នៅក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ ស្ពានមិត្តភាពកម្ពុជា/ចិន តាខ្មៅ ខេត្តកណ្តាល ថ្ងៃ ៣ សីហា ឆ្នាំ ២០១៥ សម្តេចតេជោ ហ៊ុន សែន បានធ្វើសង្កថា លើកឡើងនូវចំណុចសំខាន់ៗ មួយចំនួន។ កម្ពុជាទស្សនៈថ្មី សូមធ្វើការដកស្រង់ជូន នូវចំណុចខ្លះ ដូចតទៅ៖
ផែនការតភ្ជាប់ផ្ទៃក្នុងរបស់កម្ពុជាមានយូរមកហើយ គ្រាន់តែគ្មានទុន
… ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានមោទនភាពណាស់ ដោយសារចក្ខុវិស័យស្តីអំពីផែនការបញ្ហាមេ ទាក់ទងនឹងការតភ្ជាប់នៅក្នុងផ្ទៃក្នុងរបស់យើង ត្រូវបានរៀបចំឡើង (ដោយ)មិនមែនរយៈពេលខ្លីទេ គឺមានរយៈពេលយូរក្រែលមកហើយ។ ក៏ប៉ុន្តែ អាស្រ័យដោយយើងខ្វះទុន យើងពុំមានលទ្ធភាពដើម្បីសាងសង់។ ខ្ញុំព្រះករុណាខ្ញុំ ពិតជានៅចងចាំបានថា កាលពីបញ្ចុះខណ្ឌសីមាវត្តចំពុះក្អែក … ខ្ញុំព្រះករុណាខ្ញុំ នៅខាងក្រោយកំពង់សំណាញ់នេះ … ត្រូវទៅស្នាក់នៅវត្ត ដើម្បីរង់ចាំកាត់ឫសសីមាម៉ោងប្រមាណជា ៣ ទៅ ៤ ភ្លឺ។ ឯការចងចាំពីរទៀត គឺ ការធ្វើដំណើរចេញពីតាខ្មៅ ទៅកាត់នៅស្ពានព្រះមុន្នីវង្សចាស់ ហើយចុះមកសម្ពោធសាលាវិទ្យាល័យសេរីដីដុះ និងដល់អនុស្សាវរីយ៍ទី ៣ ធ្វើដំណើរតាមហ្នឹងដដែលទៀត ចេញពីតាខ្មៅហ្នឹងឡើងទៅលើ ហើយបកចុះមកក្រោម ដើម្បីបើកការដ្ឋានសាងសង់ផ្លូវក្រាលគ្រួសក្រហមនៅម្តុំស្វាយបន្ទាល ក្បែរត្រើយស្លា។
ពេលដែលខ្ញុំព្រះករុណាខ្ញុំ បានជួបជាមួយនឹងគ្រូបង្រៀន ជួបជាមួយសិស្ស ដែលមុននោះមិនទាន់មានវិទ្យាល័យនៅសេរីដីដុះ ក្មួយៗទាំងនោះបានជិះទូកដមករៀន នៅវិទ្យាល័យតាខ្មៅរបស់យើងនេះ។ គ្រាន់តែអ្នកនៅជុំវិញនេះ បានជួបការលំបាកប៉ុណ្ណឹងទៅហើយ។ នៅមានចំណែកទាក់ទងជាមួយរឿងបញ្ហាចរាចរណ៍ ទាក់ទងទៅនឹងសកម្មភាពសេដ្ឋកិច្ចសង្គម ជាពិសេស ទំនាក់ទំនងក្នុងវិស័យដឹកជញ្ជូន លើបញ្ហាសេដ្ឋកិច្ចរបស់យើង ឬក៏ការធ្វើដំណើររបស់ប្រជាពលរដ្ឋរបស់យើង។ ទន្ទឹមនឹងការភ័យខ្លាច និងខាតបង់ពេលវេលាដ៏ច្រើននៃការធ្វើដំណើរ សម្រាប់ប្រជាពលរដ្ឋដែលរស់នៅទាំងសងខាងម្តុំនេះ ម្យ៉ាងអស់លុយ ម្យ៉ាងចំណាយពេលវេលា … ការភ័យខ្លាចទាំងនោះ បានរសាត់បាត់ទៅហើយ តាមរយៈនៃស្ពានមួយនេះ និងអមដោយផ្លូវតភ្ជាប់។
ខ្ញុំព្រះករុណាខ្ញុំ សង្ឃឹមថាប្រជាពលរដ្ឋនៅម្តុំនេះ និងប្រជាពលរដ្ឋដែលធ្វើដំណើរកាត់តាមម្តុំនេះ ពិតជានឹងគិតថា តើការធ្វើនេះ វាមានប្រយោជន៍ឲ្យយើងឬអត់? … អភិបាលខេត្តកណ្តាលទទួលបន្ទុកតភ្លើងដាក់អំពូល, អភិបាលរាជធានីភ្នំពេញទទួលបន្ទុកបង់ថ្លៃភ្លើង … ឥឡូវ អស់លោកនិយាយគ្នាទៀត នៅខាងណេះត្រូវធ្វើអី ត្រូវធ្វើនាគក្បាល ៤ នៅទិសខាងលិច … គិតគូរទៅលើការដឹកជញ្ជូន ផ្លូវមួយខ្សែនេះ ស្ពានមួយនេះ ដើរតួនាទីសំខាន់ណាស់ មិនមែនគ្រាន់តែការតភ្ជាប់ត្រឹមតែផ្លូវជាតិលេខ ១ និងផ្លូវជាតិលេខ ២ ទេ ប៉ុន្តែ យោងទៅលើសំណុំជាកញ្ចប់បញ្ហា គឺវាបានតភ្ជាប់គ្នាពីផ្លូវជាតិលេខ ១ ដើម្បីបញ្ចៀសចរាចរណ៍ចូលក្រុងភ្នំពេញ ហើយជាពិសេសកំពង់ផែភ្នំពេញ … ត្រូវដឹកទំនិញឆ្លងកាត់មកតាមនេះ ភ្ជាប់ផ្លូវជាតិលេខ ២ ភ្ជាប់ទៅផ្លូវជាតិលេខ ៣ ភ្ជាប់ទៅផ្លូវជាតិលេខ ៤ ចុះទៅកំពង់ផែសមុទ្រទឹកជ្រៅក៏តែបានដែរ រួចហើយក៏គេអាចតភ្ជាប់ទៅផ្លូវជាតិលេខ ៥ ដោយមិនចាំបាច់ចូលក្រុងភ្នំពេញទេ។ អ្នកធ្វើដំណើរពីផ្លូវជាតិលេខ ៥ ក៏មិនចាំបាច់ចូលទីក្រុងភ្នំពេញដែរ។ ផ្លូវជាតិលេខ ៥ ក្តី ផ្លូវជាតិលេខ ៤ ក្តី ផ្លូវជាតិលេខ ៣ ក្តី ផ្លូវជាតិលេខ ២ ក្តី មិនចាំបាច់ឡើងទៅស្ពានព្រះមុនីវង្សទៀតទេ …។
