សូមក្រាបថ្វាយបង្គំ ព្រះថេរានុថេរៈ គ្រប់ព្រះអង្គ បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់!
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ បានវិលត្រឡប់ពីទស្សនកិច្ចជាផ្លូវការនៅឯសាធារណរដ្ឋបារាំង ប្រកបដោយជោគជ័យ តបតាមការអញ្ជើញពីប្រធានាធិបតី ហ្រ្វង់ស៊័រ ហូឡង់។ ពេលមកដល់ ខ្ញុំព្រះករុណាខ្ញុំ បានប្រជុំបន្ទាន់ជាមួយថ្នាក់ដឹកនាំ ដែលមានការពាក់ព័ន្ធ ទាក់ទងជាមួយនឹងព្រឹត្តិការណ៍ ដែលបានកើតឡើងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៦ ខែ តុលា កន្លងទៅនេះ។
សូមអនុញ្ញាតឲ្យ ខ្ញុំព្រះករុណាខ្ញុំ បានទូលប្រគេន និងជម្រាបជូនថា កាលពីខែ កញ្ញា ឆ្នាំ ២០១៥ កន្លងទៅ ពេលដែល ខ្ញុំព្រះករុណាខ្ញុំ បានធ្វើដំណើរទៅចូលរួមមហាសន្និបាទអង្គការសហប្រជាជាតិ និងប្រជុំកំពូលនៅអង្គការសហប្រជាជាតិ បក្សប្រឆាំងបានចាត់តាំងធ្វើបាតុកម្មនៅទីនោះ ក្នុងចំនួនមនុស្សប្រមាណ(ពី) ៤០ ទៅ ៥០ នាក់ ក្នុងពេលដែល នៅទីនោះខ្ញុំព្រះករុណាខ្ញុំ បានជួបបងប្អូនជនរួមជាតិយើង ប្រមាណជិត ៣០០ នាក់។ ជាថ្មីម្តងទៀត នៅពេលដែល ខ្ញុំព្រះករុណាខ្ញុំ បានធ្វើដំណើរទៅកាន់ប្រទេសបារាំង ក្នុងឋានៈជាភ្ញៀវផ្លូវរដ្ឋ ដែលមានការត្រួតពលតាំងពីព្រលានយន្តហោះ អមដោយម៉ូតូ ដាក់ទង់ជ័យរបស់កម្ពុជា តំណាងឲ្យពូជសាសន៍កម្ពុជា បក្សប្រឆាំងបានរៀបចំនូវការធ្វើបាតុកម្មមួយ ដែលមានមនុស្សចូលរួមប្រមាណជាជាង ១០០ នាក់ ក្នុងពេលដែល ខ្ញុំព្រះករុណាខ្ញុំ ធ្វើការជួបជុំជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរនៅទីនោះ ប្រមាណជាជិត ១០០០ នាក់។
សិទ្ធិបាតុកម្មត្រូវបានគោរព មិនថានៅក្នុងប្រទេសកម្ពុជា ឬនៅប្រទេសក្រៅនោះទេ។ ដូច្នេះ ព្រឹត្តិការណ៍ បាតុកម្មកើតឡើងនៅទីក្រុងភ្នំពេញ អាច(ជាការ)ជះឥទ្ធិពលពីចំណែកមួយ នៃបាតុកម្មជាបន្តបន្ទាប់ ដែលរៀបចំដោយបក្សប្រឆាំងនៅឯទីក្រុងញូវយ៉ក និងនៅឯប្រទេសបារាំង។ អាចថា វាជាការជះឥទ្ធិពល ឬអាចថាវាជាការគាប់ជួន ព្រោះបក្សប្រឆាំងផ្គើនម្តងហើយម្តងទៀត ដោយគ្មានគិតពីកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ជាតិនោះទេ។ ប៉ុន្តែ យ៉ាងណាក៏ដោយ សិទ្ធិបាតុកម្មត្រួវបានគោរព។ អ្វីដែលជាការមិនអាចយោគយល់ និងមិនអាចអត់អោនឲ្យបាន បើតាមរបាយការណ៍ ដែល ខ្ញុំព្រះករុណាខ្ញុំ ប្រជុំអម្បាញ់មិញ បន្ទាប់ពីបាតុកម្មនៅទីក្រុងភ្នំពេញត្រូវបានរំសាយនៅមុនម៉ោង ១១ … គឺមានឧបទ្ទវហេតុ(នាំឲ្យ)របួសអ្នកតំណាងរាស្រ្ត ២ រូប នៅក្រោយម៉ោង ១២ ថ្ងៃត្រង់ឯណោះទៅវិញ។ មានការលើកឡើងនូវប្រធានបទមួយចំនួនទាក់ទិននឹងរឿងនេះ (ដូចជា)ការជេរគ្នា ស្នេហាត្រីកោណ ការសងសឹកគ្នា យ៉ាងនេះយ៉ាងនោះ ក៏ប៉ុន្តែ ខ្ញុំព្រះករុណាខ្ញុំ ចាត់ទុកថា ទោះបី(ជា)រឿងអ្វីក៏ដោយ មិនត្រូវឲ្យមានអំពើហិង្សាកើតឡើងជាដាច់ខាត មិនត្រឹមតែប៉ះពាល់លើរូបរាងកាយអ្នកតំណាងរាស្រ្ត ដែលមានអភ័យឯកសិទ្ធិទេ បើទោះបីជាប្រជាពលរដ្ឋធម្មតា ក៏មិនត្រូវទទួលផលប៉ះពាល់ណាមួយ ចេញមកពីអំពើហិង្សានោះដែរ។
តាំងពីនៅទីក្រុងប៉ារីស ខ្ញុំព្រះករុណាខ្ញុំ ក៏បានចេញបទបញ្ជាខ្លះៗ តែថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ប្រកាសជាផ្លូវការ សូមឲ្យសមត្ថកិច្ចតាមចាប់ខ្លួន(ជន)ដៃដល់ ដែលប្រព្រឹត្តហិង្សាលើអ្នកតំណាងរាស្រ្តទាំង ២ រូប។ យើងមិនអាចយោគយល់ និងអត់អោនឲ្យចំពោះអ្នកប្រព្រឹត្ត បើទោះបីអ្នកនោះជាអ្នកណាក៏ដោយ ទាំងអ្នកគាំទ្រគណបក្សប្រជាជន គាំទ្ររាជរដ្ឋាភិបាល គាំទ្របក្សប្រឆាំង ឬអ្នកណាក៏ដោយ ដែលប្រព្រឹត្តនូវអំពើដ៏ថោកទាបនេះ ត្រូវតែចាប់យកមកផ្តន្ទាទោសឲ្យខានតែបាន។
ជាមួយគ្នានេះ ខ្ញុំព្រះករុណាខ្ញុំក៏បានដឹងថា សម្តេចប្រធានរដ្ឋសភា ហេង សំរិន បានផ្តល់ប្រាក់ក្នុងម្នាក់ ១ ម៉ឺនដុល្លារសហរដ្ឋអាមេរិក សម្រាប់ការព្យាបាល ចំពោះឯកឧត្តម អ្នកតំណាងរាស្ត្រ ២ រូប សរុប ២ ម៉ឺន ដុល្លារសហរដ្ឋអាមេរិក។ ខ្ញុំព្រះករុណាខ្ញុំ នៅតែបន្តនូវការស្នើសុំចំពោះរដ្ឋសភាជាតិ សុំឲ្យមានការទទួល ខុសត្រូវក្នុងការព្យាបាលសម្រាប់អ្នកទាំងនេះ កុំថា ១ ម៉ឺនដុល្លារ (ទោះ)ច្រើនជាងនេះ ក៏ត្រូវតែធ្វើការព្យាបាល។ ការខូចខាតចំពោះរថយន្ត ក៏ត្រូវតែសុំសំណូមពរដល់រដ្ឋសភាផ្តល់នូវថវិកា សម្រាប់ការជួសជុល ដើម្បីឲ្យរថយន្តនេះប្រើប្រាស់បានឡើងវិញ។ ប្រទេសរបស់យើង គឺជាប្រទេសប្រជាធិបតេយ្យ និងនីតិរដ្ឋ ប៉ុន្តែបាតុកម្មមិនត្រូវឲ្យមានអំពើហឹង្សាណាមួយកើតឡើងទេ មិនថាចំពោះតែអ្នកតំណាងរាស្ត្រទេ សូម្បីតែប្រជាពលរដ្ឋក៏មិនត្រូវទទួលរងនូវអំពើហិង្សាបែបនេះដែរ។
