ប្រជុំគណៈរដ្ឋមន្ត្រីលើកទី ២ ចំថ្ងៃខួបអនុស្សាវរីយ៍លើកទី ៦៥ នៃទំនាក់ទំនងការទូតកម្ពុជា-ថៃ
ខ្ញុំសូមសម្តែងនូវអំណរគុណចំពោះឯកឧត្តម នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ច័ន្ទអូចា ដែលបានទទួលខ្ញុំ និងសហការីក្នុងគណៈប្រតិភូ។ មិនមែនជាការចៃដន្យទេ ដែលការរៀបចំទស្សនកិច្ចផ្លូវការ ក៏ដូចជាការប្រជុំគណៈរដ្ឋមន្ត្រីលើកទី ២ ត្រូវចំខួបអនុស្សាវរីយ៍លើកទី ៦៥ នៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ និងជាផែនគ្រឹះនៃការរៀបចំមួយ ដើម្បីរំលេចឲ្យឃើញនូវកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងព្រះរាជាណាចក្រទាំងពីរ។
ខ្ញុំពិតជាមានមោទនភាព និងពេញចិត្តជាមួយនឹងវឌ្ឍនភាពទាំងឡាយ ដែលយើងសម្រេចបាន នៅក្នុងកិច្ច សហប្រតិបត្តិការជាមួយគ្នានៅក្នុងរយៈពេលកន្លងទៅ។ ខ្ញុំសូមឯកភាពជាមួយអ្វីដែលឯកឧត្តម ប្រាយុទ្ធ ចាន់ អូចា បានលើកឡើងនៅក្នុងបទអន្តរាគមន៍របស់គាត់អម្បាញ់មិញនេះ។ យើងមានវឌ្ឍនភាពច្រើនណាស់ ហើយយើងក៏នៅសេសសល់សក្តានុពល ដើម្បីនឹងពង្រីកកិច្ចសហប្រតិបត្តិការនេះបន្ថែមទៀត។ ខ្ញុំឧទាហរណ៍ វិស័យពាណិជ្ជកម្ម ទំហំពាណិជ្ជកម្មឆ្នាំ ២០១៤ គឺមានរហូតដល់ ៥ ពាន់លានដុល្លារ ក្នុង ៥ ពាន់លាន ដុល្លារនេះ គឺនាំចេញពីកម្ពុជាមកថៃ បាន ៥០០ លាន ហើយនាំពីថៃទៅកាន់កម្ពុជាប្រមាណ ៤៥០០ លាន។ ក្រសួងពាណិជ្ជកម្មទាំងពីរបានដាក់ចេញនូវគោលដៅ ហើយដែលរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរគាំទ្រ គឺឆ្នាំ ២០២០ ត្រូវសម្រេចឲ្យបាន ១៥ ពាន់លានដុល្លារ (ជាទំហំពាណិជ្ជកម្ម)ទ្វេទិស។ ដើម្បីសម្រេចបានគោលដៅនេះ ការតភ្ជាប់ និងបង្កើនសមត្ថភាពដឹកជញ្ជូន ការសម្រួលពាណិជ្ជកម្មចាំបាច់ត្រូវបានធ្វើ។ យើងបានឯកភាពគ្នា ទៅលើការបើកច្រកថ្មីៗបន្ថែមទៀត បូកបន្ថែមដោយបង្កើនចំនួនរថយន្ត ដែលសព្វថ្ងៃមានត្រឹមតែ ៤០ គ្រឿង ឲ្យឡើងទៅដល់ ៥០០ គ្រឿង។ ការតភ្ជាប់ផ្លូវដែក ដែលឯកឧត្តម ប្រាយុទ្ធ បានលើកឡើងអម្បាញ់មិញ ភាគីថៃទទួលបន្ទុកសាងសង់ ឯភាគីខ្ញុំទទួលបន្ទុកនិពន្ធចម្រៀងស្ពានមិត្តភាព។ ចម្រៀងដែលខ្ញុំនិពន្ធ គឺអាច រាំបានទាំងអស់គ្នា ជាចង្វាក់រាំវង់។
រឿងជាច្រើនទៀតដែលយើងមានមោទនភាពរួមគ្នា ដើម្បីធ្វើកិច្ចការបម្រើឲ្យផលប្រយោជន៍ប្រជាជនទាំងសង ខាង ក្នុងចំណោមនោះ ឯកឧត្តម ប្រាយុទ្ធ ចាន់អូចា បានលើកឡើងរួចមកហើយ។ អម្បាញ់មិញយើងក៏បានឃើញនូវការចុះហត្ថលេខា រវាងសេចក្តីប្រកាសរួម ក៏ដូចជាទាក់ទិនជាមួយនឹងបញ្ហាដទៃផ្សេងៗទៀត មានកិច្ចការទាក់ទិនជាមួយនឹងបញ្ហាពលករ និងការបណ្តុះបណ្តាលធនធានមនុស្ស ជាដើម។
ថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលថៃ ប្រជាជន និងព្រះមហាក្សត្រីយ៍
ម្យ៉ាងទៀត ខ្ញុំក៏សូមយកឱកាសនេះ ដើម្បីថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលថៃ និងប្រជាជនថៃ ដែលជានិច្ចជាកាលតែងបានផ្តល់នូវជំនួយឧបត្ថម្ភសម្រាប់ប្រជាជនកម្ពុជា ជាពិសេស ថ្លែងអំណរព្រះគុណចំពោះព្រះអង្គម្ចាស់ក្សត្រីយ៍ មហាចក្រី សារិនថន ដែលព្រះអង្គតែងតែបានគាំទ្រនូវគម្រោងការនានា ទាក់ទងនឹងការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ក៏ដូចជាការបណ្តុះបណ្តាលធនធានមនុស្សនៅឯប្រទេសថៃ។ សូមជូនជាព័ត៌មានចំពោះអស់លោកអ្នកដែរថា ការប្រជុំគណៈរដ្ឋមន្ត្រីទាំងពីរលើកទីបី នឹងប្រពឹត្តទៅនៅព្រះរាជាណាចក្រកម្ពុជាតាមពេលវេលាសមស្រប ដែលឯកឧត្តម ប្រាយុទ្ធ ចាន់អូចា បានគិតគូររួចហើយនៅឆ្នាំក្រោយ។ ជូនពរទាំងអស់គ្នាមានជោគជ័យ ហើយសូមអរគុណជាមួយនឹងការទទួលបដិសណ្ឋារកិច្ចដ៏រាក់ទាក់ ប្រកបដោយមិត្តភាព និងភាពកក់ក្តៅ ក្នុងឋានៈជាប្រទេសជិតខាង និងជាបងប្អូន៕