ។ យើងត្រូវផ្តល់ឱកាសបែបនេះ សម្រាប់ឲ្យយុវជនចាប់យកនូវចំណេះវិជ្ជាបន្ត ហើយសង្ឃឹមថា អ្វីៗនឹងដំណើរការទៅមុខព្រមៗគ្នា ជាមួយនឹងការរីកចម្រើនរបស់ប្រទេសជាតិ។ សូមអបអរសាទរ ជាមួយនឹងក្រុមគ្រួសារ ដែលមានមោទនភាពនៅថ្ងៃនេះ ហើយខ្ញុំក៏មានមោទនភាព ដោយបានមកចូលរួមជាទៀតទាត់ នៅក្នុងការចែកសញ្ញាបត្រចំពោះនិស្សិតរបស់សាកលវិទ្យាល័យមួយនេះ។
ដកផ្លូវវេងស្រេងពីក្រុមហ៊ុនឯកជន ប្រជាពលរដ្ឋឈប់ត្រូវបង់ថ្លៃ
អនុញ្ញាតឲ្យខ្ញុំព្រះករុណាខ្ញុំយកឱកាសនេះ និយាយលើចំណុចមួយចំនួន។ យប់មិញ ប្រហែលជាមនុស្សមួយចំនួន ដែលលេងហ្វេសប៊ុក បានដឹងរួចមកហើយ។ នេះជាការសម្រេចចិត្តមួយដ៏ឆាប់រហ័ស ហើយដែលខ្ញុំព្រះករុណាខ្ញុំគិតថាជាការសម្រេចចិត្តដ៏ត្រឹមត្រូវ។ រឿងផ្លូវវេងស្រេងនេះ វាមានប្រវត្តិតាំងពីជំនាន់ឯកឧត្តម ឈឹម សៀកឡេង ធ្វើជាអភិបាលក្រុងម្ល៉េះ។ (មានការ)ចុះហត្ថលេខាលើផ្លូវ ៣ ដាក់ឲ្យធ្វើ BOT គឺផ្លូវវេងស្រេង ផ្លូវសឡា និងផ្លូវ ៥៩៨។ ផ្លូវ ៥៩៨ ហ្នឹង គិតតែដាក់យកលុយ ខ្ញុំឲ្យដកមុនគេទៅ។ សឡានេះអត់ធ្វើអីទេ នៅតែយកលុយដែរ វេងស្រេងនេះ គឺយកលុយ បន្ទាប់ទៅចុះកុងត្រាថ្មីធ្វើ។ ដល់កុងត្រាថ្មីនេះ វាធ្ងន់ជាងមុនតែម្តង។ ដំបូងពីម៉ោង ៩ កន្លះយប់មិញ ខ្ញុំបង្ហោះមួយតាមហ្វេសប៊ុកថា ព្រោះបើតាមអត្ថន័យក្នុងហ្វេសប៊ុកហ្នឹង អ្នកនៅក្នុងតំបន់នោះ ក៏ត្រូវបង់ប្រាក់ ១១០០ ក្នុងឡានមួយ ឬត្រូវធ្វើបណ្ណសម្គាល់ក្នុងមួយឆ្នាំ ៤០០០០ រៀល អាហ្នឹងតាមអាជ្ញាធរបញ្ជាក់។ ប៉ុន្តែ តាមប្រជាពលរដ្ឋបញ្ជាក់ថា ១៣២០០០ រៀល។ ប៉ុន្តែ ខ្ញុំបានបង្ហោះថា ទោះបីតម្លៃមួយណាក៏ដោយ ក៏មិនត្រូវបង់ថ្លៃទេ។ ខ្ញុំបង្ហោះហើយ ខ្ញុំតាមមើល comments មានជាង ១ ម៉ឺន likes និង comments ប៉ុន្មានរយឯណោះ។ ខ្ញុំតាមជាប់រហូត។ ដល់តាមទៅ មានការចោទសំណួរខ្លះសរសេរជាអង់ គ្លេសថា “គាត់នៅត្រង់ហ្នឹង ឬក្បែរហ្នឹងដែរ តើឲ្យគាត់ធ្វើម៉េច? ខ្លះគាត់ថា គាត់នៅហ្នឹងដែរ តែគាត់ត្រូវឆ្លងកាត់ ទៅនោះ ទៅត្រូវបង់លុយ ត្រឡប់មកវិញគឺបង់ទៀត”។
ខ្ញុំបានហៅទូរស័ព្ទពិភាក្សាជាមួយ ប៉ា សុជាតិវង្ស ម្តងទៀត។ ហើយក៏ទូរស័ព្ទរកឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ព្រោះមាន comments មួយចំនួនថា សម្តេច! ផ្លូវហ្នឹងតែជាង ១០ លានដុល្លារទេ គួរតែ Free ទៅ។ ពិបាកមិនដឹងឆ្លើយជាមួយប្រជាពលរដ្ឋថាម៉េច? ព្រោះបន្តិចទៀត ប្រជាពលរដ្ឋនឹងមានបញ្ហា ព្រោះប្រជាពលរដ្ឋខ្លះគាត់យល់ថា គ្រាន់តែអ្នកនៅក្នុងរង្វង់ហ្នឹងជាង ៣០០ ឡានទេ មិនបង់ថ្លៃ តែប្រជាពលរដ្ឋខ្លះថាច្បាស់ជាបានទាំងអស់គ្នាហើយ។ ដល់មិនដឹងថាបកស្រាយថាម៉េច ខ្ញុំថាឥឡូវយកមកវិញ សុខចិត្តសងថ្លៃឲ្យទៅអ្នកសាងសង់ ដូចជាជួលគេសាងសង់ទៅចុះ។ សាងសង់រួចហើយយកមក ហើយសងថ្លៃគេ។ ចាំចរចាតាមក្រោយ។ ប៉ុន្តែ ឲ្យបញ្ឈប់ការយកប្រាក់តាំងពីម៉ោង ១២ យប់មិញ។ ម៉ោង ១២ កន្លះយប់ បង្ហោះមួយទៀត ប្រហែលជាមួយចំនួនមិនទាន់បើកមើល។ ព្រលឹមឡើង ខ្ញុំត្រូវបង្ហោះមួយទៀត។ សូមប្រជាពលរដ្ឋ ទាំងទៅតាមផ្លូវវេងស្រេង ទាំងអ្នកធ្វើដំណើរទាំងអស់នៅទូទាំងប្រទេស ដែលធ្វើដំណើរឆ្លងកាត់ផ្លូវវេងស្រេង មិនចាំបាច់បង់ថ្លៃអីទាំងអស់។ អ្វីដែលខ្ញុំសុំត្រឡប់មកវិញតែមួយទេ នោះគឺគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ហើយកុំឲ្យមានគ្រោះថ្នាក់លើផ្លូវវេងស្រេង។ ព្រះតេជព្រះគុណ ទៅទេសនាត្រង់ណា ជួយបិណ្ឌបាតត្រង់ហ្នឹងផង ថ្ងៃ ១ ខែ មករានេះ គឺចាប់អនុវត្តច្បាប់ចរាចរណ៍ដីគោកថ្មីយ៉ាងតឹងរឹង ដើម្បីការពារជីវិតប្រជាពលរដ្ឋ។
ម្ចាស់រោងចក្រត្រូវយកផលចំនេញពីការបង់ថ្លៃផ្លូវមកគិតគូរជីវភាពកម្មករ/ការនី
មានមួយចំនួនគាត់និយាយថា សម្តេចគួរតែកុំយកពីឡានតូច តែនៅបន្តយកពីឡានដឹកជញ្ជូន ដើម្បីបាន លុយហ្នឹងជួសជុល។ សូមបញ្ជាក់ នេះជាការផ្តល់មតិដ៏ល្អហើយៗ ខ្ញុំព្រះករុណាខ្ញុំ ក៏បានគិតលើរឿងនេះដែរ ប៉ុន្តែទីចុងបំផុតត្រូវសម្រេចចិត្តមិនយកទាំងអស់ព្រោះពិបាកបែងចែក ណាមួយទៅតូច ណាមួយទៅធំ? គ្រាន់តែប៉ុណ្ណឹងវាពិបាកណាស់ទៅហើយ។ និយាយពីរឿងថាបែងចែកឡានតូច ឬឡានធំ បើសិនជាថាត្រូវតែយកឡានដឹកកុងតឺន័រ ប៉ុន្តែដល់ពេលគាត់ខ្ជិលបង់ថ្លៃ គាត់អត់តម្លើងកុងតឺន័រ គាត់ដឹកតាមឡានធំ អត់ទាញកុងតឺន័រ។ សង្ឃឹមថាអ្នកដែលធ្លាប់ដឹកកុងតឺន័រ ដឹកទំនិញធ្ងន់ៗតាមបង់លើផ្លូវនេះ ប្រើប្រាស់លុយដែលនៅសេស សល់ដែលធ្លាប់បង់ថ្លៃ ឥឡូវឈប់បង់ថ្លៃ មកបង្កើនជីវភាពឲ្យកម្មករ កម្មការនី ដែលធ្វើការឲ្យរោងចក្ររបស់ខ្លួនវិញ។ សុំអំពាវនាវចំពោះម្ចាស់រថយន្ត និងម្ចាស់រោងចក្រ ដែលធ្លាប់បានបង់ថ្លៃឲ្យទៅសេវាដឹកជញ្ជូន ហើយ ដែលទទួលផលបានពីការធ្លាក់ចុះនៃតម្លៃនេះ ត្រូវសន្សំប្រាក់ដើម្បីបង្កើនជីវភាពឲ្យកម្មករ/ការនី បើមិនបានតម្លើងប្រាក់បៀវត្សរ៍ទេ ក៏សន្សំលុយហ្នឹងទុកជប់លៀងជូនបងប្អូន ថ្ងៃទី ១ ខែ ឧសភា រៀងរាល់ឆ្នាំវិញ។
មុននិយាយអ្វី និងចូល comment ក្នុងហ្វេសប៊ុកសុំមើលខ្លឹមសារផង