អ្វីដែលគួរឲ្យចម្លែក គឺនៅត្រង់ថា នៅទីនោះ បាតុករបានរំសាយមុនម៉ោង ១១ ហើយឧបទ្ទវហេតុបានកើត ក្រោយម៉ោង ១២ និងពុំមានហ្វូងបាតុករទេ។ តើមនុស្សនេះចេញពីណា? ខ្ញុំព្រះករុណាខ្ញុំ បានបញ្ជាដល់ កម្លាំងថ្ងៃនេះ បើទោះបីជាចេញពីណាក៏ដោយ ក៏ត្រូវតាមរកចាប់ខ្លួនចំពោះអ្នកទាំងនេះឲ្យខានតែបាន ដើម្បីផ្តន្ទាទោសទៅតាមច្បាប់។ ខ្ញុំព្រះករុណាខ្ញុំ សូមអំពាវនាវចំពោះអ្នកជាប់ពាក់ព័ន្ធទាំងអស់ ក្នុងនោះមានទាំងអ្នកបើកបររថយន្តសាម៉ីខ្លួនអ្នកតំណាងរាស្ត្រផ្ទាល់ និងអ្នកថតវីដេអូ ថតរូប ដែលបង្ហោះតាមហ្វេសប៊ុកទាំងឡាយ សូមធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីស្វែងរកចាប់ខ្លួនជនដៃដល់ ដោយសូមមេត្តាផ្តល់រូបភាពទាំងនោះមកឲ្យសមត្ថកិច្ច ដើម្បីសមត្ថកិច្ចអាចងាយរកឃើញអត្តសញ្ញាណនៃអ្នកប្រព្រឹត្តបទល្មើស។ បើគ្មានការសហការពីជនរងគ្រោះផ្តល់នូវព័ត៌មាន (អំពី)ហេតុការណ៍ដែលបានកើតឡើង យើងពិតជាមានការលំបាកនៅក្នុងការស្វែងរក។ ដូច្នេះ ខ្ញុំព្រះករុណាខ្ញុំ សង្ឃឹមថា អ្នកជាប់ពាក់ព័ន្ធទាំងអស់ រាប់ទាំងជនរងគ្រោះ គឺឯកឧត្តមអ្នកតំណាងរាស្ត្រទាំង ២ រូប នឹងផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងពេញលេញ ជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ច បងប្អូនជនរួមជាតិដែលថតរូបបាន គឺផ្តល់នូវរូបភាពទាំងនោះ ដើម្បីឲ្យយើងចាត់វិធានការតាមផ្លូវច្បាប់ ដោយគ្មានការលើកលែង និងគ្មានការរើសអើង។ កម្ពុជាមានស្តង់ដាតែមួយទេ អ្នកប្រព្រឹត្តកំហុសត្រូវទទួលផ្តន្ទាទោសតាមច្បាប់។
សង្ឃឹមថា នឹងមានកិច្ចសហប្រតិបត្តិការដ៏ល្អ ហើយអំពាវនាវឲ្យប្រជាពលរដ្ឋស្ងប់ស្ងាត់ ការរកទទួលទាននៅតែបន្តធ្វើ។ ជារឿងគួរឲ្យសោកស្តាយ ដែលវាបានកើតឡើង។ ការប្រើប្រាស់សិទ្ធិ បានប្រើប្រាស់រួចទៅហើយ ក៏ប៉ុន្តែរឿងរ៉ាវបានកើតក្រោយពេលការប្រើប្រាស់សិទ្ធិ។ ជារឿងដ៏ចម្លែក។ ប៉ុន្តែទោះជាចម្លែក ឬមិនចម្លែក បញ្ហាធំជាងគេ គឺចាប់មនុស្សឲ្យបាន ហើយកាត់ទោសអ្នកទាំងនេះ ហើយសូមអំពាវនាវអ្នកដែលបានប្រព្រឹត្តនូវអំពើទាំងនេះ បើសិនជាចេញសារភាព គឺជាការល្អបំផុត ដើម្បីទទួលខុសត្រូវចំពោះមុខច្បាប់។ ខ្ញុំព្រះករុណាខ្ញុំ សង្ឃឹមថា នឹងមានកិច្ចសហប្រតិបត្តិការយ៉ាងពេញលេញ ហើយសង្ឃឹមទៅលើអាជ្ញាធរមានសមត្ថកិច្ច ពិសេសកម្លាំងប្រដាប់អាវុធ មាននគរបាល ក៏ដូចជា មន្ត្រីយុត្តិធម៌ទាំងឡាយ (សូមចូលរួម)ធ្វើកិច្ចការដ៏ល្អ។ សូមអំពាវនាវចំពោះអ្នកដែលបានដឹងរឿងរ៉ាវទាំងឡាយ ផ្តល់ព័ត៌មានដល់សមត្ថកិច្ច ដើម្បីនាំទៅដល់ការចាប់ខ្លួនអ្នកប្រព្រឹត្តល្មើសនេះ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕
សូមអរព្រះគុណ។ សូមអរគុណ។