ថ្ងៃ ១២ វិច្ឆិកា ២០១៥ សម្តេចតេជោ ហ៊ុន សែន បានធ្វើការស្រាយបំភ្លឺ ករណីតបចំពោះការវាយប្រហារបំផ្លាញវប្បធម៌សន្ទនា ដោយមេបក្សប្រឆាំង។ ព្រឹត្តិប័ត្រ កម្ពុជាទស្សនថ្មី សូមដកស្រង់ និងចុះផ្សាយដូចតទៅ៖
សូមក្រាបថ្វាយបង្គំព្រះករុណា ព្រះថេរានុថេរៈគ្រប់ព្រះអង្គ ជាទីគោរពសក្ការៈ បងប្អូនជនរួមជាតិជាទីស្រឡាញ់!
ការប្រមាថឥស្សរជនបីនាក់(នៃគណបក្សប្រជាជន) ជាសុជីវធម៌នៃអ្នកនយោបាយឬទេ?
ដូចដែលព្រះតេជព្រះគុណ ព្រះសង្ឃ និងបងប្អូនជនរួមជាតិបានជ្រាបហើយ យប់មិញនេះ ខ្ញុំព្រះករុណាខ្ញុំ បានបង្ខំចិត្តឆ្លើយតបភ្លាមៗ ទៅកាន់មេបក្សប្រឆាំងដែលប្រមាថចំពោះគណបក្សកាន់អំណាច រាជរដ្ឋាភិបាល និងខ្លួនខ្ញុំព្រះករុណាខ្ញុំ។ វាប្រៀបដូចទឹកមួយតំណក់ដែលធ្វើឲ្យ(ទឹកក្នុង)កែវកំពប់ ហើយអាចនិ យាយបានថា ទឹកមួយតំណក់នេះបំផ្លាញនូវភាពស្ងប់ស្ងាត់នៃទឹកទាំងអស់នៅក្នុងកែវតែម្តង។ បន្ទាប់ពីការដែលខ្ញុំព្រះករុណាខ្ញុំ បានបញ្ជូនចេញតាមទំព័រហ្វេសប៊ុករបស់ខ្ញុំព្រះករុណាខ្ញុំ ថ្ងៃនេះយើង បានទទួលនូវប្រតិកម្មពីប្រធានបក្សប្រឆាំងគឺឯកឧត្តម សម រង្ស៊ី តែម្តង ក្នុងឋានៈគាត់ជាកូនជនក្បត់ជាតិ សម សារី។ គាត់បាននិយាយថា “សូមអភ័យទោស ប្រសិនជាធ្វើឲ្យអ្នកណាមួយឈឺចាប់” ប៉ុន្តែគាត់ ក៏បាននិយាយមកជាមួយនឹងពាក្យថា “អ្នកនយោបាយត្រូវមានសុជីវធម៌”។ បន្ថែមលើហ្នឹង កូនចៅ របស់គាត់ បានធ្វើនូវការផ្សព្វផ្សាយមួយចំនួនតាមទំព័រហ្វេសប៊ុក។ ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះទាញនូវចំណាប់អារម្មណ៍របស់ប្រជាពលរដ្ឋឲ្យងាកត្រឡប់មើលទៅគ្រាដើមឡើងវិញ។ នៅឆ្នាំ ២០០៨ ក្នុងពេលយុទ្ធនាការបោះឆ្នោត សម រង្ស៊ី ខ្លួនឯងបានធ្វើដំណើរទៅឯមូលដ្ឋាន។ ពេលនោះ សម រង្ស៊ី បានចង្អុលទៅកាន់រូបឥស្សរជន ៣ នាក់ ដែលមានសម្តេច ជា ស៊ីម សម្តេច ហេង សំរិន និងខ្ញុំព្រះករុណាខ្ញុំ ដោយលើកឡើងថា “អា ៣ នាក់ គឺជាអាចោរលក់ជាតិ អាកណ្តាលគឺខូចជាងគេ”។ គឺខ្ញុំព្រះករុណាខ្ញុំ។ ខ្ញុំព្រះករុណាខ្ញុំ ចង់សួរឯកឧត្តម សម រង្ស៊ី ចង់សួរទៅអ្នកដែលធ្វើការវាយតម្លៃថា ខ្ញុំព្រះករុណាខ្ញុំ ប្រើពាក្យអសុរោះ តើសំដីជេរប្រមាថអាចោរលក់ជាតិ ដែលរួមមានទាំង សម្តេច ហេង សំរិន សម្តេច ជា ស៊ីម ដែលអាចបង្កើតក្បាល សម រង្ស៊ី បាននោះ ជាសំដីសុជីវធម៌របស់អ្នកនយោបាយឬទេ?
