សូមថ្វាយបង្គំព្រះថេរានុថេរគ្រប់ព្រះអង្គជាទីសក្ការៈ
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញ ដូរមនុស្ស
ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាងអង្គទូតនានាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ កងកម្លាំងប្រដាប់ឤវុធគ្រប់ប្រភេទ សាស្ត្រាចារ្យ ក្មួយៗនិស្សិត សិស្សានុសិស្ស និងបងប្អូនជនរួមជាតិជាទីស្នេហា !
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ និងភរិយាមានកិត្តិយស និងសេចក្តីរីករាយជាអនេកដោយបានមកចូលរួមក្នុងពិធីប្រារព្ធ ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ឆ្នាំ ២០១៥ ដែលកំពុងតែប្រព្រឹត្តទៅនាពេលនេះ។ ជាបឋម ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំព្រះករុណាខ្ញុំសូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះឤជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់ឤវុធគ្រប់ប្រភេទ អង្គការសង្គមស៊ីវិលជាតិ-អន្តរជាតិ វិស័យឯកជន ព្រមទាំងប្រទេសនានាក្នុងតំបន់ និងសកលលោក ដែលបាន និងកំពុងចាត់វិធានការយ៉ាងសស្រាក់សស្រាំ ខិតខំប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ដែលកំពុងតែកើតមានឡើងក្នុងពេលបច្ចុប្បន្ននេះ។
ជាការពិត ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ នេះ មិនត្រឹមតែជាឱកាសក្រើនរំលឹកដល់បងប្អូនជនរួមជាតិ ជាពិសេសយុវជនឱ្យយល់ដឹងពីគ្រោះថ្នាក់ និងផលប៉ះពាល់ធ្ងន់ធ្ងរ ដែលបង្កឡើងដោយអំពើជួញដូរមនុស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្តែងនូវឆន្ទៈ និងបំផុសនូវចលនាចូលរួមប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សឱ្យកាន់តែសកម្ម មានវិសាលភាពកាន់តែទូលំទូលាយ និងមានប្រសិទ្ធិភាពទ្វេឡើងទៀតផង។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមថ្លែងនូវការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ក្រសួង ស្ថាប័ន ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងអង្គការមិនមែនរដ្ឋាភិបាល ទាំងកម្រិតជាតិ-អន្តរជាតិ និងវិស័យឯកជន ដែលតែងបានប្រឹងប្រែងរួមគ្នាដោះស្រាយបញ្ហាចំពោះមុខដោយ មិនខ្លាចនឿយហត់ ពុះពារប្រឆាំងដាច់ខាតទៅនឹងសកម្មភាពរបស់ឧក្រិដ្ឋជន ស្របទៅតាមទិសដៅនៃគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ ច្បាស់ណាស់ថា ប្រសិនបើមិនមានការប្រឹងប្រែងបែបនេះទេ សភាពការណ៍នៃសកម្មភាពជួញដូរមនុស្សនេះនឹងវិវត្តកាន់តែឤក្រក់ កាន់តែរីករាលដាល ហើយនឹងមិនឤចរក្សាបាននូវស្ថិរភាពសង្គម និងសន្តិសុខជាតិដូចសព្វថ្ងៃនេះទេ។ ប៉ុន្តែទោះបីយ៉ាងណា យើងដឹងហើយថា អំពើជួញដូរមនុស្ស ឤជីវកម្មផ្លូវភេទលើស្ត្រី និងកុមារ បញ្ហាអំពើហិង្សាក្នុងគ្រួសារ ការរំលោភសេពសន្ថវៈ និងបញ្ហាគ្រឿងញៀនជាដើម ត្រូវបានទប់ស្កាត់ និងដោះស្រាយ ហើយទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ក៏ដោយ ក៏បញ្ហាទាំងអស់នេះនៅតែជាកង្វល់ចំពោះមុខរបស់យើងនៅឡើយ។ ចំណុចនេះបានទាមទារឱ្យយើងទាំងអស់គ្នាត្រូវបន្ត យកចិត្តទុកដាក់ ខិតខំប្រឹងប្រែងពុះពាររួមគ្នាជម្នះ និងដោះស្រាយ សំដៅកាត់បន្ថយឱ្យបានជាអតិបរមានូវផលប៉ះញល់អវិជ្ជមាន និងការគំរាមនានា ពីសកម្មភាពជួញដូរមនុស្សនេះដល់សង្គមជាតិយើង និងដើម្បីធ្វើឱ្យប្រជាជនយើង ជាពិសេសយុវជន ស្ត្រី និងកុមារកម្ពុជាទទួលបានកាលានុវត្តភាពពេញលេញក្នុងការសិក្សា អប់រំសម្រាប់រួមចំណែកកាន់តែសកម្មក្នុងការងារអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចជាតិរបស់យើង។
-សម្តេច ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី និងអង្គពិធីទាំងមូល !
