ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិ!
ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកជួបជាមួយនឹងបងប្អូនទាំងអស់ ដែលបានធ្វើដំណើរពីចម្ងាយក្តី និងនៅជិតនេះក្តី ដើម្បីមកជួបជុំសំណេះសំណាលនៅថ្ងៃអាទិត្យនេះ។ ថ្ងៃអាទិត្យគឺជាថ្ងៃសម្រាក។ ខ្ញុំពិតជាមានការអរគុណណាស់ជាមួយនឹងការចូលរួមសំណេះសំណាល ដែលក្នុងឋានៈជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំបានមកកាន់ទីនេះ ដើម្បីធ្វើទស្សនកិច្ចផ្លូវការ តាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ហ្រ៊្វង់ ស្វ័រហូឡង់។ ខ្ញុំគិតថា ប្រសិនបើអ្នកទស្សនានៅខាងក្រៅទីនេះ អាចបើកនូវទំព័រហ្វេសប៊ុក ដែលកំពុងផ្សាយបន្តផ្ទាល់ចេញពីទីនេះតែម្តង។ បើយើងចង់ផ្សាយបន្តផ្ទាល់ទៅក្នុងប្រទេស តាមរយៈប្រព័ន្ធទូរទស្សន៍ក៏បាន ដូចដែលធ្លាប់ធ្វើពីអង្គការសហប្រជាជាតិទៅភ្នំពេញ។ ក៏ប៉ុន្តែ ដោយសារតែថ្ងៃនេះ ម៉ោងក៏មានការខុសគ្នាច្រើន រួមជាមួយនឹងថ្ងៃអាទិត្យ ជាទូទៅគឺការងារទូរទស្សន៍របស់យើង ១៧ ប៉ុស្តិ៍ នៅក្នុងប្រទេសកម្ពុជាត្រូវធ្វើការផ្សាយបន្តផ្ទាល់ប្រដាល់ក៏មានស្អីក៏មាន។ ឥឡូវហ្នឹង ហង្សមាសកំពុងតែ Cambodia Idol វគ្គជម្រុះ (ដែល)ខ្ញុំបានបោះឆ្នោតមុនពេលមកនឹងគេដែរ …។
ប្រពៃណីខ្មែរ លើកតម្កើងស្រ្តី
ឥឡូវនេះ ជាមួយនឹងការរីករាយដែលបានមកជួបគ្នានៅទីនេះ ខ្ញុំចង់សួរ បងៗ ជាសុភាពបុរស ឬក៏ពូ ឬក៏ប្អូន ឬក៏ក្មួយ ដែលមានប្រពន្ធរួចហើយ មានប៉ុន្មាននាក់ដែលមិនខ្លាចប្រពន្ធ? ពេលដែលយើងនៅស្រុកបារាំងហើយនេះ។ ខ្ញុំគិតថា គ្មាននរណាហ៊ានលើកដៃថាខ្ញុំមិនខ្លាចប្រពន្ធនោះទេ។ នេះជាចំណុចពិសេសរបស់ខ្មែរយើង ដែលចាត់ទុកស្រ្តីគឺជាមេផ្ទះ ស្រ្តីត្រូវបានលើកតម្កើងនៅក្នុងប្រទេសរបស់យើង ទោះបីថា ប៉ុន្មានឆ្នាំកន្លងទៅនេះ បានប្រឹងប្រែងដែលហៅថា បញ្ហាយ៉េនឌ័រ ក៏ដោយ។ ខ្ញុំនៅតែមានមោទនភាពថា ខ្មែរទៅដល់ទីណាក៏ដោយ នៅតែរក្សាប្រពៃណីជាតិខ្មែរ។ បើប្រៀបធៀបជាមួយនឹងជាតិសាសន៍ដទៃ ការលើកតម្កើងស្ត្រីមិនមែនជាបញ្ហាថ្មីថ្មោងរបស់ប្រជាជនកម្ពុជានោះទេ។
សិទ្ធិធ្វើបាតុកម្ម នរណាក៏មាន
ពិតហើយ ថ្ងៃនេះ បងប្អូននៅខាងក្រៅមួយចំនួនកំពុងធ្វើបាតុកម្ម។ ខ្ញុំមិនចង់យកឱកាសនេះធ្វើការវាយប្រហារ ឬក៏និយាយអំពីបញ្ហាអាស្រូវរបស់ខ្មែរ ដែលទាស់គ្នាមិនឆ្អែតមិនឆ្អន់ ហើយនិយាយដើមគ្នានៅក្រៅប្រទេសនោះទេ។ ខ្ញុំមិនដឹងថា ប្រធានបក្សប្រឆាំងបានទៅនិយាយនៅញូយ៉កអ្វីខ្លះ(ទេ) ហើយឥឡូវមានបាតុកម្ម។ ខ្ញុំគ្រាន់តែជម្រាបថា សិទ្ធិនយោបាយអ្នកណាក៏មាន នៅពេលដែលទីនេះធ្វើបាតុកម្ម ខ្ញុំក៏បានទទួលនូវសារពីទីក្រុងភ្នំពេញ(ថា) ស្អែកនេះសុំធ្វើបាតុកម្មដែរ។ ឥឡូវ ឲ្យខ្ញុំដោះស្រាយរឿងនេះយ៉ាងម៉េច? ស្អែកនេះ នឹងមានបាតុកម្មនៅទីក្រុងភ្នំពេញដើម្បីប្រឆាំងបក្សប្រឆាំង និងដើម្បីដកអនុប្រធានសភា ដែលចេញមកពីបក្សប្រឆាំង ព្រោះគេឡើងតាមសន្លឹកឆ្នោតរបស់គណបក្សប្រជាជន ដូច្នេះ គេក៏ត្រូវចុះទៅវិញ តាមសន្លឹកឆ្នោតរបស់គណបក្សប្រជាជនដែរ។ ខ្ញុំគោរពសិទ្ធិនៃអ្នកដែលចង់ធ្វើបាតុកម្ម។ អញ្ចឹងទេ បងប្អូននៅទីនេះជាសាក្សីស្រាប់។ ថ្ងៃស្អែកនៅទីក្រុងភ្នំពេញគេនឹងធ្វើបាតុកម្ម។ នៅញូយ៉ក បាតុកម្មប្រហែលជា ៣០(ទៅ)៥០ នាក់ តែនៅទីនេះ ប្រហែលជាជាង ១០០ នាក់។ យើងជួបគ្នានៅទីនេះ ប្រមាណជា ៧០០-៨០០ នាក់។ ខ្ញុំមិនសំណូមពរឲ្យបងប្អូននៅទីនេះ ចេញធ្វើបាតុកម្មប្រឆាំងបាតុកម្មទេ ខ្ញុំចង់រក្សាភាពថ្លៃថ្នូរ និងកិត្តិយសរបស់ខ្មែរ (តែ)សិទ្ធិបាតុកម្មគឺមានដូចគ្នា។ ធម្មតា(ទេ នៅបារាំង)ឥឡូវមានអ្នកគាំទ្រ ហ្រ្វង់ ស្វ័រហូឡង់ នៅសល់កម្រិតមួយ មានអ្នកគាំទ្រ Le Pen មានអ្នកគាំទ្រ សាកូហ្ស៊ី ដែលកំពុងឡើង។ មិនអញ្ចឹង? ព្រោះធម្មតា យើងក៏ដឹងដែរអំពីសភាពការណ៍នៅបារាំងវាយ៉ាងម៉េច។
ការជួបជុំគ្នានេះ បើសិនជាទុកឲ្យខ្ញុំនិយាយ, និយាយ ២០ ឬ ១០០ ម៉ោង ក៏វាមិនទាន់អស់ដែរ រឿងខ្មែរនោះ។ ក៏ប៉ុន្តែ ខ្ញុំគួរតែផ្តោតការយកចិត្តទុកដាក់ទៅលើបញ្ហាខ្លះ ដើម្បីជម្រាបជូនបងប្អូន ដែលបានមកជួបជុំគ្នានៅទីនេះ។ ប៉ុន្តែ ខ្ញុំគិតថា រឿងទាំងអស់នេះមិនមែនជារឿងអាថ៌កំបាំងសម្រាប់បងប្អូន ទោះបីថាកំពុងនៅបារាំងនេះ ប៉ុន្តែ ក៏មានមួយចំនួនបានធ្វើដំណើរត្រឡប់ទៅប្រទេសកម្ពុជាហើយ។ ខ្លះទើបនឹងមកពីលេងបុណ្យភ្ជុំ មួយចំនួនទៀតក៏បានទទួលព័ត៌មានពីបងប្អូននៅក្នុងស្រុក ដែលព័ត៌មានទាំងនោះ ក៏មានព័ត៌មានដែលផ្តល់មកត្រឹមត្រូវ តាមរយៈការវិភាគត្រឹមត្រូវ និងព័ត៌មានខ្លះក៏ទៅតាមរយៈការវិភាគមិនត្រឹមត្រូវ។ បច្ចុប្បន្ននេះ មិនមានអ្វីជាអាថ៌កំបាំងទេ គេអាចផ្ញើសារឲ្យគ្នាភ្ជាប់ជាមួយនឹងរូបភាពតែម្តង។ អម្បាញ់មិញ ខ្ញុំក្រឡេកទៅឃើញថា ប្រពន្ធខ្ញុំ គេវាយមកខ្ញុំ មិនដឹងថា វាយពីអីទេ ព្រោះខ្ញុំបង្កើតជា Group មួយ ត្រកូល ហ៊ុន មានទាំងឪពុក ម្តាយ មានទាំងខ្ញុំ មានទាំងកូន ទាំងចៅ ជាមួយគ្នា …។
របបនៅកម្ពុជាមិនមែនផ្តាច់ការ
… ការធ្វើបាតុកម្ម ឬការធ្វើស្អីៗ វាជាសិទ្ធិនយោបាយ។ នេះបង្ហាញឲ្យឃើញអំពីសេរីភាពដែលបានកើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ យើងលើកជាសំណួរមួយថា កាលពីសម័យមុនៗនោះ តើធ្វើបាតុកម្មបានរបៀបហ្នឹងទេ? ជំនាន់ ប៉ុល ពត នាំគ្នាធ្វើបាតុកម្មបានទេ? (ពេលនេះ)មានសេរីភាពធ្វើបាតុកម្ម មានន័យថា របបនេះមិនមែនផ្តាច់ការ។ (មាន)បក្សនយោបាយច្រើនណាស់នៅកម្ពុជា ច្រើនលើសចំនួនប្រជាពលរដ្ឋទៅទៀត តាមគិតជាសមាមាត្រ។ កាលពីពេលមួយនោះ នៅកម្ពុជាមានដល់ ៥៨ គណបក្សនយោបាយ ក្នុងពេលដែលប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោត មានត្រឹមតែជិត ៦ លាននាក់។ យើងគិតទៅចំនួនប្រជាពលរដ្ឋ ១០ ម៉ឺននាក់ ស្មើនឹងបក្សនយោបាយមួយ។ ប៉ុន្តែ ដោយសារបក្សនយោបាយមួយចំនួន គ្មានលទ្ធភាពនឹងធ្វើសកម្មភាពតទៅទៀត ក៏ចេះតែថយចុះ ក្នុងពេលដែលចំនួនប្រជាពលរដ្ឋកើនឡើង។
… គ្រាន់តែក្នុងរយៈពេលប្រហែលជា ៣ ខែ ចុងក្រោយនេះ គណបក្សនយោបាយថ្មីៗបានកើតឡើង មួយចំនួន កំពុងធ្វើសកម្មភាពនៅក្នុងប្រទេសកម្ពុជា។ បើអង្គការក្រៅរដ្ឋាភិបាលវិញ កម្ពុជា(គឺជា)ឋានសួគ៌លោកិយ នៃអង្គការក្រៅរដ្ឋាភិបាលតែម្តង។ ប្រទេសនានារាប់ទាំងប្រទេសបារាំងផងដែរ សុទ្ធតែមានច្បាប់គ្រប់គ្រងអង្គការក្រៅរដ្ឋាភិបាល ប៉ុន្តែ ហេតុអ្វីទៅបានជាកម្ពុជា នៅពេលដែលធ្វើច្បាប់គ្រប់គ្រងអង្គការក្រៅរដ្ឋាភិបាល ត្រូវបានជំទាស់ដោយមនុស្សខ្លះ។ កាលពីពេលនោះ បក្សប្រឆាំងគឺជាអ្នកស្នើសុំធ្វើសេចក្តីស្នើច្បាប់គ្រប់គ្រងអង្គការក្រៅរដ្ឋាភិបាល (ដោយ)ពេលនោះ ក្នុងឋានៈជាបក្សដែលមានសម្លេងភាគច្រើន ខ្ញុំបានប្រាប់ពួកគេថា មិនទាន់ដល់ពេលដើម្បីធ្វើទេ។ ពេលនោះគឺផ្តើមចេញពីព្រឹទ្ធសភា បក្សប្រឆាំងនៅក្នុងព្រឹទ្ធសភា គឺសុំធ្វើសេចក្តីស្នើច្បាប់ អំពីការគ្រប់គ្រងអង្គការក្រៅរដ្ឋាភិបាល។ នៅលើលោកនេះ អ្វីក៏ដោយ បើវាកើតឡើង វាត្រូវមានច្បាប់គ្រប់គ្រងរបស់វា។
