[…]
ក្នុងឱកាសនៃការប្រារព្ធខួបលើកទី ៦៥ នៃទំនាក់ទំនងការទូតរវាងប្រទេសយើងទាំង ២ កម្ពុជា-ថៃ ខ្ញុំមានសេចក្តីរីករាយក្រៃលែង ដែលបានមកចូលរួមក្នុងវេទិកាធុរកិច្ចកម្ពុជា-ថៃ នាថ្ងៃនេះ។
ហើយខ្ញុំសូមសម្តែងនូវអំណរគុណ និងការវាយតម្លៃខ្ពស់ចំពោះសមាគមន៍មិត្តភាពថៃ-កម្ពុជា និងគណៈកម្មការអចិន្ត្រៃយ៍ចម្រុះផ្នែកពាណិជ្ជកម្ម ឧស្សាហកម្ម និងកិច្ចការធនាគារ ដែលបានផ្តួចផ្តើម និងរួមសហការរៀបចំវេទិកាដ៏មានសារសំខាន់នេះ ព្រមទាំងផ្តល់លទ្ធភាពឲ្យខ្ញុំបានចែករំលែកព័ត៌មានថ្មីៗ ស្តីពីការវិវត្តសំខាន់ៗពាក់ព័ន្ធទៅនឹងស្ថានភាពសង្គម និងសេដ្ឋកិច្ចកម្ពុជា ជាពិសេស កាលានុវត្តភាពសម្រាប់កិច្ចសហប្រតិបត្តិការផ្នែកធុរកិច្ច និងការវិនិយោគរវាងប្រទេសយើងទាំង ២ កម្ពុជា-ថៃ។
ខ្ញុំក៏សូមស្វាគមន៍ចំពោះវត្តមានរបស់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាប្រធាន និងជាតំណាងក្រុមហ៊ុនថៃ ដែលបានអញ្ជើញចូលរួមក្នុងពិធីនានា ពេលនេះ ដែលវត្តមាននេះ គឺជាការបង្ហាញឲ្យឃើញពីការចាំបាច់កាន់តែច្រើនឡើងពីសំណាក់សហគមន៍ធុរកិច្ចនៃកម្ពុជា។
ក្នុងរយៈពេលជាង ២ ទសវត្សរ៍ កន្លងទៅនេះ កម្ពុជារក្សាបានយ៉ាងរឹងមាំនូវស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច និងនយោបាយ ព្រមទាំងបានធ្វើឲ្យមានការរីកចម្រើនគួរជាទីមោទនៈលើគ្រប់វិស័យ ទាំងវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គម។ ជាក់ស្តែង ធនាគារពិភពលោកបានចាត់បញ្ចូលប្រទេសកម្ពុជា ទៅក្នុងក្រុមប្រទេសដែលមានកំណើនគួរឲ្យស្ញប់ស្ញែង ដោយសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំជាមធ្យម ៧,៧% ក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយ។ តាមការប៉ាន់ស្មានបឋម នៅឆ្នាំ ២០១៥ កំណើនសេដ្ឋកិច្ចកម្ពុជាសម្រេចបានក្នុងរង្វង់ ៦,៩% ហើយផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ៗ រំពឹងថា នឹងទទួលបាន ១.២២៨ ដុល្លារអាមេរិក។ សម្រាប់ឆ្នាំ ២០១៦ ការព្យាករណ៍កំណើនសេដ្ឋកិច្ច រំពឹងថា កម្ពុជានឹងសម្រេចបានក្នុងរង្វង់ ៧% ហើយផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ រំពឹងថានឹងអាចទទួលបាន ១.៣២៥ ដុល្លារអាមេរិក។ អតិផរណាប្រចាំឆ្នាំ ត្រូវបានគ្រប់គ្រងនៅត្រឹមកម្រិតក្រោម ៥% ពោលនៅក្នុងរង្វង់ ៣% នៅក្នុងឆ្នាំ ២០១៥ និង ២០១៦។ ឯអត្រាប្តូរប្រាក់រៀល មានស្ថេរភាពល្អប្រសើរ ដែលស្ថិតក្នុងរង្វង់ ៤.