សារលិខិតសុំអភ័យទោសពី ឯកឧត្តម សម រង្ស៊ី
ក្រៅពីនោះ តើសម រង្ស៊ី បានធ្វើអ្វីខ្លះសម្រាប់ខ្ញុំព្រះករុណាខ្ញុំ? មិនមែនជាបញ្ហាដែលខ្ញុំព្រះករុណាខ្ញុំចង់ទេ ក៏ប៉ុន្តែវាជារឿងពិតដែលខ្ញុំព្រះករុណាខ្ញុំ ត្រូវតែនិយាយ ទូលប្រគេន ចំពោះព្រះសង្ឃគ្រប់ព្រះអង្គជាទីគោរពសក្ការៈ ដើម្បីបានជ្រាបថា រឿងនេះ ដល់ចំណុចរបត់មួយ ដែលខ្ញុំព្រះករុណាខ្ញុំ ពិបាកនឹងយល់អធ្យាស្រ័យចំពោះ សម រង្ស៊ី។ នេះជាលិខិតដែល សម រង្ស៊ី បានផ្ញើឲ្យខ្ញុំព្រះករុណាខ្ញុំ នៅឆ្នាំ ២០០៦។ ពេលនោះ សម រង្ស៊ី បានធ្វើការសូមអភ័យទោសជាមួយនឹងកំហុសឆ្គងទាំងឡាយ ដែល គាត់បានប្រព្រឹត្តចំពោះខ្ញុំព្រះករុណាខ្ញុំ។ … ខ្ញុំសូមអានលិខិតរបស់គាត់ត្រង់ចំណុចនេះ “ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ១៩៩៧ នៅមុខរដ្ឋសភា ការចោទសម្តេចនាយករដ្ឋមន្ត្រីថា ប៉ុនប៉ងសម្លាប់ឥស្សរជន ៥ នាក់ និងការចោទប្រកាន់ មួយចំនួនទៀត មកលើសម្តេចនាយករដ្ឋមន្ត្រី។ល។ ចាប់ពីពេលនេះ តទៅ ខ្ញុំនឹងផ្លាស់ប្តូរឥរិយាបថរបស់ ខ្ញុំ ដើម្បីបញ្ចប់បញ្ហាទាំងអស់នោះ ហើយជៀសវាងមិនឲ្យបញ្ហាបែបនេះកើតមានឡើងទៀត។ ជាទូទៅ ខ្ញុំ សម្រេចចិត្តថា មិនត្រូវយកបញ្ហាបុគ្គលជាធំទេ តែត្រូវផ្តោតអារម្មណ៍ទៅលើបញ្ហាជាតិឯណោះវិញ ដែល ត្រូវរកដំណោះស្រាយដោយសន្តិវិធី និងគោរពគ្នាទៅវិញទៅមក”។ នេះជាលិខិតដែលសម រង្ស៊ី បានធ្វើ សូមអភ័យទោសចំពោះខ្ញុំព្រះករុណាខ្ញុំ កាលពីឆ្នាំ ១៩៩៦។ សម រង្ស៊ី បានធ្វើលិខិតសុំទោសជាបន្តបន្ទាប់ រហូតដល់ថ្ងៃក្រោយមកនេះ ដែលមានលើទំព័រហ្វេសប៊ុកស្រាប់ ហើយដែលខ្ញុំព្រះករុណាខ្ញុំ បានផ្សព្វផ្សាយអំពី សម រង្ស៊ី បានសុំទោសខ្ញុំព្រះករុណាខ្ញុំ នៅថ្ងៃទី ២៩ ខែតុលាកន្លងទៅ។ … យប់មិញនេះ ខ្ញុំព្រះករុណាខ្ញុំ ក៏បាន post ជូនចំពោះព្រះសង្ឃ និង ប្រជាពលរដ្ឋបានជ្រាបហើយដែរ ហើយក្នុងថ្ងៃតែមួយ ក្នុងពេល ២ ម៉ោងក្រោយ ខ្ញុំព្រះករុណាខ្ញុំ បានឆ្លើយតបអរគុណចំពោះគាត់។ ថ្ងៃ ២៩ ខែតុលា ឆ្នាំ ២០១៥ រហូតមកដល់ថ្ងៃ ១០ និង ១១ ខែ វិច្ឆិកានេះ វា(ជារយៈពេលមួយ)តិចណាស់ (ពីការ)ដែល សម រង្ស៊ី សុំអភ័យទោសពីខ្ញុំព្រះករុណាខ្ញុំ បើសិនជា(ខ្លួន)មានកំហុស (មកជាការ)បើកការវាយប្រហារសាជាថ្មីម្តងទៀតមកលើខ្ញុំព្រះករុណាខ្ញុំ។ ខ្ញុំព្រះករុណាខ្ញុំ ចាត់ទុកថា នេះជាទឹកមួយតំណក់ដែលធ្វើឲ្យកែវទាំងមូលកំពប់តែម្តង។
សម រង្ស៊ី ជាកូនរបស់ ជនក្បត់ជាតិ សម សារី
