ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ ព្រះតេជគណ ព្រះមេគណ ព្រះអនុគណ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ ជាទីសក្ការ!
ថ្នាក់ដឹកនាំនៃសាសនិកឥស្លាម និងសាសនិកឥស្លាម ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ!
លោកជំទាវ ប៊ូ ជាំងគួ អគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា!
សមាជិកសភា នៃសាធារណរដ្ឋប្រជាមានិតចិន និងជាអនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China National Heavy Machinery Corporation និងប្រិយមិត្តចិនទាំងអស់ជាទីមេត្រី!
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលបានអញ្ជើញចូលរួមក្នុងឱកាសនេះ!
សូមគោរពចំពោះ បងប្អូន លោកយាយ លោកតា បងប្អូនជនរួមជាតិ ដែលបានអញ្ជើញក្នុងពិធីនេះ ជាគោរពនឹករលឹកពីខ្ញុំព្រះករុណាខ្ញុំ!
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមសាជាថ្មីម្តងទៀត ដើម្បីសម្ពោធដាក់ ឲ្យប្រើប្រាស់នូវវារីអគ្គិសនីតាតៃ ដែលមានអនុភាព ២៤៦ មេហ្គាវ៉ាត់។ ខ្ញុំព្រះករុណាខ្ញុំ នៅចាំបានថា គ្រាន់ តែក្នុងឆ្នាំនេះ គឺយើងបានទទួលភ្លើងចេញពីខេត្តកោះកុង ចំនួន ៥៨៤ មេហ្គាវ៉ាត់។ កាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ ២០១៥ គឺនៅដើមឆ្នាំ យើងបានសម្ពោធដាក់ឲ្យប្រើប្រាស់នូវវារីអគ្គិសនីឫស្សីជ្រុំក្រោម ដែលមានអានុភាព ៣៣០ មេហ្គាវ៉ាត់។ ថ្ងៃនេះ នៅសល់តែប៉ុន្មានថ្ងៃទៀតទេ ឈានទៅដល់ការដាច់ឆ្នាំ យើងសម្ពោធដាក់ឲ្យប្រើប្រាស់នូវវារីអគ្គិសនីតាតៃ ដែលមានអនុភាព ចំនួន ២៤៦ មេហ្គាវ៉ាត់ ថែមទៀត សរុបទាំងអស់ ៥៨៤ មេហ្គាវ៉ាត់ ដើម្បីបញ្ជូនចេញទៅផ្គត់ផ្គង់ មិនត្រឹមតែខេត្តកោះកុងទេ ក៏ប៉ុន្តែទៅកាន់ទីក្រុងភ្នំពេញ និងបណ្តាខេត្តផ្សេងៗទៀត។
ដូចដែល ឯកឧត្តម ស៊ុយ សែម ធ្វើរបាយការណ៍រួចហើយ ពាក់ព័ន្ធនឹងការអភិវឌ្ឍគម្រោងនេះ បន្ថែមទៅដោយការលើកឡើងរបស់(អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China National Heavy Machinery Corporation) ជាមួយនឹងវឌ្ឍនភាព និងដំណើរការនៃការអភិវឌ្ឍគម្រោងដ៏ធំមួយនេះ។ ខ្ញុំព្រះករុណាខ្ញុំ ក៏នៅចាំបានថា កាលពីថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០១១ ពេលនោះ ខ្ញុំព្រះករុណាខ្ញុំ ក៏បានមកបិទទំនប់នេះតែម្តង។ មានរូបភាពនៅក្នុងនេះ។ រូបភាពនេះ គឺមានតែបង សាយ ភូថង មួយទេ ដែលឥឡូវស្ថិតនៅក្នុងមន្ទីរពេទ្យ។ ក្រៅពីនោះគឺ ឯកឧត្តម ផាន ហ្គ័នសៀ (Pan Guang Xue) អតីតអគ្គរដ្ឋទូតបានចាកចេញទៅហើយ ជំនួសដោយលោកជំទាវ ប៊ូ ជាំងគួ។ លោកជំទាវ ប៊ូ ជាំងគូ ក៏បានមកឫស្សីជ្រុំនេះផង និងមកតាតៃនេះផង ចំនួនពីរដងហើយ។ មើលទឹកមុខដែលថតកាលពីបួនឆ្នាំមុន មានខ្ញុំ មាន (ឯឧ) ទៀ បាញ់, (ឯឧ)ស៊ុយ សែម, ជំទាវ ម៉ែន សំអន, (ឯឧ) ប៉ុល សារឿន ដូចអត់ចាស់។ បួនឆ្នាំមុន និងបួនឆ្នាំក្រោយមើលទៅប្រហាក់ប្រហែលគ្នា។ ភាសាដែលថា គេថាខ្ញុំចាស់ ពាក្យច្រើនណាស់ចេញមកពីស្រីៗ ដូចមិនមែន! ប្រពន្ធខ្ញុំគាត់ថា ខ្ញុំនៅតែក្មេង ចៅមួយកន្ទេល មិនមែនមួយកន្ទេលទេ ប្រាំកន្ទេល គ្រាន់តែចៅ ប៉ុន្តែឥឡូវវានៅខ្វះតែមួយនាក់ ដើម្បីគ្រប់អេគីបបាល់ទាត់ ១១ នាក់ ព្រោះចៅប្រុសវាបានតែ ១០ (នាក់) ហើយចៅស្រី ៧(នាក់) អេគីបបាល់ទះហ្នឹងបានហើយ។ ប៉ុន្តែចៅប្រុសវាមិនទាន់គ្រប់ ហើយមិនដឹងមួយ ណាគេជួយឪ ដើម្បីឲ្យវាបានគ្រប់។ យ៉ាងណាក៏ដោយ ជាមួយនឹងវឌ្ឍនភាពដែលយើងទទួលបាននៅថ្ងៃនេះ បង្កើតនូវស្ថានភាពល្អប្រសើរសម្រាប់ប្រទេសជាតិ តាមរយៈការអភិវឌ្ឍប្រទេសមួយ ដែលកំពុងរីកលូតលាស់ខាងវិស័យសេដ្ឋកិច្ច។
ខ្ញុំព្រះករុណាខ្ញុំ សុំយកឪកាសនេះ ដើម្បីថ្លែងជូននូវការកោតសរសើរចំពោះស្ថាប័នពាក់ព័ន្ធទាំងអស់របស់ព្រះរាជាណាចក្រកម្ពុជា ពិសេសអតីតក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ដែលបច្ចុប្បន្នជាក្រសួងរ៉ែ និងថាមពល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អាជ្ញាធរអគ្គិសនី ក្រុមហ៊ុនអគ្គិសនីកម្ពុជា ក៏ដូចជាអាជ្ញាធរខេត្តកោះកុង និងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា ដែលបានចូលរួមសហការក្នុងការអភិវឌ្ឍនូវគម្រោងនេះ។ អរគុណ និងកោតសរសើរ ចំពោះក្រុមហ៊ុនចិន China National Heavy Machinery Corporation ហៅកាត់ថា CHMC និងក្រុមហ៊ុន Cambodia Tatei Hydro Power Limited។
ដំណើរការវារីអគ្គិសនី បង្កើតបានទិដ្ឋភាពជាច្រើនលើសង្គមសេដ្ឋកិច្ច
ដំណើរការសាងសង់នៅទីនេះ មិនមែនជាការងាយស្រួលទេ។ បើយើងនិយាយពីសម័យដើម យើងអត់ដឹងថា កន្លែងទាំងអស់នេះអាចប្រើប្រាស់ផលិតនូវអគ្គិសនីបានទេ។ កាលពីសម័យដើមបច្ចេកវិទ្យាមិនទាន់មាននោះ យើងអត់ដឹងថា តំបន់ដែលប្រើប្រាស់ទីធ្លាមួយចំនួន (អាច)បង្កើតបាននូវអគ្គិសនីបែបនេះទេ។ នៅពេលបច្ចេកវិទ្យាកាន់តែកើនឡើង កាន់តែខ្ពស់ឡើង គេអាចរកឃើញនូវការប្រើប្រាស់បែបនេះ។ តាមរយៈនៃផលចំណេញ ដែលយើងទទួលបាននេះ វាមិនមែនគ្រាន់តែជាបញ្ហាដាច់ដោយឡែករបស់ខេត្តកោះកុងមួយទេ ហើយក៏មិនមែនជាបញ្ហាដាច់ដោយឡែករបស់វិស័យអគ្គិសនីនោះដែរ ប៉ុន្តែវានឹងបង្កើតបាននូវរឿងរ៉ាវច្រើនណាស់ គ្របដណ្តប់លើទិដ្ឋភាពសេដ្ឋកិច្ចសង្គម ដែលសព្វថ្ងៃ គឺនៅលើពិភពលោក និយាយពីបញ្ហាសន្តិសុខថាមពល សន្តិសុខស្បៀង គឺភ្ជាប់ទៅជាមួយគ្នាតែម្តង។ សូម្បីតែការអភិវឌ្ឍ និយាយពីបញ្ហាទេសចរណ៍ទៅចុះ មិនមែនជាសម័យទេសចរណ៍បក់ផ្លិតទេ គឺជាទេសចរណ៍ម៉ាស៊ីនត្រជាក់។ ឧទាហរណ៍៖ សណ្ឋាគារដែលគ្មានម៉ាស៊ីនត្រជាក់ ឬក៏កង្ហារធ្វើឲ្យត្រជាក់ កុំរំពឹងថានឹងទទួលបានទេសចរ។ ការផលិតអគ្គិសនីនៅទីនេះ មិនមែនរឿងអគ្គិសនីដាច់ដោយឡែកទេ។ វាបង្កើតបានជាសេវា ដែលគ្របដណ្តប់លើរឿងជាច្រើន ទាក់ទងជាមួយនឹងវិស័យនានា ដូចជាទេសចរណ៍ ឬសេវាដទៃទៀត តាំងពីធនាគារ … សព្វបែបយ៉ាង។ (ថាមពលអគ្គិសនីត្រូវបាន)រុញទៅឲ្យវិស័យឧស្សាហកម្ម រុញទៅវិស័យកសិកម្ម រាប់ទាំងការបូមទឹកដាក់ស្រែ ដែលមិនប្រើប្រាស់ម៉ាស៊ីនបូមទឹកទេ តែប្រើម៉ូទ័រ តាមរយៈនៃការប្រើប្រាស់អគ្គិសនីនេះឯង។
ឥឡូវនេះ ដំណាក់កាលនេះ ដំណាក់កាលអគ្គិសនី ប៉ុន្តែ ប្រសិនបើប្រជាពលរដ្ឋរបស់យើង និងជនរួមជាតិរបស់យើងអាចនៅចាំបាន ដំណាក់កាលរបស់យើងបានឆ្លងកាត់ច្រើនណាស់ ដំណាក់កាលដុតប្រេងកាត (ដែលមុននោះមាន)ដំណាក់កាលដុតចន្លុះ ដំណាក់កាលខ្លាញ់ត្រី ដំណាក់កាលតាំងពីជ័រ។ ជួនកាលដើរទៅ ចេះតែរកទៅ បានអីដុតហ្នឹង ដុតតាំងពីអុសដុតបំភ្លឺ។ ប៉ុន្តែក្មេងសម័យហ្នឹងអត់ដឹងខ្លួនទេ។ ប៉ុន្តែអ្នកជាន់ដើមកើតទាន់។ ខែហ្នឹង ដែលធ្លាក់ខ្យល់ពីជើង និងមានត្រីច្រើនហ្នឹង អាហ្នឹងគេដុតខ្លាញ់ត្រី។ បន្ទាប់ពីប្រើប្រាស់ខ្លាញ់ត្រីហើយ កាកសំណល់របស់វា(ត្រូវបានគេ)យកទៅដុតបំភ្លឺ។ ចន្លុះនេះ គឺថាដើមឈើយើងធំៗ ដែលឃើញ(មានប្រហោង)ចោះហ្នឹង ពីដើមប្រជាពលរដ្ឋទៅចំយកអាជ័រទឹកមកលាយជាមួយវត្ថុផ្សេងៗទៀត ធ្វើជាចន្លុះដុត។ ឥឡូវអ្នកលក់ចន្លុះដាច់អាជីពហើយ។ គ្មានអ្នកណាទៅរកស៊ីធ្វើចន្លុះទៀតដែរ ព្រោះគេលេងត្រូវការហើយ។
រកអាជ្ញាកណ្តាលមួយសម្រាប់កុងទ័រភ្លើង
អញ្ចឹងបានជាយើងមានតម្រូវការនៅក្នុងការផលិតអគ្គិសនីនេះឯង។ ដូចដែលឯកឧត្តម ស៊ុយ សែម បានលើកហើយអំពីការប្រើប្រាស់អគ្គិសនីនៅកម្ពុជា។ សម័យមុននេះ កម្ពុជាប្រើប្រាស់អគ្គិសនីប៉ុន្មានរយមេហ្គាវ៉ាត់តែប៉ុណ្ណឹង។ ទីក្រុងភ្នំពេញ គឺមិនដល់ ៥០ មេហ្គាវ៉ាត់ទេ។ ឥឡូវទីក្រុងភ្នំពេញមួយប្រើប្រាស់ប្រមាណ ៩០០ មេហ្គាវ៉ាត់។ ប៉ុន្មានថ្ងៃកន្លងទៅនេះ ពេលដែលធ្លាក់ខ្យល់ពីជើង រាងរងារ ឯកឧត្តម កែវ រតនៈ ប្រាប់ខ្ញុំថា (ការប្រើប្រាស់)នៅតែជាង ៨០០ មេហ្គាវ៉ាត់ទេ គឺថយជាង ១០០ ដោយសារតែត្រជាក់។ មានរឿងមួយគួរនិយាយដែរ។ រកអាជ្ញាកណ្តាលមួយមក កុំឲ្យទាស់គ្នាអារឿងកុងទ័រ។ អញ្ចេះ ញាតិញោមអើយឃើញតែនាំគ្នាជេរអគ្គិសនី ប៉ុន្តែយើងមានបានគិតទេ ឥឡូវដល់ពេលចាប់ផ្តើមធ្លាក់ខ្យល់ពីជើងគ្រឹប តើអាកុងទ័រហ្នឹងវាលោតទៀតឬអត់? វាអត់លោតទេ វាលោតតែអាខែក្តៅ។
ពីដើមម៉ាស៊ីនត្រជាក់មួយដដែលហ្នឹង ប៉ុន្តែនៅពេលដែលខែវស្សា ខែធ្លាក់ខ្យល់មកពីជើង វាប្រើអស់តែ ១០ គីឡូវ៉ាត់ ប៉ុន្តែដល់ពេលខែក្តៅក្រឹប វាប្រើដល់ទៅ ១៥ គីឡូវ៉ាត់។ រកអាជ្ញាកណ្តាលមួយតែម្តងទៅ កុំឲ្យគេជេរក្រុមហ៊ុនអគ្គិសនីច្រើនពេក។ អាចថាដេញថ្លៃជ្រើសរើសក្រុមហ៊ុនទូទាំងសកលលោកតែម្តង ទាំងជប៉ុន ទាំងអាមេរិក ទាំងចិន ទាំងកូរ៉េស្អី មកថ្លឹងកុងទ័រ។ កុំទាស់គ្នាអារឿងហ្នឹងទៀត។ សង្ឃឹមថាប្រជាពលរដ្ឋរបស់យើងមានការយោគយល់អំពីបញ្ហានេះ។ ខែត្រជាក់ប្រើតិច ខែក្តៅប្រើច្រើន។ ហ្នឹងវាធម្មតាខ្លាំងណាស់។ ប៉ុន្តែយ៉ាងម៉េចទេ កំពុងតែត្រជាក់ៗ កំពុងតែត្រូវចិត្តធាតុអាកាសត្រជាក់ ស្រាប់តែល្ងាចមិញភ្លៀង ៣ ដងនៅភ្នំពេញ។ កំពុងតែប្រជុំអត់ដឹង ស្រាប់តែចុះមកភ្លៀងពេញ។ ដល់ពេលយប់ថា ភ្លៀងទៀតហើយ។ ស្រាប់តែព្រឹកមិញអត់មានអីត្រជាក់ទេ ឥឡូវចាប់ផ្តើមចង់បែកញើសហើយ។ កន្លែងនេះធ្លាប់តែត្រជាក់ដែរ។
លះបង់តម្លៃមួយចំនួន ដើម្បីបានប្រយោជន៍យ៉ាងច្រើនពីវារីអគ្គិសនីនេះ
ខ្ញុំព្រះករុណាខ្ញុំ អរណាស់ជាមួយនឹងការវិនិយោគ។ ពិតហើយ គ្មានការធ្វើអី្វមួយដែលគ្មានការបង់ថ្លៃទេ។ សូមជម្រាបជូនអញ្ចេះ បើយើងចង់បានអគ្គិសនីចំនួន ២៤៦ មេហ្គាវ៉ាត់ វាត្រូវមានការបង់ថ្លៃមួយចំនួនទៅលើការលិចលង់នូវព្រៃឈើប្រមាណជាជាង ២ ពាន់ហិកតានៅទីនេះ។ គ្មានអ្វីមួយដែលធ្វើហើយ មិនបានបង់ថ្លៃទេ។ ជម្រើសរបស់យើងត្រូវគិតគូរឲ្យបានច្បាស់ តើយើងហ៊ានលះបង់នូវស្ថានភាពដី ២ ទៅ ៣ ពាន់ហិកតា ដើម្បីទាញយកភ្លើងបម្រើឲ្យទូទាំងប្រទេស សម្រាប់បង្កើតការងារឲ្យមនុស្សរាប់សែនរាប់ម៉ឺននាក់ ឬចូលដល់លាននាក់នោះឬទេ? ពួកបរិស្ថាននិយមជ្រុលមួយចំនួន ដែលតែងតែជំទាស់នឹងការអភិវឌ្ឍ ស្អីក៏ទាស់ដែរ។ វិធីតែមួយ គឺសូមនាំគ្នាផលិតចន្លុះ ជូនទៅដល់ផ្ទះពួកបរិស្ថានតែម្តង។ យកចន្លុះទៅប្រគល់ឲ្យគាត់ ហើយកាត់ភ្លើងចេញពីផ្ទះគាត់តែម្តង កុំឲ្យគាត់ប្រើភ្លើង ព្រោះអ្នកឯងគិតតែម្ខាង។ ប៉ុន្តែដល់ពេលយកចន្លុះទៅឲ្យគាត់ គាត់ថាជ័រហ្នឹងបានពីណា? បានមកពីចោះគល់ឈើ។ អញ្ចឹងបានសេចក្តីថា អ្នកដែលជំទាស់ គឺជំទាស់រហូត គ្មានការលើកទឹកចិត្តទេ។
ឥឡូវ តើហ៊ានដូរទេ? រុស្ស៊ីបានសន្យាជួយផលិត(ថាមពលអគ្គិសនីដើរ)ដោយអាតូមិច។ ថ្ងៃមុននាយករដ្ឋមន្រ្តីរុស្ស៊ីមកទស្សនកិច្ច … ដែលថ្ងៃក្រោយនឹងផលិតអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរបរិមាណូ។ (តើយើង)ហ៊ាន(ទទួលឬ)អត់? ច្បាស់ជាមានបាតុកម្មទ្រង់ទ្រាយធំប្រឆាំងតែម្តង។ មិនមែនត្រឹមតែប្រជាជនកម្ពុជាទេប្រឆាំង ថៃក៏ប្រឆាំង វៀតណាមក៏ប្រឆាំងដែរ ព្រោះក្រែងលោផ្ទុះនៅកម្ពុជា រាលដាលដល់ថៃ រាលដាលដល់វៀតណាម រាលដាលដល់ឡាវ។ ជប៉ុនទើបតែផ្ទុះឆ្នាំ ២០១១, រុស្ស៊ី ១៩៨៥ កាលពីអតីតសហភាពសូវៀត នៅ Chernobyl ។
តម្រូវការអគ្គិសនីគ្រប់កន្លែងទូទាំងប្រទេស