០៥០ រៀល ក្នុង ១ ដុល្លារអាមេរិក នៅឆ្នាំ ២០១៥ និង ២០១៦។ ចំពោះវិនិយោគផ្ទាល់ពីបរទេសវិញ គឺនៅមានសកម្មភាពខ្លាំងក្លាដដែល ជាក់ស្តែង នៅក្នុងរយៈពេល ១១ ខែ ដើមឆ្នាំ ២០១៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានកត់ត្រាតួលេខវិនិយោគសរុបចំនួនប្រមាណ ៤.៦០០ លានដុល្លារអាមេរិក។ លំហូរចូលវិនិយោគផ្ទាល់ពីបរទេស ផ្តោតជាចម្បងលើឧស្សាហកម្មកាត់ដេរ ឧស្សាហកម្មកែច្នៃ វិស័យកសិកម្ម សំណង់ និងទេសចរណ៍។
ជារួម សេដ្ឋកិច្ចកម្ពុជាមានសក្តានុពលរីកលូតលាស់ខ្ពស់ និងមានកាលានុវត្តភាពធ្វើពិពិធកម្ម ក្នុងវិស័យជាច្រើន ដែលក្នុងនោះ អាចបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជានៅមានលំហសម្រាប់ការវិនិយោគក្នុងចំនួនដ៏ច្រើននាពេលខាងមុខ។ បច្ចុប្បន្ន កំណើនសេដ្ឋកិច្ចកម្ពុជាពឹងផ្អែកលើវិស័យចំនួន ៤ គឺវិស័យសំណង់ កាត់ដេរ ទេសចរណ៍ និងកសិកម្ម ដែលប្រការនេះចង្អុលបង្ហាញពីភាពចាំបាច់ និងភាពបន្ទាន់ ក្នុងការធ្វើពិពិធកម្មទៅកាន់វិស័យថ្មីៗទៀត ដែលទាមទារនូវការវិនិយោគយ៉ាងសន្ធឹកសន្ធាប់។
ជាការពិតណាស់ កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍនៅកម្ពុជា គឺពិតជាមិនអាចកាត់ផ្តាច់បានពីកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍនៅក្នុងតំបន់បាននោះទេ។ ក្នុងបរិការណ៍នេះ កម្ពុជានឹងបន្តភាពជាដៃគូផ្នែកសេដ្ឋកិច្ចជាមួយបណ្តាប្រទេសសមាជិកអាស៊ាន និងប្រទេសក្នុងតំបន់ដទៃទៀត ដោយរក្សាសេដ្ឋកិច្ចឲ្យនៅមានលក្ខណៈបើកចំហរ នៅក្នុងទីផ្សារពិភពលោក ដែលជាកត្តាសំខាន់បំផុត សម្រាប់ឈានទៅសម្រេចបាន នូវមាត្រដ្ឋានសេដ្ឋកិច្ច និងភាពប្រកួតប្រជែង ការពង្រឹងការវិនិយោគ និងពាណិជ្ជកម្មក្នុងតំបន់។ ក្នុងស្មារតីបន្តជម្រុញការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន ខ្ញុំសូមបង្ហាញនូវសក្តានុពល និងយុទ្ធសាស្រ្ត សម្រាប់កំណើនរបស់កម្ពុជា ដោយឆ្លើយតបទៅនឹងសមាហរណកម្មតំបន់ ដូចខាងក្រោម៖
