ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី,
បងប្អូនយុទ្ធជនពិការ ក៏ដូចជាក្មួយៗ សិស្សានុសិស្ស,
ថ្ងៃនេះ ខ្ញុំនិងភរិយា រួមជាមួយនឹងថ្នាក់ដឹកនាំដទៃទៀត បានមកសារជាថ្មី តាមកម្មវិធីប្រចាំឆ្នាំ។ ឆ្នាំទៅ យើងបានមកក្នុងខែ ៦។ ឆ្នាំនេះ យើងមកយឺតបន្តិច។ ប៉ុន្តែការមកដល់យឺត ប្រសើរជាងមិនបានមក។ យើងបានមករួមអបអរសារទរសមិទ្ធផលទាំងឡាយដែលសម្រេចបាន ក្នុងហ្នឹងមានការកសាងរបងសាលាហើយ និងកសាងរបងវត្តហើយ។ ដោយសារមានការចូលរួមវិភាគទានពីសំណាក់ឯឧត្តម កែ គឹមយ៉ាន ១៥០០ ដុល្លារ, ឯកឧត្តម អ៊ឹម សិទ្ធី ១០០០ ដុល្លារ, ឯកឧត្តម ប៊ិន ឈិន ២០០០ ដុល្លារ និងឯកឧត្តម ប៉ែន ស៊ីម៉ន ២០០០ ដុល្លារ យើងបានពិគ្រោះគ្នាថា(យកទៅ) ធ្វើរបងពេទ្យ ដែលមិនទាន់មានរបង។ សុំអនុញ្ញាតប្រើប្រាស់ជារបងពេទ្យ។ (ដោយ)រដូវនេះ ជារដូវដែលត្រូវហែរកឋិន អម្បាញ់មិញចូលថ្វាយបង្គំលោក យើងអត់ទាន់មានកឋិនទេ អញ្ចឹង ក៏សម្រេចថា នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ជាអ្នកផ្តើមបុណ្យកឋិន ហើយពុទ្ធបរិស័ទចំណុះជើងវត្តនៅទីនេះតែម្តង ដើម្បីចូលរួម។
មោទនភាពសិស្សប្រឡងជាប់បាក់ឌុប ២០ នាក់ ក្នុងចំណោម ៣៤ នាក់
ខ្ញុំនិង ភរិយាពិតជាមានការរីករាយដែលបានមក(ទីនេះ) ក្នុងពេលដែលថ្ងៃនេះ ចំថ្ងៃបើកបវេសនកាលឆ្នាំសិក្សា ២០១៥-២០១៦ ផងដែរ គឺថ្ងៃ ០១ ខែ វិច្ឆិកា។ សារដែលខ្ញុំបានផ្តល់ជូនសម្រាប់បើកវេសនកាល បានចាក់ផ្សាយតាមទូរទស្សន៍នូវក្របខណ្ឌទូទាំងប្រទេសរួចទៅហើយ។ ខ្ញុំសូមយកឱកាសនេះ អបអរចំពោះលោកគ្រូ អ្នកគ្រូ ជាពិសេសក្មួយៗ សិស្សានុសិស្សដែលនឹងបន្តឡើងថ្នាក់ បូកជាមួយនឹងសិស្សដែលចាប់ផ្តើមចូលរៀនថ្មី។ នៅទីនេះអត់ខ្វះសាលាទេ លើកលែងតែមហាវិទ្យាល័យ។ នៅខាងណោះគឺបឋមសិក្សា គឺនៅសល់ដីច្រើនណាស់ ហើយនៅខាងណេះ គឺវិទ្យាល័យ ដែលមានភ្ជាប់គ្នាតាំងពីចេញពីបឋម ខាងណោះចូលអនុវិទ្យាល័យ និងវិទ្យាល័យគឺនៅជាប់គ្នានេះតែម្តង។ អ្វីដែលជាការគួរមោទនភាព