មិនចូលចិត្តសន្យា ប៉ុន្តែចូលចិត្តការព្រមព្រៀង និងការអនុវត្ត
ថ្ងៃនេះតាយាយមកជួបចៅៗទៀតហើយ។ តាមការដែលយើងបានព្រមព្រៀងគ្នា តាមិនចូលចិត្តនិយាយរឿង សន្យាទេ ប៉ុន្តែយើងចូលចិត្តនិយាយការព្រមព្រៀងគ្នា និងអនុវត្តនូវការព្រមព្រៀង។ គេអាចសន្យាហើយ មិនធ្វើក៏បានដែរ។ ប៉ុន្តែសម្រាប់ការព្រមព្រៀងគ្នា គឺភាគច្រើនគេអនុវត្ត។ មានករណីខ្លះ គេមិនអនុវត្តទេ។ គេព្រមព្រៀងថា គេមិនធ្វើអីយើងទេ ចេញផុតពីយើង គឺគេវ៉ៃយើង ក៏មានករណីខ្លះដែរ។ ប៉ុន្តែ សម្រាប់តា និងយាយ និងចៅៗបានព្រមព្រៀងគ្នាថា ក្នុងមួយឆ្នាំ យើងជួបគ្នា ២ ដង។ កាលពីខែ មេសា យើងបានជួបជុំគ្នាម្តងហើយ។ អញ្ចឹងឥឡូវនេះ ជិតដាច់ឆ្នាំ យើងជួបជុំគ្នាម្តងទៀត។ ចាត់ទុកថា ថ្ងៃនេះបានមកសងបំណុលចៅៗ គឺបំណុលសម្រាប់ឆ្នាំ ២០១៥ ប៉ុន្តែនៅបន្តជំពាក់បំណុលឆ្នាំ ២០១៦, ២០១៧, ២០១៨ និងចេះតែតៗទៅទៀត ព្រោះដឹងតែក្នុងមួយឆ្នាំ ២ ដងៗ ដែលយើងត្រូវជួបគ្នា។
បណ្តាញទំនាក់ទំនងសង្គមមិនមែនសម្រាប់តែមនុស្សពេញលក្ខណៈទេ ជនពិការក៏អាចប្រើបានដែរ
ថ្ងៃនេះតាយាយក៏រីករាយបានជួបចៅៗ ហើយឃើញការរីកធំធាត់របស់ចៅៗទាំងអស់ ពីមួយឆ្នាំទៅមួយឆ្នាំ តាំងពីចៅខ្លះរាងតូចច្រម៉ក់ មកជួបហាក់ដូចជាបានដកកម្ពស់។ ខ្ញុំគិតថា រឿងនេះគួរនិយាយ។ មានមេដឹកនាំមួយចំនួន មន្ត្រីមួយចំនួន អត់ចេះប្រើបច្ចេកវិទ្យាព័ត៌មានទេ សូម្បីតែបញ្ជូនសារទៅតាមការផ្ញើសារ ការបញ្ជូនតាម Whatsapp, Telegram, Line ស្អីៗ អត់ចេះទេ កុំនិយាយដល់ Facebook ឬ twitter។ ប៉ុន្តែឥឡូវនេះ អម្បាញ់មិញនេះ ក្មួយៗ ចៅៗនេះ ដែលពិការភ្នែកនេះ ចេះលេង Facebook ហើយមាន comment មាន like អីឲ្យតា។ ដល់ពេលយើង live ផ្ទាល់ទៅ គាត់ស្តាប់បានសម្លេងដែរ ប៉ុន្តែម្យ៉ាងទៀតគាត់មាន program របស់គាត់ថា ភាសាខ្មែរគាត់អត់ទាន់មាន program គាត់មានជាភាសាអង់គ្លេស។ ឆ្ងាញ់ត្រង់ហ្នឹង។ បានសេចក្តីថា រឿងទំនាក់ទំនងសង្គមនេះ មិនមែនគ្រាន់តែសម្រាប់មនុស្សមិនពិការទេ ប៉ុន្តែបញ្ហាស្ថិតនៅត្រង់ថា បើយើងគ្មានការបណ្តុះបណ្តាល គ្មានការយកមកហ្វឹកហាត់ យកមកចិញ្ចឹមបីបាច់ថែរក្សាទេ ក្មួយៗ ចៅៗមិនអាចមានភ័ព្វសំណាងអាចចេះអក្សរ ឬក៏អាចចេះទៅប្រើនូវព័ត៌មានវិទ្យា ជាកុំព្យូទ័រទេ។