នៅយប់ថ្ងៃបង្ហើយបុណ្យអុំទូក សំពះព្រះខែ អកអំបុក គ្រាន់តែមិនបានអុំទូកតែប៉ុណ្ណឹងទេ។ ដោយសារព្រះច័ន្ទភ្លឺពេក ស្រាប់តែដាច់ភ្លើងឈឹងទៅ។ ហើយដាច់ហ្នឹង មិនមែនដាច់មួយភ្នំពេញទេណា ដាច់មួយប្រទេសដែលជាប់បណ្តាញជាតិ។ អញ្ចឹងខ្ញុំព្រះករុណាខ្ញុំ អត់ដឹងហៅទូរទស្សន៍ណាមកផ្សាយ អញ្ចឹងលេងតាមហ្វេសប៊ុក live ផ្ទាល់តែម្តង ទូរទស្សន៍ណាចាប់យកបានក៏យកទៅ ព្រោះយប់ហើយ ដើម្បីសូមអភ័យទោសពីសំណាក់ប្រជាពលរដ្ឋ អំពីមូលហេតុដែលនាំអោយមានការដាច់ភ្លើង។ មានម្នាក់ comment ភ្លាមថា សំណាងល្អដែលនាយករដ្ឋមន្រ្តីរុស្ស៊ីចេញផុត កុំអីខ្មាសគេ មិនដឹងយកមុខទៅទុកឯណាទេ។ អញ្ចឹង ខ្ញុំព្រះករុណាខ្ញុំ ក៏បានឆ្លើយតបភ្លាមថា នាយករដ្ឋមន្រ្តីរុស្ស៊ីមិនសើចជាមួយយើងទេ ដោយសាររុស្ស៊ីធ្លាប់ផ្ទុះនូវអគ្គិសនី ដែលដើរដោយថាមពលនុយក្លេអ៊ែរនៅ Chernobyl ហើយរឿងដាច់អគ្គិសនីនេះ មិនមែនតែកម្ពុជាទេ (ធ្លាប់)ដាច់(អគ្គិសនីនៅ)ជាង ៥០ លានផ្ទះ នៅកាណាដា ហើយបានទាញដល់អាមេរិក ព្រោះ(វាមាន)ទំនាក់ទំនងអគ្គិសនី(រវាងប្រទេសទាំង២)នេះ។ ជប៉ុនក៏ទើបនឹងដាច់ដែរ។ អញ្ចឹងបាន ពេលនោះឲ្យ កែវ រតនៈ ពន្យល់ភ្លាមទៅប្រជាពលរដ្ឋ។
អញ្ចឹងទេ តម្រូវការអគ្គិសនីរបស់កម្ពុជាមានការកើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ព្រោះឥឡូវ ផ្ទះមួយណាក៏ត្រូវការ(អគ្គិសនី)ដែរ។ ឥឡូវនេះ សូម្បីកន្លែងដែលអគ្គិសនីបណ្តាញរដ្ឋទៅមិនទាន់ដល់ ឲ្យវិស័យឯកជនធ្វើ ៣០០០ រៀល/គីឡូវ៉ាត់ ក៏គាត់នៅតែបង់ ២៥០០ រៀល/គីឡូវ៉ាត់ ក៏នៅតែបង់ ប៉ុន្មានក៏នៅតែបង់ ឲ្យតែបានភ្លើង។ ហើយបើមិនអញ្ចឹងទេ គាត់មានម៉ាស៊ីនភ្លើងរបស់គាត់ គាត់បញ្ឆេះបំភ្លឺផ្ទះរបស់គាត់ហ្នឹង។ អស់ប្រេងមិនចេះតិច។ ខ្ញុំព្រះករុណាខ្ញុំ អរគុណណាស់ ហើយយើងមានដៃគូដ៏ល្អ នៅក្នុងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន។ នៅកម្ពុជាយើងនេះ ចិនបានផលិតនូវវារីអគ្គិសនីគិរីរម្យ ១ គិរីរម្យ ៣ កំចាយ តាតៃ អាតៃ ឫស្សីជ្រុំ និងសេសាន។ ឥឡូវនេះ នៅសល់តែសេសានទេ ដែលមិនទាន់បញ្ចេញភ្លើង ប៉ុន្តែ ៦ ហើយដែលបានបញ្ចេញ បូកជាមួយបណ្តាញចែកចាយបន្ថែមមួយទៀត នៅសល់ទី ៧ ដែល(មានអានុភាព)រហូតទៅដល់ ៤០០ មេហ្កាវ៉ាត់ ដែលត្រូវបញ្ចេញភ្លើងនៅឆ្នាំ ២០១៧។
តម្រូវការកើនឡើង (ដោយសារតែការ) រៀបការមួយគូ ត្រូវការបែកបន្ទប់ មិននៅដេកជាមួយគេឯងបានឯណាទៀត។ គាត់ត្រូវការដេក ២ នាក់គ្នាគាត់ ទើបនឹងរៀបការហើយ។ សម្រាប់អ្នកទីក្រុង ទីប្រជុំជន ត្រូវការម៉ាស៊ីនត្រជាក់ កង្ហារអីណោះ។ សិប្បកម្ម មុខរបរផ្សេងៗ ដែលប្រជាពលរដ្ឋបានបង្កើត ត្រូវការអគ្គិសនីទាំងអស់។ ឥឡូវនេះ តំបន់គ្របដណ្តប់ទៅដោយភ្លើងរដ្ឋមានចំនួនរហូតទៅដល់ ៥៥% នៃចំនួនដែលភ្លើងរដ្ឋបានគ្របដណ្តប់ ភូមិចំនួន ៦៦,៥៥% នៃភូមិទូទាំងប្រទេស ហើយត្រូវជា ១.៧៥១.៧៩៧ កន្លែង ដែលត្រូវជា ៥៥% នៃខ្នងផ្ទះរបស់ប្រជាពលរដ្ឋ។
