ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន
ឯកឧត្តម លោកជំទាវ លោក លោកស្រី!
ខ្ញុំពិតជាមានកិត្តិយស និងសេចក្តីសោមនស្សក្រៃលែងបានចូលរួមនៅក្នុងពិធីបើកសន្និសីទពិសេស នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយប្រចាំតំបន់អាស៊ី (ICAPP) ស្តីពីពិធីបើកសន្និសីទពិសេស នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយប្រចាំតំបន់អាស៊ី (ICAPP) ស្តីពីការសាងសង់ឡើងវិញនៃវិថីសូត្រ ក្រោមមូលបទ ចក្ខុវិស័យថ្មីនៃវិថីសូត្រ សកម្មភាពដើម្បីការអភិវឌ្ឍរួម ដែលប្រារព្ធឡើងក្នុងថ្ងៃនេះ នៅទីក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិនការសាងសង់ឡើងវិញនៃវិថីសូត្រ ក្រោមមូលបទ ចក្ខុវិស័យថ្មីនៃវិថីសូត្រ សកម្មភាពដើម្បីការអភិវឌ្ឍរួម ដែលប្រារព្ធឡើងក្នុងថ្ងៃនេះ នៅទីក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន។ ខ្ញុំសូមសំដែងអំណរគុណយ៉ាងស្មោះអស់ពីដួងចិត្តចំពោះសន្និសីទអន្តរជាតិនៃគណបក្សនយោបាយប្រចាំតំបន់អាស៊ី និងគណៈកម្មាធិការកណ្តាលនៃបក្សកុម្មុយនីសចិនដែលបានផ្តួចផ្តើមគំនិតរៀបចំសន្និសីទនេះឡើង និងបានអញ្ជើញរូបខ្ញុំមកចូលរួម។ ជាមួយគ្នានេះដែរ ខ្ញុំក៏សូមថ្លែងអំណរគុណ ជាពិសេសចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្តល់ការស្វាគមន៍យ៉ាងកក់ក្តៅដល់រូបខ្ញុំ និងគណៈប្រតិភូកម្ពុជាក្នុងអំឡុងពេលស្នាក់នៅលើទឹកដីនៃសាធារណរដ្ឋប្រជាមានិតចិន។
ប្រធានបទសម្រាប់ការពិភាក្សានៃអង្គសន្និសីទ គឺពិតជាមានសារៈសំខាន់ជាខ្លាំងសម្រាប់ការអភិវឌ្ឍ នៃពិភពលោកនាពេលបច្ចុប្បន្ន នៅក្នុងបរិការណ៍នៃការកើនឡើងឥតឈប់ឈរនៃចរន្តសកលភាវូបនីយកម្ម ដែលជាលទ្ធផលនៃអន្តរជាតិនីយកម្មនៃខ្សែចង្វាក់ផលិតកម្ម និងការកើនឡើងនៃពាណិជ្ជកម្ម។ ជាប្រវត្តិសាស្រ្ត ជាង ២០០០ ឆ្នាំកន្លងមក ប្រជាជននៅទ្វីបអាស៊ី-អឺរ៉ុប បានធ្វើការដោះដូរទំនិញ តាមរយៈច្រកពាណិជ្ជកម្មមួយចំនួន ដែលតភ្ជាប់ទ្វីបអាស៊ី អឺរ៉ុប និងអាហ្រ្វិកដែលអ្នកជំនាន់ក្រោយស្គាល់ថាជា «វិថីសូត្រ»។ បណ្តាប្រទេសទាំងតូច ទាំងធំ បានទទួលផលប្រយោជន៍យ៉ាងច្រើនពីវិថីសូត្រ ដែលជានិមិត្តរូបនៃសន្តិភាព កិច្ចសហប្រតិបត្តិការ ការបើកចំហ បរិយាប័ន្ន និងការចែករំលែកការរៀនសូត្រ និងការយល់ដឹងពីគ្នាទៅវិញទៅមក ដើម្បីការរីកចម្រើនរួម។