សូមកុំប្រមាថជនពិការបន្តទៀត, បើមានការប្រើពាក្យសំដីមិនសមរម្យនឹងអប់រំត្រឡប់ទៅវិញ
មានរូបភាពមួយចំនួន មានសំដីមួយចំនួន ដែលសូមអំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើងផ្តល់ការអាណិតអាសូរ ផ្តល់ការស្រឡាញ់ចំពោះជនពិការ។ តាបានប្រើពាក្យថា ខ្លួនយើង ខ្លួនគេ កូនយើង កូនគេ បងយើង បងគេ ប្អូនយើង ប្អូនគេ ។ល។ អញ្ចឹងតាទទួលការប្រមាថវាគ្រប់គ្រាន់ណាស់ទៅហើយ ដែលគេហៅតាថា អាខ្វាក់។ ត្រឹមតែខូចភ្នែកម្ខាង ហើយធ្វើដល់នាយករដ្ឋមន្ត្រី គេជេរអាខ្វាក់។ នេះជាការប្រមាថមួយធ្ងន់ណាស់។ ឥឡូវនេះ ក្នុងទំព័រ Facebook របស់តា តាបានប្រាប់ក្រុមអ្នកជំនួយការទាំងអស់ នៅពេលដែលគេចូលមកជេរអាខ្វាក់ គឺសុំរក្សាទុក អត់មានឲ្យដកចេញទេ។ ទុកភាសាអាខ្វាក់នេះ រួចហើយយើងធ្វើការអប់រំគេត្រឡប់ទៅវិញថា ក្មួយ ឬកូន ឬចៅ កុំប្រើភាសានេះតទៅទៀត។ បើសិនករណីនេះធ្លាក់ទៅលើជាចៅ ជាក្មួយខ្វាក់វិញ ពិការវិញ តើក្មួយមានការឈឺចាប់ទេ? ខ្ញុំចង់ប្រើប្រាស់នូវវិធីអប់រំតាមរយៈប្រព័ន្ធទំនាក់ទំនងសង្គមត្រឡប់ទៅវិញ។ អោយចូលមកចុះ សូមអញ្ជើញចូលមកជេរមក ហើយអត់ប្រឡេះចេញទេ ឲ្យជេររួចហើយ គឺយើងផ្តល់ការអប់រំទៅឲ្យគេវិញ។ ឪពុកម្តាយរបស់គេ ក៏មិនចង់ឲ្យកូនមានភាពទំនើង ឬក៏គ្មានគុណធម៌ រហូតដល់ជេរអាកំបុត អាកំបាក់ មីខ្វាក់ មីខ្វិន អាខ្វាក់អីអញ្ចេះអញ្ចុះទេ។ ជារឿងមួយអកុសលណាស់។ ហើយការអប់រំក្មេងទៅតាមផ្លូវនេះ មនុស្សចាស់ក្តី ក្មេងក្តី ដែលចេះជេរបញ្ចោរ គឺមិនមែនជាក្មេងដែលមានអនាគត ហើយនឹងអាចក្លាយទៅជាមេដឹកនាំ ឬក៏ជាពលរដ្ឋដ៏ល្អនោះទេ។
ស្នើសុំដល់កុមារគថ្លង់បន្តខិតខំការរៀនសូត្រ
