ឯកឧត្តម, លោកជំទាវ, ថ្នាក់ដកឹនាំប្រទេសជាសមាជិកឤស៊ាន ទទួលបន្ទុកការគ្រប់គ្រងគ្រោះមហន្តរាយ;
ឯកឧត្តមអគ្គលេខាធិការឤស៊ាន;
ឯកឧត្តម, លោកជំទាវ, អស់លោក, លោកស្រី, អង្គពិធីទាំងមូលជាទីមេត្រី !
ខ្ញុំមានសេចក្តីរីករាយជាអនេក ដោយបានមកចូលរួមក្នុងពិធីបើក «កិច្ចប្រជុំលើកទី ៣ ថ្នាក់រដ្ឋមន្ត្រីឤស៊ាន ទទួលបន្ទុកការគ្រប់គ្រងគ្រោះមហន្តរាយ» នាពេលនេះ។ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមសម្តែងនូវការស្វាគមន៍ដ៏កក់ក្តៅ ជូនចំពោះឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, ភ្ញៀវកិត្តិយសជាតិ, អន្តរជាតិទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំដ៏សំខាន់នេះ។
នេះគឺជាលើកទី ២ ហើយ ដែលកម្ពុជាទទួលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីឤស៊ានទទួលបន្ទុកការគ្រប់គ្រងគ្រោះមហន្តរាយ។ ខ្ញុំនៅចាំបានថា ក្នុងកិច្ចប្រជុំលើកទី ១ កាលពីថ្ងៃទី ៧ ខែ ធ្នូ ឆ្នាំ ២០០៤, យើងបានពិភាក្សា អំពីការរៀបចំឱ្យមានកិច្ចព្រមព្រៀងថ្នាក់តំបន់ សម្រាប់ការគ្រប់គ្រងគ្រោះមហន្តរាយ និងការឆ្លើយតបសង្គ្រោះបន្ទាន់ (AADMER) ហើយក៏បានផ្តល់នូវការទុកចិត្តដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយឤស៊ាន ក្នុងការរៀបចំឯកសារសម្រាប់ការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់តំបន់។ ព្រមជាមួយនេះ យើងក៏បានបង្កើតទិវាឤស៊ានគ្រប់គ្រងគ្រោះមហន្តរាយ រួមជាមួយទិវាអន្តរជាតិកាត់បន្ថយគ្រោះមហន្តរាយ ដែលត្រូវបានអនុវត្តជារៀងរាល់ឆ្នាំរហូតមក។ នេះគឺជាយុទ្ធនាការសកលមួយ សម្រាប់ជួយលើកកម្ពស់ការយល់ដឹងអំពីការត្រៀមបង្ការ និងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយ។
ជាការពិត, គ្រោះមហន្តរាយគឺជាអព្ភូតហេតុ ដែលកើតមាននៅលើលោកយើងនេះ តាំងពីយូរលង់ណាស់មក ហើយ។ ថ្វីត្បិតថាវាឤចកើតមានឡើងដោយមូលហេតុ និងក្នុងសណ្ឋានផ្សេងៗគ្នា, ក៏ប៉ុន្តែ គ្រោះមហន្តរាយ គឺជាបញ្ហាប្រឈមដ៏ចម្បងមួយសម្រាប់គ្រប់ប្រទេស និងប្រជាជាតិ, មិនថាតូច ឬធំនោះទេ។ ជាមួយនឹងការវិវត្តឈានឡើងនៃសង្គម និងបច្ចេកវិទ្យា ក្នុងយុគសម័យបច្ចុប្បន្ន ពិសេសក្នុងបរិការណ៍ដែលពិភពលោកត្រូវប្រឈមមុខនឹងបញ្ហា នៃការផ្លាស់ប្តូរឤកាសធាតុ ដែលមានលក្ខណៈកាន់តែស្រួចស្រាល់ឡើង, គ្រោះមហន្តរាយក៏បានកើតមានកាន់តែញឹកញាប់, ក្នុងទំហំកាន់តែធំ និងកាន់តែពិបាកប៉ាន់ស្មានឡើង ដែលធ្វើឱ្យបាត់បង់ឤយុជីវិតមនុស្ស និងទ្រព្យសម្ភារៈជាច្រើនឥតគណនា។ ជាក់ស្តែង ពេលនេះ ប្រទេសហ្វីលីពីនកំពុងតែបន្តកិច្ចប្រឹងប្រែងយ៉ាងសកម្មរបស់ខ្លួនក្នុងការគ្រប់គ្រងសភាពការណ៍ខ្យល់ព្យុះម៉េឡ័រ (Melor) ដែលបានបង្ខំឱ្យរដ្ឋអំណាចធ្វើការជន្លៀសប្រជាជនរាប់សែននាក់ ដើម្បីសុវត្ថិភាពរបស់ពួកគេ។ ច្បាស់ណាស់ នៅក្នុងសភាពការណ៍រួមបែបនេះ, ការគ្រប់គ្រងគ្រោះមហន្តរាយ បានក្លាយទៅជាប្រធានបទដ៏សំខាន់ និងប្រកបទៅដោយបច្ចុប្បន្នភាព សម្រាប់ពិភពលោក ពិសេសសម្រាប់តំបន់ឤស៊ានរបស់យើង ដែលងាយនឹងទទួលរងគ្រោះពីបាតុភូតធម្មជាតិនានា រួមមានដូចជា ទឹកជំនន់, ភាពរាំងស្ងួត និងខ្យល់ព្យុះ ជាដើម។
ជារួម ទោះបីជារដ្ឋជាសមាជិកបន្តជួបគ្រោះមហន្តរាយស្ទើរជារៀងរាល់ឆ្នាំក្តី, ក៏តំបន់ឤស៊ាន ក្នុងពេលប៉ុន្មាន ឆ្នាំចុងក្រោយនេះ ទទួលបានជោគជ័យជាច្រើន ក្នុងការអនុវត្តកិច្ចសហប្រតិបត្តិការគ្រប់គ្រងគ្រោះមហន្តរាយ តាមគោលដៅនៃ កិច្ចព្រមព្រៀងឤស៊ានស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងការឆ្លើយតបសង្គ្រោះបន្ទាន់ ដែលត្រូវបានចុះហត្ថលេខានៅទីក្រុងវៀងច័ន្ទ, ប្រទេសឡាវ, នាខែ កក្កដា ឆ្នាំ ២០០៥ និងត្រូវបានផ្តល់សច្ចាប័ន ដោយរដ្ឋជាសមាជិក ទាំង ១០ ហើយចូលជាធរមាននៅខែ ធ្នូ ឆ្នាំ ២០០៩។
ក្នុងបរិការណ៍នៃការកើនឡើងនូវហានិភ័យ នៃគ្រោះមហន្តរាយ, វិធានការសំខាន់របស់យើងសម្រាប់ការគ្រប់គ្រងគ្រោះមហន្តរាយ គឺការត្រៀមបង្ការ ដែលជាចាំបាច់តម្រូវឱ្យមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធិរវាងប្រទេសជិតខាងនៅក្នុងតំបន់។ ក្នុងនេះ វិធានការជាគន្លឹះសំខាន់ៗ ដែលទាមទារឱ្យមាននូវការយកចិត្តទុកដាក់ក្នុងកម្រិតតំបន់ឤស៊ានទាំងមូល រួមមាន ៖
១. ការលើកកម្ពស់សមត្ថភាពឤស៊ានក្នុងការប៉ាន់ប្រមាណហានិភ័យ និងការរៀបចំសកម្មភាពប្រកាសឱ្យដឹង មុនប្រកបដោយប្រសិទ្ធិភាព អំពីគ្រោះមហន្តរាយក្នុងតំបន់ ព្រមទាំងការធ្វើកិច្ចប្រតិបត្តិការអន្តរប្រទេស ដើម្បីកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ក៏ដូចជាការឆ្លើយតបសង្គ្រោះបន្ទាន់របស់រដ្ឋជាសមាជិក,
[ចាប់ផ្តើមសេចក្តីអធិប្បាយ]
បង្កើនសហប្រតិបត្តិការផ្តល់ព័ត៌មានទៅវិញទៅមកអំពីគ្រោះមហន្តរាយ
