ឯកឧត្តម ណាជីព រ៉ាហ្សាក់ (Najib Razak) ប្រធានអង្គប្រជុំ
ឯកឧត្តម បារ៉ាក់ អូបាម៉ា (Barak Obama) ប្រធានាធិបតីនៃសហរដ្ឋអាមេរិក
ព្រះចៅស៊ុលតង់ ឯកឧត្តម ថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន
ឯកឧត្តម លោកជំទាវ លោក លោកស្រី
ជាបឋម ខ្ញុំសូមចូលរួមជាមួយថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ានដទៃទៀត សម្តែងនូវការស្វាគមន៍ដ៏កក់ក្តៅ បំផុត ជូនចំពោះឯកឧត្តម បារ៉ាក អូបាម៉ា (Barak Obama) ប្រធានាធិបតីនៃសហរដ្ឋអាមេរិក ក្នុងកិច្ចប្រជុំ កំពូលអាស៊ាន-សហរដ្ឋអាមេរិកលើកទី ៣ នាពេលនេះ។
ឆ្នាំ ២០១៥ គឺជាឆ្នាំប្រវត្តិសាស្ត្ររបស់អាស៊ានក្នុងការបង្កើតជាផ្លូវការនូវសហគមន៍អាស៊ាន ដែលក្នុងនោះរួម មាន សហគមន៍នយោបាយ-សន្តិសុខអាស៊ាន, សហគមន៍សេដ្ឋកិច្ចអាស៊ាន និងសហគមន៍សង្គម-វប្បធម៌ អាស៊ាន។ វឌ្ឍនភាពដ៏ធំធេងនាពេលនេះ ប្រសូត្រចេញពីគំនិតផ្តួចផ្តើម និងការខិតខំប្រឹងប្រែងរបស់ប្រទេស សមាជិកអាស៊ានទាំងអស់ ព្រមទាំងការគាំទ្រពីប្រទេសដៃគូសន្ទនា ដែលក្នុងនោះ រួមមានសហរដ្ឋអាមេរិកផង ដែរ។
សហរដ្ឋអាមេរិកជាប្រទេសដៃគូសន្ទនាដ៏សំខាន់មួយរបស់អាស៊ាន ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ដល់ការធានាសន្តិភាព ស្ថិរភាព វិបុលភាព និងកិច្ចខិតខំប្រឹងប្រែងផ្សេងទៀតក្នុងតំបន់។ ក្នុងស្មារតីនេះ ខ្ញុំសូម សម្តែងនូវអំណរសាទរ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះសមិទ្ធិផលថ្មីៗ ដែលកើតចេញពីទំនាក់ទំនង អាស៊ាន-សហរដ្ឋអាមេរិក រួមមាន ភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហរដ្ឋអាមេរិក និងផែនការសកម្មភាពថ្មី អាស៊ាន-សហរដ្ឋអាមេរិក (២០១៦-២០២០) ដែលនឹងត្រូវអនុម័តក្នុងកិច្ចប្រជុំកំពូលនេះ។
ជាមួយគំនិតផ្តួចផ្តើមទាំងនេះ ខ្ញុំមានទំនុកចិត្តថា ទំនាក់ទំនងអាស៊ាន-សហរដ្ឋអាមេរិក នឹងត្រូវបានពង្រឹង កាន់តែរឹងមាំមួយកម្រិតថែមទៀត ហើយខ្ញុំសូមអំពាវនាវឲ្យសហរដ្ឋអាមេរិក បន្តជម្រុញពាណិជ្ជកម្ម និងបន្ត ពង្រីកវិសាលភាពកិច្ចសន្ទនារបស់ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិក សំដៅចែករំលែកស្ថានភាពឈ្នះ -ឈ្នះ ក្នុងចំណោមភាគីទាំងពីរ ព្រមទាំងជម្រុញការវិនិយោគមកកាន់អាស៊ាន ឲ្យកាន់តែច្រើនថែមទៀត ពិសេស មកប្រទេសសមាជិកអាស៊ាន ដែលមានការអភិវឌ្ឍតិចតួច ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកាត់បន្ថយគម្លាតអភិវឌ្ឍក្នុងតំបន់។ ទន្ទឹមនេះ កម្ពុជាស្នើសហរដ្ឋអាមេរិកផ្តល់នូវប្រព័ន្ធអនុគ្រោះទូទៅ (GSP) លើមុខទំនិញ ចំនួនយ៉ាងតិច ៩៧% នៃមុខទំនិញសរុប ដោយរួចពន្ធ និងពុំជាប់កូតាដល់ប្រទេស អភិវឌ្ឍតិចតួចនៅក្នុងអាស៊ាន ស្របតាមការព្រមព្រៀងក្នុងក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោកកន្លង មក។
ខ្ញុំក៏សូមឆ្លៀតយកឱកាសនេះ ស្នើសហរដ្ឋអាមេរិកបន្តការគាំទ្រដល់ការបណ្តុះបណ្តាលធនធានមនុស្សនៅ កម្ពុជា ជាពិសេសក្នុងស្រទាប់យុវជន ដែលនឹងក្លាយជាអ្នកដឹកនាំនៅថ្ងៃអនាគត តាមរយៈការផ្តល់អាហារូប ករណ៍បន្ថែមដល់សិស្ស និងនិស្សិត។
ឆ្នាំនេះ ប្រទេសជាច្រើននៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក កំពុងទទួលរងនូវផលប៉ះពាល់ពីបាតុភូតអែល-នីណូ (El Nino) ដែលធ្វើឲ្យមានការខ្វះខាតទឹកជាច្រើន និងប៉ះពាល់យ៉ាងខ្លាំងដល់វិស័យកសិកម្ម។ នេះជាផលប៉ះ ពាល់ពីការប្រែប្រួលអាកាសធាតុ ដែលកំពុងតែកើតឡើងជាក់ស្តែង និងតម្រូវឲ្យមានការពង្រឹងនូវកិច្ចសហប្រតិបត្តិការពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ ក្នុងន័យនេះ កម្ពុជាស្នើសុំឲ្យមានការបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងការអនុវត្តសេចក្តីប្រកាសរួមអាស៊ាន-អាមេរិក ស្តីពីការប្រែប្រួលអាកាសធាតុ ដែលបានអនុម័តនៅឆ្នាំ ២០១៤។
មុននឹងបញ្ចប់ ខ្ញុំសូមធ្វើការកត់សម្គាល់ថា ការបន្តប្រយុទ្ធប្រឆាំងនឹងភេរវកម្មអន្តរជាតិ និងក្រុមជ្រុលនិយមរដ្ឋ អ៊ីស្លាម (ISIS) នៅតែជាប្រធានបទក្តៅគគុក និងទាមទារឲ្យមានការរួបរួមគ្នារិះគិត រកដំណោះស្រាយ និង ដាក់ចេញនូវយន្តការរឹងមាំ ម៉ឺងម៉ាត់ ប្រទាក់ក្រឡា និងបំពេញឲ្យគ្នាទៅវិញទៅមក ដើម្បីវាយបំបាក់ និងកំទេច នូវបណ្តាញភេរវកម្មអន្តរជាតិ និងក្រុមជ្រុលនិយមរដ្ឋអ៊ីស្លាម (ISIS) ក៏ដូចជាទប់ស្កាត់នូវការសាយភាយភាព ជ្រុលនិយម ទៅក្នុងតំបន់ផ្សេងៗទៀត។
សូមអរគុណ!