លើមូលដ្ឋាននៃប្រវត្តិសាស្រ្តដ៏យូរលង់នេះ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមដាក់ចេញដោយឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង កាលពីឆ្នាំ ២០១៣ ក្នុងការធ្វើឲ្យរស់ឡើងវិញនូវ «វិថីសូត្រ» នេះ តាមរយៈទស្សនាទាន «ក្រវ៉ាត់សេដ្ឋកិច្ចនៃវិថីសូត្រថ្មី» រួមជាមួយនឹងគម្រោងពាក់ព័ន្ធផ្សេងទៀត ពិសេសគឺ «វិថីសូត្រសមុទ្រសតវត្សរ៍ទី ២១» ក្នុងគោលបំណងលើកកម្ពស់ទំនាក់ទំនង និងការតភ្ជាប់សេដ្ឋកិច្ច និងពាណិជ្ជកម្ម ឲ្យកាន់តែប្រសើរឡើងទាំងក្នុងក្របខណ្ឌតំបន់ ក៏ដូចជាអន្តរជាតិ ទាំងដែនគោក និងទាំងដែនសមុទ្រ។ ប្រទេសជាច្រើន ដែលស្ថិតនៅក្នុងរង្វង់នៃក្រវ៉ាត់សេដ្ឋកិច្ចនៃវិថីសូត្រនេះ ទាំងប្រទេសដែលគ្មានដែនសមុទ្រ និងប្រទេសមានដែនសមុទ្រ សុទ្ធតែរំពឹងថា នឹងអាចទទួលបាននូវផលប្រយោជន៍យ៉ាងច្រើនពីគម្រោងនេះ។ ការផ្តួចផ្តើម គំនិតដ៏ប្រពៃនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់ប្រទេសចិន ដើម្បីបើកចំហ និងលើកកម្ពស់ការតភ្ជាប់ឱ្យកាន់តែរឹងមាំ ដោយផ្តោតលើគោលការណ៍ ៥ សំខាន់ៗ រួមមាន ៖ ការសម្របសម្រួលគោលនយោបាយ ការសម្របសម្រួលការតភ្ជាប់ ការធ្វើពាណិជ្ជកម្មដោយសេរី ការធ្វើសមាហរណកម្មហិរញ្ញវត្ថុ និងការចងសម្ព័ន្ធភាពរវាងប្រជាជន និងប្រជាជន។
ជាមួយនឹងគោលការណ៍ការតភ្ជាប់ទាំង ៥ ដែលបានរៀបរាប់ខាងលើ គំនិតផ្តួចផ្តើមក្នុងការបង្កើតវិថីសូត្រនេះ ត្រូវបានរំពឹងថា នឹងមិនត្រឹមតែចូលរួមចំណែកក្នុងសន្តិភាព និងសន្តិសុខលើពិភពលោក និងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ តាមរយៈការដោះដូររវាងប្រជាជន និងប្រជាជននោះទេ តែក៏ជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់ថ្មីមួយទៀត សម្រាប់គាំទ្រសកម្មភាពពាណិជ្ជកម្ម និងវិនិយោគ ក៏ដូចជាសម្រាប់ការកាត់បន្ថយគម្លាតនៃការអភិវឌ្ឍ រវាងតំបន់អភិវឌ្ឍន៍ខ្ពស់នានាតាមឆ្នេរ និងតំបន់ដីគោក ដែលមិនសូវមានការអភិវឌ្ឍនៅក្នុងប្រទេសចិនថែមទៀតផងដែរ។ កត្តាទាំងនេះ នឹងផ្តល់ជាកាលានុវត្តភាពដល់កំណើនខ្ពស់ប្រកបដោយចីរភាព ដែលពឹងផ្អែកលើការនាំចេញ និងការវិនិយោគផ្ទាល់ពីបរទេស ព្រមទាំងជំរុញនូវការអភិវឌ្ឍដែលមានបរិយាប័ន្ន និងសមធម៌។ ដូច្នេះ ជាលទ្ធផលនៃការអនុវត្ត គេអាចរំពឹងទុកថា គម្លាត និងវិសមភាពនៃការអភិវឌ្ឍរបស់បណ្តាប្រទេស ដែលស្ថិតនៅក្នុងវិសាលភាពនៃគម្រោងដ៏ធំនេះ និងត្រូវបានកាត់បន្ថយប្រកបដោយប្រសិទ្ធិភាព។