វិបត្តិសេដ្ឋកិច្ចសកលមានប្រភពពីអាមេរិក ជះផលប៉ះពាល់ដល់អឺរ៉ុប/ក្រិច ព្រមទាំងកម្ពុជា
ឥឡូវនេះ ខ្ញុំចង់ជម្រាបជូនពីសភាពការណ៍សេដ្ឋកិច្ចរបស់កម្ពុជាបន្តិច។ ប្រហែលជាបងប្អូននៅទីនេះ បានដឹងហើយថា ទ្វីបអឺរ៉ុបយ៉ាងម៉េច។ វិបត្តិក្រិច មិនមែនគ្រាន់តែជាបញ្ហាក្រិចដោយឡែកទេ។ វិបត្តិសេដ្ឋកិច្ច ហិរញ្ញវត្ថុសកល បានកើតឡើងនៅក្នុងទ្វីបអឺរ៉ុប។ មិនមែនក្រិចចាប់ផ្តើមមុនគេទេ។ មានប្រទេសក្រៅពីក្រិចផងដែរ ដូចជាអេស្ប៉ាញ ព័រទុយហ្កាល់(ជាដើម) ប៉ុន្តែ ប្រទេសទាំងនោះ ជាប្រទេសដែលខិតខំធ្វើកំណែទម្រង់។ ចូលរួមប្រជុំ G20 (ឬ)ប្រទេសអ្នកមានទាំង ២០ ក្នុងនាមជាប្រធានអាស៊ាន នៅពេលទទួលទានអាហារការងារ … ខ្ញុំអង្គុយជាប់ជាមួយនឹងនាយករដ្ឋមន្រ្តីអេស្ប៉ាញ … ខ្ញុំបានសួរនាយករដ្ឋមន្រ្តីអេស្ប៉ាញថា តើវាមានការលំបាកទេ នៅពេលដែលប្រទេសឯកឧត្តមតម្លើងពន្ធ ហើយទម្លាក់ប្រាក់ខែនោះ? គាត់ថាលំបាក ប៉ុន្តែ អត់មានជម្រើសក្រៅពីហ្នឹង។ ប្រទេសនៅអឺរ៉ុបនេះ ទទួលរងផលប៉ះពាល់ពីវិបត្តិសេដ្ឋកិច្ចរបស់អាមេរិកមុនគេ ដែលចាប់ផ្តើមពីវិបត្តិអចលនទ្រព្យ។ អញ្ចឹងពីឆ្នាំ ២០០៨ រហូតមកដល់ពេលនេះ សេដ្ឋកិច្ចអាមេរិក និងអឺរ៉ុប មិនទាន់ងើបឡើងវិញដូចដើមទេ។ វិបត្តិនេះវានាំទៅដល់ផលប៉ះពាល់ដល់សេដ្ឋកិច្ចយើងផងដែរ។
ខ្ញុំសូមជម្រាបជូនថា ក្នុងរយៈពេល ២០ ឆ្នាំ ជាប់គ្នា កំណើនសេដ្ឋកិច្ចរបស់កម្ពុជា គិតជាមធ្យម ជាង ៧,៧% គិតមួយទសវត្សរ៍ចុងក្រោយ គឺ ១០ ឆ្នាំ (មាន) ៨,៨%។ ប៉ុន្តែ ខ្ញុំសូមជម្រាបថា ពីឆ្នាំ ២០០៥ ទល់ឆ្នាំ ២០០៧ កម្ពុជាធ្វើឲ្យមានកំណើនសេដ្ឋកិច្ច ២ ខ្ទង់។ ឆ្នាំដែលខ្ពស់ជាងគេ គឺឆ្នាំ ២០០៥ គឺ ១៣,៣% ដូច្នេះហើយបានជាយើងស្ថិតនៅ(លំដាប់)ប្រទេស ៨ ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងពេលប្រជុំសហសវត្សរ៍ កន្លងទៅ។ ជាអកុសល បងប្អូននៅទីនេះបានដឹងហើយថា ឆ្នាំ ២០០៨ ជាឆ្នាំដែលសេដ្ឋកិច្ចសកលធ្លាក់ចុះ, ២០០៥ មាន ១៣,៣%, ២០០៦ ប្រមាណជាង ១២%, ២០០៧ ជាង ១១%, ប៉ុន្តែ ២០០៨ យើងធ្លាក់មកនៅត្រឹម ៦,៨% ដល់ទៅ ២០០៩ សេដ្ឋកិច្ចរបស់យើងបានមកនៅ ០,១%។ ហេតុអ្វីបានធ្លាក់ដូច្នេះ? កត្តាធំជាងគេ គឺកត្តាវិបត្តិសេដ្ឋកិច្ចសកលហ្នឹងតែម្តង។ តើយើងនាំទំនិញទៅណា? ទំនិញរបស់យើងគឺនាំទៅអាមេរិក និងអឺរ៉ុប។ អ្នកបញ្ជាទិញអត់មានលុយ។ បើសេដ្ឋកិច្ចធ្លាក់ ពីដើមធ្លាប់មួយឆ្នាំស្លៀកពាក់ខោអាវ ៣ កំប្លេ ប៉ុន្តែ ដល់ទៅអត់លុយ ក៏បញ្ជាទិញត្រឹមតែ ១ កំប្លេ។ ដូច្នេះ យើងត្រូវបិទរោងចក្រមួយចំនួន ហើយយើងត្រូវតែដោះស្រាយចំពោះកម្មកររបស់យើង ដែលបានបាត់បង់ការងារធ្វើ ដោយសារការបិទរោងចក្រ។ កុំថាឡើយចំណូល អ្នកអឺរ៉ុបនេះ ខ្ញុំមិនដឹងថាតើអ្នកនៅស្រុកបារាំងបានសិក្សានូវប្រទេសអេស្ប៉ាញ ដែលនៅជាប់នឹងប្រទេសបារាំងដែរឬអត់ទេ ក៏ប៉ុន្តែ សម្រាប់អ្នកនៅទីក្រុងភ្នំពេញ នៅកម្ពុជា គេបានធ្វើការសិក្សា រាប់ទាំងខ្លួនខ្ញុំដែរ។ ពេលនោះ គេផ្តល់នូវការសិក្សាមួយ សូម្បីតែនារីរកស៊ីផ្លូវភេទ ក៏ចំណូលធ្លាក់ចុះដែរ ដោយសារមនុស្សប្រុសអត់មានលុយ …។
សេដ្ឋកិច្ចកម្ពុជាធ្លាក់ចុះ បណ្តាលពីគ្រោះធម្មជាតិ និងការឈ្លានពានរបស់ថៃ
… សេដ្ឋកិច្ចកម្ពុជាបច្ចប្បន្ន មិនមែនជាសេដ្ឋកិច្ចបែរមុខចូលក្នុងទេ គឺបែរមុខចេញក្រៅ។ អ្វីទៅដែលហៅថា សេដ្ឋកិច្ចបែរមុខចេញក្រៅ? គឺសេដ្ឋកិច្ចសំដៅផលិតសម្រាប់បម្រើការនាំចេញ។ ទំហំនៃការនាំចេញរបស់កម្ពុជា ទៅអាមេរិក និងអឺរ៉ុប ឥឡូវពង្រីកកាន់តែធំទៅៗ។ អញ្ចឹងទេ បើសិនជាទីផ្សារនៅខាងក្រៅជួបការលំបាក យើងក៏មានការលំបាកដែរ។ បញ្ហាមួយទៀត បងប្អូនដឹងហើយ នៅពេលនោះ យើងបានទទួលការឈ្លានពានពីថៃ ទៅលើប្រាសាទព្រះវិហារ (ដែល)តម្រូវឲ្យយើងមានការចំណាយ(ច្រើន)ក្នុងមួយពេល។ ភាសាសាមញ្ញថា បង្កើនការចំណាយដើម្បីជម្រុញកំណើន ខុសប្លែកពីនយោបាយនៃប្រទេសខ្លះនៅអឺរ៉ុប ដែលថាកាត់បន្ថយការចំណាយ។ យើងបង្កើនការចំណាយ ដើម្បីជម្រុញកំណើន។ ហើយនយោបាយនេះ ជានយោបាយរបស់ប្រធានាធិបតី (ហ្រ្វង់ស្វ័រ) ហូឡង់ នៅពេលដែលចាប់ផ្តើមឃោសនា។ នៅចាំបានទេ?
ឆ្នាំ ២០០៩ យើងជាមួយថៃមានបញ្ហា។ ២០០៨ មុនពេលបោះឆ្នោតតែប៉ុន្មានថ្ងៃ (ថៃ)លើកទ័ពចូល … ឆ្នាំ ២០០៩ ក៏ជាឆ្នាំរងគ្រោះដោយសារគ្រោះទឹកជំនន់ និងព្យុះកេតសាណា ដែលតម្រូវឲ្យយើងជម្រុញការសង្គ្រោះប្រជាពលរដ្ឋដែលទទួលផលប៉ះពាល់ … ស្ទើរពាក់កណ្តាលប្រទេស។ អញ្ចឹងទេ បានជាឆ្នាំ ២០០៩ ជាឆ្នាំដែលសេដ្ឋកិច្ចរបស់យើងធ្លាក់នៅ ០,១% ក្នុងពេលដែលប្រទេសនានា(ក៏មានកំណើនសេដ្ឋកិច្ចត្រឹម) -១ ឬ -២%។ (កំណើនសេដ្ឋកិច្ច)យើង(ស្ថិតក្នុងកម្រិត)វិជ្ជមាន។ ឆ្នាំ ២០១០ (កំណើនសេដ្ឋកិច្ចកម្ពុជា)បានងើបឡើងជាង ៦%, ឆ្នាំ ២០១១, ២០១២, ២០១៣ និង ២០១៤ គឺងើប ៧%។ ឆ្នាំនេះ យើងមិនមែនព្យាករណ៍ខ្លួនឯងទេ តែទាំង World Bank ទាំង IMF និងទាំងធនាគារអភិវឌ្ឍន៍អាស៊ី បង្ហាញនូវការព្យាករណ៍ពីដើមឆ្នាំ ៧,២% នៅឆ្នាំនេះ និង ៧,៤% នៅឆ្នាំក្រោយ។ ប៉ុន្តែ ដោយសារសេដ្ឋកិច្ចអាមេរិក និងសេដ្ឋកិច្ចអឺរ៉ុប នៅតែមិនទាន់ល្អប្រសើរ រួមទាំងការថយចុះនៃសេដ្ឋកិច្ចរបស់ចិន និងឥណ្ឌា ដែលជាសេដ្ឋកិច្ចធំ កំណើនសេដ្ឋកិច្ចរបស់យើងអាចថមថយជាងការព្យាករណ៍ពីដើមឆ្នាំ។ ឆ្នាំនេះទៀតសោត យើងជួបប្រទះនឹងបាតុភូតធម្មជាតិ មិនមែនតែកម្ពុជាទេ គឺតាំងពីភាគខាងត្បូងប្រទេសចិន មីយ៉ាន់ម៉ា ឡាវ ថៃ វៀតណាម និងកម្ពុជារបស់យើង សុទ្ធតែទទួលរងផលប៉ះពាល់អំពីការខ្វះទឹកភ្លៀងនៅដើមរដូវ។ ទន្លេមេគង្គ ចាប់តាំងពីទន្លេឡានឆាង របស់ចិន រហូតមកទល់សមុទ្រដែលឆ្លងកាត់ចិន ដល់មីយ៉ាន់ម៉ា ដែលហៅថាភូមានោះ ឡាវ ថៃ ចុះមកកម្ពុជា និងវៀតណាម ចុះដល់សមុទ្រ ទឹកទន្លេមេគង្គទាបជាងឆ្នាំណាទាំងអស់ ក្នុងរង្វង់ ៥០ ឆ្នាំ។
កត្តាអត្តនោម័ត និងសត្យានុម័ត ធ្វើអោយគោលដៅនាំចេញអង្ករ មិនអាចសម្រេចបាន
ប៉ុន្តែ ល្អនៅត្រង់ថា បន្ទាប់ពីការរាំងមួយរយៈកាល ភ្លៀងបានធ្លាក់រាយប៉ាយនៅទូទាំងប្រទេស ដែលផលិតផលស្រូវរបស់យើងឆ្នាំនេះ (ត្រូវបាន)ប៉ាន់ប្រមាណថា អាចសល់ប្រមាណជាង ៥ លាន តោន។ នេះជាឆ្នាំចុងក្រោយ ដែលយើងកំណត់ថា ឆ្នាំត្រូវនាំចេញឲ្យបាន ១ លានតោន តាមគោលដៅ។ តែមិនអាចទៅរួចទេ ខ្ញុំសូមនិយាយតាមត្រង់។ មានកត្តាអត្តនោម័ត និងកត្តាសត្យានុម័ត (សម្រាប់)ប្រទេសមួយដែលខ្វះស្បៀង (ហើយដែលក្លាយ)ទៅជាប្រទេសមួយដែលនាំស្បៀងចេញ។ ដោយសារការប្រឹងប្រែងនៅក្នុងការធ្វើកសិកម្មនេះ … ធ្វើឲ្យកម្ពុជាមានមាស តែខ្វះក្រដាសខ្ចប់។ ប្រទេសរបស់យើងសល់ស្រូវជាង ៥ លានតោន បើគិតជាអង្ករ គឺជាង ៣ លានតោន។ ប៉ុន្តែ យើងនាំចេញដោយខ្លួនឯងមិនទាន់ដល់កន្លះលានតោនទេ។ មូលហេតុអត្តនោម័តនៅត្រង់ថា ម៉ាស៊ីនកិនស្រូវ ឡសម្ងួត ឃ្លាំង និងប្រាក់ទិញ នៅខ្វះខាត។ ឥឡូវហ្នឹង ចំនួនរោងចក្រកែច្នៃដែលបានវិនិយោគអាចនឹងកែច្នៃបាន ៣ លានតោនកន្លះ ប៉ុន្តែ នៅតែប្រឈមនឹងបញ្ហាឃ្លាំងស្តុក ការថែទាំ ជាពិសេសប្រាក់ទិញស្រូវនៃក្រុមហ៊ុននាំចេញអង្ករ។
