ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីតំណាងប្រទេស និងស្ថាប័នដៃគូអភិវឌ្ឍ
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិទាំងអស់ជាទីមេត្រី!
ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយជាអនេក ដោយបានចូលរួម ក្នុងពិធីប្រកាសផ្សព្វផ្សាយរបាយការណ៍ជាតិ នៃលទ្ធផលចុងក្រោយជំរឿនកសិកម្មនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ ២០១៣ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់មួយនៅព្រះរាជាណាចក្រកម្ពុជា ដែលបានប្រពឹត្តទៅប្រកបដោយជោគជ័យ, ស្របតាមច្បាប់ និង បទប្បញ្ញត្តិស្ថិតិជាធរមាន។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមកោតសសើរចំពោះគណៈកម្មាធិការជាតិជំរឿនកសិកម្មឆ្នាំ ២០១៣, គណៈកម្មការបច្ចេកទេសជំរឿនកសិកម្ម, គណៈកម្មការឃោសនាជំរឿនកសិកម្ម និងគណៈកម្មាធិការជំរឿនកសិកម្មរាជធានី/ខេត្ត ព្រមទាំងក្រសួងផែនការ, វិទ្យាស្ថានជាតិស្ថិតិ, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានមន្ត្រីជំរឿនប្រមាណ ៤ ០០០ នាក់ បានបំពេញកិច្ចការនេះ ប្រកបដោយជោគជ័យ។
ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះអង្គការ ហ្វាវ, យូសេដ, អូសអេដ និង ស៊ីដា (FAO, USAID, AusAid and Sida) ដែលបានផ្តល់ជំនួយបច្ចេកទេស និងថវិកាគាំទ្រ ដល់ការងារជំរឿនកសិកម្មឆ្នាំ ២០១៣ រហូតទទួលបានជោគជ័យ។ ខ្ញុំក៏សូមថ្លែងអំណរគុណផងដែរចំញេះអង្គការ ហ្វាវ តំបន់ឤស៊ី និងប៉ាស៊ីហ្វិក ដែលបានជួយរៀបចំគម្រោងជំរឿនកសិកម្ម ឆ្នាំ ២០១៣ ហើយអង្គការ ហ្វាវ នៅកម្ពុជា ជាអ្នកដើរតួនាទីសំខាន់សហការជាមួយក្រសួងផែនការក្នុងការប្រមែប្រមូលធនធាន ពីដៃគូអភិវឌ្ឍនានា។
ជាការពិត ជំរឿនកសិកម្ម គឺជាការងារដ៏ធំ និងមានសារៈសំខាន់មួយសម្រាប់ប្រទេសជាតិ ជាពិសេសសម្រាប់ ប្រព័ន្ធស្ថិតិជាតិ ពីញ្រេះជំរឿននេះ នាំមកនូវព័ត៌មានពិតប្រាកដ អំពីទិន្នន័យពាក់ព័ន្ធវិស័យកសិកម្ម ដូចជាព័ត៌មានអំពីកសិដ្ឋាន, ព័ត៌មានអំពីក្បាលដី និងដំណាំគ្រប់ប្រភេទ, ព័ត៌មានអំពីការចិញ្ចឹមសត្វ, បក្សាបក្សី និង វារីវប្បកម្ម ជាដើម។ ដូច្នេះហើយ ប្រទេសភាគច្រើននៅលើពិភពលោក ជាពិសេសប្រទេសនៅក្នុងសមាគមឤស៊ានសុទ្ធតែមានការចាំបាច់ ក្នុងការធ្វើជំរឿនកសិកម្មនេះ។ ទន្ទឹមនេះ ទិន្នន័យជំរឿនកសិកម្មត្រឹមត្រូវ, ច្បាស់លាស់, គួរទុកចិត្តបាន នឹងបង្កើតបាននូវស្ថិតិកសិកម្មដ៏ល្អ សម្រាប់បម្រើឱ្យការរៀបចំគោលនយោបាយលើកស្ទួយវិស័យកសិកម្ម, ការតាមដានត្រួតពិនិត្យ និងវាយតម្លៃ សំដៅចូលរួមជំរុញការអភិវឌ្ឍប្រទេសជាតិឱ្យបានជឿនលឿនឆាប់រហ័ស។