ទី១ នៅក្នុងបរិការណ៍នៃការផ្លាស់ប្តូរនិម្មាបនកម្មតំបន់ ពិសេសគឺការបង្កើតឡើងនូវសហគមន៍សេដ្ឋកិច្ចអាស៊ាន កម្ពុជាកំពុងប្រែក្លាយខ្លួនជាបេក្ខភាពប្រកបដោយសក្តានុពល សម្រាប់ការអភិវឌ្ឍវិស័យឧស្សាហកម្ម ដែលផ្សារភ្ជាប់ទៅនឹងអ្វីដែលគេហៅថា រោងចក្រពិភពលោកនៅតំបន់អាស៊ី តាមរយៈការខិតខំជម្រុញការតភ្ជាប់ ទាំងផ្នែករូបវ័ន្ន ឌីជីថល និងស្ថាប័ន ព្រមទាំងបង្កើតទីផ្សារតំបន់មួយធំទូលាយប្រកបដោយជវភាព។ សហគមន៍សេដ្ឋកិច្ចអាស៊ានត្រូវបានរំពឹងថា នឹងក្លាយទៅជាសេដ្ឋកិច្ចធំជាងគេទី ៤ ក្នុងពិភពលោក ត្រឹមឆ្នាំ ២០៣០ ខណៈដែលពាណិជ្ជកម្មនៅក្នុងបណ្តាប្រទេសសមាជិកអាស៊ាន នឹងកើនដល់ ៣០% នៅឆ្នាំ ២០២០។
ទី២ ដើម្បីសម្រេចបាននូវចក្ខុវិស័យវែងឆ្ងាយរបស់កម្ពុជា ឆ្ពោះទៅកាន់ ២០៣០ ជាពិសេស យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី ៣ រាជរដ្ឋាភិបាលបានរៀបចំ និងដាក់ចេញនូវ គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ២០១៥-២០២៥ ដែលគោលនយោបាយនេះ មិនត្រឹមតែផ្តល់នូវយុទ្ធសាស្រ្តកំណើនថ្មី ដែលជាចក្ខុវិស័យ និងផែនទីចង្អុលទិស សម្រាប់ផែនការអភិវឌ្ឍវិស័យឧស្សាហកម្មប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងនឹងជម្រុញលើកកម្ពស់ការវិនិយោគផ្ទាល់ពីបរទេស ដែលជាផ្នែកមួយដ៏សំខាន់ និងជាឧបករណ៍គន្លឹះ សម្រាប់សម្រេចតាមគោលការណ៍គោលដៅ នៃយុទ្ធសាស្រ្តកំណើនថ្មីរបស់យើងទៀតផង។ គោលនយោបាយនេះ មានយុទ្ធសាស្រ្តគន្លឹះចំនួន ៤ គឺ (១) កៀងគរ និងទាក់ទាញវិនិយោគផ្ទាល់ពីបរទេស និងវិនិយោគឯកជនក្នុងស្រុក ដោយផ្តោតលើឧស្សាហកម្មធំៗ ការអភិវឌ្ឍ និងការពង្រីកទីផ្សារ និងការអភិវឌ្ឍផ្ទេរបច្ចេកវិទ្យា (២) អភិវឌ្ឍ និងធ្វើទំនើបកម្មសហគ្រាសធុនតូច និងមធ្យម តាមរយៈការពង្រីក និងពង្រឹងមូលដ្ឋានឧស្សាហកម្ម កម្មន្តសាល ការធ្វើទំនើបកម្ម និងការចុះបញ្ជីសហគ្រាសជាផ្លូវការ ការអភិវឌ្ឍ និងផ្ទេរបច្ចេកវិទ្យា និងការតភ្ជាប់ឧស្សាហកម្ម (៣) កែលម្អបរិស្ថានីយកម្ម ដើម្បីពង្រឹងភាពប្រកួតប្រជែង ដោយផ្តោតលើបរិយាកាសវិនិយោគ និងកិច្ចសម្រួលពាណិជ្ជកម្ម ការផ្តល់ព័ត៌មានអំពីទីផ្សារ និងការកាត់បន្ថយចំណាយ ចម្លងអាជីវកម្ម និង (៤) សម្របសម្រួលគោលនយោបាយគាំទ្រ រួមមាន ការអភិវឌ្ឍធនធានមនុស្ស ការបណ្តុះបណ្តាលជំនាញ និងការកែលម្អទំនាក់ទំនងវិជ្ជាជីវៈ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ដូចជា ប្រព័ន្ធដឹកជញ្ជូន ឡូជីស្ទីក និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ ការផ្គត់ផ្គង់អគ្គិសនី ទឹកស្អាត សេវាសាធារណៈ សេវាសង្គមកិច្ច និងសេវាហិរញ្ញវត្ថុ។ ក្នុងក្របខណ្ឌនៃគោលនយោបាយនេះ គោលដៅនៃការទាក់ទាញការវិនិយោគ និងផ្តោតលើមុខសញ្ញាសំខាន់ ៣ រួមមាន៖ (ទី១) រក្សា និងពង្រឹង និងពង្រីកសកម្មភាពដែលមាននាពេលបច្ចុប្បន្ន (ទី២) ទាក់ទាញសកម្មភាពថ្មី ដែលផ្តល់នូវតម្លៃបន្ថែម ជាពិសេស គឺការកែច្នៃឲ្យអស់ពីលទ្ធភាពនូវអ្វីដែលកម្ពុជាមានស្រាប់ (ទី៣) បញ្ចូលកម្ពុជាជាផ្នែកនៃខ្សែចង្វាក់ផលិតកម្មតំបន់ និងសកល។
