លោកជំទាវ ឯកឧត្តម ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាងស្ថានទូតប្រចាំព្រះរាជាណាចក្រកម្ពុជា
លោកជំទាវ ឯកឧត្តម អ្នកអង្គម្ចាស់ លោកស្រី អស់លោក និង អង្គវេទិកាទាំមូលជាទីមេត្រី !
ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយជាអនេក ដោយបានមកចូលរួមជាមួយលោកជំទាវ លោកស្រី មកពីស្ថាប័ន ព្រឹទ្ធសភា, រដ្ឋសភា និងរាជរដ្ឋាភិបាល និងលោកជំទាវ លោកស្រី មកពីក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត, ស្រុក, ចៅសង្កាត់ មេឃុំ ព្រមទាំងប្រធានមន្ទីរកិច្ចការនារីខេត្ត និងការិយាល័យកិច្ចការនារីស្រុក ដែលមានចំនួនសរុប ៧៥០ នាក់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីបិទ «វេទិកាជាតិស្តីពីស្ត្រីជាថ្នាក់ដឹកនាំក្នុងវិស័យសាធារណៈ និងនយោបាយ» ដែលបានប្រារព្ធឡើងយ៉ាងឱឡារិកនេះ។
ក្នុងនាមរាជរដ្ឋាភិបាល និងរូបខ្ញុំផ្ទាល់ ខ្ញុំសូមអបអរសាទរ និងគាំទ្រចំពោះការរៀបចំវេទិកាជាតិដ៏មានសារៈសំខាន់នេះ។ នេះគឺជាវេទិកាលើកទី ២ ហើយ ដែលយើងបានរៀបចំរៀងរាល់ ៥ ឆ្នាំម្តង ក្រោមប្រធានបទស្តីពីស្ត្រីជាថ្នាក់ដឹកនាំ ក្នុងវិស័យសាធារណៈ និងនយោបាយ ដើម្បីរួមគ្នាពិនិត្យមើលឡើងវិញ លើវឌ្ឍនភាព និង ការខ្វះចន្លោះក្នុងការអនុវត្ត ការងារតាមតួនាទី និងកិច្ចខិតខំប្រឹងប្រែង ដែលកើតចេញពីឆន្ទៈដ៏មោះមុតរបស់ស្ត្រីថ្នាក់ដឹកនាំ។ វេទិកានេះ ក៏ទទួលបាននូវការគាំទ្រពីគ្រប់ស្ថាប័ន ក្នុងវិស័យសាធារណៈ និងនយោបាយ, ព្រមទាំងវិស័យឯកជន, អង្គការសង្គមស៊ីវិលនៅទូទាំង ព្រះរាជាណាចក្រកម្ពុជាផងដែរ។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមបញ្ជាក់ជូនអង្គវេទិកាទាំងមូលថា ក្នុងកិច្ចខិតខំប្រឹងប្រែងដោយសកម្ម និងបុរេសកម្ម ឥតឈប់ឈរកន្លងមក កម្ពុជាបានសម្រេចនូវគោលដៅអភិវឌ្ឍន៍សហសវត្សរ៍ (MDGs) សំខាន់ៗជាច្រើនដែលបានដាក់ចេញកាលពី ១៥ ឆ្នាំមុន និងប្តេជ្ញាចិត្តឈានទៅអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) សម្រាប់រយៈពេល ១៥ ឆ្នាំ ទៅមុខទៀត ដើម្បីបង្កើននូវលក្ខខណ្ឌសមធម៌ និងការទទួលស្គាល់សមភាពរវាងស្ត្រី និងបុរសក្នុងគ្រប់ទិដ្ឋភាព ទាំងវិស័យនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច ព្រមទាំងសិទ្ធិក្នុងការចូលរួមចំណែកដោយស្មើភាពនិងជាដៃគូមិនឤចខ្វះបាន ជាមួយបុរសក្នុងការអភិវឌ្ឍប្រទេសជាតិ។
ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលយល់ច្បាស់ថា ការលើកកម្ពស់ការយល់ដឹងដល់ស្ត្រី និងការចូលរួមរបស់ស្ត្រីគ្រប់ វិស័យ ជាពិសេសការជំរុញលើកទឹកចិត្តស្ត្រីជាថ្នាក់ដឹកនាំក្នុងវិស័យសាធារណៈ និងនយោបាយ, ការលុបបំបាត់អំពើហិង្សា និងការទប់ស្កាត់ការរំលោភបំពានផ្លូវភេទលើស្ត្រី ព្រមទាំងការបង្កើនកាលានុវត្តភាពនានា ដល់ស្ត្រីពិតជាមានសារៈសំខាន់ និងចាំបាច់បំផុត ក្នុងគោលដៅអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព។
ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ កម្ពុជាសម្រេចបាននូវវឌ្ឍនភាពគួរជាទីមោទនៈ ទាំងក្នុងវិស័យសេដ្ឋកិច្ច និងសង្គមកិច្ច ក្នុងបរិការណ៍ដែលកម្ពុជាឤចរក្សាបាននូវសុខសន្តិភាពពេញលេញ, ស្ថិរភាពនយោបាយរឹងមាំ, សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ។ ជាក់ស្តែង កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងអត្រាមធ្យម ៧,៧% ក្នុងមួយឆ្នាំ ហើយជីវភាព និងសុខុមាលភាពរបស់ប្រជាជន កាន់តែត្រូវបានលើកកម្ពស់គួរឱ្យកត់សម្គាល់ ក្នុងនោះអត្រានៃភាពក្រីក្រប្រមាណ ២% ក្នុងមួយឆ្នាំត្រូវបានកាត់បន្ថយ ដែលធ្វើឱ្យកម្ពុជាសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សហសវត្សរ៍ លើការកាត់បន្ថយភាពក្រីក្រ និងលើវិស័យសង្គមកិច្ចមួយចំនួនទៀត មុនពេលកំណត់ឆ្នាំ ២០១៥។ ចំណែកឯគោលដៅនៅសេសសល់ឤចសម្រេចបាននៅដំណាច់ឆ្នាំ ២០១៥ នេះ និងឆ្នាំបន្តបន្ទាប់។ ទន្ទឹមនេះ រាជរដ្ឋាភិបាលបានអនុវត្តដោយជោគជ័យ នូវគោល នយោបាយ, យុទ្ធសាស្ត្រ, កម្មវិធី និងផែនការសកម្មភាពជាច្រើន សំដៅលើកកម្ពស់សមភាព យេនឌ័រ និង ការផ្តល់ភាពអង់ឤចដល់ស្ត្រី។ ជាលទ្ធផល សន្ទស្សន៍សមភាពយេនឌ័រក្នុងឆ្នាំ ២០១៣ បង្ហាញថា កម្ពុជា ជាប់ចំណាត់ថ្នាក់ទី ១៣៦ ក្នុងចំណោម ១៨៣ ប្រទេស លើវិស័យសុខភាពបន្តពូជ, ការអប់រំ, ការធ្វើសេចក្តី សម្រេច និងការចូលរួមរបស់ស្ត្រី ក្នុងទីផ្សារពលកម្ម។ ការវិវត្តទៅរកភាពល្អប្រសើរនេះ បានជំរុញឱ្យស្ថានភាព, ជីវភាព, ឋានៈ, តួនាទីរបស់ស្ត្រីមានភាពកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ និងមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងវិស័យសំខាន់ៗ ជាច្រើន។
ប៉ុន្តែ ទោះបីជាប្រទេសកម្ពុជាបានធ្វើឱ្យមានភាពជឿនលឿនទាក់ទងនឹងសមភាពយេនឌ័រ រួមទាំងការពង្រឹងភាពអង់ឤចរបស់ស្ត្រីក៏ដោយ ក៏យើងនៅមានបញ្ហាប្រឈមមួយចំនួន ដែលត្រូវដោះស្រាយបណ្តើរៗបន្ថែមទៀត ដែលក្នុងនោះរួមមាន៖ (១) ការចូលរួមរបស់ស្ត្រីក្នុងវិស័យសាធារណៈ, នយោបាយ និងក្នុងវិស័យសេដ្ឋកិច្ចនៅមានកម្រិតនៅឡើយ (២) វិសមភាពយេនឌ័រនៅមាននៅឡើយក្នុងវិស័យអប់រំ ជាពិសេសនៅក្នុងកម្រិតមធ្យមសិក្សាទុតិយភូមិ និងឧត្តមសិក្សា (៣) បញ្ហាសុខភាពស្ត្រី, ឤហារូបត្ថម្ភ, អត្រាស្លាប់របស់ម្តាយនៅតែជាបញ្ហាប្រឈមដ៏សំខាន់ បើប្រៀបធៀប ទៅនឹងប្រទេសដទៃនៅក្នុងតំបន់ (៤) ការដោះស្រាយបញ្ហាអំពើហិង្សាលើស្ត្រី និងកុមារី ទៅតាមនីតិវិធីតុលាការ និងផ្លូវច្បាប់ ព្រមទាំងការផ្តល់សេវាជួយជនរងគ្រោះ នៅពុំទាន់បានរលូន និងមិនទាន់ពេលវេលានៅឡើយ។
យ៉ាងណាមិញ ដូចដែលបានគូសបញ្ជាក់ខាងលើ នៅឆ្នាំ ២០១៥ គឺជាឆ្នាំដែលកម្ពុជា និងបណ្តាប្រទេសក្នុងពិភពលោកបានប្តេជ្ញាបន្តអនុវត្តចំណុចសេសសល់ ពីការអនុវត្តគោលដៅអភិវឌ្ឍន៍សហសវត្សរ៍ (MDGs) តាមរយៈការបង្កើត ក្របខណ្ឌថ្មីជាគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ដែលក្នុងនោះមានគោលដៅដោយឡែកទី ៥ ដែលនិយាយ អំពីការពន្លឿនវឌ្ឍនភាពឆ្ពោះទៅរកសមភាពយេនឌ័រ និងការលើកកម្ពស់ភាពអង់ឤចរបស់ស្ត្រី។ ទន្ទឹមនេះ វេទិកាជាតិ ស្តីពីស្ត្រីជាអ្នកដឹកនាំក្នុងវិស័យសាធារណៈ និងនយោបាយ នាពេលនេះ គឺចំពេលវេលាដែលយើងត្រូវរួមគ្នា ដើម្បីរិះរកនូវបញ្ហាប្រឈម ដែលរារាំងការអភិវឌ្ឍរបស់ស្ត្រីក្នុងសង្គមខ្មែរ ឆ្ពោះទៅរកសមភាពយេនឌ័រដោយការទទួលស្គាល់ស្ត្រីជាដៃគូដោយស្មើភាពជាមួយបុរសក្នុងការអភិវឌ្ឍប្រទេសជាតិ ។
ដើម្បីសម្រេចនូវសមភាពយេនឌ័រ និងបង្កើនសមាមាត្រ និងសមត្ថភាពស្ត្រីជាអ្នកដឹកនាំឱ្យកាន់តែប្រសើរឡើង ថែមទៀត ក្នុងគ្រប់វិស័យ ជាពិសេសវិស័យសាធារណៈ និងនយោបាយនោះ យើងត្រូវបន្តផ្តោតឤទិភាពទៅលើការងារជាក់ស្តែងមួយចំនួនដូចខាងក្រោមនេះ៖
ទី១ ការធានាលើការការពារសិទ្ធិស្ត្រី ព្រមទាំងការលើកកម្ពស់ការចូលរួមពេញលេញ និងដោយស្មើភាពរបស់ ស្ត្រីក្នុងការធ្វើសេចក្តីសម្រេចនៅគ្រប់កម្រិត។ ក្នុងដំណើរឆ្ពោះទៅសម្រេចការងារនេះ គ្រប់ក្រសួង ស្ថាប័ន ត្រូវបន្តផ្តល់ឱកាស និងគាំទ្រឱ្យស្ត្រីបានចូលរួម, បញ្ចេញទេពកោសល្យ, សមត្ថភាពរបស់ខ្លួន ព្រមទាំងត្រូវសកម្មចូលរួមដោះស្រាយបញ្ហាប្រឈមនានារបស់ស្ត្រី ដែលជាមន្ត្រីរាជការ និងបុគ្គលិកនៅតាមក្រសួង ស្ថាប័ននីមួយៗ។ ក្នុងស្មារតីនេះ ក្រសួង ស្ថាប័ន ត្រូវរៀបចំវគ្គបណ្តុះបណ្តាលដើម្បីពង្រឹងសមត្ថភាពដល់ស្ត្រី ដែលត្រូវបំពេញតួនាទីជាអ្នកធ្វើសេចក្តីសម្រេច, អ្នកទទួលខុសត្រូវលើការងារគ្រប់គ្រង និងរដ្ឋបាលសាធារណៈ ជាដើម។
[ចាប់ផ្តើម សេចក្តីអធិប្បាយ]
ត្រូវយកចិត្តទុកដាក់បង្កើនសមត្ថភាព មិនមែនឡើងតែឋានៈទេ