នៅត្រង់ថាសិស្ស ៣៤ នាក់ ដែលចូលទៅប្រឡង(សញ្ញាប័ត្រមធ្យមសិក្សាតតិយភូមិ)គឺ មាន ២០ នាក់ បានជាប់ ក្នុងនោះ គឺមាន ១៨ នាក់ ហើយដែលបានទទួលអាហារូបករណ៍ ទៅរៀននៅថ្នាក់ឧត្តមសិក្សា។ ប៉ុន្តែ ថាក្មួយ ជួន សុខចាន់ និងក្មួយ កៀ ដែន មួយស្រី មួយប្រុស មិនទាន់បានទទួលអាហារូបករណ៍ទេ ដោយមិនទាន់បានទៅចាប់ឆ្នោត។ បើក្មួយៗ មានបំណងនឹងរៀន យើងនឹងផ្តល់អាហារូបករណ៍បន្ថែម។ ក្មួយៗ ២០ នាក់ដែលប្រឡងជាប់ បានទទួលអាហារូបករណ៍ ១៨ ហើយ សល់ ២ នាក់។ សុំដោះស្រាយបញ្ហា ២ នាក់នេះ តើគាត់ចង់រៀន តទៅទៀត ឬអត់? បើចង់រៀនតទៅទៀត ត្រូវតែផ្តល់អាហារូបករណ៍សម្រាប់សិស្សរបស់យើង។
ការរស់នៅតាកែនកោះស្លា គឺប្រសើរជាងកៀនស្វាយ ១០០ ដង
… ឧត្តមសេនីយ៍ ទិត ម៉េងឡុង បាននិយាយថា បើប្រៀបធៀបរស់នៅកៀនស្វាយ និងរស់នៅទីនេះ គឺខុសគ្នា ១០០ ដង។ ការរស់នៅទីនោះ និងរស់នៅទីនេះ គឺនៅទីនេះ ច្បាស់ជាប្រសើរជាង ដោយសារតែយើងមានដីកម្មសិទ្ធិស្អីៗ។ ឯនៅទីនោះ គេហៅថាមណ្ឌល។ នៅទីនេះ (គ្រួសារយោធិន)មានដីដោយឡែក ដែលទទួលបាននូវកម្មសិទ្ធិ ជាមួយនឹងការស្រាយកង្វល់នានាទាក់ទងនឹងការអប់រំ និងសុខាភិបាល។ ឥឡូវនេះ តំបន់យុទ្ធជនពិការ បានក្លាយទៅជាមូលដ្ឋាន មិនមែនគ្រាន់តែជាយុទ្ធជនពិការទេ ក្លាយទៅជាតំបន់សម្រាប់ប្រជាពលរដ្ឋ ដែលរស់នៅជុំវិញ ទាំងការសិក្សាថ្នាក់បឋមអាចនៅកន្លែងដទៃ ឯថ្នាក់មធ្យមអាចនៅទីនេះ។ ពេទ្យក៏ដូចគ្នា បានក្លាយទៅជាមណ្ឌលសុខភាពផង និងជាមន្ទីរពេទ្យបង្អែកផង។ យើងសប្បាយរួមគ្នា ជាមួយនឹងវឌ្ឍនភាពដែលបានកើតឡើងដោយការខិតខំរួម។ រឿងនេះ ខ្ញុំសូមអរគុណជាមួយនឹងការចូលរួមទាំងឡាយរបស់សប្បុរសជន តាំងពីការចាប់ផ្តើម (លើកលែងតែ)មួយផ្នែកណានោះ ប្រើថវិការបស់រដ្ឋ ដូចជាការកសាងផ្លូវអីជាដើម។ ការកសាងផ្ទះ គឺថវិការបស់សប្បុរសជន ដែលបានចូលរួមចំណែក ខ្លះ ១០ ផ្ទះ, ខ្លះ ៥ ផ្ទះ, ខ្លះ ២០ ផ្ទះ។ ឥឡូវ ផ្ទះទាំងនោះមានផ្ទះខ្លះក៏នៅដដែល ផ្ទះខ្លះក៏បានពង្រីក ទៅតាមការខំប្រឹងប្រែង។ អ្នកជួយ ប្រឹងជួយហើយ ក៏ប៉ុន្តែ បងប្អូនត្រូវចេះប្រឹងខ្លួនឯង។ បន្តិចទៀតយើងនឹងមើល។ កាលពីមុនយើងបានដើរតាមភូមិដែរ។ គ្រួសារណាប្រឹង គឺគ្រួសារហ្នឹងបានទទួលផលច្រើន …។
