ក្នុង ពិធីពិសារអាហារសាមគ្គី ជាមួយនឹងក្រុមឧកញ៉ា អ្នកធុរកិច្ច និងមន្រ្តីជាន់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើសង្កថា លើកឡើងនូវចំណុចសំខាន់ៗ មួយចំនួន។ កម្ពុជាទស្សនៈថ្មី សូមធ្វើការដកស្រង់បន្ថែម ចំណុចខ្លះដូចតទៅ៖
សូមគោរពសម្តេចវិបុលសេនាភក្តី សាយ ឈុំ,
សម្តេច ក្រឡាហោម ស ខេង,
ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី នាងកញ្ញា
ថ្ងៃនេះ ខ្ញុំ និងភរិយាពិតជាមានការរីករាយ ដែលបានមកចូលរួមជាមួយសម្តេចវិបុលសេនាភក្តី សម្តេចក្រឡាហោម ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី នាងកញ្ញា ក្នុងពិធីជួបជុំដ៏វិសេសវិសាលនេះ ដែលរៀបចំដោយសមាគមអ្នកឧកញ៉ា នៅព្រះរាជាណាចក្រកម្ពុជា។ ការជួបជុំរបស់យើងនេះ ពិតជាមានអត្ថន័យវិសេសវិសាល ដែលផ្សារភ្ជាប់ រវាងថ្នាក់ដឹកនាំនីតិបញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ ជាមួយនឹងក្រុមធុរកិច្ច ដែលបានធ្វើសកម្មភាពយ៉ាងច្រើននៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
ហើយក៏បានផ្សារភ្ជាប់ខ្លួនផងដែរ ជាមួយនឹងដំណើរការវិវត្តរបស់ប្រទេស តាមរយៈការដឹកនាំរបស់គណបក្សប្រជាជន។ ខ្ញុំសូមយកឱកាសនេះ ដើម្បីថ្លែងជូននូវការអរគុណចំពោះសុន្ទរកថារបស់ឯកឧត្តមទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ប្រធានសមាគមអ្នកឧកញ៉ានៅកម្ពុជា ដែលបានថ្លែងអម្បាញ់មិញ លើកឡើងអំពីគ្រប់ទិដ្ឋភាពនៃបញ្ហា ដែលបានកើតឡើង ក្នុងនោះក៏មិនភ្លេចរំឭកអំពីតួនាទីដ៏សំខាន់របស់សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជា ដែលគាត់បានទទួលមរណភាពទៅហើយ។
ចង់ឲ្យកម្ពុជាមានភាពស្មើមុខមាត់ជាមួយបណ្តាប្រទេសនៅលើពិភពលោក
ខ្ញុំពិតជាមានមោទនភាពជាមួយនឹងអ្វីដែលបានកើតឡើងនៅក្នុងទឹកដីដ៏កម្សត់របស់យើង។ ពិតណាស់ថា នៅក្នុងវិស័យធុរកិច្ច គឺមិនត្រូវមានការរើសអើងរវាងក្នុង និងក្រៅប្រទេស ស្របទៅតាមក្របខណ្ឌ នៃអង្គការពាណិជ្ជកម្មពិភពលោក។ ប៉ុន្តែ ខ្ញុំនៅតែមានគំនិតចង់ឲ្យកម្ពុជា មានអ្នកមានទ្រព្យសម្បត្តិកាន់តែច្រើន ដើម្បីដោះស្រាយបញ្ហានៅក្នុងប្រទេសរបស់ខ្លួនឯង។ ខ្ញុំពិតជាមានការរីករាយនៅពេលដែលខ្ញុំចេញទៅក្រៅប្រទេសប៉ុន្មានឆ្នាំចុងក្រោយនេះ តែងតែមានសភាពាណិជ្ជកម្មកម្ពុជា និងក្រុមធុរកិច្ច ដើម្បីទៅពិភាក្សាស្មើមុខស្មើមាត់ ជាមួយនឹងបណ្តាប្រទេសក្នុងតំបន់អាស៊ាន ឬអាស៊ីបូព៌ា និងទៅហួសពីនេះថែមទៀត។
ភាពខុសគ្នានៃការវិនិយោគក្នុងប្រទេសរបស់ជនជាតិកម្ពុជា រវាងសម័យមុន និងបច្ចុប្បន្ន
អនុញ្ញាតឲ្យខ្ញុំបានយកឱកាសនេះ ដើម្បីធ្វើការប្រៀបធៀបបន្តិចរវាងអតីតកាល និងបច្ចុប្បន្ន។ ពិតណាស់ មានការកាត់ផ្តាច់រវាងដំណាក់កាលអភិវឌ្ឍន៍មួយ ពីចន្លោះឆ្នាំ ១៩៥៣ ដល់ឆ្នាំ ១៩៧០ ដោយសង្គ្រាមឆ្នាំ ១៩៧០ ដល់ ១៩៧៥ និងដោយរបបប្រល័យពូជសាសន៍ ១៩៧៥ ដល់ ១៩៧៩ ប៉ុន្តែ អ្វីដែលគួរកត់សម្គាល់ ហើយដែលខ្ញុំមានការគោរពយ៉ាងជ្រាលជ្រៅ ចំពោះអ្នកឧកញ៉ា លោកឧកញ៉ា និងអ្នកធុរកិច្ចទាំងអស់ នៅត្រង់ថា កាលពីសម័យមុន ឆ្នាំ ១៩៧០ កម្ពុជាបានទទួលតិចតួចណាស់នូវការវិនិយោគពីខាងក្រៅ។ ផ្ទុយទៅវិញ ជនជាតិកម្ពុជាដែលមានប្រាក់កាស បានយកប្រាក់កាសទៅវិនិយោគនៅប្រទេសក្រៅ តាមរយៈការយកប្រាក់កាសទៅដាក់នៅធនាគារនៅប្រទេសស្វ៊ីស នៅហុងកុង និងទៅទិញផ្ទះនៅប្រទេសក្រៅយ៉ាងក្រាស់ក្រែល។ នេះជាប្រភេទយកទុននៅក្នុងប្រទេស ទៅធ្វើការវិនិយោគនៅក្រៅប្រទេសទៅវិញ។ តែសម្រាប់អ្នកមានជំនាន់ក្រោយ ប៉ុល ពត បែរជាខិតខំថែរក្សានូវទ្រព្យសម្បត្តិទាំងនេះ ប្រាក់កាសទាំងនេះ ដើម្បីវិនិយោគលើទឹកដីដ៏កម្សត់របស់ខ្លួន។ ឥឡូវនេះ សូមសង្កេតមើលថាតើអគារធំៗខ្ពស់ៗ និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ផ្សេងៗ តើមានប៉ុន្មានជាវិនិយោគនៅក្នុងប្រទេស និងមានប៉ុន្មានដែលជាវិនិយោគមកពីក្រៅប្រទេស?
គ្រាន់តែនៅសៀមរាបមួយ បើខ្ញុំមិនច្រឡំទេ ការវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធសម្រាប់វិស័យទេសចរណ៍ គឺមានប្រហាក់ប្រហែលត្រឹមតែ ១០% ទៅ ២០% ប៉ុណ្ណោះ ប៉ុន្តែ ជនជាតិកម្ពុជាយើងបានវិនិយោគក្នុងកម្រិត ពី ៨០% ទៅ ៩០% ឯណោះ។ នៅទីក្រុងភ្នំពេញនេះទៀតសោត តើមានអគារប៉ុន្មានទៅ ដែលខ្ពស់ៗហើយ ត្រូវបានវិនិយោគដោយជនបរទេស? ប៉ុន្តែ ផ្ទុយទៅវិញ ជនជាតិកម្ពុជាបានរក្សាដើមទុននៅក្នុងប្រទេសរបស់ ខ្លួន។ ការវិនិយោគទាំងនេះពិតជាបង្កើតឡើងនូវមោទនភាពរបស់ជាតិ និងបង្កើតឡើងនូវសក្តានុពលដ៏ធំ សម្រាប់ដល់ពេលខាងមុខ ដែលកម្ពុជាមានមុខ មានមាត់ ស្មើមុខ ស្មើមាត់ ជាមួយនឹងប្រទេសដទៃ ដែលខ្ញុំ សូមយកឱកាសនេះថ្លែងនូវការអបអរសាទរ និងកោតសរសើរ ចំពោះលោកឧកញ៉ា អ្នកឧកញ៉ា ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជនរួមជាតិកម្ពុជា ដែលបានផ្សារភ្ជាប់ខ្លួនជាមួយនឹងការលំបាករបស់ប្រទេសជាតិ តាមរយៈនៃការខិតខំព្រមៗគ្នា តាំងពីដំណាក់កាលនៃការដែលយើងស្ថិតនៅក្នុងស្ថានភាពបាតដៃទទេ។ ក៏ប៉ុន្តែ ស្មោះស្ម័គ្ររួមរស់ជាមួយគណបក្សប្រជាជន រួមរស់ជាមួយរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនធ្វើឲ្យកំណើនសេដ្ឋកិច្ចកើនឡើងយ៉ាងខ្ពស់ ក្នុងរយៈកាល ២ ទសវត្សរ៍ចុងក្រោយនេះ។
មានការវិនិយោគ ដោយសារមានការដឹកនាំ និងគោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្សកាន់អំណាច
ខ្ញុំពិតជាមានមោទនភាពជាមួយនឹងគោលនយោបាយរបស់គណបក្ស ក៏ដូចជាការដឹកនាំរបស់ខ្លួនខ្ញុំ ដែលបានទទួលខុសត្រូវទៅលើនីតិប្រតិបត្តិជាង ៣០ ឆ្នាំ កន្លងមកនេះ។ ខ្ញុំយល់ច្បាស់ណាស់ថា ប្រសិនបើអ្នកទាំងអស់មិនទុកចិត្តទៅលើសមត្ថភាពដឹកនាំរបស់គណបក្សប្រជាជន មិនទុកចិត្តទៅលើការដឹកនាំរបស់រាជរដ្ឋាភិបាល ហើយមិនទុកចិត្តទៅលើស្ថេរភាពរបស់ប្រទេស អ្នកទាំងអស់ពិតជានឹងយកប្រាក់កាសនោះ ទៅផ្ញើនៅបរទេស ឬទៅទិញផ្ទះនៅបរទេស ដោយមិនរវីរវល់នឹងការវិនិយោគនៅទីនេះនោះទេ។ គណបក្សប្រជាជនដែលដឹកនាំរាជរដ្ឋាភិបាល តែងបានខិតខំធ្វើនូវអ្វីៗទាំងអស់ ដើម្បីបង្កើតនូវបរិយាកាសអនុគ្រោះសម្រាប់ការរីកលូតលាស់នៃវិស័យសេដ្ឋកិច្ច ដែលក្នុងនោះទាក់ទិនជាមួយនឹងការវិនិយោគ ដែលរាជរដ្ឋាភិបាលបានប្រឹង ទាំងផ្នែករឹង និងផ្នែកទន់ រួមមានច្បាប់ រួមមានដំណោះស្រាយផ្សេងៗ ដែលទាក់ទងទៅនឹងសម្រួលកិច្ចការវិនិយោគ និងក៏ដូចជាបង្កបរិយាកាសជឿទុកចិត្ត សម្រាប់ការដាក់ទុនទាំងឡាយរបស់អ្នកធ្វើធុរកិច្ចនៅកម្ពុជា។ ឯផ្នែករឹង រាជរដ្ឋាភិបាលបានប្រឹងប្រែងស្វះស្វែងរកប្រភពទុននានា ដើម្បីកសាងនូវប្រព័ន្ធផ្លូវ ស្ពាន អាកាសយានដ្ឋាន កំពង់ផែ អគ្គិសនី ដើម្បីទ្រទ្រង់ឲ្យការវិនិយោគរបស់អ្នកទាំងអស់នៅទីនេះ ក៏ដូចជាការអំពាវនាវបន្ថែម នៃការវិនិយោគពីក្រៅប្រទេស។
ក្រៅពីការបង់ពន្ធជូនរដ្ឋ អ្នកធុរកិច្ចក៏បានចូលរួមផ្នែកមនុស្សធម៌ និងការការពារអធិបតេយ្យភាព