ខ្ញុំព្រះករុណាខ្ញុំ ត្រូវតែលាតត្រដាង ហើយហៅ សម រង្ស៊ី ច្បាស់ៗ ថាជាកូនរបស់ចោរក្បត់ជាតិ។ សូមអ្នក ទាំងឡាយ ទាំង សម រង្ស៊ី ទាំងអ្នកគាំទ្រ សម រង្ស៊ី កុំចោទប្រកាន់ខ្ញុំថាជាមនុស្សនិយាយភាសាអសុរោះ។ បើចង់ចោទប្រកាន់ សូមចោទប្រកាន់សម្តេច ព្រះនរោត្តម សីហនុ ឯណោះទៅវិញទេ ព្រោះរឿងរ៉ាវវាបាន កើតឡើងនៅក្នុងអតីតកាល។ ខ្ញុំព្រះករុណាខ្ញុំ សូមទូលប្រគេនថា ប្រហែលជា fresh news នឹងមានការផ្សព្វផ្សាយអំពីការនិពន្ធសៀវភៅរបស់ សម្តេចព្រះនរោត្តម សីហនុ នាយករដ្ឋមន្ត្រី ក្នុងសារពត៌មាន អ្នកជាតិនិយមលេខ ១ លេខ ២ និងលេខ ៣ ដែលព្រះអង្គបានរៀបរាប់យ៉ាងច្រើនអំពីអំពើក្បត់របស់ សម សារី។ ក្រៅពីនោះ ក៏នឹងមានលិខិតផងដែរ ទាក់ទិនជាមួយនឹងការឆ្លើយឆ្លង ដែលមានទាំងសម្តេចព្រះមហាក្សត្រយានី ពាក់ព័ន្ធនឹងអំពើមិនធម្មតារបស់ សម សារី ដែលមានប្រពន្ធចុង និងវាយប្រពន្ធចុង នៅឯប្រទេសអង់គ្លេស ហើយក៏ត្រូវទទួលការប្តឹងថាមើលងាយស្ត្រី …។
កាលពីសម័យដើម នៅក្នុងក្រសួងការបរទេសកម្ពុជា មានផ្នែកមួយហៅថា សម សារី Affair គឺ ការងារទាក់ទងនឹង សម សារី តែម្តង។ ខ្ញុំព្រះករុណាខ្ញុំ អត់ទាន់ហ៊ានហៅលោក សម សារី ថាជាឯកឧត្តមក្បត់ជាតិ ឬក៏លោក សម សារី ជាអ្នកស្នេហាជាតិទេ។ ឯកឧត្តម សម រង្ស៊ី ត្រូវឲ្យច្បាស់ខ្លួនឯង បើគ្មានការធ្វើនីតិសម្បទាណាមួយ ពីសំណាក់អង្គការកំពូលណាមួយទេ ឯកឧត្តមនៅតែមានឈ្មោះថាជាកូនអ្នកក្បត់ជាតិដដែល។ ឯកឧត្តមហៅខ្ញុំថាជាជនក្បត់ជាតិ ប្រមាថខ្ញុំ ប្រមាថមេដឹកនាំគណបក្សប្រជាជនថាជាជនក្បត់ជាតិលក់ដីឲ្យបរទេស ឬធ្វើអាយ៉ងឲ្យបរទេស ក៏ប៉ុន្តែ ខ្ញុំសូមជម្រាបថា ខ្លួនខ្ញុំក្តី អ្នកដឹកនាំគណបក្សប្រជាជនក្តី គ្មានប្រវត្តិថោកទាបដូចជាឪពុករបស់ឯកឧត្តមទេ។ … សម្រាប់ខ្ញុំភាសាអស់ទាំងនេះ គឺជាភាសាដែលពិបាកស្តាប់នៅក្នុងសម័យកាលនៃប្រទេសទំនើបរបស់យើង។ ប៉ុន្តែ ខ្ញុំក៏អត់មានសិទ្ធិកែប្រែប្រវត្តិសាស្ត្របានទេ។
មិនអាចដាក់កំហុស សម្តេចព្រះនរោត្តម ស៊ីហនុ បានទេ
ខ្ញុំសូមឯកឧត្តម សម រង្ស៊ី អ្នកគាំទ្រទាំងឡាយមេត្តាផ្តល់យុត្តិធម៌ឲ្យពួកខ្ញុំ។ កុំនិយាយឲ្យខ្ញុំធ្វើសុជីវធម៌ដាក់ខ្លួន តែខ្លួនបែរជាបំពានលើរូបខ្ញុំ និងអ្នកដឹកនាំរបស់ខ្ញុំ។ ខ្ញុំគ្រាន់តែនិយាយតាមសម្តេច ព្រះនរោត្តម សីហនុ តាមព្រះរាជនិពន្ធពេលនោះតែប៉ុណ្ណោះ។ ខ្ញុំមិនបានបង្កើតពាក្យ សម សារី ក្បត់ជាតិទេ …។ សង្ឃឹមថាឯកឧត្តមនឹងជាស្លឹកឈើអាចខ្យល់បក់ប៉ើងឆ្ងាយពីគល់បន្តិច។ កុំធ្វើដូចជាឪពុករបស់ឯកឧត្តម។ ដោយសារចរិករបស់ឯកឧត្តម ឈាមជ័ររបស់ឯកឧត្តម ដូចឪពុកឯកឧត្តមហ្នឹងហើយ បានជាឯកឧត្តម មិនញញើតនៅក្នុងការប្រើពាក្យអសុរោះ អសីលធម៌ គ្មានសុជីវធម៌នេះ ចំពោះរូបខ្ញុំ និងថ្នាក់ដឹកនាំគណ បក្សប្រជាជនកម្ពុជា។ ឯកឧត្តមត្រូវចាំ ពីពេលនេះតទៅ បើមិនទាន់មាននីតិសម្បទាទេ សម្រាប់ជូនឪពុក ឯកឧត្តម ឪពុករបស់ឯកឧត្តមនៅតែមានឈ្មោះថា សម សារី ក្បត់ជាតិ ដែលជាឪរបស់សម រង្ស៊ី ខ្លួនឯង។