ឥឡូវ(កម្ពុជា)នាំ(អង្ករ)ចេញច្រើន។ នាំមកបារាំងនេះ ជាប់លេខមួយ។ ពីមុន ប៉ូឡូញ ជាប់លេខមួយ ឥឡូវបារាំងលេខមួយ។ ប៉ូឡូញលេខពីរវិញ។ ដែលហៅថាអង្ករនាំចេញ មិនមែនគ្រាន់តែកិន ហើយច្រកបាវនាំចេញនោះទេ។ ត្រូវឲ្យមានគ្រប់ស្តង់ដារ។ ពួកអឺរ៉ុបនេះ អត់ទិញទេអង្ករ ឬស្រូវណាដែលប្រើជាតិគីមីច្រើន។ អញ្ចឹងបានជាយើងប្រឹងរុញកសិករយើងឲ្យធ្វើកសិកម្មសរីរាង្គ ដោយមិនប្រើជាតិគីមី។ អង្ករយើងជាប់លេខមួយ ៣ ឆ្នាំជាប់គ្នា។ យើងបានដោះស្រាយជាបណ្តើរៗ។ ឥឡូវនេះ តាមស្ថិតិ ចំនួនអ្នកវិនិយោគទៅលើម៉ាស៊ីនកិនស្រូវ និងបណ្តាញទិញ អាចមានសមត្ថភាពនៅឆ្នាំក្រោយនេះ ៣ លាន ៥ សែនតោន ជាអង្ករ។ កន្លងទៅ យើងមានការខាតបង់ ដោយសារយើងមិនមានលទ្ធភាពខ្លួនឯង។ ក្រៅពីការនាំចេញដោយខ្លួនឯង គឺយើងត្រូវនាំចេញស្រូវតែម្តងទៅវៀតណាម ប្រមាណ ៧០% ទៅថៃ ប្រមាណ ៣០% …។
ឥឡូវនិយាយបញ្ហាកត្តាសត្យានុម័តគឺស្អី? ប្រទេសកំពុងអភិវឌ្ឍន៍ មានទំនិញដូចៗគ្នា ដែលប្រកួតប្រជែងទាំង គ្នាឯង។ ក្នុងពេលអនុប្រធានាធិបតីឥណ្ឌាទស្សនកិច្ចនៅប្រទេសកម្ពុជាកន្លងទៅនេះ ខ្ញុំបានលើកឡើងពីរឿងហ្នឹង គាត់ថា នេះជាបញ្ហាប្រឈម ព្រោះការពិតប្រទេសកំពុងអភិវឌ្ឍន៍មានទំនិញដូចៗគ្នា ហើយដណ្តើមទីផ្សារតែជាមួយគ្នាឯងហ្នឹង។ ឥឡូវយើងមើល កម្ពុជាក៏មានអង្ករនាំចេញ ថៃគេមានច្រើនជាងយើងទៅទៀត វៀតណាមគេមានច្រើនជាងយើងទៀត មីយ៉ាន់ម៉ាគេមានច្រើនជាងយើងទៀត ឥណ្ឌាគេមានច្រើនជាងយើងទៀត។ និយាយពីក្នុងអាស៊ាន ហ្វីលីពីនខ្វះ ម៉ាឡេស៊ីខ្វះ ឥណ្ឌូនេស៊ីខ្វះ។ យើងបាននាំទៅម៉ាឡេស៊ីមួយចំនួនដែរ។ សម្រាប់ហ្វីលីពីន គាត់ធ្វើអញ្ចេះ គាត់ដឹងថា ពួកយើងហ្នឹងដណ្តើមគ្នា អញ្ចឹងគាត់ដាក់ឲ្យយើងដេញថ្លៃ។ កម្ពុជាដេញថ្លៃចាញ់គេ ២ ដងហើយ។ អង្ករវៀតណាមថោកជាង អង្ករថៃថោកជាង ព្រោះទាំងវៀតណាម និងថៃសុទ្ធតែមានការឧបត្ថម្ភទុន … ប៉ុន្តែ ដំណោះស្រាយឧបត្តម្ភទុន មិនមែនជាដំណោះស្រាយយូរអង្វែងទេ។ … យើងចង់បើកទីផ្សារចិន។ ចិនមានចំនួនប្រជាជន ១.៣០០ លាននាក់ជាង ផ្ទៃដីគាត់មានតែ ៥% ឬ ៦% នៃផ្ទៃដីពិភពលោកទេ តែគាត់មានសមត្ថភាពចិញ្ចឹមប្រជាជនរបស់គាត់ប្រហាក់ប្រហែលប្រមាណជា ២០% នៃប្រជាជនលើពិភពលោក។ សូម្បីតែអង្ករ ក៏គាត់មិនខ្វះដែរ។ ប៉ុន្តែ គាត់ជួយទិញយើង ១០ ម៉ឺនតោន។ ខ្ញុំប្រាប់ប្រធានាធិបតី ស៊ី ជីនពីង ថាខ្ញុំត្រូវការពង្រីកបន្ថែមទៀត។ អញ្ចឹង សុំឲ្យលើសពីចំនួន ១០ ម៉ឺនហ្នឹង ឲ្យចិនជួយទិញដំឡូងមី ជួយទិញពោត ទិញសណ្តែក និងកៅស៊ូ។ ឥឡូវប្រទេសរបស់យើង ទំហំពាណិជ្ជកម្មដែលយើងនាំចូលមកអឺរ៉ុប ទាំងកសិកម្ម ទាំងវាយនភណ្ឌ ទាំងស្អីៗ ៥០០០ លាន ទាំងអស់, ទៅអាមេរិកដូចជាង ២០០០ លាន … (សរុបត្រូវជា)ជាង ៧០០០ លានដុល្លារ។ រវាងយើងជាមួយចិនទ្វេភាគី គោលដៅរបស់យើងសម្រេច ៥០០០ លាន នៅឆ្នាំ ២០១៧ ឥឡូវនេះ គឺមានប្រមាណជាង ៤.០០០ លាន ប៉ុន្តែឆ្នាំ ២០១៣ បែរជាយើង និងចិន មានទំហំប្រមាណជាង ៦០០០ លាន ដោយសារមានការនាំចូលពីចិនខ្លាំង ទៅលើការសាងសង់វារីអគ្គិសនី។ ពាណិជ្ជកម្មទ្វេភាគី រវាងយើង និងថៃជាង ៤២០០ លាន យើងជាមួយវៀតណាមទ្វេភាគី គឺប្រមាណជា ៣៥០០ លាន នៅក្នុងគោលដៅដែលយើងសម្រេច ៥០០០ លាន។ យើងសម្រុះសម្រួលជាមួយកូរ៉េ (ដើម្បី)ពង្រីកបន្ថែម។ ស្អែកហ្នឹងជួបចរចាជាមួយនឹងប្រធានាធិបតី ហូឡង់ ខ្ញុំនឹងស្នើគាត់ ដើម្បីបើកទីផ្សារបន្ថែមសម្រាប់ការនាំទំនិញពីកម្ពុជា។ ខ្ញុំនឹងជួបពួកធុរកិច្ចបារាំង ដើម្បីបង្ហាញពួកគាត់ ដោយចំណែកណាមួយនោះថា ពាណិជ្ជកម្មយើងឥឡូវមានទំហំប៉ុននេះ ដោយឡែកតែទំហំពាណិជ្ជកម្មជាមួយបារាំង វាទើបតែមានជិត ៣០០ លាន ទេ … ទាមទារឲ្យធ្វើការជាមួយបារាំងច្រើនទៀត។
ពិតហើយបើសិនជាយើងពង្រីកទីផ្សារអង្ករទៅកាន់អាហ្រ្វិក យើងនឹងនាំចេញបានច្រើនជាងនេះ ប៉ុន្តែ ខ្ញុំសូមជម្រាបថា នៅពេលប្រធានាធិបតី Guinea ទស្សនកិច្ចនៅកម្ពុជាបានស្នើសុំ ២ ចំណុច។ ចំណុចទី ១ ស្នើឲ្យកម្ពុជាផ្តល់នូវចំនួនបច្ចេកទេសខាងផ្នែកកសិកម្ម។ ជំនាន់មុនគាត់ធ្វើរដ្ឋប្រហារ គាត់ស្នើម្តងហើយ យើងបានត្រៀមបញ្ជូនអ្នកឯកទេសកសិកម្មរបស់យើងទៅ Guinea-Conakry មិនមែន Guinea-Bissau តែកាលពីដើមមានប្រធានាធិបតីមួយឈ្មោះ Ahmed Sékou Touré មកទស្សនកិច្ចនៅស្រុកខ្មែរជំនាន់សង្គមរាស្រ្តនិយម។ ខ្ញុំយល់ព្រមតាមសំណូមពរបញ្ជូនអ្នកបច្ចេកទេសខាងវិស័យកសិកម្មទៅខាង Guinea-Conakry។ ហើយខ្ញុំត្រៀមទាំងថវិកា ព្រោះខ្ញុំមិនចង់ផ្តល់ជំនួយតាមបែបពួកប្រទេសខ្លះ ផ្តល់ជំនួយទៅត្រឹមតែយកប្រាក់ខែវិលមកវិញបាត់(នោះទេ)។ ខ្ញុំចង់ទៅធ្វើអណ្តូងទឹក និងទៅធ្វើតំបន់ស្រែបង្ហាញ នៅប្រទេស Guinea។ សំណូមទី ២ របស់គាត់ ស្នើឲ្យយើងលក់អង្ករឲ្យគាត់ចំនួន ៥ ម៉ឺនតោន ក្នុងតម្លៃសាមគ្គីភាព … ជួនកាល យើងអាចជួយមិត្តភក្តិតាមរយៈការប៉ះប៉ូវខ្លះ។ កាលហ្នឹងគាត់ស្នើសុំឲ្យយើងផ្តល់ជំនួយឥតសំណងឲ្យគាត់ ១ ម៉ឺនតោន ហើយនិងសុំទិញជឿ ៥ ម៉ឺនតោន។ ទិញខុសថ្លៃយើងអាចប៉ះប៉ូវខ្លះ ដល់ទៅទិញជឿ យើងនឹងមានបញ្ហាខ្លួនឯង … (ព្រោះ)សូម្បីតែបារាំងក៏ឈប់ឲ្យយើងខ្ចីលុយ។ ស្អែកហ្នឹងត្រូវចុះហត្ថលេខាខ្ចីលុយបារាំង …។
… បើយើងមានលុយឲ្យគេខ្ចី រឿងអីធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី និងប្រទេសនានា ឲ្យយើងខ្ចី? ឥឡូវយើងកំពុងតែព្រួយ។ ប៉ុន្តែ ខ្ញុំបានដើរចរចាហើយ យើងបានចូលទៅដល់ដំណាក់កាលនៃប្រទេសដែលមានចំណូលមធ្យមកម្រិតទាប។ ប្រទេសក្រីក្រ ដែលគេហៅថាមានចំណូលទាប អត្រាការប្រាក់តែងតែជាអត្រាការប្រាក់សម្បទាន ប៉ុន្តែ នៅពេលដែលឈានជើងចូលទៅប្រទេសចំណូលមធ្យម គេទាមទារឲ្យយើងចេញអត្រាការប្រាក់ពាណិជ្ជកម្ម។ យើងបានដើរចរចាជាមួយចិន ជាមួយជប៉ុន ជាមួយកូរ៉េខាងត្បូង និងជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ឲ្យបន្តយោគយល់ដល់យើង។ ប៉ុន្តែ ខ្ញុំមិនទាន់អស់ចិត្តទេ ខ្ញុំត្រូវធ្វើការជាមួយនឹងប្រធាន UNDP (ដើម្បី)ឲ្យទៅជាសម្លេងរួមនៃប្រទេសក្រីក្រ ដែលគេហៅថា ប្រទេសមានកម្រិតចំណូលមធ្យមកម្រិតទាប។ ដើម្បីចៀសវាងអ្នកដែលមានប្រាក់ឲ្យយើងខ្ចីទាមទារនូវអត្រាការប្រាក់សម្បទាន។ ខុសត្រូវគ្នាមិនតិចទេណា ដូចជា ជប៉ុន និងកូរ៉េ គាត់ប្រណាំងគ្នា។ អត្រាការប្រាក់របស់គាត់ដូចជា ០,០១% រយៈពេលសង ៤០ ឆ្នាំ រយៈពេលអនុគ្រោះ ១០ ឆ្នាំ។ អញ្ចឹង ការប្រាក់នេះវាថោក ប៉ុន្តែ ដល់ទៅការប្រាក់ពាណិជ្ជកម្មចាប់ពី ៣% ឡើងលើ អាហ្នឹងវាមិនងាប់ រកស៊ីគ្រាន់តែសងគេ។ មិនបាច់មើលទៅណាឆ្ងាយទេ មើលតែក្រិចក៏បានដែរ នាយករដ្ឋមន្រ្តីក្រិចជាប់ពីខែមករា គម្រាមថាបើមិនឲ្យខ្ចី នឹងចេញពីតំបន់ចាយប្រាក់អឺរ៉ូ។ មានអីឲ្យខ្ចីទេតើ។ បានសេចក្តីថា ពួកសហភាពអឺរ៉ុបកំពុង ក្លាយទៅជាចំណាប់ខ្មាំងរបស់ក្រិចហើយ … ប៉ុន្តែ មិនបានយូរទេ តែប៉ុន្មានខែមានរឿងក្រិចយកមកដោះស្រាយទៀតហើយ។
កម្ពុជា ត្រូវការការកែទម្រង់ច្រើន លើសពីកំណើនសេដ្ឋកិច្ច
នេះជាសភាពការណ៍សេដ្ឋកិច្ច។ ខ្ញុំយល់ថា ការខិតខំ ដើម្បីសម្រេចនូវកំណើនសេដ្ឋកិច្ច ៧% ក្នុងមួយឆ្នាំវាមិនពិបាកពេកទេ ហើយទម្លាក់អត្រានៃភាពក្រីក្រក្នុងមួយឆ្នាំឲ្យបានជាង ១% ក្នុងល្បឿន នៃស្ថេរភាពនយោបាយនេះ វាមិនជាការលំបាកពេកដែរ។ ក៏ប៉ុន្តែ កំណើនសេដ្ឋកិច្ចតែមួយមុខ វាមិនគ្រប់គ្រាន់ទេ ទាមទារនូវកំណែទម្រង់ច្រើនណាស់នៅក្នុងប្រទេសកម្ពុជារបស់យើង។ ប្រទេសណាក៏មានបញ្ហាប្រឈមដែរ បើគ្មានបញ្ហាប្រឈម វាមិនចាំបាច់មានបញ្ហាដែលត្រូវធ្វើការកែទម្រង់ទេ។ សូម្បីតែបារាំងត្រូវធ្វើការកែទម្រង់បែបណា? អឺរ៉ុបខ្លួនឯងធ្វើការកែទម្រង់បែបណា? អង់គ្លេសក្លាយទៅជាចំណាប់ខ្មាំងរបស់ស្កុតលែនហើយ។ តែធ្វើមិនស្រួល គេនឹងធ្វើការផ្តាច់ខ្លួន។ អញ្ចឹងត្រូវតែឲ្យលុយច្រើនជាងមុន។ អឺរ៉ុបក៏ក្លាយទៅជាចំណាប់ខ្មាំងរបស់អាមេរិកដែរ។ សូម្បីតែអង់គ្លេសគាត់អត់នៅចាយអឺរ៉ូជាមួយគេជាមួយឯងឯណា គាត់ក៏លើកប្រធានបទពាក់ព័ន្ធនឹងការចាកចេញពីអឺរ៉ុបដែរ។ អាស៊ានឆ្នាំនេះ ក្លាយទៅជាសហគមន៍សេដ្ឋកិច្ច …។
ថ្ងៃមុន មានការដេញដោលក្នុងសភា (រហូត)បែកមែកសាខាចេញជារឿងនយោបាយ។ ប្រាប់ឡើងពីដើមទីថា អត់និយាយនយោបាយទេ ដល់អាចុងទីនិយាយនយោបាយ ទាល់ខ្ញុំឡើងថាឲ្យក្នុងសភា។ អាស៊ានគឺអាស៊ាន អត់ឡូកឡំគ្នាទេ។ ប៉ុន្តែ ក្រៅពីកំណែទម្រង់នៅក្នុងក្របខណ្ឌប្រទេសនីមួយៗ ប្រទេសកម្ពុជាខ្លួនឯង ក៏មានកំណែទម្រង់ពិភពលោក និងតំបន់ដទៃទៀតក៏ត្រូវមានកំណែទម្រង់ដែរ សូម្បីអង្គការសហប្រជាជាតិកំពុងតែទាមទារកំណែទម្រង់។ ហើយ IMF និង World Bank ក៏ត្រូវតែកែទម្រង់ដែរ។ ពីមុនធនាគារពិភពលោកទាល់តែអ្នកណាមានសញ្ជាតិអាមេរិក បានធ្វើប្រធានធនាគារពិភពលោកបាន ប៉ុន្តែ ឥឡូវគេប្តូរមកទៅអ្នកណាក៏បានដែរឲ្យតែមានសមត្ថភាព។ ក្នុងពេលជាមួយគ្នា ឥឡូវសភាពការណ៍ធូរស្រាលជាងមុន។ ដោយសារអី? ដោយសារ BRICS វាបានកើតឡើង ដោយមានប្រទេស ៥ ធំៗ ដែលមានសេដ្ឋកិច្ចលូតលាស់ ឥណ្ឌា ចិន រុស្ស៊ី ប្រេស៊ីល អាហ្រ្វិកខាងត្បូង។ ធនាគារពិភពលោកលែងធ្វើព្យុះធ្វើផ្គរច្របាច់កអ្នកណាតាមចិត្តហើយ។ នៅអាស៊ីរបស់យើង កម្ពុជាក៏ជាសហស្ថាបនិកមួយដែរ ក្នុងការបង្កើតឡើងនូវធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធ (AIIB) …។
នៅបារាំង ជើងលេខ(បង្ហាញពីការ)កើនឡើង(ការ)ជំពាក់ ប្រមាណ ៨៥០០០ ដុល្លារអាមេរិក/ម្នាក់។ កុំភ្លេចណានៅពេលដែលមេបក្សប្រឆាំងមកនិយាយថា ស្រុកខ្មែរឲ្យតែកើតមក ជំពាក់បំណុលគេហើយ អញ្ចឹងសុំចង្អុលប្រាប់ថា សុំបើកមើលស្ថិតិ ប្រាប់ថាខ្មែរនៅស្រុកបារាំងកើតមកជំពាក់គេ ៨៥០០០ ដុល្លារ។ ខ្មែរ(នៅកម្ពុជា)ជំពាក់គេទើបតែ ៤០០ ដុល្លារ/ម្នាក់ទេ។ ប្រទេសណាក៏មានជំពាក់គេដែរ អត់តែប្រ៊ុយណេទេ។ បារាំង ៨៥០០០ ដុល្លារ។ បារាំងបើកមើលខ្លួនឯងទៅ។ ក្នុងម្នាក់ នៅអាមេរិកជាង ៤០០០០ ដុល្លារ ប៉ុន្តែ ពួកបក្សប្រឆាំងនិយាយឡើងថា ខ្មែរកើតឡើងជំពាក់បំណុលគេ។ ចុះខ្លួនឯងសញ្ជាតិបារាំងនេះ ទៅធ្វើនយោបាយនៅស្រុកខ្មែរអត់ស្គាល់ថាខ្លួនឯង កើតនៅស្រុកបារាំងត្រូវជំពាក់គេ ៨៥០០០ ដុល្លារនេះទេ? ដើម្បីយកសន្លឹកឆ្នោត គេនិយាយបំភ័ន្តទាំងអស់។ គោលដៅគ្រប់គ្រងបំណុលជាសាធារណៈ គឺមិនត្រូវឲ្យលើសពី ៤០ ភាគរយទេ … រឿងបារាំងផ្សេងហើយ រឿងខ្មែរក៏វាផ្សេងដែរ។ បារាំងមានវិធីកែទម្រង់របៀបបារាំង ព្រោះដំណើការប្រជាធិបតេយ្យរបស់បារាំងតាំងពីប៉ុន្មានរយឆ្នាំឯណោះ ជាង ២០០ ឆ្នាំហើយ។ ឆ្នាំ ១៩៨៩ ពេលនោះខ្ញុំមកចរចានៅស្រុកបារាំង គេធ្វើខួប ២០០ ឆ្នាំនៃបដិវត្តន៍បារាំង កាត់កស្តេចចោល។ អញ្ចឹងបារាំង គឺជាប្រទេសប្រជាធិបតេយ្យចាស់ទុំ ហើយក៏ជាប្រទេសនីតិរដ្ឋចាស់ទុំ គេក៏នៅមានការកែទម្រង់។ ឯយើងត្រូវមានការប្រឹងប្រែងច្រើនទៀត កំណែទម្រង់ច្បាប់ កំណែទម្រង់ប្រព័ន្ធតុលាការ កំណែទម្រង់រដ្ឋបាលស៊ីវិល កំណែទ្រង់ហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់កម្លាំងប្រដាប់អាវុធ កំណែទម្រង់ដីធ្លី, នេសាទ កំណែទម្រង់ព្រៃឈើ ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ សុទ្ធតែជាប្រធានបទមិនតូចតាចទេ។ អញ្ចឹងកំណើនសេដ្ឋកិច្ចតែមួយមុខ អត់រស់ទេ យើងត្រូវធ្វើការងារច្រើនទៀតដើម្បីអភិវឌ្ឍប្រទេសរបស់យើង។
មិនអនុញ្ញាតអោយមានបដិវត្តពណ៌, មិនសូមទោស ទំនាក់ទំនងមិនស្រួល
… ម្សិលមិញមានការលើកឡើងនៅលីយ៉ុងថា បើមិនរួបរួមគ្នាទេ ប្រទេសនេះឥតមានឈ្មោះ នឹងបាត់តែម្តង។ ក្បាលខ្មែរ(អី)ក៏យ៉ាប់ម្ល៉េះ? ១៥ លាននាក់ បាត់តែម្តង? សុំទោស ខ្ញុំសប្បាយដោយឃើញថា បងប្អូនបានរត់រួចចេញពីរបប ប៉ុល ពត រួចចាកពីសង្គ្រាម បានមករស់នៅប្រទេសបារាំង ហើយបានចូលសញ្ជាតិ។ ជានាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាល ខ្ញុំបានណែនាំឲ្យអោយផ្តល់ទិដ្ឋាការមួយ ប្រើបានមួយជីវិតសម្រាប់បងប្អូនខ្មែរ ដែលនៅក្រៅប្រទេស។ ប៉ុន្តែ បក្សប្រឆាំង គេហ៊ានដេញលើសពីខ្ញុំ នៅត្រង់ថា ចង់ឲ្យប្រជាជនខ្មែរយើងនៅប្រទេសក្រៅមានសិទ្ធិបោះឆ្នោត។ ខ្ញុំក៏ចង់ដែរ ប៉ុន្តែ សុំសួរជាបច្ចេកទេសថាបោះរបៀបម៉េច? តើពលរដ្ឋម្នាក់មានសិទ្ធិបោះឆ្នោតនៅប្រទេសពីរបានទេ? សម្រាប់បក្សកាន់អំណាចយោគយល់ច្រើនណាស់ទៅហើយ ដែលមិនដាក់ក្នុងច្បាប់បោះឆ្នោត ការត្រូវមានសញ្ជាតិតែមួយ។ ខ្ញុំប្រាប់ (សម) រង្ស៊ី (ថា) គណកម្មាធិការបោះឆ្នោត ឲ្យមានសញ្ជាតិតែមួយទេ ដើម្បីធានាថាកុំឲ្យមានការជះឥទ្ធិពលពីប្រទេសដែលអ្នកឯង (មានសញ្ជាតិទី ២)។ ប្រទេសនានាអត់ឲ្យមានទេ។ នៅមីយ៉ាន់ម៉ា សូម្បីតែរៀបការជាមួយប្តីបរទេសក៏អត់មានសិទ្ធិទៅធ្វើប្រធានាធិបតីដែរ។ បើសិនជាខ្ញុំមិនចិត្តទូលាយស្អែកខានស្អែក ខ្ញុំប្រជុំស្នើឲ្យកែដាក់កំណត់សញ្ជាតិតែមួយគឺចប់។ អញ្ចឹងអ្នកឯងត្រូវតែលាសញ្ជាតិបារាំង លាសញ្ជាតិអាមេរិក លាសញ្ជាតិអូស្រ្តាលី ទើបមានសិទ្ធិឈរឈ្មោះបោះឆ្នោត ទើបមានសិទ្ធិធ្វើរដ្ឋមន្រ្តី ធ្វើរដ្ឋលេខាធិការ ធ្វើអនុរដ្ឋលេខាធិការ។ ចិត្តទូលាយប៉ុណ្ណឹងហើយ ចង់បានអ្វីទៀត។