ជាការពិត «មនុស្ស» គឺជាកម្លាំងពលកម្មដ៏មានសក្តានុពល សម្រាប់ការងារអភិវឌ្ឍលើគ្រប់វិស័យ។ កម្លាំងពលកម្មទាំងនេះ ចាំបាច់ត្រូវតែទទួលបានការថែទាំ ការពារ និងលើកទឹកចិត្តឱ្យទទួលបាននូវសិទ្ធិ និងផលប្រយោជន៍សមស្របទៅនឹងការខិតខំ ប្រឹងប្រែងតាមកម្លាំងកាយចិត្ត ជំនាញបច្ចេកទេស និងគំនិតច្នៃប្រឌិត ក្នុងការចូលរួមអភិវឌ្ឍន៍ ដើម្បីភាពរីកចម្រើន និងធានានូវកំណើនសេដ្ឋកិច្ច សុវត្ថិភាព និងស្ថិរភាពសង្គមជាតិ។ ក្នុងគោលដៅយកចិត្តទុកដាក់លើកិច្ចការនេះ ក្នុងឆ្នាំ ២០០៣ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលការណ៍ណែនាំស្តីពី «ការគ្រប់គ្រងកម្លាំងពលកម្ម និងលំហូរទេសន្តរប្រវេសន៍» ដែលជាយុទ្ធសាស្ត្ររក្សាតុល្យភាពនៃកម្លាំងអភិវឌ្ឍជាតិ ដោយជ្រុងម្ខាងពិចារណាទៅលើការលើកកម្ពស់ជីវភាពប្រជាជន តាមរយៈផ្តល់ឱកាសការងារ និងមុខរបរ ទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេស និងជ្រុងម្ខាងទៀត បានគិតគូរអំពីការថែទាំកម្លាំងពលកម្ម ដែលត្រូវតែបង្កើនគុណភាពផ្នែកជំនាញ និងបច្ចេកទេសសម្រាប់បម្រើឱ្យការអភិវឌ្ឍន៍ជាតិលើគ្រប់វិស័យ ដែលកំពុងតែមានកំណើនគួរឱ្យកត់សម្គាល់ ទាំងក្នុងវិស័យកសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ និងវិស័យសំណង់ជាដើម។ ប៉ុន្តែដោយសារតែខ្វះការផ្តល់ព័ត៌មានត្រឹមត្រូវ បានធ្វើឱ្យបងប្អូនប្រជាជនយើងមួយចំនួនបានធ្វើចំណាកស្រុកដោយប្រថុយប្រថានផ្សងព្រេងដ៏គ្រោះថ្នាក់ រងការរំលោភបំពាន និងការកេងប្រវ័ញ្ចតាមគ្រប់រូបភាព។ លើសពីនេះទៀត ដោយសារមនុស្សគឺជាកម្លាំងពលកម្មដ៏មានសក្តានុពលសម្រាប់ការងារ ជាធនធានសេដ្ឋកិច្ចមួយនោះបានធ្វើឱ្យពួកឧក្រិដ្ឋជនតែងបានរកគ្រប់មធ្យោបាយ ដើម្បីយកមនុស្សជាដើមទុន និងជាកម្មវត្ថុនៃការជួញដូរ និងកេងប្រវ័ញ្ចតាមទម្រង់ផ្សេងៗ។
ជារួម ការធ្វើទេសន្តរប្រវេសន៍ដោយប្រថុយប្រថានទៅក្រៅប្រទេស ងាយធ្លាក់ចូលក្នុងសំណាញ់នៃការជួញដូរ ការរត់ពន្ធមនុស្ស និងងាយត្រូវបានកេងប្រវ័ញ្ច។ ជាលទ្ធផល គ្រួសារដែលមានជនរងគ្រោះពីការធ្វើទេសន្តរប្រវេសន៍ខុសច្បាប់ពីការជួញដូរ មិនត្រឹមតែមិនបានទទួលផលប្រយោជន៍ពីចំណាកស្រុកទេ ប៉ុន្តែថែមទាំងទទួលរងទម្ងន់បន្ថែមបន្ទុកឱ្យគ្រួសារកាន់តែលំបាក