… បើចង់ផ្តល់តម្លៃឲ្យឪរបស់ឯកឧត្តមរួចចាកផុតពីអំពើក្បត់ជាតិ វាទាល់តែខ្ញុំដាក់កំហុសទៅលើសម្តេចព្រះនរោត្តម សីហនុ។ ខ្ញុំមិនអាចធ្វើបានទេ។ ដូច្នេះ ប្រវត្តិរូបនៃមេដឹកនាំក្បត់ជាតិមួយនេះ គឺជាប្រវត្តិរូបពិត។ ឯឯកឧត្តមហៅខ្ញុំថាជាជនក្បត់ជាតិ ហៅសម្តេច ជា ស៊ីម សម្តេច ហេង សំរិន និងខ្លួនខ្ញុំ ថាជាចោរលក់ជាតិ។ … តើនេះឬ ជាសុជីវធម៌របស់ឯកឧត្តម …។ … នេះជាចំណុចទី ១ ដែលខ្ញុំចង់បញ្ជាក់បន្ថែម។ … និយាយហើយ ឯកឧត្តមបែរជាសុំទោស។ ឯកឧត្តមប្រៀបធៀបខ្ញុំទៅនឹងកាដាហ្វី។ ឯកឧត្តមបាននិយាយអំពីវប្បធម៌សន្ទនាថា បើចង់ចាប់ចោរ ត្រូវទៅនៅកៀកចោរ។ តើនេះជាសុជីវធម៌នៃអ្នកនយោបាយឬទេ? សូមឯកឧត្តមផ្តល់ចម្លើយជាក់លាក់ និងធ្វើការបកស្រាយឲ្យបានសមរម្យ។ … យើងទាំងអស់គ្នា ចាស់ៗ អស់ហើយ។ ល្មមចេះនិយាយភាសាត្រឹមត្រូវ ហើយគោរពគ្នាទៅវិញទៅមក។
សម រង្ស៊ី ថា “គណបក្សប្រជាជនខ្លាចចាញ់ឆ្នោត មិនហ៊ានធ្វើការបោះឆ្នោត”
… ក្នុងមួយរយៈកាលចុងក្រោយនេះ ឯកឧត្តមបែរជានិយាយថា គណបក្សប្រជាជនខ្លាចចាញ់ឆ្នោត មិនហ៊ានធ្វើការបោះឆ្នោត ចង់បំផ្លាញចោលការបោះឆ្នោត។ ខ្ញុំគួរតែជម្រាបជូនឯកឧត្តមទៅវិញថា ឯកឧត្តមនៅចាំបានទេ នៅមុនបោះឆ្នោតឆ្នាំ ២០១៣ គណៈប្រតិភូ ICAPP ដឹកនាំដោយអនុប្រធានាធិបតី ឥណ្ឌូនេស៊ីបច្ចុប្បន្ន និងអតីតប្រធានរដ្ឋសភាហ្វីលីពីនបានជួបឯកឧត្តមដល់ទីស្នាក់ការ។ ឯកឧត្តមបាននិយាយថា “ចូលរួមបោះឆ្នោត តែមិនទទួលស្គាល់លទ្ធផលបោះឆ្នោត”។ មិនទាន់ទាំងបោះឆ្នោតផង ឯកឧត្តមមិនទទួលស្គាល់លទ្ធផលបោះឆ្នោត។ ពេលនោះ ICAPP គេផ្តល់ជាសំណួរមួយថា ចុះបើខាងឯកឧត្តមឈ្នះ វិញ តើធ្វើយ៉ាងម៉េច? មិនមែនជាលើកទី ១ ទេ ឯកឧត្តមបាននិយាយភាសានេះ។ ឥឡូវមិនទាន់ដល់ពេលវេលាបោះឆ្នោត ឯកឧត្តមដើរទៅបំផុស ប្រាប់គេប្រាប់ឯង ប្រាប់បរទេសថា គណបក្សប្រជាជនដឹងថាខ្លួនចាញ់ មិនចង់ធ្វើការបោះឆ្នោត។ ឯកឧត្តមត្រូវមានភស្តុតាងឲ្យច្បាស់ ប្រយ័ត្នជាប់បទល្មើសព្រហ្មទណ្ឌ(ពី)ការចោទប្រកាន់ដោយគ្មានភស្តុតាង។ អំពើនេះវាជាការបរិហារកេរ្តិ៍ ឬក៏យ៉ាងណា យើងខ្ញុំត្រូវពិនិត្យអំពីផ្លូវច្បាប់ ហើយសូមកុំបន្ទោស បើសិនជាផ្លូវច្បាប់ត្រូវចាត់ការចំពោះឯកឧត្តម។
ខ្លួនខ្ញុំផ្ទាល់ បានស្វះស្វែង ដើម្បីសុំជប៉ុន សុំអូស្ត្រាលី សុំសហភាពអឺរ៉ុប ដើម្បីសុំឲ្យជួយកំណែទម្រង់ការបោះឆ្នោត។ យើងបានធ្វើការរួមគ្នា រៀបចំនូវច្បាប់ទាក់ទងនឹងការបោះឆ្នោត យន្តការនៃការបោះឆ្នោត រហូតដល់យើងកែរដ្ឋធម្មនុញ្ញ។ ឥឡូវកំពុងតែដំណើរការចុះឈ្មោះសាកល្បងតាមរយៈអត្តសញ្ញាណប័ណ្ណថ្មី។ តើហេតុផលអ្វីបានជាត្រូវធ្វើ? នោះគឺតម្រូវឲ្យមានការបោះឆ្នោតឃុំនៅឆ្នាំ ២០១៧ និងការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ ២០១៨។ សូមឯកឧត្តមប្រយ័ត្នប្រយែងនឹងការធ្វើសេចក្តីថ្លែងការណ៍ បំពានលើបក្សកាន់អំណាច និងលើរាជរដ្ឋាភិបាល។ យើងអាចចាត់ចំណាត់ការផ្លូវច្បាប់ ប្រសិនបើឯកឧត្តមនៅតែបន្តម្តងហើយម្តងទៀត។ លើកមុន ឯកឧត្តមតែងរត់ចេញពីប្រទេស។ ពេលឯកឧត្តមសុំលើកលែងទោស ខ្ញុំបានលើកលែងទោសឲ្យឯកឧត្តម ២ ដងរួចហើយ។ តែលើកនេះ សង្ឃឹមថា ឯកឧត្តមមិនអាចរត់រួចតទៅទៀតទេ។ បើសិនជាមានការចាំបាច់ និងប្រសិនបើឯកឧត្តមនៅតែមិនរាង(ចាល) យន្តការច្បាប់មិនអាចផ្តល់ជូនឯកឧត្តមបានតទៅទៀតទេ។