… និយាយពីរឿងបោះឆ្នោត ប្រទេសយើងបោះនៅម៉ោង ៧ ព្រឹក បើកហិបឆ្នោត ម៉ោង ៣ ល្ងាច ចាប់រាប់ឆ្នោតនៅកន្លែងភ្លាមតែម្តង។ ប៉ុណ្ណឹងហើយ គេថា យើងបន្លំ។ នៅជាមួយគ្នា កត់ត្រាជាមួយគ្នា រាប់ជាមួយគ្នា ចុះហត្ថលេខាជាមួយគ្នា គេថាយើងបន្លំ។ ធ្វើបាតុកម្មអស់មិនចេះតិច។ ចុះទម្រាំតែបងប្អូនបោះឆ្នោតនៅក្រៅ ឥឡូវប្រព័ន្ធបោះឆ្នោតរបស់យើង ប្រព័ន្ធសមាមាត្រតាមខេត្ត ហើយក្នុងច្បាប់តម្រូវថា ត្រូវមានឈ្មោះនៅកន្លែងណាមួយ។ សួរថាអ្នកណាបោះសម្រាប់មណ្ឌលណា ហើយយកទៅបូករបៀបម៉េច បើសូម្បីតែបោះនៅហ្នឹង រាប់នៅហ្នឹង គេមិនទទួលស្គាល់លទ្ធផលបោះឆ្នោតផង។ បាតុកម្មចុះ បាតុកម្មឡើង (តើមាន)គោលដៅស្អី? គោលដៅអតិបរមាគឺផ្តួលរំលំ ព្រោះក្រោយការបោះឆ្នោតរួចហើយ គេនិយាយថា គ្មានឱកាសណាល្អជាងពេលហ្នឹងទៀតទេ។ អញ្ចឹងទេ សេចក្តីត្រូវការផ្លាស់ប្តូរក្រោយការបោះឆ្នោត មានន័យថាម៉េច? គឺមានន័យថា បដិវត្តពណ៌ ដូចនៅទុយនេស៊ី នៅលីប៊ី នៅអេស្ស៊ីប យេមេន អញ្ចឹង។ ឥឡូវទទួលទៅ ពួកអឺរ៉ុបទទួលទៅ។ (ជនភៀសខ្លួន)រត់មក សុំទទួលទៅ។ ហ្នឹងហើយ បដិវត្តពណ៌ដែលអ្នកឯងចង់បាន។ ផ្តួល ហ្គាដាហ្វី ផ្តួល សាដាម ហ៊ូសេន តាមកម្លាំងយោធា ផ្តួល ហូស្នី មូបារ៉ាក់ ផ្តួល បេន អាលី។ ឥឡូវលទ្ធផលបានមកហើយ។
… គោលដៅរបស់(បក្សប្រឆាំង)ក្នុងការចរចាថ្ងៃ ១៥ ខែ កញ្ញា … សុំធ្វើប្រធានសភា។ ខ្ញុំសួរថា មើលឯកឧត្តមជួយប្រាប់ខ្ញុំផងមើល Régime Parlementaire ហ្នឹង តើមានបក្សសម្លេងភាគតិច បានធ្វើប្រធានសភាទេ? ឆ្លើយអត់រួច។ អញ្ចឹងទេ បាតុកម្មចុះ បាតុកម្មឡើង គោលដៅវាមាន ២ បើគេធ្វើបាន គេផ្តួលបណ្តោយ។ តែខ្ញុំសុំទោស ស្រុកខ្មែរមិនអនុញ្ញាតដាច់ខាត។ អត់ឲ្យទេ វាមិនដែលចាញ់ឆ្នោតហើយមកធ្វើប្រធានសភាម៉េចទេ។ ជេរប្រមាថទាំងព្រះមហាក្សត្រស្អីៗឯណា សុទ្ធតែសភាមិនគ្រប់ទឹក រដ្ឋាភិបាលមិនគ្រប់ទឹក។ ដល់ខ្លួនឯងចូលទៅវាហៀរទឹក ឬស្អី? … (សម) រង្ស៊ី ខំបកស្រាយថា ចង់ចាប់ចោរ ទាល់តែចូលក្បែរចោរ។ រួចអញ្ចឹងៗខ្ញុំទទួលបានអី។ ចុងក្រោយមានបានមើលកាសែត Libération ប្រៀបធៀបខ្ញុំទៅជាមួយនឹង ហ្គាដាហ្វី។ រឿងហ្នឹងមួយ ខ្ញុំផ្ញើសារឲ្យ (សម) រង្ស៊ី បើមិនសុំទោសខ្ញុំទេ (សម) រង្ស៊ី ឯងនៅតែមិនអាចស្រួលជាមួយខ្ញុំ។ ស៊ីបាយជាមួយគ្នាអីជាមួយគ្នា ថត selfie បង្ហោះហ្វេសប៊ុកទៀត ចេះមកនិយាយ មកធ្វើសម្ភាសន៍ ប្រៀបធៀបខ្ញុំទៅនឹង ហ្គាដាហ្វី។ (អីចឹង)បានខ្ញុំនិយាយ ខ្ញុំថា មុននឹងទៅជា ហ្គាដាហ្វី អ្នកឯងងាប់មុន …។
… ខ្ញុំទទួលស្គាល់ កូនៗ របស់ សម រង្ស៊ី និងគិតថាពួកគេជាក្មេងជំនាន់ក្រោយ ដែលអាចនឹងទទួលតំណពីឪពុកពីម្តាយ ធ្វើការជាមួយកូនៗ របស់ខ្ញុំ។ យើងចង់បង្កើតទម្លាប់បែបនេះ។ ពេលដែលកូន (សម)រង្ស៊ី ទៅដល់ស្រុកខ្មែរ (សម) រង្ស៊ី បាន sms មកខ្ញុំ សួរថា សម្តេច! កូនខ្ញុំមកដល់ហើយ គិតយ៉ាងម៉េច? ខ្ញុំថា តើអាចឲ្យខ្ញុំអញ្ជើញបាយមួយពេលបានទេ? (គាត់)ថា ស្រេចតែនឹងសម្តេច។ ខ្ញុំក៏កំណត់ពេលវេលា ត្រូវការម្ហូបបារាំង ឬក៏ម្ហូបចិន? គាត់ក៏ហៅកូនមួយទៀត កូនពៅរបស់គាត់ ពី Massachusetts អាមេរិកទៅ លើកលែងតែកូនស្រីមួយដែលនៅស្វ៊ីស ដែលមានផ្ទៃពោះមិនអាចជិះយន្តហោះបាន។ ខ្ញុំពេញចិត្តនឹងឥរិយាបថកូនៗ ប៉ុន្តែ ខ្ញុំអត់នឹកស្មានថា (សម) រង្ស៊ី មកយកចំណេញលើខ្ញុំ ទាំងពីទំនាក់ទំនងគ្រួសារ ទៅជាថា “លោក ហ៊ុន សែន អាចនឹងដឹងថាអនាគតរបស់ខ្លួនដូច ហ្គាដាហ្វី បានជាចង់ឲ្យកូនគាត់ស្គាល់កូនខ្ញុំ”។ តើ (សម) រង្ស៊ី បានគោរពភាពថ្លៃថ្នូររបស់ខ្ញុំខ្លះទេ? ខ្ញុំថា បើអ្នកឯងមិនឲ្យខ្ញុំសុខ ខ្ញុំក៏មិនឲ្យអ្នកឯងសុខដែរ។ (សម) រង្ស៊ី ដាក់ នៅក្នុងឆ្នាំ ២០០៣ ពេលឃោសនាបោះឆ្នោត «មានស៊ី អត់សែន មានសែន អត់ស៊ី» ត្រូវហើយ ឥឡូវ មានតែសែនតើ អត់ស៊ីផង។ ពេលចរចា រង្ស៊ី បាននិយាយថា យើងចាស់ៗហើយ គួរធ្វើអំពើល្អសម្រាប់ប្រជាពលរដ្ឋ។ ខ្ញុំថា ត្រូវហើយឯកឧត្តម ខ្ញុំរង់ចាំពាក្យហ្នឹង ព្រោះខ្ញុំមិនដែលអនុវត្តនយោបាយកម្ចាត់អ្នកណាទេ ខ្ញុំស្អប់ខ្ពើមបំផុតនយោបាយទឹកឡើង ត្រីស៊ីស្រមោច ទឹកហោច ស្រមោចស៊ីត្រី។ ត្រូវសន្ទនាឲ្យបានច្រើន។ អញ្ចឹងបានជាកើតឡើងនូវវប្បធម៌សន្ទនានេះ។ ប៉ុន្តែ គាត់ប្រើប្រាស់វប្បធម៌សន្ទនា ទៅជាថា ចូលកៀកចោរ ទើបចាប់ចោរបាន។ រឿងអញ្ចឹងៗ ត្រូវធ្វើយ៉ាងម៉េច។ ឥឡូវនេះ ត្រូវស្តាប់ឲ្យបាន បើ (សម) រង្ស៊ី មិនសុំទោសខ្ញុំ លើបញ្ហាប្រៀបធៀបខ្ញុំទៅនឹង ហ្គាដាហ្វី ទំនាក់ទំនងនៅតែមិនល្អ។
… ថ្ងៃស្អែកមិនដឹងថា មានរឿងអីនៅទីក្រុងភ្នំពេញ។ ខ្ញុំនៅទីនេះ គ្រាន់តែដឹងថា ភ្នំពេញមានបាតុកម្មហើយ ដោយសាររឿងអ្នកឯងបង្កើតបាតុកម្មនៅហ្នឹង(ប៉ារីស)។ ពួកអ្នកឯងអ្នកចាត់តាំង មិនស្រួលខុសកន្លែងទៀត។ បោកទាំងប៉ូលីសបារាំងទៀត ថាទៅធ្វើនៅកន្លែងណានោះ ក្បែរស្ថានទូត ឥឡូវមកធ្វើនៅនេះ។ ស្អែកនេះ (ជួប)ប្រធានាធិបតី ហូឡង់ ខ្ញុំថា ប៉ូលីសឯកឧត្តមខ្សោយណាស់។ ខ្ញុំនឹងថាឲ្យត្រង់ៗ។ ឆ្នាំណាមួយនោះ ដូចជា ១៩៩៩ ឬឆ្នាំ ២០០០ មកប៉ារីស (សម) រង្ស៊ី ដឹកនាំបាតុកម្ម ២០ ឬ ៣០ នាក់នៅមុខធនាគារពិភពលោកប្រឆាំងខ្ញុំ។ ប៉ូលីសបារាំង សុំឲ្យខ្ញុំចេញតាមទ្វារក្រោយ។ ខ្ញុំថា អត់ទេ។ ខ្ញុំជិះឡានដាក់ទង់ជ័យ។ ខ្ញុំចូលតាមទ្វារមុខ ខ្ញុំត្រូវចេញតាមទ្វារមុខ។ ខ្ញុំប្រាប់ថា ឯកឧត្តមភ្ជាប់ទូរស័ព្ទខ្ញុំជាមួយប្រធានាធិបតី Chirac ដើម្បីខ្ញុំនិយាយ។ មានអី យកប៉ូលីសក្រុងដេញរត់ព្រាត។ ធ្វើនាយករដ្ឋមន្ត្រីប្រទេសអធិបតេយ្យមួយ ចេញតាមទ្វារក្រោយយ៉ាងម៉េច។ ខ្ញុំមិនមែនមកទេសចរណ៍ឯណា …។
រំលឹករឿងផែនទី និងក្លែងឯកសារ(សន្ធិសញ្ញា)
… ស្អែកហ្នឹងខ្ញុំអរគុណប្រធានាធិបតីបារាំង។ ចុះឡើងៗ ទៅរកផែនទីស្អីណា។ ខ្ញុំស្តាយ។ ខ្ញុំបានគិតឃើញទៅហើយ ប៉ុន្តែខ្ញុំវាភ្លេច។ ការពិតថ្ងៃនេះគួរតែមានអត្ថបទដែលបោះពុម្ព ១០ ម៉ឺនច្បាប់ យកមកចែកម្នាក់មួយច្បាប់ៗ ដើម្បីអានការអត្ថាធិប្បាយរបស់ខ្ញុំជាង ៣ ម៉ោង លើបញ្ហាផែនទី។ ឥឡូវរឿងផែនទី ចុកមាត់បាត់តែម្តង។ ខ្ញុំ(ផ្ញើសារ)ឲ្យ (សម) រង្ស៊ី ពេលនៅអូស្ត្រាលី ថា មុនពេលដែលឯកឧត្តមបញ្ចេញនូវផែនទីរបស់ឯកឧត្តមៗ បានចាត់ទុកថា ផែនទីរបស់រដ្ឋាភិបាលក្លែងក្លាយ រហូតដល់ថាផែនទីចោរ និងថា សូមឯកឧត្តមកុំបន្ទោសខ្ញុំថា ខ្ញុំមានល្បិចធ្វើឲ្យសត្វដែលមានពិសចេញពីរូង ព្រោះផែនទីរបស់ឯកឧត្តម វាសាហាវជាងសត្វអសិរពិសទៅទៀត ព្រោះវាមិនមែនគ្រាន់តែបោកប្រាស់ប្រជាពលរដ្ឋទេ តែផែនទីឯកឧត្តម ធ្វើឲ្យសហការីឯកឧត្តមជាប់គុក។ រឿងក្លែងបន្លំឯកសារ បន្តិចទៀតវានឹងដើរទៅដល់ណា? ដើរដល់ណា ចាប់ដល់ហ្នឹង។ ឥឡូវ ហុង សុខហ៊ួរ គាត់អត់សុខចិត្តជាប់គុកម្នាក់ឯងទេ។ អ្នកក្លែងអាចជាប់ដល់ ស៊ាន ប៉េងសែ ក៏មិនដឹង។ ស៊ាន ប៉េងសែ ក៏មិនរួចខ្លួនដែរ ចូលស្រុកខ្មែរចាប់គ្រឹប។ ទាំងខ្ញុំ ខ្ញុំអត់សុខចិត្តទេ បើសិនជាមានកិច្ចព្រមព្រៀងបែបហ្នឹងមែន។ ពេលហ្នឹងខ្ញុំជារដ្ឋមន្ត្រីការបរទេស រឿងអីដែលខ្ញុំមិនដឹងមាត្រាហ្នឹង (ហើយស្រាប់តែ)មកថា «ភាគីទាំងពីរនឹងរំលាយចោលព្រំដែនរដ្ឋនៃប្រទេសទាំងពីរ» បង្ហោះចេញតាមហ្វេសប៊ុកមក។ ហុង សុខហ៊ួរ ធ្វើអត្ថាធិប្បាយ។ អញ្ចឹង ខ្ញុំទទួលបានពីអាហ្នឹងនៅម៉ោង ១ យប់ហើយ។ ខ្ញុំថា រឿងនេះគ្រោះថ្នាក់ហើយ បើមិនពិនិត្យឲ្យទាន់ទេ ខ្ញុំពិនិត្យភ្លាមរវាងឯកសារដើម ដល់មើលទៅអានេះចេះលួច តែភ្លើ ធ្វើចោរ តែស្ទើរភ្លើង។ អាមួយអក្សរអង្គុលីលេខ អាមួយអក្សរកុំព្យូទ័រ។ វាបញ្ចូលអក្សរកុំព្យូទ័រចូលទៅ អញ្ចឹងវាមិនខុសគ្នា។