ជាក់ស្តែង កម្ពុជាតែងមានគោលបំណងជំរុញការអភិវឌ្ឍវិស័យកសិកម្មក្នុងសន្ទុះ និងទំហំថ្មីមួយ ដើម្បីពង្រីក និងពង្រឹងមូលដ្ឋានកំណើនសេដ្ឋកិច្ចផង ព្រមទាំងបង្កើនល្បឿននៃការកាត់បន្ថយភាពក្រីក្រ និងលើកតម្កើងជីវភាពរស់នៅរបស់ប្រជាជនផង។ ចក្ខុវិស័យនេះ ត្រូវបានរំលេចឡើងនៅក្នុង «គោលនយោបាយជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ» ដែលត្រូវបានបង្កើតឡើង ក្នុងគោលដៅចង់ប្រែក្លាយកម្ពុជាជាជង្រុកស្រូវ និង ជាប្រទេសនាំចេញ «អង្ករ-មាសស» យ៉ាងសំខាន់ នៅលើទីផ្សារពិភពលោក។ ក្នុងនោះ យើងបានដាក់ចេញនូវវិធានការជាច្រើន រួមមាន ការបន្តវិនិយោគ និងពង្រីកសេវាធារាសាស្ត្រ, លើកស្ទួយការចូលរួមរបស់វិស័យឯកជនក្នុងការវិនិយោគកែច្នៃ និងនាំចេញអង្ករ, ដោះស្រាយបញ្ហាកង្វះឥណទានសម្រាប់ប្រមូលទិញ និង កែច្នៃស្រូវ, លើកកម្ពស់បច្ចេកទេសផលិតកម្ម, ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរួមទាំងផ្លូវដែក និងកំពង់ផែ, ថាមពលអគ្គិសនី, ការគ្រប់គ្រង និងការប្រើប្រាស់ដី ជាដើម។ នៅក្នុងគោលនយោបាយនេះ ក៏មានលើកឡើងអំពីការធ្វើជំរឿនកសិកម្មជាតិ ក្នុងរយៈពេល ១០ ឆ្នាំម្តង។ ក្នុងនោះ ដោយផ្អែកលើលទ្ធផលនៃជំរឿនកសិកម្មជាតិនេះ ត្រូវរៀបចំធ្វើផែនទីដាំដុះ ហើយស្ថាប័នទទួលខុសត្រូវ រួមមានក្រសួងផែនការ (វិទ្យាស្ថានជាតិស្ថិតិ), ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួង ស្ថាប័នពាក់ព័ន្ធ។ ដូច្នេះ ក្នុងបុព្វហេតុជំរុញការអភិវឌ្ឍវិស័យកសិកម្មនេះ ជំរឿនកសិកម្មគឺជាកិច្ចការគាំទ្រដ៏សំខាន់មួយបន្ថែមទៀត ហើយយើងបានកំណត់យក ថ្ងៃទី ១ ខែ មេសា ឆ្នាំ ២០១៣ ជាកាលបរិច្ឆេទជំរឿនកសិកម្ម។
ថ្ងៃនេះ យើងមានមោទនភាព ដោយបានធ្វើការប្រកាសលទ្ធផលចុងក្រោយ បន្ទាប់ពីកិច្ចប្រតិបត្តិការជំរឿនកសិកម្ម នៅព្រះរាជាណាចក្រកម្ពុជា បានអនុវត្តប្រកបដោយជោគជ័យ លើការប្រមូលព័ត៌មានពីបញ្ជីសំណួរស្នូល កាលពីខែ មេសា ដល់ខែ មិថុនា ឆ្នាំ ២០១៣ និងការប្រកាសលទ្ធផលបណ្តោះឤសន្ន កាលពី ថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០១៤ កន្លងមក និង បន្ទាប់ពីប្រតិបត្តិការទ្រង់ទ្រាយធំប្រមូលទិន្នន័យបញ្ជីសំណួរបន្ថែមប្រើសម្រាប់សម្ភាសលម្អិតគ្រប់គ្រួសារទាំងអស់ ដែលបានធ្វើកសិកម្មប្រមាណ ១០០ ០០០ បញ្ជីសំណួរ កាលពីថ្ងៃទី ៦ ដល់ថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០១៤ កន្លងមក។
ខ្ញុំសូមបញ្ជាក់ថា ជំរឿនកសិកម្មឆ្នាំ ២០១៣ គឺជាជំរឿនកសិកម្មលើកទី ១ នៅព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនោះ ជំរឿនកសិកម្មមានលក្ខណៈខុសប្លែកពីជំរឿនប្រជាជន និងជំរឿនសេដ្ឋកិច្ច ដោយមានបញ្ជីសំណួរស្នូល និងបញ្ជីសំណួរបន្ថែម ហើយបានប្រមូលព័ត៌មានអំពីការកាន់កាប់ការងារកសិកម្ម ក្នុងប្រទេសកម្ពុជាទាំងមូល ដែលរួមមានចំនួនគ្រួសារ មានសកម្មភាពកសិកម្ម, ប្រភេទដំណាំសំខាន់ៗដែលកសិករបានដាំ, ប្រភេទសត្វចិញ្ចឹម និងវារីវប្បកម្ម ព្រមទាំងប្រភេទសកម្មភាពសេដ្ឋកិច្ចទាក់ទងនឹងវិស័យកសិកម្មលម្អិតដទៃទៀត។