ការសាងសង់ស្ពាននេះ ជួបការលំបាកក្នុងការដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ
… កងកម្លាំងដោះមីន មានទាំងសិក្ខាកាមហ្វឹកហាត់បញ្ជូនទៅរក្សាសន្តិភាពតាមប្រទេសនានា ដូចជានៅ ស៊ូដង់ លីបង់ ម៉ាលី អាហ្រ្វិកកណ្តាល ហើយឥឡូវទៅនៅកោះស៊ីប (Cyprus) នៅអឺរ៉ុប បានមកដោះមីននៅហ្នឹងដែរ … ដើម្បីធានាថា កុំឲ្យបុកគ្រឹះទៅមានការផ្ទុះគ្រាប់។ ត្រូវប្រើកងពលឆ័ត្រយោង … ១២ នាក់ មកមុជ… ព្រោះម្តុំនេះ (សកម្មភាព)សង្រ្គាមជំនាន់អាមេរិកាំង (ឆ្នាំ ១៩)៧០ ទៅដល់ (១៩)៧៥ គឺសម្បើមហើយ។ នៅកន្លែងនេះ ចម្ងាយផ្លូវ ១២ គីឡូម៉ែត្រ និងផ្លូវនេះ យើងដោះលើផ្ទៃដីសម្អាតមាន ៨១៩ ១២០ ម៉ែត្រការេ រកឃើញយុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ២១៩ គ្រាប់ ហើយអំបែងមាន ១៨ ១៣៥ អំបែង … បើកុំធ្វើផ្លូវហ្នឹង និងប្រើកម្លាំងយកមកដោះ តើនឹងស្លាប់អស់មនុស្សប៉ុន្មាន? ៣០ ឆ្នាំ ទៀត ឃាតករលាក់មុខនេះនៅតែបន្ត ១០០ ឆ្នាំទៀត ឃាតករលាក់មុខនេះនៅតែបន្ត។ ប្រទេសអឺរ៉ុប នៅអាឡឺម៉ង់អីមួយចំនួននៅសល់ គ្រាប់ខ្លះកំពុងទើបតែនឹងរកឃើញថ្មីៗ នៅឡើយទេ។
… ខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះថ្លែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ដែលផ្តល់ថវិកាបដិភាគ និងការចរចា ចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ។ ថ្លែងនូវការកោតសរសើរចំពោះអាជ្ញាធរខេត្ត និងរាជធានី … កម្លាំងដោះមីន នៃមជ្ឈមណ្ឌលរក្សាសន្តិភាព ក៏ដូចជាកងពលតូចឆ័ត្រយោង ៩១១ ព្រមទាំងប្រជាពលរដ្ឋដែលរស់នៅ តាមតំបន់នេះដែលមានការយោគយល់។ … ផ្លូវឥឡូវ ពិបាកធ្វើជាងស្ពាន នៅត្រង់អី?ចិត្តធម៌របស់យើងក្លាយទៅជាទុក្ខរបស់យើងវិញ។ ពីដើម (បងប្អូនប្រជាពលរដ្ឋខ្លះ)លក់តាមចំណីផ្លូវហ្នឹង (ហើយ)យើងចេះតែឲ្យលក់អញ្ចឹងទៅ …យូរៗទៅ គាត់នៅអញ្ចឹងទៅ … អាជ្ញាធរចាំតែវេទនា …។
ការបណ្តុះបណ្តាលធ្វើបាតុកម្ម
… ដល់យើងត្រូវធ្វើផ្លូវ ត្រូវឲ្យលុយគាត់ ឲ្យមិនដល់ (មាន)ពួកនៅពីក្រោយ។ … ក្រសួងវប្បធម៌ វិចិត្រសិល្បៈកំពុងតែបណ្តុះបណ្តាលរហូតដល់សកលវិទ្យាល័យ លើការសំដែងសិល្បៈគ្រប់ទម្រង់ទាំងល្ខោន ទាំងយីកេ ទាំងអាយ៉ៃ ទាំងចាប៉ី ទាំងភាពយន្ត … ។ ប៉ុន្តែ នៅមានការបណ្តុះបណ្តាលមួយធុនទៀត (គឺការ) បណ្តុះបណ្តាលសំដែងតួខាងធ្វើបាតុកម្ម។ មានអង្គការក្រៅរដ្ឋាភិបាលខ្លះជំនាញសំដែងតួខាងធ្វើបាតុកម្មតែម្តង គឺថារបៀបរត់បុកប៉ូលីសយ៉ាងម៉េច … រួចឲ្យគ្នាគេចាំថតយ៉ាងម៉េច។ ជំនាញណាស់។ អញ្ចឹងបានថាក្រុមទូរទស្សន៍ប្រយ័ត្ននាំគ្នាចាញ់បោកអ្នកធ្វើបាតុកម្ម ទៅថតយកមកផ្សាយ។ … ទៅត្រង់ណាក៏ឃើញតែមុខធុនហ្នឹង។ … គេធ្វើបាតុកម្មនៅនេះ គេទៅយកមេដាយ និងពានរង្វាន់នៅវ៉ាស៊ីនតោន ឬនៅញ៉ូវយ៉កនោះ …។ អ្នកខ្លះគឺថា រឿងដីធ្លីក៏មានមុខ រឿងស្អីក៏មានមុខ មានមុខទាំងអស់គ្រប់រឿង។ អញ្ចឹងបានសេចក្តីថា មានសាលាបណ្តុះបណ្តាលផ្នែកធ្វើបាតុកម្ម សំដែងខាងផ្នែកបាតុកម្ម។ … អ្នកមួយចំនួន(បាន)ចេញមកសម្ភាសន៍ថា “គេឲ្យខ្ញុំដោះអាវ តែខ្ញុំមិនធ្វើតាម”។ … (មានទាំងថា)បើប៉ូលីសមិនរត់មកបុក ត្រូវរត់ទៅបុកប៉ូលីសទៅ ហើយមានក្រុមថតបង្ហោះ Facebook។ អ្នក(មិនដឹង) មើល Facebook (ក៏យល់)ថា ប៉ូលីសឃោរឃៅ។ … អាក្រក់អាក្រីយកមែនទែនហើយ។ ផលប្រយោជន៍សេដ្ឋកិច្ច ផលប្រយោជន៍សង្គម អត់គិតទេ ម្ង៉ៃៗ ឆ្កឹះត្រង់នេះ ឆ្កឹះត្រង់នោះ តាមចិត្តចង់ …។