ការបោះឆ្នោត ធ្វើតាមការកំណត់ គ្មានការលើកពេល
ខ្ញុំសុំឲ្យព្រះសង្ឃ និងប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាសហគមន៍អន្តរជាតិ ចងចាំឲ្យច្បាស់ ការបោះឆ្នោតត្រូវធ្វើទៅតាមការកំណត់។ (បោះឆ្នោត)ឃុំ/សង្កាត់ ត្រូវធ្វើនៅពាក់កណ្តាលឆ្នាំ ២០១៧ គឺមានរយៈពេល ៥ ឆ្នាំពេញអាណត្តិ ដូចជាក្នុងខែ មិថុនា … យើងកំពុងប្រើថវិកាយ៉ាងច្រើន ដើម្បធ្វើអត្តសញ្ញាណប័ណ្ណសម្រាប់ប្រជាពលរដ្ឋដើម្បីចុះឈ្មោះបោះឆ្នោត។ ជប៉ុន សភាពអឺរ៉ុប កំពុងជួយទៅលើការចុះឈ្មោះ។ នេះឯង តើយើងធ្វើដើម្បីអ្វី? គឺដើម្បីបោះឆ្នោត។ ហេតុអ្វីបានជាឯកឧត្តមមកចោទថា គណបក្សប្រជាជនមិនចង់បោះឆ្នោត។ តើឯកឧត្តមមានភស្តុតាងអី? យើងខ្ញុំនឹងពិនិត្យខាងផ្លូវច្បាប់ចំពោះបញ្ហានេះ។
ការបោះឆ្នោតថ្នាក់ជាតិ នឹងត្រូវធ្វើនៅក្នុងថ្ងៃអាទិត្យនៃសប្តាហ៍ទី ៤ ខែ កក្កដា ឆ្នាំ ២០១៨ ដដែល។ ហេតុអ្វីបានជាត្រូវធ្វើយ៉ាងដូច្នេះ? ខ្ញុំបានចរចាជាមួយឯកឧត្តមតាមរយៈទូរស័ព្ទ។ ពេលនោះ យើងគិតថា យើងប្រហែលជាអាចបោះឆ្នោតខែ កុម្ភៈ ឆ្នាំ ២០១៨ រីឯការបោះឆ្នោតឃុំ/សង្កាត់ ខែកុម្ភៈ ឆ្នាំ ២០១៧។ យើងបានព្រៀងហើយទៅទៀត។ ប៉ុន្តែ អនុប្រធានរបស់បក្សឯកឧត្តម គឺឯកឧត្តម កឹម សុខា មិនយល់ស្រប។ ក្រោយមក ការចរចានៅក្នុងវិមានរដ្ឋសភា ថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០១៤ ខ្ញុំបានស្នើដាក់ថា ការបោះឆ្នោតត្រូវប្រព្រឹត្តទៅនៅសប្តាហ៍ទី ៤ ខែ កុម្ភៈ។ តែខាងឯកឧត្តមវិញទេ ដែលបាននិយាយថា ចាំដាក់នៅពេលក្រោយ។ … ខ្ញុំសូមបញ្ជាក់ជូនឯកឧត្តមថា មាត្រាទី ៧៨ នៃរដ្ឋធម្មនុញ្ញ បានចែងថា «នីតិកាលរបស់រដ្ឋសភា មានកំណត់ ៥ ឆ្នាំ ហើយត្រូវផុតកំណត់នៅពេលដែលរដ្ឋសភាថ្មីចូលកាន់តំណែង។ រដ្ឋសភាមិនអាចត្រូវបានរំលាយមុនផុតអាណត្តិបានឡើយ វៀរលែងតែក្នុងករណី ដែលរាជរដ្ឋាភិបាលត្រូវបានទម្លាក់ ២ ដង ក្នុងរយៈពេល ១២ ខែ»។ … យើងអត់មានសិទ្ធិទៅដកតំណែងសភា មុនចប់អាណត្តិបានទេ។ ពេលដែលយើងកែរដ្ឋធម្មនុញ្ញ ដើម្បីបង្កើតនូវជំពូកមួយទាក់ទងទៅនឹងគណកម្មាធិការជាតិរៀបចំការបោះឆ្នោត យើងអត់បាននិយាយទៅដល់បញ្ហាទាំងនេះទេ។ ដូច្នេះ ការបោះឆ្នោតមានតែបន្តទៅតាមច្បាប់បោះឆ្នោត ដែលធ្លាប់ធ្វើពីមុន ហើយនាយករដ្ឋមន្រ្តីនឹងប្រកាសទៅតាមច្បាប់ដែលបានអនុញ្ញាត។
កេងចំណេញពីជ័យជំនះបក្សប្រឆាំងនៅមីយ៉ាន់ម៉ា ធ្វើជាជ័យជំនះរបស់ខ្លួននៅកម្ពុជា