… ត្រូវតែធ្វើហើយ នេះគឺភស្តុតាងជាក់ស្តែង។ តំណាងរាស្ត្រក៏ដោយ សមាជិកព្រឹទ្ធសភាក៏ដោយ ដែលហៅថាបទល្មើសជាក់ស្តែង គេចាប់ជាក់ស្តែងហើយ។ ចាប់ដោយមិនចាំបាច់ដកអភ័យឯកសិទ្ធិទេ។ ចូលដំណើរការក្តីតុលាការ និងក្រសួងមានសមត្ថកិច្ច ត្រូវរាយការណ៍ឲ្យព្រឹទ្ធសភា ហើយព្រឹទ្ធសភា គឺកំណត់ទៅ តើបញ្ជូនក្តី ឬបន្តក្តី? បើចង់បញ្ជូនក្តី ត្រូវតែមានសម្លេង ៣/៤ ដើម្បីទប់។ សូមកុំភាន់ច្រឡំ ថាម៉េចបានចាប់ គេមានអភ័យឯកសិទ្ធិ។ អភ័យឯកសិទ្ធិគេគោរពហើយ ប៉ុន្តែបទល្មើសជាក់ស្តែងគេចាប់ភ្លាម។ សូមឲ្យមើលរូបភាពប៉ូលីសអាមេរិកចាប់តំណាងរាស្ត្រអាមេរិកដាក់ខ្នោះ គ្រាន់តែទៅបិទផ្លូវ ស្ទះចរាចរណ៍គេ គេចាប់ដាក់ខ្នោះភ្លាម។ រឿង ហុង សុខហ៊ួរ បើគាត់គ្រាន់តែបង្ហោះនូវអត្ថបទនេះ គឺជារឿងមួយ ប៉ុន្តែគាត់មិនគ្រាន់តែបង្ហោះទេ គាត់ធ្វើអត្ថាធិប្បាយ គាត់ថាអ្វីដែលជាការចុះហត្ថលេខាឆ្នាំ ១៩៨២, ១៩៨៣, ១៩៨៥, ២០០៥ គឺដើម្បីបម្រើគោលដៅនៃមាត្រាទី ៤។ អញ្ចឹងទេ ទោះបីជាគាត់យកទឹកសមុទ្រលាងខ្លួន ក៏លាងមិនជ្រះដែរ … ដល់ពេលគេចាប់ផ្តើមផ្អើលហើយ គាត់ទៅដកចេញពីម្ចាស់ page, ម្ចាស់ page ជាអ្នកណា? គឺ (សម) រង្ស៊ី តែម្តង។ អញ្ចឹងទេ អាចដល់ម្នាក់ហ្នឹង … ម្តងហ្នឹង ខ្ញុំឈប់លើកលែងទោសឲ្យហើយ។ ខ្ញុំលើកលែងទោសឲ្យម្នាក់នេះ ២ ដង រួចមកហើយ។ លើកនេះអត់ទេ។ និយាយអញ្ចឹងថា អាងគុក អាងច្រវាក់ អាងទាហាន អាងប៉ូលីស ចុះកាន់អំណាច បើមិនឲ្យអាងអាហ្នឹង អាងអីទៀត។ ឥឡូវសួរ ហូឡង់ គាត់កាន់អំណាចគាត់អាងអី? វាមិនដែលកាន់អំណាចអាងទៀនធូបទេ។ កន្លងទៅ ពេលដែលហូឡង់ឡើងកាន់អំណាច មិនហៅ ហ្សាកូស៊ី ចូលតុលាការដើម្បីសួរនាំ ម៉េចក៏មិនថារឿងនយោបាយផង។ អាហ្នឹងរឿងអំណាចតុលាការ រឿងផ្សេង ប៉ុន្តែនៅពេលដែលអ្នកឯងរំលោភច្បាប់ ឧបករណ៍របស់រដ្ឋគេបង្កើតឡើងដើម្បីការពាររដ្ឋធម្មនុញ្ញ ការពារអំណាចរដ្ឋ តុលាការគឺដើម្បីកាត់ក្តីទៅលើអ្នកល្មើស គុកសម្រាប់ដាក់អ្នកខូច សួរទៅមើលប្រទេសបារាំងមានគុកអត់? នៅលើពិភពលោក មានតែបុរីវ៉ាទីកង់របស់សម្តេចប៉ាប ដែលអត់មានគុក ប៉ុន្តែក៏នៅមានវិន័យដែរសម្រាប់អ្នកខុស …។
ចំណុចខ្សោយ ២ នៃរដ្ឋធម្មនុញ្ញ, ផ្ទៃដីតំបន់ដាក់ដាំ និងដារហ៊ូត
ជាមួយវៀតណាម ក៏ដោយ ជាមួយឡាវក៏ដោយ ជាមួយថៃក៏ដោយ យើងសុទ្ធតែមានផែនទីបង្អែក។ យើងអត់ប្រើផែនទីណាផ្សេង ក្រៅពីផែនទីដែលមរតកដូនតាទុកឲ្យយើង។ គឺផែនទីដែល(បន្សល់ពី)សម្តេចព្រះនរោត្តម សីហនុ។ ជាមួយថៃ យើងប្រើប្រាស់ផែនទីខ្នាត ១/២០០.០០០ ដែលពេលនោះគណៈកម្មាការ បារាំង-សៀម បានធ្វើកិច្ចព្រមព្រៀង ១៩០៤-១៩០៧ ហើយបោះចេញជាផែនទី។ ដែលសៀមចាញ់ក្តីលើប្រាសាទព្រះវិហារ គឺផែនទីហ្នឹងហើយ។ ជាមួយវៀតណាម និងជាមួយឡាវ យើងប្រើផែនទីខ្នាត ១/១០០.០០០ ដែលបោះពុម្ពដោយក្រុមភូមិសាស្រ្តឥណ្ឌូចិនរបស់បារាំង ព្រោះបារាំងគឺជាអ្នកត្រួតត្រា។ ផែនទីនេះធ្វើក្នុងចន្លោះឆ្នាំ ១៩៣៣ ដល់ឆ្នាំ ១៩៥៣ ប៉ុន្តែ ខ្ញុំមានការសោកស្តាយណាស់ រដ្ឋធម្មនុញ្ញរបស់យើង គឺមានចំណុចខ្សោយ ចំណុចខ្សោយយ៉ាងម៉េច? ចំណុចខ្សោយរបស់យើង គឺមាន ២ ចំណុច។ ខ្ញុំអត់ចង់និយាយទេ ក៏ប៉ុន្តែបក្សប្រឆាំងរុញខ្ញុំត្រូវនិយាយ ដើម្បីបកស្រាយជូនពលរដ្ឋ។ ហេតុអ្វីបានខ្ញុំថាខ្សោយ? ព្រំដែនយើងធ្វើរបងតែម្ខាង។ រដ្ឋធម្មនុញ្ញកំណត់ថា អធិបតេយ្យកម្ពុជាមិនអាចរំលោភបាន ដោយប្រើប្រាស់ផែនទីខ្នាត ១/១០០.០០០ ធ្វើក្នុងចន្លោះឆ្នាំ ១៩៣៣-១៩៥៣ ដែលអន្តរជាតិទទួលស្គាល់ក្នុងចន្លោះ ១៩៦៣-១៩៦៦។ អញ្ចឹងមានន័យថា យើងបានកំណត់បន្ទាត់ព្រំដែនតែជាមួយខាងវៀតណាមទេលើផែនទី, ជាមួយឡាវ អត់ដឹងថា ផែនទីអី។ អាចថាយើងប្រើ(ផែនទីតែមួយ)បានទាំងជាមួយឡាវ ជាមួយវៀតណាម ប៉ុន្តែជាមួយថៃ ផែនទីខ្នាត ១/២០០.០០០ ទេ។ អាហ្នឹងហើយជាចំណុចខ្សោយទី ១។ ចំណុចខ្សោយទី ២ ហេតុអ្វីបានជាយើងចងដៃខ្លួនឯង? បើដាក់ត្រឹមតែប៉ុណ្ណេះ គឺល្អ ដាក់ត្រឹមថាបោះពុម្ពមុនឆ្នាំ ១៩៥៣ ឬក៏ធ្វើមុនឆ្នាំ ១៩៥៣ …។
… ខ្ញុំអត់ត្រូវមានអាថ៌កំបាំងទេ។ សុខចិត្តឈឺចាប់ខ្លួនឯង ដើម្បីការពារទឹកដី។ ឥឡូវ ផែនដីនេះខ្ញុំទូលម្នាក់ឯងលែងរួចហើយ។ បក្សប្រឆាំងជាអ្នកបំផ្លាញ។ តំបន់ដាក់ដាំ ដារហ៊ូត (តាម)សេចក្តីសម្រេចចិត្តរបស់អគ្គទេសាភិបាលឥណ្ឌូចិន ឲ្យដើរតាមព្រែកដារហ៊ូត ដល់បារាំង អ្នកគូសផែនទី គឺគូសតាមព្រែកដាក់ដាំ។ ចំណុចនេះ ខ្ញុំអត់ព្រមទេ ខ្ញុំនៅតស៊ូជាមួយវៀតណាម ព្រោះផ្ទៃដីយើងត្រូវបាត់អស់ ៥១ គីឡូម៉ែត្រការ៉េ។ រដ្ឋធម្មនុញ្ញនេះក៏ផ្តល់ជាចំណុចខ្សោយឲ្យយើងដែរ ដោយរដ្ឋធម្មនុញ្ញកំណត់ត្រឹមតែឆ្នាំ ១៩៣៣-១៩៥៣ ឯខ្ញុំយក ១៩១៤ យកមកតស៊ូជាមួយគេ ដើម្បីឲ្យគេកែទៅតាមសេចក្តីសម្រេចឲ្យដើរតាមផ្លូវព្រែកដារហ៊ូត …។ យើងមានមូលដ្ឋានទៀត ដារហ៊ូត អត់មានខ្សែរត់លើព្រំដែនមែន ប៉ុន្តែមានបង្គោលព្រំដែនមួយចំនួន។ វៀតណាមដំបូងបានបន្ធូរជំហរក្រៅផ្លូវការថា សុំចែកគ្នា ឲ្យយើង ៤០% គេយក ៦០%។ ខ្ញុំថាអត់ទេ ខ្ញុំត្រូវការទាំងអស់ ព្រោះដីដូនតាខ្ញុំ។ បក្សប្រឆាំងចង់ឲ្យយើងប្តឹងទៅតុលាការឡាអេ សួរថា ប្តឹងទៅឈ្នះគេ? ករណីនេះ មិនខុសពីករណីជាមួយសៀមទេ។ ហេតុអ្វីបានជាសៀមចាញ់ខ្មែរ នៅតុលាការឡាអេឆ្នាំ ១៩៦២។ ចាញ់ដោយសារប្រើផែនទីហ្នឹង។ តាមកិច្ចព្រមព្រៀងបារាំង-សៀម (ព្រំដែនយក)តាមជួរភ្នំដងរែក ឲ្យដើរតាមខ្សែបែងចែកទឹក … ដល់បារាំងគូសផែនទី វាមានទៅតាមអញ្ចឹងឯណា។ បើទៅតាមអញ្ចឹង ព្រះវិហារសឹងតែអាចបែងចែកគ្នាជា ២។ តែបារាំងគូសទម្លាក់ទៅតាមជើងភ្នំទ្រព្យ ទៅតាមជ្រលង។ ព្រះវិហារក្នុងដីខ្មែរ។ សៀមមិនត្រឹមតែមិនជំទាស់ទេ ថែមទាំងយកផែនទីហ្នឹងទៅប្រើទៀត មានទាំងរូបថត ដែលរដ្ឋមន្ត្រីមហាផ្ទៃទទួលយកទៅប្រើ ថែមទាំងសរសេរសំបុត្រសុំផែនទីបន្ថែមទៀត។ អញ្ចឹងទេ ដល់តុលាការឡាអេកាត់ក្តីថា អ្នកឯងបានប្រើផែនទីហ្នឹងហើយ អញ្ចឹងកាត់ឲ្យខ្មែរ។ … ខ្ញុំឲ្យខិតខំស្វែងរកនូវឯកសារ តើរដ្ឋាភិបាលខ្មែរកាលពីមុនមានដែលបានតស៊ូឲ្យគេដូរខ្សែទៅតាមសេចក្តីសម្រេចរបស់អគ្គទេសាភិបាលឥណ្ឌូចិនដែរឬទេ? អត់ទាល់តែសោះ។ តែបើទោះបីគ្មាន ក៏យើងនៅតែតស៊ូ ព្រោះបារាំងកាត់ឲ្យអ្នកឯងច្រើនណាស់ទៅហើយ។ ប៉ុន្តែ ឥឡូវគេបំផ្លាញការសម្ងាត់យើងអស់។ ខ្ញុំត្រូវតែនិយាយចេញ។ ឥឡូវ បើឡើងតុលាការឡាអេ កាត់ឲ្យអ្នកណា ឥឡូវបើវៀតណាមថាអត់ឲ្យ គឺនៅតែអត់ឲ្យ វាចប់ត្រឹមតែប៉ុណ្ណឹង។ យើងក៏ត្រូវទុកវានៅហ្នឹងសិនទៅ។
ព្រំដែនសមុទ្រ កម្ពុជាទារយកខ្សែប្រេវីយេ វៀតណាមទារសមចម្ងាយ