ជាទូទៅ មានតែការធ្វើជំរឿនកសិកម្មប៉ុណ្ណោះ ដែលឤចផ្តល់នូវការឆ្លុះបញ្ចាំងអំពីស្ថានភាពកសិកម្មលម្អិតនៅក្នុងប្រទេសបាន និងជួយដល់រាជរដ្ឋាភិបាលក្នុងការរៀបចំតាក់តែងគោលនយោបាយសេដ្ឋកិច្ចបានជាក់លាក់ និងគម្រោងកម្មវិធីផ្សេងៗ ដើម្បីទទួលបានកំណើនសេដ្ឋកិច្ច និងបន្តទាក់ទាញវិនិយោគទុនបរទេស។ ជាមួយនេះ ជំរឿនកសិកម្មមានវិសាលភាពធំទូលាយទូទាំងប្រទេស, មានភាពល្អិតល្អន់ និងឤចផ្តល់ឱ្យនូវស្ថានភាពកសិកម្មទូទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងសូចនាករមូលដ្ឋានស្តីពីកសិកម្មច្រើនបែបច្រើនយ៉ាង។ ក្នុងនោះ យើងឃើញថា ជំរឿនកសិកម្មក៏ឤចទាញបាននូវទិន្នន័យជាក់លាក់ផ្នែកកសិកម្ម ដើម្បីបម្រើឱ្យគោលនយោបាយវិមជ្ឈការរបស់រាជរដ្ឋាភិបាល ហើយក៏ផ្តល់ផងដែរនូវក្របខ័ណ្ឌជ្រើសរើសគំរូ ក៏ដូចជាមូលដ្ឋាននៃការធ្វើអង្កេតកសិកម្មជាប្រចាំ ដូចមានចែងនៅក្នុងផែនការមេស្ថិតិ និងក្នុងយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍស្ថិតិនៅពេលអនាគត។ លើសពីនេះទៀត ជំរឿនកសិកម្មឤចផ្តល់នូវការប្រៀបធៀបសូចនាករ ដែលជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍក្នុងចំណោមបណ្តាប្រទេសទាំងឡាយ នៅក្នុងអនុតំបន់, តំបន់ និងក្នុងពិភពលោកទាំងមូល។ ដូច្នេះ ការធ្វើជំរឿនកសិកម្មជាតម្រូវការចាំបាច់របស់រាជរដ្ឋាភិបាល ក្នុងដំណាក់កាលបច្ចុប្បន្ន ក្នុងការអភិវឌ្ឍប្រទេស ហើយក៏ជាការងារទទួលបានការគាំទ្រពីដៃគូអភិវឌ្ឍ និងវិនិយោគិន ទាំងផ្ទៃក្នុងប្រទេស និងក្រៅប្រទេស ដែលធ្វើការងារពាក់ព័ន្ធនឹងការលើកស្ទួយវិស័យកសិកម្ម។
ឥឡូវនេះ យើងឤចធ្វើការត្រួតពិនិត្យឡើងវិញយ៉ាងត្រឹមត្រូវ និងឤចធ្វើផែនការគោលនយោបាយអភិវឌ្ឍន៍ តាមវិស័យនៃផ្នែកកសិកម្មនីមួយៗ បានកាន់តែជាក់លាក់។ នេះជាផលចំណេញដែលរាជរដ្ឋាភិបាលនឹងបានទទួល។ ព្រមជាមួយនោះ វិស័យឯកជនក៏បានទទួលផលចំណេញពីជំរឿនកសិកម្មផងដែរ ដែលតាមរយៈព័ត៌មានជំរឿនកសិកម្ម ឤចឱ្យវិនិយោគិនិធ្វើការវិនិយោគខាងផ្នែកកសិកម្មតាមបែបទំនើប, បម្រើឱ្យសេចក្តីត្រូវការនៃកំណើនប្រជាជន, តម្រូវការស្បៀង និងឤហារូបត្ថម្ភ ជាដើម។
ក្នុងស្មារតីនេះ ក្នុងគោលបំណងរួមចំណែកបន្ថែមទៅលើអ្វីដែលយើងបាន និងកំពុងអនុវត្ត ខ្ញុំសូមផ្តល់អនុសាសន៍មួយចំនួនសម្រាប់ការងារស្ថិតិ ដើម្បីជាមូលដ្ឋានសម្រាប់ពង្រឹង និងពង្រីកការងារជំរឿនកសិកម្មនេះ ដូចតទៅ ៖
ទី១ ត្រូវប្រើប្រាស់ទិន្នន័យជំរឿនកសិកម្ម ដែលជាទិន្នន័យមានគុណភាពល្អ, គួរទុកចិត្តបាន ឱ្យបានទូលំទូលាយ ក្នុងការរៀបចំគោលនយោបាយ, ផែនការ, កម្មវិធីនានាទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។
[ចាប់ផ្តើម ប្រសាសន៍ក្រៅសុន្ទរកថា]
គោលនយោបាយផលិតកម្មស្រូវ គឺទទួលបានជោគជ័យ
