វាយចម្លងតាមច្បាប់ដើម
ឯកឧត្តមប្រធាន,
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី!
- ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដោយបានចូលរួមនៅក្នុង «កិច្ចប្រជុំប្រមុខដឹកនាំពិភពលោក ស្តីពីសមភាព យ៉េនឌ័រ និងការលើកកម្ពស់សិទ្ធិអំណាចស្រ្តី: ការប្តេជ្ញាចិត្តឆ្ពោះទៅរកវិធានការ»។កាលពីម្ភៃឆ្នាំមុន យើងបាន ជួបជុំគ្នាដូចនេះដែរ នៅទីក្រុងប៉េកាំង ក្នុង«សន្និសីទពិភពលោកលើកទីបួន ស្តីពីស្រ្តី» នាឆ្នាំ ១៩៩៥ ដោយ បានអនុម័តសេចក្តីថ្លែងការណ៍ទីក្រុងប៉េកាំង និងផែនការសកម្មភាព។ ចាប់តាំងពីពេលនោះមក ផែនការ សកម្មភាពទីក្រុងប៉េកាំង បានក្លាយជាឧបករណ៍ដ៏សំខាន់ សម្រាប់ការលើកកំពស់សមភាពយ៉េនឌ័រ ទាំងក្នុង ទិដ្ឋភាពសេដ្ឋកិច្ច និងសង្គម។
- នៅក្នុងក្របខណ្ឌនេះ កម្ពុជាបានចូលរួមយ៉ាងសកម្មជាមួយបណ្តាប្រទេសសមាជិកនៃអង្គការសហ ប្រជា ជាតិ ក្នុងការអនុវត្តគោលនយោបាយយុទ្ធសាស្ត្រ កម្មវិធី និងផែនការសកម្មភាពនានា សំដៅលើកកម្ពស់ សមភាព យ៉េនឌ័រ និងសិទ្ធិអំណាចស្ត្រី ហើយសម្រេចបាននូវវឌ្ឍនភាពជាច្រើនតាមវិស័យសំខាន់ៗ រួម មាន៖
- ការអនុម័តច្បាប់ និងក្របខណ្ឌនិយ័តកម្ម ដើម្បីផ្តល់ការគាំពារ លុបបំបាត់ការរើសអើង និងកាត់បន្ថយ អំពើហិង្សាលើស្រ្តី និងក្មេងស្ត្រី
- ការលើកកម្ពស់សមភាពយ៉េនឌ័រនៅក្នុងវិស័យអប់រំ តាមរយៈការបង្កើនការចុះឈ្មោះចូលរៀនរបស់ ក្មេងស្រីនៅកម្រិតបឋមសិក្សា និងមធ្យមសិក្សា
- ការលើកស្ទួយការចូលរួមរបស់ស្ត្រីក្នុងវិស័យសេដ្ឋកិច្ច និងការបង្កើនភាពងាយស្រួលដល់ស្រ្តី ក្នុងការ ទទួលបានសេវាហិរញ្ញវត្ថុ សំដៅបង្កើនភាពឯករាជ្យផ្នែកហិរញ្ញវត្ថុរបស់ស្ត្រី
- ការលើកកម្ពស់ស្ថានភាពសុខភាពរបស់ស្ត្រី និងកុមារ ពិសេសតាមរយៈការសម្រេចបាននូវគោលដៅ អភិវឌ្ឍន៍សហស្សវត្សរ៍លើមរណភាពមាតា និង
- ការលើកកម្ពស់ការចូលរួមរបស់ស្ត្រីនៅក្នុងកិច្ចការនយោបាយ និងការសម្រេចចិត្តលើកិច្ចការនានា របស់សង្គមជាតិ ក្នុងគ្រប់ស្ថាប័នជាតិ និងគ្រប់កម្រិត ជាអាទិ៍ ស្ថាប័ននីតិបញ្ញត្តិ ស្ថាប័ននៃរាជរដ្ឋាភិ បាល និងស្ថាប័នផ្សេងៗទៀត ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