និងវិលទៅក្នុងអន្ទាក់នៃភាពក្រីក្រ។ ទន្ទឹមនោះ ប្រាក់កម្រៃដែលរកបានតិចតួច ត្រូវបានចំណាយនៅប្រទេសគោលដៅនោះស្ទើរទាំងស្រុង ហើយត្រូវប្រឈមមុខនឹងការអនុវត្តន៍ច្បាប់របស់គេ និងការរំលោភបំពាន កេងប្រវ័ញ្ចថែមទៀតពីក្រុមឧក្រិដ្ឋជន។ ជាក់ស្តែង ពលករជាច្រើនបានជាប់ពន្ធនាគារក្នុងប្រទេសគោលដៅ គ្មានដំណឹង គ្មានការដោះស្រាយ ខ្លះស្លាប់បាត់បង់ជីវិត ខ្លះធ្លាក់ខ្លួនពិការ ខ្លះញៀនថ្នាំបាត់បង់ស្មារតី ឬត្រូវបានបញ្ជូនត្រឡប់មកវិញដោយពុំមានសេសសល់អ្វីសោះ។ ជាការពិត បញ្ហាជួញដូរមនុស្សនេះបានកើតមាននៅគ្រប់តំបន់ និងនៅបណ្តាប្រទេសនានា ក្នុងពិភពលោក ដែលជាឧក្រិដ្ឋកម្មមួយក្នុងចំណោមឧក្រិដ្ឋកម្មឆ្លងដែនដទៃទៀត ដែលបាន និងកំពុងតែធ្វើសកម្មភាពបំផ្លាញ មនុស្សជាតិយ៉ាងពិសពុលតាមរូបភាព និងទម្រង់ខុសៗគ្នា ហើយក៏កំពុងរីករាលដាល ក្នុងបរិការណ៍ដែលតំបន់មួយចំនួនកំពុងរងនូវវិបត្តិផ្ទៃក្នុង និងសង្គ្រាមដែលនាំឱ្យកើតមានជនភៀសខ្លួនដ៏ច្រើនសន្ធឹកសន្ធាប់។
ចំណុចទាំងនេះ គឺជាកង្វល់ធំមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយបាន និងខិតខំរិះរកគ្រប់មធ្យោបាយ ដើម្បីការពារបងប្អូនប្រជាជនកម្ពុជាពីភាពរងគ្រោះទាំងឡាយនេះ។ ទន្ទឹមនេះ រាជរដ្ឋាភិបាលទទួលស្គាល់ថា ពលករទេសន្តរប្រវេសន៍មួយចំនួន ដែលចេញទៅធ្វើការងារដោយត្រឹមត្រូវតាមច្បាប់បានទទួលប្រាក់កម្រៃច្រើន និងមានការធានាផ្នែកច្បាប់យ៉ាងពេញលេញ ឤចជួយលើកកម្ពស់ជីវភាពគ្រួសារបានល្អ ហើយបានពាំនាំយកមកវិញនូវបទពិសោធន៍ល្អៗក្នុងការបង្កើតមុខរបរ ឤជីព និងធ្វើឱ្យជីវភាពគ្រួសារមានការរីកចម្រើនគួរឱ្យកោតសរសើរ។
ជារួម ក្នុងន័យគិតគូរដោះស្រាយបញ្ហាការជួញដូរមនុស្ស និងអំពើធ្វើឤជីវកម្មកេងប្រវ័ញ្ចមនុស្សតាមគ្រប់រូបភាព រាជរដ្ឋាភិបាលកម្ពុជាបានកសាងច្បាប់បង្ក្រាបអំពើជួញដូរមនុស្ស នេះតាំងពីឆ្នាំ ១៩៩៦ មកម៉្លេះ និងបានចូលជាភាគីនៃពិធីសារស្តីពី ការទប់ស្កាត់ ការបង្ក្រាប និងដាក់ទណ្ឌកម្មការជួញដូរមនុស្ស ជាពិសេសស្ត្រី និងកុមារដែលបំពេញបន្ថែមលើអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីការប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន តាំងពីឆ្នាំ ២០០៦។ យ៉ាងណាម៉ិញ ឤស្រ័យដោយឧក្រិដ្ឋកម្មនេះ មានភាពស្មុគស្មាញ ប្រទាក់ក្រឡាជាប្រព័ន្ធ និងមានបណ្តាញពីប្រទេសមួយទៅប្រទេសមួយធ្វើឱ្យការអនុវត្តន៍ច្បាប់ដើម្បីបង្ការ ទប់ស្កាត់ បង្ក្រាប សង្គ្រោះ និងការដាក់ទោសទណ្ឌជនល្មើសមិនឤចធ្វើដោយក្រសួងណាមួយ ឬ ប្រទេសណាមួយតែឯងបានឡើយ ប៉ុន្តែ ចាំបាច់ទាមទារឱ្យមានការចូលរួមសហការគ្នាយ៉ាងជិតស្និទ្ធ ប្រកបដោយឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់ ទើបឤចកាត់បន្ថយ និងឈានទៅលុបបំបាត់បទឧក្រិដ្ឋនេះបាន។
ក្នុងស្មារតីនេះដែរ រាជរដ្ឋាភិបាលកម្ពុជាបានចុះហត្ថលេខា លើអនុស្សរណៈ និងកិច្ចព្រមព្រៀងទ្វេភាគី ពហុភាគីក្នុងមហាអនុតំបន់មេគង្គជាបន្តបន្ទាប់ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងត្រៀមបន្តចុះហត្ថលេខាជាមួយសាធារណរដ្ឋប្រជាមានិតចិន និងប្រទេសម៉ាឡេស៊ី នៅពេលខាងមុខនេះផងដែរ។ ថ្មីៗនេះ កាលពីថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០១៥ ខ្ញុំក៏បានចុះហត្ថលេខាលើអនុសញ្ញាឤស៊ានស្តីពីការប្រឆាំងអំពើជួញដូរមនុស្ស ពិសេសស្ត្រី និងកុមារ បន្ទាប់ពីកិច្ចប្រជុំកំពូលឤស៊ានពេញអង្គលើកទី ២៧។ អនុសញ្ញានេះបានបញ្ជាក់ពីការប្តេជ្ញាចិត្ត របស់ប្រទេសទាំង ១០ ក្នុងសហគមន៍ឤស៊ានក្នុងការរួមសហការគ្នាដើម្បី (១) បង្ការទប់ស្កាត់ និងបង្ក្រាបអំពើជួញដូរមនុស្ស ពិសេសផ្តោតលើការដាក់ទោស ទណ្ឌឧក្រិដ្ឋជនជួញដូរមនុស្ស (២) ការពារ និងជួយជនរងគ្រោះដោយគោរពយ៉ាងពេញលេញ នូវសិទ្ធិមនុស្សរបស់ជនរងគ្រោះ និង (៣) លើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធ ដើម្បីឆ្លើយតបទៅនឹងឧក្រិដ្ឋកម្មឆ្លងដែននេះ។
លើសពីនេះទៀត រាជរដ្ឋាភិបាលបានសម្រេចបង្កើត នូវយន្តការជាតិដ៏ទូលំទូលាយមួយហៅថា គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គជបជ) ដើម្បីទទួលខុសត្រូវ ក្នុងការដឹកនាំសម្របសម្រួលជាមួយបណ្តាក្រសួងស្ថាប័នក្នុងរាជរដ្ឋាភិបាល ឱ្យរួមសហការ និងដាក់ចេញនូវវិធានការដ៏មានប្រសិទ្ធិភាពស្របទិសគ្នា និងបំពេញឱ្យគ្នាទៅវិញទៅមក។ យន្តការនេះ មានវិសាលភាពគ្របដណ្តប់ទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងជាមួយអន្តរជាតិ ដើម្បីអនុវត្តច្បាប់គោលការណ៍ វិធានការ និងបទដ្ឋានជាតិ និងអន្តរជាតិនានា ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឱ្យបានម៉ឺងម៉ាត់។ ក្នុងនោះសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវទទួលខុសត្រូវលើការងារនេះ ដោយធានាឱ្យមានកិច្ចសហការគ្នាល្អរវាងក្រសួង ស្ថាប័ន ដៃគូជាតិ និងអន្តរជាតិ និងវិស័យឯកជន ដើម្បីអនុវត្ត សកម្មភាពព្រមៗគ្នាឆ្ពោះទៅកាន់គោលដៅរួមតែមួយ គឺលុបបំបាត់អំពើជួញដូរមនុស្សគ្រប់រូបភាព។
ដូច្នេះ ក្នុងការចូលរួមអនុវត្តនូវស្មារតីទាំងអស់នេះ ក្រសួង ស្ថាប័នពាក់ព័ន្ធចាំបាច់ត្រូវពិភាក្សា រាយការណ៍ និងរួមគ្នាពិនិត្យ ដោះស្រាយបញ្ហារួម និងបញ្ហាតាមមុខសញ្ញានីមួយៗឱ្យជ្រះស្រឡះ ដោយមិនត្រូវបណ្តែតបណ្តាយឱ្យបញ្ហានេះ ក្លាយជាដំបៅមហារីកដែលពិបាកព្យាបាលនោះទេ។ ភាពព្រងើយកន្តើយ ធ្វេសប្រហែស ក្នុងការដោះស្រាយបញ្ហា និងការបង្កការលំបាកដល់ប្រជាជនយើង គឺជាការផ្តល់ឱកាសឱ្យជនល្មើសឤចទាញយកផលចំណេញ ក្នុងការអូសទាញបងប្អូនប្រជាជនឱ្យធ្លាក់ចូលទៅក្នុងសំណាញ់ជនល្មើស ជួញដូរមនុស្ស និងកេងប្រវ័ញ្ចលើប្រជាជន និងបង្កផលវិបាក ដល់ប្រទេសជាតិដោយមិនដឹងខ្លួន។
ចំពោះមុខនេះ ខ្ញុំសូមព្រមានចំញេះមន្ត្រីទាំងឡាយ ដែលបាន និងកំពុងតែឃុបឃិត និងសហការទាញយកផលប្រយោជន៍ ជាមួយជនល្មើស និងអំពើពាក់ព័ន្ធក្នុងការជួញដូរមនុស្សត្រូវឆាប់ដកខ្លួនជាបន្ទាន់។ ក្នុងករណីដែលរកឃើញថា មន្ត្រីណាម្នាក់ បានប្រព្រឹត្ត ឬបានឃុបឃិតជាមួយជនល្មើស ដើម្បីទាញយកផលប្រយោជន៍ដោយស្របច្បាប់ ឬមិនស្របច្បាប់ពីអំពើជួញដូរមនុស្ស មន្ត្រីនោះនឹងត្រូវបានផ្តន្ទាទោសតាមច្បាប់មិនលើកលែងឡើយ។
ជាថ្មីម្តងទៀត ខ្ញុំព្រះករុណាខ្ញុំ សូមផ្ញើសារពីវេទិកា នៃទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនេះ ជូនបងប្អូនជនរួមជាតិ នៅទូទាំងប្រទេស ក៏ដូចជានៅក្រៅប្រទេសឱ្យបានជ្រាប អំពីការប្តេជ្ញាចិត្តដ៏មោះមុតរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនេះ ដូចខាងក្រោម ៖
ទី១ ចំពោះមុខនេះ និងតទៅអនាគតរាជរដ្ឋាភិបាលកម្ពុជា នឹងបន្តកិច្ចខិតខំប្រឹងប្រែងជម្នះឧបសគ្គ និងដោះស្រាយបញ្ហាលំបាកគ្រប់បែបយ៉ាងក្នុងបុព្វហេតុ ដើម្បីលើកស្ទួយការគោរពសិទ្ធិ សេចក្តីថ្លៃថ្នូររបស់មនុស្ស និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាជនកម្ពុជាគ្រប់រូប។