ខ្ញុំពិតជាមានការរីករាយ ជាមួយនឹងវឌ្ឍនភាពដែលយើងបានរួមគ្នាបង្កើតឡើង វាជាការផ្សារភ្ជាប់ដ៏ធំ។ ខ្ញុំនៅតែមានការដឹងគុណ ចំពោះកិច្ចការទាំងឡាយ ដែលធុរកិច្ចយើងបានធ្វើ នៅត្រង់ថា ទន្ទឹមនឹងការបង់ពន្ធឲ្យរដ្ឋ ដែលធ្វើឲ្យរដ្ឋមានកំណើនអំពីប្រាក់ចំណូលសម្រាប់ទ្រទ្រង់ឲ្យការចំណាយ នៃការអភិវឌ្ឍ។ ពេលមានការចាំបាច់ទាក់ទិនជាមួយនឹងសកម្មភាពមនុស្សធម៌ និងការការពារអធិបតេយ្យភាពអស់លោក លោកស្រី ដែលជាអ្នកធុរកិច្ចតែងចូលរួមវិភាគទាន ដើម្បីទ្រទ្រង់ឲ្យសកម្មភាពមនុស្សធម៌ ក្នុងក្របខណ្ឌកាកបាទក្រហមក្តី និងក្នុងក្របខណ្ឌដទៃៗទៀត ជាគ្រោះទឹកជំនន់ ជាគ្រោះរាំងស្ងួត។ តាមរយៈសកម្មភាពមនុស្សធម៌ទាំងនោះហើយ ដែលយើងមើលឃើញកាន់តែច្បាស់ថា គ្មាននរណាស្រឡាញ់យើងលើសពីយើងទៀតទេ។ ខ្ញុំជឿជាក់ ថាប្រទេសរបស់យើងនឹងបន្តទៅមុខ តាមរយៈការរួមគ្នា ហើយខ្ញុំចង់ឲ្យការរៀបចំបែបនេះ ប្រសិនបើសមាគមអ្នកឧកញ៉ាយល់ឃើញថា វាមានប្រយោជន៍ ដើម្បីផ្សារភ្ជាប់រវាងអ្នកធ្វើធុរកិច្ចទាំងឡាយ ជាមួយនឹងមេដឹកនាំរាជរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា និងវិស័យដទៃទៀត រាប់ទាំងគណបក្សកាន់អំណាចផង យើងអាចជួបជុំគ្នាបែបនេះប្រចាំឆ្នាំ ក្នុងមួយឆ្នាំម្តង។ ជំនួសមុខឲ្យភរិយាខ្ញុំ ក៏ដូចជាជំនួសមុខឲ្យសម្តេចវិបុលសេនាភក្តី និងសម្តេចក្រឡាហោម ព្រមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា និងស្ថាប័នដទៃទៀត ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការចូលរួមទាំងឡាយ ដែលបានធ្វើឲ្យប្រទេសជាតិរបស់យើងបានស្មើមុខ ស្មើមាត់ ជាមួយនឹងប្រទេសដទៃ ហើយសង្ឃឹមថា សកម្មភាពសេដ្ឋកិច្ចទាំងអស់នឹងបន្តរីកលូតលាស់តាមរយៈការរួមគ្នា នៃការធ្វើសកម្មភាពព្រមៗក្នុងគ្រប់វិស័យ។
ហើយក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវដល់សមាជិក សមាជិកា របស់រាជរដ្ឋាភិបាល ដែលមានការពាក់ព័ន្ធទៅនឹងផ្នែកធុរកិច្ច ចូរសម្រួលបន្ថែមទៀត ដើម្បីឲ្យសកម្មភាពផ្នែកវិស័យឯកជន ឈានទៅមុខបានយ៉ាងលឿន គ្មានឧបសគ្គ ហើយក៏ធ្វើឲ្យសេដ្ឋកិច្ចរបស់យើងរីកលូតលាស់កាន់តែឆាប់។ សូម្បីតែមេដឹកនាំកុំម្មុយនីស្តជាន់ដើម