ខ្ញុំសូមអំពាវនាវ(ដល់)ថ្នាក់ដឹកនាំ ដែលពិភាក្សានៅថ្ងៃនេះ គប្បីធ្វើកិច្ចសហប្រតិបត្តិការគ្នាឲ្យបានល្អ ទៅលើការងារទាក់ទងនឹងការផ្តល់ព័ត៌មានជូនគ្នាទៅវិញទៅមក ដើម្បីកាត់បន្ថយនូវគ្រោះថ្នាក់។ ឧទាហរណ៍ ជំនន់ដែលកើតឡើង ខាងប្រទេសឡាវអាចផ្តលព័ត៌មានឆាប់រហ័សមកដល់កម្ពុជា ហើយកម្ពុជាក៏ផ្តល់ព័ត៌មានឆាប់រហ័សទៅខាងវៀតណាម ដើម្បីកាត់បន្ថយនូវគ្រោះថ្នាក់។ ស្ថានភាពមួយចំនួន ដែលវាអាចបង្កឲ្យមានផលប៉ះពាល់ យើងអាចផ្តល់ព័ត៌មានឲ្យគ្នាយ៉ាងឆាប់ ហើយព្យាករណ៍ទុកជាមុននូវបញ្ហាដែលអាចកើតឡើង នៅក្នុងកម្រិតតំបន់ ឬក៏កម្រិតប្រទេសដែលមានជាប់ព្រំដែនជាមួយគ្នា។ ជាមួយនឹងថៃ គឺយើងមានតំបន់មួយចំនួនដែលដីថៃខ្ពស់ជាងកម្ពុជា ពេលដែលបើកទំនប់ ឬក៏ទឹកជំនន់នៅខេត្តមួយចំនួនរបស់ថៃ ក៏ត្រូវបានផ្តល់ព័ត៌មានទុកជាមុនឲ្យកម្ពុជា ដើម្បីប្រុងប្រយ័ត្ន ប្រុងប្រៀបទៅលើហានិភ័យដែលបានកើតឡើងតាមបណ្តាខេត្តដែលជាប់នឹងព្រំដែនថៃ។ ចំណុចអស់ទាំងនេះ រាប់ចូលទាំងបញ្ហាភ្លើងឆេះព្រៃផងដែរ ដែលអាចផ្តល់ព័ត៌មានឲ្យគ្នាទៅវិញទៅមក ដើម្បីងាយស្រួល ធ្វើសហប្រតិបត្តិការក្នុងការគ្រប់គ្រងការឆេះព្រៃឆ្លងដែន។
[ចប់សេចក្តីអធិប្បាយ]
២. ការជួយដល់រដ្ឋជាសមាជិក ក្នុងការបញ្ជ្រាបការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ទៅក្នុងគោល នយោបាយ, ផែនការអភិវឌ្ឍ, កម្មវិធីតាមវិស័យនីមួយៗរបស់រដ្ឋនីមួយៗ និងការជួយដល់ការរៀបចំអនុវត្តនូវវិធានការ កាត់បន្ថយហានិភ័យគ្រោះមហន្តរាយទាក់ទងនឹងការប្រែប្រួលឤកាសធាតុ និងធានាការអភិវឌ្ឍប្រកបដោយចីរភាព,
៣. ការបង្កើនវិធានការត្រៀមរៀបចំរបស់រដ្ឋជាសមាជិក ក្នុងការលើកកម្ពស់ការឆ្លើយតបរបស់ឤស៊ាន ចំពោះ គ្រោះមហន្តរាយធំៗ ដែលស្របតាមស្តង់ដារមនុស្សធម៌ និងការកៀរគរធនធានយ៉ាងឆាប់រហ័សស្របតាមនីតិវិធីប្រតិបត្តិការ,
៤. ការអភិវឌ្ឍសមត្ថភាពបច្ចេកទេស និងស្ថាប័នរបស់រដ្ឋជាសមាជិក ក្នុងការដឹកនាំសម្របសម្រួល ព្រមទាំង ការកសាងសមត្ថភាពក្នុងការវាយតម្លៃការខូចខាត និងបាត់បង់ សម្រាប់សកម្មភាពស្តារឡើងវិញ ក៏ដូចជាកម្មវិធីបណ្តុះបណ្តាល, ការផ្លាស់ប្តូរចំណេះដឹង, បទពិសោធន៍ និងជំនាញតាមរបកគំហើញថ្មីៗ ដើម្បីគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ,
៥. ការលើកកម្ពស់ភាពជាដៃគូយ៉ាងជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍ ព្រមទាំងជាមួយអង្គការមិនមែនរដ្ឋាភិបាល ជាតិ និងអន្តរជាតិ ដើម្បីបង្កើនវប្បធម៌សុវត្ថិភាព និងភាពធន់របស់ប្រជាជននៅក្នុងតំបន់ឤស៊ាន។