សកម្មភាពតចរន្តអគ្គិសនីចូលទៅដល់បន្ទប់ជួលបានចំនួន ១៩២.៦៦៨ បន្ទប់
តាមរយៈនៃសកម្មភាពដែលបានដាក់ចេញ ដែលខ្ញុំសុំយកឱកាសនេះ អរគុណចំពោះ និងកោតសរសើរចំពោះក្រសួង ជាពិសេសក្រុមហ៊ុនអគ្គិសនីកម្ពុជា ដែលបានតចរន្តអគ្គិសនីចូលទៅដល់បន្ទប់ជួលរបស់កម្មករ-កម្មការិនី សិស្ស និស្សិត ចំនួន ១៩២.៦៦៨ បន្ទប់ ដែលប្រើក្រោម ៥០ គីឡូវ៉ាត់ ក្នុងមួយខែ បង់ត្រឹមតែ ៦១០ រៀលតែប៉ុណ្ណោះ។ រឿងនេះ មិនមែនបានត្រឹមតែជាមួយនឹងកម្មករតាមរោងចក្រនោះទេ កម្មករ/ការិនី ធ្វើការក្រៅប្រព័ន្ធ ក៏ទទួលបានផលប្រយោជន៍ដែរ។ ខ្ញុំបានសួរពួកគេធ្វើការនៅកន្លែងវាយកូនគោល គេថា អ៊ំ ពីមុនខ្ញុំបង់ ១៨០០ រៀល ឯណោះ ឥឡូវ ខ្ញុំបង់តែ ៦១០ រៀល។ អញ្ចឹងទេ ប្រាក់ខែដែលយើងតម្លើងឲ្យកម្មករ/ការិនី កាត់ដេរក្តី ឬធ្វើការក្រៅប្រព័ន្ធ ដែលមិនមែនជាការកាត់ដេរក្តី នឹងទទួលបានផលប្រយោជន៍ពិត។ កាលពីមុន ម្ចាស់ផ្ទះគាត់តម្លើងថ្លៃផ្ទះ អាហ្នឹងរឿងមួយហើយ ប៉ុន្តែ រឿងមួយទៀត ភ្លើងគាត់ទិញពីរដ្ឋតម្លៃប៉ុណ្ណេះ តែគាត់ឲ្យកម្មករបង់មួយជាពីរ ឬមួយជាបី។ ទឹកក៏ដូចគ្នាដែរ។ យើងបានដោះស្រាយទាំងភ្លើង ទាំងទឹក ឲ្យកម្មករ-កម្មការិនី សិស្ស និស្សិត ឬក៏អ្នកដែលមកជួលផ្ទះនៅទីក្រុងភ្នំពេញតាមតម្លៃមួយ ដែលទទួលយកបាន ហើយដែលកម្មករ-កម្មការិនី ទទួលផលប្រយោជន៍ពីការទម្លាក់ថ្លៃអគ្គិសនី និងការតភ្លើងរដ្ឋចូលទៅផ្ទះកម្មករឲ្យគាត់ប្រើប្រាស់។
អនុសាសន៍ ទី ១៖ ពង្រីកបណ្តាញចែកចាយ
ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ ផ្តល់ជាចំណុចបង្ហាញផ្លូវជាក្របខណ្ឌ។ ការពិត អាជ្ញាធរអគ្គិសនី ក្រសួងរ៉ែ និងថាមពល និងក្រុមហ៊ុនអគ្គិសនី មានគោលដៅរួចទៅហើយ ក៏ប៉ុន្តែ ខ្ញុំព្រះករុណាខ្ញុំ ចង់ជូនសារ និងបញ្ជាក់បន្ថែមអំពីការងារ ដែលត្រូវធ្វើក្នុងវិស័យអគ្គិសនី។ ទន្ទឹមនឹងការកសាងនូវវារីអគ្គិសនី និងរោងចក្រអគ្គិសនី នៅកន្លែងនេះ កន្លែងនោះ មានកិច្ចការងារ ៣ ដែលចាំបាច់ត្រូវធ្វើ៖
ទី១ ពង្រីកបណ្តាញចែកចាយ។ នេះជាចំណុចដែលត្រូវធ្វើ ព្រោះបើគ្រាន់តែផលិតអគ្គិសនី ហើយយើងពុំមានបណ្តាញចែកចាយ វាមិនខុសពីការផលិតរថយន្ត ហើយពុំមានផ្លូវបើកនោះទេ។ វាត្រូវទៅទន្ទឹមគ្នាតែម្តង។ សង្ឃឹមថា មិត្តចិននឹងឲ្យខ្ចីប្រាក់ថែមទៀត ដើម្បីនឹងតបណ្តាញអគ្គិសនី ព្រោះបើមិនអញ្ចឹង ផលិតទៅមិនដឹងថាយកទៅណា។ មានកុងត្រាជាក់លាក់ណាស់។ (ក្រុមហ៊ុន)ផលិត យើងត្រូវតែទិញគាត់ឲ្យអស់ បើមិនទិញទេ ត្រូវសងគាត់។ ដើម្បីចៀសវាងការសងគាត់ ហើយប្រើប្រាស់អគ្គិសនីឲ្យបានអស់ យើងត្រូវតែទិញគាត់ឲ្យអស់ (ដែលចាំបាច់) គឺតម្រូវការឲ្យមានទុន។ សូមអំពាវនាវចំពោះដៃគូអភិវឌ្ឍ ក្នុងហ្នឹងមានសាធារណរដ្ឋប្រជាមានិតចិន (ហើយ)ក៏បានខ្ចីពីឥណ្ឌាដើម្បីត(អគ្គិសនី)ពីស្ទឹងត្រែងមកក្រចេះ និងវិស័យឯកជន ដើម្បីតភ្ជាប់ពីក្រចេះមកកំពង់ចាម ពីកំពង់ចាមមកភ្នំពេញ ឲ្យការពង្រីកទាំងបណ្ដាញជាតិ និងបណ្ដាញចែកចាយថ្នាក់ក្រោមជាតិទៅកាន់មូលដ្ឋាន។ បណ្ដាញជាតិក៏ត្រូវតែពង្រីក ឥឡូវវាមាននៅសល់ខេត្តមួយចំនួនដែលត្រូវតែតម្រង់ឆ្ពោះទៅ។ ប៉ុន្តែដើម្បីតទៅដល់ភូមិប្រជាពលរដ្ឋ ត្រូវប្រើប្រាស់ដើមទុនតបណ្ដាញទៅដល់ភូមិ ដើម្បីបញ្ឈប់នូវស្ថានភាពដែលឯកជនផលិតភ្លើង ហើយដែលលក់ថ្លៃខ្ពស់ឲ្យប្រជាពលរដ្ឋ (សំដៅ)កាត់បន្ថយបណ្ដើរៗ(ការផ្គត់ផ្គង់អគ្គិសនី)ឯកជន។ យើងត្រូវធ្វើការសហការជាមួយនឹងវិស័យឯកជនដែលគាត់វិនិយោគបណ្តាញនៅហ្នឹងស្រាប់។ ពីមុន អ្នកឯងមានម៉ាស៊ីនខ្លួនឯងផ្សេង ឥឡូវអ្នកឯងយកភ្លើងពីរដ្ឋទៅ ដូច្នេះ(ត្រូវគិតគូរពី)តម្លៃឡើងវិញ។
អនុសាសន៍ ទី ២៖ ពង្រឹងបណ្ដាញអគ្គិសនីជាតិ
កិច្ចការទី ២ ត្រូវពង្រឹងបណ្ដាញជាតិ។ ថ្ងៃមុនយើងជួបប្រទះម្ដងហើយ ដោយសារបណ្ដាញជាតិរបស់យើងទន់ខ្សោយ បានជាគ្រាន់តែដាច់(អគ្គិសនីពីវៀតណាម)គ្រឹប វាទាញបណ្ដាញទូទាំងប្រទេស ឲ្យដាច់(អគ្គិសនី)។ ថ្ងៃហ្នឹង ម៉ោង ៣ (ទាបភ្លឺ)ជាងហើយ ខ្ញុំមិនទាន់ដេកទេ។ មានអ្នកនៅទល់ដែន ខាងម៉ាឡៃ បានឃើញហ្វេសបុករបស់ខ្ញុំបង្ហោះទៅ និងផ្សាយផ្ទាល់ (Live) ក៏ comment មកថា លោកអ៊ំ ខាងខ្ញុំនេះ អត់មានដាច់ភ្លើងទេ។ មានអ្នកខាងសៀមរាប អ្នកខាងជ្រោយចង្វារ គេចូលមក comment ថា ភ្លើងផ្ទះខ្ញុំឆេះវិញហើយ កុំអីកូនខ្ញុំដេកមិនបានទេ។ យើងត្រូវតាមដានសភាពការណ៍ហ្នឹង ហើយចេះតែសួរជាបន្តបន្ទាប់ទៅកន្លែងណាមាន(ភ្លើងវិញ និងមិនទាន់មានភ្លើង) ព្រោះវាបានកើតនៅទូទាំងប្រទេសបែបនេះ។
ហេតុអ្វីបានជាយើងចង់ធ្វើខ្សែបណ្ដាញអគ្គិសនី? យើងធ្វើតាមផ្លូវជាតិលេខ ៣ តភ្ជាប់ពីខេត្តព្រះសីហនុ ទៅកំពត ហើយទាញចូលភ្នំពេញ តែយើងចង់មានបណ្ដាញមួយទៀត ពីតាមផ្លូវជាតិលេខ ៤ ពីភ្នំពេញ-កំពង់ស្ពឺ ទៅកំពង់សោម ដើម្បីធានាថា បើដាច់(អគ្គិសនី)កន្លែងណាមួយ គឺបញ្ជូន(អគ្គិសនី)តាមអាមួយទៀត។ នេះគេហៅថា ការពង្រឹងបណ្ដាញជាតិ។ សូមលោកជំទាវអគ្គរដ្ឋទូតចិន ប៊ូ ជាំងគួ ជំរាបឯកឧត្តម ស៊ី ជិនពីង ក៏ដូចជាឯកឧត្តម លី ខឺឈាង ផងថា អាណិតកម្ពុជាផងកម្ពុជាត្រូវការទុនថែមទៀត។ ទៅបារាំង ក៏បានចុះហត្ថលេខាជាមួយបារាំង បានលុយ ១០០ លានដុល្លារ ដើម្បីតភ្ជាប់ពីកំពង់សោម និងតាតៃផង។ យើងដើររកទុនគ្រប់កន្លែងហ្នឹង។
អនុសាសន៍ ទី ៣៖ ធ្វើឲ្យប្រជាពលរដ្ឋប្រើប្រាស់អគ្គិសនីក្រោម ៥០ គីឡូវ៉ាត់ ទទួលបានថ្លៃទាប