កន្លងទៅនេះ មានជនពិការរបស់យើងមួយចំនួនបានចូលរួមធ្វើការងារ ហើយរៀនដល់បរិញ្ញា បរិញ្ញាជាន់ខ្ពស់ផងដែរ។ មានមួយឥឡូវទើបនឹងចូលបានទៅក្រសួងការបរទេស។ ថ្ងៃនេះ យើងអវត្តមានមួយចំនួន ប៉ុន្តែ ពួកគេមានការងារធ្វើអស់ហើយ។ សង្ឃឹមថាចៅៗនឹងបន្តការខិតខំរៀនសូត្រ ទាំងគ-ថ្លង់ ទាំងពិការភ្នែក។ យើងជួបជុំគ្នានៅថ្ងៃនេះ ប៉ុន្តែក៏មានមណ្ឌល ៣ ផ្សេងទៀត នៅសៀមរាប ឯកឧត្តម ទៀ បាញ់ និងលោកជំទាវ នៅឯបាត់ដំបង សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ នៅឯកំពង់ចាម ឯកឧត្តម ខៀវ កញ្ញារិទ្ធិ និងលោកជំទាវជួយផ្គត់ផ្គង់តាមថែទាំ។ ប៉ុន្តែធម្មតា យើងមានការជួបជុំគ្នានៅទីនេះ ប៉ុន្តែ ទោះជាយ៉ាងណា Arminjon ត្រូវតែពិភាក្សាជាមួយនឹង ក្រសួងអប់រំ យុវជន និងកីឡា។ កន្លងទៅយើងបានបញ្ចូលគ្រូអស់ហើយ ឥឡូវបន្តការងារយ៉ាងម៉េច អីយ៉ាងម៉េចទៀត ការជួបជុំគ្នាយ៉ាងម៉េចទៀត យើងនឹងបន្តកាងារជាមួយគ្នាបន្តទៅទៀត ទៅតាមអ្វី ដែលយើងបានព្រមព្រៀងជាមួយគ្នា នៅក្នុងក្របខណ្ឌនៃការគ្រប់គ្រង។
ការចូលរួមនៅក្នុងថ្ងៃនេះ ក៏មាន(មណ្ឌល)ផ្កាម្លិះមកដែរ។ ថ្ងៃមុន យើងសម្ពោធ(អាគារ)នេះទៅជាមណ្ឌលម្លិះ ហើយថ្ងៃ ២៥ នេះ ខ្ញុំនឹងកំដរប្រពន្ធខ្ញុំទៅអង្គការសង្រ្គោះជនអស់សង្ឃឹម។ ថ្ងៃនេះ យើងជួបជុំដល់ច្រើនកន្លែង (ផ្កាម្លិះ ASPECA) សរុបទាំងអស់ចៅៗ ៩៥៤ នាក់ ដែលយើងបានមកជួបជុំគ្នានេះ។ កុមារពិការភ្នែក គ-ថ្លង់ ភ្នំពេញថ្មី ២៥៥ នាក់ ក្នុងនោះកុមារ ២០៥ នាក់ គ្រូ និងបុគ្គលិក ៥០ នាក់ បានសេចក្តីថា នេះសរុបទាំងគ្រូ ទាំងសិស្សហើយ កុមារពិការ-គ-ថ្លង់ ១១៦ នាក់ ចែកចេញជាកុមារចំនួន ១០៣ នាក់ គ្រូ និងបុគ្គលិក ៤៩ នាក់។ មណ្ឌលកុមារកំព្រាភ្នំពេញថ្មី ASPECA ចំនួន ៨៨ នាក់ ក្នុងនោះ កុមារ ៧២ នាក់ គ្រូ និងបុគ្គលិក ១៦ នាក់, អគារផ្កាម្លិះចិត្តសាស្រ្តសង្គមចំនួន ៣៣៥ នាក់ ក្នុងនោះកុមារ ២៧០ នាក់ និងគ្រូ/បុគ្គលិក ៦៥ នាក់។ ផ្ទះអចិន្ត្រៃយ៍ខ្ពកវែង តាខ្មៅ ចំនួន ៩ នាក់ ក្នុងហ្នឹងគឺកុមារ ៨ នាក់ គ្រូម្នាក់, មណ្ឌលកុមារងាយរងគ្រោះ ផ្សារដេប៉ូ ៣៣ នាក់ កុមារ ២៤ នាក់ គ្រូចំនួន ៩ នាក់។ មណ្ឌលកុមារងាយរងគ្រោះ ចំការមន ៣១ នាក់ កុមារ ២១ នាក់ គ្រូ និងបុគ្គលិកចំនួន ១០ នាក់។