សេដ្ឋកិច្ចដែលមានសកម្មភាពរស់រវើក តម្រូវឲ្យមានការចូលរួមពីវិស័យឯកជន ដែលជាប្រភពដ៏ធំសម្បើមមួយនៃការវិនិយោគ និងការកែច្នៃ ក្នុងការជម្រុញវឌ្ឍនភាពសង្គម និងសេដ្ឋកិច្ច ហើយក៏ជាដៃគូសំខាន់មួយ ដែលមិនអាចខ្វះបាន ក្នុងការធ្វើឲ្យមានកំណើនប្រកបដោយចីរភាព និងបរិយាប័ន្ន។ ចំណុចស្នូលនៃការបង្កើតឲ្យមាននូវប្រយោជន៍រួម គឺការបង្កើតឲ្យមាននូវប្រាក់ចំណេញ ការអភិវឌ្ឍទីផ្សារថ្មី ការជម្រុញការច្នៃប្រឌិត ការពង្រីកទីផ្សារពលកម្ម និងការពង្រឹងខ្សែសង្វាក់ផលិតកម្ម ដែលតាមរយៈកិច្ចការទាំងនេះ វិស័យឯកជនអាចជួយបង្កើតនូវមូលដ្ឋានគ្រឹះសម្រាប់កំណើនដែលមានបរិយាប័ន្នរយៈពេលវែង។
ផ្អែកលើមូលដ្ឋាននេះ កម្ពុជាផ្តល់ការយកចិត្តទុកដាក់ចំពោះបរិស្ថានធុរកិច្ច ក៏ដូចជាការគាំទ្រ និងលើកស្ទួយសមត្ថភាពរបស់វិស័យឯកជន ឲ្យរីកលូតលាស់ និងអាចប្រកួតប្រជែង នៅក្នុងក្របខណ្ឌតំបន់ និងពិភពលោក។ ជាមួយនឹងជំហរស្វាគមន៍ជានិច្ច ជាមួយនឹងការផ្លាស់ប្តូរយោបល់ជាមួយវិស័យឯកជន រាជរដ្ឋាភិបាលបានដាក់ចេញ និងអនុវត្តនូវយន្តការពិគ្រោះយោបល់ រវាងរាជរដ្ឋាភិបាល និងវិស័យឯកជន លើគ្រប់វិស័យ សម្រាប់ជួបប្រជុំពិភាក្សា ដោះស្រាយនូវបញ្ហានានា ដែលជាកង្វល់ និងជាឧបសគ្គរារាំងដល់ធុរកិច្ច និងការវិនិយោគនៅកម្ពុជា។
ក្នុងបរិកាណ៍នេះ ខ្ញុំសូមលើកទឹកចិត្តឲ្យវិនិយោគិនថៃនៅកម្ពុជា ចូលរួមយ៉ាងសកម្មនៅក្នុងយន្តការដែល មាន។ ទន្ទឹមនេះ តួនាទីរបស់ក្រុមប្រឹក្សាធុរកិច្ចថៃ-កម្ពុជា ក៏មិនត្រូវមើលរំលងផងដែរ ក្នុងខណៈពេលដែល ក្រុមប្រឹក្សានេះ អាចដើរតួនាទីជាអ្នកសម្របសម្រួលរវាងក្រសួង ស្ថាប័ន កម្ពុជា និងក្រុមប្រឹក្សាវិនិយោគថៃ។ កម្ពុជាបានបើកចំហរសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់វិនិយោគទាំងអស់ ដោយមិនរើសអើង ថាជាវិនិយោគិនកម្ពុជា ឬវិនិយោគបរទេសនោះទេ។ កម្ពុជាបើកចំហរលើគ្រប់វិស័យ រួមទាំងវិស័យធនាគារ វិស័យធានារ៉ាប់រង និងវិស័យទូរគមនាគមន៍ ដែលជាទូទៅប្រទេសជាច្រើននៅលើសកលលោក មិនអនុញ្ញាតឲ្យវិនិយោគិនបរទេស