ខ្ញុំមានការសោកស្តាយជាខ្លាំង ដែលឯកឧត្តមបានប្រមាថមើលងាយចំពោះរាជរដ្ឋាភិបាល ចំពោះគណបក្សប្រជាជន និងចំពោះខ្លួនខ្ញុំ។ … ជោគជ័យរបស់បក្សប្រឆាំងនៅមីយ៉ាន់ម៉ា គួរឲ្យកោតសរសើរខ្លាំងណាស់។ យើងអបអរសាទរដំណើរការបោះឆ្នោតដែលប្រព្រឹត្តិទៅដោយរលូន ទោះបីមានហឹង្សាបន្តិចបន្តួចកើតឡើង ក្នុងដំណាក់កាលនៃយុទ្ធនាការបោះឆ្នោត។ … ប៉ុន្តែ ឯកឧត្តមត្រូវចាំឲ្យច្បាស់ នៅមីយ៉ាន់ម៉ា ពុំមានការបោះឆ្នោត ២៥ ឆ្នាំ រួចមកហើយ។ នេះជាការបោះឆ្នោតលើកដំបូងដែលមានការប្រកួតប្រជែងដោយមានបក្សជាច្រើន ខុសពីឆ្នាំ ២០១០ ដែលមានការបោះឆ្នោតដោយមិនមានបក្សប្រឆាំងចូលរួម។ ឆ្នាំ ២០១២ មានការបោះបំពេញបន្ថែមអាសនៈក្នុងសភាចំនួនប្រមាណជា ៤០ អាសនៈប៉ុណ្ណោះ។ ប៉ុន្តែ កម្ពុជាបានបោះឆ្នោត ៥ លើករួចមកហើយ។ ដោយសារតែរឿងនេះហើយ បានជាឯកឧត្តមត្រូវយល់ថា នៅកម្ពុជាខុសពីសភាពការណ៍នៃមីយ៉ាន់ម៉ា។ មីយ៉ាន់ម៉ា និងកម្ពុជា មិនដូចគ្នាទេ។ នៅមីយ៉ាន់ម៉ា សូម្បីតែរចនាសម្ព័ន្ធអំណាចក៏មិនដូចគ្នាដែរ។ រដ្ឋធម្មនុញ្ញនៅមីយ៉ាន់ម៉ា រក្សាទុក ២៥% កៅអីក្នុងសភា សម្រាប់ពួកទាហាន។ សម្រាប់នៅប្រទេសយើងអត់មានកូតាសម្រាប់អ្នកណាទេ ត្រូវបោះឆ្នោតតាមប្រជាធិបតេយ្យទាំងអស់។
តើឯកឧត្តមយល់នូវអ្វីដែលមាននៅមីយ៉ាន់ម៉ា និងមាននៅកម្ពុជាទេ? ហេតុអ្វីបានជាឯកឧត្តមប្លន់ជោគជ័យរបស់លោកជំទាវ អោង សានស៊ូជី មកធ្វើជាជោគជ័យខ្លួនឯងនៅកម្ពុជា។ ខ្ញុំមិនយល់ទាល់តែសោះ។ មុននេះ ដែលខ្ញុំចាំបាន ឯកឧត្តមបានប្លន់ជោគជ័យរបស់អ្នកធ្វើបដិវត្តន៍ពណ៌នៅទុយនេស៊ី លីប៊ី អេហ្ស៊ីប និងចុងក្រោយនៅអ៊ុយក្រែន … ដែលឯកឧត្តមថា អំណាចប្រជាជននៅអ៊ុយក្រែន នឹងជិតមកដល់កម្ពុជាហើយ។ ឯកឧត្តមតែងតែប្រើព្រឹត្តិការណ៍ ដែលមានការផ្តួលរំលំរបបនៅប្រទេសនានា នៅមជ្ឈឹមបូព៌ា និងនៅអឺរ៉ុប មកធ្វើជាបដិវត្តន៍នយោបាយនៅកម្ពុជា។ ដល់ពេលដែលឃើញថា ទាំងអ៊ីរ៉ាក់ ទាំងលីប៊ី ទាំងស៊ីរី ទាំងយេមែន ទាំងអេហ្ស៊ីប និងទាំងអ៊ុយក្រែន សុទ្ធតែមានបញ្ហាសង្គ្រាមបង្ហូរឈាម ឯកឧត្តមហាក់បីដូចជាស្ងាត់ស្ងៀមចំពោះមុខសភាពការណ៍នេះទៅវិញ។ ប៉ុន្តែ ឯកឧត្តមបានឆក់យកឱកាសជោគជ័យរបស់លោកជំទាវ អោង សានស៊ូជី មកធ្វើជាជោគជ័យរបស់ខ្លួន ថែមទាំងបានអំពាវនាវឲ្យសហគមន៍អន្តរជាតិ ជួយផ្ទេរអំណាចនៅឆ្នាំ ២០១៨។ ឯកឧត្តមសង្ឃឹមថាឈ្នះឬ? ជាការស្រមើស្រមៃទាំងថ្ងៃត្រង់ …។
មិនទាន់រួចខ្លួនពីរឿងបំផុសកម្មករធ្វើបាតុកម្ម
… ពីនេះដល់ឆ្នាំ ២០១៨ (ឥឡូវ ខែ វិច្ឆិកា ឆ្នាំ ២០១៥) យើងនៅសល់ជិត ៣ ឆ្នាំ ទៀត ទើបដល់សភាពការណ៍នៅកម្ពុជា។ ហេតុអ្វីបានជាឯកឧត្តមទាញយកចំណេញអំពីបញ្ហានេះ? តើសភាពការណ៍នៅមីយ៉ាន់ម៉ា មានអ្វីនឹងកើតឡើង? តើឯកឧត្តមនឹងលើកយកមកទេ។ ឧទាហរណ៍ ខ្ញុំលើកពីចំណុចមួយ ដើម្បីឲ្យឯកឧត្តមចាំឲ្យច្បាស់។ នៅមីយ៉ាន់ម៉ា នៅមានប្រយុទ្ធរវាងកងទ័ព និងកងប្រដាប់អាវុធខុសៗគ្នា និងត្រួតត្រាតំបន់ខុសៗគ្នានៅឡើយ។ ប្រសិនបើរដ្ឋាភិបាលថ្មីមិនអាចគ្រប់គ្រងបានបទឈប់បាញ់ ដែលទើបចុះហត្ថលេខា … តើឯកឧត្តមយល់ថា ទាញយកសភាពការណ៍នៅមីយ៉ាន់ម៉ាមកដាក់នៅកម្ពុជាបានទេ? ឯកឧត្តមកុំយកតែអាល្អ សូមយកទាំងអាក្រក់មកជាមួយផង ប្រសិនជាឯកឧត្តមចង់ធ្វើការប្រៀបធៀប។ យ៉ាងណាក៏ដោយ ក្នុងឋានៈជាមេដឹកនាំជាតិម្នាក់ ដែលបានបូជាជីវិតនៅទីនេះ ស្លាប់ រស់ ស៊ីអត់ ស៊ីឃ្លាន ជាមួយប្រជាពលរដ្ឋ មិនដែលរត់ចោលប្រជាពលរដ្ឋ ខ្ញុំមិនចង់ឲ្យមានសភាពការណ៍អ្វីកើតឡើង នៅក្នុងប្រទេសរបស់យើងនោះទេ។ … ខ្ញុំសូមបញ្ជាក់ សំណុំរឿងរបស់ឯកឧត្តមមិនទាន់ចប់ទេ។ ឯកឧត្តមបានបំផុសឲ្យកម្មករចេញមកធ្វើបាតុកម្ម បង្កើតនូវហឹង្សាគ្រោះថ្នាក់ដល់អាយុជីវិត ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ ទ្រព្យសម្បត្តិឯកជន និងទ្រព្យសម្បត្តិរដ្ឋ។ … កុំភ្លេចថាទាំងឯកឧត្តម(សម រង្ស៊ី) ទាំងឯកឧត្តម កឹម សុខា និងអ្នកដទៃទៀតមិនទាន់រួចខ្លួនទេ។ កុំថាខ្ញុំគម្រាម។ ប៉ុន្តែផ្លូវច្បាប់វាយ៉ាងដូច្នេះឯង។ ឯកឧត្តមនិយាយពីនិទណ្ឌភាព ប៉ុន្តែខ្លួនឯកឧត្តមកំពុងតែបំពាន ហើយធ្វើនិទណ្ឌភាព។
កុំស្រមៃពីការសុំទោសតទៅទៀត
សង្ឃឹមថា អ្នកនៅជាមួយឯកឧត្តមកំពុងមើលការផ្សាយបន្តផ្ទាល់ ហើយឯកឧត្តមនឹងអាចបើកមើលអត្ថាធិប្បាយរបស់ខ្ញុំ។ មិនមែនជាការព្រមានចំពោះឯកឧត្តមទេ … ទី ១ អំពីសុជីវធម៌ តើឯកឧត្តមមានសុជីវធម៌គ្រប់គ្រាន់ដើម្បីនឹងប្រដៅខ្ញុំហើយឬនៅ? ខ្ញុំគ្រាន់តែនិយាយតាមសម្តេច ព្រះនរោត្តម សីហនុ អំពី សម សារី ក្បត់ជាតិ។ បើឪក្បត់ជាតិ វាត្រូវកូនមានឈ្មោះថា កូនអាក្បត់ជាតិ ហើយ។ គេមិនដែលហៅ ឯកឧត្តមក្បត់ជាតិទេ គេហៅ អាក្បត់ជាតិ។ នេះជាសម្តីដើមទេតើ។ សម្តីដែលឯកឧត្តមហៅថា “អាចោរលក់ជាតិ ៣ នាក់” ទើបជាសម្តីដែលចេញពីមាត់ឯកឧត្តម។ សម្តីកូនអាក្បត់ជាតិ គឺជាសម្តីដែលខ្ញុំនិយាយតាមឯកសារ ដែលមានកាលពីជាង ៥០ ឆ្នាំមុនឯណោះ។ តើឯកឧត្តមគ្រប់គ្រាន់ដើម្បីនឹងប្រដៅខ្ញុំ លើបញ្ហាសុជីវធម៌ហើយឬនៅ? (សម្រាប់)អ្វីដែលឯកឧត្តមបានធ្វើ ឯកឧត្តមបានសុំទោសខ្ញុំជាញឹកញាប់ ប៉ុន្តែ សម្រាប់ខ្ញុំ សូមឯកឧត្តមកុំស្រមៃនូវការសុំទោសតទៅទៀត។
ខ្ញុំក៏សូមផ្តាំឯកឧត្តមទៅលើបញ្ហាទាក់ទងនឹងការបោះឆ្នោត។ យើងដាច់ខាតបោះឆ្នោតនៅក្នុងខែ មិថុនា ឆ្នាំ ២០១៧ សម្រាប់ការបោះឆ្នោតឃុំ ឬក៏អាចថា ខែ ឧសភា ក៏ថាបាន សំខាន់លើរដ្ឋមន្រ្តីមហាផ្ទៃចាត់ចែងលើបញ្ហានេះ។ ប៉ុន្តែ សម្រាប់ខ្ញុំមានគោលបំណងចង់បញ្ជាក់ឲ្យច្បាស់ថា ចង់ឲ្យក្រុមប្រឹក្សាឃុំ/សង្កាត់ បញ្ចប់អាណត្តិ។ ពេលដែលគេចាប់ផ្តើមចូលកាន់អំណាច(ថ្មី) គឺបោះឆ្នោតទៅតាមការកំណត់នៃអាណត្តិរបស់គេ។ ឯការបោះឆ្នោតថ្នាក់ជាតិ នឹងត្រូវទៅធ្វើក្នុងអាទិត្យទី ៤ នាខែ កក្កដា ឆ្នាំ ២០១៨ ជាការកំណត់។ សូមឯកឧត្តមកុំដើរបំភាន់ កុំដើរបោកប្រាស់ប្រជាពលរដ្ឋ និងត្រៀមចូលស្រុកដើម្បីប្រឈមមុខចំពោះសភាពការណ៍ថ្មីនេះ។
សិទ្ធិទល់នឹងសិទ្ធិ ច្បាប់ទល់នឹងបទល្មើស ប្រដាប់អាវុធទល់នឹងអំពើមានចរិតជាការផ្តួលរំលំ