មិនមែនជាការសន្យាទេ ប៉ុន្តែ ជាការព្រមព្រៀង និងអនុវត្តការព្រមព្រៀង
តាមធម្មតា មិនមែនគ្រាន់តែការជំពាក់នៅក្នុងមួយឆ្នាំ ២ ដងទេ ការពិតយើងជំពាក់គ្រប់តែខែហ្នឹង ដោយសារតែយើងបានផ្គត់ផ្គង់សម្រាប់ក្នុងមួយខែៗហ្នឹង គឺមានថវិកាផង មានអង្ករ សម្រាប់ជួយទ្រទ្រង់ទៅដល់កុមារកំព្រារបស់យើង ដើម្បីរួមចំណែកជាមួយនឹងគ្រួសារថ្មី។ ដែលខ្ញុំបានចូលពាក់ព័ន្ធជាមួយនឹងគ្រួសារថ្មី គិតមកដល់ពេលនេះ ខួបលើកទី ២០ ឆ្នាំ បានសេចក្តីថាតាំងពីឆ្នាំ ១៩៩៥ ម្ល៉េះ។ ឥឡូវ ២០១៥ ហើយ ២០ ឆ្នាំហើយ។ យើងបានធ្វើការជាមួយគ្នា ២០ ឆ្នាំហើយ។ មិនមែនជាការសន្យាទេ ប៉ុន្តែ ជាការព្រមព្រៀង និងអនុវត្តការព្រមព្រៀង។ ខុសគ្នាការសន្យា។ ប៉ុន្តែ ការព្រមព្រៀងក៏អាចផ្តាច់បានដែរ បើគេមិនអនុវត្តនោះ។ ច្រើនតែអ្នកនយោបាយទេ ដែលគេមិនអនុវត្តការព្រមព្រៀង ឬក៏មិនអនុវត្តការសន្យា។ ឯខ្ញុំមិនចូលចិត្តការសន្យា ប៉ុន្តែ ខ្ញុំអនុវត្តកិច្ចព្រមព្រៀង តែធ្វើកិច្ចព្រមព្រៀងហើយ អនុវត្តកិច្ចព្រមព្រៀង។ ខ្ញុំមិនមានផ្លែ មានផ្កាអ្វីទេ។ រឿងវាពិតវាអញ្ចឹង។
ជួយឲ្យស្មើៗគ្នា / កុំដាក់ឈ្មោះថា ជួយសង្គ្រោះអ្នកអស់សង្ឃឹម កែថា ជួយដើម្បីក្តីសង្ឃឹមវិញ
សូមអរគុណសប្បុរសជនទាំងឡាយបានចូលរួម ក្នុងការជួយទៅដល់មណ្ឌលកុមារកំព្រានៅទីនេះ ទាំងគ្រួសារថ្មី ទាំងផ្កាម្លិះ ហើយទាំង ASPECA។ ឥឡូវ ASPECA ជាមួយនឹងផ្កាម្លិះ នៅក្នុងមណ្ឌលជាមួយគ្នា។ ផ្កាម្លិះនេះ យើងដូចអត់បានជួយ។ ឥឡូវនេះ យើងជួយ ១ ខែប៉ុន្មាន? ៣ លាន អង្ករ ១ តោន។ ច្បារអំពៅដូចគ្នា។ ASPECA ថវិកា ១ លាន រៀល អង្ករ ៥០០ គីឡូក្រាម។ (អង្គការ)ផ្កាម្លិះ ក្រែងនៅនេះដែរ? យើងមិនបានជួយ? តែកាកបាទក្រហមជាអ្នកជួយឧបត្ថម្ភ។ អញ្ចឹងមិនចាំបាច់ខ្ញុំ(ជួយ)ទៀតទេ? (បើសម្តេចអាចបន្ថែមក៏ល្អ)។ អញ្ចឹង ខ្ញុំសុំថាផ្តល់ទៅ(អង្គការ)ផ្កាម្លិះ ព្រោះក៏មានចំនួន(កុមារ)ច្រើនដែរ ២៧០ នាក់ សូមជូនដូចគ្រួសារថ្មីនេះដែរ មួយខែ គឺថវិកា ៣ លាន និងអង្ករ ១ តោន ចាប់ពីខែហ្នឹងតទៅ។ បំណុលរបស់ខ្ញុំចេះតែកើន ហើយថ្ងៃ ២៥ មិនដឹងថាតើនឹងមានអីកើតឡើងនៅកន្លែង «ជួយសង្គ្រោះអ្នកអស់សង្ឃឹម» នោះទេ។ គិតថា គួរតែកែឈ្មោះទៅ? កុំថាជួយអ្នកអស់សង្ឃឹមអី ថាជួយដើម្បីក្តីសង្ឃឹមអីវិញទៅ។ ចាំបបួលគាត់ដូរឈ្មោះ កុំថាជួយអ្នកអស់សង្ឃឹមអញ្ចឹង វានៅតែអស់សង្ឃឹមរហូត។ គិតថាជួយដើម្បីឲ្យមានសង្ឃឹមដូចជាទំនងជាង តែចាំដល់ពេលនោះ ចាំជជែកជាមួយនឹងអង្គការរបស់គេនោះ។ យើងចាប់ផ្គត់ផ្គង់ចាប់ពីខែ ១ ទៅ គឺផ្គត់ផ្គង់មួយខែ អង្ករ ១ តោន ថវិកា ៣ លានរៀល ដូចមណ្ឌល(គ្រួសារថ្មី)នេះដែរ។ ខ្ញុំប៉ាវអង្ករ និងថវិកា ម៉ក់ ពេជ្ជរិទ្ធ ចេញទឹក និងភ្លើង។ មួយឆ្នាំ ដឹងតែយើងមកជួបជុំគ្នានៅកន្លែងហ្នឹង ២ ដង។
នៅតែអំពាវនាវឲ្យគ្រប់ស្ថានីយទូរទស្សន៍បន្ថែមភាសាគ ក្នុងកម្មវិធីព័ត៌មានប្រចាំថ្ងៃ ឬប្រចាំអាទិត្យ
សូមអរគុណចំពោះគណៈគ្រប់គ្រង ជាពិសេសអរគុណចំពោះថ្នាក់ដឹកនាំនៃអង្គការគ្រួសារថ្មី លោក Arminjon និងអ្នកទទួលខុសត្រូវដទៃទៀត ដែលបានខិតខំរួមចំណែកជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសង្គមកិច្ច ដែលបានធ្វើកិច្ចការដ៏ល្អ ឆ្លើយតបនឹងក្មួយៗ។ អរគុណគ្រូៗទាំងអស់ ដែលបានជួយមើលថែទាំក្មួយៗ។ មិនមែនជាការងាយស្រួលទេ ដែលបានបង្កើតនូវស្ថានភាពនេះឡើង។ សូមអរគុណចំពោះស្ថានីយទូរទស្សន៍មួយចំនួន ដែលបានដាក់កម្មវិធីភាសាគ ដើម្បីឲ្យក្មួយៗអាចមើលបាន។ អញ្ចឹង ក៏សូមអំពាវនាវជាបន្តៗទៀត ចំពោះស្ថានីយទូរទស្សន៍នានា បើសិនជាមិនអាចធ្វើព័ត៌មានប្រចាំថ្ងៃបាន អាចថាព័ត៌មានប្រចាំអាទិត្យក៏បានដែរ ដើម្បីយើងបង្កើនការបញ្ជូនព័ត៌មានឲ្យជនពិការ ជាពិសេស អ្នកគ-ថ្លង់របស់យើង។ ខាងពិការភ្នែកអាចស្តាប់លឺសម្លេងហើយ ប៉ុន្តែ បញ្ហាដែលលំបាក គឺភាសាគ អញ្ចឹងទេ គប្បីត្រូវប្រើប្រាស់ភាសាគទៅតាមការបញ្ជូនព័ត៌មានមកតាមស្ថានីយទូរទស្សន៍។