យុទ្ធជនពិការមកថ្មីទាំង ៧ នាក់
… ខ្ញុំទទួលស្គាល់ហើយនូវការរីកចម្រើន ការខិតខំទាំងអស់ រាប់ទាំងបងប្អូនទាំង ៧ នាក់ ដែលយកមកថ្មីនេះ មានលោក ក្រឹម សា មកពីកំពង់ឆ្នាំង ជាជាងផ្សារដែក នៅវរៈ ៥ … កោះសន្តិភាពជាអ្នកចុះផ្សាយ។ លោក មាស រតនា យកមកពីប៉ោយប៉ែត ជាន់មីនដាច់ជើងនៅថ្មពួក ឆ្នាំ ១៩៨៧ នៅកងពល ១៧៩ នៅវរៈសេនាធំលេខ ១០ កោះសន្តិភាពអ្នកចុះផ្សាយដែរ។ លោក ប៉ៅ រ៉េត នៅកងពលលេខ ៤ ដែលទៅច្រៀងនោះ ប្រវត្តិច្រៀងពីដើម គឺពាក់ខោអាវធម្មតាទេ ដល់ច្រៀងទៅកាក់កប ពាក់ខោអាវទាហានម្តង ដល់ពាក់ខោអាវទាហានភ្នំពេញបុស្តិ៍ផ្សាយ។ តាមរកឃើញ។ លោក គ្រី ប្រុស ខេត្ត កំពង់ឆ្នាំង វរៈ ៧ យោធាខេត្តកំពង់ឆ្នាំង ជាន់មីនដាច់ជើង, លោក ជន ពៅ កងពលតូចលេខ ១ ទ័ពព្រៃជាន់មីនដាច់ជើងឆ្វេងនៅឱរ៉ាល់ឆ្នាំ ១៩៩៥ យកពីតាកែវមក។ ភ្នំពេញប៉ុស្តិ៍អ្នកចុះដែរ។ ហើយថាមានជំងឺរីកបេះដូង។ ប៉ុន្តែ ឥឡូវបានពេទ្យនៅជិតហ្នឹងមិនបារម្ភពេកទេ។ ពីមុនឮថា បារម្ភដោយសារនៅដាច់ឆ្ងាយពីបងប្អូននិងបារម្ភរឿងពេទ្យ។ ប៉ុន្តែ ពេទ្យនៅនេះមាំជាងពេទ្យនៅភូមិរបស់គាត់ផង។ លោក កុយ កឹមឈឿម វរៈ ២ យោធាខេត្តកំពង់ស្ពឺ។ កោះសន្តិភាពអ្នកចុះដែរ។ លោក ឡុង ដេ បែរជាតាមហ្វេសប៊ុក ខ្ញុំមើលឃើញតាមហ្វេសប៊ុក (ដែល)ថា មានយុទ្ធជនម្នាក់ទៅសម្ពោធស្ពានជ្រោយចង្វារដែរ ហើយយុទ្ធជនម្នាក់នោះបានស្វែងរកសុំជួបនាយករដ្ឋមន្រ្តី ប៉ុន្តែ គេមិនឲ្យចូល។ អតីតទ័ពដែលពីដើមនៅជាប់អង្គភាពជាមួយខ្ញុំនៅត្បូងឃ្មុំ បន្ទាប់មកឡើងមកភូមិភាគ បន្ទាប់មក មកកងពលលេខ ៣ របស់ ពៅ ហាក់ មកបន្តនៅវរៈ ៤២។ ជាភ័ព្វសំណាង ដែលនៅសល់ផ្ទះ។ ឥឡូវផ្ទះក៏អស់ទៅហើយ។ យប់មិញសួរ ថាបើនៅសល់ដី យើងនឹងកសាងផ្ទះបន្ថែម ប៉ុន្តែ អស់ដីទៅហើយ …។
