ឯកឧត្តម ណាជីព រ៉ាហ្សាក់ (Najib Razak) ប្រធានអង្គប្រជុំ,
ឯកឧត្តម លី កឺឈាង (Li Keqiang) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន,
ព្រះចៅស៊ុលតង់, ឯកឧត្តម, ថ្នាក់ដឹកនំានៃបណ្តាប្រទេសអាស៊ាន,
ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី!
ជាបឋម ខ្ញុំសូមចូលរួមជាមួយថ្នាក់ដឹកនំានៃបណ្តាប្រទេសអាស៊ានទំាងអស់ សម្តែងនូវការស្វាគមន៍ យ៉ាងកក់ក្តៅ ជួនចំពោះឯកឧត្តមនាយករដ្ឋមន្ត្រី លី កឺឈាង (Li Keqiang) ក្នុងកិច្ចប្រជុំកំពូល អាស៊ាន-ចិន លើកទី ១៨ នេះ។
ខ្ញុំពិតជាមានសេចក្តីរីករាយចំពោះវឌ្ឍនភាពល្អប្រសើរ នៃកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន ដែលនឹងមានអាយុ ២៥ ឆ្នំា ក្នុងរយៈពេលប្រមាណជាមួយខែទៀត។ ដើម្បីអបអរសារទរនូវវឌ្ឍនភាព និងកិច្ច សហប្រតិបត្តិការល្អប្រសើររបស់យើង, កម្ពុជាគំាទ្រឲ្យមានការរៀបចំកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សា វរីយ៍ ២៥ ឆ្នំា នៃទំនាក់ទំនងដៃគូអាស៊ាន-ចិន នៅឆ្នំា ២០១៦ នៅប្រទេសចិន និងជំរុញការអនុវត្តសកម្មភាពរួមគ្នារវាងដៃគូអាស៊ាន-ចិន ឲ្យបានច្រើន។ ជាវិភាគទានសម្រាប់ឆ្នំាពិសេសនេះ កម្ពុជានឹងរៀបចំសកម្មភាពចំនួនបីគឺ ទី១-ការសម្តែងសិល្បៈរួមអាស៊ាន-ចិន, ទី២-ការផ្លាស់ប្តូរទស្សនកិច្ចយុវជនអាស៊ាន-ចិន លើកទី ២ និងទី៣-ការរៀនចំវេទិកាសហគ្រិនវ័យក្មេងអាស៊ាន-ចិន។
ជាការពិត, ប្រទេសចិន បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាសន្តិភាព, ស្ថិរភាព, វិបុលភាព និងចីរភាពនៃកំណើនក្នុងតំបន់អាស៊ាន តាមរយៈកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងដ៏រឹងមាំរបស់យើង។ ទំនាក់ទំនងអាស៊ាន-ចិន មានការរីកចម្រើនឥតឈប់ឈរ និងឆាប់រហ័សលើគ្រប់វិស័យ ដែលបច្ចុប្បន្នឈានដល់កម្រិតជាយុទ្ធសាស្ត្រគួរជាទីមោទនៈ។ ក្នុងន័យនេះ ខ្ញុំសូមសំដែងនូវការអបអរចំពោះវឌ្ឍនភាព ក្នុងការអនុវត្តផែនការសកម្មភាព ២០១១-២០១៥ និងសូមសំដែងនូវការគំាទ្រចំពោះការអនុម័តផែនការសកម្មភាព សម្រាប់អនុវត្តសេចក្តីថ្លែងការណ៍រួម ស្តីពី ភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-ចិន (២០១៦-២០២៥) ដើម្បីសន្តិភាព និងវិបុលភាពក្នុងតំបន់។
ឆ្នំា ២០១៦ ខាងមុខ គឺជាឆ្នំាទីមួយនៃការចាប់ផ្តើមដំណើរការសហគមន៍អាស៊ាន។ នៅក្នុងដំណើរការឆ្ពោះទៅមុខ, អាស៊ានបានដាក់ចេញនូវ ចក្ខុវិស័យអាស៊ាន ២០២៥៖ ការរីកចម្រើនទៅមុខទំាងអស់គ្នា។ ក្នុងបរិការណ៍នេះ កម្ពុជាសូមថ្លែងអំណរគុណចំពោះចិន ដែលបានផ្តល់ការគំាទ្រដល់ការតភ្ជាប់អាស៊ាន រួមទំាងសំណើពិភាក្សាបង្កើតផែនការមេស្តីពីការតភ្ជាប់អាស៊ាន-ចិន ដែលនឹងបំពេញបន្ថែមដល់ផែនការមេស្តីពីការតភ្ជាប់អាស៊ាន ហើយក៏ចូលរួមវិភាគទានដ៏សំខាន់ផងដែរដល់ ចក្ខុវិស័យអាស៊ាន ២០២៥។