… (សម្រាប់ព្រំដែនសមុទ្រ) យើងសុំលីងប្រេវីយ៉េ វៀតណាមគេមិនព្រមផង។ កោះវ៉ៃ ពួកអា ធីវគី វៀតណាមខាងត្បូងបានទៅកាន់កាប់ ដេញក្រុមហ៊ុនរបស់បារាំងចេញ។ តើ ស៊ាន ប៉េងសែ នៅឯណា? ពេលហ្នឹង ស៊ាន ប៉េងសែ ធ្វើរដ្ឋមន្ត្រីរបស់ លន់ នល់ ម៉េចក៏មិនធ្វើទៅ? ខ្ញុំជាអ្នកចុះហត្ថលេខាយកអាហ្នឹងមកវិញ ម៉េចខ្ញុំខុសដែរ? តំបន់ទឹកប្រវត្តិសាស្ត្រចាប់ផ្តើមពីអី? ចាប់ផ្តើមពីយើងទារយកខ្សែប្រេវីយ៉េ ដែលលោក ប្រេវីយ៉េ គូសតាំងពីឆ្នាំ ១៩៣៦ ហើយដែលព្រះករុណា ព្រះនរោត្តម សីហនុ យកផែនទីខ្នាត ១/៣០០.០០០ យកទៅតម្កល់នៅអង្គការសហប្រជាជាតិ។ វៀតណាម អត់ព្រមទេ គាត់ទារខ្សែសមចម្ងាយ(equidistant)។ អញ្ចឹងដោះមិនចេញ ដល់ដោះមិនចេញ តើយើងត្រូវដោះស្រាយយ៉ាងដូចម្តេចបញ្ហាអធិបតេយ្យលើកោះវ៉ៃ? វៀតណាមខាងត្បូងធ្លាប់កាន់កាប់កោះវ៉ៃរួចមកហើយ។ ជម្រើសតែមួយគត់ គឺបង្កើតតំបន់ទឹកប្រវត្តិសាស្ត្រមួយ ដើម្បីយើងគូសយកកោះវ៉ៃតាំងពីឆ្នាំ ១៩៨២ មក។ ជាង ៣៤ ឆ្នាំ យើងបានបញ្ជូនទ័ពយើងចូលទៅឈរជើងនៅទីនោះ ភរិយាខ្ញុំបាននាំលោកជំទាវៗ ទៅសួរសុខទុក្ខកងទ័ព។ ឥឡូវកោះវ៉ៃមិនមែនកំសត់ដូចមុនទេ។ ប្រព័ន្ធទូរស័ព្ទមានដូចគ្នា គ្រាន់តែពិបាកធ្វើដំណើរតាមទឹក …។
រឿងរ៉ាវវាមិនសាមញ្ញទេ។ កុំភ្លេចណា ខាងលិចប្រទេសរបស់យើង(មានប្រទេសដែលមានប្រជាពលរដ្ឋ) ៦០ លាន និងខាងកើត ៩០ លាន។ ខ្ញុំគួរតែនិយាយប្រាប់ ហេតុអ្វីបានជាលោក ហ៊ុន សែន នាំកម្ពុជាចូលអាស៊ាន? ប្រហែលជាមានបងប្អូនខ្លះបានស្តាប់ខ្ញុំនិយាយហើយ ឥឡូវយើងដាក់ជាសំណួរថា បើយើងនៅក្រៅអាស៊ាន តើបញ្ហារបស់យើងវាត្រូវយ៉ាងម៉េច? (អ្នក)ខ្លះ មិនដឹងកិច្ចព្រមព្រៀងប៉ារីសបែរមុខទៅណាផង ម្សិលមិញនាំគ្នាជេរប្រទេចកិច្ចព្រមព្រៀងប៉ារីស។ កិច្ចព្រមព្រៀងប៉ារីស ធាតុរបស់វាបានចូលទៅនៅក្នុងរដ្ឋធម្មនុញ្ញខ្មែរហើយ។ មើលឲ្យច្បាស់។ ការចាប់ផ្តើមអំណាចរបស់កិច្ចព្រមព្រៀងប៉ារីស អំណាចរបស់អ៊ុនតាក់ គឺវាបញ្ចប់នៅពេលដែលសភាធម្មនុញ្ញ ការបោះឆ្នោត មានសភាធម្មនុញ្ញ ធ្វើរដ្ឋធម្មនុញ្ញហើយ ក្លាយទៅជាសភាជាតិ និងមានរដ្ឋាភិបាល។ បានសេចក្តីថា ចប់ភារកិច្ច។ បើសិនមានបញ្ហា គេអាចប្តឹងដល់កិច្ចព្រមព្រៀងប៉ារីសបាន។ រឿងជាមួយថៃ ពេលហ្នឹង(មានអ្នក)ជម្រុញឲ្យប្តឹងដល់សហប្រធានសន្និសីទប៉ារីស។ ចេះឲ្យយោបល់ទៅកើត។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិធំជាង។ ប្តឹងទៅក្រុមប្រឹក្សាសន្តិសុខ ប្តឹងទៅតុលាការឡាអេ វាមិនស្រួលជាង។ កាលណោះជំនាន់ ហ្សាកូស៊ី ជាប្រធានាធិបតីរបស់បារាំង ជំនាន់ Susilo Bambang ជាប្រធានាធិបតីឥណ្ឌូនេស៊ី សួរថា គេមានពេលទេ។ សូម្បីតែក្រុមប្រឹក្សាសន្តិសុខប្រគល់ អាណត្តិឲ្យឥណ្ឌូនេស៊ីដើម្បីឃ្លាំមើលជម្លោះរវាងកម្ពុជា-ថៃ ថៃមិនទទួលស្គាល់តួនាទីឥណ្ឌូនេស៊ីផង …។
កម្ពុជា មិនដណ្តើមគ្នា ឬបែងចែកទៀតទេ
… (ពាក់ព័ន្ធនឹង)កិច្ចព្រមព្រៀងប៉ារីស ខ្ញុំសុំឲ្យបងប្អូនដែលនៅស្រុកបារាំងនេះ កាលពីជំនាន់នោះ ហើយឬក៏អ្នកមកក្រោយ ទៅមើលទីតាំងប្រវត្តិសាស្ត្រមួយចំនួននៃការជួប(ចរចា) មាន សីហនុ-ហ៊ុន សែន Fere-en-Tardenois, សីហនុ-ហ៊ុន សែន Saint–Germain-en-Laye … អាហ្នឹងសុទ្ធតែជំនួបនៃភាគីខ្មែរហើយ។ Saint–Germain-en-Laye មិនមែនគ្រាន់តែ សីហនុ-ហ៊ុន សែន តែម្តងទេ មាន សីហនុ-ហ៊ុន សែន និង សឺន សាន …។ ខ្ញុំប្រាប់ សម រង្ស៊ី ថា រឿងសន្ទនា មិនមែនជារឿងថ្មីសម្រាប់ខ្ញុំឯណា។ សូម្បីតែសម្ដេចក្រុមព្រះ គាត់ក៏មិនមែនជាដៃគូរបស់ខ្ញុំដែរ។ ឪពុករបស់សម្ដេចក្រុមព្រះទេទើបជាដៃគូសន្ទនារបស់ខ្ញុំ។ សឺន សូប៊ែ មិនមែនជាដៃគូរបស់ខ្ញុំទេ គឺឪពុករបស់ សឺន សូប៊ែ។ ពេលនោះ វាចៃដន្យអី ៧ ចុងដូចគ្នា។ ឆ្នាំ ១៩៨៩ (ក្នុងការចរចា)មាន ព្រះករុណាព្រះបិតា មានខ្ញុំ មានលោកតា សឺន សាន … ដល់តែចរចាមិនត្រូវគ្នាក៏ចូលទៅបាយ។ … ឯកឧត្តម បើចរចាមិនត្រូវគ្នា វ៉ៃគ្នាទៀតទៅ។ ទទួលទានម្ហូបបារាំង ខ្ញុំកំពុងហាន់សាច់។ ខ្ញុំចាប់ផ្ដើមផ្គុំសម និងកាំបិតដាក់ចុះ។ ខ្ញុំថា “បើវ៉ៃគ្នា ២០ ឆ្នាំទៀត ទូលបង្គំទើបនឹងអាយុ ៥៧ ឆ្នាំ”។ តើខ្ញុំចង់និយាយថាម៉េច? ក្រោយពេលខ្ញុំនិយាយភាសាហ្នឹងមួយម៉ាត់ ទាំងព្រះករុណា ទាំងលោកតា សឺន សាន បាត់មាត់ដូចគេចុក អត់និយាយអីតទៅទៀតទាំងអស់ ព្រោះទាំងលោកតា សឺន សាន (អាយុ)ប៉ុណ្ណឹង ទាំងព្រះករុណា(អាយុ)ប៉ុណ្ណឹង។ ខ្ញុំចង់និយាយថា បើវ៉ៃគ្នា ២០ ឆ្នាំទៀត អ្នកទាំងអស់ហ្នឹងងាប់អស់ហើយ សល់តែខ្ញុំទេ។ ព្រោះរឿងហ្នឹងវាពិតអញ្ចឹង។ (អាយុ)ខ្ញុំ ៣៧ ឆ្នាំ, ខៀវ សំផន (អាយុ) ៥៧ ឆ្នាំ, ព្រះករុណាព្រះបិតា (អាយុ) ៦៧ ឆ្នាំ និង(លោកតា) សឺន សាន (អាយុ) ៧៧ ឆ្នាំ នៅឆ្នាំ ១៩៨៩ (អាយុមានលេខ) ៧ ចុងទាំងអស់។
… សូម្បីតែចូលអង្គុយ ក៏ខុសក្បួន ខុសខ្នាត។ ធម្មតាគេធ្វើតាមតួអក្សរ។ ប៉ុន្តែបែរជាអង្គុយតាមអាយុ។ ព្រះករុណា ព្រះនរោត្តម សីហនុ ទៅនៅ Chateau de Fere-en-Tardenois ឯខ្ញុំទៅនៅកូនអូតែលមួយនៅ Soissons ដល់ពេលវាដាច់ហ្វ៊ុយស៊ីបម៉ាស៊ីនកម្ដៅ និយាយថារងា …។ អង្គុយតាមអាយុ គេឲ្យផ្លាកពាក់ គេដាក់ Delegation de Monsieur Hun Sen បានខ្ញុំថា ឯកឧត្តម ពេលដែលខ្ញុំឃើញផ្លាកពាក់កនេះ ខ្ញុំនឹកដល់ពលរដ្ឋរបស់ខ្ញុំ ដែលស្លាប់នៅទួលស្លែង។ មុនគេសម្លាប់ គេថតរូបពាក់ផ្លាក អញ្ចឹងហើយបានខ្ញុំទាមទារថា កន្លែងកាត់ទោស ប៉ុល ពត ពួកខ្មែរក្រហម មិននៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស … គឺត្រូវកាត់ទោសពួកនេះ។ នរណាទាមទារឲ្យកាត់ទោសខ្មែរក្រហមជាងខ្ញុំទៅទៀត។ ឯចំណុចទី ២ ឯកឧត្តមដាក់ខុសហើយ អត់មាន Delegation de Monsieur Hun Sen អញ្ចឹងទេ គឺត្រូវដាក់ «គណៈប្រតិភូអាយុ ៣៧ ឆ្នាំ» បានវាត្រូវ។ កុំថាឯងមហាអំណាច អញកើតនៅស្រុកស្រែក្នុងប្រទេសតូចមួយ អញមិនយល់រឿងហ្នឹង។ … ឥឡូវអត់ដណ្ដើមអីទៀតទេ អស់ហើយ។ ពីដើម ខ្មែរតែងតែចែកគ្នាជានិច្ចតាំងពីឆ្នាំ ១៩៧០ មក អង្គការសហប្រជាជាតិ លន់ នល់ កាន់កាប់, ចលនាមិនចូលបក្សសម្ព័ន្ធ ព្រះនរោត្តម សីហនុ កាន់កាប់។ ដល់ឆ្នាំ ១៩៧៩-១៩៩១ អង្គការសហប្រជាជាតិខ្មែរក្រហមកាន់កាប់ ចលនាមិនចូលបក្សសម្ព័ន្ធទុកកៅអីឲ្យនៅទំនេរ។ ឥឡូវហ្នឹងអត់ទេ របស់ខ្មែរទាំងអស់។ រាជរដ្ឋាភិបាលតែមួយ។ ដោយសារតែយើងមានឯកភាពជាតិ ដូច្នេះអ្វីក៏ជារបស់ខ្មែរ អត់មានដណ្ដើមគ្នាទេ មិនចាំបាច់ Lobby បែងចែកបក្សពួកទេ។
ខ្ញុំមកស្រុកបារាំង មានប្រធានាធិបតីបារាំងទទួល ហ៊ុន សែន ជានាយករដ្ឋមន្រ្តី គ្មាននាយករដ្ឋមន្រ្តី សម រង្ស៊ី ទេ។ ហើយពួកនេះ និយាយថា ឈ្នះរហូតតាំងឆ្នាំ ១៩៩០ ជាង រហូតដល់ឥឡូវនៅតែឈ្នះ។ មិនដឹងមួយថ្ងៃៗ ស្រម៉ៃធ្វើជានាយករដ្ឋមន្រ្តីអង្គុយរបៀបម៉េចទេ ត្រូវគងអន្ទាក់ខ្លាយ៉ាងម៉េចឲ្យវាសមឲ្យស្អី?