ធ្វើការវិនិយោគ ១០០ ភាគរយ ដោយគ្មានការចូលរួមពីសំណាក់វិនិយោគិនជាតិនៅលើវិស័យទាំងនោះឡើយ។ ជាក់ស្តែង ការបើកចំហរនេះ បានផ្តល់លទ្ធភាពឲ្យក្រុមហ៊ុនថៃមួយចំនួន បានឈានមុខមកបណ្តាក់ទុន ក្នុងវិស័យធនាគារ ទេសចរណ៍ កសិឧស្សាហកម្ម និងផលិតកម្មជាដើម។ កម្ពុជាមានឧត្តមភាពប្រៀប ធៀបនឹងសក្តានុពលក្នុងវិស័យកសិកម្ម កសិឧស្សាហកម្ម ឧស្សាហកម្មកែច្នៃ ឧស្សាហកម្មកម្មន្តសាល ទេសចរណ៍ និងនៅតាមផ្នែកផលិតកម្ម និងសេវាកម្មផ្សេងទៀតដែលផ្សារភ្ជាប់ទៅនឹងភាពអំណោយផល នៃដី អាកាសធាតុ ធនធានធម្មជាតិ កម្លាំងពលកម្មវ័យក្មេង និងកេរដំណែលប្រវត្តិសាស្រ្តនានា ព្រមទាំងទេសភាពដ៏ស្រស់ត្រកាលនៃឆ្នេរសមុទ្រ ទន្លេបឹងបួរ និងព្រៃព្រឹក្សារបស់ជាតិ ដែលមិនទាន់ត្រូវបានយកមកប្រើប្រាស់ឲ្យអស់លទ្ធភាពនៅឡើយ ខណៈពេលដែលថៃមានឧត្តមភាពប្រៀបធៀបលើប្រព័ន្ធឡូជីស្ទីក បច្ចេកវិទ្យា ធនធានមនុស្ស សហគ្រិនភាពទីផ្សារ និងទុនវិនិយោគ ដែលកត្តាទាំងនេះ បើយើងយកមកបំពេញបង្រ្គប់ឲ្យគ្នាទៅវិញទៅមក ប្រាកដណាស់ ប្រទេសយើងទាំងពីរនឹងទទួលបាននូវ ផលប្រយោជន៍ដ៏ច្រើនសន្ធឹកសន្ធាប់ទៀតផង។
ជាមួយគ្នានេះ កិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ទាំងនៅក្នុងក្របខណ្ឌទ្វេភាគីអនុតំបន់ និងតំបន់ ក៏ដូចជានៅក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការ ACMECS មហាអនុតំបន់មេគង្គ GMS អាស៊ាន និងអាស៊ានជាមួយដៃគូសន្ទនា ក៏បានបង្កើតនូវកាលានុវត្តភាពកាន់តែប្រសើរថែមទៀតសម្រាប់សហគមន៍ធុរកិច្ច។ នៅក្នុងក្របខណ្ឌទ្វេភាគី ជាងពេលណាៗទាំងអស់ កិច្ចប្រជុំគណរដ្ឋមន្រ្តីចំរុះកម្ពុជា-ថៃលើកទីពីរ ដែលនឹងប្រព្រឹត្តទៅក្នុងថ្ងៃស្អែកគឺជាសក្ខីភាពមួយថែមទៀត ដែលគូសបញ្ជាក់អំពីសារៈសំខាន់ ក្នុងការពង្រឹង និងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ រវាងប្រទេសយើងទាំងពីរ ដើម្បី ផលប្រយោជន៍រួម និងដើម្បីផលប្រយោជន៍នៃសហគមន៍សេដ្ឋកិច្ចអាស៊ានទាំងមូល។ រាជរដ្ឋាភិបាល នៃប្រទេសយើងទាំងពីរ បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំ ដោយផ្តោតលើកិច្ចសហប្រតិបត្តិការ និងការគ្រោងដាក់នូវវិធានការជាអាទិភាពមួយចំនួន មាន៖ កិច្ចសម្រួលពាណិជ្ជកម្ម ការបើកច្រកព្រំដែនអន្តរជាតិថ្មី ការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ការគ្រប់គ្រងកម្លាំងពលកម្ម និងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម ក្នុងគោលដៅលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគ ការតភ្ជាប់ និងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស នៅតាមតំបន់ព្រំដែន។ល។