ជាមួយគ្នានេះ កម្ពុជាក៏សូមស្វាគមន៍ការបង្កើត ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដើម្បីផ្តល់ហិរញ្ញប្បទានសម្រាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ ព្រមទំាង គំនិតផ្តួចផ្តើមកសាងខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវសូត្រ និងផ្លូវសូត្រសមុទ្រសតវត្សរ៍ទី ២១ ដែលនឹងរួមចំណែកដល់ការតភ្ជាប់អាស៊ាន និង ចិន។ ដូច្នេះ ខ្ញុំសូមស្នើឲ្យគណៈកម្មាធិការរួមសម្រាប់តភ្ជាប់អាស៊ាន-ចិន ចាប់ផ្តើមគិតគូរអំពីការស្រូបយកធនធានហិរញ្ញវត្តុទំាងនោះ ដើម្បីប្រើប្រាស់លើគម្រោងហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់។
ចំពោះកិច្ចសហប្រតិបត្តិការវិស័យអប់រំរវាងចិន និងអាស៊ាន, កម្ពុជាយល់ឃើញថា ការកំណត់យកឆ្នំា ២០១៦ ជាឆ្នំានៃការផ្លាស់ប្តូរវិស័យអប់រំអាស៊ាន-ចិន គឺជាវេលាដ៏ស័ក្តិសមបំផុត ដើម្បីរួមចំណែកដល់ការពង្រឹង និងពង្រីកការយល់ដឹង, ចំណងមិត្តភាព, សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ទំាងក្នុងផ្នែកនយោបាយ, សេដ្ឋកិច្ច និងវប្បធម៌-សង្គម រវាងអាស៊ាន-ចិន ឲ្យបានកាន់តែស៊ីជម្រៅ និងទូលំទូលាយ។
បន្ថែមលើនេះ កម្ពុជាសូមស្នើឲ្យរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-ចិន ពន្លឿនការចរចាការលើកកម្ពស់កិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន ឲ្យចប់ជាស្ថាពរ សំដៅជំរុញបន្ថែមនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងអាស៊ាន និងចិន ដើម្បីសម្រេចគោលដៅពាណិជ្ជកម្មទ្វេភាគី អាស៊ាន និងចិន ចំនួន ៥០០ ប៊ីលានដុល្លារ នៅចុងឆ្នំា ២០១៥ និង ១ ទ្រីលានដុល្លារអាមេរិក នៅឆ្នំា ២០២០ និងការវិនិយោគទ្វេភាគីចំនួន ១៥០ ប៊ីលានដុល្លារអាមេរិក នៅឆ្នំា ២០២០។
ជាទីបញ្ចប់ កម្ពុជាសូមស្វាគមន៍លទ្ធផលជាផ្លែផ្កា នៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសឡានឆាង-មេគង្គ លើកទី ១ ដែលបានប្រព្រឹត្តនៅថ្ងៃទី ១១-១៣ ខែ វិច្ឆិកា ឆ្នំា ២០១៥។ ខ្ញុំយល់ឃើញថា កិច្ចសហប្រតិបត្តិការអនុតំបន់បែបនេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់ការកសាង និងពង្រឹងសមាហរណកម្មតំបន់ ពិសេសរវាងអាស៊ាន និងចិន៕
សូមអរគុណ!