រៀបចំដោយគណៈកម្មាធិការជាតិ វាយតម្លៃទីក្រុងស្អាត និងក្រសួងទេសចរណ៍ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ, រសៀលថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០១៥
រក្សាសន្តិសុខជាតិ ដើម្បីទទួលទេសចរណ៍, កម្ពុជាផ្លាស់ប្តូរពីគ្មានទេសចរសោះ មកមានរាប់លាននាក់
… ខ្ញុំក៏មិនភ្លេចលើកទឹកចិត្ត ឲ្យយកចិត្តទុកដាក់បន្ថែមទៀតទាក់ទងនឹងបញ្ហារក្សាសន្តិសុខសម្រាប់ប្រទេសជាតិរបស់យើង។ គ្មានទេសចរណាដែលប្រថុយប្រថានជាមួយនឹងគ្រោះថ្នាក់ ដែលគេទទួលផលប៉ះពាល់ពីការវាយប្រហារភេរវកម្ម ឬក៏សង្រ្គាមនោះទេ។ ឥឡូវ សម្រាប់តំបន់របស់យើង ក្នុងរយៈពេលកន្លងទៅ មានចោទឡើងនូវការវាយប្រហារតាមបែបភេរវកម្ម (ដូចជា)នៅទីក្រុងបាងកក ដែលធ្វើឲ្យមនុស្សមួយចំនួន មានការភ័យខ្លាច។ ក៏ប៉ុន្តែ ខ្ញុំគិតថា នឹងវិលទៅរកស្ថានភាពដើមវិញ តាមរយៈនៃសកម្មភាពប្រទេសថៃផង សកម្មភាពរបស់កម្ពុជាផង និងប្រទេសដែលមានការពាក់ព័ន្ធនៅក្នុងតំបន់របស់យើងផងដែរ។ បញ្ហារបស់យើងនៅទីនេះគឺ តើយើងទទួលទេសចរ ឬត្រូវទទួលជនភៀសខ្លួន? ពិភពលោកកំពុងប្រឈមបញ្ហានេះហើយ។ អឺរ៉ុបបច្ចុប្បន្នកំពុងប្រឈមនឹងការទទួលយកជនភៀសខ្លួន ហើយតើជនភៀសខ្លួនមានប្រភពមកពីណា? តើអ្នកណាទៅជាអ្នកបង្កើតឲ្យមានចលនាជនភៀសខ្លួននៅមជ្ឈិមបូព៌ា? មិនត្រឹមតែវេទនាស្លាប់មនុស្សនៅក្នុងបណ្តាប្រទេសនៅមជ្ឈិមបូព៌ាទេ ក៏ប៉ុន្តែ កំពុងតែហៀរចូលមក ធ្វើឲ្យមានវិបត្តិនៅអឺរ៉ុប។
នេះហើយជាចំណុចពិសេសមួយ ដែលយើងត្រូវមើលឃើញសម្រាប់ដោះស្រាយនៅពេលអនាគត។ មិនត្រូវមានការរវើរវាយជាមួយនឹងទស្សនវិស័យ ដែលនិយាយហើយនិយាយទៀតតែអំពីការផ្លាស់ប្តូរៗ។ ឥឡូវ “ប្តូរពិតប្រាកដនៅឯមជ្ឈិមបូព៌ា ហើយវាកំពុងតែមានការផ្លាស់ប្តូរនៅអឺរ៉ុប” …។ យើងត្រូវធ្វើឲ្យមានការផ្លាស់ប្តូរ ដោយមានការរីកចម្រើនឡើងពីទេសចរគ្មានសោះ មកកាន់ទេសចររាប់ម៉ឺននាក់ មកកាន់ទេសចររាប់សែននាក់ ឥឡូវ យើងមានទេសចរ(កាលពី)ឆ្នាំទៅ ៤ លាន ៥ សែន នាក់។ ឥឡូវ យើងប្រឹង ដោយឆ្នាំនេះ អាចនឹងរំពឹងថានឹងមាន ៥ លាន នាក់ ហើយនឹងឡើងដល់ ៧ លាន កន្លះ ទៅ ៨ លាន នៅឆ្នាំ ២០២០-២០៣០។ … ក្នុងអង្គពិធីនៅឆ្នាំ ២០០១ នៅទីក្រុងតូក្យូ ខ្ញុំបានចូលរួមនៅសន្និសីទអន្តរជាតិមួយដ៏ធំ។ នៅពេលថ្លែងសុន្ទរកថាចប់ (មានការលើកសំណួរមក)ខ្ញុំថា តើលោកនាយករដ្ឋមន្រ្តីមានការបារម្ភទេនៅពេលដែលចិនចូលអង្គការពាណិជ្ជកម្មពិភពលោក តើនឹងមានការគំរាមគំហែងដល់ប្រទេសកម្ពុជាឬទេ? … ប្រសិនបើចិនមានកលិយុគ ឬភាពក្រីក្រ (មានមនុស្ស)តែ ៣០ លាននាក់រត់ចេញមក ងាប់អាស៊ីអាគ្នេយ៍ទៅហើយ។ អញ្ចឹងកុំបន់ស្រន់ឲ្យប្រទេសណាមួយធ្លាក់ខ្លួនក្រ (បន់)ឲ្យគេក្លាយជាអ្នកមានទាំងអស់ទៅ មិនថាចិន មិនថាប្រទេសណាទេ។ មានទាំងអស់ទៅ ជួយយឹតយោងគ្នា។ យើងទៅទស្សនកិច្ចគេ គេមកទស្សនកិច្ចយើង ទីចុងបំផុត គឺជាសេដ្ឋកិច្ចបំពេញឲ្យគ្នា។ នៅក្នុងក្របខណ្ឌនេះហើយ ដែលយើងស្វែងរកឱកាសសហប្រតិបត្តិការការពារសន្តិសុខ ប្រឆាំងនឹងការវាយប្រហារភេរវកម្ម និងធ្វើទំនាក់ទំនងឲ្យកាន់តែប្រសើរ ទៅលើបញ្ហាសេវាទេសចរណ៍ ចៀសវាងនូវការធ្វើឲ្យមានអស្ថេរភាពត្រង់នេះត្រង់នោះ …។ … ខ្ញុំអំពាវនាវឲ្យមានសហប្រតិបត្តិការ ការពារសន្តិសុខជាតិឲ្យបានល្អបំផុត ដើម្បីធានាសុវត្ថិភាពសម្រាប់ប្រជាជនខ្លួនឯងផង និងវិស័យទេសចរណ៍ផង សហការជាមួយបណ្តាប្រទេសក្នុងតំបន់ និងអន្តរជាតិប្រឆាំងគ្រប់ទម្រង់នៃភេរវកម្មបំផ្លិចបំផ្លាញ …។
ទេសចរផ្ទៃក្នុងក៏មានសារៈសំខាន់
… ហើយយើងក៏មិនត្រូវមើលស្រាលទេសចរផ្ទៃក្នុងដែរ ក្រសួងទេសចរណ៍ក៏ត្រូវបង្កើន។ ទេសចរផ្ទៃក្នុងក៏ចាយលុយមិនធម្មតានោះទេ អញ្ចឹងបាននៅពេលបុណ្យទានម្តងៗ គឺស្ងាត់ទីក្រុងភ្នំពេញតែម្តង ព្រោះគេធ្វើដំណើរដោយមានសន្តិសុខ ដោយ(សារប្រទេស)មានហេដ្ឋារចនាសម្ព័ន្ធ ដោយមានមធ្យោបាយធ្វើដំណើរ និងប្រាក់(កាស) ដើម្បីធ្វើដំណើរ …។