ចំណុចនេះ ខ្ញុំចង់បញ្ជាក់បន្តិចសម្រាប់អង្គពិធីរបស់យើង និងសម្រាប់ស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលត្រូវរិះរកមធ្យោបាយដើម្បីដោះស្រាយបញ្ហា។ ការបង្កើនសមត្ថភាពរបស់ស្រ្តី ជាបញ្ហាសំខាន់ណាស់ ដើម្បីយើងអាចតែងតាំងគេបាន ហើយស្រ្តីខ្លួនឯងក៏ត្រូវតែប្រឹងដែរ មិនមែនបានសេចក្តីថា ដាក់កូតាហើយ ត្រូវតែរើសដាក់ឲ្យតែពេញៗទេ។ បញ្ហាមិនស្ថិតនៅត្រង់(ការ)កំណត់កូតាប៉ុណ្ណេះភាគរយ ប៉ុណ្ណោះភាគរយទេ។ វាអាចទៅលើសពីការកំណត់របស់យើងផង បើសិនជាស្រ្តីមានសមត្ថភាពពិតប្រាកដ។ ដូច្នេះ ចំណុចនេះ ខ្ញុំសុំស្នើឲ្យធ្វើការតាមរបៀបភាគីម្ខាង គឺស្ថាប័នដែលទាមទារឲ្យមានការហ្វឹកហ្វឺនជំនាញ លើផ្នែកពាក់ព័ន្ធជាមួយនឹងតួនាទីរបស់ស្រ្តីក្នុងការធ្វើសេចក្តីសម្រេច និងនៅក្នុងវិស័យសាធារណៈ។ សូម្បីតែសាលាភូមិន្ទរដ្ឋបាល ក៏ត្រូវមានវគ្គបណ្តុះបណ្តាលពិសេសសម្រាប់ការរីកចម្រើនរបស់ស្រ្តីក្នុងការគ្រប់គ្រងវិស័យសាធារណៈ។ សុំបញ្ជាក់ រំលឹកការតែងតាំងមុខងារ ដែលកន្លងទៅកំណត់ឲ្យថ្នាក់រាជធានី ខេត្ត ស្រុក ខណ្ឌ ក្រុង ឲ្យមានអភិបាលរងមួយ ប៉ុន្តែ មិនមែនបានសេចក្តីថាមានតែមួយទេ បើអាចតែងតាំងបាន ៥ ឬ ៦ ឬ ៧ បើសិនជាមាន មិនមែនកំណត់ត្រឹមតែមួយទេ។
ខ្ញុំបានរំលឹកតែងតាំងហើយ មិនមែនយកទៅដាក់ឲ្យតែថាមានទេ។ តែងតាំងហើយត្រូវប្រគល់ការងារឲ្យធ្វើ បែងចែកភារកិច្ចឲ្យមើល។ តាមស្ថាប័នក៏ដូចតែគ្នាដែរ។ កុំតែងតាំងយកទៅទុកដាក់លម្អថាមាន(ស្ត្រីជា)រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន កុំតែងតាំងឲ្យល្អមើល។ ប៉ុន្តែ ស្រ្តីខ្លួនឯងម្នាក់ៗ ដែលទទួលបានការតែងតាំង ក៏ត្រូវដឹងថា ដើម្បីឲ្យគេទទួលបាន វាទាល់តែខ្លួនហ្នឹងចេះដឹកនាំគេដែរ។ បើតែងតាំងទៅគ្រាន់តែយកឋានៈ តួនាទី គឺមិនគ្រប់គ្រាន់ទេ។ ធ្វើយ៉ាងនេះនឹងធ្វើ ឲ្យថមថយចុះនូវការចូលរួមរបស់ស្រ្តីក្នុងការធ្វើការសម្រេចចិត្ត នៅក្នុងវិស័យនយោបាយក៏ដូចជា សេចក្តីសម្រេចចិត្តទៅលើបញ្ហាផ្សេងៗទាក់ទងជាមួយនឹងសេវាសាធារណៈ និងកិច្ចការសាធារណៈ។ ខ្ញុំសូមអំពាវនាវនូវទិសទាំង ២ ទិសសា្ថប័ន និងទិសបុគ្គលស្រ្តីម្នាក់ៗតែម្តង។ បើមិនដូច្នោះ គឺតែងតាំងប៉ុន្មាន ក៏នៅតែប៉ុណ្ណឹងដែរ។ ជាទូទៅស្រ្តីរបស់យើងធ្វើការបាន មិនមែនធ្វើការមិនបានទេ។
ស្ត្រីក៏អាចបំពេញការងារទាក់ទងនឹងកិច្ចការអន្តរជាតិបានដែរ
ឥឡូវយើងក៏មានថ្នាក់អគ្គរដ្ឋទូត និងអ្នកការទូតស្រ្តីរបស់យើងល្អ ដែលធ្វើសកម្មភាពមិនចាញ់បុរសនោះទេ។ ឥឡូវនេះ សូម្បីតែស្រ្តីដែលចូលរួមនៅក្នុងកងរក្សាសន្តិភាពអង្គការសហប្រជាជាតិ ក៏បានធ្វើសកម្មភាពនៅស៊ូដង់ខាងត្បូងច្រើនជាងគេឥឡូវនេះ ដោយសារនៅម៉ាលី នៅអាហ្រ្វិកកណ្តាល នៅលីបង់ (យើង)មានមន្ទីរពេទ្យ។ ខ្ញុំមិនប្រាកដថា នៅក្នុងចន្លោះរវាងស៊ីបក្រិច និងស៊ីបតួគី ដែលយើងទៅទីនោះ ដើម្បីជួយដោះមីននៅតំបន់នោះ មានស្ត្រីឬទេ។ ជួបអគ្គលេខាធិការអង្គការសហប្រជាជាតិ បាន គីមូន កាលពីឆ្នាំ ២០១៣ នៅប្រ៊ុយណេ គាត់ស្នើសុំឲ្យបន្ថែមចំនួនស្រ្តីនៅក្នុងកម្លាំងកងអាវុធហត្ថ ដែលបញ្ជូនទៅក្រៅប្រទេស ព្រោះប្រហែលជាមានបញ្ហាពាក់ព័ន្ធ។ ឧបមាថាធ្វើប្រតិបត្តិការពិនិត្យសន្តិសុខសណ្តាប់ធ្នាប់ស្អីៗ ទៅលើស្រ្តី យើងត្រូវការស្រ្តី មិនមែនត្រូវការបុរសទេ។
[ចប់ សេចក្តីអធិប្បាយ]
ទី២ ការបង្កើនការវិនិយោគទៅលើសមភាពយេនឌ័រ ជាពិសេសតាមរយៈការពិនិត្យឡើងវិញលើគោលនយោបាយសារពើពន្ធ ដើម្បីបង្កើត និងបង្កើនចំណាយសាធារណៈទៅលើសមភាពយេនឌ័រ ព្រមទាំងត្រួតពិនិត្យ និងវិភាគពីផលប៉ះពាល់ នៃចំណាយសាធារណៈទៅលើវិសមភាពយេនឌ័រ តាមរយៈការរៀបចំថវិកាកម្មវិធី ដែលឆ្លើយតបទៅនឹងបញ្ហាយេនឌ័រ។ ទន្ទឹមនេះ ត្រូវអនុវត្តយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័ររបស់គ្រប់ក្រសួង ស្ថាប័ន តាមរយៈការរៀបចំផែនការថវិកា និងបញ្ចូលក្នុងថវិកាតាមកម្មវិធីរបស់ក្រសួង ស្ថាប័ន ដើម្បីឤចទទួលបានថវិកាជាតិ និងថវិកាដៃគូអភិវឌ្ឍ សម្រាប់អនុវត្តការងាររបស់ខ្លួន។
ទី៣ ការពង្រឹងយន្តការគណនេយ្យភាពសម្រាប់សមភាពយេនឌ័រ គឺជាការងារគន្លឹះ ដើម្បីវាស់វែងប្រសិទ្ធិភាពនៃការអនុវត្តគោលនយោបាយ និងវិធានការរបស់ក្រសួង ស្ថាប័ន ព្រមទាំងធានាឱ្យមានការផ្តល់ធនធានគ្រប់គ្រាន់ សម្រាប់ការងារយេនឌ័រ។ ដូច្នេះ ក្រសួង ស្ថាប័ននីមួយៗ ចាំបាច់ត្រូវពង្រឹងមធ្យោបាយនៃការតាមដាន និងត្រួតពិនិត្យ ព្រមទាំងវាយតម្លៃការបែងចែកធនធាន, ការវិភាជថវិការបស់ខ្លួន សម្រាប់ការងារយេនឌ័រ។
ទី៤ ការបន្តលើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងសេដ្ឋកិច្ច គឺជាឤទិភាព ដើម្បីបង្កើនអំណាចសេដ្ឋកិច្ចគ្រប់គ្រាន់ជូនស្ត្រី និងក្រុមគ្រួសារ និងអនុញ្ញាតឱ្យអ្នកទាំងនោះ មានលទ្ធភាពចូលរួមក្នុងការងារសាធារណៈ និង នយោបាយ។ ក្នុងស្មារតីនេះ ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តផ្តល់ឤទិភាពទៅលើការចូលរួមរបស់ស្ត្រីក្នុងវិស័យសេដ្ឋកិច្ច តាមរយៈការបង្កើនការយល់ដឹងដល់ស្ត្រី អំពីការទទួលបានសេវាពាក់ព័ន្ធ ដើម្បីអភិវឌ្ឍឤជីវកម្មសម្រាប់សហគ្រាសខ្នាតមីក្រូ, ខ្នាតតូច និងមធ្យម។ ទន្ទឹមនេះ ត្រូវបង្កើតនូវកម្មវិធីនានា សំដៅជួយស្ត្រីឱ្យទទួលបាននូវជំនាញបច្ចេកទេស, សហគ្រិនភាព និងសេវាហិរញ្ញវត្ថុ ដើម្បីគាំទ្រស្ត្រី ក្នុងការចូលរួមធ្វើពិពិធកម្ម និងពាណិជ្ជូបនីយកម្មលើវិស័យកសិកម្ម។ ព្រមជាមួយនេះ ភាគីពាក់ព័ន្ធនានា ក្នុងទីផ្សារការងារត្រូវសហការគ្នាជិតស្និទ្ធ ដើម្បីលុបបំបាត់ការរើសអើងស្ត្រីនៅកន្លែងការងារ, រៀបចំស្តង់ដារពលកម្មសម្រាប់ស្ត្រី, ផ្តល់ការគាំពារសង្គម និងជួយដោះស្រាយវិវាទជាដើម៘