បញ្ឈប់ការចាក់កន្ទុយលេខ និងល្បែងស៊ីសង
… ទាក់ទិនជាមួយនឹងរឿងកន្ទុយលេខ និងល្បែងស៊ីសង។ បើតាមខ្ញុំលឺ កន្ទុយលេខឥឡូវមាននៅនឹងផ្សារតេជោ។ បើតាមខ្ញុំដឹង ល្បែងបៀរក៏មាន កន្ទុយលេខក៏មាន ភ្នាល់គេវាយបុកក៏មាន។ ភ្នាល់វាយបុកហ្នឹងដូចជាពិបាកចាប់បន្តិច។ … ខ្ញុំនេះមានការខ្មាសអៀនត្រង់ មន្រ្តីមួយចំនួន និងអ្នកដែលខ្ញុំធ្លាប់រាប់អាន លេងល្បែង។ ខ្ញុំមិនអាចនៅទាក់ទងទៀតបានទេ។ សូមផ្ញើសារពីទីនេះទៅតែម្តង។ ខ្ញុំខ្មាសអៀន ត្រង់ថា បន្តិចៗមករកលុយ ដល់បានលុយ (ក៏)ចូលល្បែង។ ខ្ញុំត្រូវការលុយឧបត្ថម្ភទៅយុទ្ធជនពិការ អ្នកក្រីក្រ ហេតុអីបានជាយើងត្រូវឲ្យគេបោកយកទៅចូលលេងល្បែង? ខ្ញុំផ្ញើសារ(នេះ) មិនមែនតែអ្នកនៅទីនេះទេ អ្នកនៅដទៃទូទាំងប្រទេស បើចង់ទទួលការរាប់អានស្មោះស្ម័គ្រពីខ្ញុំ សូមមេត្តាបញ្ឈប់រឿងល្បែង។ អញ្ចឹងទេ អ្នកទាំងអស់គ្នាបញ្ចប់ទៅ រឿងកាត់យល់សប្តិ ហើយព្រលឹមឡើងចាក់កន្ទុយលេខ។ ខ្ញុំសង្ឃឹមថា បងប្អូនទាំងអស់មិនផ្តល់គំរូអាក្រក់ ដល់កូនដល់ចៅនោះទេ។ ឯកឧត្តម ខូយ ឃុនហួរ អភិបាលខេត្ត មើលផង តំបន់នេះមិនមែនជាបន្ទាយទាហានទេ នេះគ្រាន់តែជាយុទ្ធជនពិការទេ មិនមែនជាបន្ទាយទាហានដែលយើងគ្មានសិទ្ធិមកត្រួតពិនិត្យនោះទេ។
កែសម្រួលប្រាក់បៀវត្សរបស់និវត្តជនចាស់ និងថ្មី
… មានបញ្ហាមួយសូមជូនសារពីរពីទីនេះ ដើម្បីឲ្យបងប្អូនយើងបានជ្រាប ទាំងយុទ្ធជនពិការ និងនិវត្តជន។ ។ ទីមួយ បញ្ហាដែលបានកើតឡើង ហើយដែលយើងកំពុងតែធ្វើការកែតម្រូវបន្តបន្ទាប់ គឺនៅត្រង់ថាអ្នកចូលនិវត្តន៍មុន បានទទួលបៀវត្សទាប ឯអ្នកចូលនិវត្តន៍ក្រោយបានទទួលបៀវត្សខ្ពស់។ ចំណុចនេះត្រូវធ្វើការកែតម្រូវ។ ខ្ញុំបានទទួលនូវរបាយការណ៍ថា ឥឡូវយើងរំកិលអ្នកទាបជាងគេអោយឡើងទៅកៀកអ្នក(បានទទួលបៀវត្ស)ខ្ពស់។ គោលដៅរបស់យើង អ្នកមានបៀវត្សទាបបំផុត ឲ្យបាន ៤៨ ម៉ឺនរៀល ស្មើនឹង ១២០ ដុល្លារសហរដ្ឋអាមេរិក នៅឆ្នាំ ២០១៨ ក្នុងពេលដែលមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ដែលកំពុងធ្វើការមានប្រាក់ខែ មិនទាបជាង ១ លាន រៀល នៅឆ្នាំ ២០១៨។ បានសេចក្តីថា ការតម្លើងបៀរវត្សរបស់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ មិនមែនធ្វើតែចំពោះអ្នកដែលកំពុងធ្វើការទេ យើងក៏ត្រូវធ្វើជាមួយនឹងអ្នកដែលចូលនិវត្តន៍ និងអ្នកពិការផងដែរ។ … ដូចជាលោក ឡុង ដេ បានប្រាក់ខែ ៥១ ម៉ឺនរៀល ពីមុនតែ ១៦ ម៉ឺនរៀល។ ឈឺចិត្ត(ដើរ)រើសអេតចាយ។ ដល់ពេលបានដល់ ៥១ ម៉ឺនរៀលហើយ ឈាមឡើង … (សន្ទនាជាមួយ ឡុង ដេ)។
ផ្អាកអុំទូកឆ្នាំនេះ ដោយសារកម្ពស់ទឹកទាបពេក
សារទី ២ សូមផ្ញើជូនទៅប្រជាពលរដ្ឋ ជាពិសេស អ្នកដែលនៅតាមដងទន្លេមេគង្គ និងគ្រប់កន្លែងដែលតែងតែទៅប្រមូលផ្តុំគ្នានៅទីក្រុងភ្នំពេញ ក្នុងពេលបុណ្យអុំទូក សំពះព្រះខែ និងអកអំបុក។ ម្សិលមិញ ខ្ញុំបានចេញនូវ សារាចរណែនាំមួយ (អោយ)ផ្អាកការអុំទូក (គឺ)ផ្អាកតែ(ការប្រារព្ធពិធី)បុណ្យអុំទូកនៅមុខព្រះបរមរាជវាំងតែប៉ុណ្ណោះ។ ជាទម្លាប់ យើងអុំទូកនៅទីក្រុងភ្នំពេញ (ក្នុងពេលដែល)យ៉ោងហោចទឹកមាន(កម្ពស់) ៧ ទៅ ៨ ម៉ែត្រ។ ប៉ុន្តែ (កម្ពស់)ទឹកនៅទីក្រុងភ្នំពេញថ្ងៃនេះ មានត្រឹមតែ ៥,០៧ ម៉ែត្រ ស្អែកនឹងនៅសល់ ៤,៩៨ ម៉ែត្រ, ខានស្អែកនឹងនៅសល់ ៤,៩១ ម៉ែត្រ។ តាមការសួរបញ្ជាក់ទៅរដ្ឋមន្រ្តីក្រសួងធនធានទឹកថា រហូតទៅដល់ថ្ងៃដែលយើងអុំទូក ២៤-២៥-២៦ ខែ វិច្ឆិកា ទឹកអាចនៅត្រឹម ៤,២០ ម៉ែត្រ តែប៉ុណ្ណោះ។ (កម្ពស់)ទឹកបែបនេះ មិនអាច(អោយយើងរៀបចំការ)អុំ(ទូក)បានទេ។ (ហេតុនេះ)មានតម្រូវការ បញ្ជាក់ពីនាយឲ្យហើយ ព្រោះការរៀបចំបុណ្យអុំទូកម្តងៗ មិនមែនជាការងាយស្រួលទេ។ មិនមែនលំបាកសម្រាប់តែអ្នកភ្នំពេញទេ លំបាកតាំងពីនៅមូលដ្ឋានឯណោះ។ ត្រូវសាកចំណុះទូក ត្រូវរកលុយបោះ(ពុម្ពលើ)អាវ ត្រូវរកអ្នកជួយឧបត្ថម្ភ ទើបអាចមកបាន។ ឆ្នាំនេះ (កម្ពស់)ទឹកទន្លេទាបខ្លាំងណាស់ ហើយមិនមែនទាបតែស្រុកខ្មែរទេ ទាបតាំងពីស្រុកចិន ធ្លាក់មក មីយ៉ាន់ម៉ា ដែលហៅថា ភូមា មកឡាវ មកថៃ មកកម្ពុជា និងមកវៀតណាម គឺទាបដូចគ្នា …។