យប់មិញនេះ ខ្ញុំហួសចិត្ត។ មានអ្នកខ្លះ ពេលដែលខ្ញុំនៅអង្គការសហប្រជាជាតិ កាន់ទូរស័ព្ទ គេថានៅពេល ដែលគេប្រជុំអង្គការសហប្រជាជាតិ ឯងអង្គុយលេងហ្វេសប៊ុក។ រករឿងយើងកើត។ ចំណុចពិសេសត្រូវដឹងថា បើ ហ៊ុន សែន មិនកាន់ទូរស័ព្ទអាហ្នឹងទើបបញ្ហា ប៉ុន្តែ បើ ហ៊ុន សែន កាន់ទូរស័ព្ទ គឺត្រូវដឹងថា ទី ១ មើល ព័ត៌មាននៅហ្នឹង ព័ត៌មានវ៉ៃចេញពីក្នុងត្រង់ណា មិនមែនត្រឹមតែជាព័ត៌មានធម្មតាទេ ក៏ប៉ុន្តែទាក់ទងនឹងសន្តិសុខជាតិ ការងាររបស់ប្រទេសជាតិមាននៅក្នុង Line ក្នុង Whatsapp ក្នុង Telegram នៅក្នុងហ្នឹងតាមរយៈsms។ ថ្ងៃមុន រហូតដល់ថ្នាក់ថា លោក ហ៊ុន សែន ទៅកេះខ្នង ប្រាយុទ្ធ ចាន់អ៊ូចា ធ្វើឲ្យ ប្រាយុទ្ធ ចាន់អ៊ូចា ហ្នឹងគ្រវីក្បាល។ តាមពិតជាភាពស្និទ្ធស្នាលរវាងមេដឹកនាំទាំង ២។ គាត់អានអស់មួយទំព័រកន្លះ ហើយអ្នកបកប្រែ គ្នាអត់ហ៊ានលូកមាត់មកបក។ ខ្ញុំក៏ខំទះខ្នង ប្រាយុទ្ធ ថាទុកឲ្យគេបកប្រែសិន។ នេះជាភាពស្និទ្ធស្នាលរវាងមេដឹកនាំ ហើយចេះថា ប្រាយុទ្ធ គ្រវីក្បាល ដោយសារយើងទៅកេះខ្នង។ ក្មួយនេះ ឈ្មោះ អៀង សង្ហារ គាត់សរសេរអត់ត្រូវតែម្តង “តើលោកហ៊ានឲ្យប្រាក់ខែប្រជាពលរដ្ឋដល់ ១៨០$ បានទេ? លោក ហ៊ុន សែន ហើយលោកដេញយួនចេញបានទេ?” … ឥឡូវ ខ្ញុំនិយាយអញ្ចេះវិញ សង្ឃឹមថាក្មួយចេះប្រើភាសាថ្លៃថ្នូរជាងនេះ ហើយរិះគន់ស្ថាបនាចំប្រធានបទ។ នេះជាការអប់រំរបស់ខ្ញុំ។ សុំក្មួយៗ លេងហ្វេសប៊ុក កុំច្រឡំថាក្មួយអាចលាក់ទីតាំងឈរជើងរបស់ក្មួយបានឲ្យសោះជាមួយពូ។ បើចង់ចាត់ការក្មួយ ៧ ម៉ោងយ៉ាងយូរបំផុត មិនចាំបាច់ទៅពីភ្នំពេញទេ កម្លាំងនៅគ្រប់មូលដ្ឋាន មានរួចហើយ ចង្អុលផ្ទះឲ្យទៅតែម្តង កុំលេងឲ្យសោះអារឿងលួចជេរ។ សូមជម្រាបបើពូហ៊ានលេងហ្វេសប៊ុកហើយ ពូច្បាស់ជាតាមដានហើយ ហើយពូគ្រាន់តែអប់រំ ត្រឡប់ទៅវិញ។ គេនិយាយពីរឿងផ្លូវ គាត់និយាយពីរឿងប្រាក់ខែ រួចហើយដេញយួន រួចរូបអញ្ចឹងៗនៅកណ្តាលវាល។ នេះគ្រាន់តែប្រាប់ឲ្យយល់ពី ហ៊ុន សែន បើមិនលេងគឺមិនលេងទេ ប្រាប់ឲ្យហើយ បើលេងកុំខឹង បើខឹងកុំលេង។ មានខ្លះលេងជាមួយគេម្ដងហើយម្ដងទៀត ចាក់ក្រឡេកពីកើត ចាក់ក្រឡេកពីលិច ដល់ពេលគេទះ ៤-៥ កំផ្លៀង ឡឺកឺៗ។
ឥឡូវសូមកុំសង្ឃឹម ខ្ញុំប្រកាស បើខ្ញុំហើយទៅចុះហត្ថលេខាលើកលែងទោសឲ្យអ្នកណា ខ្ញុំនឹងកាត់ដៃស្ដាំ របស់ខ្ញុំក្រវាត់ចោលតែម្ដង។ អ្នកឯងចាំ។ មានឯងអត់អញ មានអញអត់ឯង គឺអ្នកឯងអ្នកដាក់។ អ្នកឯងធ្វើស្អី ចំពោះខ្ញុំ “ហួសពេលហើយអូន”។ ដល់តែត្រូវប៉ុន្មានកំផ្លៀងទៅ ទៅនិយាយបង្រួបបង្រួមជាតិ មានតែខ្មែរទេដែលអាចរួមនិយាយគ្នាបាន ពឹងបរទេសមិនបាន ប៉ុន្តែទៅពឹងអឺរ៉ុបឲ្យកាត់ជំនួយ(ខ្មែរ) វាទៅជាអញ្ចឹងទៅ។ ខ្ញុំ ប្រកាសជូនឲ្យហើយ ព្រោះលើកទីពីរហើយ ហើយលើកទីបី ហ៊ុន សែន នឹងកាត់ដៃខ្លួនឯងក្រវាត់ចោល។ នេះជាសារចុងក្រោយ។ ខ្ញុំផ្ដាំប្រាប់។ លេងកុំខឹង ខឹងកុំលេង។ រឿងអី សុំទោសថ្ងៃទី ២៩ ខែតុលា (ហើយ)ទៅជេរឯងថ្ងៃទី ១០ ខែ វិច្ឆិកា។ ខ្ញុំអត់ត្រូវការធ្វើភាពច្រំដែលទេ …។