ឯចំណុចទី ៣ គឺជាចំណុចដែលមានសារសំខាន់ ប៉ះពាល់ផ្ទាល់ជាមួយនឹងជីវភាពរបស់ប្រជាពលរដ្ឋ។ ត្រូវអនុវត្តកម្មវិធីដែលមានរួចហើយឲ្យបាន ក្នុងការបញ្ចុះថ្លៃភ្លើងជាបន្តបន្ទាប់។ នៅប្រទេសមួយចំនួន គឺចាប់ផ្ដើមឡើងថ្លៃភ្លើង បានសេចក្ដីថា ធ្វើពីកាំជណ្ដើរទីមួយ ទៅកាំជណ្ដើរទីពីរ, ទីបី ឯយើងធ្វើពីកាំជណ្ដើរទី ៩ ចុះមកទី ៨, ទី ៧, ទី ៦ រហូតចុះមកដល់ទី ៣។ ខិតខំធ្វើអាហ្នឹង។ តម្លៃអគ្គិសនីទាក់ទងនឹងការប្រកួតប្រជែងអំពីផលិតកម្ម ហើយក៏ពាក់ព័ន្ធនឹងជីវភាពរបស់ប្រជាពលរដ្ឋ។ នៅពេលណាមួយនោះ តម្លៃអគ្គិសនីនឹងផ្ដល់ផលប្រយោជន៍ឲ្យប្រជាពលរដ្ឋរបស់យើង ជាពិសេសប្រជាពលរដ្ឋដែលប្រើប្រាស់ក្រោម ៥០ គីឡូវ៉ាត់។ ឥឡូវនេះ អ្នកដែលទទួលបានផលប្រយោជន៍មុនគេ គឺកម្មករ-កម្មការិនីនៅទីក្រុងភ្នំពេញ ហើយបន្ទាប់ទៅ នឹងអាចរាយទៅតាមតំបន់ទីប្រជុំជនមួយចំនួនទៀត ដែលមានកម្មករ-កម្មការិនីស្នាក់នៅ។ យើងកំពុងគិតថា ធ្វើយ៉ាងម៉េចអ្នកដែលប្រើប្រាស់ក្រោម ៥០ គីឡូវ៉ាត់ នឹងបង់តម្លៃទាបជាងអ្នកដែលប្រើខ្ពស់។ អ្នកដែលប្រើខ្ពស់ ធម្មតាជាអ្នកមានលុយ។ អ្នកដែលមិនសូវមានលុយប្រើតិច។ ដូច្នេះយើងឲ្យអ្នកប្រើតិចទទួលបានផលច្រើន។
កម្ពុជាកំពុងមានសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ
ដោយសារ … ព្រះមហាក្សត្រជាទីសក្ការរបស់យើងត្រៀមហោះចេញពីវៀងចន្ទន៍ ត្រឡប់មកទីក្រុងភ្នំពេញហើយ ខ្ញុំត្រូវតែប្រញាប់ប្រញាល់ដើម្បីឡើងឧត្ថម្ភាគចក្រ ទៅចុះនៅពោធិ៍ចិនតុង(អាកាសយានដ្ឋានភ្នំពេញ) ដូរខោអាវភ្លាម ដើម្បីទទួលព្រះរាជដំណើររបស់ព្រះមហាក្សត្រ។ បើនាយករដ្ឋមន្រ្តីស្ថិតនៅក្នុងប្រទេស ហើយព្រះមហាក្សត្រយាងមកពីក្រៅប្រទេស អវត្តមាននាយករដ្ឋមន្រ្តី គឺជាការលំបាកមើលណាស់ នៅក្នុងក្របខណ្ឌជាខ្លឹមសារផង និងក្នុងក្របខណ្ឌពិធីការផង។ ខ្ញុំព្រះករុណាខ្ញុំ សូមនិយាយប៉ុណ្ណឹងទៅចុះ ហើយគិតថា ចំណងដៃថ្មីនៅមុនដាច់ឆ្នាំ ២០១៥ នេះ គឺប្រជាពលរដ្ឋ មិនគ្រាន់តែអ្នកខេត្តកោះកុងទេដែលទទួល(អគ្គិសនី) ប៉ុន្តែយើងរុញ(អគ្គិសនី)ចេញតាមខេត្តពោធិ៍សាត់ ហើយតាមរយៈពោធិ៍សាត់នោះហើយ ដែលយើងចែកចាយ(អគ្គិសនី)ទៅបាត់ដំបង ទៅបន្ទាយមានជ័យ ទៅសៀមរាប ចាក់ចូលទៅភ្នំពេញ និងចែកទៅបណ្ដាខេត្តដទៃទៀត (វារីអគ្គិសនី)កន្លែងហ្នឹងមិនមែនប្រើតែម្ដុំហ្នឹងអស់ទេ។ ២៤៦ មេហ្គាវ៉ាត់ ធំណាស់ ច្រើនណាស់ មិនមែនតិចទេ។
ខ្ញុំព្រះករុណាខ្ញុំ អត់មានសារនយោបាយអីទេ។ សារនយោបាយធំជាង គឺកម្ពុជាកំពុងមានសន្តិភាព អត់មានវិបត្តិនយោបាយអីទាំងអស់។ អ្នកដែលចាត់ទុកថាមានវិបត្តិ គឺវិបត្តិផ្ទាល់ខ្លួន។ ឯអ្នកកំពុងសប្បាយ គឺប្រជាពលរដ្ឋមួយប្រទេស។ (ដូចយ៉ាង)កម្មវិធីសម្ពោធ(នេះ) មានខកខានដោយមនុស្សម្នាក់ ឬពីរនាក់ឯណា។ អ្នកជាប់គុកពីការប្រព្រឹត្តបទល្មើស គឺជាប់គុកទៅ … ខ្ញុំព្រះករុណាខ្ញុំ មិនមានសារនយោបាយ គ្រាន់តែបញ្ជាក់ថា កម្ពុជាកំពុងមានសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ៕