ចំណែកខាងវិសាលភាពវិញ ក៏មានការរំពឹងទុកដែរថា គម្រោងវិថីសូត្រនេះ នឹងតភ្ជាប់បណ្តាប្រទេសជាច្រើន ដែលតំណាងឱ្យ ៥៥ ភាគរយ នៃផលិតកម្មជាតិដុលរបស់ពិភពលោកទាំងមូល, ៧០ ភាគរយ នៃប្រជាជនពិភពលោក និង ៧៥ ភាគរយ នៃស្តុកថាមពលបម្រុងលើពិភពលោក។ ដោយសារតែវិសាលភាពដ៏ធំទូលាយបែបនេះ ការអនុវត្តឱ្យសម្រេចបានទាំងស្រុងនូវគម្រោងទាំងនេះ នឹងត្រូវចំណាយពេលវេលាយូរ ដែលត្រូវបានប៉ាន់ស្មាន ក្នុងចន្លោះពី ៣០ ទៅ ៣៥ ឆ្នាំ រហូតដល់ឆ្នាំ ២០៤៩ ដែលជាឆ្នាំនៃប្រារព្ធខួបលើកទី ១០០ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។ ហេតុដូចនេះ ខ្ញុំសូមលើកទឹកចិត្តជំរុញឱ្យមានការចូលរួមដ៏សកម្មអំពីសំណាក់បណ្តាប្រទេស ដែលពាក់ព័ន្ធនៅក្នុងវិថីសូត្រនេះ ដើម្បីជាកម្លាំងរួមក្នុងការរុញច្រានគម្រោងដ៏ធំនេះ ឲ្យមានសន្ទុះលឿនឈានទៅរកការសម្រេចបានទាំងស្រុងយ៉ាងឆាប់រហ័សតាមតែអាចធ្វើទៅបាន។
ឆ្លៀតឱកាសនេះ ខ្ញុំសូមអនុញ្ញាតលើកឡើងដោយសង្ខេបអំពីដំណើរអភិវឌ្ឍន៍កម្ពុជានាពេលថ្មីៗនេះ។ ការសម្រេចបាននូវសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ សន្តិសុខ និងការរួបរួមជាតិ តាមរយៈគោលនយោបាយ «ឈ្នះ–ឈ្នះ» របស់រាជរដ្ឋាភិបាលកម្ពុជានៅចុងទស្សវត្សរ៍ឆ្នាំ ១៩៩០ បានបង្កើតឡើងនូវកាលានុវត្តភាពដែលមិនធ្លាប់មានពីមុនមក សម្រាប់ការកែទម្រង់ក្នុងគ្រប់វិស័យ ដែលធ្វើឲ្យសាធារណជនកាន់តែមានជំនឿ និងទុកចិត្តជាងមុន ជាពិសេសវិស័យឯកជន ទាំងក្នុងស្រុក និងក្រៅស្រុក ក្នុងការដាក់ទុនវិនិយោគរបស់ខ្លួននៅកម្ពុជា ដែលនិន្នាការនេះកំពុងតែបន្តក្នុងស្ថានភាពរឹងមាំ។ លទ្ធផលទាំងនេះ សម្រេចបានដោយសារកត្តាជាច្រើន ពិសេសស្ថិរភាពនយោបាយ សន្តិសុខល្អប្រសើរ ភាពកាន់តែប្រសើរឡើងនៃបរិយាកាសវិនិយោគ កម្លាំងពលកម្មវ័យក្មេង ដែលមានចំនួនច្រើន និងមានតម្លៃសមរម្យ ការផ្តល់កូតា និងការលើកលែងពន្ធពីទីផ្សារធំៗ និងការរីកលូតលាស់នៃទំហំទីផ្សារ ដែលបណ្តាលមកពីការកើនឡើងនៃចំណូល និងសមាហរណកម្មសេដ្ឋកិច្ច។ ជាក់ស្តែង នៅក្នុងរយៈកាល ២ ទសវត្សរ៍ចុងក្រោយនេះ សេដ្ឋកិច្ចកម្ពុជាសម្រេចបានកំណើនជាមធ្យមប្រមាណ ៧,៧ % ក្នុងមួយឆ្នាំ ដែលត្រូវបានធនាគារពិភពលោកចាត់ទុកជាប្រទេសទី ៦ ក្នុងចំណោម ឯកទគ្គករកំណើន ទាំង ៨ នៅលើសកលលោក។ លើមូលដ្ឋាននេះ អត្រាភាពក្រីក្រ ត្រូវបានកាត់បន្ថយពី ៥៣,២% នៅឆ្នាំ ២០០៤ មកត្រឹម ១៣,៥% នៅឆ្នាំ ២០១៤ ដែលធ្វើឲ្យកម្ពុជាទទួលបានចំណាត់ថ្នាក់ជាប្រទេសជោគជ័យបំផុតទី ៤ លើពិភពលោក ក្នុងការកាត់បន្ថយភាពក្រីក្រ។