ខ្ញុំបានអំពាវនាវច្រើនលើកច្រើនសាហើយ ឃើញថា ស្ថានីយទូរទស្សន៍មួយចំនួនក៏បានធ្វើ ស្ថានីយទូរទស្សន៍មួយចំនួនក៏មិនបានធ្វើ។ ខ្ញុំក៏ដឹងដែរថា ស្ថានីយទូរទស្សន៍ទាំងនោះ មិនមែនបានសេចក្តីថា មិនចំណេញទេ មានប្រាក់ចំណេញ តែគេមិនធ្វើរឿងហ្នឹងគ្រាន់តែរំលឹក។ ខ្ញុំចង់ឲ្យក្មួយៗគ-ថ្លង់ទាំងឡាយអាចទទួលបានព័ត៌មានដូចគេដូចឯង ហើយអាចលើសអ្នកដែលមិនមើលព័ត៌មានផង។ កុំភ្លេចណា អ្នកខ្លះអត់មើលព័ត៌មាន អត់មើលទូរទស្សន៍ អត់មើលសារព័ត៌មានទេ ដល់ពេលគេនិយាយពីអីមួយ ធ្វើឡេងឡង់ៗ ព្រោះអត់មើលព័ត៌មាន។ អញ្ចឹង ខ្វះព័ត៌មាននេះ មានន័យថា បើថាធ្វើមេដឹកនាំ ធ្វើអត់កើតតែម្តង ព្រោះវាអត់មានព័ត៌មាន។
ពាំនាំអំណោយ
ខ្ញុំមិនចង់(និយាយទៀតទេ) ព្រោះអម្បាញ់មិញក្នួយៗ ធ្វើសញ្ញាអញ្ចេះហើយ(ភាសាដៃប្រាប់ថាឃ្លាន)។ ប៉ុន្តែមុនចូលដល់ឃ្លាន ក៏ត្រូវប្រាប់ឲ្យដឹងថា តើក្មួយទទួលបានអ្វីខ្លះនៅថ្ងៃនេះ? សម្រាប់កុមារពិការគ-ថ្លង់ កុមារកំព្រាសរុបទាំងអស់ ៧៤៤ នាក់ ក្នុងម្នាក់ៗ ទទួលបាន kit មួយកញ្ចប់ ដែលមាននំ ស្ករគ្រាប់ ទឹកក្រូច ទឹកសុទ្ធ ហើយនិងថវិកា ៥០.០០០ រៀល។ ជូនលោកគ្រូ អ្នកគ្រូ និងបុគ្គលិកសរុបទាំងអស់ ២១០ នាក់ ក្នុងម្នាក់ៗ kit មួយកញ្ចប់ និងថវិកា ១០០.០០០ រៀល។ សម្រាប់មណ្ឌលកុមារកំព្រា ភ្នំពេញថ្មី ASPECA, មណ្ឌលគាំពារកុមារតាខ្មៅ, មណ្ឌលផ្ទះអចិន្រៃ្តយ៍ខ្ពកវែងតាខ្មៅ, មណ្ឌលកុមារងាយរងគ្រោះផ្សារដេប៉ូ និងមណ្ឌលកុមារងាយរងគ្រោះចំការមន ទាំង ៥ មណ្ឌលនេះ ក្នុងមួយមណ្ឌលទទួលបាន មី ៥ កេស, ត្រីខ ២ កេស, ប៊ីចេង ២ គីឡូ, ស្ករស ៥ គីឡូ, ទឹកក្រូច ៥ កេះ, ទឹកបរិសុទ្ធ ៥ កេស និងថវិកា ២ លានរៀល សម្រាប់មណ្ឌលទាំង ៥ នេះ។ ឯសាលាកុមារគ-ថ្លង់ច្បារអំពៅ ទទួលបានមី ២០ កេស, ត្រីខ ៥ កេស, ប៊ីចេង ៥ គីឡូ, ស្ករស ២៥ គីឡូ, ទឹកក្រូច ២០ កេស, ទឹកសុទ្ធ ២០ កេស និងថវិកា ៣ លានរៀល។ សម្រាប់អាគារផ្កាម្លិះគាំទ្រចិត្តសាស្រ្តសង្គម និងសាលាកុមារពិការភ្នែក និងគ-ថ្លង់ភ្នំពេញថ្មី ក្នុងមួយមណ្ឌលៗទទួលបានមី ២០ កេស, ត្រីខ ៥ កេស, ប៊ីចេង ៥ គីឡូ, ស្ករស ២៥ គីឡូ, ទឹកក្រូច ២០ កេស, ទឹកសុទ្ធ ២០ កេស និងថវិកា ៥ លានរៀល។
ថ្ងៃនេះ មានការរៀបចំម្ហូបអាហារដល់ទៅ ១០០ តុ គិតថាយើងបាយនៅហ្នឹងដែរអី? សាកម្ដង? សាកមិនសាកខ្ញុំទៅអង្គុយស៊ីហើយ។ ឯកឧត្តម ប៉ា សុជាតិវង្ស និងលោកជំទាវ គាត់បានជួយរៀបចំផ្នែកថវិកា និងសំភារៈទាំងអស់នេះ។ ក្រៅពីនោះ គឺឯកឧត្តម ម៉ក់ ពេជ្ជរិទ្ធ បានរៀបចំជូនសម្រាប់ទាំងកុមារ ទាំងគ្រូ ចំនួន ៩៥៤ នាក់ ក្នុងម្នាក់ៗទទួលបានកន្សែងពោះគោខ្នាតធំមួយ។ ក្រៅពីនោះ ទទួលបន្ទុកលាបថ្នាំ ចំនួន ៥ អាគារ និងរៀបចំតបណ្ដាញទឹកនៅក្នុងសាលាកុមារពិការភ្នែក គ-ថ្លង់ ភ្នំពេញថ្មី។
សូមជៀសឆ្ងាយពីគ្រឿងញៀន និងបញ្ហាដែលសង្គមស្អប់ខ្ពើម / កុំជេរក្នុង Facebook
សូមជូនពរឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលបានមកចូលរួមថ្ងៃនេះ ហើយផ្ដល់នូវការអាណិតស្រលាញ់ជាមួយនឹងចៅៗ សម្រាប់ដំណើរការទៅមុខទៀត។ សង្ឃឹមថា ចៅៗនឹងខិតខំរៀនសូត្រឲ្យពូកែ។ ទោះបីយើងពិការ ក៏ប៉ុន្តែយើងគ្រាន់តែពិការរាងកាយទេ មិនពិការផ្លូវចិត្តទេ សូមឲ្យចៅៗប្រឹងប្រែង។ សូមជៀសវាងឲ្យខានតែបាននូវបញ្ហាទាក់ទងនឹងគ្រឿងញៀនក្ដី ឬក៏បញ្ហាអ្វីដែលមិនគប្បី ដែលសង្គមស្អប់ខ្ពើម។ បើទោះបីចៅៗ ចេះ comment ចៅកុំជេរគេឲ្យសោះ នាំតែបាប ហើយវាមិនមែនជាសីលធម៌សង្គមរបស់កម្ពុជានោះទេ។ ជាមួយនឹងការជួបជុំគ្នាជាថ្មីនេះ ហើយនិងនៅសល់ប៉ុន្មានថ្ងៃទៀត ដាច់ឆ្នាំសកលឆ្នាំចាស់ ២០១៥ ចូលឆ្នាំថ្មី ២០១៦ សូមឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាពិសេសចៅៗទាំងអស់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអរគុណ៕