ឯកឧត្តម ហូ ហួវ៉ា អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន និងជាប្រធាននៃវេទិកាសេដ្ឋកិច្ចទេស ចរណ៍សកលម៉ាកាវ ឆ្នាំ ២០១៥
ឯកឧត្តម ជូ សៃ អន នាយកប្រតិបត្តិតំបន់រដ្ឋបាលពិសេសម៉ាកាវ
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាទីមេត្រី!
ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមសម្តែងនូវការអបអរសាទរ និងការគាំទ្រដោយស្មោះចំពោះ «វេទិកាសេដ្ឋកិច្ចទេសចរណ៍សកលម៉ាកាវលើកទី ៤ ឆ្នាំ ២០១៥» ដែលត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធមជាមួយនឹងការរៀបចំល្អឥតខ្ចោះ នៅទីក្រុងម៉ាកាវនៃសាធារណរដ្ឋប្រជាមានិតចិន។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តម ហូ ហួវ៉ា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានអញ្ជើញខ្ញុំចូលរួមក្នុងវេទិកាដ៏មានសារៈសំខាន់នេះ។
ជាច្រើនឆ្នាំកន្លងមកនេះ ស្របគ្នានឹងការរីកចម្រើនជាប្រចាំផ្នែកសេដ្ឋកិច្ច តំបន់អាស៊ីយើងសម្រេចបាននូវការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅ ដោយបានក្លាយជាមជ្ឈមណ្ឌលពហុវប្បធម៌សំខាន់មួយ ដែលប្រជាជនទូទាំងពិភពលោកចង់ឃើញ និងចង់ស្វែងយល់។ ប្រធានបទនៃវេទិកាលើកនេះស្តីពី «គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងវិថី ដើម្បីបើកផ្លូវឲ្យមានជវភាពថ្មីសម្រាប់វិស័យទេសចរណ៍វប្បធម៌» (Belt and Road Initiative Unleashing the New Dynamics of Cultural Tourism) គឺពិតជាមានសារៈសំខាន់ និងសមស្របបំផុត ដែលមិន ត្រឹម តែឆ្លុះបញ្ចាំងពីការអភិវឌ្ឍ ដែលផ្សារភ្ជាប់វប្បធម៌ជាមួយនឹងវិស័យទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការ និងសមាហរណកម្មជិតស្និទ្ធរវាងបណ្តាប្រទេសជុំវិញពិភពលោក ដើម្បីបុព្វហេតុរួមមួយ គឺការព្រួតដៃគ្នា ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ តាមរយៈការប្រើប្រាស់វប្បធម៌ ដែលជាសម្បត្តិមិនអាចកាត់ថ្លៃបាន បន្សល់ទុកពីដូនតារាប់ពាន់ឆ្នាំកន្លងមករបស់គ្រប់ប្រជាជាតិ។ ក្នុងន័យនេះ ខ្ញុំមានជំនឿមុតមាំថា វេទិកានេះនឹងផ្តល់ឱកាសសម្រាប់ផ្លាស់ប្តូរគោលគំនិត ទស្សនៈ និងបទពិសោធន៍ ព្រមទាំងចែករំលែកពុទ្ធិ រវាងដៃគូពាក់ព័ន្ធទាំងអស់ សំដៅដាក់ចេញនូវវិធានការកែលម្អថ្មីៗ ដើម្បីបន្តជម្រុញការអភិវឌ្ឍវិស័យទេសចរណ៍វប្បធម៌នៅក្នុងតំបន់ និងពិភពលោកទាំងមូល។
កម្ពុជាផ្តល់អាទិភាពខ្ពស់ លើការអភិវឌ្ឍវិស័យទេសចរណ៍វប្បធម៌ ដោយវិស័យនេះមិនត្រឹមតែចូលរួមទ្រទ្រង់កំណើនសេដ្ឋកិច្ច បង្កើតការងារ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានចាត់ជាវិស័យដែលដើរតួនាទីសំខាន់ ក្នុងការទ្រទ្រង់ដល់សមាហរណកម្មតំបន់ទៀតផង។ ជាការពិត កម្ពុជាគឺជាគោលដៅទេសចរណ៍វប្បធម៌ ប្រកបដោយភាពទាក់ទាញមួយក្នុងតំបន់ ដោយសារអច្ឆរិយភាពគ្មានពីរនៃអង្គរ ប្រាសាទបុរាណរាប់ពាន់ ព្រមទាំងសម្បត្តិបេតិកភណ្ឌអរូបិយនានា ជាអាទិ៍ ចម្រៀង និងរបាំបុរាណ ល្ខោន ចម្លាក់ ប្រពៃណីរស់នៅប្រកបដោយភាពរស់រវើក និងល្អផូរផង់ ក៏ដូចជាម្ហូបអាហារដ៏មានឱជារសឆ្ងាញ់ពិសាររបស់ប្រជាជនខ្មែរជាដើម។ ប្រការទាំងអស់នេះ រួមជាមួយនឹងភាពស្រស់ស្អាតនៃតំបន់ឆ្នេរសមុទ្រកម្ពុជា ភាពបៃតង និងធម្មជាតិព្រៃឈើ គឺជាធាតុផ្សំសម្រាប់ការប្រសិទ្ធនាមកម្ពុជាជា ព្រះរាជាណាចក្រអច្ឆរិយៈ។ ដោយសារលក្ខណៈសំបូរបែបផ្នែកវប្បធម៌ អរិយធម៌ និងអេកូឡូស៊ីរបស់ខ្លួន កម្ពុជាបានចាត់ទុកវិស័យទេសចរណ៍ដែលជាវិស័យឧស្សាហកម្មគ្មានផ្សែងនៅក្នុងសេដ្ឋកិច្ចជាតិថាជា មាសបៃតង។