សងលុយទិញ sticker ចេញចូលផ្លូវវេងស្រេង, ធ្វើស្ថិតិរថយន្ដអ្នករស់នៅក្បែរប៉ារាសផ្លូវជាតិលេខ ៤
ចំណុចមួយ ដែលឯកឧត្តម ប៉ា សុជាតិវង្ស ត្រូវដោះស្រាយជាមួយក្រុមហ៊ុន។ មានមួយចំនួនបានធ្វើ sticker ហ្នឹងហើយដើម្បីឆ្លងកាត់។ ឥឡូវត្រូវយកលុយទៅសងប្រជាពលរដ្ឋវិញ ហើយសុំ sticker ហ្នឹងត្រឡប់មកវិញ។ ប្រជាពលរដ្ឋ ដែលរស់នៅតាមផ្លូវវេងស្រេងដែលបានធ្វើស្ថិតិក្នុងតំបន់ហ្នឹង ប្រហែលជាមានឡាន ៣០០ ដែរ។ មួយទៀត យប់មិញ ខ្ញុំប្រាប់ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន ឲ្យដឹកនាំការប្រជុំ គិតគូរអំពីប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវជាតិលេខ ៤ បន្ថែមទៀត។ កាលពីយើងដាក់ឲ្យមានប្រើផ្លូវជាតិលេខ ៤ គឺជាចំណុចធំណាស់។ ផ្លូវនេះ(វេងស្រេង) ត្រូវសងទៅក្រុមហ៊ុនតែជាង ១០ លានដុល្លារទេ ប៉ុន្តែផ្លូវជាតិលេខ ៤ ដែលត្រូវដកហូតត្រឡប់មកវិញ គឺត្រូវសងក្រុមហ៊ុនធំណាស់ ប៉ុន្តែបញ្ហា គឺនៅត្រង់ប្រជាពលរដ្ឋ កាលពេលដែលយើងដាក់ឲ្យមានការថែទាំបែបនេះ គាត់អត់ទាន់មានឡានទេ ដល់ឥឡូវគាត់មានឡាន។
កន្លែងខ្លះ ដូចជាផ្លូវនេះ(វេងស្រេង) ខ្ញុំដោះស្រាយបាន។ ប៉ុន្តែអ្នករស់នៅតាមផ្លូវជាតិ ៤ យើងត្រូវមានកម្រិត។ ឧទាហរណ៍៖ អ្នកនៅខាងបែកចាន គាត់ចង់ទៅមើលចំការគាត់នៅខាងអង្គស្នូល ឬខាងសម្រោងទង គាត់ទៅមើលចំការគាត់ ឬទៅមើលដីគាត់ ឬទៅសួរសុខទុក្ខសាច់ញាតិខាងណោះ គាត់ត្រូវឆ្លងបារាស គាត់ត្រូវបង់លុយមួយសារ។ ដល់ទៅគាត់ត្រឡប់មកវិញ គាត់ត្រូវបង់លុយមួយសារទៀតហើយ។ ដល់យូរៗ (គាត់)លែង ទៅចំការ ព្រោះអត់មានលុយ។ អ្នកនៅខាងណោះក៏អញ្ចឹងដែរ មកភ្នំពេញ លែងចង់មកហើយ ព្រោះឲ្យតែឆ្លងបារាស។ មកក៏យកលុយ ត្រឡប់ទៅវិញក៏យកលុយ។ បើអញ្ចឹងត្រូវធ្វើស្ថិតិរថយន្តទាំងហ្នឹង ហើយឲ្យកាតពិសេសសម្រាប់គាត់។ ប៉ុន្តែ បើអ្នកទៅពីភ្នំពេញ រហូតដល់កំពង់សោម គេយកហើយ។ ត្រូវរៀបចំការប្រជុំមួយ ដើម្បីពិនិត្យអំពីបញ្ហាក្របខណ្ឌគោលនយោបាយចំពោះអ្នកដែលរស់នៅតាមដងផ្លូវដែលយើងធ្វើ BOT។
មិនមែនជានាយករដ្ឋមន្រ្តីហ្វេសប៊ុក តែចង់ទទួលព័ត៌មានពីគ្រប់ប្រភព
សុំថា ប្រជាពលរដ្ឋដែលចូលមក comment ធ្វើម៉េចឲ្យខ្ញុំបានយល់ ហើយកុំលេង comment ដូចអ្នកនៅខាងពាមកោះស្នា។ សូមផ្ដាំទៅផង។ ពាមកោះស្នា ជាឃុំរបស់ខ្ញុំ។ គាត់ចូលមក comment សុំថា “ស្រូវស្កកអញ្ចេះ ស្រូវស្កកអញ្ចុះ សុំម៉ាស៊ីនបូមទឹកអា ៥ តឹក”។ ខ្ញុំឃើញអញ្ចឹង ក៏ឆ្លើយតបថា បានបញ្ជាទៅអភិបាលខេត្តទៅមើលហើយ។ ដល់អភិបាលខេត្តទៅមើល (ដែល)ខ្ញុំចេះតែឆ្ងល់ថា ម្ដុំហ្នឹងភូមិកំណើតរបស់ខ្ញុំសោះហ្នឹង មានប្រភពទឹកពីត្រង់ណា បានគេយក(ម៉ាស៊ីនបូមទឹក)អា ៥ តឹក បូម? ដល់ទៅ គាត់ប្រុងបូមពីទន្លេមេគង្គយកមកធ្វើស្រូវឲ្យបាន ៣ ដង។ បើលេងយ៉ាងៗហ្នឹង វាមិនងាប់។ ខ្ញុំដោះស្រាយជូនបានតែការចូលរួមមតិណាដែលមានភាពត្រឹមត្រូវ និងច្បាស់លាស់ប៉ុណ្ណោះ។ លោកបងម្នាក់ គាត់អាយុ ៧១ ឆ្នាំ ឈ្មោះស្អីទេ ដែលខ្ញុំបានបញ្ជូនទៅឯកឧត្តម ប៉ា សុជាតិវង្ស តាម Whatsapp ជារឿងកើតតាំងពីទសវត្សរ៍ទី ៩០ មកដល់ឥឡូវ អត់ទាន់ដោះចេញ។ រឿងធ្វើបំពានផ្លូវស្អីៗនេះ។ គាត់បញ្ជូនតាមហ្វេសប៊ុករបស់ខ្ញុំ។ កន្លែងខ្លះ ខ្ញុំត្រូវបញ្ជូនទៅឲ្យស្ថាប័នពាក់ព័ន្ធស្រាវជ្រាវ ហើយឆ្លើយតបមកខ្ញុំ។
ខ្ញុំបានទទួលហើយនូវការលើកមតិមកខ្ញុំ តាមរយៈប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុក។ ខ្ញុំមិនមែនជានាយករដ្ឋមន្រ្តីហ្វេសប៊ុកទេ ក៏ប៉ុន្តែខ្ញុំចង់ទទួលព័ត៌មានពីគ្រប់ប្រភពទាំងអស់ ខ្ញុំមាន Twitter ហ្វេសប៊ុក មានតាំងពីវែបសាយត៍របស់ខ្ញុំ។ ខ្ញុំទទួលព័ត៌មានពីគ្រប់ប្រភព តាំងពីប្រភពមន្រ្តីរាជការ តាំងពីប្រភពប្រជាជនធម្មតា តាំងពីប្រភពអ្នកប្រឆាំង។ ប៉ុន្តែប្រឆាំងកុំចូលមកជេរលេងៗ គេរកឃើញ។ ហើយអ្នកធ្វើបដិវត្តពណ៌ អ្នកស្អី ភ្លាមៗ គេរក(ឃើញ)ភ្លាម …។ បន្តិចទៀតនឹងបញ្ជូនតាម Line តាមប្រ័ព្ធ SMS របស់ទូរស័ព្ទទំាងអស់អោយស្គាល់ថា មួយណាជាហ្វេសប៊ុករបស់ ហ៊ុន សែន ពិតប្រាកដ។ ជួនកាលលេងខូច។ យើងបានប្តឹងទៅក្រុមហ៊ុនហ្វេសប៊ុកឲ្យបិទ តែបិទមិនទាន់អស់។ បិទវាបង្កើតៗ បង្កើតហើយវាទៅបង្ហោះខ្លឹមសារតែផ្តេសផ្តាស។ មនុស្សល្អ មនុស្សគាំទ្រ ហ៊ុន សែន មិនលេងអាហ្នឹងទេ។
សារាចរណ៍បញ្ជាក់ថា ឆ្នាំនេះទឹកទាបខ្លាំង
ឯចំណុចទី ៣ ខ្ញុំព្រះករុណាខ្ញុំចង់បញ្ជាក់បន្តិច ដើម្បីជៀសវាងភ័ន្តច្រឡំណាមួយ។ កន្លងទៅខ្ញុំព្រះករុណាខ្ញុំ បានចេញសារាចរណ៍មួយណែនំាពីការប្រើប្រាស់ទឹក ដោយយោងតាមការព្យាករណ៍អំពីធាតុអាកាស ដោយសារឆ្នំាកន្លងទៅនេះ ទឹកទន្លេមេគង្គទាបទាល់តែមែនទែន មិនមែនទាបនៅស្រុកខ្មែរទេ ទាបនៅទន្លេឡាងឆាង នៅជាប់ស្រុកចិនឯណោះ(ក៏ទាបដែរ)។ បើនៅម្តុំវៀងចន្ទន៍ ជាមួយនឹងថៃ គឺដើរឆ្លងកាត់បានហើយ។ អាង បឹងបួរទំាងឡាយ មានទឹកតិចណាស់។ អញ្ចឹងទេ បានជានៅក្នុងសារាចរណ៍ណែនំា សុំអំពាវនាវចំពោះប្រជាពលរដ្ឋធ្វើស្រូវប្រំាងតែម្តងបានហើយ ដើម្បីរក្សាទប់ទឹកសម្រាប់ការប្រើប្រាស់ និងដំណំារួមផ្សំ។ នៅចំាទេ ឆ្នំា ១៩៩៤ សូម្បីតែក្របីក៏អត់ទឹកដែរ រហូតទៅដល់ពាក់កណ្តាលខែ ៦ ឯណោះ។ រឿងស្រូវបណ្តេញទឹកជារឿងមួយ តែការធ្វើស្រូវប្រំាង តាមបទពិសោធបច្ចេកទេសខាងស្រូវ ត្រូវប្រើ ១២,០០០ ម៉ែត្រគីប ទើបបានមួយហិកតា។ អញ្ចឹងបើយើងធ្វើ ១ ម៉ឺនហិកតា យើងនឹងត្រូវអស់ទឹកប៉ុន្មានលានម៉ែត្រគីប។ ដោយហេតុនេះសូមផ្ទេរពីការធ្វើសូ្រវប្រំាងទៅជាធ្វើដំណំារួមផ្សំវិញ ដូចជាដំាបន្លែបង្ការ ដែលប្រើទឹកតិចជាង ដើម្បីយើងរក្សាទឹកទុក។ នៅប្រទេសថៃ មានទណ្ឌកម្មតែម្តង។ មិនអោយធ្វើស្រូវ មិនអោយយកទឹកមកស្រោចដំណំា ទុកទឹកហ្នឹងដើម្បីយកមកប្រើនៅតំបន់មួយចំនួននៅប្រទេសថៃ។ អញ្ចឹងទេ បានសូមការយោគយល់ ព្រោះប្រជាពលរដ្ឋត្រូវការទឹក គោក្របីត្រូវការទឹក មាន់ទាត្រូវការទឹក និយាយរួមទំាងមនុស្ស ទំាងសត្វត្រូវការទឹក។
អម្បាញ់មិញបានជ្រុលមាត់ទៅហើយ ប៉ុន្តែជ្រុលក៏ល្អដែរ បានប្រាប់ពីចំងាយអោយហើយ។ មូលហេតុដែលខ្ញុំនិយាយថា នឹងកាត់ដៃខ្ញុំចោល ដោយសារតែមានមនុស្សឃោសនាថា មេយើងជាប់គុកម្តង ឡើងសន្លឹកឆ្នោតបន្តិច ជាប់គុកពីរដងឡើងសន្លឹកឆ្នោតបន្តិច ម្តងនេះ លើកទីបី នឹងចូលកាន់អំណាចតែម្តង។ សូមផ្តំាត្រឡប់ទៅវិញ បើខ្ញុំចុះហត្ថលេខាលើកទី ៣ ខ្ញុំកាត់ដៃស្តំាខ្ញុំគ្រវាត់ចោល។ ផ្តំាមុន(ដើម្បី)កុំអោយលោកឯងដើរភូតគេតទៅទៀត។ បរទេសណាមកដាក់ការគាបសង្កត់ស្រុកខ្មែរ សារចុងឆ្នំាប្រាប់អោយហើយ កម្ពុជាមិនមែនជាចំណាប់ខ្មំាងរបស់មនុស្សម្នាក់ ឬពីរនាក់ទេ។ បក្សនយោបាយច្រើនណាស់នៅកម្ពុជា សូម្បីតែបក្សរបស់មនុស្សហ្នឹង ក៏គង់នៅធ្វើសកម្មភាពដែរ។ អ្នកជាប់គុកម្នាក់ ឬពីរនាក់អោយជាប់ទៅ។ ចូលមកទទួលទោសទៅ ជាប់គុកទៅ។ កុំខ្លាច។
វប្បធម៌សន្ទនានឹងដាក់ចូលក្នុងច្បាប់
ខ្ញុំដូចឆ្ងល់ដែលយកពីរប៊ិចមកតថ្លៃជាមួយអាត់។ នៅក្រោមគេហើយ គេវ៉ៃឡើងសំប៉ែតមុខហើយនៅតថ្លៃទៀត ដាក់លក្ខខណ្ឌទៀត។ ខាងមុខ(នេះ)ច្បាប់បក្សនយោបាយលើកកម្ពស់ លើកកម្រិតវប្បធម៌សន្ទនា។ ខ្ញុំសូមបញ្ជាក់ថា វប្បធម៌សន្ទនានឹងត្រូវដាក់ចូលក្នុងច្បាប់។ បើអ្នកឯងជេរគេអ្នកឯងជាប់ទោសយ៉ាងម៉េច មិនមែន ជាប់ទោសក្នុងយុទ្ធនាការតែមួយខែទេ ត្រូវអោយជាប់ទោសតំាងពីឥឡូវ។ និយាយរួមមិនមែនជាប់ទោសតែគេទេ យើងជេរគេក៏ជាប់ទោសដែរ។ ច្បាប់ត្រូវគោរពទំាងអស់គ្នា។ វប្បធម៌សន្ទនាកន្លងទៅ ចេញតែពីបាយជាមួយឯង ប្រៀបធៀបឯងដូច ហ្កាដាហ្វី, ចង់ចាប់ចោរទាល់តែចូលក្បែរចោរ …។ ខ្ញុំបញ្ជាក់ឡើងវិញ ខ្ញុំមិនមែនជានាយករដ្ឋមន្ត្រីហ្វេសប៊ុកទេ។ អ្នកឯងជានាយករដ្ឋមន្ត្រីហ្វេសប៊ុក ហើយធ្វើជានាយករដ្ឋមន្ត្រីហ្វេសប៊ុក។