ចិនជួយកម្ពុជាក្នុងការស្ថាបនា និងអភិវឌ្ឍន៍, កម្ពុជា ចង់បានទំហំពាណិជ្ជកម្មកាន់តែធំ
… ការតភ្ជាប់របស់កម្ពុជាសម្រាប់ផ្ទៃក្នុងខ្លួន និងផែនការតភ្ជាប់រវាងកម្ពុជា នៅក្នុងក្របខណ្ឌតំបន់ វាក៏គាប់ជួនជាមួយនឹងគំនិតផ្តួចផ្តើមរបស់មិត្តចិន ស្តីអំពី ខ្សែក្រវ៉ាត់មួយ និងផ្លូវមួយ ដោយការចាប់ផ្តើមទម្លាក់ថវិកាដំបូងចំនួន ៤០ ពាន់លានដុល្លារសហរដ្ឋអាមេរិក ហៅថា មូលនិធិផ្លូវសូត្រ តាមរយៈនៃការប្រកាសរបស់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង ក្នុងពេលដែលគាត់ពិគ្រោះជាមួយបណ្តាប្រទេសនៅមុនពេលប្រជុំ APEC នៅប៉េកាំងកាលពីឆ្នាំទៅ។ បន្ថែមលើនោះ មានធនាគារវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ដែលកម្ពុជាក៏ជាសហស្ថាបនិកមួយដែរ ហើយដែលផ្តួចផ្តើមដោយចិន ក្នុងទំហំទឹកប្រាក់ជំហានដំបូងសរុបទាំងអស់ ១០០ ពាន់លានដុល្លារសហរដ្ឋអាមេរិកទៀត។ កម្ពុជាសង្ឃឹមថា នឹងអាចទទួលបានឥណទានទាំងនេះ យកមកអភិវឌ្ឍគម្រោងថ្មីៗ របស់ខ្លួន (ហើយ)ដែល(គម្រោងទាំងនោះ) បានដាក់បញ្ជូនទៅមិត្តចិនរួចហើយ ជាប្រចាំឆ្នាំ។ លោកជំទាវអគ្គរដ្ឋទូត បាននិយាយថា ក្នុងឆ្នាំ ២០១៥ នេះ លោកជំទាវបានរួមជាមួយខ្ញុំ ៨ ដងរួចហើយ ប៉ុន្តែមិនទាន់អស់ទេ (យើងនៅ)សល់ ៣ ទៀត គឺ ទី ១ គឺស្ពានមិត្តភាពកម្ពុជា-ចិនជ្រោយចង្វារ ទី ២ បើកការដ្ឋានស្ថាបនាផ្លូវ ច្រក ៤០០ នៅសំឡូត នៅក្នុងខែវិច្ឆិកា ហើយដូចជានៅក្នុងខែធ្នូនេះ យើងត្រូវទៅសម្ពោធវារីអគ្គិសនីនៅកោះកុងមួយកន្លែងទៀត …។
… តាមខ្ញុំដឹង លោកជំទាវធ្វើការនៅនេះ … រវល់តែរឿងជួយស្ថាបនាទេ មិនបានរវល់មកជួយដោះស្រាយរឿង(នយោបាយអីទេ) ព្រោះចិនគ្មានទម្លាប់មកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់អ្នកណាទេ។ លោកជំទាវក៏មិនបានមករវល់ជាមួយខ្ញុំ ពីរឿងសិទ្ធិមនុស្ស ពីរឿងប្រជាធិបតេយ្យ ពីរឿងស្អីទេ លោកជំទាវគ្រាន់តែមករវល់ជាមួយពួកយើងខ្ញុំ លើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងកាត់បន្ថយភាពក្រីក្រ និងការលំបាករបស់ប្រជាជនកម្ពុជា …។ ប៉ុន្តែក៏មានអ្នកខ្លះ រវល់តែខាងមកជំនាញខាងបង្រៀនធ្វើបាតុកម្ម … ទឹកហ្នឹងចេញមកពីត្រង់ណា នំបុ័ងចេញមកពីត្រង់ណា ហើយចូលទៅត្រង់ណា យកលុយនៅត្រង់ណា កុំស្មានតែគេមិនដឹង …។
… មិត្តចិន ជាប្រទេសដែលបានរួមចំណែកច្រើនសម្រាប់ប្រទេសកំពុងអភិវឌ្ឍ មិនថាអាស៊ី មិនថាអាហ្រ្វិក មិនថាអាមេរិកឡាទីននោះទេ។ កម្ពុជាជាប្រទេសមួយ ដែលមានទំនាក់ទំនងក្នុងភាពជាដៃគូ ជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ(ជាមួយចិន) ដែលទាមទារឲ្យមានការសហការគ្នាកាន់តែស៊ីជម្រៅឡើង កាន់តែមានប្រសិទ្ធិភាពឡើងលើគ្រប់វិស័យទាំងអស់ ជាពិសេស គឺទំនាក់ទំនងខាងសេដ្ឋកិច្ច។ យើងត្រូវធ្វើយ៉ាងម៉េចធានាថា ឆ្នាំ ២០១៧ ទំហំពាណិជ្ជកម្មទ្វេរទិសនឹងឡើងទៅដល់ ៥ ពាន់លានដុល្លារ ដូចការគ្រោងទុករវាងខ្ញុំ ជាមួយអតីតប្រធានាធិបតី ហ៊ូ ចិនតាវ ឆ្នាំ ២០១២។ ឥឡូវ ទំហំពាណិជ្ជកម្មរបស់យើងគឺឡើងជាង ៣ ពាន់លាន ប៉ុន្តែឆ្នាំណាមួយនោះ ឡើងទៅដល់ប៉ុន្មានពាន់លាន គឺ លើស ៥ ពាន់លានទៅទៀត។ ប៉ុន្តែយើងចង់បាន(ទំហំ)ពាណិជ្ជកម្មថេរ។ ទំហំពាណិជ្ជកម្មរបស់យើងជាមួយនឹងចិន កាន់តែធំទៅៗ ហើយចំនួនទេសចរចិនឆ្នាំនេះ គឺប្រហែលជាអាចនឹងទៅលើសកន្លះលាននាក់។ ឆ្នាំទៅដូចជាលើសកន្លះលាននាក់ទៅហើយ ឆ្នាំនេះអាច ៧៦ ម៉ឺននាក់។