ទី៥ គណបក្សនយោបាយគួរគិតគូរបន្តបង្កើនចំនួនស្ត្រីចូលរួមក្នុងវិស័យនយោបាយ តាមរយៈការផ្តល់ឤទិភាពឱ្យស្ត្រីមានឈ្មោះលើបញ្ជីក្នុងលេខរៀង ដែលឤចជាប់បាន។ ដោយឡែក ចំពោះវិស័យសាធារណៈ, ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបន្តអនុវត្តនូវវិធានការវិជ្ជមាន ដែលរាជរដ្ឋាភិបាលបានដាក់ចេញកន្លងមក ក្នុងការបង្កើនចំនួនស្ត្រី ដូចជាការពន្យារឤយុស្ត្រីចូលនិវត្តន៍, ការជ្រើសរើសមន្ត្រីថ្មីជាស្ត្រីពី ២០-៥០% និងការជំនួសអ្នកចូលនិវត្តន៍ដោយស្ត្រី ដែលមានសមត្ថភាពក្នុងការបំពេញតួនាទីនោះ។
[ចាប់ផ្តើម សេចក្តីអធិប្បាយ]
គ្រប់បក្សនយោបាយដាក់ស្ត្រីជាបេក្ខជនតំណាងរាស្ត្រ
ខ្ញុំសូមអំពាវនាវទៅគ្រប់បក្សនយោបាយទាំងអស់ ដែលចូលរួមប្រកួតប្រជែងការបោះឆ្នោតនៅកម្ពុជា គប្បីដាក់ស្ត្រីឲ្យចូលរួមនៅក្នុងការបោះឆ្នោតក្នុងគ្រប់កម្រិត ទាំងថ្នាក់ឃុំ ហើយថ្នាក់ក្រុមប្រឹក្សាខេត្ត រាជធានី ក្រុង ខណ្ឌ ស្រុក ជាដើម។ សូមដាក់នៅថ្នាក់ជាតិ ដោយមានទាំងរដ្ឋសភា និងព្រឹទ្ធសភា និងសូមមេត្តារៀបចំដាក់ឲ្យជាប់ កុំដាក់កំដររោង។ ឆ្នាំមួយនោះ ដូចជាអង្គការ IRI ឬក៏ NDI (ខ្ញុំមិនចាំ) បង្កើតវេទិកា ដើម្បីពិភាក្សាលើស្ត្រី ពិភាក្សាបេក្ខជនតំណាងរាស្ត្រជាស្ត្រី។ ស្រាប់តែមានបក្សនយោបាយមួយ អត់មាននឹងគេ ហើយបក្សនយោបាយនឹងគឺខ្លាំងរឿងស្ត្រី ប៉ុន្តែដល់គេហៅបេក្ខជនស្ត្រីឡើងធ្វើការជជែកដេញដោលគ្នានោះ ស្រាប់តែបក្សហ្នឹង អត់មានស្ត្រីឈរឈ្មោះក្នុងមណ្ឌលហ្នឹងផង។ មិនថាបក្សណា បក្សណាទេ យើងត្រូវធ្វើសកម្មភាពពិតៗ ដើម្បី ដាក់ឲ្យស្ត្រីចូលរួមនៅក្នុងការទទួលបានការបោះឆ្នោត ប៉ុន្តែធ្វើបានតាមរយៈខាងលើ លុះត្រាតែស្ត្រីខ្លួនឯង ត្រូវ មានគ្រប់លក្ខណៈសម្បត្តិ បើមិនគ្រប់លក្ខណៈសម្បត្តិដាក់ទៅគ្រាន់តែដាក់ដើម្បីចាញ់ឆ្នោត គេដាក់ធ្វើអី គេ មិនដាក់ទេ។ ឧបមាថា ដើរតែជេរគេ ដាក់ឲ្យឈរឈ្មោះ អញ្ចឹងដាក់ទៅទាញទម្លាក់បញ្ជី ព្រោះស្រុកយើងដាក់ តាមសមាមាត្រ បោះសមាមាត្រ មិនមែនបោះតាមឯកត្តនាមទេ។ បើបោះឯកត្តនាម វាអត់ចំណោទទេ។ ទន្ទឹមនឹងបក្សនយោបាយយកចិត្តទុកដាក់ ស្ត្រីខ្លួនឯងដែលជាសមាជិកនៃបក្សនយោបាយនានា គ្រប់គណបក្សនយោបាយក៏ត្រូវប្រឹងខ្លួនឯងដែរ ដើម្បីឲ្យគេទទួលយកបាន ជ្រើសរើសបាន។ គណបក្សដាក់ទៅហើយ ទទួលបានការបោះឆ្នោតពីប្រជាពលរដ្ឋ ទាំងស្រីទាំងប្រុស។