លើសពីនេះទៀត ក្នុងទិដ្ឋភាពដែលឤស៊ានដែលត្រូវធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅ សំដៅប្រែក្លាយខ្លួន ទៅជាសហគមន៍តែមួយ ប្រកបដោយស្ថិរភាព, សន្តិភាព, ភាពសុខដុមរមនា និងវិបុលភាពនោះ, យើងក៏ត្រូវតែបន្តបង្ហាញថា ឤស៊ាននាំមុខគេក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ តាមរយៈការលើកកម្ពស់, ការបញ្ជ្រាប និងការវិនិយោគធនធាន សម្រាប់គោលដៅកាត់បន្ថយហានិភ័យពីគ្រោះមហន្តរាយ ដើម្បីភាពធន់ និងសុវត្ថិភាពសហគមន៍ ស្របតាមទស្សនាទានដែលជាមូលដ្ឋានគ្រឹះនៃសហគមន៍របស់យើងគឺ៖ «ឤស៊ានតែមួយ–ការឆ្លើយតបតែមួយ» ។
[ចាប់ផ្តើមសេចក្តីអធិប្បាយ]
បញ្ចូលប្រតិបត្តិការសង្គ្រោះឆ្លងដែន ទៅក្នុងការពិភាក្សា
សង្ឃឹមថា ឯកឧត្តម អគ្គលេខាធិការអាស៊ាន នឹងកត់ត្រា ដើម្បីនឹងលើកជាបញ្ហានៅក្នុងពេលប្រជុំកំពូល ឬប្រជុំក្នុងកម្រិតណាមួយ។ បញ្ហារបស់យើង គឺកំពុងតែដោះស្រាយតាមរបៀបជាដោយឡែកៗផង និងជាសហប្រតិបត្តិការផង។ ប៉ុន្តែមានរឿងមួយ ដែលសំខាន់ ហើយមានភាពប្រសើរ បើយើងអាចធ្វើបាន ហើយក្នុងហ្នឹង បើតាមយើងដឹង សាំងហ្កាពួរ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី បានធ្វើរួចមកហើយ អំពីប្រតិបត្តិការសង្គ្រោះឆ្លងដែន។ នេះជាចំណុចដែលគប្បីត្រូវបានពិចារណា ដាក់នៅក្នុងកញ្ចប់នៃការពិភាក្សារបស់មេដឹកនាំអាស៊ាន។ បញ្ហានេះធ្លាប់បានធ្វើរវាងកម្ពុជា និងវៀតណាម នៅឆ្នាំ ២០១១ នៅពេលគ្រោះទឹកជំនន់កាលពីពេលនោះ។ នៅតំបន់ដែលកម្ពុជាជាប់នឹងព្រំដែនវៀតណាម បើសិនជាសង្គ្រោះពីកម្ពុជាទៅ គឺមិនអាចសង្គ្រោះបានទេ។ អញ្ចឹងពីខាងវៀតណាមមកវិញទេ ដែលមកដឹកប្រជាជនកម្ពុជា យកទៅតំបន់សុវត្ថិភាពនៅខាងទឹកដីវៀតណាម។ នៅខាងថៃ ក៏ធ្លាប់មានធ្វើបែបនេះដែរ។ បញ្ហានេះ បើសិនជាយើងមិនយល់គ្នាទេ គេអាចថាឈ្លានពានគ្នា។ ខ្ញុំលើកឧទាហរណ៍ថា ព្រំដែនកម្ពុជា–ថៃ ទៅចុះ តំបន់ខ្លះ បើសិនជាអន្តរាគមន៍ ឧបមាថាភ្លើងឆេះផ្សារ ឬភ្លើងឆេះផ្ទះនៅតាមតំបន់ជាយដែនរបស់កម្ពុជា បើអន្តរាគមន៍ពីខាងកម្ពុជាទៅ គឺច្បាស់ណាស់ថានឹងមានចម្ងាយឆ្ងាយជាង ប៉ុន្តែ បើសិនអន្តរាគមន៍ឡានបូមទឹកពីខាងថៃត្រឡប់មកវិញ គឺវាងាយគ្រប់គ្រងជាង។ ប៉ុន្តែ បើសិនជាមិនស្រួលទេ គេថាថៃឈ្លានពានកម្ពុជា។ អញ្ចឹងទេ បញ្ហានេះ ក៏បណ្តាប្រទេសអាស៊ានរបស់យើង ក្នុងឋានៈជាអាស៊ានតែមួយ វាសនាតែមួយ គឺការឆ្លើយតបតែមួយ បើឆ្លើ់យតបមិនបានរួមទាំង ១០ ប្រទេសទេ ក៏ឆ្លើយតបក្នុងក្របខណ្ឌនៃបណ្តាប្រទេសដែលនៅជាប់ជិតខាងគ្នា កម្ពុជា–ឡាវ កម្ពុជា–វៀតណាម កម្ពុជា–ថៃ ហើយនៅមាន ថៃ–ឡាវ ថៃ–កម្ពុជា ថៃ–ម៉ាឡេស៊ី ថៃ–មីយ៉ាន់ម៉ា។
