ចំពោះការវាយប្រហាររបស់មេដឹកនាំបក្សប្រឆាំង បំផ្លាញជាថ្មីម្តងទៀតនូវវប្បធម៌សន្ទនា សម្តេចតេជោ បានធ្វើការឆ្លើយតបដែលមានខ្លឹមសារទាំងស្រុង ដូចតទៅ៖
«ថ្ងៃនេះក៏ដូចជាប៉ុន្មានថ្ងៃរួចមកហើយ ខ្ញុំមិនចង់និយាយអ្វីដែលនាំដល់អរិភាពជាមួយអ្នកណាទាំងអស់ ព្រោះជាថ្ងៃបុណ្យជាតិផង ជាថ្ងៃដែលខ្ញុំកាន់ទុក្ខកូនដ៏កំសត់របស់ខ្ញុំផង និងក៏ដើម្បីសម្រួលដល់បរិយាកាសនយោបាយនៅកម្ពុជាយើងផងដែរ។ ប៉ុន្តែ ជាអកុសល ខ្ញុំមិនអាចនៅស្ងៀមចំពោះការប្រមាថរបស់កូនជនក្បត់ជាតិបានទេ។
ជោគជ័យគួរឱយកោតសសើររបស់បក្សប្រឆាំងនៅមីយ៉ាន់ម៉ា ដែលខ្មែរយើងទម្លាប់ហៅថាភូមា បានទាញមេបក្សប្រឆាំងនៅកម្ពុជា ដែលទើបសុំទោសខ្ញុំកាលពីថ្ងៃ ២៩ តុលា ២០១៥ បើកការវាយប្រហារមកលើខ្ញុំសាជាថ្មី ដែលបានបំផ្លាញសាជាថ្មីនូវវប្បធម៌សន្ទនា ដែលបាននឹងកំពុងជួសជុលបន្ទាប់ ពីជំនួប ស ខេង សម រង្ស៊ី។
មុនៗឲ្យតែមានបដិវត្តន៍ពណ៌ផ្ដួលរំលំនៅប្រទេសណា មេបក្សប្រឆាំងរូបនេះតែងតែនិយាយថា ជិតកើតឡើងនៅកម្ពុជាដែរហើយ។ តែនៅពេលឃើញប្រទេសដែលមានបដិវត្តន៍ពណ៌សុទ្ឋតែមានសង្គ្រាមបង្ហូរឈាម យើងមិនសូវឮមេបក្សរូបនេះនិយាយ ពីបដិវត្តន៍ពណ៌តទៅទៀតទេ។
បក្សប្រឆាំងនៅភូមាឈ្នះឆ្នោត គេប្រើជាប្រយោជន៍ដើម្បីវាយប្រហារបក្សកាន់អំណាច វាយប្រហាររាជរដ្ឋាភិបាល និងខ្លួនខ្ញុំ។ ស្អីនឹងគេដែរ ឯកឧត្តម បើមួយជាភូមា មួយទៀតជាកម្ពុជា និងមួយទៀតឆ្នាំ ២០១៥ ហើយមួយទៀតឆ្នាំ ២០១៨។ រឿងរ៉ាវខុសគ្នា របបនយោបាយសេដ្ឋកិច្ចសង្គមខុសគ្នា ភាពលំបាក និងងាយស្រួលខុសគ្នា សូម្បីតែការបោះឆ្នោតក៏ខុសគ្នា ដែលភូមាមិនដែលបោះឆ្នោត ឯកម្ពុជាបោះឆ្នោត ៥ ដងរួចមកហើយ។
ឯពូជពង្សវង្សត្រកូលឯកឧត្តមប្រៀបធៀបជាមួយ អ៊ុង សានសូជី មិនបានទេ ព្រោះមួយស្នេហាជាតិ មួយទៀតក្បត់ជាតិ។ បើពុំមានការធ្វើនីតិសម្បទាណាមួយទេ ឯកឧត្តមនៅតែមានឈ្មោះថា ជាកូនអាក្បត់ជាតិ។ ពាក្យអាក្បត់ជាតិមិនមែនជាពាក្យខ្ញុំដាក់ទេ តែរាជរដ្ឋាភិបាលសង្គមរាស្ត្រនិយមរបស់ សម្តេចព្រះ នរោត្តម សីហនុ ជាអ្នកប្រសិទ្ឋិនាមឲ្យ។
ឯកឧត្តមហៅខ្ញុំជាមនុស្សផ្តាច់ការកប់ៗមាត់ ថ្ងៃនេះខ្ញុំហៅឯកឧត្តមថា កូនអាក្បត់ជាតិ។ ខ្ញុំមិនដៀលពូជឯកឧត្តមទេ តែខ្ញុំហៅតាមអ្នកជំនាន់មុនដែលធ្លាប់ហៅឪពុកឯកឧត្តមថា អាក្បត់ជាតិ។
ពាក្យនេះសំរាប់ខ្ញុំពិបាកស្តាប់ណាស់ក្នុងសម័យថ្មីរបស់យើង តែខ្ញុំមិនហ៊ានកែប្រវត្តិសាស្ត្រ ពីក្បត់ជាតិទៅស្នេហាជាតិ ពីអាក្បត់ ជាតិទៅជាឯកឧត្តមក្បត់ជាតិបានទេ បើមិនទាន់ធ្វើនីតិសម្បទាសំរាប់ជូនខ្មោចឳពុកឯកឧត្តមទេនោះ។
ខ្ញុំសុំប្រាប់ទៅឯកឧត្តមថា ពូជខ្ញុំអត់មានមនុស្សក្បត់ជាតិដូចឯកឧត្តមទេ។ ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់។
សុំទោសបងប្អូនជនរួមជាតិ សុំវិនិច្ឆ័យចុះ តើអ្នកណាបង្កហេតុនឹង។ បើមានអ្វីកើតឡើងសុំកុំបន្ទោសខ្ញុំ។ ថ្ងៃនេះខ្ញុំបង្ហោះទៅជាមួយនៅអត្ថបទប្រៀបធៀបមួយ មិនដឹងចេញពីប្រភពណាតែឃើញក្នុង Facebook មួយ ទោះវាមិនទាន់ពេញលេញ តែវាជាមូលដ្ឋានឲ្យយើងយល់ពី អ៊ុង សានសូជី និង សម រង្ស៊ី។ ម្យ៉ាងទៀតសុំទោសផងយប់ស្ងាត់វាយម្នាក់ឯងអាចខុសពាក្យពេចន៍ និងអក្ខរាវិរុទ្ឋខ្លះ»៕