… ខ្ញុំព្រះករុណាខ្ញុំ បាននិយាយលេងជាមួយមិត្តចិនថា សុំឲ្យទេសចរចិនមកស្រុកខ្មែរត្រឹមតែ ០,០១% មិនមែន ១% (ទេ ព្រោះ)បើ ១% យើងទទួលអត់បានទេ (ដោយវា)ស្មើនឹង ១៣០ លាននាក់ មិនមានសណ្ឋាគារឲ្យនៅទេ។ បើ ០,១% (ចំនួន)ស្មើ(នឹង) ១៣ លាននាក់ យើងសុំតែ ០,០១% ស្មើនឹង ១ លាន ៣ សែននាក់ និយាយរួមឲ្យបានលើ ១ លាននាក់។ ឥឡូវឆ្នាំនេះ អាចនឹងបានជាង ៧០ ម៉ឺននាក់។ យើងនឹងបើក កុងស៊ុលកន្លែងថ្មីៗ ទៀត ការហោះហើររបស់ចិនពីគោលដៅផ្សេងៗ។ នៅចិន ខេត្តមួយមានក្រុមហ៊ុនអាកាសចរណ៍មួយ ដែលអាចហោះហើរភ្ជាប់មកកម្ពុជា។ ចិនមកចាយលុយនៅស្រុកខ្មែរ អញ្ចឹងបន្លែបង្ការស្អីៗ លក់ចូលផ្សារ លក់ចូលអូតែលរបស់យើង។ ការនាំចេញ មិនចាំបាច់តែ(ឆ្លង)កាត់ព្រំដែនទេ គឺនាំចេញនៅនឹងកន្លែងតែម្តង។ ចិញ្ចឹមមាន់ បានពង បានសាច់ បន្លែបង្ការឲ្យមានគុណភាពគ្រប់គ្រាន់ ដើម្បីនាំចូលទៅក្នុងអូតែល ដែលភ្ញៀវបរទេសស្នាក់នៅ … ជាការរកទីផ្សារសម្រាប់ប្រជាពលរដ្ឋ។
សូមខ្ចីផែនទីពីអាមេរិក ចក្រភពអង់គ្លេស និងបារាំង
… ខ្ញុំព្រះករុណាខ្ញុំ បានឮហើយ សម្លេងអ្នកនិទានរឿង ឬក៏សម្លេងអ្នកភូត។ និយាយឲ្យត្រង់ៗ តែម្តង ម្ង៉ៃៗដើរភូតអើយភូត។ ខ្លួនឯងមិនដែលបានភ្លក់រសជាតិកាន់អំណាចយ៉ាងម៉េចផង ក៏ភូតប៉ុណ្ណឹងទៅហើយ … បោកប្រាស់គ្នា ស្អីគ្នាទៀត។ ចុះទម្រាំតែកាន់អំណាច វាទៅជាស្អីទៅទៀត? ខ្ញុំព្រះករុណាខ្ញុំ ក៏ធ្លាប់ឮ លន់ នល់ ភូត ហើយក៏ធ្លាប់ឮ ប៉ុល ពត ភូត ឥឡូវក៏ធ្លាប់លឺអ្នកនយោបាយភូតដែរ។ … ខ្ញុំព្រះករុណាខ្ញុំ មិនដេញជើងអ្នកភូតអីទេ (សុំនិយាយកន្លែងហ្នឹងបន្តិច សូមលោកជំទាវ កុំថាខ្ញុំយកវេទិកាមានមុខចិនមកនិយាយអី) ប៉ុន្តែរឿងនេះជារឿងសំខាន់ រឿងគួរតែនិយាយ ដោយសារតែគេចេះចោទថា រាជរដ្ឋាភិបាលប្រើផែនទីក្លែងក្លាយ។ ខ្ញុំព្រះករុណាខ្ញុំ បានសរសេរលិខិតទៅអគ្គលេខាធិកាអង្គការសហប្រជាជាតិ សុំផែនទីដែលកម្ពុជាតម្កល់នៅអង្គការសហប្រជាជាតិ។ … យោងតាមឯកសារមួយចំនួន ខ្ញុំព្រះករុណាខ្ញុំក៏សរសេរសំបុត្រទៅប្រធានាធិបតីអាមេរិក និងនាយករដ្ឋមន្ត្រីអង់គ្លេស ដើម្បីស្នើសុំផែនទីដែលកម្ពុជាបានបញ្ជូនទៅឲ្យអាមេរិក។ អាមេរិកច្បាស់ជាមានហើយ ព្រោះផ្អែកលើទូរសារ Airgram ដែលថាទទួលបានផែនទីពីលោក ហួត សម្បត្តិ រដ្ឋលេខាធិការក្រសួងការបរទេសនៅពេលនោះ។ សូមប្រធានាធិបតី (សហរដ្ឋអាមេរិក បារ៉ាក់) អូបាម៉ា កុំបារម្ភ ខ្ញុំអត់សុំផែនទីអាមេរិកគូសចូលដីខ្មែរដើម្បីទំលាក់គ្រាប់បែកកាលពីជំនាន់នោះទេ ខ្ញុំសុំតែផែនទីដែលលោក ហួត សម្បត្តិ អតីតរដ្ឋលេខាធិការក្រសួងបរទេស ជូនទៅឲ្យទូតអាមេរិក ដូចមានក្នុងលិខិតរបស់ខ្ញុំ ជូនឯកឧត្តមប្រធានាធិបតីតែប៉ុណ្ណោះ … (ហើយក៏)សុំខ្ចីទេ មិនមែនសុំយកមកវិញទេ ហើយសុំឲ្យចាត់ជំនាញការអ្នកឯកទេសផែនទី … អាមេរិកមកជាមួយផង។
ជាមួយអង់គ្លេស យើងឃើញថាមានទំនាក់ទំនង រវាងព្រះករុណាព្រះបរមរតនកោដ្ឋ ជាមួយនឹងរដ្ឋលេខាធិការរដ្ឋមន្ត្រីការបរទេសអង់គ្លេស។ យើងបានសរសេរក្នុងន័យស្នើសុំ “បើមាន” ព្រោះយើងមិនចាត់ទុកថាមានទេ។ អាមេរិកយើងដឹងថាមាន ប៉ុន្តែ ជាមួយអង់គ្លេស មិនប្រាកដថាមានទេ។ ក្នុងករណីថារដ្ឋាភិបាល(កម្ពុជា)ជាន់នោះផ្ញើផែនទី (ហើយ)អង់គ្លេសទទួល ក៏សុំខ្ចីដែរ អមដោយអ្នកបច្ចេកទេសយកមក។ សម្រាប់បារំាងដឹងតែមានហើយ ព្រោះបារំាងអ្នកគូរ។ បារំាងបដិសេធមិនបានដាច់ខាត។ បារំាងច្បាស់ជាមាន ហើយផែនទីហ្នឹងហើយ ដែលបារំាងទុកឲ្យកម្ពុជា វៀតណាម និងឡាវ ប្រើប្រាស់រួមគ្នា។ អញ្ចឹងបើផែនទីដែលរាជរដ្ឋាភិបាលប្រើ(ជាផែនទី)ក្លែងក្លាយ តើផែនទីពិតនៅឯណា?