ដែលមានឈ្មោះថា លេនីន បាននិយាយនៅក្នុងសៀវភៅសេដ្ឋកិច្ចថ្មី ដែលបោះពុម្ពផ្សាយនៅឆ្នាំ ១៩២១ លេនីន បាននិយាយថា បើពុំមានវណ្ណៈនាយទុនទេ កម្មករនឹងជួបការលំបាក។ នេះគឺជាមេកុំម្មុយនីស្តចំតែម្តង ប៉ុន្តែសូម្បីតែមេកុំម្មុយនីស្ត ក៏នៅតែទទួលស្គាល់តួនាទីរបស់ឯកជន។ លេនីន ចង់និយាយថា គឺបើសិនជាគ្មាននាយទុន គឺកម្មករនឹងមានការលំបាក ព្រោះមិនមាននរណាក្លាយខ្លួនទៅជាកម្មករ នៅពេលដែលមិនមាននរណាមានប្រាក់ទៅធ្វើរោងចក្រ ដើម្បីបង្កើតការងារធ្វើឲ្យកម្មករនោះទេ។
ចំណុចនេះ ខ្ញុំសូមនិយាយថា គណបក្សប្រជាជនបានដើរលើផ្លូវដ៏ត្រឹមត្រូវមួយ នៅត្រង់ថា គណបក្សបានសម្រេចធ្វើសកម្មភាពនៅក្នុងក្របខណ្ឌរាជរដ្ឋាភិបាល គឺចាត់ទុករាជរដ្ឋាភិបាលគឺជាយុទ្ធសាស្រ្តវិទូ លើបញ្ហាដឹកនាំ និងគ្រប់គ្រងសេដ្ឋកិច្ច។ ឯចំណែកវិស័យឯកជន គឺជាក្បាលរថភ្លើងនៃកំណើនសេដ្ឋកិច្ច។ ដូច្នេះ សកម្មភាពទាំងនេះ គឺរាជរដ្ឋាភិបាលមិនជ្រៀតចូលសូម្បីតែលើបញ្ហាកំណត់តម្លៃ ហើយដែលឥឡូវនេះ មានអ្នកដែលតាំងខ្លួនថា ជាបក្សប្រជាធិបតេយ្យ ជាពួកសេរីនិយម កំពុងបង្ខំឲ្យរាជរដ្ឋាភិបាលធ្វើជាកុំម្មុយនីស្ត តាមរយៈឲ្យរដ្ឋាភិបាលកំណត់ថ្លៃស្រូវ ថ្លៃនេះ ថ្លៃនោះ ដែលវាមិនមែនជាក្រិត្យក្រមទីផ្សារនោះទេ។
បើសិនខ្ញុំមិនយល់ដឹងពីការផ្លាស់ប្តូរ តើខ្ញុំអាចកាន់អំណាចរយៈពេលជាង ៣០ ឆ្នាំ បានទេ?
ខ្ញុំនៅតែមានមោទនភាពជាមួយនឹងគោលនយោបាយ ដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជន ហើយក៏មិនមែនជាការដែលអង្គុយលើចង្អេរ លើកខ្លួនឯងនោះទេ។ ថ្ងៃមុន ខ្ញុំបានជួបជាមួយនឹងអគ្គរដ្ឋទូតអាមេរិក មុនពេលដែលចាកចេញពីកម្ពុជា។ នៅពេលដែលគាត់និយាយជាមួយខ្ញុំ គាត់និយាយយ៉ាងច្រើន អំពីអ្វីដែលហៅថាការផ្លាស់ប្តូរ។ ខ្ញុំក៏បាននិយាយទៅកាន់គាត់ថា តើអ្នកភ្លេចទេឬ? ឯកឧត្តមកំពុងនិយាយជាមួយអ្នកណា? ឯកឧត្តមពិតជាកំពុងនិយាយជាមួយនឹងសាស្រ្តាចារ្យម្នាក់ ដែលអាចបង្រៀនឯកឧត្តម ឬប្រធានាធិបតីប្រទេសឯកឧត្តម ឬនាយករដ្ឋមន្រ្តីប្រទេសផ្សេង លើបញ្ហាការផ្លាស់ប្តូរ។ បើសិនជាខ្ញុំមិនយល់ដឹងអំពីការផ្លាស់ប្តូរនោះ និងមិនអាចគ្រប់គ្រងបាននូវដំណើរការនៃការផ្លាស់ប្តូរ តើខ្ញុំអាចមានលទ្ធភាពស្ថិតនៅក្នុងអំណាចរយៈពេលជាង ៣០ ឆ្នាំ ឬទេ?