ធនធានវប្បធម៌របស់ជាតិ ពិតជាបាន និងកំពុងចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍប្រទេស ដែលក្នុងពេលបច្ចុប្បន្ន វិស័យទេសចរណ៍វប្បធម៌មានចំណែកប្រមាណ ៨០% នៃវិស័យទេសចរណ៍ទាំងមូលនៅកម្ពុជា។ នៅឆ្នាំ ២០១៤ កន្លងទៅនេះ កម្ពុជាទទួលបានកំណើនភ្ញៀវទេសចរអន្តរជាតិប្រមាណ ៤,៥ លាននាក់ ដែលនាំប្រាក់ចំណូលប្រមាណជាង ៣ ពាន់លានដុល្លារ សម្រាប់សេដ្ឋកិច្ចជាតិ។ តាមការព្យាករណ៍នៅឆ្នាំ ២០១៥ នេះ ចំនួនភ្ញៀវទេសចរអន្តរជាតិនឹងមានប្រមាណ ៥ លាននាក់ ហើយនៅឆ្នាំ ២០២០ កម្ពុជារំពឹងថា ចំនួននេះអាចកើនឡើងដល់ ៧,៥ លាននាក់ ដែលនាំមកនូវចំណូលសរុបប្រមាណ ៥ ពាន់លានដុល្លារ និងបង្កើតនូវឱកាសការងារបានប្រមាណ ៨០ ម៉ឺននាក់។
លើមូលដ្ឋាននេះ កាលពី ខែ កុម្ភៈ ឆ្នាំ ២០១៥ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃសន្និសីទពិភពលោកលើកទី ១ ជាប្រវត្តិសាស្ត្រនៃសៀមរាបអង្គរ ស្តីពីទេសចរណ៍ និងវប្បធម៌ ក្រោមកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នអង្គការសហប្រជាជាតិ ចំនួនពីរគឺ អង្គការទេសចរណ៍ពិភពលោក (UNWTO) និងអង្គការយូនេស្កូ (UNESCO) ដោយមានប្រទេសចំនួន ៩៩ ចូលរួម ក្នុងគោលបំណងពិភាក្សា ផ្លាស់ប្តូរយោបល់ និងស្វែងយល់អំពីកាលានុវត្តភាព និងបញ្ហាប្រឈមនានា សំដៅជម្រុញកិច្ចសហការឲ្យកាន់តែរឹងមាំក្នុងវិស័យទេសចរណ៍ និងវប្បធម៌។
ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន មានចំណងទាក់ទងល្អជាមួយគ្នា តាំងពីយូរលង់ណាស់មកហើយ ពោលគឺចាប់តាំងពីសម័យអាណាចក្រអង្គរមកម្ល៉េះ។ ចំណងទាក់ទងនេះ ត្រូវបានពង្រីក និងពង្រឹងឲ្យកាន់តែជិតស្និទ្ធ និងស្អិតរមួតថែមទៀត នៅក្នុងសម័យសង្គមរាស្ត្រនិយម ក្រោមព្រះរាជកិច្ចដឹកនាំរបស់ ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ហើយជាបន្តបន្ទាប់ត្រូវបានពង្រីក ពង្រឹង និងលើកកម្ពស់បន្ថែមទៀត ឲ្យក្លាយទៅជាទំនាក់ទំនងនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នាពេលបច្ចុប្បន្ន។ លើមូលដ្ឋាននេះ កិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរទទួលបាននូវការរីកចម្រើនគួរជាទីមោទនៈ។ ជាក់ស្តែង ការវិនិយោគផ្ទាល់ពីចិននៅកម្ពុជា នៅក្នុងគ្រប់វិស័យ រួមមាន សំណង់ កាត់ដេរ ថាមពល ហិរញ្ញវត្ថុ និងសេវាកម្មជាដើម បាន និងកំពុងតែមានការកើនឡើងគួរឲ្យកត់សម្គាល់។ ចំនួនភ្ញៀវទេសចរចិនទៅកម្ពុជាក្នុងឆ្នាំកន្លងទៅបានឈរនៅលំដាប់ថ្នាក់ទី ២។ ក្នុងបរិការណ៍នេះ ក្នុងនាមប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមសំដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានចូលរួមវិភាគទានដ៏ថ្លៃថ្លាសព្វបែបយ៉ាងដល់ការអភិវឌ្ឍកម្ពុជា។ កម្ពុជាជូនពរឲ្យប្រទេស និងប្រជាជនចិន ទទួលបាននូវការរីកចម្រើនរុងរឿង កាន់តែខ្លាំងក្លាឡើងថែមទៀត ដើម្បីចិនអាចបន្តដើរតួនាទីកាន់តែសំខាន់នៅក្នុងការជម្រុញកិច្ចអភិវឌ្ឍ ទាំងនៅក្នុងតំបន់ និងលើសកលលោក។ ក្នុងន័យនេះ កម្ពុជារង់ចាំស្វាគមន៍យ៉ាងកក់ក្តៅចំពោះវិនិយោគិន ធុរជន និងទេសចរពីប្រទេសចិន ក្នុងចំនួនកាន់តែច្រើនថែមទៀត។
ជាទីបញ្ចប់ តាំងនាមឲ្យរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមជូនពរឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលមានវត្តមាននៅក្នុង វេទិកាសេដ្ឋកិច្ចទេសចរណ៍សកលម៉ាកាវ ឆ្នាំ ២០១៥ នេះ សូមបានប្រកបដោយសុខភាពល្អបរិបូណ៌ និងសម្រេចបានជោគជ័យក្នុងគ្រប់ភារកិច្ច៕