អនុញ្ញាតឲ្យខ្ញុំយកវេទិកានេះ និយាយបន្តិចទាក់ទិនជាមួយនឹងគោលនយោបាយជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ។ បញ្ហានេះ ក៏ទាក់ទងនឹងបញ្ហាស្ថិតិដែរ។ ប៉ុន្តែវាមិនមែនជាប្រធានបទពេញលេញរបស់វាទេ។ អ្វីដែលខ្ញុំចង់និយាយ គឺនៅត្រង់ថា គោលនយោបាយរបស់យើងបានដាក់ចេញ គឺមានគោលដៅពីរ៖ ទី ១ គឺជំរុញផលិតកម្មស្រូវ និងទី ២ គឺការជំរុញការនាំចេញអង្ករ។ គោលដៅគឺយើងសម្រេចឲ្យបាន(ការនាំចេញអង្ករ) ១ លានតោន ក្នុងឆ្នាំ ២០១៥។ ប៉ុន្តែឥឡូវនេះ យើងអាចនិយាយបានយ៉ាងដូច្នេះថា សម្រេចគោលដៅទី ១ គឺការជំរុញផលិតកម្មស្រូវ គឺជាគោលដៅដែលយើងសម្រេចបានជោគជ័យបានពេញលេញ នៅត្រង់ថា ចាប់ពីប្រទេសយើងសល់អតិរេកស្បៀងតិចតួច យើងមានអតិរេកស្បៀង/ស្រូវរហូត ៥ លានតោនក្នុងមួយឆ្នាំ អាចចាត់ទុកថា វាជាជោគជ័យមួយក្នុងវិស័យផលិតកម្មស្រូវរបស់យើង ខ្ញុំមិននិយាយទាំងស្រុងអំពីវិស័យកសិកម្មដែលមានដំណាំដទៃទៀតនោះទេ។
ប៉ុន្តែសម្រាប់គោលដៅទី ២ គឺការជំរុញការនាំចេញអង្ករឲ្យបានមួយលានតោនក្នុងមួយឆ្នាំ គោលដៅនេះមិនអាចសម្រេចបានទេ។ បើយោងទៅលើតួលេខដែលយើងប្រមូលបាន ការនាំចេញនៅក្នុងចុងឆ្នាំ ២០១៥ នេះ បានប្រហែលជាកន្លះលានតោនតែប៉ុណ្ណោះ។ ដូច្នេះ សម្រេចបានត្រឹមតែ ៥០% នៃផែនការ នៃការគ្រោងទុក។ ប៉ុន្តែយើងចោទជាសំណួរថា តើមានមូលហេតុអ្វីទៅដែលមិនអាចសម្រេចបាននូវគោលដៅនេះ? មានកត្តា ២ គឺកត្តាអត្តនោម័ត និងកត្តាសត្យានុម័ត។ កត្តាអត្តនោម័ត ដោយសារតែយើងធ្លាប់ជាប្រទេសដែលខ្វះស្បៀង ធ្លាប់ជាប្រទេសដែលនាំចូលនូវស្បៀងសម្រាប់ផ្គត់ផ្គង់នៅក្នុងប្រទេស។ យើងមិនបានត្រៀមខ្លួនសម្រាប់តម្រូវការនៃការនាំចេញទេ។ ដូច្នេះអ្នកវិនិយោគមួយចំនួនមិនបានសម្លឹងឃើញជាមួយនឹងការកើនឡើងយ៉ាងឆាប់រហ័សនៃផលិតកម្មស្រូវ/អង្កររបស់កម្ពុជាទេ។ អញ្ចឹងទេ យើងខ្វះខាតនូវម៉ាស៊ីនកិនស្រូវ ដែលអាចនាំចេញ បាន ឃ្លាំងស្តុក និងជាពិសេសក្នុងហ្នឹងក៏មានប្រាក់កាសនៅក្នុងការទិញស្រូវពីប្រជាពលរដ្ឋផងដែរ។ នេះជាកត្តាអត្តនោម័តផ្ទៃក្នុងរបស់យើង ដែលធ្វើឲ្យយើងប្រមូលទិញបានមិនច្រើនទេនៅក្នុងមួយឆ្នាំៗ។ ដូច្នេះស្រូវដែលនៅសេសសល់ គឺត្រូវនាំចេញទៅកាន់ប្រទេសជិតខាង ដែលធ្វើឲ្យយើងបាត់បង់នូវតម្លៃបន្ថែមជាកន្ទក់ ជាចុងអង្ករ ជាអង្កាម និងការងារធ្វើដល់ពលរដ្ឋរបស់យើងផងដែរ។
ប៉ុន្តែ យោងទៅលើស្ថិតិដែលបាន និងកំពុងវិនិយោគ នៅពេលខាងមុខនេះ សមត្ថភាពម៉ាស៊ីនកិនស្រូវដែលបាន និងកំពុងវិនិយោគ មានលទ្ធភាពកិនជាអង្ករប្រមាណជា ៣ លានតោន។ ដូច្នេះ ចាប់ពីឆ្នាំក្រោយៗទៅ យើងនឹងឡើងបណ្ដើរៗ(នូវការនាំចេញ) នេះជាកត្តាអត្តនោម័តសម្រាប់ជាតិ។ ប៉ុន្តែយើងមិនត្រូវភ្លេចថា យើងក៏បានទទួលជោគជ័យយ៉ាងធំ ពីប្រទេសមួយដែលខ្វះខាតស្បៀង ឈានទៅកាន់ប្រទេសមួយដែលមានអតិរេកស្បៀងតិចតួច និងឈានទៅប្រទេសមួយដែលយើងធ្វើស្រូវតែម្ដង និងមានកន្លែងខ្លះធ្វើពីរដង តែយើងមានអតិរេកស្រូវរហូតទៅដល់ ៥ លានតោន ហើយគិតជាអង្ករជាង ៣ លានតោន។