ខ្ញុំធុញទ្រាន់នូវការទូន្មានរបស់ប្រទេសខ្លះ មកលើកម្ពុជា ផ្លាស់ប្តូរៗ ខ្ញុំបានប្រាប់គាត់ថា ដោយសារអាមេរិកមិនអាចគ្រប់គ្រងបាននូវការផ្លាស់ប្តូរ នៅលីប៊ី នៅស៊ីរី នៅអ៊ីរ៉ាក់ និងអាហ្វហ្កានីស្ថាន ទើបបានជាមានពួក ISIS ធ្វើសកម្មភាពនៅទីនោះ។ ពិតហើយ យើងត្រូវទទួលស្គាល់នូវការវិវត្តផ្លាស់ប្តូរ ខ្ញុំធ្លាប់ជាយុវជន ហើយអ្នកទាំងអស់ដែលឡើងមកទីនេះ កាលឆ្នាំ ១៩៧៩ អ្នកខ្លះទើបនឹងអាយុជាង ១០ ឆ្នាំទេ អ្នកខ្លះជាង ២០ ឆ្នាំ ហើយភាគច្រើននៅទីនេះ ភាគច្រើនអាយុជាង ២០ ទៅ ៣០ ឆ្នាំ ប៉ុណ្ណោះ ប៉ុន្តែ ឥឡូវនេះ យើងទាំងអស់គ្នាសុទ្ធតែជាង ៥០, ជាង ៦០ និងជាង ៧០ ឆ្នាំ ទៅហើយ តើនេះវាមិនមែនជាដំណើរការនៃការផ្លាស់ប្តូរ និងយើងចេះចាត់ចែង គ្រប់គ្រងនូវការផ្លាស់ប្តូរទេឬ?
សូមឲ្យជនជាតិបរទេសទាំងឡាយគោរព ហើយយល់ដឹងអំពីអ្វីដែលហៅថាកម្ពុជា។ កម្ពុជាមានការផ្លាស់ប្តូរ ពីបែបផែនសេដ្ឋកិច្ចផែនការ មកកាន់សេដ្ឋកិច្ចទីផ្សារ តាមរយៈនៃកំណែទម្រង់ ដោយគួបផ្សំរវាងសេដ្ឋកិច្ចផែនការ និងសេដ្ឋកិច្ចទីផ្សារ ក្នុងចន្លោះដំណាក់កាលដំបូង យើងគ្មានជម្រើសទេ ក្រៅពីធ្វើសេដ្ឋកិច្ចបែបផែនការ ទាំងក្នុងវិស័យកសិកម្ម ទាំងក្នុងវិស័យឧស្សាហកម្ម និងសេវា។ ប៉ុន្តែ នៅពេលដែលយើងមានឱកាស ខ្លួនខ្ញុំផ្ទាល់បានដឹកនាំកំណែទម្រង់នេះ តាមរយៈការផ្តល់កម្មសិទ្ធិដីធ្លីដល់ប្រជាពលរដ្ឋ តាមរយៈនៃការធ្វើឯកជននូបនីយកម្មរោងចក្រ និងសហគ្រាស និងក្រុមហ៊ុនដទៃៗ ដើម្បីឲ្យចរន្តទីផ្សារទ្រទ្រង់ទៅនឹងដំណើរការអភិវឌ្ឍន៍ប្រទេស។ តើនេះមិនមែនជាការផ្លាស់ប្តូរទេឬ? តើការផ្លាស់ប្តូរ មានត្រឹមតែដូរមេដឹកនាំ ឬអ្វី? ដែលគេហៅថា បដិវត្តពណ៌។ ខ្ញុំមិនមែនប្រដៅអគ្គរដ្ឋទូតអាមេរិកទេ ក៏ប៉ុន្តែ ខ្ញុំចង់ទាញអារម្មណ៍របស់គាត់ថា សុំយល់ដឹងអំពីកម្ពុជាឲ្យបានច្បាស់លើសនេះ ហើយប្រហែលជាអគ្គរដ្ឋទូតថ្មីរបស់អាមេរិក