ត្រូវជ្រើសរើសស្ត្រីក្នុងការប្រឡងចូលក្របខណ្ឌ
ខ្ញុំមិននិយាយថា ជាគណបក្សមួយណាៗទេ ឯចំពោះការជ្រើសរើសវិញ យើងបានប្រើការណែនាំជាបន្តបន្ទាប់ ហើយរដ្ឋមន្ត្រីមុខងារសាធារណៈនៅទីនេះស្រាប់ហើយ។ យើងបានកំណត់អំពីរបៀបរបប ក្នុងនោះមានការ ជ្រើសតាំងទាក់ទងនឹងអ្នកចូលនិវត្ត ជ្រើសរើសក្របខណ្ឌថ្មីចូល យ៉ាងណាខិតខំធានាក្នុងអត្រាពី ២០% ទៅ ៥០%។ ឥឡូវឧទាហរណ៍ ចូលនិវត្តចំនួន ១០០ នាក់ ត្រូវរើសថ្មី ៩០ នាក់។ ប៉ុណ្ណឹងចុះ កុំឲ្យលើស បើបានកាត់បន្ថយកាន់តែល្អ ព្រោះក្របខណ្ឌយើងវាតូច។ អ្នកមុន សមត្ថភាពកាលពីសម័យមុនវាមានកម្រិត។ ដល់ដាក់អ្នកថ្មីចូល យុវជនជំនាន់ក្រោយ គេរៀនបានខ្ពស់ ដូច្នេះគុណភាពការងារវាកើន។ ក្នុងចំនួននេះ យើងអាចជ្រើសរើសស្ត្រី ក្នុងកម្រិតពី ២០% ទៅ ៥០% សម្រាប់អ្នកចូលនិវត្ត។ ឧទាហរណ៍ ប្រធាននាយកដ្ឋានចូលនិវត្ត អនុប្រធាននាយកដ្ឋានចូលនិវត្ត អគ្គនាយក ឬអគ្គនាយករងចូលនិវត្ត យើងខិតខំជ្រើសរើសក្នុងចំនួនអ្នកដែលចូលនិវត្ត ហើយដែលត្រូវដាក់ជួសនេះ រើសក្នុងចំណោមស្ត្រី។ គ្រប់ស្ថាប័នគួរធ្វើបែបនេះ ដើម្បីបង្កើនចំនួនស្ត្រីឲ្យកាន់តួនាទី។ ក្នុងផ្នែកមហាផ្ទៃ មួយជាកូតា ប៉ុន្តែបើបានលើសពីមួយនៅក្នុងស្រុក ខេត្ត ខណ្ឌ ក្រុង គឺវាជាការល្អ។
នេះជាចំណុចដែលទាមទារឲ្យខិតខំទាំងទ្វេទិស ទិសម្ខាងបក្សនយោបាយ និងស្ថាប័ន តែទិសម្ខាងទៀត(ជាបុគ្គល)គឺតឹងរឹង។ បញ្ហានេះទាក់ទងផងដែរជាមួយនឹងនីតិវិធីនៃការជ្រើសរើស ព្រោះតម្រូវឲ្យមានការប្រឡង ដើម្បីចូលក្របខណ្ឌ ដល់ប្រឡងស្រ្តីមិនជាប់នោះ ជារឿងមួយទៀត។ បញ្ហានេះ ខ្ញុំអត់ហ៊ានថាម៉េចទេណា។ ខ្ញុំឧទាហរណ៍ឲ្យស្ទូចពិន្ទុ លេងថា សម័យពីដើម ដើម្បីបណ្តុះបណ្តាលបងប្អូននៅឦសាន រតនគីរី មណ្ឌលគីរី ស្ទឹងត្រែង ព្រះវិហារ កោះកុង យើងស្ទូចពិន្ទុប្រឡងចូលមហាវិទ្យាល័យ។ នៅចាំបានទេ ជំនាន់ទស្សវត្សរ៍ ៨០។ ឧបមាថា ត្រូវយក ៣០ ពិន្ទុ គឺយើងឲ្យ ៥ ពិន្ទុមុនបាត់ទៅហើយ។ អញ្ចឹងបេក្ខជនដែលមកប្រឡងរកតែ ២៥ ពិន្ទុទៀតបានន័យថាជាប់ហើយ។ ឥឡូវនេះ ខ្ញុំអត់ហ៊ាននិយាយលេងទេ។ ស្រាប់តែលេងតាមក្រសួងព្រមព្រៀងគ្នាស្ទូចពិន្ទុអស់ កើតរឿងដល់ខ្ញុំទៀត។ ស្ត្រីខ្លួនឯងត្រូវពង្រឹងសមត្ថភាព។ ខ្ញុំគិតថា ការដាក់ចេញគោលដៅអត្រាក្នុងចន្លោះពី ២០% ទៅ ៥០ % គឺមិនពិបាក ព្រោះយើងឃើញនិទេ្ទសដែលជាប់លេខ ១ កាលប្រឡងមធ្យមសិក្សាទុតិយភូមិកន្លងទៅ មានក្មេងស្រីៗច្រើន។ ខ្ញុំជឿជាក់លើយុវនារីទាំងឡាយ ដែលដាក់ប្រឡងចូលទៅតាមស្ថាប័នរដ្ឋ និងក្រសួង។