ដើម្បីធានាចីរភាពនៃកំណើនខ្ពស់នេះ រាជរដ្ឋាភិបាលបានបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច ដែលក្នុងពេលបច្ចុប្បន្ន ពឹងផ្នែកលើវិស័យមួយចំនួនតូចដូចជា វិស័យកាត់ដេរ ទេសចរណ៍ សំណង់ និងអចលនទ្រព្យ ព្រមទាំងវិស័យកសិកម្ម។ ដើម្បីសម្រេចកិច្ចការនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវ គោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្ម ២០១៥-២០២៥ ដែលនឹងដើរតួនាទីជាយុទ្ធសាស្ត្រកំណើន ថ្មីរបស់កម្ពុជា ក្នុងការបន្តលើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្នក្នុងរយៈពេលវែង។
ជាទស្សនវិស័យនៃកំណើនសម្រាប់រយៈពេលវែង កម្ពុជាកំពុងតែឈោងឆ្ពោះទៅចាប់យកនូវកាលានុវត្តភាពថ្មីៗចំពោះមុខ រួមមាន ការចូលមកដល់នៃសហគមន៍សេដ្ឋកិច្ចអាស៊ានក្នុងដំណាច់ឆ្នាំនេះ ការបង្កើតឡើងនូវធនាគារអភិវឌ្ឍថ្មី ដោយបណ្តាប្រទេស BRICS ការបង្កើតធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដែលកម្ពុជាជាសមាជិកស្ថាបនិកមួយនៅក្នុងនេះដែរ ព្រមទាំងផ្តួចផ្តើមគំនិតរបស់ប្រទេសចិន ស្តីពី «ក្រវាត់សេដ្ឋកិច្ច និងវិថីសូត្រ» ព្រមទាំងគម្រោង និងមូលនិធិពាក់ព័ន្ធនានា ជាអាទិ៍មូលនិធិវិថីសូត្រ (Silk Road Fund) មូលនិធិសហប្រតិបត្តិការដែនសមុទ្រចិន-អាស៊ាន (China-ASEAN Maritime Cooperation Fund) ។ល។ បន្ថែមលើនេះ ក្នុងទិសដៅធានាទទួលបាននូវផលប្រយោជន៍សមស្របពីគំនិតផ្តួចផ្តើម «ក្រវាត់សេដ្ឋកិច្ច និងវិថីសូត្រ» នេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានប្រកាន់នូវជំហរបុរេសកម្ម ក្នុងការសម្របសម្រួលរវាងគំនិតផ្តួចផ្តើមនេះ ជាមួយនឹង «យុទ្ធសាស្ត្រចតុកោណ» «ផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ» ព្រមទាំងឯកសារចក្ខុវិស័យអភិវឌ្ឍន៍ប្រទេស សម្រាប់រយៈពេលវែងរបស់យើងផងដែរ។
កម្ពុជា និងបណ្តាប្រទេសតាមបណ្តោយដងទន្លេមេគង្គ មានចំណងទាក់ទងដ៏យូរលង់មកហើយជាមួយ ប្រទេសចិន។ យើងទាំងអស់គ្នាបានទទួលផលប្រយោជន៍ជាអនេកពីទន្លេមេគង្គ ដែលតាមរយៈនេះ យើងក៏បានចែករំលែកផងនូវសន្តិភាព សន្តិសុខ ស្ថិរភាព រួមទាំងប្រវត្តិសាស្ត្រ និងវាសនារួមគ្នា។ ទន្លេមេគង្គផ្តល់ទឹកដ៏មានសារៈប្រយោជន៍ និងដីដ៏មានជីវជាតិ ដែលអាចបម្រើផលប្រយោជន៍ជាជង្រុកសម្រាប់ធានាបានសុវត្ថិភាពស្បៀងនៅក្នុងតំបន់។ ភាពសម្បូរបែបនៃមរតកវប្បធម៌ និងធម្មជាតិ បានផ្តល់នូវឱកាស