… ដែលខ្ញុំព្រះករុណាខ្ញុំ មានការចាំបាច់ ដើម្បីនឹងនិយាយយ៉ាងដូច្នេះ មិនមែនជាការចង់បានរបស់ខ្ញុំព្រះករុណាខ្ញុំ ក្នុងឋានៈជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាទេ។ ជានាយករដ្ឋមន្ត្រី ខ្ញុំព្រះករុណាខ្ញុំ ចង់បានសេចក្តីសុខ ចង់ឲ្យមានស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ដែលជាមូលដ្ឋានធំបំផុត ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងកាត់បន្ថយភាពក្រីក្រ។ បក្សប្រឆាំងទៅវិញទេ ដែលជានិច្ចជាកាល កេងយកចំណេញអំពីអស្ថេរភាពនយោបាយ គេចង់បង្កើតឲ្យមានអស្ថេរភាពនយោបាយជាប់ជានិច្ច តាមរយៈការញុះញង់ឲ្យខ្ញុំព្រះករុណាខ្ញុំខឹង ឲ្យមានបញ្ហានេះបញ្ហានោះកើតឡើង ដូចជាបាតុកម្មនៅញូវយ៉ក និងបាតុកម្មនៅប៉ារីស ដែលខ្ញុំព្រះករុណាខ្ញុំ និយាយដោយត្រង់ៗថា បើគ្មានបាតុកម្មនៅញូវយ៉ក និងគ្មានបាតុកម្មនៅប៉ារីសដែលរៀបចំដោយបក្សប្រឆាំងទេ វាក៏គ្មានបាតុកម្មនៅទីក្រុងភ្នំពេញដែរ។ នេះជាសិទ្ធិនយោបាយដូចគ្នា។ សូមអ្នកគាំទ្រគណបក្សប្រជាជន អ្នកគាំទ្ររាជរដ្ឋាភិបាល ត្រៀមខ្លួនដើម្បីឆ្លើយតបចំពោះទង្វើអាក្រក់របស់បក្សប្រឆាំង និងអ្នកគាំទ្ររបស់គេ។ មិនមែនជាការក្តិចសង្អារប្រជល់គ្នាទេ ក៏ប៉ុន្តែ យើងឆ្លើយតបសិទ្ធិទល់នឹងសិទ្ធិ ច្បាប់ទល់នឹងបទល្មើស ប្រដាប់អាវុធទល់នឹងអំពើដែលមានចរិតជាការផ្តួលរំលំ។ នេះហើយជារបៀបគ្រប់គ្រងអំណាច។
មិនចូលសភា ជារឿងចង់បានដំណែងប្រធានសភា
វាច្បាស់ណាស់ បក្សកាន់រដ្ឋាភិបាល មានអ្នកគាំទ្រច្រើនជាងបក្សប្រឆាំង។ ទោះបីបក្សប្រឆាំងខំអួតក្អេងក្អាងយ៉ាងណាក៏ដោយ ចាញ់ម្តងហើយម្តងទៀត ប៉ុន្តែខ្លួនឯងគឺមិនព្រមទទួលយកលទ្ធផលបោះឆ្នោត។ ជានិច្ចជាកាល ១៩៩៨, ២០០៣, ២០០៨ និង ២០១៣ គឺដូចគ្នា។ បន្ទាប់ពីបោះឆ្នោតរួចហើយ តែងតែដើរមួយជុំសិន ទើបបានចាប់ផ្តើមចូល។ តើរឿងនេះវាយ៉ាងម៉េច? បើសិនជាមិនចូល មិនចូលរហូតទៅ ទើបវាសឿង។ ដំណែងប្រធានសភា តម្រូវឲ្យគេត្រូវធ្វើពហិកា។ បងប្អូនអ្នកបោះឆ្នោតឲ្យបក្សប្រឆាំងទាំងឡាយ មិនមែនបញ្ហាមិនប្រក្រតីនៃការបោះឆ្នោតទេ តែគឺជាដំណែងប្រធានសភា។ នៅថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ២០១៣ គេទាមទារគ្រប់គ្រងសភា។ រឿងនេះវាជាប់គាំង គេធ្វើបាតុកម្ម ដើម្បីចាប់បង្ខំយើង។ ក៏ប៉ុន្តែ គេក៏ដឹងថា យើងមានបន្ទាត់ក្រហមនៅត្រឹមណា។ … យើងបានកំណត់បន្ទាត់ក្រហមនៅពេលដែលអ្នកឯងបញ្ចេញសិទ្ធិខុសជាមួយនឹងច្បាប់ ឈានដល់ដំណាក់កាលនៃការផ្តួលរំលំ យើងអស់ជម្រើសហើយៗ អ្នកនឹងទទួលបាបកម្ម តាមអ្វីដែលអ្នកបានសាងតែប៉ុណ្ណោះ។
ខ្ញុំព្រះករុណាខ្ញុំ សូមព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ សូមបងប្អូនជនរួមជាតិមេត្តាអភ័យទោសចំពោះការអត្ថាធិប្បាយបែបនេះ ដែលខ្ញុំព្រះករុណាខ្ញុំចាំបាច់ត្រូវនិយាយ បន្ថែមទៅលើដែលខ្ញុំព្រះករុណាខ្ញុំបានបង្ហោះជាលាយលក្ខណ៍អក្សរកាលពីយប់មិញ៕