បង្វែរថវិកាត្រៀមសម្រាប់អុំទូក មកប្រើជាថវិកាទិញប្រេង សម្រាប់បូមទឹកវិញ
… តំបន់មាត់ទន្លេ គឺខ្វះទឹកធ្វើស្រែប្រាំង និងស្រែប្រដេញទឹក។ យើងមានតម្រូវការ ដើម្បីនឹងផ្អាកអុំទូកនៅទីក្រុងភ្នំពេញ ប៉ុន្តែតាមខេត្តនានា ដែលអាចអុំបាន ក៏នៅបន្តអុំទៅតាមលទ្ធភាពរបស់ខេត្តនីមួយៗ។ យើងមិនប្រារព្ធពិធីនេះនៅទីក្រុងភ្នំពេញទេ។ ឯពិធីអកអំបុក សំពះព្រះខែ ជាធម្មតា មិនចាំបាច់ថា ធ្វើនៅតែភ្នំពេញទេ គេធ្វើនៅតាមទីអារាម តាមផ្ទះសម្បែងរបស់គេ។ ហ្នឹងជាទំនៀមទម្លាប់។ មន្ត្រីរាជការ កម្មករ/ការនី គឺត្រូវបានឈប់សម្រាកដូចមានចែងនៅក្នុងអនុក្រិត្យដដែល។ អញ្ចឹងទេ សូមប្រជាពលដ្ឋយោគយល់។ កាលពីឆ្នាំ ២០១១ ទឹកធំពេក ពេលនោះ(កម្ពស់)ទឹកប្រមាណជា ៩ ម៉ែត្រជាង យើងក៏មិនអាចអុំបាន ព្រោះខ្លាចគ្រោះថ្នាក់។ ប្រជាពលរដ្ឋ ជាពិសេស នៅតំបន់តាមមាត់ទន្លេ និងតំបន់ខាងខេត្តកំពង់ធំ កំពង់ឆ្នាំង មួយផ្នែក គឺទឹកនៅលិចផ្ទះនៅឡើយ។ ដូច្នេះ គ្មានឱកាសមកអុំទូកទេ។ ឯឆ្នាំ ២០១៣ ក៏ទឹកធំខ្លាំងដែរ ហើយពេលបុណ្យអុំទូកស្ទើរតែទឹកនៅហូរចូលទន្លេសាបទៅទៀត។ ដល់ ២០១៥ បែរជាទឹកតូច រកទឹកអុំទូកមិនបាន។
… សង្ឃឹមថា ព្រះសង្ឃ និងប្រជាពលរដ្ឋយើង មេត្តាយោគយល់ ហើយសូមឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខិតខំបង្វែរថវិកាដែលយើងត្រៀមសម្រាប់ចំណាយបុណ្យអុំទូកនេះ មកធ្វើជាថវិកាទិញប្រេងសម្រាប់បូមទឹកវិញ។ កន្លងទៅ ក៏បានផ្តល់ថវិកាមួយចំនួនហើយ សម្រាប់បូមទឹកដើម្បីបញ្ចូលក្នុងអាង។ យើងមានតម្រូវការនូវការប្រើប្រាស់ថវិកាបន្ថែមទៀតទៅលើការបំពេញ(ចំណាយថ្លៃ)ប្រេង (សម្រាប់)បូមទឹក ដោះស្រាយ(ការដាំដុះ) ស្រូវប្រាំង និងស្រូវប្រដេញទឹក ដែលកំពុងខ្វះទឹក។ ព្រឹកមិញនេះ មានភ្លៀងមួយចំនួននៅទីនេះ។ ត្រូវប្រឹងទប់ទឹក កន្លែងណាដែលមានភ្លៀង ព្រោះអត់មានភ្លៀងមកបន្ថែមទៀតទេ(មើលទៅ) …៕