អាចនឹងមានការយល់ដឹងជាងអគ្គរដ្ឋទូត ដែលទើបនឹងផ្លាស់ទៅ។ … ចំណុចនេះ ខ្ញុំត្រូវតែអរគុណ ចំពោះអ្នកទាំងអស់នៅទីនេះ ទាំងផ្នែករដ្ឋ និងវិស័យឯកជន ដែលគាំទ្រនូវនយោបាយការដឹកនាំរបស់ខ្ញុំ ដែលមានការផ្លាស់ប្តូរជាបន្តបន្ទាប់ និងគ្រប់គ្រងការផ្លាស់ប្តូរបាន តាមរយៈការបង្កើតឡើងនូវស្ថានភាពច្រើនបែប ច្រើនយ៉ាង ច្រើនរឿងច្រើនរ៉ាវ ដែលក្នុងនោះរាប់បញ្ចូលទាំងការផ្លាស់ប្តូរ ពីសង្រ្គាម មកកាន់សន្តិភាព តាមរយៈនយោបាយឈ្នះ-ឈ្នះផងដែរ។
ពេលយើងងើបឡើងសេដ្ឋកិច្ច យើងនឹងបំពេញកាតព្វកិច្ចអន្តរជាតិកាន់តែច្រើនឡើង តាមរយៈការបញ្ជូនកម្លាំងរក្សាសន្តិភាព
ខ្ញុំគិតថា មិត្តភក្តិបរទេសនឹងមានការយល់ដឹងពីយើងកាន់តែច្រើន នៅពេលដែលយើងងើបឡើងខាងសេដ្ឋកិច្ច កាន់តែខ្ពស់ ហើយយើងពិតជាមិនមានការឆ្មើងឆ្មៃណាមួយជាមួយប្រទេសដទៃទេ យើងធ្វើកាតព្វកិច្ចអន្តរជាតិកាន់តែច្រើន។ ឥឡូវនេះ កងទ័ពរបស់យើងកំពុងស្ថិតនៅម៉ាលី នៅអាហ្រ្វិកកណ្តាល នៅស៊ូដង់ និងលីបង់ ហើយនិងមានក្រុមមួយកំពុងនៅកោះស៊ីប នៅអឺរ៉ុប។ ពិតហើយអម្បាញ់មិញ របាយការណ៍ទើបនឹងមកដល់ពីប្រទេសម៉ាលី អំពីឧបទ្ទេវហេតុនៃរថពាសដែក នៃកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា ត្រូវផ្ទុះមីន ហើយរបួសស្រាល ២ នាក់។ យើងសូមផ្ញើជូនក្នុងនាមរាជរដ្ឋាភិបាល ក្នុងនាមខ្ញុំ និងភរិយា ជូនចំពោះយុទ្ធជនរបស់យើង ដែលកំពុងបេសកកម្មនៅបរទេស ពិសេសយុទ្ធជន ២ រូប ដែលរងរបួសនៅថ្ងៃនេះ។ នេះហើយជាមោទនភាពរបស់ជាតិ ដែលខ្ញុំសង្ឃឹមថា ទាំងវិស័យរដ្ឋ វិស័យឯកជន ធ្វើសកម្មភាពព្រមៗគ្នាឡើង ដើម្បីដំណើរការអភិវឌ្ឍ របស់ប្រទេសជាតិរបស់យើង ប្រឹងងើបឈរឡើងខាងសេដ្ឋកិច្ចក្នុងប្រទេស ដើម្បីកាត់បន្ថយការពឹងពាក់ពីក្រៅប្រទេស ប្រឹងធ្វើកែសម្រួលបរិយាកាសវិនិយោគ ដើម្បីឲ្យអ្នកវិនិយោគក្នុងស្រុកកាន់តែធ្វើសកម្មភាពធំទូលាយ និងទាក់ទាញការវិនិយោគពីខាងក្រៅដោយផ្ទាល់ …៕