ប៉ុន្តែ គោលដៅទី ២ នៃការនាំចេញរបស់យើង គឺមិនបង្វែរគោលដៅទេ ដែលមានមូលហេតុដែលខ្ញុំបញ្ជាក់ពីកត្តាអត្តនោម័ត ប៉ុន្តែនៅមានកត្តាសត្យានុម័ត។ អ្វីទៅកត្តាសត្យានុម័ត? រឿងនេះមិនមែនជារឿងដាច់ដោយឡែករបស់ប្រទេសកម្ពុជាទេ ក៏ប៉ុន្តែវាជារឿងរបស់តំបន់ និងរបស់ពិភពលោកផងដែរ ដែលថា បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ផលិតទំនិញដូចៗគ្នា។ ឥឡូវ ឥឡូវនិយាយពីអង្ករនៅតំបន់មេគង្គទៅចុះ ផលិតដូចគ្នា កម្ពុជាក៏មានស្រូវ វៀតណាមក៏មានស្រូវ ថៃក៏មានស្រូវ មីយ៉ាន់ម៉ាក៏មានស្រូវ ឡាវក៏មានស្រូវ។ អញ្ចឹងខ្ញុំជួបនិយាយគ្នាលេងជាមួយឯកឧត្តមនាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចាន់អូចា នៅពេលប្រជុំអាស៊ាន ហើយចំពេលដែលនាយករដ្ឋមន្រ្តីរស្ស៊ីមកទស្សនកិច្ចនៅកម្ពុជា មុនពេលដែលខ្ញុំមកដល់កម្ពុជាទៀតផង។ ឯកឧត្តម ប្រាយុទ្ធ ចាន់អូចា គាត់និយាយថា ប្រហែលជារុស្ស៊ីមកទិញ(អង្ករ)ពីកម្ពុជាច្រើន សូមឲ្យកម្ពុជាទុកឲ្យរុស្ស៊ីជួយទិញពីថៃខ្លះ កុំទិញតែពីកម្ពុជាទាំងអស់។ ខ្ញុំថាអត់ទេ កម្ពុជាមិនទាន់មានសមត្ថភាពផ្គត់ផ្គង់(អង្ករ)ឲ្យរុស្ស៊ីទាំងស្រុងទេ។
ដាក់ទណ្ឌកម្មលើរុស្ស៊ី ដូចសម្លាប់ខ្លួនឯង ហើយចំណេញដល់អាស៊ាននាំចេញទៅរុស្ស៊ី
ធម្មតាទេ នយោបាយដាក់ទណ្ឌកម្មហ្នឹង មិនមែនរុស្ស៊ីជាអ្នកខាតបង់ទេ គឺអ្នកដែលដាក់ទណ្ឌកម្មរុស្ស៊ី គឺជាអ្នកខាត។ ហ្នឹងនិយាយឲ្យពិត។ កសិករនៅអឺរ៉ុបដែលធ្លាប់លក់ដំណាំកសិកម្មឲ្យរុស្ស៊ី ទៅជាអស់ទីផ្សាររលីង។ អញ្ចឹង រុស្ស៊ីត្រូវបង្វិលទិសមករកអាស៊ានជាការចាំបាច់។ ហ្នឹងជាការដកពិសោធន៍មួយដែរ ដាក់ទណ្ឌកម្មគេ ត្រូវខ្លួនឯង។ ហ្នឹងខ្ញុំគ្រាន់តែនិយាយជាការលេង(សើច)ទេ ប៉ុន្តែវាមែនរឿងហ្នឹង។ ឥឡូវសួរថា កសិករដែលធ្លាប់លក់ផលិតផលទៅឲ្យរុស្ស៊ីនោះ អ្នកហ្នឹងលក់ឲ្យអ្នកណាទៀត បើរុស្ស៊ីឈប់ទិញ? អញ្ចឹងទេ ដាក់ទណ្ឌកម្មលើរុស្ស៊ី ប៉ុន្តែចំណេញអាស៊ាន ព្រោះរុស្ស៊ីបង្វិលទីផ្សារមកបណ្ដាប្រទេសក្នុងតំបន់នេះ មិនសុខចិត្តនៅកន្លែងដាក់ទណ្ឌកម្មតទៅទៀតទេ។ ហ្នឹងជារឿងដែលខ្ញុំសុំនិយាយត្រង់។ ដែលគេមិនចូលចិត្តខ្ញុំ ដោយសារតែខ្ញុំចូលចិត្តនិយាយត្រង់។ ប៉ុន្តែ ការពិតរឿងវាអញ្ចឹងមែន។ រុស្ស៊ីមិនស្លាប់ទេ ប៉ុន្តែអ្នកដែលស្លាប់ពិតប្រាកដ គឺអ្នកដាក់ទណ្ឌកម្ម។ អញ្ចឹងរដ្ឋដែលដាក់ទណ្ឌកម្មគេនោះ ត្រូវផ្គត់ផ្គង់ទៅកសិករដែលមិនអាចលក់ទំនិញបានហ្នឹង។
ប្រទេសកំពុងអភិវឌ្ឍន៍ផលិតទំនិញដូចៗគ្នា ផលិតអង្ករដូចគ្នា។ ខ្ញុំចរចាជាមួយអនុប្រធានាធិបតីរបស់ឥណ្ឌា។ គាត់ទទួលស្គាល់បញ្ហាថា យើងប្រកួតប្រជែងតែគ្នាឯងហ្នឹង។ ក្រៅពីអាស៊ាន និងក្នុងក្របខណ្ឌបណ្ដាប្រទេសមេគង្គ ឬអាចនិយាយបានថា ពួក ACMECS ដែលមាន ៥ ប្រទេសនេះ ជាជម្រុកស្រូវមួយនៅក្នុងតំបន់អាស៊ីដែរ ក៏ប៉ុន្តែ កុំភ្លេចថា ឥណ្ឌាក៏មានចំនួនអង្ករសម្រាប់ការនាំចេញច្រើនដែរ។ នាយករដ្ឋមន្រ្តីថៃនិយាយថា គាត់សល់ ១៨ លានតោន ឥឡូវប្រឹងប្រែងលក់ចេញចំនួន ៦ លានតោន ព្រោះកាលពីពេលដែលមានការឧបត្ថម្ភទុនកាលពីនាយករដ្ឋមន្រ្តីមុននោះ បានធ្វើឲ្យថៃមានការខាតបង់ ដែលថៃត្រូវតែរក្សាស្តុកទុក ហើយបើទុកយូរវាខូចស្រូវតែម្ដង អញ្ចឹងត្រូវបង្ខំលក់ចេញ។