ខ្ញុំជានាយករដ្ឋមន្ត្រីពិត … ខ្ញុំគ្រាន់តែ(មានហ្វេសប៊ុក)បន្ថែម ព្រោះខ្ញុំចង់ទទួលព័ត៌មាន ចង់មានទំនាក់ទំនងជាមួយប្រជាពលរដ្ឋដោយផ្ទាល់។ ខ្ញុំចង់ថ្លឹងមើល។ ឧទាហរណ៍ ករណីពាមកោះស្នាមួយ អាជ្ញាធរថាបានដោះស្រាយហើយ ប៉ុន្តែអ្នកដែលបង្ហោះមកថាអត់។ ដល់ចុះទៅមើលជាក់ស្តែង គាត់ចង់បានអា ៥ តឹក ដើម្បីធ្វើស្រែបន្ត។ ស្រូវមានស្កកពីកាលណា។ អញ្ចឹងព័ត៌មានរបស់អាជ្ញាធរផ្តល់មកត្រឹមត្រូវពិតប្រាកដទេ។ អញ្ចឹងយើងទទួលព័ត៌មានទំាងអស់។ ប៉ុន្តែអាណិតសូមកុំជេរ ហើយកុំលេងទទឹងទិស។ អ្នកវិភាគប៊ិះដាច់អាជីពហើយ ដោយសារខ្ញុំអត់និយាយអី។ តែថ្ងៃហ្នឹងគេមានអាជីពហើយ អាស៊ីសេរី វីអូអេ ហ្វ្រង់អាំងទែរ គេយកទៅវិភាគហើយ។ មនុស្សមួយចំនួនចេញមកវិភាគថា ខ្ញុំនិយាយអត់គុណធម៌ អសុរស។ ខ្ញុំ live ភ្លាមតែម្តងថា កាលដែលអ្នកឯងចុះពីលើឡាន ហើយចង្អុលរូបបីនាក់ជាអាចោរលក់ជាតិ អាកណ្តាលខូចជាងគេ អាហ្នឹងតើជាសុជីវធម៌ ឬអត់? អស់លោកអ្នកវិភាគឯករាជ្យទាំងឡាយ សំដីអស់នេះ តើជាសំដីមានសុជីវធម៌ទេ? ប្រៀបធៀបខ្ញុំទៅនឹង ហ្កាដាហ្វី ដែលត្រូវគេបាញ់សម្លាប់ តើជាសំដីមានសុជីវធម៌ទេ? ប្រៀបធៀបខ្ញុំទៅនឹងចោរ តើជាសំដីមានសុជីវធម៌ទេ? បើយើងធ្វើអ្នកវិភាគឯករាជ្យ ត្រូវតែឯករាជ្យ និងអព្យាក្រឹត្យពិតប្រាកដ។ ខ្ញុំគ្រាន់តែធ្វើ កិច្ចការងារដែលខ្ញុំត្រូវធ្វើតែប៉ុណ្ណោះ។ សិទ្ធិអំណាចតាមច្បាប់ពន្ធនាគារខ្ញុំមិនប្រើទៀតទេ តែប៉ុណ្ណឹង អត់លើកលែងទោសឲ្យអ្នកណាក្រៅពីផ្លូវច្បាប់ទេ ព្រោះអ្នកឯងធ្វើរឿងដដែលៗ។
ប្រធានបក្សនយោបាយ ប្រធានព្រឹទ្ធសភា ប្រធាសភា ប្រធានតុលាការកំពូល អគ្គព្រះរាជអាជ្ញាអមតុលាការកំពូល អគ្គសវនាករ ប្រធានក្រុមប្រឹក្សាប្រឆាំងអំពើពុករលួយ ត្រូវមានសញ្ជាតិតែមួយ
ច្បាប់បក្សនយោបាយនៅពេលខាងមុខ អាចនឹងត្រូវកំណត់ និងសូមជូនជាព័ត៌មាន។ ខាងផ្នែកគណបក្សប្រជាជនកំពុងគិតគូរ ដោយសារយើងមានច្បាប់មួយរួចទៅហើយ ប្រធាន និងសមាជិក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សម្រាប់តែជាសញ្ជាតិខ្មែរ។ ដូច្នេះ ពេលខាងមុខ ច្បាប់ស្តីពីបក្សនយោបាយ ចាំបាច់ត្រូវកំណត់ ប្រធានបក្សនយោបាយត្រូវតែសញ្ជាតិខ្មែរតែមួយ ដើម្បីចៀសវាងកុំឲ្យមានរឿងកាន់ passport បរទេសរត់ និងឲ្យបរទេសមកអន្តរាគមន៍។ យើងពិនិត្យមើល បើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងសមាជិកគណៈកម្មាធិការរៀបចំការបោះឆ្នោត ត្រូវមានសញ្ជាតិខ្មែរតែមួយហើយ តើប្រធានបក្សនយោបាយត្រូវមានសញ្ជាតិតែមួយដែរទេ? អញ្ចឹងត្រូវរៀបចំក្រុមប្រឹក្សាធម្មនុញ្ញ ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា ប្រធានតុលាការកំពូល អគ្គព្រះរាជអាជ្ញាអមតុលាការកំពូល ត្រូវតែជាតិខ្មែរទាំងអស់ រាប់ទាំងអគ្គសវនាករ ប្រធានក្រុមប្រឹក្សាប្រឆាំងអំពើពុករលួយ ត្រូវសញ្ជាតិខ្មែរទាំងអស់។ ដាក់តែប្រធានៗ យកតែម្តង។ បើសញ្ជាតិបរទេស សូមលាសញ្ជាតិមួយចោល។ ខ្លាចអីនឹងលាសញ្ជាតិមួយ ដើម្បីបម្រើខ្មែរ។ បក្សណាមិនសម្រេចហី ឯនេះមានកម្លាំងគ្រប់គ្រាន់ដើម្បីសម្រេចហើយ។ សូមជូនជាសារចុងឆ្នាំឲ្យហើយ។
ខួបលើកទី ៤០ នៃថ្ងៃអាពាហ៍ពិពាហ៍របស់សម្តេច
បន្តិចទៀត ខួបលើកទី ៤០ នៃថ្ងៃរៀបការរបស់ខ្ញុំ … ថ្ងៃ ៥ ខែ មករា ប៉ុន្តែចាំមើល ខ្ញុំបង្ហោះ ៣ ភាគ។ ថ្ងៃ ៣ បង្ហោះភាគទី ១ ថ្ងៃ ៤ បង្ហោះភាគទី ២ ថ្ងៃ ៥ បង្ហោះភាគទី ៣។ ថ្ងៃ ៥ ចំថ្ងៃខ្ញុំរៀបការតែម្តង ហើយក៏សម្ពោធស្ពានតិកណូ (ខ្ញុំ)នឹងប្រកាសឲ្យសាងសង់ស្ពានអាកាសមួយចំនួនទៀត។ (ការបង្ហោះនោះគឺ)ដើម្បីមើលថា តើដំណើររឿងខ្ញុំ និងប្រពន្ធខ្ញុំ ស្គាល់គ្នាបែបណា ហើយដល់ពេលការ (យើង)ការរបៀបម៉េច។ វាជារឿងធម្មតាខ្លាំងណាស់ រឿងជីវិតប្តីប្រពន្ធនោះ ប៉ុន្តែរឿងខ្ញុំវាជារឿងផ្សារភ្ជាប់ប្រទេស ជីវិតដំណើររឿងរបស់ជាតិនេះ ហើយវាតំណាងឲ្យប្រជាជនមួយប្រទេស ដែលរៀបការសម័យនោះ។ អញ្ចឹងបានពេលដែលបង្ហោះហ្នឹង អ្នកណាយករូបខ្ញុំទៅបង្ហោះ ឃើញខ្ញុំស្លៀកពាក់រៀបការ ស្រាប់តែសួរថា លោកអ៊ំ ជំនាន់ហ្នុងមានសម្លៀកបំពាក់បែបហ្នឹងដែរ? (អញ្ចឹងបាន)ខ្ញុំប្រើពាក្យខាងដើមថា ខ្ញុំពិតជាមានកំហុស ប្រសិនបើខ្ញុំមិនបានបកស្រាយនូវរូបថតប៉ុន្មានសន្លឹកនេះ។ ការពិតរូបហ្នឹង ថតនៅ SPK ជំនាន់ ១៩៨៨ ពេលដែលកូនពៅខ្ញុំអាយុ ៥ ឆ្នាំហើយ។ ថតទុកជាអនុស្សាវរីយ៍។ កាលការស្លៀកពាក់ខ្មៅទេ … ជាមួយនឹងការអបអរសាទរ ចំពោះវឌ្ឍនភាពជារួមនៃវិស័យអប់រំ និងនិយាយដោយឡែក គឺសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ខ្ញុំព្រះករុណាខ្ញុំ សូមជូនពរ ប្រគេនពរចំពោះព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជូនពរចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា នៅក្នុងឱកាសដាច់ឆ្នាំចាស់ ចូលឆ្នាំថ្មី ២០១៥-២០១៦ ដែលមកដល់ក្នុងពេលខាងមុខនេះ សូមប្រកបតែនឹងពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