សូមក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច/ហិរញ្ញវត្ថុ ពិនិត្យការឡើងចុះថ្លៃប្រេង
… នៅតែប៉ុន្មានថ្ងៃទៀតទេ នឹងដល់ពេលដាក់បិណ្ឌ បន្ទាប់ទៅនឹងឈានដល់ពេលភ្ជុំបិណ្ឌ។ (ខ្ញុំ)ក៏អំពាវនាវពីឥឡូវលើពីរចំណុច៖ ទី ១ ប្រេងនៅលើពិភពលោកចុះថ្លៃ ប៉ុន្តែអ្នកលក់ប្រេងចុះ(ថ្លៃ)យឺតពេក។ តែដល់ពេលឡើង គឺឡើងលឿន។ ឡើងនៅឯញូយ៉កឯណោះ នៅឯភ្នំពេញឡើងគ្រឹបតែម្ដង។ វាមិនទាន់ទិញប្រេងពីញូយ៉កចូលពីកាលណាបានជាឡើងដែរ។ ដល់ពេលនៅទីនោះធ្លាក់ថ្លៃវិញ ឯងណេះមិនព្រមធ្លាក់។ ក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជួយធ្វើការរឿងហ្នឹងឲ្យជាប់។ ហ្នឹងសូមនិយាយ និងអំពាវនាវដោយត្រង់ៗ ជាមួយអ្នកលក់ប្រេង …។ ទី ២ ឲ្យតែដល់ពេលបុណ្យទាន ការ(ដឹកជញ្ចូនអ្នក)ដំណើរឡើងថ្លៃ។ ឆ្នាំហ្នឹង ខ្ញុំមិនបាននៅភ្ជុំ នៅស្រុកខ្មែរទេ។ ប៉ុន្តែ ដោយយោងទៅលើស្មារតីគិតគូរចំពោះប្រជាពលរដ្ឋ ជាពិសេសកម្មករ កម្មការនី សិស្សនិសិ្សត ដែល(ធ្វើការ និង)រៀននៅទីក្រុងភ្នំពេញ ហើយត្រូវធ្វើដំណើរទៅភូមិកំណើត ដើម្បីចូលរួមភ្ជុំបិណ្ឌនោះ ហើយត្រូវចំណាយខ្ពស់ទៅលើតម្លៃនៃការធ្វើដំណើរ តាមរយៈការដំឡើងថ្លៃស្រេចចិត្តនៃរថយន្តឈ្មួល (ខ្ញុំ)អំពាវនាវទុកឲ្យហើយ (សូមកុំអោយតម្លើងថ្លៃ)។
បញ្ចូលបញ្ហាមីននៅក្នុងសុន្ទរកថា សម្រាប់ការប្រជុំនៅអង្គការសហប្រជាជាតិ
… ប៉ុន្មានថ្ងៃខាងមុខនេះ មេដឹកនាំពិភពលោកនាំគ្នាប្រជុំនៅអង្គការសហប្រជាជាតិ នៅបុរីញូយ៉ក។ មានប្រជុំត្រួតពិនិត្យបញ្ហាអភិវឌ្ឍន៍សហស្សវត្សរ៍ និងដាក់ចេញគោលដៅអភិវឌ្ឍទៅចីរភាព ២០៣០ ហើយគោលដៅពីមុន មានតែ ៨ ទេ ឥឡូវឡើងដល់ ១៧ តែអត់មានរឿងមីនទៀត។ ខ្ញុំមិនដឹងថាម៉េច(បានជាដូចនេះ)។ កាលពីមុន មាន ៨ កម្ពុជាដាក់ចេញ ៩ គឺគ្រាប់មីន។ ក្នុងសុន្ទរកថារបស់ខ្ញុំ ទោះបីជាគេមិនដាក់ក៏យើងត្រូវតែដាក់ដែរ ព្រោះ ត្រូវតែកម្ចាត់គ្រាប់មីន ហើយក៏ជាផ្នែកមួយនៃការដោះស្រាយបញ្ហាគ្រោះថ្នាក់ សម្រាប់ប្រជាពលរដ្ឋរបស់យើង និងក៏ជាផ្នែកមួយនៃវិស័យទេសចរណ៍ដែរ ព្រោះឥឡូវ ទេសចរ ចូលចិត្តធ្វើដំណើរទៅកាន់តែឆ្ងាយទៅៗ មានទេសចរបាឡូជាដើម …។