អគ្គរដ្ឋទូតភីលីពីន ឆ្លាតណាស់ឥឡូវ។ ពីមុន គាត់ដើរចុះកុងត្រាជាមួយប្រទេសនេះប្រទេសនោះ។ ឥឡូវអត់ទេ។ គាត់ដឹងថា វៀតណាម កម្ពុជា ថៃ មីយ៉ាន់ម៉ា សុទ្ធតែអ្នកផលិតអង្ករ រាល់ការនាំចូលទៅក្នុងប្រទេសភីលីពីន ដាក់ដេញថ្លៃទាំងអស់។ កម្ពុជាទៅដេញថ្លៃ ដេញថ្លៃមិនដែលឈ្នះគេទេ បានទៅវៀតណាម ឬថៃទៅវិញ។ សម្រាប់ប្រទេសអភិវឌ្ឍន៍ គេមានទំនិញប្រកួតប្រជែងខ្លះដែរដូចជាទូរស័ព្ទ ឥឡូវប្រកួតប្រជែងអស់ទាស់ហើយ ទូរស័ព្ទផលិតនៅអាមេរិក ទូរស័ព្ទផលិតនៅអឺរ៉ុប ទូរស័ព្ទផលិតនៅចិន ទូរស័ព្ទផលិតនៅកូរ៉េ ទូរស័ព្ទផលិតនៅជប៉ុន (និងមាន)ទូរទស្សន៍ ឬរថយន្តស្អីមួយចំនួន ប៉ុន្តែផ្នែកមួយចំនួនទៀត គឺអត់មានការប្រកួតប្រជែងទេ ដូចជាថ្នាំពេទ្យមួយចំនួន ដែលកំពុងហូរចូលមកបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍។ ប៉ុន្តែនិយាយយ៉ាងដូច្នេះ មិនមែនមានន័យថា យើងទៅរារាំងប្រទេសអភិវឌ្ឍន៍នាំចូលទំនិញមកយើង ហើយយើងទាមទារទៅហាមឃាត់គេទេ។ វាជាតម្រូវការរបស់យើង ហើយយើងក៏មិនអាចមានលទ្ធភាពទៅធ្វើឲ្យមានជញ្ជីងពាណិជ្ជកម្មស្មើគ្នានោះដែរ។ បើស្មើគ្នា ប្រហែលជាយើងនាំទៅអាមេរិកច្រើន អាមេរិកទាមទារឲ្យយើងនាំទំនិញពីអាមេរិកមកច្រើនដែរ ងាប់បណ្តោយ។ មានប្រទេសខ្លះ យើងនាំចូលពីប្រទេសហ្នឹងច្រើន ប៉ុន្តែយើងនាំចូលទៅគាត់វិញតិច។ ប៉ុន្តែមានប្រទេសខ្លះទៀត យើងចូលទៅគាត់ច្រើន គាត់នាំចូលមកយើងតិច។ នេះគឺជាកិ្រត្យក្រមធម្មតានៃសេដ្ឋកិច្ច គ្រាន់តែទាមទារចំណុចរួមជាក្របខណ្ឌម៉ាក្រូរវាងការនាំចេញ និងការនាំចូល ធានាធ្វើយ៉ាងណាឲ្យមានអតិរេកសម្រាប់ការនាំចេញ។
អញ្ចឹងទេ កត្តាសត្យានុម័តនេះ ជាចំណុចដែលទាមទារនូវការពង្រឹងសមត្ថភាពរបស់កម្ពុជាខ្លួនឯង។ ឥឡូវ កសិករថ្ងូរណាស់ ហើយខ្ញុំសូមប្រកាសពីទីនេះថា រាល់ការត្អូញត្អែររបស់កសិករ ខ្ញុំបានស្ដាប់លឺ។ ប៉ុន្តែ ខ្ញុំគ្រាន់តែបកស្រាយ ដោយខ្ញុំបង្ហោះតាមហ្វេសប៊ុក រួចខ្ញុំតាមមើល comment តាមលទ្ធភាព និងពេលវេលាដែលខ្ញុំមើលបាន។ ទោះបីខ្ញុំនិយាយពីរឿងទាត់បាល់ ក៏គង់មាន comment នៅក្នុងហ្នឹងថា សម្ដេចសូមជួយមើលតម្លៃស្រូវផង ថោកណាស់។ អញ្ចឹងទេ ខ្ញុំសូមប្រកាសថា ខ្ញុំបានស្ដាប់លឺសំឡេងអំពាវនាវតាមកញ្ចក់ទូរទស្សន៍ តាមមធ្យោបាយផ្សេងៗ តាមការជួបផ្ទាល់ រហូតតាមប្រព័ន្ធហ្វេសប៊ុក។ ខ្ញុំបានស្ដាប់លឺ។ ប៉ុន្តែនេះជាកត្តាសត្យានុម័ត។ នៅឆ្នាំ ២០០៨ ពេលដែលស្បៀងឡើងថ្លៃគ្រឹប ពេលនោះកសិករកម្ពុជាទទួលផលប្រយោជន៍ធំណាស់ ព្រោះកាលនោះ ប្រទេសមួយចំនួន(បានយក)ដីសម្រាប់ធ្វើកសិកម្មចិញ្ចឹមក្រពះមនុស្ស ទៅជាធ្វើកសិកម្មសម្រាប់ចិញ្ចឹមម៉ាស៊ីន ដោយប្រែទៅជាដំណាំមួយចំនួនសម្រាប់ធ្វើជាប្រេងឥន្ទនៈទៅវិញ។ ពេលនោះ តម្លៃស្បៀងហក់ឡើងខ្លាំង អ្នកដែលត្រូវទទួលផល គឺកសិករកម្ពុជា ហើយពេលនោះ ហើយតម្លៃប្រេងក៏ខ្ពស់។ ប៉ុន្មានឆ្នាំចុងក្រោយនេះ តម្លៃប្រេងខ្ពស់ តម្លៃស្បៀងទាប ប៉ុន្តែឥឡូវបានធូរបន្ដិច តម្លៃប្រេងក៏មានការធ្លាក់ចុះ ដែលអាចផ្សារភ្ជាប់គ្នារវាងសន្ដិសុខថាមពល និងសន្ដិសុខស្បៀង។