ក្នុងទិដ្ឋភាពនេះ យើងពិតជាមានក្តីរីករាយជាអនេកចំពោះការវិវឌ្ឍរីកចម្រើនយ៉ាងរឹងមាំ នៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការកម្ពុជា-ថៃ។ ក្នុងក្របខណ្ឌតំបន់ នៅប៉ុន្មានថ្ងៃខាងមុខនេះ កម្ពុជាថៃ និងប្រទេសសមាជិកអាស៊ានចំនួន ៨ ទៀត នឹងឈានចូលទៅក្នុងសករាជថ្មី គឺសករាជសហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលយើងដឹងច្បាស់ថា នឹងនាំមកនូវកាលានុវត្តភាព និងបញ្ហាទន្ទឹមគ្នា និងការប្រឈម។ វិសាលភាព នៃការវិនិយោគ និងទំហំទីផ្សារ នឹងកាន់តែធំទូលាយ ដូចនេះចាប់ពីពេលនេះតទៅ សូមអស់លោកឈប់គិតថា វិនិយោគនៅកម្ពុជាក្នុងគោលបំណងបម្រើទីផ្សារកម្ពុជា មានត្រឹមតែ ១៥ លាននាក់។ គឺត្រូវគិតពីទីផ្សារប្រទេសនៅតាមដងទន្លេមេគង្គ GMS ដែលមានប្រជាជន ៣២៦ លាននាក់ និងធំជាងនេះទៀត គឺទីផ្សារតំបន់អាស៊ានទាំងមូល ដែលមានប្រជាជនរហូតជាង ៦៣០ លាននាក់។
លើសពីនេះទៀត វិនិយោគិនអាចទាញប្រយោជន៍ ជាសក្តានុពលរបសកម្ពុជា គឺកម្មវិធីអនុគ្រោះពីសហគមន៍ អឺរ៉ុប និងបណ្តាប្រទេសមួយចំនួនទៀត ដែលបានផ្តល់ភាពអនុគ្រោះការនាំចូលមុខទំនិញផលិតផលពីកម្ពុជា ដោយគ្មានការកំណត់បរិមាណ និងមិនជាប់ពន្ធនោះឡើយ។ ក្នុងបរិការណ៍នេះ ខ្ញុំសុំស្នើសហគមន៍ធុរកិច្ចថៃ ដែលពុំធ្លាប់មកកម្ពុជា ឲ្យមកទស្សនាប្រទេសកម្ពុជា ដើម្បីឲ្យមកសិក្សាពិនិត្យលទ្ធភាពជាក់ស្តែងសម្រាប់ធ្វើការវិនិយោគ និងដើម្បីធ្វើការពិភាក្សាជាមួយវិនិយោគិនកម្ពុជា ក្នុងគោលបំណងចាប់ដៃគ្នា រួមកម្លាំងគ្នា ក្នុងគោលដៅធានាភាពជោគជ័យនៃគម្រោងវិនិយោគ។ ផ្លូវដែលសេដ្ឋកិច្ចកម្ពុជាកំពុងធ្វើដំណើរ មិនខុសពីអ្វីដែលសេដ្ឋកិច្ច និងវិនិយោគិនថៃបានធ្លាប់ជួបប្រទះកន្លងទៅ នៅក្នុងប្រទេសរបស់ខ្លួននោះទេ។ ដូច្នេះ ខ្ញុំមានជំនឿយ៉ាងមុតមាំថា វិនិយោគិនថៃ ដែលមានបទពិសោធន៍ អាចក្តាប់ឱកាសវិនិយោគនៅកម្ពុជា បានដោយជោគជ័យ ដូចជាភាពជោគជ័យនៃគម្រោងវិនិយោគផលិតចំណីសត្វរបស់ក្រុមហ៊ុន CP, គម្រោងវិនិយោគរោងចក្រផលិតស៊ីម៉ង់របស់ ក្រុមហ៊ុន SCG Cement Group គម្រោងវិនិយោគសណ្ឋាគាររបស់ក្រុមហ៊ុនភូគីត្រា និង គម្រោងវិនិយោគដំណាំកសិឧស្សាហកម្ម កំពង់ផែ និងតំបន់សេដ្ឋកិច្ចពិសេសរបស់ក្រុមហ៊ុន CTCC ដែលនេះគ្រាន់តែជាឧទាហរណ៍ឆ្លុះបញ្ចាំងនូវទស្សនៈនេះ។
