ឯកឧត្តម ទៀន គ័រលី ប្រធាននៃធនាគារចិន
ឯកឧត្តម ជិន ស៊ីជីង នាយកប្រតិបត្តិនៃធនាគារចិន
ឯកឧត្តម លី ជូន នាយកត្រួតពិនិត្យនៃធនាគារចិន
ឯកឧត្តម លោកជំទាវ លោក លោកស្រី!
ថ្ងៃនេះខ្ញុំមានសេចក្តីសោមនស្ស ដោយបានចូលរួមជាអធិបតីក្នុងពិធីបើក «កម្មវិធីសហប្រតិបត្តិការ និង ការ ផ្លាស់ប្តូរហិរញ្ញវត្ថុជាតិ» ដ៏មានសារៈសំខាន់។ ឆ្លៀតក្នុងឱកាសនេះ តាំងនាមឲ្យរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារចិន ដែលបានរៀបចំកម្មវិធីនេះឡើង ហើយបានផ្តល់ឱកាសជូនដល់មន្ត្រីរាជការកម្ពុជា មកសិក្សាក្រេបជញ្ជក់ចំណេះវិជ្ជា និងបទពិសោធន៍ពីប្រទេសចិន។ ជាការពិត កម្មវិធីនេះក៏មានសារៈសំខាន់ផងដែរ សម្រាប់ចែករំលែកបទពិសោធន៍ និងចំណេះដឹង ក្នុងចំណោមអ្នកតាក់តែង និងអ្នកអនុវត្តគោលនយោបាយរបស់យើង ព្រមទាំងសម្រាប់ការពង្រឹងចំណង ទាក់ទងរវាងប្រទេសយើងទាំងពីរ កម្ពុជា និងចិន។ បន្ថែមលើនេះ កម្មវិធីនេះរឹតតែសមស្របថែមទៀត សម្រាប់កិច្ចសហប្រតិបត្តិការរបស់យើងក្នុងក្របខណ្ឌនៃសមាហរណកម្មសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងតំបន់ ដែលមានការរីកចម្រើនឆាប់រហ័សឥតឈប់ឈរ។
បច្ចុប្បន្នកំណើនសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមនឹងការធ្លាក់ចុះ ដោយសារការងើបឡើងវិញយឺត នៃសេដ្ឋកិច្ចប្រទេសជឿនលឿន និងការបន្តថមថយនៃសេដ្ឋកិច្ចកំពុងលូតលាស់ថ្មី។ ខណៈដែលសេដ្ឋកិច្ចរបស់ប្រទេសកំពុងជឿនលឿន ត្រូវជួបប្រឈមនឹងសេចក្តីត្រូវការក្នុងស្រុកទាប សេដ្ឋកិច្ចកំពុងលូតលាស់ថ្មី ក៏រងការប៉ះពាល់ពីការនាំចេញទាបជាងមុនផង និងការធ្លាក់ចុះនៃវិនិយោគផង។ ដោយឡែក តំបន់ចាយប្រាក់អឺរ៉ូ ទទួលឥទ្ធិពលចម្បងពីកំណើនសេដ្ឋកិច្ចទាបរបស់ប្រទេសអាឡឺម៉ង់។ ចំពោះចិនវិញ កំណើនសេដ្ឋកិច្ចក៏បានបង្ហាញសញ្ញានៃការថមថយខ្លះ ដែលបណ្តាលមកពីការធ្លាក់ចុះនៃការវិនិយោគ បន្ទាប់ពីការកែតម្រូវនៅក្នុងវិស័យអចលនទ្រព្យ ផ្នែកលំនៅដ្ឋាន។
ក្នុងបរិការណ៍តំបន់ និងពិភពលោកបែបនេះ ខ្ញុំយល់ថា យើងពិតជាមានតម្រូវការដ៏ចាំបាច់ ក្នុងការបង្កើន ល្បឿននៃសមាហរណកម្ម និងការតភ្ជាប់តំបន់ ដើម្បីជាមធ្យោបាយថ្មីមួយសម្រាប់រុញច្រានកំណើនសេដ្ឋ កិច្ច។ ក្នុងបរិការណ៍នេះ កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ គឺជាផ្នែកមួយសំខាន់ខ្វះមិនបាន។ កិច្ចដំណើរការ រួមគ្នាដោយរលូន និងដោយស៊ីចង្វាក់គ្នា រវាងប្រព័ន្ធរូបិយវត្ថុ និងប្រព័ន្ធហិរញ្ញវត្ថុ គឺជាការចាំបាច់សម្រាប់ ធានាប្រសិទ្ធិភាព ទាំងក្នុងការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធិភាពផង និងទាំងក្នុងការចាត់ ចែងបែងចែកធនធានសម្រាប់ការអភិវឌ្ឍផងដែរ។ ជាការពិត អាស៊ានបានធ្វើកិច្ចការយ៉ាងជិតស្និទ្ធជាមួយ ដៃគូបូកបី ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុនេះ ហើយសម្រេចបានលទ្ធផលគួរឲ្យកត់សម្គាល់មួយចំនួន រួមមានជាអាទិ៍ ការអភិវឌ្ឍទីផ្សារមូលធន សេរីភាវូបនីយកម្មសេវាកម្មហិរញ្ញវត្ថុ វេទិកាទីផ្សារមូលធនអាស៊ាន និងយន្តការហិរញ្ញប្បទាន ហេដ្ឋារចនាសម្ព័ន្ធអាស៊ាន។ល។ យើងក៏បាន បង្កើតឲ្យមានការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូកបី ដែលមានភារកិច្ចចម្បង ក្នុងការចូលរួមតាមដាន និងវិភាគសេដ្ឋកិច្ចក្នុងតំបន់ផង និងបំពេញតួនាទីជាសេនាធិការបច្ចេកទេស សម្រាប់យន្តការពហុភាវូបនីយកម្មគំនិតផ្តួចផ្តើមឈៀងម៉ៃផង។ ក្នុងឋានៈជាសេដ្ឋកិច្ចធំជាងគេលំដាប់ទី ២ លើសកលលោក សាធារណរដ្ឋប្រជាមានិតចិន មិនត្រឹមតែកំពុងដើរតួនាទីសំខាន់នៅក្នុងនិម្មាបនកម្មហិរញ្ញវត្ថុតំបន់ប៉ុណ្ណោះទេ តែក៏មានឥទ្ធិពលកាន់តែធំឡើងក្នុងកម្រិតសកលផងដែរ។ ក្នុងន័យនេះ ខ្ញុំគិតថា «កម្មវិធីសហប្រតិបត្តិការ និងការផ្លាស់ប្តូរហិរញ្ញវត្ថុអន្តរជាតិ៖ ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ» នេះក៏ជាការរួមចំណែកមួយដ៏សំខាន់ដែរ នៅក្នុងការខិតខំជំរុញឱ្យសម្រេចចេញជារូបរាងឡើង នៅក្នុងការអនុវត្តជាក់ស្តែងនូវគំនិតផ្តួចផ្តើម «ខ្សែក្រវ៉ាត់សេដ្ឋកិច្ច និងផ្លូវសូត្រ» របស់ចិន ដែលនឹងក្រសោបតភ្ជាប់នូវបណ្តាញសេដ្ឋកិច្ច និងពាណិជ្ជកម្មដ៏ធំទូលាយ ដោយរួមបញ្ចូលនូវទ្វីបអាស៊ី អឺរ៉ុប និងអាហ្រ្វិកផងដែរ។
ចំពោះសេដ្ឋកិច្ចកម្ពុជាវិញ នៅឆ្នាំ ២០១៤ យើងសម្រេចបានកំណើនក្នុងអាត្រា ៧,១ ភាគរយ ដែលកំណើននេះទ្រទ្រង់ដោយសមិទ្ធកម្មដ៏ខ្លាំងក្លាក្នុងវិស័យឧស្សាហកម្ម និងវិស័យសេវាកម្ម ខណៈ
ដែលវិស័យកសិកម្មមានកំណើនមិនសូវខ្ពស់។ សម្រាប់ឆ្នាំ ២០១៥ កំណើនសេដ្ឋកិច្ច ត្រូវបានរំពឹងទុកពីដើមឆ្នាំមកថានឹងសម្រេចបាននៅក្នុងរង្វង់ប្រមាណ ៧ %។ យ៉ាងណាមិញ ស្ថានភាពមិនសូវល្អនៃសេដ្ឋកិច្ចពិភពលោក និងនិន្នាការថមថយនៃកំណើនសេដ្ឋកិច្ចតំបន់ គួបផ្សំនឹងស្ថានភាពអាកាសធាតុមិនសូវល្អសម្រាប់វិស័យកសិកម្ម កំពុងតែដាក់ចេញនូវបញ្ហាប្រឈមមួយចំនួនសម្រាប់ការធានាបាននូវកំណើនសេដ្ឋកិច្ចក្នុងអត្រា ៧ % ក្នុងឆ្នាំ ២០១៥ ដែលតាមការព្យាករចុងក្រោយ គឺកំណើនក្នុងឆ្នាំនេះ អាចមានក្នុងកម្រិតក្រោម ៧ % បន្តិចបន្តួច។