និងតម្លៃសម្រាប់ការតភ្ជាប់រវាងប្រជាជន និងប្រជាជន និងការចែករំលែកវប្បធម៌ជាមួយគ្នាដែលអាចផ្សព្វផ្សាយបានវែងឆ្ងាយដោយវិថីសូត្រ។ មានពាក្យសុភាសិតចិនដ៏ល្បីល្បាញមួយបានលើកឡើងថា «ដំណើររាប់ពាន់ជំហានដែលសម្រេចដល់គោលដៅបាន គឺត្រូវតែចាប់ផ្តើមពីជំហានដំបូងដែលប្រកបដោយជោគជ័យ»។ ក្នុងន័យនេះ កិច្ចសហប្រតិបត្តិការនៃតំបន់ទន្លេមេគង្គ អាចជាជំហានជោគជ័យដំបូងមួយនៃទស្សនាទាន «ក្រវាត់សេដ្ឋកិច្ច និងវិថីសូត្រ»។ ដូចនេះ តំបន់នេះគួរតែមានឥទ្ធិពលនៅក្នុងការពិចារណារបស់យើង ក្នុងការជម្រុញអនុវត្តគំនិតផ្តួចផ្តើមនេះ។ ខណៈទន្លេមេគង្គបាន និងកំពុងតែបន្តផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់បណ្តាប្រទេសពាក់ព័ន្ធ ខ្ញុំរំពឹងថា សាធារណរដ្ឋប្រជាមានិតចិន នឹងផ្តល់អាទិភាពពិសេសដល់ការអភិវឌ្ឍអាងទន្លេមេគង្គ នៅក្នុងបរិការណ៍នៃការអនុវត្តគំនិតផ្តួចផ្តើមវិថីសូត្រនេះ ដើម្បីវឌ្ឍនភាព និងវិបុលភាពរួមគ្នា។
សរុបសេចក្តីមកវិញ កម្ពុជាសូមសំដែងនូវអំណរសាទរអស់ពីដួងចិត្ត និងការគាំទ្រពេញទំហឹងចំពោះ សាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្តួចផ្តើមដាក់ចេញនូវទស្សនទាន «វិថីសូត្រ» នេះ ដើម្បីគោលដៅសន្តិភាព សន្តិសុខ ការតភ្ជាប់ កិច្ចសហប្រតិបត្តិការ និងវិបុលភាពចម្រើនរុងរឿងនៃបណ្តាប្រទេសនៅក្នុងតំបន់ដែលមានវិសាលភាពដ៏ធំទូលាយ។ ក្នុងឋានៈជាសមាជិកនៃគ្រួសារមហាអនុតំបន់មេគង្គ និងនៃសហគមន៍អាស៊ាន កម្ពុជាមានការបេ្តជ្ញាចិត្តមោះមុត ក្នុងការរួមចំណែកជាមួយនឹងគ្រប់បណ្តាប្រទេសពាក់ព័ន្ធ ដើម្បីជម្រុញអនុវត្តគម្រោងនានា ក្នុងក្របខណ្ឌនៃគំនិតផ្តួចផ្តើម «ក្រវាត់សេដ្ឋកិច្ច និងវិថីសូត្រ» នេះ ឲ្យក្លាយជាការពិត សំដៅសម្រេចឲ្យបាននូវ «សតវត្សរ៍ និងក្តីស្រម៉ៃអាស៊ី» (Asian Dreams And Century) ដែលជាបំណងប្រាថ្នារួមរបស់យើងទាំងអស់គ្នា។
ជាទីបញ្ចប់ ខ្ញុំសូមប្រសិទ្ធពរជ័យជូនឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកចូលរួម និងប្រិយមិត្តជាទីរាប់អានទាំងអស់គ្នា សូមបានប្រកបដោយសុខភាពល្អ និងជ័យជំនះ នៅក្នុងគ្រប់កិច្ចប្រឹងប្រែងរបស់ខ្លួន។ ជាមួយគ្នានេះ ខ្ញុំក៏សូមជូនពរដល់អង្គសន្និសីទពិសេស នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយប្រចាំតំបន់អាស៊ី (ICAPP) លើប្រធានបទស្តីពី «ការសាងសង់ឡើងវិញនូវវិថីសូត្រ» នេះ ឲ្យទទួលបានជោគជ័យត្រចះត្រចង់៕