ខណៈពេលដែលកម្ពុជាទទួលបាននូវការវិនិយោគពីក្រុមហ៊ុនធំៗរបស់ថៃ យើងក៏មិនភ្លេច ហើយរង់ចាំស្វាគមន៍ជានិច្ច នូវសហគ្រាសធុនតូច និងមធ្យមរបស់ថៃ ដែលមានបំណងចង់ទៅ ធ្វើការបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ យើងទទួលស្គាលថាសហគ្រាសធុនតូច និងមធ្យម គឺជាកម្លាំងចលករមួយដ៏សំខាន់ នៃសេដ្ឋកិច្ច អាស្រ័យដោយលទ្ធភាពនៃការតភ្ជាប់ជាមួយសហគ្រាសធំៗ សហគ្រិនភាព ផលិតភាព សមត្ថភាពឆ្នៃប្រឌិត នាវានុវត្តន៍ និងមានឯកទេស ជាពិសេសលទ្ធភាពក្នុងការសម្រេចចិត្តបានឆាប់រហ័សក្នុងការធ្វើសកម្មភាពអ្វីមួយ បើប្រៀបធៀបទៅនឹងក្រុមហ៊ុនធំៗ។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសុំឆ្លៀតឱកាសនេះ ថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់សហគមន៍ សមាគមន៍មិត្តភាពថៃ-កម្ពុជា គណៈកម្មការចំណុះផ្នែកពាណិជ្ជកម្ម ឧស្សាហកម្ម និងកិច្ចការធនាគារ ក្រុមប្រឹក្សាធុរកិច្ចថៃ-កម្ពុជា និងក្រុមហ៊ុនថៃទាំងអស់ ដែលបានចូលរួមក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច កម្ពុជានាពេលកន្លងមក។ ប្រាកដណាស់ សកម្មភាពទាំងអស់នេះ មិនត្រឹមតែបានចូលរួមធ្វើឲ្យមានកំណើនសេដ្ឋកិច្ចរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជួយពង្រឹងដល់ទំនាក់ទំនងការទូត និងនយោបាយជាប្រវត្តិសាស្រ្តរបស់ប្រទេសយើងទាំងពីរ។
មុននឹងបញ្ចប់ ខ្ញុំសូមអញ្ជើញអស់លោក លោកស្រីទាំងអស់ ទៅវិនិយោគនៅក្នុងប្រទេសកម្ពុជា និងចូលរួមដៃគូជាមួយយើងខ្ញុំ តាមរយៈវិភាគទានជាក់ស្តែងនានា នៅក្នុងកិច្ចរៀបចំអនាគតដ៏ភ្លឺស្វាងមួយសម្រាប់កម្ពុជា។ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមធានាជូនវិនិយោគិនគ្រប់រូប នូវបរិក្ខាគ្រប់បែបយ៉ាងដែលអនុគ្រោះ និងជួយដល់ការវិនិយោគ ពិសេស គឺសន្តិភាព សន្តិសុខ និងស្ថេរភាពនយោបាយ ក៏ដូចជាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ក្របខណ្ឌច្បាប់ និងស្ថាប័ន ដែលប្រកដដោយប្រសិទ្ធិភាព តម្លាភាព គណនេយ្យភាព និងភាពអាចប៉ាន់ ប្រមាណបាន។
នៅទីបញ្ចប់ ខ្ញុំសុំជូនពរឯកឧត្តម លោកជំទាវ អស់លោក លោកស្រីទាំងអស់ សូមទទួលបានជោគជ័យគ្រប់ភារកិច្ចរៀងៗខ្លួន៕