- ឯកឧត្តម ណាជីព រ៉ាហ្សាក់ (Najib Razak) នាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ី
- ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី!
ខ្ញុំគិតថា វេទិការបស់យើងនេះ ពិតជាផ្តល់ឱកាសដ៏កម្រ ឲ្យអាស៊ានពិភាក្សាលើគម្រោង វិនិយោគលើផ្នែក ហេដ្ឋារចនាសម្ព័ន្ធ និងតម្រូវការផ្សេងៗទៀត ជាមួយអ្នកវិនិយោគធំៗមកពីជុំវិញពិភពលោក។
ឈរលើទស្សនវិស័យវែងឆ្ងាយរបស់កម្ពុជាឆ្ពោះទៅឆ្នាំ ២០៣០ រាជរដ្ឋាភិបាលបានរៀបចំ និងដាក់ចេញ កាលពីខែសីហា ឆ្នាំ ២០១៥ នូវ « គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ២០១៥–២០២៥» ដែលជា យុទ្ធសាស្រ្តកំណើនថ្មីរបស់ជាតិ។ នៅក្នុងកញ្ចប់ នៃវិធានការគោលនយោបាយសំដៅជំរុញអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជានេះ យើងបានផ្តល់អាទិភាពខ្ពស់លើ «វិធានការគោលសំខាន់ៗចំនួន ៤ » រួមមាន៖
ទី ១ ការបញ្ចុះថ្លៃអគ្គិសនីសម្រាប់តំបន់ឧស្សាហកម្មគោលដៅ រួមទាំងការពង្រីកវិសាលភាពគ្របដណ្តប់ និងការលើកកម្ពស់ភាពទុកចិត្ត ក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី ទី ២ ការរៀបចំ និងការអនុវត្តផែនការមេសម្រាប់ការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទីកពហុមធ្យោបាយ ទី ៣ ការពង្រឹង និងការអភិវឌ្ឍយន្តការគ្រប់គ្រងទីផ្សារពលកម្ម និងការបណ្តុះបណ្តាលជំនាញ និង ទី ៤ ការអភិវឌ្ឍ និងការប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។ ក្នុងន័យនេះ វិស័យអាទិភាពរបស់កម្ពុជាគឺ៖ អគ្គិសនី ប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក ការអភិវឌ្ឍកំលាំងពលកម្ម និងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស។
ដើម្បីសម្រេចនូវចក្ខុវិស័យអភិវឌ្ឍន៍នេះ ប្រទេសកម្ពុជាមានតម្រូវការហិរញ្ញប្បទានយ៉ាងច្រើន ប្រហែល ជា ១២ ទៅ ១៦ ប៊ីលានដុល្លារ សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងទស្សវត្សរ៍ខាងមុខ។ ក្នុងបរិការណ៍នេះ ការជំរុញលើកកម្ពស់ ភាពជាដៃគូវិស័យសាធារណៈ និងឯកជន (PPP) គឺជាអាទិភាពដ៏សំខាន់មួយរបស់យើង។ ជាក់ស្តែង រវាងឆ្នាំ ១៩៩០ និង ២០១១ រាជរដ្ឋាភិបាលកម្ពុជា បានអនុម័ត គម្រោងវិនិយោគភាពជាដៃគូវិស័យសាធារណៈ-ឯកជន ចំនួនប្រមាណ ២០ គម្រោង នៅក្នុងវិស័យស្ថានីយ៍ថាមពល ទំនប់វារីអគ្គិសនី សម្បទាន ព្រលានយន្តហោះ គម្រោងស្តារឡើងវិញនូវផ្លូវរថភ្លើងជាដើម។ នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាបានចាប់ផ្តើមពិនិត្យរៀបចំឡើងវិញ នូវគោលនយោបាយ និងក្របខណ្ឌគតិយុត្តិនៃភាពជាដៃគូវិស័យសាធារណៈ-ឯកជន (PPP) ដើម្បីផ្តល់លទ្ធភាពកាន់តែងាយស្រួល ឲ្យវិស័យឯកជនចូលរួមក្នុងការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ។
ក្រៅពីនេះ កម្ពុជាក៏នៅមានសក្តានុពលដ៏ធំធេងក្នុងវិស័យជាច្រើនផ្សេងទៀត ដែលលើមូលដ្ឋាននេះ ខ្ញុំសូម លើកទឹកចិត្តឲ្យវិនិយោគិនពីគ្រប់ទិសទី អញ្ជើញចូលទៅសិក្សាស្រាវជ្រាវលទ្ធភាពធ្វើការវិនិយោគកម្ពុជា ទាំងក្រោមទម្រង់នៃភាពជាដៃគូវិស័យសាធារណៈ-ឯកជនទាំងក្នុងទម្រង់ផ្សេងៗទៀត។ កម្ពុជានៅមានតម្រូវការច្រើននៅក្នុងផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ជាពិសេស ការរៀបចំខេត្តព្រះសីហនុ ឲ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសមួយ ដែលមានសក្តានុពលដ៏ធំធេង នៅក្នុងវិស័យឧស្សាហកម្មធុនស្រាល ឧស្សាហកម្មកម្មន្តសាល និងកសិ-ឧស្សាហកម្ម។ រាជរដ្ឋាភិបាល ត្រៀមខ្លួនជានិច្ចក្នុងការទទួលពិភាក្សា និងជួយជ្រោមជ្រែងលើរាល់គម្រោងវិនិយោគរបស់លោកអ្នក ដើម្បីចែករំលែកស្ថានភាពឈ្នះ-ឈ្នះ ជាមួយគ្នា។
សូមអរគុណ!