អញ្ចឹងទេ ខ្ញុំអាចជម្រាបជូនដោយត្រង់ៗថា គោលដៅប្រកបដោយមហិច្ឆតាលើបញ្ហាផលិតកម្មស្រូវ និងការនាំចេញអង្ករចំនួន ១ លានតោននោះ គឺគោលដៅទី ១ ផលិតកម្មស្រូវទទួលបានជោគជ័យ ប៉ុន្តែគោលដៅទី ២ ការនាំចេញអង្ករ ១ លានតោន គឺមិនសម្រេចនោះទេ។ ប៉ុន្តែយើងនឹងប្រឹងបន្ដ អ្វីដែលយើងនៅក្នុងដៃរួចហើយ មិនឲ្យរបូតទេ ប៉ុន្តែ ត្រូវពង្រឹងសមត្ថភាពរបស់យើង ហើយត្រូវកាត់បន្ថយនូវតម្លៃដើមផលិតដល់កសិកររបស់យើង។ ជំរឿនកសិកម្មនេះ អាចជាផ្នែកដ៏សំខាន់មួយសម្រាប់រៀបចំក្របខណ្ឌគោលនយោបាយរបស់យើង ទាំងក្របខណ្ឌគោលនយោបាយផង និងផែនការសកម្មភាពរបស់យើងផងដែរ។
[ចប់ ប្រសាសន៍ក្រៅសុន្ទរកថា]
ទី២ ត្រូវខិតខំយកចិត្តទុកដាក់វិភាគទិន្នន័យជំរឿនកសិកម្មឱ្យបានគ្រប់ជ្រុងជ្រោយ, ធ្វើឱ្យមានភាពសម្បូរបែប, ធានាបានសេចក្តីត្រូវការប្រើប្រាស់ទិន្នន័យគ្រប់ប្រភេទ រួមទាំងការសិក្សាស្រាវជ្រាវ និងតម្រូវការទិន្នន័យសម្រាប់ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមដែលឤចធ្វើទៅបាន។ ជាពិសេសក្រសួងផែនការ (វិទ្យាស្ថានជាតិស្ថិតិ) និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបន្តកិច្ចសហការក្នុងការអង្កេតកសិកម្មទ្រង់ទ្រាយតូចឱ្យបានច្រើន និងជាប្រចាំ តាមការកំណត់នៅក្នុងបទប្បញ្ញត្តិស្ថិតិ ដើម្បីតាមដានសូចនាករកសិកម្មសំខាន់ៗមួយចំនួន ពាក់ព័ន្ធនឹងការបង្កបង្កើនផលកសិកម្ម, សន្តិសុខស្បៀង, ឤហារូបត្ថម្ភ និងយេនឌ័រ ជាដើម។
[ចាប់ផ្តើម ប្រសាសន៍ក្រៅសុន្ទរកថា]
ផ្លាស់ប្ដូរការដាំដំណាំស្រូវ នៅតំបន់អត់ទឹក មកដាំដំណាំផ្សេងដែលទទួលផលជាង
នេះក៏ជាចំណុចជាក់លាក់មួយ។ ការធ្វើអង្កេតនេះ គឺតម្រូវឲ្យយើងរៀបចំផែនការដាំដុះ។ ចំណុចនេះ ខ្ញុំបានរំលឹកស្ទើរតែរៀងរាល់ឆ្នាំ ប៉ុន្តែឥឡូវនេះ យើងមានស្ថិតិ ហើយផែនការដាំដុះនេះទៀតសោតក៏តម្រូវទៅលើស្ថានភាពដីរបស់យើង។ បើទុកឲ្យគាត់ទៅតាមទម្លាប់ របៀបការធ្វើកសិកម្ម តំបន់អត់ទឹកទៅនាំគ្នាធ្វើស្រូវ។ យើងអាចផ្លាស់ប្តូរដីតំបន់ទាំងនោះ ឲ្យដាំនូវដំណាំផ្សេង ដែលទទួលផលលើសពីដំណាំស្រូវ។ កសិកម្មត្រូវប្រើប្រាស់ទិន្នន័យឲ្យបានល្អបំផុត ក្នុងការរៀបចំផែនការដាំដុះ។ ខ្ញុំនៅចាំបានថា និស្សិតសាកលវិទ្យាល័យកសិកម្មចម្ការដូង សុទ្ធតែបានចុះធ្វើសារណាទាក់ទងជាមួយនឹងបញ្ហាកសិកម្មនេះ ដែលគេអាចសិក្សាតាំងពីដីអាចដាំអ្វីបាននៅកន្លែងនោះ។ មួយផ្នែកទៀត ក៏តម្រូវការទៅលើបញ្ហាទីផ្សារអន្តរជាតិផងដែរ ព្រោះពេលខ្លះប្រេងដូងវាឡើងថ្លៃ កៅស៊ូវាចុះថ្លៃ ពេលខ្លះពោតវាឡើងថ្លៃ ពេលខ្លះសណ្តែកសៀងឡើងថ្លៃ។ វាអត់ទៀងទាត់ …។