- ឆ្នាំ ២០១៥ នេះ គឺជាឆ្នាំប្រវត្តិសាស្ត្រមួយសម្រាប់ពន្លឿនវឌ្ឍនភាពឆ្ពោះទៅរកសមភាពយ៉េនឌ័រ និង ការលើក កម្ពស់សិទ្ធិអំណាចស្ត្រី។ ជាការពិត កិច្ចប្រជុំនេះ នឹងក្លាយជាវេទិកាដ៏សំខាន់ សម្រាប់យើង ទាំងអស់គ្នា ក្នុងការបន្តខិតខំប្រឹងប្រែង និងប្តេជ្ញាចិត្តបន្ថែមទៀត ដើម្បីសម្រេចនូវសមភាពយ៉េនឌ័រ និងធ្វើឲ្យគោលដៅនេះ ក្លាយជាការពិតសម្រាប់ស្ត្រី និងក្មេងស្រីទាំងអស់នៅទូទាំងពិភពលោក។ ជា មួយហេតុផលនេះ ខ្ញុំយល់ថា យើងគួរបន្តផ្តោតអាទិភាពទៅលើការងារមួយចំនួន ដូចខាងក្រោម៖
១. ការបង្កើនការវិនិយោគទៅលើសមភាពយ៉េនឌ័រ
ពិសេសតាមរយៈពិនិត្យឡើងវិញលើគោលនយោបាយសារពើពន្ធ ដើម្បីបង្កើត និងបង្កើនចំណាយសាធារណៈ ទៅលើសមភាពយ៉េនឌ័រ ព្រមទាំងត្រួតពិនិត្យ និងវិភាគផលប៉ះពាល់នៃចំណាយសាធារណៈទៅលើវិសមភាព យ៉េនឌ័រ តាមរយៈការធ្វើកម្មវិធីថវិកា ដែលឆ្លើយតបទៅនឹងបញ្ហាយ៉េនឌ័រ។
២. ការធានានូវការការពារសិទ្ធិរបស់ស្ត្រី ព្រមទាំងការចូលរួមពេញលេញ និងស្មើភាពរបស់ស្ត្រី នៅក្នុងការធ្វើ សេចក្តីសម្រេចចិត្តនៅគ្រប់កម្រិត។
៣. ការពង្រឹងយន្តការគណនេយ្យភាព សម្រាប់សមភាពយ៉េនឌ័រ
តាមរយៈការពង្រឹងស្ថាប័នរដ្ឋាភិបាល ព្រមទាំងការប្រើប្រាស់មធ្យោបាយ នៃការតាមដានត្រួតពិនិត្យវឌ្ឍនភាព ទាំងឡាយប្រកបដោយប្រសិទ្ធិភាព និងការធានាផ្តល់ធនធានឲ្យបានគ្រប់គ្រាន់សម្រាប់ការងារយ៉េនឌ័រ។
៤. ការបន្តលើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងសេដ្ឋកិច្ច និងបរិយាប័នហិរញ្ញវត្ថុសម្រាប់ស្ត្រី ពិសេសតាមរយៈ ការបង្កើនការយល់ដឹងអំពីសេវាអភិវឌ្ឍអាជីវកម្មសំខាន់ៗ សម្រាប់សហគ្រាសស្ត្រី ខ្នាតមីក្រូ ខ្នាតតូច និង មធ្យម ការបង្កើតនូវកម្មវិធីនានា ដើម្បីជួយឲ្យស្ត្រីទទួលបាននូវជំនាញបច្ចេកទេស សហគ្រិនភាព និងសេវា ហិរញ្ញវត្ថុគាំទ្រស្ត្រីក្នុងការធ្វើពិពិធកម្ម និងពាណិជ្ជបនីយកម្មលើវិស័យកសិកម្ម ព្រមទាំងកិច្ចសហការជាមួយ ភាគីពាក់ព័ន្ធនានានៅក្នុងទីផ្សារការងារ ដើម្បីលុបបំបាត់ការរើសអើងស្ត្រីនៅកន្លែងការងារ រៀបចំស្តង់ដាពល- កម្មសម្រាប់ស្ត្រី ផ្តល់ការគាំពារសង្គម និងជួយដោះស្រាយវិវាទជាដើម។ល។
សូមអរគុណ!