យ៉ាងណាក៏ដោយ ជារួម ទស្សនវិស័យនៃកំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់រយៈពេលមធ្យមខាងមុខនៅតែ មានលក្ខណៈប្រសើរ។ បន្ថែមលើនេះ ក្នុងទិសដៅផ្តល់ការគាំទ្រ និងលើកស្ទួយកាន់តែខ្លាំងក្លាឡើងដល់ សកម្មភាពសេដ្ឋកិច្ច និងការវិនិយោគ រាជរដ្ឋាភិបាលកម្ពុជាកំពុងតែជំរុញអនុវត្តយ៉ាងសកម្មនូវយុទ្ធសាស្រ្តកំណើនថ្មីរបស់ខ្លួន តាមរយៈគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ២០១៥-២០២៥ ដោយផ្តោតអាទិភាពទៅលើការអភិវឌ្ឍធនធានមនុស្ស ការបន្តវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការធ្វើឲ្យកាន់តែប្រសើរឡើងនូវការសម្រួលពាណិជ្ជកម្ម ព្រមទាំងការទាក់ទាញការវិនិយោគក្នុងវិស័យដែលបង្កើតតម្លៃបន្ថែមខ្ពស់ ទន្ទឹមនឹងការបន្តខិតខំអភិវឌ្ឍវិស័យកសិកម្មថែមទៀត ពិសេសតាមរយៈការជំរុញលើកកម្ពស់ផលិតភាព និងការអនុវត្តគោលនយោបាយពាណិជ្ជូបនីយកម្មក្នុងវិស័យកសិកម្ម។
ខ្ញុំក៏សូមយកឱកាសនេះផងដែរ ដើម្បីថ្លែងអំណរគុណដល់ប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនចំពោះការគាំទ្រដ៏សប្បុរសនានាដល់កម្ពុជា។ ចិន គឺជាកល្យាណមិត្តរបស់កម្ពុជាក្នុងគ្រប់កាលៈទេសៈ។ បើគ្មានការឧបត្ថម្ភគាំទ្រពីមិត្តចិនទេ ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជាពិតជាមិន អាចមានភាពជោគជ័យដូចសព្វថ្ងៃនេះទេ។ ចិនបាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ដោយបានក្លាយខ្លួនជាដៃគូពាណិជ្ជកម្មដ៏សំខាន់ ជាប្រភពនៃការវិនិយោគផ្ទាល់ដ៏ធំ និងជាអ្នកផ្តល់ជំនួយអភិវឌ្ឍន៍ និងកម្ចីសម្បទានធំជាងគេដល់កម្ពុជា។ ជំនួយអភិវឌ្ឍន៍ទាំងអស់ពីសំណាក់មិត្តចិន មិនត្រឹមតែបានចូលរួមវិភាគទានដ៏សំខាន់ដល់ការអភិវឌ្ឍកម្ពុជាប៉ុណ្ណោះទេ តែថែមទាំងជួយពង្រឹងភាព ជាម្ចាស់ និងឯករាជ្យភាពរបស់កម្ពុជាទៀតផង។
មុននឹងបញ្ចប់ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមថ្លែងអំណរគុណជាថ្មីម្តងទៀតដល់ធនាគារចិន ចំពោះការ ចូលរួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងប្រទេស និងប្រជាជនយើងទាំងពីរ ក៏ដូចជាការចូលរួមវិភាគទានដល់ការរីកលូតលាស់របស់កម្ពុជា។ ជាមួយគ្នានេះ ខ្ញុំមានជំនឿថា កម្មវិធីកិច្ចសហប្រតិបត្តិការនេះ ពិតជានឹងចូលរួមវិភាគទានដ៏មានតម្លៃថែមទៀតដល់ការលើកកម្ពស់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេស និងប្រជាជនយើងទាំងពីរ ដើម្បីផលប្រយោជន៍រួមទៅវិញទៅមក។
ក្នុងស្មារតីនេះ ខ្ញុំសូមជូនពរកម្មវិធីនេះ ឱ្យទទួលបានជោគជ័យត្រចះត្រចង់ និងសូមជូនពរដល់ភ្ញៀវកិត្តិយស និងអ្នកចូលរួមទាំងអស់ សូមប្រកបដោយសុខភាពល្អ និងទទួលបានជោគជ័យក្នុងការងារ។