… ឥឡូវរកឃើញ(ផែនទី នៅសហប្រជាជាតិ)តែ ១៨ ផ្ទំាងទេ ក្នុងចំណោម ២៦ ផ្ទំាង។ ១៨ ផ្ទំាងនេះ គឺរដ្ឋាភិបាលសម័យសង្គមរាស្ត្រនិយម បានប្តឹងទៅអង្គការសហប្រជាជាតិ អំពីអាមេរិកំាង និងវៀតណាមខាងត្បូងទំលាក់គ្រាប់បែកចូលដីខ្មែរ។ សហប្រជាជាតិនឹងបន្តរក ផែនទីដែលតម្កល់នៅអង្គការសហប្រជាជាតិ។ (សហប្រជាជាតិ) ឆ្លើយឲ្យយើងត្រឹមតែ ១៨ ផ្ទំាង ដែលប្តឹងមួយដង ១ ផ្ទំាង ទំលាក់នៅកន្លែងនេះ ប្តឹងមួយផ្ទំាងទៅ ទំលាក់នៅកន្លែងនោះ …។ យើងក៏ស្នើសុំអាហ្នឹង យើងថាផែនទីណាឲ្យតែមាន ឲ្យតែរបស់ខ្មែរ ដើម្បីយកមកដាក់លើតុ ហើយផែនការរបស់ខ្ញុំព្រះករុណាខ្ញុំ បើកទូលាយឲ្យមានការផ្ទៀងផ្ទាត់ក្នុងនោះ តាមការគិតគូរជាបឋមរបស់ខ្ញុំព្រះករុណាខ្ញុំ ក្រៅពីតំណាងរបស់រាជរដ្ឋាភិបាលខ្លួនឯង ក៏សុំអញ្ជើញតំាងពីព្រឹទ្ធសភា គណបក្សដែលមានអាសនៈក្នុងព្រឹទ្ធសភា (ឥឡូវថាមានពីរបក្ស) មួយបក្ស ២ នាក់ៗ ចេញពីព្រឹទ្ធសភា, ចេញពីរដ្ឋសភា គឺបក្សក្នុងរដ្ឋាភិបាល និងបក្សក្រៅរដ្ឋាភិបាលអាចថាម្ខាង ២ នាក់ៗ ចេញមក, ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញក៏អញ្ជើញ ឧត្តមក្រុមប្រឹក្សាចៅក្រមក៏អញ្ជើញ គណបក្សនយោបាយដែលមានអាសនៈនៅក្នុងសភាក៏អញ្ជើញ គណបក្សដែលទើបនឹងកើតពីម្សិល ឬកើតពីថ្ងៃណាក៏ដោយ សូមអញ្ជើញទំាងអស់ … ខ្ញុំព្រះករុណាខ្ញុំ មិនអាចទទួលយកបាននូវពាក្យថា ប្រើផែនទីក្លែងក្លាយទេ។ តើផែនទីពិតនៅឯណា?
អ្នកចង់ប្តឹងវៀតណាម ទៅ តុលាការឡាអេ សូមធ្វើសារណាឲ្យច្បាស់
… តើខ្ញុំព្រះករុណាខ្ញុំ មានកំហុសអ្វី? ឥឡូវ … អ្នកដែលថាឲ្យខ្ញុំព្រះករុណាខ្ញុំ ប្តឹងទៅអង្គការតុលាការឡាអេ ខ្ញុំសូមស្នើមេត្តាធ្វើសារណាឲ្យច្បាស់។ តើប្តឹងនៅកន្លែងណា? ស្វាគមន៍ទទួលមតិនៃអ្នកច្បាប់ ដែលបានលើកឡើងថា ឲ្យនាយករដ្ឋមន្ត្រីប្តឹងវៀតណាម ទៅតុលាការឡាអេ។ សូមសិក្សាផ្លូវច្បាប់លើគ្រប់ទិដ្ឋភាពទំាងអស់មក តើប្តឹងកន្លែងណា? … អ្នកដែលមានផែនទីត្រឹមត្រូវ សូមដាក់មក សូមបញ្ជូនមក បើមិនបញ្ជូនឲ្យរាជរដ្ឋាភិបាលក៏បញ្ជូនទៅរាជបណ្ឌិតសភា។ បណ្ឌិត សុខ ទូច កំពុងតែដឹកនំាធ្វើការស្រាវជ្រាវ កំពុងត្រូវការឯកសារ មកផ្ទៀងផ្ទាត់។ រាជរដ្ឋាភិបាលបានផ្តល់ជូនអស់ហើយ ទៅរាជបណ្ឌិតសភា។ … សុំអ្នកថាឲ្យខ្ញុំព្រះករុណាខ្ញុំប្តឹងវៀតណាមទៅតុលាការឡាអេ អញ្ជើញធ្វើសារណាមក តើប្តឹងទៅវាឈ្នះត្រង់ណា ឬវាចាញ់ត្រង់ណា? … ប៉ុន្តែសុំសួរថា ហេតុអ្វីបានជាព្រះករុណាលោកមិនប្ដឹងទៅតុលាការឡាអេ កាលពីជាន់នោះ ត្រឹមតែប្តឹងទៅអង្គការសហប្រជាជាតិ? … ក្នុងពេលដែលព្រះករុណាព្រះបិតា ព្រះអង្គប្តឹងថៃពីរឿងប្រាសាទព្រះវិហារ ម៉េចបានព្រះករុណាបិតាមិនព្រមប្តឹងព្រំដែនជាមួយវៀតណាម? …
… ខ្ញុំព្រះករុណាខ្ញុំ និយាយក្នុងសភាម្តងហើយ។ ផែនទីទោះបីផែនទីមកពីបារំាង និងផែនទីមកពីអង្គការសហប្រជាជាតិ យើងបានថតចម្លងតំាងពីមុនឯណោះ។ ឥឡូវយើងអត់យក(ច្បាប់)ថតចម្លងទេ។ សុំច្បាប់ដើម។ (កម្ពុជា)ប្តឹងទៅអង្គការសហប្រជាជាតិថា អាមេរិកបានទំលាក់គ្រាប់បែក នៅម្តុំដាក់ដំា ដល់ទៅ(គំនូស)ផែនទីដើរតាម(ព្រែក)ដាក់ដំា។ អញ្ចឹងបានសេចក្តីថា រដ្ឋមន្ត្រីការបរទេសជំនាន់នោះ អ្នកស៊ីញ៉េលើផែនទី បានប្រគល់ទឹកដី ៥១ គីឡូម៉ែត្រការ៉េ ឲ្យទៅវៀតណាមរួចស្រេចទៅហើយ។ … សូមពន្យល់កន្លែងហ្នឹងបន្តិច ដើម្បីឲ្យភ្លឺភ្នែកទំាងអស់គ្នា។ ត្រូវប្តឹង ឬមិនប្តឹង។ នៅឆ្នាំ ១៩១៤ អគ្គទេសាភិបាលឥណ្ឌូចិនបានចេញសេចក្ដីសម្រេចមួយថា ព្រំដែនត្រូវដើរតាម ទន្លេ ដាក់ហ៊ូត ដល់បារាំងគូសផែនទីទៅតាម ដាក់ដាំ។ ឥឡូវសូមអ្នកដែលថាឲ្យខ្ញុំប្ដឹង ស្ដាប់ត្រង់កន្លែងហ្នឹង ហើយពន្យល់ខ្ញុំត្រឡប់មកវិញ ព្រោះខ្ញុំព្រះករុណាខ្ញុំទ្រាំ រហូតដល់គេជេរថា កាត់ទឹកកាត់ដីឲ្យបរទេស។
… ថៃចាញ់ក្ដីខ្មែរមកពីអី្វ? គឺចាប់ផ្ដើមពីផែនទី។ ផែនទីកិច្ចព្រមព្រៀងបារាំង-សៀម គេឲ្យដើរតាមខ្សែបែងចែកទឹក។ អាហ្នឹងជាកិច្ចព្រមព្រៀងបារាំង-សៀម។ ដល់ពេលដែលបារាំងគូសផែនទី គឺមិនដើរតាមអាហ្នឹងទេ ដើរតាមអាក្រោមនេះ។ ដល់ទៅបារាំងយកផែនទីមកឲ្យ, (កាលនោះ)សៀមមិនត្រឹមតែមិនទាមទារឲ្យកែប្រែផែនទីទេ ថែមទាំងប្រើផែនទីហ្នឹងរហូតមក។ អញ្ចឹងតុលាការគេកាត់ក្ដីផ្អែកលើអី? អង្គហេតុ និងអង្គច្បាប់របស់គេ អង្គច្បាប់ផ្អែកលើអង្គហេតុ។ គេ (តុលាការ)កាត់ឲ្យខ្មែរឈ្នះ ព្រោះព្រះវិហារនៅក្នុងដីខ្មែរ ផ្អែកលើផែនទីដែលអ្នកឯងបានប្រើ។ ឥឡូវ(ករណី) ដាក់ដាំ និងដាក់ហ៊ូត … តាំងពីបារាំងគូសផែនទី តើខ្មែរដែលបានតវ៉ាឬអត់? អត់ដែលទេ … ឥឡូវផែនទីរបស់បារាំងដែលគេបង្ហោះតាម(ហ្វេសប៊ុកដែលមានតម្លៃ) ១៦៨ ដុល្លារ យកមកមើលទៅ អាហ្នឹងនៅក្នុងដីគេមែន។ ឥឡូវលោកឯងសួរថា ពេលដែលទៅប្ដឹង តើឈ្នះ ឬចាញ់? ឥឡូវនេះ ខ្ញុំព្រះករុណាខ្ញុំ កំពុងតស៊ូជាមួយវៀតណាម (ថា)ជាតំបន់មិនទាន់ដាច់ស្រេច។ ឥឡូវអស់លោកឲ្យយោបល់ខ្ញុំ តើគួរឲ្យវៀតណាមតែម្ដង ឬក៏តស៊ូ? លោកឯងឲ្យយោបល់មក ឬក៏ត្រូវប្ដឹង? បើប្ដឹងគ្រាន់តែចាញ់ តើប្ដឹងធ្វើអី? នៅឆ្នាំ ១៩៦៤ ខ្ញុំព្រះករុណាខ្ញុំ ទើបតែនឹងអាយុ ១២ ឆ្នាំទេ។ ខ្ញុំព្រះករុណាខ្ញុំ កើតឆ្នាំ ១៩៥២ …។
សូមបង្ហាញផែនទីត្រឹមត្រូវមក បើអត់មាន បានន័យថាបោកប្រាស់
… ខ្ញុំព្រះករុណាខ្ញុំ អំពាវនាវគ្រប់បក្សនយោបាយទាំងអស់ ដើម្បីឯកភាពជាតិ គឺត្រូវឯកភាពគ្នាលើផែនទី។ ឥឡូវផែនទីណាដែល(មានព័ត៌មាន)លើសហ្នឹង ឬក៏លោកចង់យកផែនទីមុន ដែលខុសពីរដ្ឋធម្មនុញ្ញបច្ចុប្បន្ន? បើសិនជារដ្ឋធម្មនុញ្ញបានចែងថា ផែនទីនៃព្រះរាជាណាចក្រកម្ពុជា ប្រើប្រាស់ផែនទីខ្នាត ១/៥០០០០ ខ្ញុំព្រះករុណាខ្ញុំ ក៏សុខចិត្តលុបចោលកិច្ចព្រមព្រៀងសន្ធិសញ្ញាជាមួយវៀតណាមដែរ។ ប៉ុន្តែមាត្រាទី ២ នៃរដ្ឋធម្មនុញ្ញ គេឲ្យប្រើផែនទីអធិបតេយ្យភាពរបស់កម្ពុជាមានចែងក្នុងផែនទីខ្នាត ១/១០០០០០ បោះពុម្ពក្នុងចន្លោះឆ្នាំ ១៩៣៣-១៩៥៣ ដែលអន្តរជាតិទទួលស្គាល់ឆ្នាំ ១៩៦៣-១៩៦៩។ បើអញ្ចឹង យើងដឹងថា រវាងឆ្នាំ ១៩៣៣ និង១៩៥៣ ក្នុងក្រុមភូមិសាស្រ្តឥណ្ឌូចិនហើយ។ ឥឡូវ ផែនទីណា សូមដាក់មក សូមបញ្ចេញមក។ បើស្អប់ខ្ញុំ សូមយកទៅថ្វាយព្រះករុណា ព្រះមហាក្សត្រ ដល់ក្នុងវាំងតែម្ដងទៅ កុំមកធ្វើបាបខ្ញុំព្រះករុណាខ្ញុំ។ … បើអ្នកណាមិនហ៊ានបញ្ចេញផែនទី ដែលចាត់ទុកថាជាផែនទីត្រឹមត្រូវ អ្នកនោះគឺជាអ្នកបោកប្រាស់ប្រជាជន … មិនលើកលែងឲ្យលើទិដ្ឋភាពផ្លូវច្បាប់ទេ។