អាចនឹងពិភាក្សាអំពីបញ្ហាហ្នឹង ព្រោះជាចំណុចមួយក្នុងចំណោមចំណុច ដែលយើងអាចរកឃើញនូវសហប្រតិបត្តិការសង្គ្រោះឆ្លងដែន ហើយក៏ធ្លាប់បានកើតមានរួចមកហើយ ប៉ុន្តែ វាមិនស្ថិតនៅក្នុងជាចង្កោមនៃកិច្ចព្រមព្រៀងរបស់យើង។ យ៉ាងណាក៏ដោយ សម្រាប់ទ្វេភាគី ខ្ញុំតែងធ្វើការជាមួយនឹងប្រទេសជាប់ជិតខាង អំពីបញ្ហាជាប់ពាក់ព័ន្ធនឹងរឿងនេះ ប៉ុន្តែ យើងត្រូវពន្យល់ប្រជាពលរដ្ឋរបស់យើងឲ្យយល់អំពីបញ្ហានេះផងដែរ។ បើមិនដូច្នោះ (ពេល)ឃើញថាលើកកម្លាំងទៅជួយ បែរជាថាលើកកងទ័ពទៅឈ្លានពាន។ ដូច្នេះ ក្នុងចំណោមបញ្ហាដែលខ្ញុំសុំឲ្យឯកឧត្តម អគ្គលេខាធិការអាស៊ាន កត់ត្រាទុកបញ្ចូលទៅក្នុងក្របខណ្ឌនៃការពិភាក្សា ជាពិសេស អស់លោក ឯកឧត្តម លោកជំទាវខាងគ្រប់គ្រងគ្រោះមហន្តរាយ អាចគួរលើកថានេះអាចជាអនុសាសន៍ ដែលចេញពីទីក្រុងភ្នំពេញ ដែលគប្បីត្រូវបានពិចារណាលើបញ្ហានេះ។
[ចប់សេចក្តីអធិប្បាយ]
ក្នុងបរិការណ៍នេះ, ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា សេចក្តីញ្រងប្រកាសយុទ្ធសាស្ត្រ «ឤស៊ានតែមួយ-ការឆ្លើយតបតែមួយ» នឹងត្រូវបានពិនិត្យបញ្ចប់ក្នុងកិច្ចប្រជុំនេះ ដោយមិនពន្យារពេលទៀតឡើយ ដើម្បីរួមចំណែកបង្ការ និងកាត់បន្ថយកម្រិតរងគ្រោះ ព្រមទាំងបង្កើនការត្រៀមរៀបចំសម្រាប់ការឆ្លើយតប, ការស្តារឡើងវិញ និងការពង្រឹងភាពធន់ សម្រាប់កាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ។
ច្បាស់ណាស់ថា ដើម្បីសម្រេចនូវគោលបំណងរបស់យើងក្នុងការប្រែក្លាយឤស៊ានទៅជាតំបន់មានភាពធន់ ទៅនឹងគ្រោះមហន្តរាយ ដែលឤចកាត់បន្ថយដល់កម្រិតអប្បបរមានូវការបាត់បង់ឤយុជីវិត និងការខូចខាតដល់វិស័យនានារបស់ប្រទេស និងតំបន់, យើងចាំបាច់ត្រូវរឹតចំណងសាមគ្គីភាព និងបង្កើនកិច្ចសហប្រតិបត្តិការក្នុងតំបន់ លើគ្រប់ទិដ្ឋភាពនៃការគ្រប់គ្រងគ្រោះមហន្តរាយនេះ តាមរយៈសកម្មភាពជួយគ្នាទៅវិញទៅមក។ ក្នុងស្មារតីនេះ ខ្ញុំសូមអនុញ្ញាតលើកឡើងនូវមតិជាអនុសាសន៍មួយចំនួន ជូនដល់អង្គប្រជុំសម្រាប់ពិចារណាបន្ថែម ដូចខាងក្រោម៖