សូមឆ្លៀតយកឱកាសនេះផងដែរ ថ្លែងនូវការកោតសរសើរក្រសួងការបរទេស ដែលយុវជនពិការភ្នែកម្នាក់ បានចូលទៅបម្រើការងារនៅក្រសួងការបរទេស ផ្នែកអក្សរទៀត។ អញ្ចឹងថ្ងៃក្រោយ ឲ្យគាត់ខាងផ្នែកទទួលបន្ទុកវ៉ៃសារសម្រាប់ទៅប្រទេសនានា។ ឲ្យគាត់តាមតែរឿងហ្នឹងតែម្តង។ គិតថាល្អដែរ។ ឯកឧត្តម ពេជ្រ ប៊ុនធិន បញ្ហានេះ ត្រូវធ្វើការជាមួយនឹងស្ថាប័ននានា ព្រោះយើងជាអ្នកផ្តល់មតិ និងផ្តល់ទិដ្ឋាការសម្រាប់ការចែកសក្តិ។ ដូច្នេះ ចំណុចនេះ ក៏ត្រូវពិនិត្យមើលអំពីដំណើរនៃការតែងតាំង ជួនកាលមកចូលនិវត្ត ៣ នាក់ ស្រាប់តែដាក់តែងតាំងមកទាំងអស់ អញ្ចឹងទេ យើងអាចជូនរដ្ឋមន្ត្រីវិញ ថាតើមានស្ត្រីឬអត់? បើមិនអញ្ចឹងទេ ជួនកាល ចេះតែតែងតាំងទៅ។
[ចប់ សេចក្តីអធិប្បាយ]
មុននឹងបញ្ចប់ ជាថ្មីម្តងទៀត ខ្ញុំសូមសម្តែងនូវការកោតសរសើរចំញេះថ្នាក់ដឹកនាំ, មន្ត្រីរាជការ, បុគ្គលិក នៃ ក្រសួងកិច្ចការនារី ជាពិសេសលោកជំទាវរដ្ឋមន្ត្រី អ៊ឹង កន្ថាផាវី ដែលតែងបានយកចិត្តទុកដាក់ខ្ពស់ចំពោះកិច្ចការលើកកម្ពស់តម្លៃ និងតួនាទីរបស់ស្ត្រីនៅក្នុងសកម្មភាពសេដ្ឋកិច្ច, នយោបាយ និងសង្គម ព្រមទាំងបានជំរុញដល់ការងារទប់ស្កាត់ និងលុបបំបាត់អំពើរើសអើង និងរាល់ទម្រង់នៃអំពើហិង្សាលើស្ត្រី។ ជាមួយនេះ ខ្ញុំក៏សូមវាយតម្លៃខ្ពស់ដល់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី, គណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ, កាកបាទក្រហមកម្ពុជា និងក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលតែងបានយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមនានារបស់ស្ត្រី និងបានគាំទ្រដល់ការជំរុញការលើកកម្ពស់ស្ថានភាព, ឋានៈ តួនាទីរបស់ស្ត្រី និងសុខុមាលភាពសង្គម ដើម្បីរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។ ទន្ទឹមនេះ ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះដៃគូអភិវឌ្ឍ, សង្គមស៊ីវិល និងវិស័យឯកជន ដែលតែងបានផ្តល់ការគាំទ្រ និងឧបត្ថម្ភទាំងសម្ភារៈ, ថវិកា, ស្មារតី សម្រាប់ជំរុញសកម្មភាពទាំងអស់នេះ។
នៅទីបញ្ចប់ ជាមួយនឹងការប្រកាស បិទវេទិកាជាតិស្តីពីស្ត្រីជាថ្នាក់ដឹកនាំក្នុងវិស័យសាធារណៈ និងនយោបាយ នៅពេលនេះ ខ្ញុំសូមជូនពរលោកជំទាវ ឯកឧត្តម អ្នកអង្គម្ចាស់ លោកស្រី អស់លោក និងអង្គវេទិកាទាំងមូល សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ ឤយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។