កត្តា ៤ ដែលកម្ពុជាចូលជាសមាជិកអាស៊ាន
ប៉ុន្តែឥឡូវខ្ញុំនិយាយរឿងមួយ មានកត្តា ៤ ដែលទាក់ទាញឲ្យកម្ពុជាចូលអាស៊ាន តើមានកត្តាអ្វីខ្លះ? ទី ១ គោលការណ៍មិនចូលជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង នេះជាកត្តាធំដែលទាក់ទាញកម្ពុជាឲ្យចូលទៅក្នុងក្របខណ្ឌអាស៊ាន។ កត្តាទី ២ ស្មារតីសហគមន៍ មានន័យថាម៉េច? អាស៊ានធ្វើការតាមកុងសង់ស៊ីស មិនបែងចែកថាជាប្រទេសធំ ប្រទេសទាប ប្រទេសតូច ប្រទេសក្រ។ បើក្នុងចំណោម ១០ មានតែមួយគត់យល់ព្រម គឺអត់មានអំណាច។ ពេលធ្វើធម្មនុញ្ញអាស៊ាន មានគំនិតផ្ដួចផ្ដើមប្រទេសខ្លះចង់ធ្វើការបោះឆ្នោត។ ខ្ញុំចលនា វៀតណាម ឡាវ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ដើម្បីទប់ស្កាត់កុំឲ្យបោះឆ្នោត។ ខ្ញុំបានប្រាប់នៅក្នុងអង្គប្រជុំថា តែហ៊ានបោះឆ្នោត គឺសំឡេងបែកជា ២ អញ្ចឹងអាស៊ានមិនមែនជាតួអង្គឯកភាពគ្នាទេ ឯកភាពរបស់យើងផ្អែកលើស្មារតីកុងសង់ស៊ីសដែលធ្វើការរាល់ថ្ងៃ។ អញ្ចឹងទេ សូមកុំភ្លេចថា ខ្ញុំតែងតែឲ្យយុវជនរបស់យើង និងមន្រ្តីរបស់យើងប្រើពាក្យ ស្មើភាព និងស្មើសិទ្ធិ។ ពាក្យ ស្មើភាព គឺមិនទាន់គ្រប់គ្រាន់ ស្មើភាពផង និងស្មើសិទ្ធិផង។ ឥណ្ឌូនេស៊ីមាន(ប្រជាជន)ប៉ុន្មានរយលាននាក់ សាំងហ្គាពួជាប្រទេសអ្នកមាន។ យើងអាចមានសិទ្ធិជំទាស់។ បើយើងមិនអូខេហើយ គឺអត់ទេ។ ទី ៣ ទាក់ទងទៅនឹងសមាហរណកម្ម ផលប្រយោជន៍ខាងសេដ្ឋកិច្ច-សង្គម ដែលយើងនឹងទទួលបានពីទំនាក់ទំនងនេះ។ ពេលហ្នឹង យើងចង់នាំមកអឺរ៉ុប យើងចង់នាំទៅអាមេរិក ដើម្បីទទួលបានភាពអនុគ្រោះ គេតម្រូវឲ្យយើងឧបមាថា វិស័យកាត់ដេរ ត្រូវយកកប្បាសនៅក្នុងស្រុក ប៉ុន្តែពេលហ្នឹង គេកំណត់ថា អ្នកឯងហោចបំផុតយកក្រណាត់ក្នុងប្រទេសអាស៊ាន អញ្ចឹងយើងយកក្រណាត់ក្នុងប្រទេសអាស៊ានដេរដើម្បីនាំចេញ។ ឥឡូវ និយាយរួមយើងទទួលបានប្រយោជន៍ច្រើន ជាពិសេសការបណ្ដុះបណ្ដាលធនធានមនុស្ស។ កត្តាទី ៤ ច្រកទ្វារចេញខាងផ្នែកការទូត ដោយសារអី? អាស៊ានមានដៃគូច្រើន មានអាស៊ាន-អឺរ៉ុប អាស៊ាន-អាមេរិក អាស៊ាន-ចិន អាស៊ាន-ជប៉ុន អាស៊ាន-កូរ៉េ អាស៊ាន និងទ្វីបដទៃទៀត ដូច្នេះយើងចូលអាស៊ានមួយ គឺច្រកចេញការទូតរបស់យើងវាធំទូលាយ។ នៅប្រ៊ុចសែល បើសិនជាឃើញរូបភាពហ្នឹង គឺច្បាស់ជាមានមោទនភាព។ ដោយសារអី? កម្ពុជា គឺជាតួអង្គនៃការសម្របសម្រួលរវាងអាស៊ាន-អឺរ៉ុប។ អញ្ចឹងដល់ ពេលប្រជុំអាស៊ី-អឺរ៉ុប កម្ពុជាអង្គុយក្បាលតុក្នុងក្របខណ្ឌជាមេដឹកនាំ(អាស៊ាន) នាយករដ្ឋមន្រ្តីបែលហ្សិក ប្រធានសហគមន៍អឺរ៉ុប និងស្នងការអឺរ៉ុប នាយករដ្ឋមន្រ្តីកម្ពុជា នាយករដ្ឋមន្រ្តីឡាវ ដែលនឹងត្រូវធ្វើប្រធាន អាស៊ានបន្ដ និងប្រធានាធិបតីកូរ៉េខាងត្បូង ដែលជាអ្នកសម្របសម្រួលរវាងអាស៊ី-អឺរ៉ុប ឯយើងជាអ្នកទំនាក់ ទំនងសម្របសម្រួលរវាងអាស៊ាន-អឺរ៉ុប។ អញ្ចឹងទេ កត្តាទាំង ៤ នេះហើយ ដែលទាញកម្ពុជាឲ្យចូលអាស៊ាន។
ខ្ញុំគិតថា បងប្អូនយើងមិនជំទាស់នូវនយោបាយការបរទេស ដែលខ្ញុំបានដឹកនាំលើរឿងនេះទេ។ យើងធ្វើប្រធានអាស៊ាន ២ លើក រួចមកហើយ។ ពិតហើយ លើកក្រោយនេះចម្រូងចម្រាស ប៉ុន្តែឥឡូវបានដៃយើងវិញហើយ។ គេថា មកពីកម្ពុជាសិ្នទ្ធនឹងចិនពេក បានចេញ COC ពីសមុទ្រចិនខាងត្បូងមិនរួច។ ប៉ុន្តែឥឡូវបានដៃខ្ញុំដាក់វិញហើយ … ចុះកាលអ្នកធ្វើប្រធានអាស៊ានមុនកម្ពុជា មាន វៀតណាម និងឥណ្ឌូនេស៊ី ម៉េចក៏ធ្វើមិនឲ្យចេញទៅ? ដល់ក្រោយឆ្នាំ ២០១២ មានប្រ៊ុយណេ ភូមា និងម៉ាឡេស៊ី ម៉េចក៏មិនចេញ? ហ្វ៊ីលីពីនឲ្យយើងប្រកាសទទួលស្គាល់ថា កោះដែលចិនហៅថា កោះ Huangyan គាត់ហៅ Scarborough Shoal ថាជាទឹកដីរបស់ហ្វ៊ីលីពីន។ វៀតណាមឲ្យយើងទទួលស្គាល់សិទ្ធិតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់គាត់។ ប្រធានអាស៊ានមិនមែនជាចៅក្រមកាត់សេចក្ដីឲ្យលោកឯងទេ។ អញ្ចឹងបានជាខ្ញុំថ្លែងនៅទីក្រុងប៉េកាំង វេទិកាសៀងសាន ដែលមានប្រទេសមហាអំណាចយ៉ាងច្រើនចូលរួមនោះ ខ្ញុំថា DOC ត្រូវគោរព ហើយនឹងធ្វើ COC ប៉ុន្តែការចរចាទ្វេភាគីទើបជាការបម្រែបម្រួល ព្រោះអាស៊ានមិនអាចទៅវាស់ដីចែកនោះទេ។ កាលយើងជាមួយថៃ គ្មានអ្នកណាមកបន្តិច ប្រឹងខ្លួនឯងបានមកប៉ុណ្ណឹង។ យើងមិនទាស់ជាមួយថៃប៉ុន្មានដែរ គ្នាក៏កំពុងយ៉ាប់ដែរ ទាស់គ្នា។ ទាស់គ្នាចុះទាស់ឡើង យោធាធ្វើរដ្ឋប្រហារបណ្ដោយ។ នោះហើយនិយមអាមេរិកាំង។ យើងមិនដឹងធ្វើម៉េច រដ្ឋាភិបាលមុនក៏យើងទាក់ទង រដ្ឋាភិបាលក្រោយក៏យើងទាក់ទង។ រឿងផ្ទៃក្នុងរបស់គេ។
… ថ្ងៃនេះ មាននិស្សិតដែលមកពីកម្ពុជា មករៀននៅប្រទេសបារាំង សរុបទាំងអស់ ១០៥ នាក់ រៀននៅទីក្រុងប៉ារីស ៤៣ នាក់ រៀននៅខេត្តលីយ៉ុង ៤២ នាក់ រៀននៅខេត្ត Montpellier ១០ នាក់ ហើយនិងខេត្ត Lille ១០ នាក់។ សរុប ១០៥ នាក់ … មិនស្រួលគេថា ខ្ញុំជួលនិស្សិតមកស្ដាប់។ ថ្ងៃមុនគេឃោសនាថា បើនិស្សិតមិនមកស្ដាប់ គឺ(នឹងត្រូវបាន)កាត់អាហារូបករណ៍។ នៅនេះបដិសេធ ខ្ញុំបានបង្ហោះតាមហ្វេសប៊ុករបស់ខ្ញុំដែរ។ ខ្ញុំគ្មានទំលាប់បែបនេះទេ។ ប៉ុន្តែអ្នកដែលមកនេះ សុទ្ធតែកូនអ្នកក្រីក្រមករៀន។ ខ្ញុំទៅប្រទេសណាក៏ដោយ ខ្ញុំជួបនិសិ្សត ខ្ញុំតែងតែរួមចំណែកផ្ដល់(ថវិកា)។ អញ្ចឹងខ្ញុំផ្ដល់ឲ្យនិស្សិតចំនួន ១០៥ នាក់នេះ ដែលស្ថានទូតមានឈ្មោះនេះ ក្នុងម្នាក់ៗ ៣០០ ដុល្លារសហរដ្ឋអាមេរិក។ … នេះជាភ័ព្វសំណាងហើយ ដែលខ្ញុំមិនមករៃអង្គាសដូចបក្សដទៃ។ គ្រាន់តែមកស្ដាប់ខ្ញុំ។ ខ្ញុំមិនបានទារលុយអីទេ។ សូមអរគុណណាស់ដែលបានមកជួបជុំនេះ។ អរគុណសមាជិក សមាជិកាគណបក្សប្រជាជន អរគុណអ្នកគាំទ្រការដឹកនាំរបស់ខ្ញុំ ដែលបានមកទីនេះ៕