ទី១ ការបង្កើតបន្ថែមនូវក្របខ័ណ្ឌច្បាប់ និងបទប្បញ្ញត្តិ ព្រមទាំងការពង្រឹងការគ្រប់គ្រងហានិភ័យនៃគ្រោះមហន្តរាយនៅគ្រប់ថ្នាក់ទាំងអស់ ដោយបន្តធ្វើការកែសម្រួលរចនាសម្ព័ន្ធនៃតួនាទី និងការប្រើប្រាស់ចំណេះដឹងបែបវិទ្យាសាស្ត្រលើការគ្រប់គ្រងគ្រោះមហន្តរាយឱ្យប្រកបដោយវិជ្ជាជីវៈ តាមរយៈជំរុញការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធ។
ទី២ ការបញ្ជ្រាបការកាត់បន្ថយហានិភយ័គ្រោះមហន្តរាយ ទៅក្នុងរបៀបវារៈគោលដៅអភិវឌ្ឍន៍ប្រកបដោយ ចីរភាពក្រោយឆ្នាំ ២០១៥ ដែលត្រូវដំណើរការទន្ទឹមគ្នាជាមួយនឹងការធ្វើឱ្យប្រសើរឡើងនូវយន្តការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការបន្ស៊ាំការប្រែប្រួលឤកាសធាតុ ទៅក្នុងការរៀបចំផែនការអភិវឌ្ឍន៍។
ទី៣ ការពង្រឹងសមត្ថភាពធនធានមនុស្ស ដោយផ្តោតទៅលើការគ្រប់គ្រងទិន្នន័យ ក៏ដូចជាការចែកចាយ និង ការផ្លាស់ប្តូរព័ត៌មាន ឱ្យកាន់តែស៊ីជម្រៅ, ទាំងកម្រិតថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិ, ព្រមទាំងឱ្យស៊ីចង្វាក់គ្នាជាមួយមជ្ឈមណ្ឌលសម្របសម្រួលឤស៊ាន សម្រាប់ជំនួយមនុស្សធម៌ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ។
ទី៤ ការបង្កើនកិច្ចសហការថ្នាក់តំបន់ ដើម្បីគ្រប់គ្រងមុខសញ្ញាគ្រោះថ្នាក់ និងកំណត់តួនាទីក្នុងការទទួល ខុសត្រូវរបស់ស្ថាប័នពាក់ព័ន្ធទាំងអស់ សម្រាប់ការតៀមរៀបចំបង្ការគ្រោះមហន្តរាយ, ការស្រាវជ្រាវរុករក, ការឆ្លើយតប និងការស្តារឡើងវិញ ដោយផ្អែកលើមូលដ្ឋាននៃកិច្ចព្រមព្រៀងឤស៊ានស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងការឆ្លើយតបសង្គ្រោះបន្ទាន់។
ទី៥ ការបន្តពង្រឹងវិធីសាស្ត្រដោះស្រាយពហុមុខសញ្ញាគ្រោះថ្នាក់ ដោយគិតគូរសំខាន់ដល់ភាពងាយរងគ្រោះ ផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច ព្រមទាំងការប៉ាន់ប្រមាណកម្រិតរងគ្រោះ និងហានិភ័យ ដើម្បីត្រៀមរៀបចំសម្រាប់ការឆ្លើយតបទៅនឹងគ្រោះមហន្តរាយ ប្រកបដោយប្រសិទ្ធិភាព។
នៅចុងបញ្ចប់, ខ្ញុំសូមជូនពរឱ្យកិច្ចប្រជុំនេះ ប្រព្រឹត្តទៅដោយជោគជ័យ និងទទួលបានលទ្ធផលប្រកបដោយ ផ្លែផ្កា និងសូមជូនពរឯកឧត្តម, លោកជំទាវ, អស់លោក, លោកស្រី សូមទទួលបាននូវការស្នាក់នៅប្រកបដោយសេចក្តីរីករាយ និងមានផាសុខភាព។
ខ្ញុំសូមប្រកាសបើក «កិច្ចប្រជុំលើកទី ៣ ថ្នាក់រដ្ឋមន្ត្រីឤស៊ាន ទទួលបន្ទុកការគ្រប់គ្រងគ្រោះមហន្តរាយ» ចាប់ពីពេលនេះទៅ៕