ទី២ ប្តេជ្ញាចិត្តប្រយុទ្ធប្រឆាំងដាច់ខាតចំពោះអំពើជួញដូរមនុស្ស ជាពិសេសលើស្ត្រី និងកុមារ និងរួមសហការ ជាមួយបណ្តាប្រទេសពាក់ព័ន្ធនានា ទាំងក្នុងតំបន់ និងលើពិភពលោក ដើម្បីលុបបំបាត់អំពើជួញដូរមនុស្សនេះ។
ទី៣ បង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រឹងការអនុវត្តច្បាប់ អនុសញ្ញាកតិកា សញ្ញាអន្តរជាតិ អនុស្សរណៈ កិច្ចព្រមព្រៀងទ្វេភាគី និងពហុភាគីផែនការជាតិ និងផែនការសកម្មភាពរួម និងបទដ្ឋានគតិយុត្តិទាំងឡាយឱ្យទទួលបាននូវប្រសិទ្ធិភាពខ្ពស់។
ទី៤ គាំទ្រ និងជំរុញកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គជបជ) ក្នុងការលើកកម្ពស់សម្ថតភាព និងលទ្ធភាពក្នុងការបំពេញភារកិច្ចរបស់ខ្លួនឱ្យបានជោគជ័យ។
មុននឹងបញ្ចប់ ខ្ញុំព្រះករុណាខ្ញុំសូមអំពាវនាវបន្ថែមទៀត ចំពោះសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី វិស័យឯកជន អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ដៃគូអភិវឌ្ឍ ភ្នាក់ងារអង្គការសហប្រជាជាតិ និងបងប្អូនជនរួមជាតិទាំងអស់សូមបន្តអនុវត្ត នូវស្មារតីនៃការខិតខំប្រឹងប្រែង និងចូលរួមលើការងារប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សនេះ ឱ្យកាន់តែសកម្មផុលផុស និងមានប្រសិទ្ធិភាពទ្វេឡើង សំដៅលុបបំបាត់អំពើជួញដូរមនុស្សនេះ។ ខ្ញុំព្រះករុណាខ្ញុំ សូមឧទ្ទិសទិវានេះ ឱ្យបណ្តុះស្មារតីមនសិការកសាងសកម្មភាពរួមក្នុងការលើកកម្ពស់ និងបំផុសនូវចលនាចូលរួមប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សទៅគ្រប់ទីកន្លែង និងគ្រប់តំបន់។
ជាទីបញ្ចប់ ក្នុងឱកាស ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ឆ្នាំ ២០១៥ ខ្ញុំព្រះករុណាខ្ញុំ និងភរិយាសូមប្រគេនពរ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងសូមជូនពរសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្មួយៗសិស្សានុសិស្ស-និស្សិត និងបងប្អូនជនរួមជាតិ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ ឤយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