… មិនមែនយកផែនមកផ្ទៀងផ្ទាត់ធ្វើសង្រ្គាមជាមួយវៀតណាមទេ។ យើងអតីតអាណានិគមរបស់បារាំង មុននឹងចេញទៅ បារាំងទុកផែនទីហ្នឹងឲ្យប្រើប្រាស់រវាងយើង វៀតណាមផង និងជាមួយឡាវផង។ វាមានតែផែនទីហ្នឹង ក្រៅពីហ្នឹងមានតែផែនទី UTM របស់អាមេរិកាំង និង(ផែនទី)ក្រោយៗ មកទៀត សម្រាប់ធ្វើសង្រ្គាមរបស់វៀតណាមខាងត្បូង។ ជួនកាលក្រុមភូមិសាស្រ្តខ្មែរជំនាន់នោះ ក៏មានផ្នែក UTM សម្រាប់ប្រតិបត្តិការយោធា ប៉ុន្តែយកមកកំណត់ព្រំដែនស្រេចតែចិត្តមិនបានទេ។ ខ្ញុំព្រះករុណាខ្ញុំ អំពាវនាវ បើអ្នកឯងមិនមែនជាអ្នកបោកប្រាស់ប្រជាពលរដ្ឋ អ្នកឯងត្រូវបញ្ចេញមកផែនទីពិតនៅឯណា? … បើអង្គការសហប្រជាជាតិមិនអនុញ្ញាតឲ្យនាំផែនទីចេញ យើងក៏សូមចាត់តាំងប្រតិភូទៅពីភ្នំពេញ ដោយនាំទៅទាំងបក្សក្រៅរដ្ឋាភិបាល និងអ្នកដែលជាប់ពាក់ព័ន្ធ ដូចជារាជបណ្ឌិតសភា ឬក៏បក្សនយោបាយណាទៀត រាជរដ្ឋាភិបាលសុខចិត្តចេញលុយថ្លៃយន្ដហោះ និងថ្លៃអូតែលឲ្យទៅ ដើម្បីផ្ទៀង(ផែនទី)នៅអង្គការសហប្រជាជាតិ។ បើបារាំងមិនព្រមឲ្យ យើងសុខចិត្តទៅដល់ប៉ារីសមើលផែនទីខ្មែរ។ បើថាអង់គ្លេសមាន អង់គ្លេសមិនឲ្យយើងសុខចិត្តទៅអង់គ្លេស។
… អ្នកឯង(ចង់លេង)ខូចម៉េច។ អស់សន្លឹកបៀរលេង មកលេងរឿងជាតិនិយម? … សូមកុំលេងចាប់ដៃ ជាន់ជើង។ តើអ្វីទៅ «ចាប់ដៃ ជាន់ជើង»? សន្ទនាគ្នាស្រួលណាស់មេៗ(ខាងលើ) ប៉ុន្តែប្រើកូនចៅឲ្យធ្វើ ឲ្យជេរ ឲ្យញុះញង់ទៅវិញ។ សូម្បីតែចិនក៏ស្អប់ដែរ អាចាប់ដៃជាន់ជើងនោះ ម៉េចបានខ្ញុំថាចិនស្អប់? បើអ្នកឯងទាក់ទងការទូតជាមួយនឹងប៉េកាំងហើយ កុំរញ៉េរញ៉ៃជាមួយតៃវ៉ាន់ …។ ខ្ញុំប្រើពាក្យនយោបាយថា បើទំនាក់ទំនងជាមួយចិន សូមប្រយ័ត្នតែត្រង់នេះមួយ ចិនមិនត្រូវការអីពីយើងទេ “សុំនយោបាយចិនមួយឲ្យប្រាកដ” កុំលេងចាប់ដៃហើយជាន់ជើង …។
បោះឆ្នោតសកលឆ្នាំ ២០១៨ នៅសប្តាហ៍ទីបួន ខែ កក្កដា ផ្អែកលើមាត្រា ៧៨ នៃរដ្ឋធម្មនុញ្ញ
… ខ្ញុំប្រកាសការបោះឆ្នោតឆ្នាំ ២០១៨ នឹងធ្វើនៅថ្ងៃអាទិត្យ នៃសប្តាហ៍ទីបួន ក្នុងខែកក្កដា ឆ្នាំ ២០១៨ ដដែល អត់មានមុន និងអត់មានក្រោយ។ មូលហេតុអី? មកពីពួកលោកឯងតើ។ ខ្ញុំបានគិតថា ធាតុអាកាសអីចេះចុះទៅ លើកពេលបោះឆ្នោតមកមុខ។ ពេលចរចានៅចំការមន កាលពីថ្ងៃទី ២២ ខែកក្កដា ខ្ញុំបានប្រាប់ថាយើងគួរដាក់ថ្ងៃបោះឆ្នោតនៅអាទិត្យទីបួន នៃខែកុម្ភៈ តែម្ដងទៅ។ គាត់ថាចាំក្រោយ។ បើសិនជាកិច្ចព្រមព្រៀងនយោបាយចែងថា បោះឆ្នោតនៅថ្ងៃអាទិត្យ សប្តាហ៍ទី បួនហ្នឹងគឺបាន។ យើងនឹងផ្អែកលើកិច្ចព្រមព្រៀងនយោបាយ ដើម្បីទៅធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឲ្យហើយ ជាពិសេសមាត្រាទី ៧៨ … ដែលថា សភាមានអាណត្តិ ៥ ឆ្នាំ ហើយសភាមិនអាចរំលាយមុនអាណត្តិបានទេ លើកលែងតែរាជរដ្ឋាភិបាលរំលាយ ២ ដង ក្នុងរយៈពេល ១២ ខែ។ ប៉ុន្តែកន្លងទៅ មិនបានកែអាហ្នឹងឯណា? …
… សមាជិកគាត់ប្រឆាំងនឹងពួកគាត់ចូលសភា។ គាត់ថាដោយសារតែចូលសភាហ្នឹងហើយ បានមាន គ.ជ.