[ចប់ ប្រសាសន៍ក្រៅសុន្ទរកថា]
ទី៣ ត្រូវបន្តពង្រឹងការអនុវត្តផែនការមេស្ថិតិ, ការត្រួតពិនិត្យពាក់កណ្តាលឤណ្ណត្តិនៃផែនការមេស្ថិតិ ហើយ និងរៀបចំយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍ស្ថិតិ ២០១៦-២០១៨ ដោយធ្វើឱ្យស៊ីចង្វាក់គ្នាជាមួយនឹងក្របខ័ណ្ឌហិរញ្ញប្បទានសហប្រត្តិបត្តិការឆ្នាំ ២០១៦-២០១៨ របស់អង្គការសហប្រជាជាតិ និង ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ ២០១៤- ២០១៨ ដោយផ្តល់ឤទិភាពលើការងារជំរឿនប្រជាជនឆ្នាំ ២០១៨, ការអង្កេតសេដ្ឋកិច្ច-សង្គមកិច្ចប្រចាំឆ្នាំ, ការអង្កេត កម្លាំងពលកម្ម និងការអង្កេតពាក់ព័ន្ធនឹងវិស័យកសិកម្ម ជាច្រើនទៀត។
ទី៤ ត្រូវបន្តពង្រឹងប្រព័ន្ធស្ថិតិជាតិឱ្យបានកាន់តែរឹងមាំ តាមរយៈការធ្វើវិសោធនកម្មបទប្បញ្ញត្តិស្ថិតិ ពោលគឺច្បាប់ស្តីពីស្ថិតិ និងអនុក្រឹត្យស្តីពីការរៀបចំ និងកិច្ចដំណើរការរបស់ប្រព័ន្ធស្ថិតិជាតិ និង អនុក្រឹត្យពាក់ព័ន្ធផ្សេងទៀតឱ្យបានរលូន។ ទន្ទឹមនេះ ត្រូវបង្កើនការគ្រប់គ្រងស្ថិតិ, ពង្រឹងយន្តការសម្របសម្រួលគិតទាំងដៃគូអភិវឌ្ឍ ដែលចូលរួមក្នុងការធ្វើហិរញ្ញប្បទានសកម្មភាពស្ថិតិ។
ទី៥ ត្រូវយកចិត្តទុកដាក់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សជាប្រចាំ ពីញ្រេះថា ការងារស្ថិតិជាការងារ លំបាកស្មុគស្មាញ, ទាមទារការបណ្តុះបណ្តាលជំនាញ និងបទពិសោធន៍អនុវត្តជាក់ស្តែងក្នុងការធ្វើជំរឿន, ការធ្វើអង្កេត ដែលជាការបណ្តុះបណ្តាលក្នុងការងារជាក់ស្តែងផងដែរ ពិសេសផ្តោតការយកចិត្តទុកដាក់លើស្ថិតិថ្នាក់ក្រោមជាតិ ដែលទាមទារពង្រឹងសមត្ថភាពជំនាញស្ថិតិ។
ឈរលើមូលដ្ឋានទាំងអស់នេះ ខ្ញុំមានជំនឿយ៉ាងមុតមាំថា ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាមន្ត្រីគ្រប់លំដាប់ថ្នាក់ នៃក្រសួងផែនការ, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួង ស្ថាប័នពាក់ព័ន្ធ, ឤជ្ញាធរថ្នាក់ក្រោមជាតិ នឹងបន្តអនុវត្តដោយយកចិត្តទុកដាក់ខ្ពស់ និង ប្រកបដោយប្រសិទ្ធិភាពលើកិច្ចការទាំងអស់នេះ ដើម្បីរួមចំណែកសំខាន់ដល់កិច្ចអភិវឌ្ឍប្រព័ន្ធស្ថិតិកម្ពុជា នៅលើមូលដ្ឋានកាន់តែរឹងមាំ, ទូលាយជាងមុន និងមានលក្ខណៈកាន់តែអំណោយផលដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។
ជាទីបញ្ចប់ ជាមួយនឹង «ការប្រកាសផ្សព្វផ្សាយរបាយការណ៍ជាតិនៃលទ្ធផលចុងក្រោយជំរឿនកសិកម្មនៅ ព្រះរាជាណាចក្រកម្ពុជាឆ្នាំ ២០១៣» នាពេលនេះ ខ្ញុំសូមជូនពរដល់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីទាំងអស់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ ឤយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