មិនយកទីតាញ៉ូមនៅជីផាត ធ្វើអោយខូចរមណីយដ្ឋានទេសចរ ខូចបរិស្ថាន រិចរិលតំបន់ដំរីស្នាក់ទេ
… កុំព្រួយរឿងជីផាត ខ្ញុំមិនធ្វើឲ្យខូចទេ។ ទីតាញ៉ូម តម្លៃប្រមាណជាង ២០ ពាន់លានដុល្លារហ្នឹង ខ្ញុំមិនឲ្យធ្វើទេ ដើម្បីរក្សាទុកជីផាតហ្នឹង។ អញ្ចឹង ឯកឧត្តម ស៊ុយ សែម យើងអត់មានធ្វើទេ រឿងទីតាញ៉ូមនៅក្រោម(ដី)នោះ។ ដើម្បីយក ២២ ពាន់លានដុល្លារ បានពីទីតាញ៉ូមហ្នឹង ត្រូវកាប់ព្រៃនៅខាងលើអស់មិនចេះតិចទេណា។ រួចហើយ វាមិនមែនទៅជាតំបន់ទេសចរណ៍ រមណីយដ្ឋានជីផាត ទៀតទេ។ ទឹក(កខ្វក់នឹង)ហូរទៅ ហើយទឹកសមុទ្រនៅតំបន់នោះ មិនមែនទឹកសមុទ្រខៀវស្រងាត់ដូចសព្វថ្ងៃនេះទេ ទៅជាទឹកល្អក់តែម្តង។ អញ្ចឹងទេ ទុកសិនទៅ មិនទាន់ផ្អូមទេ ដោយហេតុថា បើយើងចង់បានទីតាញ៉ូមនៅខាងក្រោមនោះ (វានឹងធ្វើអោយ)រេចរិលអស់តំបន់ដំរីស្នាក់នៅ។ អញ្ចឹងទេ ខ្ញុំបញ្ជាក់សារជាថ្មីម្តងទៀត សូមកុំឲ្យអ្នកនៅខាងជីផាតនោះព្រួយបារម្ភអី អត់ធ្វើទេ …។
វប្បធម៌សន្ទនា៖ ការសន្ទនាមិនស្មោះត្រង់ គឺជាអំពើក្បត់ ដែលមិនអាចទទួលយកបាន
… កុំសង្ឃឹមថា ឆ្នាំ ២០១៨ អ្នកឯងឈ្នះអី។ ឃោសនាមួយថ្ងៃៗ ឃើញតែឈ្នះរហូត។ ឥឡូវលោកឯងឈ្នះពីអង្កាល់ … ម៉្ងៃៗធ្វើខ្លួនឯងទៅជាអ្នកឈ្នះហើយ ចង់ជាអ្នកគ្រប់គ្រងប្រទេសហើយ។ … យើងក៏ចេះថាដែរតើ។ ខ្ញុំនឹងឈ្នះទៀត។ ជានាយករដ្ឋមន្ត្រីក្រោយឆ្នាំ ២០១៨ ដល់ ២០២៣។ ម៉្ងៃៗ ឃើញតែដើរទៅ(ឃោសនា) ទាល់តែបោះឆ្នោតឱ្យគេ បានដោះស្រាយនេះ ដោះស្រាយនោះ។ … នៅទីនេះសុទ្ធតែជាសត្រូវរបស់ពួកគេ។ អញ្ចឹងអាហ្នឹងសុខទេ? អស់លោកឧញ៉ាៗ ទាំងឡាយសុទ្ធតែជាសត្រូវវណ្ណៈណា។ …ដែលខ្ញុំនិយាយថាវានឹងកើតសង្គ្រាមនោះ មិនមែនគ្មានហេតុផលទេ ព្រោះដោយសារចំណុច ២ ដែលត្រូវលើកយកមកនិយាយ។ ទី ១ ចាត់ទុកអ្នកមានជាសត្រូវរបស់គេទៅហើយ និង ទី ២ យកប្រទេសជិតខាងជាសត្រូវទៅហើយ។ រឿងអីវាមិនកើតសង្គ្រាម។ … ដើរឃោសនារាល់ថ្ងៃ (ថាខ្លួន)ឈ្នះរួចហើយសុទ្ធតែ(ថា)គេចោរ … រួចហើយ(ថា)ស្រឡាញ់ណាស់វប្បធម៌សន្ទនា។ ប៉ុន្តែវប្បធម៌សន្ទនា(ស្អី បើ)ចាប់ផ្តើមនិយាយ(ឡើង) ដើម្បីចាប់ចោរបានទាល់តែចូលកៀកមេចោរ។ អាសំដីហ្នឹងយ៉ាងម៉េច? បកស្រាយឱ្យហើយអាហ្នឹង។ ខ្ញុំចូលចិត្តសន្ទនាណាស់។ មួយជីវិតរបស់ខ្ញុំៗ ប្រើ វប្បធម៌សន្ទនានេះ។ មិនមែនទើបនឹងប្រើពេលហ្នឹងទេ។ វប្បធម៌សន្ទនា ខ្ញុំជាអ្នកប្រឹងប្រែងបង្កើត ហើយជាអ្នកចាប់ផ្តើមវេទិកា សីហនុ-ហ៊ុន សែន ហ្វែអង់ទែឌឺន័រ (០២ ធ្នូ ១៩៨៧) តាំងពីខ្ញុំនៅមានអាយុ ៣៥ ឆ្នាំឯណោះ។ ខ្ញុំសន្ទនារហូត។ ក៏ប៉ុន្តែ ការសន្ទនាណាមួយមិន ស្មោះត្រង់ គឺជាអំពើក្បត់ ដែលខ្ញុំមិនអាចទទួកយកកើត។
ម្សិលមិញខ្ញុំចេញសារសន្ទនា។ ប៉ុន្តែសូមកុំភ្លេចថា អ្នកឯងមិនស្មោះត្រង់ ខ្ញុំក៏នៅមិននិយាយជាមួយអ្នកឯងដែរ។ ដៃគូសន្ទនាមិនមែនមានតែម្នាក់ទេ។ មានច្រើនគ្នា។ នៅកម្ពុជាមានជាង ៥០ បក្សនយោបាយ។ … ម៉្ងៃៗ ឃើញតែអញ្ចេះ ឃើញតែអញ្ចុះ។ បង្កតែហេតុ។ ធ្វើអី ហ៊ុន សែន បើប្រជាជននៅបោះ(ឆ្នោត)ឱ្យ។ លោកឯងលេងចរឹតមិនស្មោះត្រង់ … សូម្បីតែស៊ីបាយជាមួយគ្នា (ក៏)ទៅធ្វើសំភាសន៍នៅប្រទេសក្រៅ … តើអ្នកឯងដោះស្រាយប៉ះប៉ូវគ្រួសារខ្ញុំយ៉ាងម៉េច? បើមិនប៉ះប៉ូវ ខ្ញុំនៅតែធ្វើព្រងើយ។ ព្រឹកមិញវ៉ៃ SMS មួយមកខ្ញុំ តែខ្ញុំអត់ទាន់ឆ្លើយទេ។ បើថាសន្ទនា ត្រូវតែស្មោះត្រង់ជាមួយគ្នាក្នុងការសន្ទនា អត់លេងចាប់ដៃជាន់ជើង(បានទេ)។ (មាន)រហូតដល់(និយាយ)ថា “ខ្ញុំខ្លាចជោគវាសនាដូច កាដាហ្វី”។ កុំ(មក)ធ្វើល្អជាមួយខ្ញុំ ហើយចាត់តាំងមនុស្សឱ្យធ្វើសកម្មភាពបំផ្លាញខ្ញុំ។ ខ្ញុំប្រើពាក្យថា បើអ្នកឯងមិនឱ្យខ្ញុំសុខ ខ្ញុំក៏មិនឱ្យអ្នកឯងសុខដែរ។CNV៕