ប ថ្មី … មួយទៀត ដោយសារតែចូលសភា និងវប្បធម៌សន្ទនា បានវិទ្យុ និងទូរទស្សន៍។ គាត់ក៏នឹងឆ្លើយ និងប្រាប់ថា ដោយសារតែគាត់ចូលសភា បានគាត់សុំបោះឆ្នោតមុនបាន ៥ ខែ។ ខ្ញុំមិនឲ្យទេៗ ផ្ដាំទៅផង។ ទុកពេលឲ្យបក្សថ្មី រៀបចំខ្លួនឲ្យបានស្រួល។ មានបក្សមួយបង្កើតពីម្សិល។ សូមស្វាគមន៍ មកប្រណាំងគ្នា។ បើចង់បោះមុនការកំណត់ ត្រូវកែរដ្ឋធម្មនុញ្ញ។ គណបក្សប្រជាជនប្រកាន់ដាច់ខាត មិនកែរដ្ឋធម្មនុញ្ញ។ បើអញ្ចឹងត្រូវតែបោះឆ្នោតនៅថ្ងៃអាទិត្យ អាទិត្យទី ៤ ខែកក្កដា ដដែល។ បក្សទាំងអស់ ទាំងបក្សចាស់ ទាំងបក្សថ្មី ត្រៀមខ្លួនសម្រាប់ខែកក្កដា ឆ្នាំ ២០១៨ ជាការបោះឆ្នោតថ្នាក់ជាតិ ឯបោះឆ្នោតថ្នាក់ឃុំ/សង្កាត់ ជាសិទ្ធិរបស់នាយករដ្ឋមន្រ្តី(សម្រេច)។ នៅឆ្នាំ ២០១២ ដូចបោះឆ្នោត(ឃុំ/សង្កាត់)ខែមិថុនា? (ករណីនេះ) មិនមានចំណងក្នុងរដ្ឋធម្មនុញ្ញទេ។ មុនមួយខែ គឺក្រោយចូលឆ្នាំចាំបោះឆ្នោត …។
ហ៊ុន សែន រក្សាបានធាតុមួយ គឺ ហ៊ុន សែន របស់កម្ពុជា
… ធ្វើនយោបាយ ឲ្យមានសុច្ចរិតភាពទៅមើល។ កុំទុច្ចរិតភាពក្នុងនយោបាយទៅមើល។ សឲ្យវាស ខ្មៅឲ្យវាខ្មៅទៅមើល។ ថាខ្ញុំអាយ៉ងវៀតណាម។ ខ្ញុំមិនដឹងថាអាយ៉ងអ្នកណា? ម្តងទៅគេថាអាយ៉ងវៀតណាម ម្តងទៅគេថាអាយ៉ងចិន ដោយសារតែរឿងសមុទ្រចិនខាងត្បូងនេះ។ ឥឡូវខ្ញុំហ៊ាននិយាយ។ មួយចំនួនគេថាខ្ញុំហ្នឹងមិនត្រឹមត្រូវទេ បានជាមិនចេញ COC។ ប៉ុន្តែ ខ្ញុំដាក់ចេញជាសំណួរត្រឡប់ទៅវិញ តើអ្នកធ្វើប្រធានអាស៊ានមុនខ្ញុំ មានវៀតណាម និងឥណ្ឌូនេស៊ី បានធ្វើចេញឬអត់? ថា ២០១០ និង ២០១១ មិនចេញទៅចុះ ប៉ុន្តែ ឥឡូវ ព្រុយណេ មីយ៉ាន់ម៉ា និងម៉ាឡេស៊ី ២០១៣, ២០១៤, ២០១៥ ចេញហើយឬនៅ? វាអត់ចេញទៀត។ ដូចនេះ ហ៊ុន សែន អត់មានអីខុសទេ។ ដោយសារតែកម្ពុជាក្រ និងតូចពេក គេស្តីបន្ទោស គេថាយើងហ្នឹងលម្អៀងទៅរកចិន។ ខ្ញុំឥតបានលម្អៀងទៅរកអ្នកណាទាំងអស់។ ខ្ញុំត្រូវការឲ្យត្រឹមតែអាស៊ាន-ចិន បន្តការចរចា អនុវត្តត្រឹមត្រូវតាមសេចក្តីថ្លែងការណ៍ភាគីសមុទ្រចិនខាងត្បូង ដែលហៅថា DOC ដើម្បីឈានទៅរក COC ហើយលើកទឹកចិត្តឲ្យប្រទេសពាក់ព័ន្ធធ្វើការសន្ទនាគ្នា។ ខ្ញុំព្រះករុណាខ្ញុំបានប្រាប់នាយករដ្ឋមន្រ្តីជប៉ុនត្រង់ៗតែម្តងថា លើកទឹកចិត្តឲ្យភាគីពាក់ព័ន្ធពិភាក្សាគ្នាទៅ។ ខ្ញុំសូមជម្រាបជូនឯកឧត្តមឲ្យច្បាស់ ទោះបីមាន COC ក៏ដោយ វៀតណាមច្បាស់ជាវាស់វែងជាមួយចិន វៀតណាមច្បាស់ជាវាស់វែងជាមួយហ្វីលីពីន ចិនច្បាស់ជាវាស់វែងជាមួយវៀតណាម ជាមួយហ្វីលីពីន និងជាមួយអ្នកដទៃទៀត …។
… ប៉ុន្តែ ហ៊ុន សែន រក្សាបានធាតុរបស់ ហ៊ុន សែន មួយ គឺ ហ៊ុន សែន របស់កម្ពុជា។ ឆ្នាំ ១៩៨២ ខ្ញុំព្រះករុណាខ្ញុំនៅចាំច្បាស់ណាស់ ខ្ញុំព្រះករុណាខ្ញុំទៅស្រុកបារាំង ទៅដល់កាសែតចុះព្រោងព្រាត គេថា រដ្ឋមន្រ្តីការបរទេសកុំម្មុយនីស្តដ៏ក្មេង រួចហើយគេថា យើងហ្នឹងកុំម្មុយនីស្ត។ ទៅដល់មូស្គូ គេថាឯងហ្នឹងពួកសេរី មិនដែលបានចូលរួមគណៈប្រតិភូទៅជួប Leonid Brezhnev ជាមួយនឹងគណៈប្រតិភូពួកសង្គមនិយមទេ គេឲ្យទៅជាមួយពួកប្រទេសកំពុងអភិវឌ្ឍន៍ មាន អង់ហ្គោឡា, កុងហ្គោប្រាហ្សាវីល, ម៉ូហ្សាំប៊ិច។ (ប្រទេស) ដែលទៅជួបជាមួយ Leonid Brezhnev បានមាន វៀតណាម, កូរ៉េខាងជើង, គុយបា, អឺរ៉ុបខាងកើត។ ពេលហ្នឹងចិនមិនសូវទៅទេ និយាយឲ្យត្រង់។ … តាំងចិត្តដ៏ក្លាហានមួយថា ហ៊ុន សែន គឺរបស់កម្ពុជា។ ឥឡូវ វៀតណាម និងចិន អត់សូវត្រូវគ្នាទេ និយាយឲ្យពិត រឿងសមុទ្រចិនខាងត្បូង គាត់អត់ត្រូវគ្នាតែចំណុចហ្នឹងទេ ប៉ុន្តែ គាត់លក់ដូរជាមួយគ្នា ទំហំពាណិជ្ជកម្មរវាងចិន និងវៀតណាម ធំណាស់ មួយឆ្នាំៗ ជិត ៤០ ពាន់លាន ស្មើនឹងជាងពាក់កណ្តាលនៃទំហំពាណិជ្ជកម្មរបស់វៀតណាម …៕